ផ្នែកទី៤
ការបន្ទោសខ្លួន ‹សូមជម្រះអំពើខុសឆ្គងរបស់ខ្ញុំផង›
បងស្រីម៉ាថារៀបរាប់ថា៖ «ការងារថ្មីរបស់ខ្ញុំធ្វើឲ្យជីវភាពគ្រួសារយើងធូរធារជាង តែការងារនោះនាំឲ្យខ្ញុំប្រព្រឹត្តអ្វីជាច្រើនដែលមិនស្របតាមគោលការណ៍គម្ពីរ។ ខ្ញុំបានធ្វើបុណ្យផ្សេងៗ និងចូលរួមពិធីខាងនយោបាយ ថែមទាំងចាប់ផ្ដើមទៅវិហារសាសនាទៀតផង។ ខ្ញុំជាសាក្សីព្រះយេហូវ៉ាដែលអសកម្មអស់រយៈពេល៤០ឆ្នាំ។ កាលដែលពេលវេលាកន្លងទៅកាន់តែយូរ ខ្ញុំកាន់តែគិតថាខ្ញុំមិនអាចទទួលការអភ័យទោសពីព្រះយេហូវ៉ាបានឡើយ។ ខ្ញុំបានបន្ទោសខ្លួនរហូត ព្រោះខ្ញុំបានស្គាល់សេចក្ដីពិតហើយ តែខ្ញុំនៅតែដើរផ្លូវខុសទៀត»។
អារម្មណ៍សោកស្ដាយចំពោះកំហុសរបស់ខ្លួនអាចជាបន្ទុកដ៏ធ្ងន់ណាស់។ ស្ដេចដាវីឌបានសរសេរថា៖ «កំហុសរបស់ខ្ញុំឡើងលិចក្បាលខ្ញុំ ដូចជាបន្ទុកដ៏ធ្ងន់ដែលខ្ញុំមិនអាចទ្រាំទ្របានឡើយ»។ (ចម្រៀងសរសើរព្រះ ៣៨:៤) គ្រិស្តសាសនិកពិតខ្លះមានការព្រួយចិត្តក្រៃលែង រហូតដល់គិតថាព្រះយេហូវ៉ាមិនអាចអភ័យទោសឲ្យពួកគាត់បានទេ។ (កូរិនថូសទី២ ២:៧) តើការសន្និដ្ឋាននោះត្រឹមត្រូវឬទេ? ចុះបើអ្នកបានធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរ តើអំពើនោះធ្វើឲ្យអ្នកឃ្លាតឆ្ងាយពេកពីព្រះយេហូវ៉ា រហូតដល់លោកមិនអាចអភ័យទោសឲ្យអ្នកឬ? មិនមែនទេ អ្នកនៅមានសង្ឃឹម!
សូមឲ្យ‹យើងសម្រុះសម្រួលគ្នា›
ព្រះយេហូវ៉ាមិនបោះបង់ចោលពួកអ្នកដែលធ្វើអំពើខុសឆ្គងដែលចង់ប្រែចិត្តនោះទេ។ តាមពិត លោកចង់ទទួលពួកគាត់មកវិញ! ក្នុងឧទាហរណ៍អំពីកូនវង្វេងបាត់ លោកយេស៊ូបានប្រៀបប្រដូចព្រះយេហូវ៉ាទៅនឹងឪពុកដែលប្រកបដោយសេចក្ដីស្រឡាញ់។ ឪពុកនោះមានកូនប្រុសម្នាក់ដែលបានចាកចេញពីក្រុមគ្រួសារ ហើយទៅប្រព្រឹត្តអំពើអបាយមុខ។ ក្រោយមក កូនប្រុសនោះបានសម្រេចចិត្តត្រឡប់មកផ្ទះវិញ។ កំណត់ហេតុគម្ពីរចែងថា៖ «ពេលដែល[កូនប្រុសនោះ]នៅឆ្ងាយនៅឡើយ ឪពុកគាត់ក្រឡេកទៅឃើញ ក៏មានចិត្តក្ដួលអាណិត រួចរត់ទៅឱបកូន ហើយថើបដោយក្ដីស្រឡាញ់»។ (លូកា ១៥:១១-២០) តើអ្នកចង់ចូលទៅជិតព្រះយេហូវ៉ា ប៉ុន្តែនៅតែមានអារម្មណ៍ថាខ្លួន«នៅឆ្ងាយ»ពីលោកឬទេ? ដូចឪពុកក្នុងឧទាហរណ៍របស់លោកយេស៊ូ ព្រះយេហូវ៉ាមានចិត្តក្ដួលអាណិតចំពោះអ្នក។ លោកពិតជាចង់ទទួលអ្នកឲ្យត្រឡប់មកវិញ។
ប៉ុន្តែ ចុះយ៉ាងណាបើអ្នកគិតថាអំពើខុសឆ្គងរបស់អ្នកគឺធ្ងន់ធ្ងរពេក ឬអ្នកធ្វើខុសច្រើនដល់ម្ល៉េះរហូតដល់គិតថាព្រះយេហូវ៉ាមិនអាចអភ័យទោសឲ្យនោះ? សូមពិចារណាបទគម្ពីរអេសាយ ១:១៨ ព្រះយេហូវ៉ាបានអញ្ជើញអ្នកថា៖ «សូមមក យើងនឹងសម្រុះសម្រួលគ្នា។ ទោះជាអំពើខុសឆ្គងរបស់អ្នករាល់គ្នាដូចជាពណ៌ក្រហមឆ្អៅក្ដី ក៏នឹងប្រែទៅជាសក្បុសដូចព្រិលបានដែរ»។ ប្រាកដណាស់ ទោះជាអំពើខុសឆ្គងដែលប្រៀបដូចជាពណ៌ក្រហមទែងជាប់លើក្រណាត់ពណ៌សក្ដី នោះគង់តែជ្រះស្អាតដោយទទួលការអភ័យទោសពីព្រះយេហូវ៉ាដែរ។
ព្រះយេហូវ៉ាមិនចង់ឲ្យសមត្ថភាពវិនិច្ឆ័យរបស់អ្នកផ្ដន្ទាទោសអ្នករហូតនោះទេ។ បើដូច្នោះមែន តើតាមរបៀបណាការមានសមត្ថភាពវិនិច្ឆ័យមិនផ្ដន្ទាទោសនិងការអភ័យទោសពីព្រះ អាចជួយអ្នកឲ្យមានអារម្មណ៍ធូរស្រាលក្នុងចិត្ត? សូមពិចារណាជំហានពីរយ៉ាងដែលស្ដេចដាវីឌបានធ្វើ។ ទី១ គាត់បានប្រាប់ថា៖ «ខ្ញុំបានសារភាពអំពើខុសឆ្គងប្រាប់លោក»។ (ចម្រៀងសរសើរព្រះ ៣២:៥) សូមចាំថា ព្រះយេហូវ៉ាបានអញ្ជើញអ្នករួចហើយ ឲ្យអធិដ្ឋានទៅលោក និង«សម្រុះសម្រួល»ជាមួយនឹងលោក។ សូមធ្វើតាមការអញ្ជើញនេះ។ សូមសារភាពប្រាប់ព្រះយេហូវ៉ានូវអំពើខុសឆ្គងរបស់អ្នក ហើយជម្រាបលោកអំពីអារម្មណ៍របស់អ្នក។ ដាវីឌបានធ្វើតាមការអញ្ជើញនេះ ហើយដោយមានទំនុកចិត្ត គាត់អាចអធិដ្ឋានថា៖ «សូម . . . ជម្រះអំពើខុសឆ្គងរបស់ខ្ញុំផង។ . . . ឱព្រះអើយ លោកមិនស្អប់ខ្ពើមចិត្តខ្ទេចខ្ទាំនិងចិត្តទន់ទាបឡើយ»។—ចម្រៀងសរសើរព្រះ ៥១:២, ១៧
ទី២ ដាវីឌបានទទួលជំនួយពីអ្នកតំណាងដែលព្រះបានតែងតាំង គឺណាថាន់ជាអ្នកប្រកាសទំនាយ។ (សាំយូអែលទី២ ១២:១៣) នៅសព្វថ្ងៃនេះ ក្នុងក្រុមជំនុំនីមួយៗ ព្រះយេហូវ៉ាបានរៀបចំឲ្យមានពួកអ្នកចាស់ទុំ។ ពួកគាត់បានទទួលការបង្ហាត់បង្រៀន ដើម្បីជួយអ្នកដែលធ្វើអំពើខុសឆ្គងដែលចង់ប្រែចិត្ត ឲ្យមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ាឡើងវិញ។ ពេលអ្នកទៅជួបពួកអ្នកចាស់ទុំ ពួកគាត់នឹងប្រើបទគម្ពីរ និងជួយអធិដ្ឋានដើម្បីអ្នក។ បទគម្ពីរនិងសេចក្ដីអធិដ្ឋានដ៏ស្មោះរបស់ពួកគាត់នឹងជួយធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាលឡើងវិញ ហើយជួយធ្វើឲ្យអារម្មណ៍មិនល្អដែលអ្នកមានចំពោះខ្លួនរសាយទៅឬបាត់តែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់ជួយអ្នកឲ្យផ្សះផ្សាចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ាឡើងវិញ។—យ៉ាកុប ៥:១៤-១៦
‹អ្នកណាដែលបានទទួលការលើកលែងទោសចំពោះអំពើរំលង អ្នកនោះមានសុភមង្គលហើយ›
អ្នកប្រហែលជាគិតថាការសារភាពប្រាប់ព្រះយេហូវ៉ាអំពីអំពើខុសឆ្គងរបស់អ្នក និងការទៅជួបពួកអ្នកចាស់ទុំ គឺជាអ្វីដែលពិបាកបំផុត។ ដាវីឌច្បាស់ជាមានអារម្មណ៍ស្រដៀងនឹងអ្នកដែរ។ គាត់បាន«ស្ងៀមនៅ»អស់មួយរយៈពេល ដោយមិនប្រាប់អ្នកណាអំពីអំពើខុសឆ្គងរបស់គាត់ទេ។ (ចម្រៀងសរសើរព្រះ ៣២:៣) ក៏ប៉ុន្តែ ក្រោយមកគាត់បានទទួលស្គាល់ប្រយោជន៍ដែលមកពីការសារភាពអំពើខុសឆ្គង និងការកែប្រែចិត្តគំនិតរបស់គាត់។
ប្រយោជន៍ដ៏ធំមួយ គឺដាវីឌមានអំណរក្នុងចិត្តឡើងវិញ។ គាត់បានសរសេរថា៖ «អ្នកណាដែលបានទទួលការលើកលែងទោសចំពោះអំពើរំលង ហើយការខុសឆ្គងរបស់ខ្លួនបានត្រូវអភ័យទោស អ្នកនោះមានសុភមង្គលហើយ»។ (ចម្រៀងសរសើរព្រះ ៣២:១,កំ.ស.) គាត់ក៏បានអធិដ្ឋានថា៖ «ឱព្រះយេហូវ៉ា សូមលោកបើកមាត់ខ្ញុំ ដើម្បីខ្ញុំអាចសរសើរតម្កើងលោក»។ (ចម្រៀងសរសើរព្រះ ៥១:១៥) ដាវីឌបានដឹងគុណព្រះយេហូវ៉ា ដែលលោកបានអភ័យទោសឲ្យគាត់ ហើយគាត់លែងមានអារម្មណ៍ថាខ្លួនខុសទៀត។ អារម្មណ៍ទាំងនោះបានជំរុញចិត្តគាត់ឲ្យប្រាប់អ្នកឯទៀតអំពីព្រះយេហូវ៉ា។
ព្រះយេហូវ៉ាចង់ឲ្យអ្នកមានអារម្មណ៍ធូរស្រាល ដែលមកពីការមានសមត្ថភាពវិនិច្ឆ័យមិនផ្ដន្ទាទោស។ ម្យ៉ាងវិញទៀត លោកចង់ឲ្យអ្នកប្រាប់អ្នកឯទៀតអំពីលោកនិងគោលបំណងរបស់លោកដោយគ្មានអារម្មណ៍បន្ទោសខ្លួន តែដោយចិត្តស្មោះ និងដោយមានអំណរជាខ្លាំង។ (ចម្រៀងសរសើរព្រះ ៦៥:១-៤) សូមនឹកចាំការអញ្ជើញរបស់លោក ដែលថា៖ «ដើម្បីឲ្យការខុសឆ្គងរបស់អ្នករាល់គ្នាត្រូវលុបចោល។ យ៉ាងនេះ ព្រះយេហូវ៉ានឹងធ្វើឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្តក្នុងចិត្ត»។—សកម្មភាព ៣:១៩
នេះបានកើតឡើងចំពោះបងស្រីម៉ាថាមែន។ គាត់បានរៀបរាប់ថា៖ «កូនប្រុសរបស់ខ្ញុំបានផ្ញើទស្សនាវដ្ដីប៉មយាមនិងទស្សនាវដ្ដីភ្ញាក់រឭក!ឲ្យខ្ញុំជាប់រហូត។ បន្តិចម្ដងៗ ខ្ញុំបានបណ្ដុះឲ្យមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ាម្ដងទៀត។ ទោះជាយ៉ាងនោះក៏ដោយ អ្វីមួយដែលខ្ញុំពិបាកបំផុតក្នុងការត្រឡប់មកវិញ គឺការសុំអភ័យទោសចំពោះអំពើខុសឆ្គងទាំងអស់ដែលខ្ញុំបានធ្វើ។ ប៉ុន្តែ នៅទីបំផុតខ្ញុំបានអធិដ្ឋានទៅព្រះ សុំលោកអភ័យទោសឲ្យខ្ញុំ។ ខ្ញុំនឹកស្មានមិនដល់សោះថា ខ្ញុំបានចាកចេញពីព្រះយេហូវ៉ាអស់រយៈពេល៤០ឆ្នាំ។ បទពិសោធន៍ខ្ញុំបង្ហាញភ័ស្តុតាងថា ទោះបីបុគ្គលម្នាក់ចាកចេញពីព្រះយេហូវ៉ាអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ គាត់មានឱកាសម្ដងទៀតដើម្បីបម្រើលោក ហើយនៅក្នុងសេចក្ដីស្រឡាញ់របស់លោកម្ដងទៀត»។