គ្មានសន្ដិភាពសំរាប់ពួកអ្នកនាំសារក្លែងក្លាយ!
«ពីព្រោះពួកអ្នកដែលធ្វើអាក្រក់ នឹងត្រូវកាត់ចេញ . . . ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ»។—ទំនុកដំកើង ៣៧:៩, ១១
១. ហេតុអ្វីក៏យើងគិតថានឹងមានពួកអ្នកនាំសារពិតនិងក្លែងក្លាយក្នុង«គ្រាចុងបំផុត»?
ពួកអ្នកនាំសារ—ក្លែងក្លាយឬពិត? ក្នុងសម័យព្រះគម្ពីរ គឺមានពួកអ្នកនាំសារពីរប្រភេទ។ ប៉ុន្តែ ចុះយ៉ាងណាវិញចំពោះសម័យយើងនេះ? នៅដានីយ៉ែល ១២:៩, ១០ យើងអានអំពីអ្នកនាំសារនៅស្ថានសួគ៌បានប្រាប់ព្យាការីរបស់ព្រះថា៖ «សេចក្ដីទាំងនេះត្រូវបិទបាំង ហើយបិទត្រាទុក ដរាបដល់គ្រាចុងបំផុត មនុស្សជាច្រើននឹងសំអាត ហើយជំរះខ្លួនឲ្យសស្គុស រួចនឹងបានសំរងជាស្រេច ឯពួកមនុស្សអាក្រក់ គេនឹងចេះតែប្រព្រឹត្តអំពើអាក្រក់តទៅ តែគ្មានមនុស្សអាក្រក់ណាមួយនឹងបានយល់ទេ ចំណែកឯពួកអ្នកមានប្រាជ្ញា គេនឹងយល់វិញ»។ ឥឡូវនេះយើងកំពុងតែរស់ក្នុងគ្រាចុងបំផុតនោះ។ តើយើងឃើញនូវភាពខុសគ្នាដ៏ក្រឡែតរវាង«ពួកមនុស្សអាក្រក់» និង«ពួកអ្នកមានប្រាជ្ញា»ទេ? យ៉ាងប្រាកដណាស់ យើងឃើញមែន!
២. តើអេសាយ ៥៧:២០, ២១ កំពុងតែសម្រេចយ៉ាងណានៅសព្វថ្ងៃនេះ?
២ ក្នុងជំពូក៥៧ ខ២០និង២១ យើងអានពាក្យអេសាយជាអ្នកនាំសាររបស់ព្រះថា៖ «‹តែឯពួកមនុស្សអាក្រក់ គេប្រៀបដូចជាសមុទ្រដែលចេះតែកំរើក ឥតមានស្ងប់ឡើយ ហើយទឹកនោះចេះតែបារល្បាប់នឹងភក់ឡើង› ព្រះនៃខ្ញុំ ទ្រង់មានបន្ទូលថា ‹គ្មានសេចក្ដីសុខ ដល់មនុស្សដែលប្រព្រឹត្តអាក្រក់ឡើយ›»។ ពាក្យទាំងនេះរៀបរាប់ពីលោកីយ៍នេះយ៉ាងចំៗមែន កាលដែលឆ្ពោះទៅសតវត្សទី២១! អ្នកខ្លះប្រហែលជាសួរថា ‹តើយើងនឹងទៅដល់សតវត្សនោះទេ›? តើពួកអ្នកនាំសារដែលមានប្រាជ្ញាមានអ្វីខ្លះនឹងប្រាប់យើង?
៣. (ក) តើមានការប្រៀបធៀបយ៉ាងណាក្នុងយ៉ូហានទី១ ៥:១៩? (ខ) តើ«ពួកអ្នកមានប្រាជ្ញា» ត្រូវបានរៀបរាប់មកក្នុងវិវរណៈជំពូក៧ យ៉ាងណាខ្លះ?
៣ សាវ័កយ៉ូហានមានការយល់ធ្លុះជ្រៅរបស់ព្រះ។ ក្នុងយ៉ូហានទី១ ៥:១៩ ចែងថា៖ «យើងដឹងថា យើងមកពីព្រះពិត តែលោកីយ៍ទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាចវិញ»។ បើប្រៀបធៀបនឹងលោកីយ៍នេះ គឺមានពួកអ្នកសំណល់អ៊ីស្រាអែលខាងវិញ្ញាណ១៤៤.០០០នាក់ ដែលមានអាយុកាន់តែចាស់នៅលើផែនដីនៅឡើយ។ ចូលរួមជាមួយពួកទាំងនេះសព្វថ្ងៃនេះគឺមាន «មនុស្ស១ហ្វូងយ៉ាងធំ . . . ពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា» ដែលឥឡូវនេះមានចំនួនកើនជាងប្រាំលាននាក់ ជាអ្នកដែលយល់ធ្លុះជ្រៅដែរ។ «អ្នកទាំងនោះជាពួកអ្នក ដែលបានចេញពីគ្រាវេទនាយ៉ាងធំមក»។ ហើយហេតុអ្វីក៏ពួកគេបានរង្វាន់នេះ? ពីព្រោះពួកគេ«បានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម» ដោយអនុវត្តជំនឿលើការលោះរបស់ព្រះយេស៊ូ។ ជាពួកអ្នកនាំសារនៃពន្លឺ ពួកគេក៏«បំរើទ្រង់ នៅក្នុងព្រះវិហារទាំងយប់ទាំងថ្ងៃ»ដែរ។—វិវរណៈ ៧:៤, ៩, ១៤, ១៥
ពួកអ្នកដែលតាំងខ្លួនជាពួកអ្នកនាំសារនៃសន្ដិភាព
៤. (ក) ហេតុអ្វីក៏ពួកអ្នកដែលតាំងខ្លួនជាអ្នកនាំសារនៃសន្ដិភាពក្នុងលោកីយ៍សាតាំង នឹងទទួលបរាជ័យ? (ខ) តើអេភេសូរ ៤:១៨, ១៩ មានការទាក់ទងយ៉ាងណាសព្វថ្ងៃនេះ?
៤ ចុះយ៉ាងណាវិញ ចំពោះអស់អ្នកដែលតាំងខ្លួនធ្វើជាពួកអ្នកនាំសារនៃសន្ដិភាពក្នុងរបបលោកីយ៍សាតាំង? នៅអេសាយជំពូក៣៣ ខ៧ យើងអានថា៖ «មើលពួកទាហានស្ទាត់ជំនាញរបស់គេក៏ស្រែកនៅខាងក្រៅហើយ ឯពួករាជទូតដែលសូមមេត្រីភាព គេយំអណ្ដឺតអណ្ដក»។ នេះជាការពិតមែនចំពោះពួកអ្នកដែលរត់ឆ្លេឆ្លាពីរដ្ឋធានីមួយទៅរដ្ឋធានីមួយក្នុងពិភពលោក ដោយខំខ្នះខ្នែងរកសន្ដិភាព! គឺជាការឥតប្រយោជន៍មែន! ហេតុអ្វីក៏ដូច្នេះ? ពីព្រោះពួកគេដោះស្រាយអាការរោគនៃជម្ងឺលោកនេះ ជាជាងរកមធ្យោបាយដោះស្រាយដើមហេតុនៃបញ្ហា។ ជាដំបូង ពួកគេមិនជឿថាមានសាតាំង ដែលសាវ័កប៉ុលហៅបុគ្គលនេះ ជា«ព្រះរបស់លោកីយនេះ»។ (កូរិនថូសទី២ ៤:៤) សាតាំងបានសាបព្រោះពូជនៃអំពើអាក្រក់ក្នុងចំណោមមនុស្សជាតិ ដែលជាលទ្ធផល មនុស្សភាគច្រើន រួមបញ្ចូលទាំងពួកគ្រប់គ្រងជាច្រើន ដែលឥឡូវនេះមានសភាពដូចការរៀបរាប់នៅអេភេសូរ ៤:១៨, ១៩៖ «គំនិតគេត្រូវបង្អាប់ ហើយគេដាច់ចេញពីព្រះជន្មព្រះ ដោយសារសេចក្ដីខ្លៅល្ងង់ក្នុងខ្លួនគេ ព្រោះចិត្តគេរឹងទទឹង គេលែងខ្លាចបាប បានជាគេប្រគល់ខ្លួនទៅខាងសេចក្ដីអាសអាភាស ដើម្បីនឹងប្រព្រឹត្តសេចក្ដីស្មោកគ្រោកគ្រប់យ៉ាង ដោយចិត្តវក់វិញ»។
៥. (ក) ហេតុអ្វីក៏ភ្នាក់ងារមនុស្សទទួលបរាជ័យជាអ្នកបង្កើតសន្ដិភាព? (ខ) តើសារដ៏សម្រាលទុក្ខអ្វីដែលទំនុកដំកើង ៣៧ បង្ហាញប្រាប់?
៥ គ្មានភ្នាក់ងាររបស់មនុស្សឥតគ្រប់ល័ក្ខណ៍ណាមួយ ដែលអាចកំចាត់ចោលពីចិត្តមនុស្សនូវការលោភ អាត្មានិយម និងការស្អប់ដែលមាននៅសព្វថ្ងៃនេះឡើយ។ មានតែព្រះអាទិទេពរបស់យើង គឺព្រះអម្ចាស់មហាក្សត្រ ព្រះយេហូវ៉ាដែលអាចធ្វើការនេះបាន! ម្យ៉ាងទៀត មានតែពួកមនុស្សរាបសា ដែលមានមួយភាគតូចក្នុងចំណោមមនុស្សជាតិ នឹងសុខចិត្តចុះចូលនឹងការណែនាំរបស់ទ្រង់។ លទ្ធផលចំពោះពួកអ្នកទាំងនេះ និងចំពោះមនុស្សអាក្រក់នៃលោកីយ៍នេះ បានបង្ហាញឲ្យឃើញខុសគ្នាក្នុងទំនុកដំកើង ៣៧:៩-១១៖ «ពួកអ្នកដែលធ្វើអាក្រក់ នឹងត្រូវកាត់ចេញ តែអស់អ្នកដែលរង់ចាំព្រះយេហូវ៉ា នោះនឹងបានផែនដីជាមរដក ដល់បន្ដិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ . . . ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ»។
៦, ៧. តើសាសនាលោកីយ៍មានប្រវត្ដិរូបយ៉ាងណា ដែលបង្ហាញថាគេទទួលបរាជ័យក្នុងការបំរើជាពួកអ្នកនាំសារនៃសន្ដិភាព?
៦ បើអញ្ចឹង តើអាចរកឃើញពួកអ្នកនាំសារសន្ដិភាពក្នុងចំណោមសាសនានៃលោកីយ៍ដ៏ឈឺនេះទេ? តើប្រវត្ដិសាស្ត្រនៃសាសនាមកដល់ឥឡូវនេះមានយ៉ាងណាដែរ? ប្រវត្ដិសាស្ត្របង្ហាញថា សាសនាបានចូលរួម ត្រូវហើយ ព្រមទាំងជាអ្នកផ្ដើមការបង្ហូរឈាមជាច្រើនក្នុងសតវត្សទាំងឡាយ។ ឧទាហរណ៍ ទស្សនាវដ្ដី សតវត្សគ្រីស្ទាន (Christian Century) នៃសប្ដាហ៍នៃខែសីហា ទី៣០ ១៩៩៥ ដែលរាយការណ៍ពីការជ្រួលច្របល់ក្នុងអតីតយូកូស្លាវា ថ្លែងថា៖ «ក្នុងតំបន់ដែលកាន់កាប់ដោយជាតិស៊ើប ប្រទេសបុសនា ពួកបព្វជិតបានតាំងខ្លួនឯងអង្គុយនៅជួរខាងមុខនៃសភា ហើយក៏នៅជួរខាងមុខ ក្នុងការឲ្យពរដល់ពួកកងទ័ព ព្រមទាំងឲ្យពរដល់គ្រឿងអាវុធ មុននឹងចូលធ្វើសង្គ្រាមម្ដងៗ»។
៧ កិច្ចការសាសនទូតនៃពិភពគ្រីស្ទសាសនាអស់រយៈមួយសតវត្ស ក្នុងទ្វីបអាហ្វ្រិក មិនបាននាំឲ្យមានផលល្អទេ ដូចបានបង្ហាញមកក្នុងប្រទេសរ្វ៉ាន់ដា ជាស្រុកដែលល្បីឈ្មោះថាមានពួកកាន់សាសនាកាតូលិក៨០ភាគរយ។ ទស្សនាវដ្ដី ញូវយ៉កថែម្ស (New York Times) នៃខែកក្កដា ទី៧ ១៩៩៥ បានរាយការណ៍ថា៖ «ហ្គូយ៉ាជាទស្សនាវដ្ដីកាតូលិកដែលកាន់សេរីនិយម បានបោះពុម្ពក្នុងក្រុងលីយូន [ប្រទេសបារាំង] មានគម្រោងការណ៍នឹងបញ្ចេញមុខបព្វជិតជាង២៧នាក់និងដូនជីបួននាក់ ដែលគេនិយាយថា ជាអ្នកដែលសម្លាប់ឬគាំទ្រការសម្លាប់ក្នុងប្រទេសរ្វ៉ាន់ដាឆ្នាំមុន»។ សិទ្ធិអាហ្វ្រិក ជាអង្គការសិទ្ធិមនុស្សក្នុងក្រុងឡុនដុន បានថ្លែងដូចនេះថា៖ «ក្រៅពីកំហុសនៃនៅស្ងៀម សាសនានោះក៏ទទួលកំហុសចំពោះការចូលរួមដ៏សកម្មនៃពួកបព្វជិត និងដូនជីខ្លះក្នុងការសម្លាប់រង្គាលដែរ»។ នេះគឺមានសភាពដូចនៅអ៊ីស្រាអែល កាលដែលយេរេមា ជាអ្នកនាំសារពិតរបស់ព្រះយេហូវ៉ា បានរៀបរាប់អំពី«សេចក្ដីខ្មាស»នៃអ៊ីស្រាអែល ព្រមទាំងពួកអ្នកគ្រប់គ្រង ពួកសង្ឃ និងពួកព្យាការី ដោយចែងទៀតថា៖ «នៅជាយអាវឯង នោះឃើញមានឈាមរបស់មនុស្សក្រីក្រ ជាអ្នកដែលឥតមានទោសផង»។—យេរេមា ២:២៦, ៣៤
៨. ហេតុអ្វីក៏អាចនិយាយថាយេរេមាជាអ្នកនាំសារនៃសន្ដិភាពម្នាក់?
៨ យេរេមាត្រូវបានគេហៅជាព្យាការីនៃសេចក្ដីវិនាស ប៉ុន្តែគាត់ក៏មានឈ្មោះជាអ្នកនាំសារនៃសន្ដិភាពរបស់ព្រះដែរ។ គាត់បាននិយាយអំពីសន្ដិភាពជាញឹកញាប់ដូចអេសាយបាននិយាយមុនគាត់ដែរ។ ព្រះយេហូវ៉ាបានប្រើយេរេមាឲ្យប្រកាសសេចក្ដីជំនុំជំរះលើក្រុងយេរូសាឡិម ដោយប្រកាសថា៖ «ទីក្រុងនេះជាទីអុចអាល ឲ្យអញមានសេចក្ដីកំហឹង នឹងឃោរឃៅ ចាប់តាំងពីគ្រាដែលគេសង់ឡើង ដរាបដល់សព្វថ្ងៃនេះ បានជាគួរឲ្យអញបំបាត់ចេញពីមុខអញទៅ ដោយព្រោះអស់ទាំងអំពើអាក្រក់ ដែលពួកកូនចៅអ៊ីស្រាអែលនឹងពួកកូនចៅយូដាបានប្រព្រឹត្ត ជាហេតុបណ្ដាលឲ្យអញខឹង គឺទាំងខ្លួនគេ ស្តេចគេ ពួកចៅហ្វាយ ពួកសង្ឃនឹងពួកហោរារបស់គេ អស់ទាំងពួកស្រុកយូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នាផង»។ (យេរេមា ៣២:៣១, ៣២) នេះជាការបង្ហាញទុកជាមុនពីការជំនុំជំរះរបស់ព្រះយេហូវ៉ាលើពួកអ្នកគ្រប់គ្រង និងគណៈបព្វជិតក្នុងពិភពគ្រីស្ទសាសនាសព្វថ្ងៃនេះ។ ដើម្បីឲ្យមានសន្ដិភាពពិត គឺត្រូវតែកំចាត់ចោលពួកអ្នកផ្ដើមនៃសេចក្ដីអាក្រក់និងអំពើឃោរឃៅទាំងនេះ! ពួកគេប្រាកដជាមិនមែនពួកអ្នកនាំសារនៃសន្ដិភាពឡើយ។
អង្គការសហប្រជាជាតិជាអ្នកបង្កើតសន្ដិភាពឬ?
៩. តើអង្គការសហប្រជាជាតិបានអះអាងថាខ្លួនជាអ្នកនាំសារនៃសន្ដិភាពយ៉ាងដូចម្ដេច?
៩ តើអង្គការសហប្រជាជាតិមិនអាចធ្វើជាអ្នកនាំសារពិតនៃសន្ដិភាពទេឬ? ដ្បិតក្នុងបុព្វកថានៃធម្មនុញ្ញរបស់គេ ដែលបានដាក់ឲ្យពិនិត្យក្នុងខែមិថុនា ១៩៤៥ គ្រាន់តែ៤១ថ្ងៃមុនគ្រាប់បែកបរមាណូបានធ្វើឲ្យខ្ទេចខ្ទីក្រុងហ៊ីរ៉ូស្សីម៉ា បានថ្លែងប្រាប់ពីគោលបំណងនៃអង្គការនេះ គឺ«ដើម្បីសង្គ្រោះៗជំនាន់ក្រោយពីការទុក្ខទោសនៃសង្គ្រាម»។ សមាជិក៥០ប្រទេសនៃអង្គការសហប្រជាជាតិ នឹង«រួមកម្លាំង[របស់គេ]ដើម្បីរក្សាសន្ដិភាពនិងសន្ដិសុខអន្តរជាតិ»។ សព្វថ្ងៃនេះ អង្គការសហប្រជាជាតិមានសមាជិក១៨៥ប្រទេស ដែលគ្រប់គ្នាបានប្ដេជ្ញាសម្រេចគោលដៅតែមួយ។
១០, ១១. (ក) តើតាមរបៀបណាដែលពួកមេដឹកនាំសាសនានិយាយគាំទ្រអង្គការសហប្រជាជាតិ? (ខ) តាមរបៀបណាដែលពួកសម្ដេចប៉ាបបានតំណាងមិនត្រឹមត្រូវចំពោះ‹ដំណឹងល្អនៃព្រះរាជាណាចក្រ›?
១០ ជាច្រើនឆ្នាំមកហើយ អង្គការសហប្រជាជាតិត្រូវបានអបអរសាទរយ៉ាងខ្លាំង ជាពិសេសដោយពួកមេដឹកនាំសាសនា។ នៅខែមេសា ទី១១ ១៩៦៣ សម្ដេចប៉ាប ចន ទី២៣ បានចុះហត្ថលេខាក្នុងលិខិតរបស់លោកមួយដែលមានចំណងជើងថា «សន្ដិភាពលើផែនដី» ដែលលោកបានមានប្រសាសន៍ថា៖ «នេះជាសេចក្ដីប្រាថ្នារបស់យើង ដែលអង្គការសហប្រជាជាតិ—តាមរចនាសម្ព័ន្ធនិងមធ្យោបាយផ្សេងៗ—អាចមានសមត្ថភាពបំពេញភារកិច្ចដ៏ធំសម្បើមនិងដ៏ខ្ពង់ខ្ពស់របស់ខ្លួន»។ ក្រោយមក ក្នុងខែមិថុនា ១៩៦៥ ពួកមេដឹកនាំសាសនា បានតាំងខ្លួនថាតំណាងមួយភាគកន្លះនៃប្រជាជនក្នុងលោក បានធ្វើបុណ្យខួប២០ឆ្នាំនៃកំណើតអង្គការសហប្រជាជាតិ ក្នុងក្រុងសានហ្វ្រានស៊ីស្គូ។ ហើយក្នុងឆ្នាំ១៩៦៥ សម្ដេចប៉ាប ប៉ុល ទី៦ ក្នុងការធ្វើទស្សនកិច្ចទៅមន្ទីរអង្គការសហប្រជាជាតិ បានរៀបរាប់ថានេះជា«សេចក្ដីសង្ឃឹមចុងក្រោយបង្អស់នៃសន្ដិសុខនិងសន្ដិភាព»។ ក្នុងឆ្នាំ១៩៨៦សម្ដេចប៉ាប ចន ប៉ុល ទី២ បានធ្វើសហប្រតិបត្ដិការក្នុងការលើកផ្សព្វផ្សាយសម័យសន្ដិភាពអន្តរជាតិនៃអ.ស.ប.។
១១ ម្ដងនេះទៀត ក្នុងកំឡុងទស្សនកិច្ចរបស់លោក ក្នុងខែតុលា ១៩៩៥ សម្ដេចប៉ាបប្រកាសថា៖ «សព្វថ្ងៃនេះ យើងធ្វើពិធីបុណ្យដល់ដំណឹងល្អនៃព្រះរាជាណាចក្ររបស់ព្រះ»។ ប៉ុន្តែ តើលោកពិតជាអ្នកនាំសារនៃដំណឹងល្អពីព្រះរាជាណាចក្ររបស់ព្រះមែនឬ? ស្តីអំពីបញ្ហាក្នុងលោកីយ៍ លោកមានប្រសាសន៍ទៀតថា៖ «កាលដែលយើងប្រឈមមុខនឹងសេចក្ដីលំបាកយ៉ាងសម្បើមនេះ តើឲ្យយើងមិនទទួលស្គាល់មុខនាទីនៃអង្គការសហប្រជាជាតិយ៉ាងណាបាន»? សម្ដេចប៉ាបជ្រើសរើសយកអ.ស.ប. ជាជាងព្រះរាជាណាចក្ររបស់ព្រះ។
ហេតុជាច្រើនចំពោះ‹ការយំយ៉ាងឈឺចាប់›
១២, ១៣. (ក) តើតាមរបៀបណាដែលអ.ស.ប.បានប្រព្រឹត្ត ដូចបានរៀបរាប់មកក្នុងយេរេមា ៦:១៤? (ខ) ហេតុអ្វីក៏ការដឹកនាំនៃអ.ស.ប. បានរួមបញ្ចូលនឹងការរៀបរាប់នៅអេសាយ ៣៣:៧?
១២ ការធ្វើពិធីបុណ្យខួបទី៥០នៃអង្គការសហប្រជាជាតិ មិនបានសម្ដែងនូវសេចក្ដីសង្ឃឹមនៃ«សន្ដិភាពលើផែនដី»ទេ។ មូលហេតុមួយ ត្រូវបានបង្ហាញដោយអ្នកនិពន្ធម្នាក់ក្នុង កាសែតតូរ៉ុនតូ ស្ដា (The Toronto Star) នៅប្រទេសកាណាដា ដែលបានសរសេរថា៖ «អង្គការសហប្រជាជាតិជាសិង្ហដែលឥតធ្មេញ ដែលគ្រហឹមនៅពេលជួបនឹងភាពសាហាវរបស់មនុស្ស ប៉ុន្តែត្រូវតែរង់ចាំឲ្យសមាជិកខ្លួនដាក់ពាក់ក្រាសធ្មេញសិន មុននឹងអាចខាំបាន»។ ធម្មតាការខាំនេះគឺមិនខ្លាំងទេ ហើយតែងតែយឺតពេលក្នុងការឲ្យមានប្រសិទ្ធិភាព។ ពួកអ្នកនាំសារនៃសន្ដិភាពក្នុងរបបសម័យលោកីយ៍នេះ ជាពិសេសក្នុងពួកពិភពគ្រីស្ទសាសនា បានបន្លឺពាក្យយេរេមា ៦:១៤៖ «គេបានមើលរបួសរបស់រាស្ត្រអញ ឲ្យសះតែបន្ដិចបន្តួចទេ ដោយពោលតែពាក្យថា ‹សុខៗប៉ុណ្ណោះ›! ក្នុងកាលដែលឥតមានសេចក្ដីសុខឡើយ»។
១៣ អគ្គលេខាធិការនៃអ.ស.ប.ជាបន្តបន្ទាប់ បានខំប្រឹងដោយចិត្តយ៉ាងស្មោះ ដើម្បីឲ្យអង្គការសហប្រជាជាតិបានជោគជ័យ។ ប៉ុន្តែការឈ្លោះប្រកែកនៃពួកសមាជិក១៨៥ប្រទេសដែលមានគោលបំណងខុសៗគ្នា អំពីរបៀបដោះស្រាយសង្គ្រាម គម្រោងការនយោបាយ ហើយការកាន់កាប់លុយកាក់ បានទៅជាឧបសគ្គដល់ការជោគជ័យ។ ក្នុងរបាយការណ៍ប្រចាំឆ្នាំ១៩៩៥ អគ្គលេខាធិការនៅពេលនោះ បានសរសេរអំពីការដកថយ«មហាវិនាសនៃនុយក្លេអែក្នុងលោក» ជាការបើកផ្លូវសំរាប់ឲ្យ«សាសន៍ទាំងឡាយធ្វើសហប្រតិបត្ដិការសំរាប់ការរីកចំរើនខាងសេដ្ឋកិច្ចនិងសង្គមដល់មនុស្សជាតិទាំងមូល»។ ប៉ុន្តែ គាត់មានប្រសាសន៍ទៀតថា៖ «គួរឲ្យស្ដាយណាស់ ប្រវត្ដិសាស្ត្រនៃបញ្ហាលោកបីបួនឆ្នាំកន្លងមកនេះ បានបង្ហាញឲ្យឃើញផ្ទុយពីសេចក្ដីសង្ឃឹមទាំងនោះទៅវិញ»។ យ៉ាងប្រាកដហើយ ពួកអ្នកនាំសារនៃសន្ដិភាពគឺ‹កំពុងតែយំយ៉ាងឈឺចាប់›។
១៤. (ក) ហេតុអ្វីក៏អាចនិយាយថា អង្គការសហប្រជាជាតិបានរលំដួលខាងលុយកាក់និងខាងសីលធម៌? (ខ) តើយេរេមា ៨:១៥ បានសម្រេចដោយយ៉ាងណា?
១៤ ចំណងជើងក្នុងកាសែត ឌី អូរេញ ខោនធី រ៉ីជីស្ទើរ៍ (The Orange County Register) នៃរដ្ឋកាលីហ្វ័រនីញ៉ា អានថា៖ «អង្គការសហប្រជាជាតិរលំដួលខាងលុយកាក់និងខាងសីលធម៌»។ អត្ថបទនេះថ្លែងថារវាងឆ្នាំ១៩៤៥និង១៩៩០គឺមានជាង៨០សង្គ្រាម ដែលបានសម្លាប់មនុស្សជាង៣០លាននាក់។ កាសែតនេះបានសម្រង់ពាក្យរបស់អ្នកនិពន្ធទស្សនាវដ្ដី រីឌើរ ដៃចែស (Reader’s Digest) នៃខែតុលា១៩៩៥ ដែល«រៀបរាប់ពីប្រតិបត្ដិការនៃទាហានរបស់អង្គការសហប្រជាជាតិ ថាជា‹មេបញ្ជាការដែលគ្មានសមត្ថភាព ពួកទាហានដែលឥតវិន័យ ចងសម្ព័ន្ធភាពជាមួយពួកឈ្លានពាន មិនបានបង្ការអំពើឃោរឃៅទាំងឡាយ ហើយនៅពេលខ្លះបណ្ដាលឲ្យមានអំពើអាក្រក់ផង›។ ម្យ៉ាងទៀត ‹កំរិតនៃការខ្ជះខ្ជាយ ការក្លែងបន្លំ និងរំលោភគឺមានលើសលប់›»។ ក្នុងផ្នែកមួយដែលមានចំណងជើង«អ.ស.ប.អាយុ៥០ឆ្នាំ» ទស្សនាវដ្ដី ញូវយ៉ក ថែម្ស មានចំណងជើង «ការចាត់ចែងមិនត្រឹមត្រូវនិងការប្រើខ្ជះខ្ជាយរំលាយគោលបំណងល្អរបស់អ.ស.ប.»។ ទស្សនាវដ្ដី ថែម្ស នៃក្រុងឡុនដុន ប្រទេសអង់គ្លេស មានចំណងជើងអត្ថបទមួយ «ទន់ខ្សោយនៅឆ្នាំហាសិប—អ.ស.ប. ត្រូវការកម្មវិធីហាត់ប្រាណឲ្យមានរូបរាងឡើងវិញ»។ តាមការពិត នេះគឺដូចអ្វីដែលយើងអាននៅយេរេមាជំពូក៨ ខ១៥ ថា៖ «យើងបានទន្ទឹងចាំសេចក្ដីសុខ ប៉ុន្តែឥតមានអ្វីល្អមកសោះ ក៏សង្ឃឹមនឹងមានពេលប្រោសឲ្យជា តែមើល បានតែសេចក្ដីវេទនាទទេ»! ហើយនៅមានការគំរាមកំហែងនៃហាយនភាពនុយក្លេអែរលើមនុស្សជាតិដដែល។ យ៉ាងច្បាស់ណាស់ អ.ស.ប. គឺមិនមែនជាអ្នកនាំសារនៃសន្ដិភាពដែលមនុស្សជាតិត្រូវការនោះឡើយ។
១៥. តើតាមរបៀបណាដែលបាប៊ីឡូនពីបុរាណនិងកូនចៅសាសនារបស់វា បានក្លាយទៅជាហិនហោចនិងធេងធោង?
១៥ តើនឹងមានលទ្ធផលយ៉ាងណាពីព្រឹត្ដិការណ៍ទាំងនេះ? ពាក្យទំនាយរបស់ព្រះយេហូវ៉ាប្រាប់យ៉ាងច្បាស់។ មុនដំបូង តើមានអ្វីនៅពីមុខពួកមេដឹកនាំសាសនាក្លែងក្លាយ ដែលតែងតែមានចិត្តយ៉ាងរាក់ទាក់ជាមួយអ.ស.ប.នោះ? សាសនាក្លែងក្លាយជាកូនចៅនៃក្បាលទឹកមួយ គឺបាប៊ីឡូនពីបុរាណ។ យ៉ាងសមហេតុផលណាស់ ដែលវិវរណៈ ១៧:៥ រៀបរាប់ពួកគេជា«ក្រុងបាប៊ីឡូនដ៏ជាធំ ជាម្ដាយនៃពួកស្រីសំផឹង នឹងអស់ទាំងសេចក្ដីគួរខ្ពើមនៅផែនដី»។ យេរេមាបានរៀបរាប់ពីសេចក្ដីវិនាសនៃពួកលាក់ពុតជាច្រើននេះ។ ដោយមានលក្ខណៈដូចស្ត្រីសំផឹង ពួកគេបានទាក់ចិត្តពួកនយោបាយនៃផែនដី ដោយនិយាយបញ្ជោរអ.ស.ប. ហើយបង្កើតទំនាក់ទំនងខុសច្បាប់ជាមួយសមាជិកនៃមេអំណាចខាងនយោបាយ។ គេបានចូលរួមយ៉ាងញឹកញាប់ក្នុងសង្គ្រាមនៃប្រវត្ដិសាស្ត្រ។ អ្នកអធិប្បាយម្នាក់បានថ្លែងដោយសំដៅទៅសង្គ្រាមសាសនា ក្នុងប្រទេសឥណ្ឌាថា៖ «ខាល ម៉ាក្សបានចាត់ទុកសាសនាជាអាភៀននៃប្រជាករ។ ប៉ុន្តែ សេចក្ដីថ្លែងនោះមិនមែនជាត្រឹមត្រូវទេ ពីព្រោះអាភៀនជាថ្នាំធ្វើឲ្យថយកម្លាំងចិត្ត វាបណ្ដាលឲ្យមនុស្សទៅជាធេងធោង។ ផ្ទុយទៅវិញ សាសនាគឺដូចជាគ្រឿងកូកាអ៊ីនសំរាប់ជក់។ វាបញ្ចេញអំពើឃោរឃៅយ៉ាងសម្បើម ហើយនេះជាឥទ្ធិពលដ៏ហិនហោចមែនទែន»។ អ្នកនិពន្ធនេះក៏មិនសូវជានិយាយត្រូវប៉ុន្មានដែរ។ សាសនាក្លែងក្លាយគឺធ្វើឲ្យធេងធោងនិងធ្វើឲ្យហិនហោចផង។
១៦. ហេតុអ្វីក៏មនុស្សដែលមានចិត្តស្មោះត្រង់ត្រូវគេចចេញពីបាប៊ីឡូនដ៏ធំឥឡូវនេះ? (សូមមើលវិវរណៈ ១៨:៤, ៥)
១៦ បើអញ្ចឹង តើមនុស្សដែលមានចិត្តស្មោះត្រង់ត្រូវធ្វើអ្វី? យេរេមា ជាអ្នកនាំសាររបស់ព្រះ ឲ្យចម្លើយយើងថា៖ «ចូរឲ្យគ្រប់ទាំងមនុស្សរត់ចេញពីកណ្ដាលក្រុងបាប៊ីឡូន ដើម្បីឲ្យរួចជីវិតចុះ។ . . . ដ្បិតនេះគឺវេលាកំណត់នៃសេចក្ដីសងសឹករបស់ព្រះយេហូវ៉ា»។ យើងមានចិត្តរីករាយណាស់ ដែលមនុស្សរាប់លាននាក់បានចេញពីការជាប់ឃុំឃាំងនៃបាប៊ីឡូនដ៏ធំ ជាចក្រភពទូទៅនៃសាសនាមិនពិត។ តើអ្នកក្នុងចំណោមពួកទាំងនេះទេ? បើដូច្នេះ អ្នកអាចយល់ច្បាស់នូវរបៀបដែលបាប៊ីឡូនដ៏ធំមានឥទ្ធិពលលើសាសន៍ទាំងឡាយនៃផែនដី៖ «សាសន៍ទាំងប៉ុន្មានបានផឹកស្រាទំពាំងបាយជូររបស់គេ ហេតុនោះបានជាសាសន៍ទាំងអស់បានត្រឡប់ជារវើរវាយទៅ»។—យេរេមា ៥១:៦, ៧
១៧. តើការជំនុំជំរះអ្វីដែលជិតនឹងប្រតិបត្ដិលើបាប៊ីឡូនដ៏ធំ ហើយអ្វីដែលមានបន្ទាប់ពីសកម្មភាពនោះ?
១៧ មិនយូរប៉ុន្មានទៀត សមាជិកនៃអ.ស.ប.ដែល«រវើរវាយ» នឹងចាត់វិធានការដោយព្រះយេហូវ៉ាឲ្យប្រហារសាសនាមិនពិត ដូចបានចែងមកក្នុងវិវរណៈ ១៧:១៦៖ «នោះនឹងស្អប់ដល់ស្រីសំផឹង ហើយនឹងបំផ្លាញវាទៅ ទាំងធ្វើឲ្យវានៅអាក្រាត រួចនឹងស៊ីសាច់វា ហើយដុតវានៅក្នុងភ្លើង»។ នេះជាការចាប់ផ្ដើមនៃសេចក្ដីវេទនាជាខ្លាំង ដែលបានសំដៅប្រាប់នៅម៉ាថាយ ២៤:២១ ហើយនោះនឹងមកដល់កំពូលខ្ពស់បំផុតនៅឯអើម៉ាគេដូន ជាសង្គ្រាមនៃថ្ងៃដ៏ធំរបស់ព្រះដ៏មានព្រះចេស្ដាបំផុត។ ដូចបាប៊ីឡូននៅពីបុរាណ បាប៊ីឡូនដ៏ធំនឹងទទួលការជំនុំជំរះ ដែលបានប្រកាសប្រាប់ក្នុងយេរេមា ៥១:១៣, ២៥៖ «‹ឱក្រុងដែលតាំងនៅលើទីទឹកជាច្រើន ហើយមានទ្រព្យសម្បត្ដិដ៏បរិបូរអើយ ចុងបំផុតរបស់ឯងបានមកដល់ហើយ សេចក្ដីលោភរបស់ឯងក៏ដល់កំណត់ផង›។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ‹ឱភ្នំដែលបំផ្លាញគឺដែលបំផ្លាញផែនដីទាំងមូលអើយ មើល អញទាស់នឹងឯង អញនឹងលូកដៃទៅលើឯង ហើយប្រមៀលឯងទំលាក់ពីលើថ្មដា ព្រមទាំងឲ្យឯងឆេះអស់ទៅ›»។ ពួកសាសន៍សង្គ្រាមនិយមដ៏ពុករលួយនឹងទទួលសេចក្ដីហិនវិនាសដូចសាសនាមិនពិតដែរ នៅពេលថ្ងៃនៃព្រះយេហូវ៉ាកើតឡើងដល់សាសន៍ទាំងនោះ។
១៨. នៅពេលណា និងរបៀបណាដែលអេសាយ ៤៨:២២ នឹងបានសម្រេចទៀត?
១៨ នៅថែស្សាឡូនីចទី១ ៥:៣ ព្រះគម្ពីរចែងអំពីពួកមនុស្សអាក្រក់ថា៖ «ដ្បិតកាលណាគេកំពុងតែនិយាយថា‹មានសេចក្ដីសុខសាន្ត មានសេចក្ដីរៀបរយហើយ› នោះលោតែមានសេចក្ដីហិនវិនាសមកលើគេភ្លាម ដូចជាស្ត្រី មានគភ៌ឈឺនឹងសំរាល ហើយគេចមិនរួចឡើយ»។ ពួកទាំងនេះជាពួកដែលអេសាយបានមានប្រសាសន៍ថា៖ «ពួករាជទូតដែលសូមមេត្រីភាព គេយំអណ្ដឺតអណ្ដក»។ (អេសាយ ៣៣:៧) ប្រាកដហើយ ដូចយើងអាននៅអេសាយ ៤៨:២២ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ‹គ្មានសេចក្ដីសុខសោះ ដល់ពួកមនុស្សដែលប្រព្រឹត្តអាក្រក់›»។ ប៉ុន្តែ តើមានអនាគតយ៉ាងណាសំរាប់ពួកអ្នកនាំសារនៃសន្ដិភាពរបស់ព្រះ? អត្ថបទជាបន្ទាប់របស់យើងនឹងប្រាប់អំពីរឿងនេះ។
សំនួរសំរាប់ពិនិត្យសាឡើងវិញ
◻ តើពួកព្យាការីរបស់ព្រះប្រើពាក្យដ៏ខ្លាំងយ៉ាងណាក្នុងការលាតត្រដាងពួកអ្នកនាំសារក្លែងក្លាយ?
◻ ហេតុអ្វីក៏ទីភ្នាក់ងារមនុស្សមានបរាជ័យក្នុងការផ្ដល់ឲ្យមានសន្ដិភាពជាស្ថាពរ?
◻ តើតាមរបៀបណាដែលពួកអ្នកនាំសារពិតមានភាពខុសគ្នានឹងពួកគាំទ្រអ.ស.ប.?
◻ តើមនុស្សរាបសាត្រូវតែធ្វើអ្វីដើម្បីឲ្យបានសន្ដិភាពដែលព្រះយេហូវ៉ាបានសន្យា?
[រូបភាពនៅទំព័រ១៣]
អេសាយ យេរេមា និងដានីយ៉ែល បានទាយប្រាប់អំពីបរាជ័យនៃការខំខ្នះខ្នែងរកសន្ដិភាពរបស់មនុស្សជាតិ