សំបុត្ររបស់យ៉ាកុប
៥ ឯអ្នករាល់គ្នាដែលជាអ្នកមានអើយ ចូរស្រែកយំដោយសារទុក្ខលំបាកដែលនឹងកើតឡើងដល់អ្នករាល់គ្នា។+ ២ ទ្រព្យរបស់អ្នករាល់គ្នាបានរលួយហើយ ឯសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏សត្វល្អិតបានស៊ីបំផ្លាញដែរ។+ ៣ មាសនិងប្រាក់របស់អ្នករាល់គ្នាបានត្រូវច្រែះស៊ីធ្លុះអស់ ឯច្រែះនោះនឹងធ្វើជាសាក្សីប្រឆាំងអ្នករាល់គ្នា ហើយនឹងស៊ីសាច់អ្នករាល់គ្នា។ អ្វីដែលអ្នករាល់គ្នាបានប្រមូលទុកសម្រាប់គ្រាចុងក្រោយបង្អស់ នឹងប្រៀបដូចជាភ្លើង។+ ៤ មើល! កម្មករដែលបានប្រមូលផលពីស្រែចម្ការរបស់អ្នករាល់គ្នា ចេះតែស្រែកឡើងឥតឈប់ ដោយសារអ្នករាល់គ្នាមិនបើកប្រាក់ឈ្នួលឲ្យពួកគេ ហើយសម្រែកសុំជំនួយរបស់ពួកអ្នកច្រូតកាត់បានឮដល់ព្រះយេហូវ៉ា*នៃបណ្ដាកងទ័ពស្ថានសួគ៌។+ ៥ អ្នករាល់គ្នាបានរស់នៅផែនដីយ៉ាងសម្បូរសប្បាយ ហើយបំពេញតាមសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន។ ចិត្តរបស់អ្នករាល់គ្នាគឺប្រៀបដូចជាសត្វដែលគេបំប៉នឲ្យធំធាត់ រហូតដល់ថ្ងៃដែលគេសម្លាប់។+ ៦ អ្នករាល់គ្នាបានផ្ដន្ទាទោសនិងធ្វើឃាតអ្នកសុចរិត។ ហេតុនោះហើយបានជាគាត់*កំពុងប្រឆាំងអ្នករាល់គ្នា។
៧ ដូច្នេះ បងប្អូនអើយ ចូរមានចិត្តអត់ធ្មត់រហូតដល់វត្តមានរបស់លោកម្ចាស់។+ មើល! កសិករបង្ហាញចិត្តអត់ធ្មត់កាលដែលរង់ចាំភោគផល*ពីផែនដី រហូតដល់រដូវភ្លៀងដើមឆ្នាំនិងរដូវភ្លៀងចុងឆ្នាំមកដល់។*+ ៨ ចូរអ្នករាល់គ្នាមានចិត្តអត់ធ្មត់ដែរ+ ហើយតាំងចិត្តរឹងមាំ ពីព្រោះវត្តមានរបស់លោកម្ចាស់គឺជិតដល់ហើយ។+
៩ បងប្អូនអើយ កុំត្អូញត្អែរ*អំពីគ្នាទៅវិញទៅមកឡើយ ដើម្បីកុំឲ្យអ្នករាល់គ្នាទទួលការវិនិច្ឆ័យ។+ មើល! ចៅក្រមកំពុងឈរនៅមាត់ទ្វារហើយ។ ១០ បងប្អូនអើយ ចូរទុកពួកអ្នកប្រកាសទំនាយដែលបាននិយាយតាងនាមព្រះយេហូវ៉ា*+ ថាជាគំរូពីការរងសេចក្ដីអាក្រក់+និងការបង្ហាញចិត្តអត់ធ្មត់។+ ១១ មើល! យើងចាត់ទុកពួកអ្នកដែលបានស៊ូទ្រាំថាជាអ្នកមានសុភមង្គល។+ អ្នករាល់គ្នាធ្លាប់ឮអំពីការស៊ូទ្រាំរបស់យ៉ូប+ ក៏ដឹងអំពីពរដែលព្រះយេហូវ៉ា*បានឲ្យដល់គាត់+ ហើយតាមរយៈការនោះ អ្នកឃើញថាព្រះយេហូវ៉ា*មានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងពេញទៅដោយសេចក្ដីមេត្តាករុណា។+
១២ ជាពិសេសបងប្អូនខ្ញុំអើយ ឈប់ស្បថតទៅទៀត ទោះជាស្បថដោយយកស្ថានសួគ៌ ផែនដី ឬអ្វីផ្សេងទៀតជាសាក្សីក៏ដោយ។ ប៉ុន្តែ ចូររក្សាសម្ដី បើថា«មែន» គឺមែន បើថា«ទេ» គឺទេ+ ដើម្បីកុំឲ្យអ្នករាល់គ្នាទទួលការវិនិច្ឆ័យ។
១៣ ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាកំពុងរងទុក្ខលំបាកឬទេ? ចូរឲ្យអ្នកនោះបន្តអធិដ្ឋាន។+ តើមានអ្នកណាមានអារម្មណ៍ល្អឬទេ? ចូរឲ្យអ្នកនោះច្រៀងសរសើរព្រះ។+ ១៤ តើមានអ្នកណាឈឺក្នុងចំណោមអ្នករាល់គ្នាឬទេ? ចូរឲ្យអ្នកនោះហៅបុរសចាស់ទុំ+ក្នុងក្រុមជំនុំមក ហើយឲ្យពួកគាត់អធិដ្ឋានឲ្យអ្នកនោះ ព្រមទាំងលាបប្រេងឲ្យអ្នកនោះ+ក្នុងនាមព្រះយេហូវ៉ា។* ១៥ រួចសេចក្ដីអធិដ្ឋានដែលបានត្រូវពោលដោយជំនឿនឹងធ្វើឲ្យអ្នកដែលឈឺ*បានជាសះស្បើយ ហើយព្រះយេហូវ៉ា*នឹងធ្វើឲ្យអ្នកនោះមានសុខភាពល្អឡើងវិញ។ ម្យ៉ាងទៀត ប្រសិនបើអ្នកនោះបានប្រព្រឹត្តអំពើខុសឆ្គង អ្នកនោះនឹងត្រូវអភ័យទោសឲ្យ។
១៦ ដូច្នេះ ចូរសារភាពការខុសឆ្គងរបស់ខ្លួនដោយចំហ+ចំពោះគ្នាទៅវិញទៅមក ហើយអធិដ្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យអ្នករាល់គ្នាបានជាសះស្បើយ។ សេចក្ដីអធិដ្ឋានអង្វររបស់មនុស្សសុចរិតមានប្រសិទ្ធភាពខ្លាំងណាស់។*+ ១៧ អេលីយ៉ាក៏ជាមនុស្សដូចយើងដែរ* តែពេលគាត់អធិដ្ឋានអស់ពីចិត្តសូមកុំឲ្យភ្លៀងធ្លាក់ នោះគ្មានភ្លៀងធ្លាក់មកលើស្រុកនោះអស់៣ឆ្នាំ៦ខែ។+ ១៨ បន្ទាប់មក គាត់អធិដ្ឋានម្ដងទៀត ហើយមេឃក៏បង្អុរភ្លៀងមក រួចដីបង្កើតភោគផល។+
១៩ បងប្អូនខ្ញុំអើយ ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាត្រូវបង្វែរចេញពីសេចក្ដីពិត ហើយមានអ្នកណាម្នាក់ជួយនាំអ្នកនោះមកវិញ ២០ ចូរដឹងថា អ្នកណាដែលជួយនាំអ្នកប្រព្រឹត្តអំពើខុសឆ្គងមកពីផ្លូវអាក្រក់វិញ+ អ្នកនោះនឹងសង្គ្រោះជីវិត*គាត់*ឲ្យរួចពីសេចក្ដីស្លាប់ ហើយព្រះនឹងអភ័យទោសអំពើខុសឆ្គងជាច្រើនរបស់គាត់។+