ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅបរិទេវ
លោកយេរេមាជាអ្នកថ្លែងទំនាយ ហើយនៅទីបំផុតគាត់ឃើញការសម្រេចនៃសារដែលគាត់បានប្រាប់អស់៤០ឆ្នាំហើយ ស្តីអំពីការជំនុំជម្រះ។ តើគាត់មានអារម្មណ៍យ៉ាងណា ពេលឃើញគេបំផ្លាញទីក្រុងដែលគាត់ស្រឡាញ់នោះ? ពាក្យផ្ដើមនៃសៀវភៅបរិទេវក្នុងគម្ពីរដែលជាសេចក្ដីបកប្រែភាសាក្រិច ហៅថា សេបទូជីន រៀបរាប់ថា៖ «លោកយេរេមាបានអង្គុយយំដោយចិត្តសោយសោក ហើយគាត់សរសេរសំណោកនេះអំពីទីក្រុងយេរូសាឡិម»។ យេរេមាបានសរសេរសៀវភៅនេះនៅឆ្នាំ៦០៧ មុនគ.ស. ពេលគាត់នៅតែចាំច្បាស់នូវសោកនាដកម្មដែលពួកគេបានឆ្លងកាត់អស់រយៈពេល១៨ខែ ពេលពួកទ័ពបានឡោមព័ទ្ធទីក្រុងយេរូសាឡិម។ នៅចុង១៨ខែនោះ គេបានដុតទីក្រុងចោល ហើយសៀវភៅបរិទេវបង្ហាញពីជម្រៅចិត្តនៃទុក្ខសោករបស់យេរេមា។ (យេរេមា ៥២:៣-៥, ១២-១៤) ក្នុងប្រវត្ដិសាស្ត្រពិភពលោក គ្មាននរណាបានសំដៅទៅលើទីក្រុងឯទៀតដោយពោលពាក្យសំណោកយ៉ាងជ្រាលជ្រៅស្មើនឹងអ្វីដែលកត់ទុកក្នុងសៀវភៅបរិទេវទេ។
សៀវភៅបរិទេវជាការចងក្រងលំនាំកំណាព្យប្រាំ។ កំណាព្យទីមួយរហូតដល់កំណាព្យទីបួនជាសំណោក ហើយកំណាព្យទីប្រាំជាពាក្យអង្វរឬការអធិស្ឋានមួយ។ វគ្គនីមួយៗក្នុងកំណាព្យទាំងបួនដំបូងនោះ ចាប់ផ្ដើមដោយតួអក្សរព្យញ្ជនៈទាំង២២របស់ភាសាហេព្រើរ ហើយតាមលំដាប់លំដោយតួអក្សរទាំងនោះ។ ទោះជាកំណាព្យទីប្រាំមាន២២វគ្គស្មើនឹងចំនួនតួអក្សរភាសាហេព្រើរក្ដី កំណាព្យនោះមិនបានរៀបចំតាមលំដាប់លំដោយតួអក្សរទាំងនោះទេ។—បរិទេវ ៥:១
«ភ្នែកខ្ញុំរលាយទៅដោយហូររហាម»
«ទីក្រុងដែលពីដើមមានពេញដោយមនុស្ស ឥឡូវបានត្រមោចនៅយ៉ាងណាហ្ន៎។ នាងដែលពីដើមជាប្រធាននៅកណ្ដាលអស់ទាំងសាសន៍ ឥឡូវនេះបានត្រឡប់ជាមេម៉ាយវិញយ៉ាងណាហ្ន៎។ ពីដើមជាបុត្រីនៅកណ្ដាលខេត្តទាំងប៉ុន្មាន តែឥឡូវនេះបានទៅជាចំណុះគេវិញយ៉ាងណាហ្ន៎»។ នេះហើយជារបៀបដែលយេរេមាចាប់ផ្ដើមបញ្ជាក់ពីសំណោករបស់គាត់ចំពោះទីក្រុងយេរូសាឡិម។ គាត់ពន្យល់អំពីហេតុដែលពួកគេបានជួបប្រទះមហន្តរាយនោះថា៖ «ព្រះយេហូវ៉ា ទ្រង់បានធ្វើទុក្ខនាង ដោយព្រោះអំពើរំលងដ៏បរិបូរ»។—បរិទេវ ១:១, ៥
យេរេមាសរសេរកំណាព្យនោះដោយប្រៀបប្រដូចទីក្រុងយេរូសាឡិមទៅនឹងស្រីមេម៉ាយដែលមានចិត្តសោកសង្រេងដោយព្រោះស្វាមីនិងកូនបានស្លាប់ហើយ។ ដូច្នេះ គាត់សរសេរហាក់ដូចជាក្រុងយេរូសាឡិមសួរថា៖ ‹តើមានសេចក្ដីទុក្ខព្រួយណាដូចទុក្ខព្រួយរបស់ខ្ញុំនេះឬ?›។ យេរេមាសរសេរទៀតហាក់ដូចជាក្រុងយេរូសាឡិមជាស្រីមេម៉ាយដែលកំពុងអធិស្ឋានចំពោះព្រះស្តីអំពីខ្មាំងសត្រូវរបស់នាងថា៖ «សូមឲ្យគ្រប់ទាំងអំពើទុច្ចរិតរបស់គេបានលេចមកនៅចំពោះទ្រង់ ហើយសូមទ្រង់ធ្វើដល់គេ ដូចជាទ្រង់បានធ្វើដល់ខ្ញុំម្ចាស់ដោយព្រោះអស់ទាំងអំពើរំលងរបស់ខ្ញុំម្ចាស់ដែរ។ ដ្បិតខ្ញុំម្ចាស់ថ្ងូរជាច្រើន ហើយចិត្តខ្ញុំម្ចាស់ក៏ល្វើយផង»។—បរិទេវ ១:១២, ២២
ដោយសារយេរេមាពិបាកចិត្តខ្លាំងពេកនោះ គាត់សរសេរថា៖ «ក្នុងគ្រាដែល[ព្រះយេហូវ៉ា]មានសេចក្ដីខ្ញាល់ដ៏សហ័ស នោះទ្រង់បានកាត់ស្នែងរបស់អ៊ីស្រាអែលចេញ ក៏បានដកព្រះហស្តស្ដាំទ្រង់ចេញពីមុខខ្មាំងសត្រូវ ហើយបានបញ្ឆេះយ៉ាកុបដូចជាភ្លើងឆេះថ្គោលឡើងបន្សុសគ្រប់ជុំវិញ»។ យេរេមាបញ្ជាក់ពីទុក្ខសោករបស់គាត់ដោយពោលថា៖ «ភ្នែកខ្ញុំរលាយទៅដោយហូររហាម។ ចិត្តខ្ញុំក៏ទុរន់ទុរាហើយត្រូវស្រលុងចុះដល់ដីផង»។ សូម្បីតែអស់អ្នកដែលដើរបង្ហួសក៏បង្ហាញអារម្មណ៍ស្រឡាំងកាំងដោយនិយាយថា៖ «[តើ]ទីក្រុងនេះឬ? ដែលមនុស្សបានហៅថាជាទីល្អបំផុត ហើយជាទីរីករាយដល់ផែនដីទាំងដុំមូលនោះ»។—បរិទេវ ២:៣, ១១, ១៥
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
១:១៥—តើព្រះយេហូវ៉ាបាន«ជាន់នាងក្រមុំស្រុកយូដាដូចជាជាន់ធុងទំពាំងបាយជូរ»យ៉ាងដូចម្ដេច? ខនេះប្រៀបប្រដូចទីក្រុងយេរូសាឡិមទៅនឹងស្រីក្រមុំម្នាក់។ ពេលពួកបាប៊ីឡូនបានបំផ្លាញទីក្រុងនោះចោល គេបានបង្ហូរឈាមប្រជាជនយ៉ាងច្រើនដល់ម្ល៉េះ ដែលប្រៀបដូចជាការជាន់ផ្លែទំពាំងបាយជូរក្នុងធុង។ ព្រះយេហូវ៉ាបានទាយទុកជាមុនអំពីព្រឹត្ដិការណ៍នោះ ហើយបានអនុញ្ញាតឲ្យពួកបាប៊ីឡូនសម្រេចការនោះបាន ដូច្នេះនេះគឺហាក់ដូចជាទ្រង់បាន‹ជាន់ធុងទំពាំងបាយជូរ›តែម្ដង។
២:១—តើ‹សេចក្ដីលំអរបស់អ៊ីស្រាអែលបានត្រូវទំលាក់ចុះពីស្ថានសួគ៌មកដល់ដី›យ៉ាងដូចម្ដេច? ដោយសារ«ផ្ទៃមេឃ[មានទីតាំង]ខ្ពស់ជាងផែនដី» ជួនកាលការបន្ទាបអ្វីដែលមានឋានៈខ្ពស់ត្រូវតំណាងដោយការ‹ទំលាក់វាចុះពីស្ថានសួគ៌មកដល់ដី›។ «លំអរបស់អ៊ីស្រាអែល»នោះ សំដៅទៅលើភាពរុងរឿងនិងអំណាចខ្លាំងក្លាដែលសាសន៍អ៊ីស្រាអែលមាន ពេលព្រះយេហូវ៉ាប្រទានពរដល់ពួកគេ។ ប៉ុន្តែ ពួកគេបាត់បង់ភាពរុងរឿងនិងអំណាចនោះទៅវិញ នៅពេលដែលទីក្រុងយេរូសាឡិមបានត្រូវបំផ្លាញចោល និងស្រុកយូដាក្លាយទៅជាទីហួតហែង។—អេសាយ ៥៥:៩
២:១, ៦—តើ«ព្រះពន្លា»និង«កំណល់កល់ព្រះបាទ»ព្រះយេហូវ៉ាសំដៅទៅលើអ្វី? អ្នកតែងបទទំនុកដំកើងបានច្រៀងថា៖ «យើងខ្ញុំនឹងចូលទៅក្នុងពន្លារបស់ទ្រង់ យើងខ្ញុំនឹងក្រាបថ្វាយបង្គំនៅមុខទីកំណល់កល់ព្រះបាទទ្រង់»។ (ទំនុកដំកើង ១៣២:៧) ដូច្នេះ «កំណល់កល់ព្រះបាទ»ព្រះយេហូវ៉ាក្នុងសៀវភៅបរិទេវ ២:១ សំដៅទៅលើព្រះវិហារដែលប្រៀបដូចជាដំណាក់របស់ទ្រង់ ហើយជាទីកន្លែងដែលមនុស្សថ្វាយបង្គំទ្រង់។ ពួកបាប៊ីឡូនបាន«ដុតព្រះវិហារនៃព្រះយេហូវ៉ា»ចោល ហាក់ដូចជាអគារធំនោះជាព្រះពន្លាឬត្រសាលដែលងាយឆេះ។—យេរេមា ៥២:១២, ១៣
២:១៧—ស្តីអំពីទីក្រុងយេរូសាឡិម តើ«ព្រះបន្ទូល»មួយណារបស់ព្រះយេហូវ៉ាបានត្រូវសម្រេច? តាមមើលទៅ នេះសំដៅទៅលើអ្វីដែលរៀបរាប់ក្នុងសៀវភៅលេវីវិន័យ ២៦:១៧ ដែលចែងថា៖ «អញនឹងតាំងមុខទាស់នឹងឯងរាល់គ្នា នោះឯងនឹងចាញ់ពួកខ្មាំងសត្រូវ ពួកអ្នកដែលស្អប់ឯង គេនឹងត្រួតត្រាលើឯង ហើយឯងនឹងរត់ទៅឥតមានអ្នកណាដេញតាមផង»។
មេរៀនសម្រាប់យើង:
១:១-៩: ខទាំងនេះរៀបរាប់ពីទីក្រុងយេរូសាឡិមហាក់ដូចជាវាបានយំអណ្ដឺតអណ្ដកនៅពេលយប់ ទាំងមានទឹកភ្នែករហាមនៅលើថ្ពាល់។ អស់ទាំងទ្វាររបស់ទីក្រុងយេរូសាឡិមក៏នៅស្ងាត់ច្រៀប ហើយពួកសង្ឃចេះតែស្រែកថ្ងូរ។ ស្រីក្រមុំទាំងឡាយក្នុងក្រុងយេរូសាឡិមមានទុក្ខ ហើយប្រៀបដូចជាទីក្រុងមានសេចក្ដីជូរចត់តែម្ដង។ ហេតុអ្វី? ពីព្រោះពួកអ្នកនៅក្រុងយេរូសាឡិមបានធ្វើបាបយ៉ាងធ្ងន់។ ពេលប្រៀបធៀបទីក្រុងទៅនឹងស្ត្រីម្នាក់ គឺហាក់ដូចជានាងមានសំពត់ស្មោកគ្រោក។ ការរំលងច្បាប់ព្រះមិននាំឲ្យមានអំណរទេ តែបណ្ដាលឲ្យពួកអ្នកក្រុងយេរូសាឡិមយំនិងស្រែកថ្ងូរដោយព្រោះមានទុក្ខនិងសេចក្ដីជូរចត់។
១:១៨: ពេលព្រះយេហូវ៉ាដាក់ទោសលើអស់អ្នកដែលរំលងច្បាប់ ទ្រង់តែងតែប្រព្រឹត្តដោយយុត្ដិធម៌និងភាពសុចរិត។
២:២០: ព្រះយេហូវ៉ាបានព្រមានប្រជាជនអ៊ីស្រាអែលថា បើពួកគេមិនស្ដាប់បង្គាប់ទ្រង់ នោះពួកគេនឹងរងបណ្ដាសាផ្សេងៗដែលរួមបញ្ចូលការបរិភោគ«សាច់របស់កូនប្រុសកូនស្រី»ផង។ (ចោទិយកថា ២៨:១៥, ៤៥, ៥៣) ការមិនស្ដាប់បង្គាប់ព្រះ គ្មានប្រយោជន៍អ្វីសោះ!
‹សូមកុំគេចព្រះកាណ៌ទ្រង់ចេញពីដំងូរខ្ញុំ›
សៀវភៅបរិទេវជំពូកទី៣ ប្រៀបធៀបសាសន៍អ៊ីស្រាអែលទៅនឹង«មនុស្ស»ម្នាក់ដែលបានរងទុក្ខវេទនា។ ទោះជាគាត់មានការលំបាកក៏ដោយ គាត់នៅតែច្រៀងថា៖ «ព្រះយេហូវ៉ាទ្រង់ល្អដល់អស់អ្នកដែលរង់ចាំទ្រង់ គឺដល់ព្រលឹងនៃអ្នកណាដែលស្វែងរកទ្រង់»។ គាត់អធិស្ឋានចំពោះព្រះយេហូវ៉ាថា៖ «[សូម]ឮសំឡេងរបស់ទូលបង្គំ។ សូមកុំគេចព្រះកាណ៌ទ្រង់ចេញពីដំងូរនឹងសំរែករបស់ទូលបង្គំឡើយ»។ ស្តីអំពីខ្មាំងសត្រូវដែលចំអកមើលងាយគាត់ គាត់ក៏អង្វរព្រះយេហូវ៉ាឲ្យធ្វើអន្តរាគមន៍ដោយនិយាយថា៖ «ឱព្រះយេហូវ៉ាអើយ! ទ្រង់នឹងសងគេតាមការដែលដៃគេបានធ្វើ»។—បរិទេវ ៣:១, ២៥, ៥៦, ៦៤
ពេលយេរេមាគិតអំពីផលវិបាកដែលប្រជាជនទាំងឡាយបានរងទុក្ខក្នុងអំឡុងពេល១៨ខែដែលពួកទ័ពបានឡោមព័ទ្ធទីក្រុងយេរូសាឡិមនោះ នេះជំរុញឲ្យគាត់បញ្ជាក់ពីជម្រៅចិត្តនៃអារម្មណ៍របស់ខ្លួនថា៖ «សេចក្ដីទុច្ចរិតរបស់កូនស្រីនៃសាសន៍ខ្ញុំបានធ្ងន់ជាងអំពើបាបរបស់ក្រុងសូដុំមទៅទៀត ជាទីក្រុងដែលត្រូវបំផ្លាញក្នុង១រំពេច ឥតមានដៃអ្នកណា[«ជួយ»]ឡើយ»។ យេរេមាក៏មានប្រសាសន៍ទៀតថា៖ «ពួកអ្នកដែលស្លាប់ដោយដាវនោះ វិសេសជាជាងពួកអ្នកដែលស្លាប់ដោយស្រេកឃ្លាន ដ្បិតពួក១នេះ គេហេវទៅ ហើយត្រូវស្លាប់ដោយខ្វះខាតស្បៀងអាហារ»។—បរិទេវ ៤:៦, ៩; ព.ថ.
កំណាព្យទីប្រាំបានត្រូវសរសេរហាក់ដូចជាពួកអ្នកនៅទីក្រុងយេរូសាឡិមកំពុងនិយាយ។ ពួកគេពោលថា៖ «ឱព្រះយេហូវ៉ាអើយ! សូមទ្រង់នឹកចាំពីការដែលបានកើតដល់យើងខ្ញុំរាល់គ្នា។ សូមទ្រង់ទតមកឲ្យឃើញសេចក្ដីដែលគេត្មះតិះដៀលដល់យើងខ្ញុំ»។ ពេលពួកគេនឹកគិតអំពីទុក្ខលំបាកដែលគេបានឆ្លងកាត់នោះ ពួកគេអំពាវនាវថា៖ «ឱព្រះយេហូវ៉ាអើយ! ទ្រង់គង់នៅអស់កល្បជានិច្ច។ រាជ្យទ្រង់ក៏ស្ថិតស្ថេរនៅ ដល់អស់ទាំងដំណមនុស្សតរៀងទៅ។ ឱព្រះយេហូវ៉ាអើយ! សូមបំបែរយើងខ្ញុំឲ្យវិលមកឯទ្រង់វិញ នោះយើងខ្ញុំនឹងបានបែរមកហើយ។ សូមកែជីវិតរបស់យើងខ្ញុំឡើងវិញ ដូចជាកាលពីដើម»។—បរិទេវ ៥:១, ១៩, ២១
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
៣:១៦—តើពាក្យថា «ទ្រង់បានបំបាក់ធ្មេញខ្ញុំដោយក្រួស» មានន័យអ្វី? សៀវភៅមួយបកស្រាយន័យថា៖ «ពេលពួកយូដាកំពុងធ្វើដំណើរទៅ[ស្រុកបាប៊ីឡូន]ជាឈ្លើយសឹក ពួកគេត្រូវជីករណ្ដៅទុកជាឡដុតនំ ដូច្នេះនំប៉័ងរបស់ពួកគេបានប្រឡាក់នឹងដី»។ ពេលពួកគេញ៉ាំនំប៉័ងនោះ នេះអាចបំបាក់ធ្មេញរបស់ពួកគេ។
៤:៣, ១០—ហេតុអ្វីបានជាយេរេមាប្រៀបធៀប«កូនស្រីនៃសាសន៍»គាត់ ទៅនឹង«សត្វអូសទ្រីចនៅទីរហោស្ថាន»? សៀវភៅយ៉ូប ៣៩:១៦ រៀបរាប់អំពីសត្វអូសទ្រីចថា៖ «វាទុរជនចំពោះកូន ដូចជាមិនមែនរបស់ខ្លួនទេ»។ ជាឧទាហរណ៍ ក្រោយកូនអូសទ្រីចញាស់ឡើង មេវាដើរចោលសំបុកហើយទៅជាមួយអូសទ្រីចញីឯទៀត ដោយទុកឲ្យអូសទ្រីចឈ្មោលមើលថែរក្សាកូន។ ចុះយ៉ាងណាបើមានអ្វីពាធាសត្វអូសទ្រីចដែលមានកូន? បើមានសត្វណាមកពាធាមែន អូសទ្រីចឈ្មោលនិងអូសទ្រីចញីចេញចោលសំបុកនិងកូនតែម្ដង។ ពេលពួកបាប៊ីឡូនបានឡោមព័ទ្ធទីក្រុងយេរូសាឡិម ប្រជាជនក្នុងទីក្រុងខ្វះអាហារយ៉ាងខ្លាំងដល់ម្ល៉េះ បានជាស្ត្រីដែលធ្លាប់តែអាណិតអាសូរដល់កូន បែរជាមានចិត្តខ្មៅហើយប្រព្រឹត្តដោយឥតមេត្ដាលើកូនទៅវិញ ដូចសត្វអូសទ្រីចនៅទីរហោស្ថានដូច្នោះដែរ។ យ៉ាងនេះ ពួកគេមានលក្ខណៈខុសប្លែកពីមេស្វានដែលថែទាំកូនរហូត។
៥:៧—តើព្រះយេហូវ៉ាដាក់ទោសលើមនុស្សដោយផ្អែកលើកំហុសរបស់អយ្យកោឬជីដូនជីតារបស់ពួកគេទេ? មិនទេ។ ព្រះយេហូវ៉ាមិនដាក់ទោសលើមនុស្សដោយព្រោះអយ្យកោឬជីដូនជីតារបស់ពួកគេបានធ្វើបាបនោះឡើយ។ គម្ពីរចែងថា៖ «យើងទាំងអស់គ្នានឹងត្រូវរាប់រៀបទូលថ្វាយព្រះពីដំណើររបស់ខ្លួនយើង»។ (រ៉ូម ១៤:១២) យ៉ាងណាក៏ដោយ កំហុសរបស់ជីដូនជីតាអាចនាំឲ្យកូនចៅតំណក្រោយៗមានទុក្ខដែរ។ ជាឧទាហរណ៍ ពេលប្រជាជនអ៊ីស្រាអែលពីបុរាណបានថ្វាយបង្គំរូបព្រះ ទង្វើនោះបានធ្វើឲ្យប្រជាជនអ៊ីស្រាអែលស្មោះត្រង់តំណក្រោយៗពិបាករក្សាឲ្យមានភាពសុចរិត។—និក្ខមនំ ២០:៥
មេរៀនសម្រាប់យើង:
៣:៨, ៤៣, ៤៤: ក្នុងអំឡុងពេលដែលពួកទ័ពបានឡោមព័ទ្ធទីក្រុងយេរូសាឡិម ព្រះយេហូវ៉ាមិនព្រមស្ដាប់សម្រែកសូមជំនួយរបស់ប្រជាជនទាំងនោះឡើយ។ ហេតុអ្វីបានជាទ្រង់មិនព្រមស្ដាប់? ពីព្រោះពួកគេមិនបានស្ដាប់បង្គាប់ទ្រង់ ហើយក៏មិនព្រមប្រែចិត្តដែរ។ បើយើងចង់ឲ្យព្រះយេហូវ៉ាស្ដាប់ការអធិស្ឋានរបស់យើង នោះយើងត្រូវស្ដាប់បង្គាប់ទ្រង់សិន។—សុភាសិត ២៨:៩
៣:២១-២៦, ២៨-៣៣: បើយើងរងទុក្ខ សូម្បីតែលំបាកយ៉ាងខ្លាំងក៏ដោយ តើអ្វីនឹងជួយយើងឲ្យស៊ូទ្រាំបាន? យេរេមាបានជូនយោបល់។ កុំឲ្យយើងភ្លេចសេចក្ដីសប្បុរសដ៏បរិបូររបស់ព្រះយេហូវ៉ា ហើយថាទ្រង់តែងតែអាណិតមេត្ដាដល់យើង។ បើយើងរងទុក្ខ តែមិនរហូតដល់ស្លាប់នោះ នេះគួរផ្ដល់ហេតុឲ្យយើងសង្ឃឹមទៅមុខទៀត ហើយយកល្អឲ្យយើងចាំថា យើងគួរមានចិត្តអត់ធ្មត់និងរង់ចាំសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ាដោយឥតបារម្ភព្រួយឬត្អូញត្អែរឡើយ។ ណាមួយទៀត គប្បីឲ្យយើង«ព្រមដាក់មាត់ចុះក្នុងធូលីដី» ដែលមានន័យថា ពេលជួបប្រទះទុក្ខលំបាក យើងគួរតែមានចិត្តរាបទាបនិងទទួលស្គាល់ថា ព្រះយេហូវ៉ាអនុញ្ញាតឲ្យយើងរងទុក្ខនោះដោយផ្អែកទៅលើមូលហេតុត្រឹមត្រូវ។
៣:២៧: ពេលនៅវ័យក្មេង អ្នកដទៃប្រហែលជានឹងចំអកដាក់យើង ឬក៏យើងត្រូវស៊ូទ្រាំនឹងទុក្ខលំបាកខ្លះដែលល្បងលជំនឿរបស់យើង។ ប៉ុន្តែ ការ«ទទួលរងនឹមក្នុងកាលដែលនៅវ័យក្មេង នោះក៏ល្អដែរ»។ ហេតុអ្វី? ពីព្រោះយើងអាចរៀននៅពេលវ័យក្មេងឲ្យចេះដោះស្រាយនឹងកាលៈទេសៈផ្សេងៗដែលប្រៀបដូចជានឹមឬដងរែកនោះ នេះនឹងជួយយើងឲ្យស៊ូទ្រាំនឹងការពិបាកឯទៀតពេលក្រោយៗមក។
៣:៣៩-៤២: ការ«ត្អូញត្អែរ»ពេលយើងរងទុក្ខដោយសារអំពើបាបរបស់ខ្លួន នោះគ្មានប្រយោជន៍អ្វីសោះ។ ជាជាងត្អូញត្អែរអំពីលទ្ធផលអាក្រក់ដែលមកពីកំហុសរបស់យើង «ចូរយើងពិចារណាហើយល្បងលផ្លូវដែលយើងប្រព្រឹត្ត រួចត្រឡប់បែរទៅឯព្រះយេហូវ៉ាវិញចុះ!»។ យកល្អឲ្យយើងប្រែចិត្តនិងឈប់ធ្វើខុសទៀត។
ចូរទុកចិត្តលើព្រះយេហូវ៉ាចុះ!
សៀវភៅបរិទេវក្នុងគម្ពីរបង្ហាញឲ្យដឹងអំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះទីក្រុងយេរូសាឡិមនិងស្រុកយូដាក្រោយពួកបាប៊ីឡូនបានដុតទីក្រុងនិងទុកស្រុកនោះចោល។ ពាក្យក្នុងសៀវភៅបរិទេវបង្ហើបឲ្យដឹងថា ប្រជាជនអ៊ីស្រាអែលបានទទួលស្គាល់បាបរបស់ពួកគេ ដូច្នេះនេះបង្ហាញយ៉ាងច្បាស់នូវទស្សនៈរបស់ព្រះយេហូវ៉ា ថាពួកគេបានរងទុក្ខវេទនានោះដោយព្រោះពួកគេបានធ្វើខុស។ ពាក្យក្នុងកំណាព្យទាំងនេះដែលព្រះយេហូវ៉ាបណ្ដាលឲ្យយេរេមាសរសេរនោះ បង្ហាញពីការសង្ឃឹមទៅលើទ្រង់ និងបំណងចង់ធ្វើអ្វីដែលត្រឹមត្រូវវិញ។ ទោះជាប្រជាជនភាគច្រើននៅសម័យយេរេមាមិនមានគំនិតដូចនោះក៏ដោយ នេះជាទស្សនៈរបស់យេរេមានិងប្រជាជនអ៊ីស្រាអែលខ្លះដែលបានប្រែចិត្ត។
ស្តីអំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះប្រជាជននៅទីក្រុងយេរូសាឡិម សៀវភៅបរិទេវមានមេរៀនពីរដ៏សំខាន់។ មុនដំបូង ការបំផ្លាញទីក្រុងយេរូសាឡិមនិងការទុកចោលស្រុកយូដាមួយរយៈ ជាការដែលព្រមានយើងថា កុំឲ្យយើងធ្វើព្រងើយកន្តើយនឹងបំណងចិត្តរបស់ព្រះយេហូវ៉ា តែចូរឲ្យយើងស្ដាប់បង្គាប់ទ្រង់ជានិច្ចវិញ។ (កូរិនថូសទី១ ១០:១១) ទីពីរ យើងអាចទាញយកមេរៀនពីគំរូរបស់យេរេមា។ (រ៉ូម ១៥:៤) សូម្បីតែក្រោមកាលៈទេសៈដែលមើលទៅដូចជាគ្មានក្ដីសង្ឃឹមសោះក៏ដោយ ហើយទោះជាយេរេមាមានចិត្តសង្រេងក្ដី គាត់នៅតែទុកចិត្តទៅលើព្រះយេហូវ៉ាដើម្បីឲ្យបានសេចក្ដីសង្គ្រោះ។ បើដូច្នេះ ជាការចាំបាច់ណាស់ ឲ្យយើងទុកចិត្តទាំងស្រុងលើព្រះយេហូវ៉ានិងគម្ពីរដែលជាបណ្ដាំរបស់ទ្រង់!—ហេព្រើរ ៤:១២
[រូបភាពនៅទំព័រ៩]
លោកយេរេមាបានឃើញការសម្រេចនៃសារជំនុំជម្រះរបស់ព្រះ
[រូបភាពនៅទំព័រ១០]
ស្មរបន្ទាល់ជនជាតិកូរ៉េទាំងនេះបានកាន់ជំហរអព្យាក្រឹតស្របទៅតាមជំនឿរបស់ពួកគេជាគ្រិស្តសាសនិក