ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៧-១៣ ខែធ្នូ
it-1-E ទំ. ១១៧៤
ការខុសច្បាប់
ភ្លើងដទៃនិងគ្រឿងក្រអូបដែលខុសច្បាប់។ លេវីវិន័យ ១០:១ ចែងថាកូនរបស់អេរ៉ុន ណាដាបនិងអ័ប៊ីហ៊ូវ«បានយកភ្លើងដទៃទៅថ្វាយនៅចំពោះព្រះយេហូវ៉ា ដែលទ្រង់ឥតបានបង្គាប់ឡើយ» ក្រោយមក ព្រះយេហូវ៉ាបានសម្លាប់ពួកគេដោយភ្លើង។ (លេវី. ១០:២; ជន. ៣:៤; ២៦:៦១) បន្ទាប់មក ព្រះយេហូវ៉ាប្រាប់អេរ៉ុនថា៖ «កាលណាចូលទៅក្នុងត្រសាលជំនុំ នោះកុំឲ្យឯង ឬពួកកូនឯងផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក្រែងលោស្លាប់ នេះហើយជាច្បាប់នៅអស់កល្បជានិច្ច ដល់អស់ទាំងពូជដំណឯងតទៅ គឺដើម្បីឲ្យឯងរាល់គ្នាចេះញែករបស់បរិសុទ្ធចេញពីរបស់ធម្មតា នឹងរបស់ស្មោកគ្រោកចេញពីរបស់ដែលស្អាត ហើយឲ្យបានបង្រៀនបញ្ញត្តច្បាប់ទាំងប៉ុន្មាន ដល់ពួកកូនចៅអ៊ីស្រាអែល ជាបញ្ញត្ត ដែលព្រះយេហូវ៉ា ទ្រង់បានមានបន្ទូលប្រាប់ដល់គេដោយសារម៉ូសេ»។ (លេវី. ១០:៨-១១) មើលទៅនេះបញ្ជាក់ថាណាដាបនិងអ័ប៊ីហ៊ូវបានស្រវឹងស្រា ហើយនេះនាំឲ្យពួកគាត់ហ៊ានជូនភ្លើងដែលព្រះមិនបានបង្គាប់។ ភ្លើងដែលពួកគេបានជូនទំនងជាខុសច្បាប់ដោយសារពួកគេជូនខុសពេល ខុសកន្លែង ឬតាមរបៀបមិនសមរម្យ ឬក៏ភ្លើងដែលពួកគេបានជូននោះប្រហែលជាធ្វើពីសមាសធាតុខុសពីអ្វីដែលបានចែងនៅនិក្ខមនំ ៣០:៣៤, ៣៥។ ពួកគាត់មិនអាចយកលេសថាស្រវឹងស្រាដើម្បីគេចវេះពីអំពើខុសឆ្គងដែលពួកគាត់បានធ្វើនោះឡើយ។
it-1-E ទំ. ១១១ វ. ៥
សត្វ
ការហាមគាត់មិនឲ្យបរិភោគសត្វគឺសម្រាប់អ្នកដែលនៅក្រោមច្បាប់ម៉ូសេប៉ុណ្ណោះ ព្រោះលេវីវិន័យ ១១:៨ចែងថា៖ «ដ្បិតជាសត្វដែលរាប់ជាមិនស្អាតដល់ឯងរាល់គ្នាហើយ» ពោលគឺជនជាតិអ៊ីស្រាអែល។ មរណភាពរបស់លោកយេស៊ូជាថ្លៃលោះលុបច្បាប់នោះចោល ហេតុនេះសេចក្ដីបង្គាប់នោះក៏លែងមានប្រសិទ្ធភាពដែរ។ ដូច្នេះ ឥឡូវមនុស្សទាំងអស់ត្រូវធ្វើតាមអ្វីដែលព្រះយេហូវ៉ាបានបង្គាប់ណូអេក្រោយទឹកជំនន់។—កូឡ. ២:១៣-១៧; លោ. ៩:៣, ៤
ថ្ងៃទី១៤-២០ ខែធ្នូ
wp១៦.៤-E ទំ. ៩ វ. ១
តើអ្នកដឹងទេ?
ជនជាតិយូដាសម័យបុរាណខ្លាចជំងឺឃ្លង់ដែលមានជាទូទៅនៅសម័យគម្ពីរ។ ជំងឺដ៏គូរឲ្យខ្លាចនេះវាយប្រហារទៅលើចុងសរសៃរបស់អ្នកជំងឺ ហើយបំផ្លាញសរសៃទាំងនោះនិងធ្វើឲ្យខូចរូបកាយ។ គ្មានអ្វីអាចព្យាបាលជំងឺឃ្លង់បានឡើយ។ ដូច្នេះ អ្នកជំងឺត្រូវនៅដាច់ដោយឡែកពីគេ ហើយត្រូវប្រាប់អ្នកឯទៀតថាគាត់មានជំងឺនោះ។—លេវី. ១៣:៤៥, ៤៦
it-2-E ទំ. ២៣៨ វ. ៣
ជំងឺឃ្លង់
មាននៅជាប់សម្លៀកបំពាក់និងផ្ទះ។ ជំងឺឃ្លង់អាចនៅជាប់នឹងសម្លៀកបំពាក់ដែលធ្វើពីរោមចៀមឬអំបោះឬនៅលើស្បែក។ ការបោកសម្អាតអាចធ្វើឲ្យលែងមានរោគនេះទៀត ហើយគេអាចយកសម្លៀកបំពាក់ទៅដាក់ដោយឡែកដើម្បីកុំឲ្យឆ្លង។ បើនៅតែមានរោគនេះទៀត របស់របរឬសម្លៀកបំពាក់ទាំងនោះត្រូវដុតចោល។ (លេវី. ១៣:៤៧-៥៩) បើមានជំងឺឃ្លង់ក្នុងផ្ទះ សង្ឃនឹងមិនអនុញ្ញាតឲ្យនរណារស់នៅក្នុងផ្ទះនោះទៀតទេ។ ជួនកាលគេត្រូវកោសកន្លែងខ្លះដែលមានរោគនោះចេញពីថ្មឬជញ្ជាំងផ្ទះជាដើម។ បើនៅតែមានរោគ នោះគេនឹងប្រកាសថាផ្ទះនេះគឺមិនស្អាតហើយត្រូវរុះរើចោល។
ថ្ងៃទី២១-២៧ ខែធ្នូ
it-1-E ទំ. ២៦៣
ការងូតទឹក
មានមូលហេតុខ្លះដែលច្បាប់បានតម្រូវឲ្យជនជាតិអ៊ីស្រាអែលងូតទឹក។ អ្នកដែលជាពីជំងឺឃ្លង់ អ្នកដែលបានប៉ះអ្វីដែលបុគ្គលណាដែល«ហូរខ្ទុះ»បានពាល់ បុរសណាដែលចេញទឹកកាម ស្ត្រីដែលធ្លាក់ឈាមដោយសាររដូវ ឬអ្នកណាដែលរួមភេទបានត្រូវចាត់ទុកថា«មិនស្អាត» ហើយត្រូវងូតទឹក។ (លេវី. ១៤:៨, ៩; ១៥:៤-២៧) បុគ្គលដែលនៅក្នុងត្រសាលជាមួយសាកសពឬបានប៉ះសាកសពនោះបានត្រូវចាត់ទុកថា«មិនស្អាត» ហើយត្រូវលាងខ្លួនដោយទឹកដែលត្រូវញែកជាស្អាត។ បើអ្នកណាមិនព្រមធ្វើតាមច្បាប់នេះ គាត់ត្រូវ«កាត់កាល់ពីពួកជំនុំចេញ ដ្បិតបានធ្វើបង្អាប់ដល់ទីបរិសុទ្ធផងព្រះយេហូវ៉ាហើយ»។ (ជន. ១៩:២០) ដូច្នេះគឺសមរម្យដែលគម្ពីរប្រើការងូតទឹកក្នុងន័យធៀបដើម្បីសំដៅទៅលើការមានភាពស្អាតស្អំក្នុងទស្សនៈរបស់ព្រះយេហូវ៉ា។ (ទំនុក. ២៦:៦; ៧៣:១៣; អេ. ១:១៦; អេស. ១៦:៩) ការសម្អាតជាមួយនឹងទឹកដែលជាសេចក្ដីពិតក្នុងបណ្ដាំរបស់ព្រះអាចធ្វើឲ្យយើងស្អាត។—អេភ. ៥:២៦
it-2-E ទំ. ៣៧២ វ. ២
ការមានរដូវ
ក្នុងអំឡុងពេលដែលស្ត្រីមករដូវមិនទៀងទាត់ឬ«ធ្លាក់ឈាមជាយូរថ្ងៃខុសរដូវ» គាត់បានត្រូវចាត់ទុកថាមិនស្អាត។ ក្នុងរយៈពេលនេះ អ្វីដែលស្ត្រីនោះអង្គុយឬដេកនៅលើ រួមទាំងអ្នកណាដែលប៉ះពាល់របស់របរទាំងនោះត្រូវចាត់ទុកថាមិនស្អាត។ ក្រោយអស់រដូវ គាត់ត្រូវរាប់ឲ្យគ្រប់ប្រាំពីរថ្ងៃ រួចមកគាត់នឹងស្អាតវិញ។ លុះដល់ថ្ងៃទីប្រាំបី ស្ត្រីនោះត្រូវយកលលកពីរក្បាលឬព្រាបជំទើរពីរក្បាលទៅជូនសង្ឃដើម្បីជម្រះការខុសឆ្គងរបស់គាត់ ហើយសង្ឃនឹងបូជាសត្វមួយទៅព្រះយេហូវ៉ាជាគ្រឿងបូជាសម្រាប់ការខុសឆ្គង និងយកមួយទៀតទៅធ្វើជាគ្រឿងបូជាដុត។—លេវី. ១៥:១៩-៣០
it-1-E ទំ. ១១៣៣
កន្លែងបរិសុទ្ធ
ត្រសាលជំនុំហើយក្រោយមកវិហារ។ អ្វីទាំងអស់ដែលទាក់ទងនឹងត្រសាលនិងវិហារគឺជាកន្លែងបរិសុទ្ធ រួមទាំងទីលានផងដែរ។ (និក្ខ. ៣៨:២៤; ២រប. ២៩:៥; សកម្ម. ២១:២៨) ប្រដាប់ប្រដាដែលបានត្រូវចាត់ទុកថាបរិសុទ្ធនៅក្នុងទីលាននៃត្រសាលនិងវិហារគឺទីបូជានិងចានក្លាំធ្វើពីលង្ហិន។ មានតែអស់អ្នកដែលស្អាតស្អំប៉ុណ្ណោះដែលអាចចូលក្នុងទីលាននៃត្រសាលបាន ស្រដៀងគ្នាដែរ គ្មានអ្នកណាអាចចូលក្នុងទីលាននៃវិហារដោយមិនមានភាពស្អាតស្អំបានឡើយ។ ជាឧទាហរណ៍ ស្ត្រីដែលត្រូវចាត់ទុកថាមិនស្អាតមិនអាចប៉ះពាល់អ្វីដែលបរិសុទ្ធឬចូលក្នុងកន្លែងបរិសុទ្ធបានឡើយ។ (លេវី. ១២:២-៤) តាមមើលទៅពេលជនជាតិអ៊ីស្រាអែលបន្តមានភាពមិនស្អាតស្អំ នោះពួកគេអាចធ្វើឲ្យត្រសាលទៅជាស្មោកគ្រោក។ (លេវី. ១៥:៣១) ពួកអ្នកដែលមកជូនគ្រឿងបូជាក្រោយជាពីជំងឺឃ្លង់ អាចត្រឹមតែយកគ្រឿងបូជារបស់ពួកគេមកដល់មាត់ទ្វារនៃទីលានត្រសាលប៉ុណ្ណោះ។ (លេវី. ១៤:១១) បើអ្នកណាដែលមិនស្អាតស្អំបរិភោគគ្រឿងបូជាមេត្រីនៅត្រសាលឬនៅវិហារ អ្នកនោះអាចស្លាប់។—លេវី. ៧:២០, ២១
it-1-E ទំ. ៦៦៥ វ. ៥
ត្រចៀក
ពេលដែលពួកសង្ឃបានត្រូវតែងតាំងនៅអ៊ីស្រាអែល ម៉ូសេបានត្រូវបង្គាប់ឲ្យយកឈាមពីចៀមឈ្មោលដែលនឹងត្រូវបូជាមកលាបលើត្រចៀកខាងស្ដាំ ដៃស្ដាំនិងជើងស្ដាំរបស់អេរ៉ុននិងកូនប្រុសៗរបស់គាត់ ដើម្បីបង្ហាញថាពួកគេត្រូវស្ដាំព្រះ ហើយកិច្ចការដែលពួកគេធ្វើ និងរបៀបរស់នៅរបស់ពួកគេគឺត្រូវតែបរិសុទ្ធ។ (លេវី. ៨:២២-២៤) ស្រដៀងគ្នាដែរ បើអ្នកកើតជំងឺឃ្លង់បានជាស្អាត ច្បាប់បានចែងថាសង្ឃត្រូវលាបឈាមរបស់ចៀមឈ្មោលដែលបានត្រូវជូនជាគ្រឿងបូជាសម្រាប់ការរំលងរបស់ខ្លួន និងប្រេងដែលនឹងត្រូវបូជានៅលើត្រចៀកស្ដាំរបស់បុគ្គលនោះ។—លេវី. ៧:២០, ២១
g-E ១/០៦ ទំ. ១៤ ប្រអប់
ការដុះផ្សិត!
ផ្សិតនៅសម័យគម្ពីរ?
គម្ពីរបានរៀបរាប់អំពី«រោគ[ឃ្លង់]នៅក្នុងផ្ទះ» ដែលបានត្រូវគេហៅដែរថា«ឃ្លង់ស៊ីបង្ខូច»។ (លេវី. ១៤:៣៤-៤៨) រោគនេះជាផ្សិតម្យ៉ាងដែលដុះជាប់នឹងផ្ទះនោះតែម្ដង ប៉ុន្តែយើងមិនអាចដឹងប្រាកដបានឡើយ។ ទោះជាយ៉ាងនោះក៏ដោយ ច្បាប់របស់ព្រះបង្គាប់ម្ចាស់ផ្ទះឲ្យយកថ្មដែលមានរោគចេញ ព្រមទាំងកោសជញ្ជាំង ហើយយករបស់របរណាដែលគេគិតថាអាចនាំឲ្យរាលដាលទៅចោលនៅកន្លែង«ស្មោកគ្រោក» ដែលនៅខាងក្រៅទីក្រុង។ បើរោគកើតឡើងនៅក្នុងផ្ទះនោះម្ដងទៀត ផ្ទះទាំងមូលនឹងត្រូវចាត់ទុកថាមិនស្អាតហើយគេនឹងរំលំផ្ទះនោះចោល។ ការណែនាំដ៏ល្អិតល្អន់ពីព្រះយេហូវ៉ាបង្ហាញអំពីសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅដែលលោកមានចំពោះរាស្ត្រលោកនិងចំពោះសុខភាពរបស់ពួកគេ។