ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅយេរេមា
រឿងខ្លោចផ្សាដែលយេរេមាបានប្រកាសដល់សាសន៍ខ្លួនឯង ពិតជាសារដ៏គួរឲ្យហួសចិត្តចំពោះពួកគេមែន! ដ្បិតគាត់ប្រកាសថា ព្រះវិហារដែលជាមជ្ឈមណ្ឌលនៃការថ្វាយបង្គំព្រះជាង៣០០ឆ្នាំនឹងត្រូវគេដុតចោល។ គាត់ក៏បានផ្សព្វផ្សាយថា ទីក្រុងយេរូសាឡិមនិងស្រុកយូដាត្រូវចោលស្ងាត់ដោយព្រោះនឹងមានពួកខ្មាំងចាប់យកប្រជាជនទាំងឡាយចេញជាឈ្លើយសឹក។ សារទាំងនេះដែលប្រកាសពីសេចក្ដីជំនុំជម្រះនោះ បានកត់ទុកក្នុងសៀវភៅយេរេមាដែលក្រៅពីសៀវភៅទំនុកដំកើងជាសៀវភៅធំជាងគេក្នុងព្រះគម្ពីរ។ សៀវភៅយេរេមាក៏រៀបរាប់អំពីអ្វីដែលលោកយេរេមាបានជួបប្រទះផ្ទាល់ ពេលគាត់បានធ្វើកិច្ចបម្រើព្រះដោយស្មោះត្រង់អស់៦៧ឆ្នាំ។ យេរេមាមិនបានកត់ទុកព័ត៌មានក្នុងសៀវភៅនោះតាមលំដាប់លំដោយទេ តែតាមប្រធានបទផ្សេងៗវិញ។
ហេតុអ្វីបានជាយើងគួរចាប់អារម្មណ៍នឹងព័ត៌មានក្នុងសៀវភៅយេរេមា? យើងគួរចាប់អារម្មណ៍ពីព្រោះបទទំនាយក្នុងសៀវភៅនោះបានសម្រេចហើយ ដូច្នេះនេះអាចពង្រឹងជំនឿរបស់យើងទៅលើព្រះយេហូវ៉ាជាព្រះដែលធ្វើតាមពាក្យសន្យារបស់ទ្រង់។ (អេសាយ ៥៥:១០, ១១) ណាមួយទៀត កិច្ចការដែលយេរេមាបានធ្វើជាអ្នកថ្លែងទំនាយ និងទស្សនៈរបស់ប្រជាជននៅសម័យនោះចំពោះសារដែលគាត់ផ្សាយ គឺមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងស្ថានការណ៍ដែលយើងមាននៅសព្វថ្ងៃនេះដែរ។ (កូរិនថូសទី១ ១០:១១) ម្យ៉ាងទៀត របាយការណ៍អំពីទំនាក់ទំនងរបស់ព្រះយេហូវ៉ាជាមួយនឹងរាស្ត្រទ្រង់សឲ្យឃើញនូវគុណសម្បត្ដិរបស់ទ្រង់ ហើយនេះក៏គួរមានឥទ្ធិពលខ្លាំងលើយើងដែរ។—ហេព្រើរ ៤:១២
«រាស្ត្រអញបានប្រព្រឹត្តអំពើអាក្រក់២យ៉ាង»
យេរេមាបានទទួលភារកិច្ចធ្វើជាអ្នកថ្លែងទំនាយក្នុងឆ្នាំទី១៣នៃរាជ្យស្តេចយ៉ូសៀសលើរាជាណាចក្រយូដា។ ឆ្នាំនោះគឺ៤០ឆ្នាំមុនទីក្រុងយេរូសាឡិមបានត្រូវបំផ្លាញចោលនៅឆ្នាំ៦០៧ មុនគ.ស.។ (យេរេមា ១:១, ២) សារភាគច្រើនដែលយេរេមាបានប្រកាសក្នុងអំឡុងពេល១៨ឆ្នាំចុងក្រោយនៃរាជ្យស្តេចយ៉ូសៀស បានបកអាក្រាតនូវអំពើអាក្រក់ដែលប្រជាជនយូដាបានប្រព្រឹត្ត។ យេរេមាក៏បានផ្សាយឲ្យគេដឹងពីការជំនុំជម្រះរបស់ព្រះយេហូវ៉ាលើពួកយូដាដែរ។ ព្រះយេហូវ៉ាបានប្រកាសថា៖ «អញនឹងធ្វើឲ្យក្រុងយេរូសាឡិមត្រឡប់ជាកងគំនរ គឺជាទីលំនៅនៃពួកចចក ហើយនឹងធ្វើឲ្យក្រុងទាំងប៉ុន្មាននៅស្រុកយូដាត្រូវចោលស្ងាត់ ឥតមានអ្នកណានៅឡើយ»។ (យេរេមា ៩:១១) ហេតុអ្វីបានជាព្រះយេហូវ៉ាមានបំណងធ្វើដូច្នេះ? ទ្រង់ពន្យល់ថា៖ «ដ្បិតរាស្ត្រអញបានប្រព្រឹត្តអំពើអាក្រក់២យ៉ាង»។—យេរេមា ២:១៣
សារក្នុងសៀវភៅយេរេមាក៏រៀបរាប់ពីការប្រោសប្រជាជនមួយចំនួនដែលបានប្រែចិត្តឲ្យវិលត្រឡប់ទៅស្រុកពួកគេវិញ។ (យេរេមា ៣:១៤-១៨; ១២:១៤, ១៥; ១៦:១៤-២១) ប៉ុន្តែ ពួកគេមិនពេញចិត្តចំពោះយេរេមាដែលជាអ្នកនាំសារនោះទេ។ «នាយកធំក្នុងព្រះវិហារនៃព្រះយេហូវ៉ា»បានវាយយេរេមា ហើយយកគាត់ទៅដាក់ខ្នោះមួយយប់។—យេរេមា ២០:១-៣
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
១:១១, ១២—តើការព្យាយាមរបស់ព្រះយេហូវ៉ាក្នុងការធ្វើសម្រេចតាមពាក្យទ្រង់មានទំនាក់ទំនងយ៉ាងណានឹង«ឈើចំបក់»? នៅប្រទេសអ៊ីស្រាអែល ដើមចំបក់ជាដើមដែលចេញផ្កាមុនគេ។ ដូច្នេះ នេះគឺហាក់ដូចជាព្រះយេហូវ៉ាបានភ្ញាក់«ពីព្រលឹមស្រាងរាល់តែថ្ងៃ» ដើម្បី«ចាត់»អ្នកថ្លែងទំនាយឲ្យទៅព្រមានរាស្ត្រទ្រង់ពីការជំនុំជម្រះរបស់ទ្រង់។ ព្រះយេហូវ៉ាក៏បាន«ព្យាយាម»ទាល់តែពាក្យទ្រង់បានសម្រេច។—យេរេមា ៧:២៥
២:១០, ១១—ហេតុអ្វីក៏ទង្វើរបស់ពួកអ៊ីស្រាអែលមិនស្មោះត្រង់នោះជាអ្វីដែលមិនធម្មតា? សាសន៍ទាំងឡាយនៅប៉ែកខាងលិចស្រុកអ៊ីស្រាអែល គឺរហូតដល់ស្រុកគីទីម និងសាសន៍ទាំងឡាយប៉ែកខាងកើតស្រុកអ៊ីស្រាអែល រហូតដល់ស្រុកកេដារ ពួកគេសុទ្ធតែជាមនុស្សដែលមិនថ្វាយបង្គំព្រះយេហូវ៉ា។ ទោះជាសាសន៍ទាំងនោះសុខចិត្តគោរពព្រះដទៃក៏ដោយ ពួកគេមិនដែលយកព្រះរបស់សាសន៍ដទៃនោះ មកជំនួសព្រះរបស់ខ្លួនទាំងស្រុងឡើយ។ ប៉ុន្តែ សាសន៍អ៊ីស្រាអែលបានបោះបង់ចោលព្រះយេហូវ៉ាទាំងស្រុង ហើយបែរជាគោរពរូបព្រះដែលគ្មានជីវិតសោះ ជាជាងគោរពព្រះដែលមានជីវិតនិងសិរីរុងរឿងទៅវិញ។
៣:១១-២២; ១១:១០-១២, ១៧—បើស្រុកសាម៉ារីបានរលំហើយនៅឆ្នាំ៧៤០ មុនគ.ស. ហេតុអ្វីបានជាយេរេមាសំដៅទៅលើរាជាណាចក្រខាងជើងដែលមានកុលសម្ព័ន្ធ១០នោះ ពេលគាត់ប្រកាសសារនេះ? យេរេមាបានធ្វើដូច្នេះពីព្រោះការបំផ្លាញចោលទីក្រុងយេរូសាឡិមនៅឆ្នាំ៦០៧ មុនគ.ស. ជាការដែលបង្ហាញថាទ្រង់បានកាត់ទោសលើសាសន៍អ៊ីស្រាអែលទាំងមូល មិនគ្រាន់តែរាជាណាចក្រយូដាប៉ុណ្ណោះទេ។ (អេសេគាល ៩:៩, ១០) ម្យ៉ាងទៀត ពួកអ្នកថ្លែងទំនាយរបស់ព្រះបានប្រកាសអំពីការកសាងក្រុងយេរូសាឡិមឡើងវិញ ហើយទំនាយទាំងនោះក៏រួមបញ្ចូលរាជាណាចក្រអ៊ីស្រាអែលដែរ ទោះជាកុលសម្ព័ន្ធ១០នៅខាងជើងនោះបានរលំហើយក្ដី។
៤:៣, ៤—តើសេចក្ដីបង្គាប់នេះមានន័យអ្វី? ព្រះយេហូវ៉ាប្រៀបធៀបចិត្តរបស់ពួកយូដាឥតស្មោះត្រង់ ទៅនឹងដីដែលពួកគេត្រូវភ្ជួររាស់ឲ្យបានស្អាត។ ពួកគេត្រូវកាត់យក«ស្បែកចិត្ត»ចោលចេញក្នុងន័យថា ត្រូវដុសគំនិត អារម្មណ៍និងបំណងចិត្តមិនល្អចេញពីចិត្តរបស់ពួកគេ។ (យេរេមា ៩:២៥, ២៦; កិច្ចការ ៧:៥១) នេះតម្រូវឲ្យពួកគេកែប្រែរបៀបរស់នៅរបស់ពួកគេ ដោយឈប់ធ្វើអំពើអាក្រក់ហើយបែរជាធ្វើអ្វីដែលនាំឲ្យមានពរពីព្រះយេហូវ៉ាវិញ។
៤:១០; ១៥:១៨—តើព្រះយេហូវ៉ាបានបញ្ឆោតរាស្ត្របះបោររបស់ទ្រង់ក្នុងន័យអ្វី? នៅសម័យយេរេមា អ្នកថ្លែងទំនាយខ្លះ«បានទាយកុហក» ហើយព្រះយេហូវ៉ាមិនបានឃាត់ពួកគេពេលគេប្រកាសសារមិនពិតទាំងនោះទេ។—យេរេមា ៥:៣១; ២០:៦; ២៣:១៦, ១៧, ២៥-២៨, ៣២
១៦:១៦—តើព្រះយេហូវ៉ាបាន«ចាត់មនុស្សឲ្យទៅហៅពួកនេសាទជាច្រើនមក» និង«ទៅហៅពួកព្រានជាច្រើនមក»ក្នុងន័យអ្វី? នេះប្រហែលជាសំដៅទៅលើការចាត់ពលទ័ពដែលជាសត្រូវរបស់សាសន៍យូដា ឲ្យទៅរកចាប់អស់អ្នកដែលមិនបានរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា ដើម្បីកាត់ទោសពួកគេស្របទៅតាមការជំនុំជម្រះរបស់ទ្រង់។ ក៏ប៉ុន្តែ បើយើងប្រៀបមើលយេរេមា ១៦:១៥ នេះបង្ហាញថា ខ១៦ក៏អាចសំដៅទៅលើការស្វែងរកប្រជាជនអ៊ីស្រាអែលដែលបានប្រែចិត្តរួចហើយ។
២០:៧—តើព្រះយេហូវ៉ាបានបញ្ចុះបញ្ចូលយេរេមានិងប្រើ‹កំឡាំងទ្រង់ដើម្បីឈ្នះ›លើគាត់យ៉ាងដូចម្ដេច? ពេលយេរេមាបានផ្សាយសារដែលបញ្ជាក់ពីសេចក្ដីជំនុំជម្រះរបស់ព្រះយេហូវ៉ា បណ្ដាជនខ្លះមិនអើពើនឹងគាត់ ហើយអ្នកឯទៀតបានប្រឆាំងនិងបៀតបៀនគាត់វិញ។ ជាលទ្ធផល យេរេមាប្រហែលជាមានអារម្មណ៍ថាគាត់មិនអាចផ្សាយសារនោះទៀតពីព្រោះគាត់អស់កម្លាំងហើយ។ ប៉ុន្តែ ព្រះយេហូវ៉ាបានប្រើកម្លាំងទ្រង់ដើម្បីយកឈ្នះលើភាពទន់ខ្សោយរបស់យេរេមា ហើយទ្រង់បានប្រទានឲ្យគាត់មានកម្លាំងផ្សាយសារទ្រង់ជាបន្ត។ យ៉ាងនេះ ព្រះយេហូវ៉ាបានបញ្ចុះបញ្ចូលយេរេមាឲ្យបំពេញភារកិច្ចដែលគាត់គិតថាគាត់គ្មានកម្លាំងធ្វើទេ។
មេរៀនសម្រាប់យើង:
១:៨: ជួនកាលព្រះយេហូវ៉ាប្រោសរាស្ត្រទ្រង់ឲ្យរួចពីក្ដីទុក្ខបៀតបៀន។ ម្ដងម្កាលទ្រង់ធ្វើដូច្នេះដោយរៀបចំឲ្យមានចៅក្រមល្អដែលកាត់ក្ដីដោយយុត្ដិធម៌ ហើយជួនកាលទ្រង់ចាត់វិធានការដោយធ្វើឲ្យមានអ្នកស្លូតកាន់អំណាចជំនួសអ្នករដ្ឋការដ៏កាចសាហាវ។ ណាមួយទៀត ជួនកាលទ្រង់បន្ថែមកម្លាំងឲ្យពួកអ្នកថ្វាយបង្គំទ្រង់ស៊ូទ្រាំបាន។—កូរិនថូសទី១ ១០:១៣
២:១៣, ១៨: ប្រជាជនអ៊ីស្រាអែលដែលឥតស្មោះត្រង់នោះ បានប្រព្រឹត្តអំពើអាក្រក់ពីរយ៉ាង។ ពួកគេបានបោះបង់ចោលព្រះយេហូវ៉ា ដែលមានតែទ្រង់ប៉ុណ្ណោះជួយណែនាំ ការពារនិងប្រទានពរលើគេបាន។ ហើយទីពីរ ពួកគេបានសុំសាសន៍អេស៊ីបនិងសាសន៍អាសស៊ើរធ្វើជាសម្ព័ន្ធមិត្តដើម្បីជួយការពារពួកគេ ហើយនេះប្រៀបដូចជាការដាប់ធ្វើអាងទឹកដោយខ្លួនឯង។ នៅសម័យនេះ អស់អ្នកដែលបោះបង់ចោលព្រះពិតដោយព្រោះចូលចិត្តរឿងនយោបាយ ទស្សនៈវិជ្ជានិងទ្រឹស្តីផ្សេងៗរបស់មនុស្ស នោះប្រៀបដូចជាការយក«អាងប្រេះបែក»ជំនួស«ក្បាលទឹករស់»វិញ។
៦:១៦: ព្រះយេហូវ៉ាដាស់តឿនរាស្ត្របះបោររបស់ទ្រង់ឲ្យឈប់មួយភ្លែត ដើម្បីពិនិត្យមើលការប្រព្រឹត្តរបស់ខ្លួន ហើយខំរក«ផ្លូវ»ល្អតាមគំរូរបស់ជីដូនជីតាស្មោះត្រង់របស់ពួកគេ។ យើងក៏គួរពិនិត្យមើលខ្លួនយើងម្ដងម្កាលដែរ ដើម្បីឲ្យដឹងថាតើយើងកំពុងតែធ្វើតាមតម្រូវការរបស់ព្រះយេហូវ៉ាឬយ៉ាងណា?
៧:១-១៥: ការទុកចិត្តលើព្រះវិហារនៃព្រះយេហូវ៉ាហាក់ដូចជាវិហារនោះជាគ្រឿងស័ក្ដិសិទ្ធិមួយ នោះមិនបានជួយសង្គ្រោះប្រជាជនយូដាទេ។ យើងក៏គួរដើរឬប្រព្រឹត្តស្របតាមជំនឿដែរ ហើយមិនពឹងលើអ្វីដែលយើងមើលឃើញតែប៉ុណ្ណោះ។—កូរិនថូសទី២ ៥:៧
១៥:១៦, ១៧: ពេលយើងធ្លាក់ទឹកចិត្ត យើងក៏អាចយកឈ្នះអារម្មណ៍នោះដូចយេរេមាដែរ។ យើងអាចយកឈ្នះការធ្លាក់ទឹកចិត្តហើយមានអារម្មណ៍សប្បាយវិញ ដោយយកចិត្តទុកដាក់សិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ដោយលើកតម្កើងនាមព្រះយេហូវ៉ាក្នុងកិច្ចបម្រើផ្សាយ ហើយដោយជៀសវាងការសេពគប់ជាមួយមនុស្សដែលអាចមានឥទ្ធិពលអាក្រក់លើយើង។
១៧:១, ២: ព្រះយេហូវ៉ាមិនពេញចិត្តចំពោះតង្វាយរបស់ប្រជាជនយូដា ពីព្រោះដំណាលគ្នានឹងការថ្វាយតង្វាយនោះ ពួកគេក៏បានធ្វើអំពើបាប។ បើយើងធ្វើអំពើអសីលធម៌ ព្រះយេហូវ៉ាក៏មិនពេញចិត្តចំពោះការសរសើររបស់យើងដល់ទ្រង់ដែរ។
១៧:៥-៨: យើងអាចទុកចិត្តលើមនុស្សនិងស្ថាប័នផ្សេងៗរបស់មនុស្សលោកបាន ឲ្យតែពួកគេធ្វើតាមគោលការណ៍និងគោលបំណងរបស់ព្រះយេហូវ៉ា។ ប៉ុន្តែ ចំពោះសេចក្ដីសង្គ្រោះហើយសន្ដិភាពនិងសន្ដិសុខពិត នោះយើងត្រូវទុកចិត្តលើព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ។—ទំនុកដំកើង ១៤៦:៣
២០:៨-១១: សូម្បីតែពេលមនុស្សប្រឆាំង បៀតបៀនយើង ឬមានអារម្មណ៍ព្រងើយកន្តើយនឹងសារដែលយើងផ្សព្វផ្សាយក៏ដោយ យើងនៅតែគួរមានចិត្តខ្នះខ្នែងក្នុងការប្រកាសសារព្រះរាជាណាចក្ររបស់ព្រះ។—យ៉ាកុប ៥:១០, ១១
«ចូរឲ្យអ្នករាល់គ្នាឱនកទទួលនឹម ទៅបំរើដល់ស្តេចបាប៊ីឡូន»
យេរេមាបានប្រកាសទោសដែលស្តេចបួនអង្គចុងក្រោយដែលគ្រប់គ្រងលើរាជាណាចក្រយូដាត្រូវទទួលនោះ។ គាត់ក៏បានប្រកាសអំពីទោសដែលត្រូវធ្លាក់មកលើពួកគង្វាលមិនល្អ ពួកសង្ឃដែលចេះតែស៊ីសំណូក និងពួកហោរាឬអ្នកថ្លែងទំនាយដែលមិនមែនមកពីព្រះ។ ព្រះយេហូវ៉ាប្រៀបធៀបប្រជាជនស្មោះត្រង់មួយចំនួនទៅនឹងផ្លែល្វាល្អ ហើយទ្រង់ប្រាប់ថា៖ «អញនឹងតាំងភ្នែកមើលតាមគេឲ្យបានសេចក្ដីល្អ»។ (យេរេមា ២៤:៥, ៦) ជំពូកទី២៥ មានទំនាយបីដែលរៀបរាប់យ៉ាងសង្ខេបអំពីការជំនុំជម្រះរបស់ព្រះ។ ជំពូកក្រោយៗក្នុងសៀវភៅយេរេមារៀបរាប់ពីក្ដីជំនុំជម្រះទាំងនោះយ៉ាងល្អិតល្អន់វិញ។
ពួកសង្ឃនិងអ្នកឯទៀតដែលជាអ្នកថ្លែងទំនាយមានផែនការសម្លាប់យេរេមា។ ដ្បិតសារដែលយេរេមាប្រកាសនោះ បញ្ជាក់ថាពួកយូដានឹងបម្រើស្តេចសាសន៍បាប៊ីឡូនវិញ។ យេរេមាបានប្រាប់ស្តេចសេដេគាថា៖ «ចូរឲ្យអ្នករាល់គ្នាឱនកទទួលនឹមទៅបំរើដល់ស្តេចបាប៊ីឡូន»។ (យេរេមា ២៧:១២) យ៉ាងណាក៏ដោយ «ព្រះដែលបានកំចាត់កំចាយសាសន៍អ៊ីស្រាអែលទៅ ទ្រង់នឹងប្រមូលគេមកវិញ»ដែរ។ (យេរេមា ៣១:១០) ព្រះយេហូវ៉ាបានសន្យាថា ទ្រង់នឹងប្រទានពរលើពួករេកាប។ យេរេមាបានត្រូវគេចាប់ទៅដាក់«នៅជាប់ក្នុងទីលានគុក»។ (យេរេមា ៣៧:២១) ពួកបាប៊ីឡូនបានបំផ្លាញទីក្រុងយេរូសាឡិមចោល ហើយពួកគេយកប្រជាជនភាគច្រើនពីក្រុងនោះទៅធ្វើជាឈ្លើយសឹក។ យេរេមានិងលេខាធិការរបស់គាត់ឈ្មោះបារូក បានរួមចំណែកក្នុងចំណោមប្រជាជនទាំងប៉ុន្មានដែលនៅសេសសល់ក្នុងទីក្រុងយេរូសាឡិម។ ទោះជាយេរេមាបានព្រមានប្រជាជនដែលកំពុងតែភ័យខ្លាចកុំឲ្យទៅស្រុកអេស៊ីបក្ដី តែពួកគេនៅតែចេញដំណើរទៅ។ ជំពូក៤៦ ដល់៥១ មានពាក្យដែលយេរេមាប្រកាសអំពីសាសន៍ដទៃ។
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
២២:៣០—តើពាក្យរបស់ព្រះយេហូវ៉ាមានន័យថា ព្រះយេស៊ូគ្រិស្តមិនមានសិទ្ធិស្នងរាជ្យពីដាវីឌឬ? (ម៉ាថាយ ១:១, ១១) មិនមែនទេ។ ពាក្យរបស់ព្រះយេហូវ៉ាមិនអនុញ្ញាតឲ្យកូនចៅណារបស់ស្តេចយ៉ូយ៉ាគីន«អង្គុយលើបល្ល័ង្កនៃដាវីឌ ហើយគ្រប់គ្រងលើស្រុកយូដា»ទៀតទេ។ ប៉ុន្តែ ព្រះយេស៊ូនឹងគ្រប់គ្រងពីស្ថានសួគ៌មក មិនមែនអង្គុយលើបល្ល័ង្កណានៅស្រុកយូដាទេ។
២៣:៣៣—តើ«បន្ទុកពីព្រះយេហូវ៉ា»សំដៅទៅលើអ្វី? នៅសម័យយេរេមា សារសំខាន់ដែលគាត់ប្រកាសអំពីការបំផ្លាញចោលទីក្រុងយេរូសាឡិម នោះហើយជាបន្ទុកមួយដល់ប្រជាជនយូដា។ ជាលទ្ធផល ប្រជាជនដែលមិនព្រមធ្វើតាមអ្វីដែលយេរេមាប្រកាសនោះ ពួកគេជាបន្ទុកយ៉ាងធ្ងន់ដែរ ដល់ម្ល៉េះបានជាព្រះយេហូវ៉ាសម្រេចចិត្តបោះបង់ចោលពួកគេវិញ។ ស្រដៀងគ្នាដែរ ពេលមនុស្សក្នុងពិភពគ្រិស្តសាសនាឮសារដំណឹងពីព្រះគម្ពីរថា គ្រិស្តសាសនាទាំងឡាយត្រូវបំផ្លាញចោលនោះ នេះជាបន្ទុកមួយដល់គេ។ ណាមួយទៀត បើពួកគេមិនរវីរវល់នឹងសារដំណឹងនោះ ព្រះយេហូវ៉ាក៏ធុញទ្រាន់នឹងគេដែរ។
៣១:៣៣—តើព្រះយេហូវ៉ាចារឹកទុកក្រឹត្យវិន័យរបស់ទ្រង់ក្នុងចិត្តមនុស្សដោយរបៀបណា? បើមនុស្សស្រឡាញ់ច្បាប់របស់ព្រះយេហូវ៉ាយ៉ាងខ្លាំងដល់ម្ល៉េះបានជាគាត់ប្រាថ្នាចង់ធ្វើតាមបំណងចិត្តទ្រង់ នេះគឺហាក់ដូចជាគាត់មានក្រឹត្យវិន័យរបស់ព្រះចារឹកទុកក្នុងចិត្តគាត់។
៣២:១០-១៥—ពេលយេរេមាទិញដីនោះ ហេតុអ្វីបានជាគាត់រៀបចំសំបុត្រឬកិច្ចសន្យាពីរ? កិច្ចសន្យាមួយគេមិនបានបិទភ្ជិតទេ ដើម្បីឲ្យមើលសំបុត្រនោះម្ដងម្កាលបាន។ កិច្ចសន្យាមួយទៀតដែលបិទត្រាវិញ ជាឯកសារដែលគេទុកដើម្បីបញ្ជាក់ពីសច្ចភាពនៃសំបុត្រទីមួយ បើត្រូវការ។ យេរេមាបានធ្វើតាមច្បាប់នាសម័យនោះ សូម្បីតែពេលដែលគាត់ចុះកិច្ចសន្យាជាមួយញាតិសន្ដាននិងអ្នកជឿគ្នីគ្នាក្ដី។ ដូច្នេះនេះជាគំរូល្អមួយសម្រាប់យើងដែរ។
៣៣:២៣, ២៤—តើ«គ្រួទាំង២»នេះសំដៅទៅលើអ្នកណា? គ្រួមួយសំដៅទៅលើកូនចៅទាំងឡាយតាមវង្សត្រកូលស្តេចដាវីឌ ហើយគ្រួមួយទៀតសំដៅទៅលើកូនចៅទាំងឡាយរបស់អើរ៉ុនដែលមានសិទ្ធិធ្វើជាសង្ឃ។ ពេលទីក្រុងយេរូសាឡិមនិងវិហាររបស់ព្រះយេហូវ៉ានៅទីនោះបានត្រូវបំផ្លាញចោល គឺមើលទៅដូចជាទ្រង់បានបដិសេធចំពោះគ្រួទាំងពីរនោះ។ បើដូច្នេះ គឺហាក់ដូចជាទ្រង់គ្មានបំណងស្ដារការថ្វាយបង្គំពិត ហើយថាទ្រង់នឹងលែងមានរាជាណាចក្រណានៅលើផែនដីទៀត។
៤៦:២២—ហេតុអ្វីបានជាយេរេមាពណ៌នាពីសាសន៍អេស៊ីបថា ពួកគេមានសូរដូចជាសូរនៃពស់លូន? នេះអាចសំដៅទៅលើសូរសត្វពស់ពេលវាលូនចេញព្រោះខ្លាចអ្វីមួយ ដែលបង្កប់អត្ថន័យថា សាសន៍អេស៊ីបនឹងដកទ័ពឲ្យរត់ថយទៅ។ ឬមួយក៏ឃ្លានេះអាចសំដៅទៅលើសំឡេងស្រាលដ៏ពិបាកឮរបស់សត្វពស់ ដែលបញ្ជាក់ពីអារម្មណ៍កំសាករបស់ពួកអេស៊ីបដែលបានរងគ្រោះថ្នាក់។ ណាមួយទៀត ពួកអេស៊ីបបានជឿទៅលើព្រះនាងអ៊ូអាជិតដែលមានរូបរាងជាសត្វពស់ ហើយស្តេចសាសន៍អេស៊ីបក៏មានរូបសត្វពស់ពិសិដ្ឋនោះដាក់លើមួកដែលគាត់ពាក់ដោយទុកចិត្តថា រូបនោះជាគ្រឿងស័ក្ដិសិទ្ធិដែលអាចការពារគាត់។ ដូច្នេះ ពាក្យរបស់យេរេមាប្រហែលជាចង់បញ្ជាក់ថា ការទុកចិត្តលើរូបពស់នោះគ្មានប្រយោជន៍អ្វីសោះ។
មេរៀនសម្រាប់យើង:
២១:៨, ៩; ៣៨:១៩: សូម្បីតែពេលពួកខ្មាំងសត្រូវហៀបនឹងបំផ្លាញទីក្រុងយេរូសាឡិមចោលនោះ ព្រះយេហូវ៉ានៅតែបានបើកឱកាសឲ្យប្រជាជនរួចរស់ជីវិត។ ទ្រង់ធ្វើដូច្នេះទោះបីជាពួកគេមិនបានប្រែចិត្តហើយគួរនឹងស្លាប់ក៏ដោយ។ ត្រូវហើយ «សេចក្ដីមេត្ដាករុណារបស់ទ្រង់ធំណាស់»តើ!—សាំយូអែលទី២ ២៤:១៤; ទំនុកដំកើង ១១៩:១៥៦
៣១:៣៤: ពេលព្រះយេហូវ៉ាអត់ទោសឲ្យមនុស្ស ទ្រង់មិននឹកចាំពីអំពើបាបនិងដាក់ទោសលើពួកគេនៅពេលក្រោយទេ។ នេះពិតជាធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាលណាស់!
៣៨:៧-១៣; ៣៩:១៥-១៨: ព្រះយេហូវ៉ាមិនភ្លេចកិច្ចការដែលយើងធ្វើដោយស្មោះត្រង់ទេ។ នេះក៏រួមបញ្ចូលកិច្ចការ«បំរើពួកបរិសុទ្ធ»ផងដែរ។—ហេព្រើរ ៦:១០
៤៥:៤, ៥: ដូចនៅសម័យចុងក្រោយនៃរាជាណាចក្រយូដានោះ យើងក៏រស់នៅ«ជាន់ក្រោយបង្អស់»នៃពិភពលោកនេះ។ ដូច្នេះ យើងមិនគួររក«ការយ៉ាងធំ» ដូចជាឈ្មោះល្បី ទ្រព្យសម្បត្ដិនិងរបស់របរជាច្រើនទេ។—ធីម៉ូថេទី២ ៣:១; យ៉ូហានទី១ ២:១៧
ការដុតទីក្រុងយេរូសាឡិមចោល
ឆ្នាំ៦០៧ មុនគ.ស. ជាឆ្នាំទី១១នៃរាជ្យស្តេចសេដេគា។ នៅឆ្នាំនោះ ទ័ពរបស់ស្តេចនេប៊ូក្នេសាពីស្រុកបាប៊ីឡូនបានឡោមព័ទ្ធទីក្រុងយេរូសាឡិមអស់១៨ខែហើយ។ នៅថ្ងៃទី៧ ខែប្រាំ ក្នុងឆ្នាំទី១៩នៃរាជ្យនេប៊ូក្នេសា មេទ័ពធំរបស់ទ្រង់ឈ្មោះនេប៊ូសារ៉ាដាន ‹បានទៅដល់›ក្រុងយេរូសាឡិម។ (ពង្សាវតារក្សត្រទី២ ២៥:៨) តាមមើលទៅ នេប៊ូសារ៉ាដានបានបោះជំរំនៅខាងក្រៅកំពែងទីក្រុងយេរូសាឡិម ហើយគាត់ពិនិត្យមើលស្ថានភាពដើម្បីរកយុទ្ធសាស្ត្រដើម្បីដណ្ដើមយកទីក្រុងនោះបាន។ បីថ្ងៃក្រោយមក គឺនៅថ្ងៃទី១០ គាត់បាន‹ចូលទៅក្នុង›ក្រុងយេរូសាឡិមហើយដុតទីក្រុងនោះចោល។—យេរេមា ៥២:១២, ១៣
យេរេមារៀបរាប់យ៉ាងល្អិតល្អន់អំពីការរលំនៃទីក្រុងយេរូសាឡិម។ អ្វីដែលគាត់ពណ៌នានោះ ផ្ដល់ហេតុឲ្យប្រជាជនមានទុក្ខសោកនិងយំសង្រេងផង។ សំណោករបស់ពួកគេបានកត់ទុកក្នុងសៀវភៅបរិទេវក្នុងព្រះគម្ពីរ។
[រូបភាពនៅទំព័រ៨]
យេរេមាបានប្រកាសសារជំនុំជម្រះរបស់ព្រះយេហូវ៉ាលើទីក្រុងយេរូសាឡិម
[រូបភាពនៅទំព័រ៩]
តើព្រះយេហូវ៉ាបានប្រើ‹កំឡាំងទ្រង់ ដើម្បីឈ្នះ›លើយេរេមាយ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ១០]
‹យើងនឹងស្គាល់ពួកយូដា ដូចជាស្គាល់ ផ្លែល្វាល្អនេះ›។—យេរេមា ២៤:៥