អំពើអាក្រក់ប្រាកដជានឹងមកដល់ទីបញ្ចប់!
ព្រះបានផ្ដល់បណ្ដាំរបស់លោកឲ្យយើង ហើយបណ្ដាំនោះពន្យល់អំពីមូលហេតុដែលមនុស្សធ្វើអំពើអាក្រក់។ លោកក៏បានផ្ដល់ឲ្យយើងដែរនូវចិត្តសេរីនិងសមត្ថភាពទប់ចិត្ត ដែលជួយយើងឲ្យសម្រេចចិត្តមិនប្រព្រឹត្តអ្វីដែលអាក្រក់។ (ចោទិយកថា ៣០:១៥, ១៦, ១៩) ដោយមានជំនួយទាំងនេះ យើងអាចស្គាល់ទំនោរចិត្តមិនល្អណាដែលយើងមាន ហើយចាត់វិធានការដែលចាំបាច់ដើម្បីបំបាត់ចោលទំនោរចិត្តនោះពីចិត្តរបស់យើង។ នៅទីបំផុត បើយើងមិនធ្វើអំពើអាក្រក់ នេះនឹងនាំឲ្យយើងនិងពួកអ្នកនៅជុំវិញយើងមានសុភមង្គល។—ទំនុកតម្កើង ១:១
ក៏ប៉ុន្តែ ទោះជាយើងខំប្រឹងយ៉ាងណាក៏ដោយដើម្បីមិនធ្វើអំពើអាក្រក់ ពិភពលោកនេះនៅតែរងទុក្ខដោយសារអំពើអាក្រក់ជួជាតិដែលមនុស្សប្រព្រឹត្ត។ គម្ពីរបរិសុទ្ធបានព្រមានថា៖ «ចូរដឹងថា គ្រាចុងក្រោយបង្អស់នឹងលំបាកណាស់»។ គម្ពីរបង្ហាញអំពីអ្វីដែលធ្វើឲ្យគ្រានោះ«លំបាកណាស់»ដោយចែងតទៅទៀតថា៖ «មនុស្សនឹងស្រឡាញ់តែខ្លួនឯង ស្រឡាញ់ប្រាក់ អួតបំប៉ោង ក្រអឺតក្រទម ជាអ្នកជេរប្រមាថ មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមិលគុណ មិនស្មោះត្រង់ គ្មានសេចក្ដីស្រឡាញ់តាមធម្មជាតិជាមនុស្ស មិនព្រមស្រុះស្រួលគ្នា ជាអ្នកបង្កាច់បង្ខូច មិនចេះទប់ចិត្ត កាចសាហាវ មិនស្រឡាញ់គុណធម៌ ជាអ្នកក្បត់ ធ្វើតាមទំនើងចិត្ត មានមោទនភាពហួសហេតុពេក ស្រឡាញ់ការសប្បាយជាជាងស្រឡាញ់ព្រះ ធ្វើឫកពាជាមនុស្សមានភក្ដីភាពចំពោះព្រះ ប៉ុន្តែពួកគេមិនព្រមទទួលឥទ្ធិពលពីភក្ដីភាពនោះទេ។ ចូរជៀសចេញពីមនុស្សទាំងនោះ»។—ធីម៉ូថេទី២ ៣:១-៥
នៅទំនាយខាងលើនេះដែលបានដកស្រង់ពីគម្ពីរ លោកអ្នកប្រហែលជាបានកត់សម្គាល់ឃ្លាដែលថា«គ្រាចុងក្រោយបង្អស់»។ តើលោកអ្នកយល់យ៉ាងណាអំពីឃ្លានោះ? ពាក្យ«គ្រាចុងក្រោយបង្អស់» បង្ហើបឲ្យដឹងថា នឹងមានអ្វីមួយដែលនឹងជិតដល់ទីបញ្ចប់។ តើអ្វីនឹងជិតដល់ទីបញ្ចប់? សូមកត់សម្គាល់ពាក្យសន្យារបស់ព្រះដែលមានក្នុងបណ្ដាំរបស់លោក។
មនុស្សទុច្ចរិតនឹងត្រូវបំផ្លាញចោល
«ដល់បន្ដិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ អើ អ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេ ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ»។—ទំនុកតម្កើង ៣៧:១០, ១១
«ព្រះយេហូវ៉ាទ្រង់រមែងការពារអស់អ្នកដែលស្រឡាញ់ទ្រង់ តែនឹងបំផ្លាញពួកមនុស្សអាក្រក់វិញ»។—ទំនុកតម្កើង ១៤៥:២០
ការសង្កត់សង្កិននឹងលែងមានទៀត
«ដ្បិតទ្រង់នឹងជួយពួកក្រីក្រឲ្យរួចក្នុងកាលដែលថ្លែងទុក្ខ ព្រមទាំងពួកកំសត់ដែលឥតមានអ្នកណាជួយនោះផង ទ្រង់នឹងលោះជីវិតគេឲ្យរួចពីការសង្កត់សង្កិននឹងការច្រឡោត»។—ទំនុកតម្កើង ៧២:១២, ១៤
«អ្វីៗដែលព្រះបានបង្កើតក៏នឹងត្រូវរំដោះឲ្យរួចពីចំណងនៃការខូចរលួយ ដើម្បីមានសេរីភាពរុងរឿងជាកូនព្រះ»។—រ៉ូម ៨:២១
មនុស្សនឹងមានអ្វីៗដែលពួកគេត្រូវការ ក្នុងជីវភាពរស់នៅ
«គ្រប់គ្នានឹងអង្គុយក្រោមដើមទំពាំងបាយជូរ ហើយក្រោមដើមល្វារបស់ខ្លួន ឥតមានអ្នកណាបំភ័យគេឡើយ»។—មីកា ៤:៤
«គ្រានោះ មនុស្សនឹងសង់ផ្ទះ ហើយនឹងអាស្រ័យនៅផង ក៏នឹងដាំចំការទំពាំងបាយជូរ ហើយនឹងបរិភោគផលដែរ គេនឹងមិនសង់ រួចមានម្នាក់ទៀតអាស្រ័យនៅ ឬដាំ រួចមានម្នាក់ទៀតបរិភោគផលនោះឡើយ ដ្បិតអាយុរបស់រាស្ត្រអញនឹងបានវែងដូចជាអាយុនៃដើមឈើ ហើយពួករើសតាំងរបស់អញនឹងប្រើប្រាស់ការដែលដៃគេធ្វើជាយឺនយូរទៅ»។—អេសាយ ៦៥:២១, ២២
យុត្ដិធម៌នឹងមានគ្រប់ទីកន្លែង
«ព្រះប្រាកដជានឹងរកយុត្ដិធម៌ឲ្យអ្នករើសតាំងរបស់លោក ដែលស្រែករកលោកទាំងយប់ទាំងថ្ងៃ មែនទេ? . . . ខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះនឹងរកយុត្ដិធម៌ឲ្យពួកគេយ៉ាងឆាប់»។—លូកា ១៨:៧, ៨
«ព្រះយេហូវ៉ាទ្រង់សព្វព្រះទ័យនឹងសេចក្ដីយុត្ដិធម៌ ក៏មិនដែលបោះបង់ចោលពួកបរិសុទ្ធរបស់ទ្រង់ឡើយ ទ្រង់ថែរក្សាគេអស់កល្បជានិច្ច»។—ទំនុកតម្កើង ៣៧:២៨
មនុស្សនឹងលែងគិតតែប្រយោជន៍ខ្លួនទៀត តែនឹងប្រព្រឹត្តសុចរិតវិញ
«ពួកមនុស្សនៅលោកីយ គេរៀនតាមសេចក្ដីសុចរិត»។—អេសាយ ២៦:៩
«យើងកំពុងទន្ទឹងរង់ចាំមេឃថ្មីនិងផែនដីថ្មី ស្របតាមសេចក្ដីសន្យារបស់លោក ហើយទីនោះ សេចក្ដីសុចរិតនឹងស្ថិតស្ថេរជាដរាប»។—ពេត្រុសទី២ ៣:១៣
មនុស្សកំពុងកែប្រែជីវិត សូម្បីតែនៅពេលឥឡូវនេះ
សេចក្ដីសន្យាទាំងនោះប្រាកដជាធ្វើឲ្យយើងរីករាយក្រៃលែង។ ប៉ុន្តែ ហេតុអ្វីយើងអាចទុកចិត្តថាសេចក្ដីសន្យាទាំងនេះនឹងសម្រេច? តាមពិត ឥឡូវនេះ យើងមានទីសំអាងដែលបញ្ជាក់ថាសេចក្ដីសន្យារបស់ព្រះនឹងសម្រេចមែន។ តើទីសំអាងនោះគឺអ្វី? នេះគឺការពិតដែលថា សព្វថ្ងៃមនុស្សរាប់លាននាក់នៅទូទាំងពិភពលោកមានជោគជ័យក្នុងការបំបាត់ចោលការគិតតែប្រយោជន៍ខ្លួនឯង ការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ឬអំពើឃោរឃៅ ហើយបានក្លាយទៅជាមនុស្សដែលធ្វើឲ្យមានសន្ដិភាព ទៀងត្រង់និងសប្បុរស។ សព្វថ្ងៃនេះ សាក្សីព្រះយេហូវ៉ាដែលមានចំនួនជាង៧លាននាក់ ជាបងប្អូនរួមជំនឿទូទាំងពិភពលោកដែលប្រៀបដូចជាគ្រួសារមួយ ពួកគេបានយកឈ្នះការបែកបាក់ខាងពូជសាសន៍ ជាតិនិយម នយោបាយនិងសេដ្ឋកិច្ច ដែលបានបង្កឲ្យមានការស្អប់គ្នា អំពើឃោរឃៅនិងការបង្ហូរឈាមគ្នាជាច្រើនក្នុងប្រវត្ដិសាស្ត្រ។a ដូច្នេះ ការកែប្រែជីវិតដែលពួកគេកំពុងធ្វើនៅឥឡូវនេះ គឺជាទីសំអាងដ៏រឹងមាំឲ្យយើងជឿជាក់ថា សេចក្ដីសន្យារបស់ព្រះនឹងសម្រេចនៅទូទាំងពិភពលោក។
ប៉ុន្តែ តើអ្វីបណ្ដាលឲ្យមានការផ្លាស់ប្ដូរបែបនេះ? ចម្លើយចំពោះសំណួរនេះគឺមានក្នុងសេចក្ដីសន្យាមួយទៀតក្នុងគម្ពីរ ដែលអ្នកប្រកាសទំនាយម្នាក់ឈ្មោះមីកាបានកត់ទុក។ គាត់បានសរសេរថា៖
«នៅគ្រានោះ ឆ្កែព្រៃនឹងនៅជាមួយនឹងកូនចៀម។ ឯខ្លារខិននឹងដេកនៅជាមួយនឹងកូនពពែ។ ឯកូនគោនឹងសិង្ហស្ទាវ ព្រមទាំងសត្វបំប៉នយ៉ាងធាត់នឹងនៅជាមួយគ្នា ហើយក្មេងតូចៗជាអ្នកគង្វាលវា . . . ឯសិង្ហនឹងស៊ីចំបើងដូចជាគោវិញ។ កូនមនុស្សដែលនៅបៅដោះនឹងលេងនៅត្រង់មាត់រន្ធពស់ហនុមាន ហើយក្មេងលែងដោះនឹងលូកដៃចូលទៅក្នុងរូងពស់វែកបាន។ វារាល់គ្នានឹងមិនធ្វើទុក្ខឬបំផ្លាញគ្នា នៅគ្រប់លើភ្នំបរិសុទ្ធរបស់អញ ដ្បិតគ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ»។—អេសាយ ១១:៦-៩
តើបទគម្ពីរនេះគ្រាន់តែទាយអំពីគ្រាដែលមនុស្សនិងសត្វនឹងរស់នៅដោយសុខដុមប៉ុណ្ណោះឬ? ទេ បទគម្ពីរបានទាយច្រើនជាងនេះទៅទៀត។ សូមកត់សម្គាល់ឃ្លាចុងក្រោយនៃបទគម្ពីរនេះដែលបញ្ជាក់ពីអ្វីដែលបណ្ដាលឲ្យមានការផ្លាស់ប្ដូរបែបនេះ ដែលថា៖ «គ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ានៅពេញពាសលើផែនដី»។ តើការស្គាល់ព្រះឬមានចំណេះអំពីព្រះធ្វើឲ្យសត្វកែប្រែចរិតរបស់វាឬ? មិនមែនទេ។ ប៉ុន្តែ ចំណេះអំពីព្រះ អាចនិងកំពុងធ្វើឲ្យមនុស្សកែប្រែមែន! ទំនាយនេះបានទាយថា ពួកអ្នកដែលប្រហែលជាមានចរិតដូចសត្វ នឹងបោះបង់ចោលចរិតទាំងនោះ ហើយបណ្ដុះឲ្យមានបុគ្គលិកលក្ខណៈដូចគ្រិស្ត ពីព្រោះពួកគេបានរៀនពីគម្ពីរ ថែមទាំងបានប្រព្រឹត្តស្របតាមអ្វីដែលគម្ពីរបង្រៀន។
ជាឧទាហរណ៍ សូមគិតអំពីភេដ្រូ។b គាត់បានជឿថា ពេលគាត់ចូលរួមអង្គការភេរវជន នោះគាត់បានតយុទ្ធដើម្បីយុត្ដិធម៌។ ក្រោយគាត់បានទទួលការហ្វឹកហ្វឺន អង្គការនោះបានបញ្ជាគាត់ឲ្យបំផ្ទុះគ្រាប់បែកបំផ្លាញអគាររបស់ពួកនគរបាល។ កាលដែលគាត់កំពុងរៀបចំធ្វើដូច្នេះ នគរបាលបានចាប់គាត់។ ភេដ្រូបានជាប់គុក១៨ខែ ហើយនៅទីនោះ គាត់នៅតែបន្តធ្វើសកម្មភាពបំផ្លិចបំផ្លាញនោះ។ រវាងពេលនោះ ប្រពន្ធរបស់ភេដ្រូបានចាប់ផ្ដើមសិក្សាគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា។ លុះដល់ភេដ្រូបានចេញពីគុក គាត់ក៏បានចាប់ផ្ដើមរៀនគម្ពីរដែរ ហើយអ្វីដែលគាត់បានរៀនអំពីព្រះយេហូវ៉ាបានជំរុញគាត់ឲ្យកែប្រែទាំងស្រុងនូវចិត្តគំនិតនិងទស្សនៈរបស់គាត់អំពីជីវិត។ ភេដ្រូបានស្រដីថា៖ «ខ្ញុំអរគុណព្រះយេហូវ៉ាដែលខ្ញុំមិនបានសម្លាប់មនុស្សម្នាក់សោះក្នុងអំឡុងពេលដែលខ្ញុំធ្វើជាភេរវជន។ ឥឡូវខ្ញុំប្រើគម្ពីរដែលជាដាវនៃសកម្មពល ដើម្បីប្រាប់មនុស្សនូវដំណឹងល្អអំពីសន្ដិភាពនិងយុត្ដិធម៌ពិតប្រាកដ ពោលគឺដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ»។ ភេដ្រូថែមទាំងបានទៅលេងអគារដែលគាត់គ្រោងបំផ្លាញចោលទៀតផង ដើម្បីផ្សាយដំណឹងល្អអំពីសន្ដិភាព និងអំពីពិភពលោកដែលគ្មានអំពើឃោរឃៅ។
ឥទ្ធិពលដ៏ខ្លាំងក្លាដែលបណ្ដាំរបស់ព្រះមានទៅលើមនុស្ស ផ្ដល់ឲ្យយើងនូវមូលហេតុកាន់តែច្រើនដើម្បីមានទំនុកចិត្តទៅលើសេចក្ដីសន្យារបស់ព្រះដែលថា អំពើអាក្រក់ទាំងអស់ប្រាកដជានឹងមកដល់ទីបញ្ចប់។ ត្រូវហើយ មនុស្សនឹងឈប់ប្រព្រឹត្តអំពើអាក្រក់ជារៀងរហូត តែពួកគេនឹងកែប្រែទៅជាមនុស្សល្អវិញ។ បន្ដិចទៀត ព្រះយេហូវ៉ានឹងដកចេញមេកំណាចសាថានដែលជាប្រភពនៃអំពើអាក្រក់។ វាប្រើមធ្យោបាយផ្សេងៗដើម្បីកាន់កាប់ទៅលើព្រឹត្ដិការណ៍ពិភពលោកដោយគ្មាននរណាដឹងឡើយ។ គម្ពីរចែងថា៖ «ពិភពលោកទាំងមូលនៅក្រោមអំណាចរបស់មេកំណាច»។ (យ៉ូហានទី១ ៥:១៩) ប៉ុន្តែ នៅពេលឆាប់ៗខាងមុខនេះ វានឹងលែងមានទៀត ហើយពួកអ្នកដែលមិនព្រមឈប់ធ្វើអំពើអាក្រក់ក៏នឹងលែងមានទៀតដែរ។ នោះជាគ្រាដ៏សប្បាយដែលគួរឲ្យចង់រស់នៅ!
តើយើងត្រូវធ្វើអ្វីដើម្បីប្រាកដថាយើងអាចមានអនាគតបែបនោះ? សូមចាំថា សព្វថ្ងៃនេះ គឺចំណេះអំពីព្រះយេហូវ៉ាឬការ«ស្គាល់ព្រះយេហូវ៉ា»ដែលនាំឲ្យមនុស្សកែប្រែជីវិត ហើយនឹងបណ្ដាលឲ្យមានការផ្លាស់ប្ដូរនៅទូទាំងពិភពលោកនាអនាគតកាល។ ដោយទទួលចំណេះត្រឹមត្រូវអំពីគម្ពីរ ថែមទាំងធ្វើតាមចំណេះនោះ ដូចភេដ្រូបានធ្វើ នោះលោកអ្នកអាចទន្ទឹងរង់ចាំរស់នៅក្នុងពិភពលោកដែល«សេចក្ដីសុចរិតនឹងស្ថិតស្ថេរជាដរាប»។ (ពេត្រុសទី២ ៣:១៣) ហេតុនេះ យើងលើកទឹកចិត្តលោកអ្នកឲ្យឆ្លៀតយកឱកាសដែលនៅមាន ដើម្បីក្រេបជញ្ជក់យកចំណេះអំពីព្រះនិងលោកយេស៊ូគ្រិស្ត ព្រោះការធ្វើដូច្នេះអាចនាំឲ្យលោកអ្នកមានជីវិតដែលគ្មានទីបញ្ចប់។—យ៉ូហាន ១៧:៣
[កំណត់សម្គាល់]
a ដើម្បីទទួលព័ត៌មានបន្ថែម សូមមើលសៀវភៅស្តើង ស្មរបន្ទាល់ព្រះយេហូវ៉ា តើពួកគេជាអ្នកណា? តើគេជឿអ្វីខ្លះ? បោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។
b ឈ្មោះបានត្រូវផ្លាស់ប្ដូរ។
[ឃ្លាអក្សរធំនៅទំព័រ៩]
លោកអ្នកអាចទន្ទឹងរង់ចាំរស់នៅក្នុងពិភពលោកដែល«សេចក្ដីសុចរិតនឹងស្ថិតស្ថេរជាដរាប»។—ពេត្រុសទី២ ៣:១៣