ជំពូកទី៤
ព្រះយេស៊ូគ្រីស្ទកូនសោដែលបង្ហាញនូវចំណេះអំពីព្រះ
១, ២. តើសាសនាលោកីយ៍នេះបានធ្វើឲ្យខូចកូនសោដែលបង្ហាញនូវចំណេះអំពីព្រះយ៉ាងដូចម្ដេច?
អ្នកកំពុងឈរនៅមាត់ទ្វារផ្ទះ រាវរកកូនសោមកបើកទ្វារ។ ធាតុអាកាសត្រជាក់ហើយងងឹតផង ហើយអ្នកចង់តែចូលទៅក្នុងផ្ទះភ្លាមៗ—ប៉ុន្តែកូនសោបើកទ្វារមិនកើត។ កូនសោមើលទៅដូចជាត្រូវ តែទ្វារមិនព្រមបើកសោះ។ នេះចំជាមួម៉ៅចិត្តមែន! អ្នកយកកូនសោមកមើលម្ដងទៀត។ តើអ្នកកំពុងប្រើកូនសោត្រូវឬ? ឬមានអ្នកណាម្នាក់ធ្វើខូចកូនសោទៅហើយ?
២ នោះជាឧទាហរណ៍ដ៏ត្រឹមត្រូវ ដែលពន្យល់អំពីអ្វីដែលការច្រឡូកច្រឡំខាងសាសនាលោកីយ៍នេះ បានធ្វើដល់ចំណេះអំពីព្រះ។ តាមពិតទៅ មនុស្សជាច្រើនបានកែឆ្នៃឲ្យខូចកូនសោ—គឺព្រះយេស៊ូគ្រីស្ទ—ដែលនាំឲ្យយើងយល់ដល់ចំណេះនេះបាន។ សាសនាខ្លះបានដកយកកូនសោនេះចោល មិនរវីរវល់ដល់ព្រះយេស៊ូទាំងស្រុងតែម្ដង។ ខ្លះវិញទៀតបានប្រាប់បង្វែងថា មុខងាររបស់ព្រះយេស៊ូគឺជាព្រះ ទាំងថ្វាយបង្គំទ្រង់ជាព្រះដ៏មានគ្រប់ព្រះចេស្ដាទៅវិញ។ យ៉ាងណាក៏ដោយ យើងមិនអាចទទួលចំណេះអំពីព្រះបានឡើយ ដោយឥតដឹងយល់យ៉ាងត្រឹមត្រូវអំពីបុគ្គលដ៏សំខាន់បំផុតនេះ គឺព្រះយេស៊ូគ្រីស្ទ។
៣. ហេតុអ្វីបានជាគេអាចហៅព្រះយេស៊ូថាជាកូនសោដែលបង្ហាញនូវចំណេះអំពីព្រះ?
៣ អ្នកប្រហែលចាំពីព្រះយេស៊ូមានបន្ទូលថា៖ «នេះជាជីវិតអស់កល្បជានិច្ច គឺឲ្យគេបានចំណេះអំពីទ្រង់ដ៏ជាព្រះពិតតែមួយ និងព្រះយេស៊ូគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង»។ (យ៉ូហាន ១៧:៣, ព.ថ.) ព្រះយេស៊ូទ្រង់មិនមែនអួតទេ កាលទ្រង់មានបន្ទូលយ៉ាងនេះ។ បទគម្ពីរបញ្ជាក់ម្ដងហើយម្ដងទៀត អំពីសេចក្ដីត្រូវការចំណេះត្រឹមត្រូវអំពីព្រះគ្រីស្ទ។ (អេភេសូរ ៤:១៣; កូល៉ុស ២:២; ពេត្រុសទី២ ១:៨; ២:២០) សាវ័កពេត្រុសកត់សម្គាល់ថា៖ «ពួកហោរាសុទ្ធតែធ្វើបន្ទាល់ពី[ព្រះយេស៊ូគ្រីស្ទ]»។ (កិច្ចការ ១០:៤៣) ហើយសាវ័កប៉ុលបានសរសេរថា៖ «មានគ្រប់ទាំងផលផ្លែវិសេសនៃប្រាជ្ញានិងសេចក្ដីចេះដឹងលាក់ទុកក្នុង[ព្រះយេស៊ូ]»។ (កូល៉ុស ២:៣) លោកប៉ុលបានទាំងមានប្រសាសន៍ថា សេចក្ដីសន្យាទាំងអស់របស់ព្រះយេហូវ៉ា បានត្រូវសម្រេចឡើង គឺដោយព្រោះព្រះយេស៊ូ។ (កូរិនថូសទី២ ១:២០) ដូច្នេះ ព្រះយេស៊ូគ្រីស្ទគឺពិតជាកូនសោនេះហើយ ដែលបង្ហាញនូវចំណេះអំពីព្រះ។ ចំណេះរបស់យើងអំពីព្រះយេស៊ូគឺត្រូវតែស្រឡះពីអស់ទាំងសេចក្ដីណា ដែលប្រាប់បង្វែងអំពីលក្ខណៈនៃទ្រង់ ហើយនិងមុខងារទ្រង់ក្នុងរបៀបរៀបចំរបស់ព្រះ។ ប៉ុន្តែ ហេតុអ្វីបានជាពួកអ្នកកាន់តាមព្រះយេស៊ូ ចាត់ទុកទ្រង់ជាសំខាន់បំផុតចំពោះគោលបំណងនៃព្រះ?
ព្រះមេស្ស៊ីដែលបានត្រូវសន្យា
៤, ៥. តើមានសេចក្ដីសង្ឃឹមអ្វីដែលសំដៅចំពោះព្រះមេស្ស៊ី ហើយពួកសិស្សរបស់ព្រះយេស៊ូចាត់ទុកទ្រង់ជាអ្វី?
៤ តាំងពីជំនាន់អេបិលជាបុរសស្មោះត្រង់រហូតមក ពួកអ្នកបំរើព្រះបានទន្ទឹងចង់ឃើញជាខ្លាំង នូវពូជដែលព្រះយេហូវ៉ាបានទាយប្រាប់ដោយព្រះអង្គទ្រង់។ (លោកុប្បត្តិ ៣:១៥; ៤:១-៨; ហេព្រើរ ១១:៤) នេះបានសម្ដែងឲ្យឃើញថា ពូជនេះ ជាព្រះមេស្ស៊ីដែលមានន័យថា «អ្នកដែលចាក់ប្រេងតាំង» នឹងបំពេញគោលបំណងនៃព្រះ។ ទ្រង់នឹង«ធ្វើឲ្យអំពើបាបផុតទៅ» ហើយសេចក្ដីរុងរឿងនៃព្រះរាជាណាចក្ររបស់ទ្រង់បានត្រូវទាយទុកក្នុងទំនុកដំកើង។ (ដានីយ៉ែល ៩:២៤-២៦; ទំនុកដំកើង ៧២:១-២០) តើអ្នកណាទៅដែលជាព្រះមេស្ស៊ីនេះ?
៥ សូមនឹកគិតមើលអំពីការរំភើបចិត្តនៃសាសន៍យូដាវ័យក្មេងម្នាក់ ឈ្មោះអនទ្រេ ពេលគាត់ស្ដាប់បន្ទូលរបស់ព្រះយេស៊ូ ជាអ្នកស្រុកណាសារ៉ែត។ អនទ្រេក៏ប្រញាប់ទៅឯស៊ីម៉ូន-ពេត្រុសជាបងប្រុសគាត់ ហើយប្រាប់ថា៖ «យើងបានឃើញព្រះមេស្ស៊ីហើយ»។ (យ៉ូហាន ១:៤១) ពួកសិស្សរបស់ព្រះយេស៊ូបានជឿជាក់ថា ទ្រង់ជាព្រះមេស្ស៊ីដែលបានត្រូវសន្យាមក។ (ម៉ាថាយ ១៦:១៦) ហើយគ្រីស្ទានពិតបានស៊ូប្ដូរជីវិតខ្លួនលើជំនឿថា ព្រះយេស៊ូគឺពិតជាព្រះមេស្ស៊ី ឬព្រះគ្រីស្ទដែលបានត្រូវសន្យាមកមែន។ តើពួកគេមានភស្តុតាងអ្វី? សូមយើងពិចារណាមើលទីសំអាងបីយ៉ាង។
ទីសំអាងដែលបង្ហាញថា ព្រះយេស៊ូជាព្រះមេស្ស៊ី
៦. (ក) តើពូជពង្សណាដែលនឹងបង្កើតពូជសន្យានេះមក ហើយតាមរបៀបណាដែលយើងដឹងថា ព្រះយេស៊ូបានកើតមកពីវង្សគ្រួសារនោះមែន? (ខ) ហេតុអ្វីបានជាអ្នកណាដែលរស់នៅក្រោយឆ្នាំ៧០ស.យ.មិនអាចអះអាងតាំងខ្លួនជាព្រះមេស្ស៊ីបាន?
៦ វង្សត្រកូលរបស់ព្រះយេស៊ូ គឺជាមូលដ្ឋានទីមួយ សំរាប់សម្គាល់ទ្រង់ជាព្រះមេស្ស៊ីដែលបានត្រូវសន្យា។ ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់លោកអ័ប្រាហាំជាអ្នកបំរើទ្រង់ថា ពូជសន្យានឹងកើតពីគ្រួសាររបស់លោកមក។ អ៊ីសាកកូនលោកអ័ប្រាហាំ យ៉ាកុបកូនអ៊ីសាក និងយូដាកូនយ៉ាកុបម្នាក់ៗបានទទួលសេចក្ដីសន្យាស្រដៀងគ្នាដែរ។ (លោកុប្បត្តិ ២២:១៨; ២៦:២-៥; ២៨:១២-១៥; ៤៩:១០) ពូជពង្សរបស់ព្រះមេស្ស៊ីបានត្រូវដឹងជាក់លាក់ថែមទៀតប៉ុន្មានសតវត្សក្រោយមក ពេលដែលស្តេចដាវីឌបានត្រូវប្រាប់ថា វង្សគ្រួសាររបស់ទ្រង់នឹងបង្កើតពូជមួយនេះ។ (ទំនុកដំកើង ១៣២:១១; អេសាយ ១១:១, ១០) រឿងក្នុងសិក្ខាបទរបស់ម៉ាថាយនិងលូកាបញ្ជាក់ថា ព្រះយេស៊ូបានចាប់កំណើតពីវង្សគ្រួសារនោះមែន។ (ម៉ាថាយ ១:១-១៦; លូកា ៣:២៣-៣៨) ថ្វីបើព្រះយេស៊ូមានសត្រូវដ៏ជូរចត់ជាច្រើនក៏ដោយ គ្មានម្នាក់ណាប្រកែកតវ៉ាពីពូជពង្សដែលបានត្រូវផ្សាយឮល្បីពេញពាសរបស់ទ្រង់ឡើយ។ (ម៉ាថាយ ២១:៩, ១៥) ដូច្នេះ គឺឃើញច្បាស់ហើយថា វង្សត្រកូលរបស់ទ្រង់គឺច្បាស់ហួសពីការសង្ស័យ។ ប៉ុន្តែ បញ្ជីប្រវត្ដិគ្រួសាររបស់ពួកយូដាបានត្រូវបំផ្លាញអស់ ពេលពួករ៉ូមចូលមកលួចប្លន់ក្រុងយេរូសាឡិម នៅឆ្នាំ៧០ ស.យ.។ នៅគ្រាក្រោយៗមក ឥតមានអ្នកណាមួយអាចអះអាងតាំងខ្លួនថា ជាព្រះមេស្ស៊ីដែលបានត្រូវសន្យានោះឡើយ។
៧. (ក) តើអ្វីជាទីសំអាងបែបទីពីរ ដែលបង្ហាញថាព្រះយេស៊ូជាព្រះមេស្ស៊ី? (ខ) តើមីកា ៥:១ បានត្រូវសម្រេចយ៉ាងដូចម្ដេច ក្នុងការទាក់ទងនឹងព្រះយេស៊ូ?
៧ ទំនាយដែលបានត្រូវសម្រេច គឺជាទីសំអាងបែបទីពីរ។ ទំនាយជាច្រើន ក្នុងបទគម្ពីរហេព្រើររៀបរាប់ដំណើរទំនងផ្សេងៗនៃជីវិតរបស់ព្រះមេស្ស៊ី។ នៅសតវត្សទីប្រាំបី ម.ស.យ. ព្យាការីមីកាទាយថា អ្នកគ្រប់គ្រងដ៏ឧត្តមនេះនឹងចាប់កំណើតនៅបេថ្លេហិម ជាក្រុងក៏តូចតាចមួយ។ មានក្រុងពីរនៅស្រុកអ៊ីស្រាអែល ដែលមានឈ្មោះបេថ្លេហិម ប៉ុន្តែ ទំនាយនេះបានប្រាប់យ៉ាងជាក់លាក់នូវក្រុងមួយណា គឺ៖ ក្រុងបេថ្លេហិម អេប្រាតា ដែលជាស្រុកកំណើតរបស់ស្តេចដាវីឌ។ (មីកា ៥:១) យ៉ូសែបនិងម៉ារា ជាបិតាមាតានៃព្រះយេស៊ូ រស់នៅភូមិណាសារ៉ែត នៅចម្ងាយប្រហែល ១៥០ គ.ម. ខាងជើងបេថ្លេហិម។ ប៉ុន្តែ កាលនាងម៉ារាមានគភ៌ អ្នកគ្រប់គ្រងរ៉ូម សេសារ-អូគូស្ទ បញ្ជាឲ្យមនុស្សទាំងអស់ទៅចុះបញ្ជីនៅស្រុកកំណើតរបស់គេរៀងៗខ្លួន។a ដូច្នេះ យ៉ូសែបក៏ត្រូវតែនាំប្រពន្ធមានគភ៌របស់លោកទៅបេថ្លេហិម ជាទីដែលព្រះយេស៊ូបានប្រសូតមក។—លូកា ២:១-៧
៨. (ក) តើ៦៩«អាទិត្យ»ចាប់ផ្ដើមនៅពេលណា ហើយដោយមានព្រឹត្ដិការណ៍អ្វីកើតឡើង? (ខ) តើ៦៩«អាទិត្យ»នេះមានរយៈពេលយូរប៉ុន្មាន ហើយមានអ្វីកើតឡើងពេល៦៩«អាទិត្យ»នេះបានកន្លងផុតទៅ?
៨ នៅសតវត្សទីប្រាំមួយ ម.ស.យ. ព្យាការីដានីយ៉ែលបានទាយថា «ព្រះមេស្ស៊ីដែលជាអ្នកដឹកនាំ» នឹងលេចមកនៅ៦៩ «អាទិត្យ» ក្រោយពេលបញ្ជាឲ្យតាំងក្រុងយេរូសាឡិម ហើយសង់ឡើងវិញ។ (ដានីយ៉ែល ៩:២៤, ២៥) ក្នុង«អាទិត្យ» និមួយៗនេះមានរយៈប្រាំពីរឆ្នាំ។b ស្របតាមព្រះគម្ពីរ និងប្រវត្ដិសាស្ត្រក្រៅសាសនា បញ្ជាឲ្យកសាងក្រុងយេរូសាឡិមឡើងវិញបានត្រូវប្រាប់នៅឆ្នាំ៤៥៥ ម.ស.យ.។ (នេហេមា ២:១-៨) ដូច្នេះ ព្រះមេស្ស៊ីត្រូវលេចមកនៅ៤៨៣(៦៩គុណនឹង៧)ឆ្នាំក្រោយឆ្នាំ៤៥៥ ម.ស.យ.។ នោះក៏នាំយើងឲ្យរាប់ដល់ឆ្នាំ២៩ស.យ. គឺក្នុងឆ្នាំនេះហើយដែលព្រះយេហូវ៉ាបានបញ្ចេញវិញ្ញាណបរិសុទ្ធតាំងព្រះយេស៊ូឡើង។ ម្ល៉ោះហើយព្រះយេស៊ូក៏បានក្លាយជា «ព្រះគ្រីស្ទ» (ដែលមានន័យថា «អ្នកដែលចាក់ប្រេងតាំង») ឬព្រះមេស្ស៊ី។—លូកា ៣:១៥, ១៦, ២១, ២២
៩. (ក) តើទំនុកដំកើង ២:២បានត្រូវសម្រេចយ៉ាងដូចម្ដេច? (ខ) តើទំនាយឯទៀតដែលបានត្រូវសម្រេចចំពោះព្រះយេស៊ូនោះគឺអ្វីខ្លះ? (សូមមើលក្នុងតារាង)
៩ ប្រាកដហើយ មិនមែនមនុស្សគ្រប់រូបទទួលព្រះយេស៊ូជាព្រះមេស្ស៊ី ដែលបានត្រូវសន្យានោះឡើយ ហើយបទគម្ពីរក៏បានទាយប្រាប់យ៉ាងដូច្នេះដែរ។ ដូចកត់ទុកក្នុងទំនុកដំកើង ២:២ វិញ្ញាណបរិសុទ្ធបានបណ្ដាលឲ្យស្តេចដាវីឌ ទាយប្រាប់ថា៖ «ពួកមហាក្សត្រនៅផែនដីលើកគ្នាឡើង ពួកគ្រប់គ្រងទាំងប៉ុន្មានក៏ប្រឹក្សាគ្នាទាស់នឹងព្រះយេហូវ៉ា ហើយទាស់ដឹងព្រះអង្គ ដែលទ្រង់បានលាបប្រេងឲ្យ»។ ទំនាយនេះបង្ហាញប្រាប់ថា ពួកអ្នកដឹកនាំពីប៉ុន្មានស្រុកនឹងរួបរួមគ្នា ដើម្បីទាស់ប្រឆាំងនឹងមួយអង្គ ដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំង ឬព្រះមេស្ស៊ី។ ការនេះគឺបានកើតឡើងអញ្ចឹងមែន។ ពួកអ្នកដឹកនាំសាសនាយូដា ស្តេចហេរ៉ូឌ និង ប៉ុនទាស-ពីឡាត់ ចៅហ្វាយស្រុករ៉ូមសុទ្ធតែបានចូលដៃចូលគំនិតឲ្យយកព្រះយេស៊ូទៅធ្វើគុត។ ហេរ៉ូឌនិងប៉ុនទាសពីមុនជាសត្រូវនឹងគ្នា ស្រាប់តែក្លាយជាមិត្តដ៏ស្មោះនឹងគ្នាភ្លាម ចាប់ពីគ្រានោះតទៅ។ (ម៉ាថាយ ២៧:១, ២; លូកា ២៣:១០-១២; កិច្ចការ ៤:២៥-២៨) បើចង់បានភស្តុតាងថែមទៀតដែលបង្ហាញថាព្រះយេស៊ូជាព្រះមេស្ស៊ី នោះសូមមើលតារាងក្នុងជំពូកនេះ ដែលមានចំណងជើងថា «ទំនាយដ៏អស្ចារ្យខ្លះអំពីព្រះមេស្ស៊ី»។
១០. តើព្រះយេហូវ៉ាថ្លែងបញ្ជាក់យ៉ាងដូចម្ដេចថា ព្រះយេស៊ូជាមួយអង្គដែលទ្រង់បានចាក់ប្រេងតាំងតាមសេចក្ដីសន្យា?
១០ សេចក្ដីថ្លែងបញ្ជាក់នៃព្រះយេហូវ៉ា គឺជាទីសំអាងបែបទីបី ដែលជួយបង្ហាញថាព្រះយេស៊ូជាព្រះមេស្ស៊ី។ ព្រះយេហូវ៉ាបានចាត់ពួកទេវតា ឲ្យប្រកាសប្រាប់មនុស្សឲ្យដឹងថា ព្រះយេស៊ូគឺជាព្រះមេស្ស៊ីដែលបានត្រូវសន្យានេះ។ (លូកា ២:១០-១៤) តាមពិត ក្នុងគ្រាដែលព្រះយេស៊ូគង់នៅលើផែនដី ព្រះយេហូវ៉ាមានបន្ទូលដោយអង្គទ្រង់ពីស្ថានសួគ៌មក សម្ដែងឲ្យឃើញថាទ្រង់ទទួលស្គាល់ព្រះយេស៊ូ។ (ម៉ាថាយ ៣:១៦, ១៧; ១៧:១-៥) ព្រះយេហូវ៉ាប្រទានអំណាចដល់ព្រះយេស៊ូ ឲ្យទ្រង់ប្រព្រឹត្តអព្ភូតហេតុ។ អព្ភូតហេតុនិមួយៗ នេះគឺជាភស្តុតាងពីព្រះថែមទៀត ដែលបញ្ជាក់ថា ព្រះយេស៊ូគឺជាព្រះមេស្ស៊ីមែន ដ្បិតព្រះទ្រង់មិនដែលប្រទានអំណាចដល់អ្នកក្លែងបន្លំណាម្នាក់ ឲ្យប្រព្រឹត្តអព្ភូតហេតុនោះឡើយ។ ព្រះយេហូវ៉ាក៏បានប្រើវិញ្ញាណបរិសុទ្ធរបស់ទ្រង់បណ្ដាលឲ្យរឿងសិក្ខាបទតែងចេញមក ដើម្បីឲ្យទីសំអាងបញ្ជាក់ថា ព្រះយេស៊ូជាព្រះមេស្ស៊ីបានក្លាយជាចំណែកនៃព្រះគម្ពីរ ដ៏ជាសៀវភៅដែលបានត្រូវបកប្រែ ហើយចែកចាយពាសពេញច្រើន ជាទីបំផុតក្នុងប្រវត្ដិសាស្ត្រ។—យ៉ូហាន ៤:២៥, ២៦
១១. តើមានទីសំអាងច្រើនប៉ុន្មាន ដែលបញ្ជាក់ថា ព្រះយេស៊ូជាព្រះមេស្ស៊ី?
១១ ទីសំអាងទាំងប៉ុន្មាននេះ ជាមួយគ្នាមានរួមការណ៍ពិតជាច្រើនរយ ដែលសម្គាល់ព្រះយេស៊ូជាព្រះមេស្ស៊ីដែលបានត្រូវសន្យា។ ដូច្នេះ គឺច្បាស់ណាស់ដែលគ្រីស្ទានពិតបានរាប់ទ្រង់ទុកជា ‹មួយអង្គដែលអស់ទាំងពួកព្យាការីបានធ្វើបន្ទាល់ប្រាប់› ហើយជាកូនសោដែលបង្ហាញនូវចំណេះអំពីព្រះ។ (កិច្ចការ ១០:៤៣) ប៉ុន្តែ មានសេចក្ដីជាច្រើនថែមទៀត ដែលយើងនឹងរៀនអំពីព្រះយេស៊ូ ក្រៅពីការពិតដែលថាទ្រង់ជាព្រះមេស្ស៊ីនោះ។ តើទ្រង់មានដើមកំណើតពីណាមក? ហើយទ្រង់មានលក្ខណៈយ៉ាងណាដែរ?
ជីវិតព្រះយេស៊ូ មុនទ្រង់ជាមនុស្ស
១២, ១៣. (ក) តើដូចម្ដេចបានជាយើងដឹងថា ព្រះយេស៊ូបានគង់នៅក្នុងស្ថានសួគ៌ មុនទ្រង់យាងមកផែនដីនេះ? (ខ) តើអ្នកណាជា«ព្រះបន្ទូល» ហើយទ្រង់បានធ្វើអ្វីខ្លះមុនទ្រង់ក្លាយជាមនុស្ស?
១២ ដំណើរជីវិតនៃព្រះយេស៊ូអាចចែកចេញជាបីដំណាក់។ ដំណាក់ទីមួយ គឺបានចាប់ផ្ដើមជាយូរមកហើយ មុនពេលទ្រង់ចាប់កំណើតលើផែនដី។ មីកា ៥:១ចែងថា ដើមកំណើតព្រះមេស្ស៊ីគឺ«តាំងពីបុរាណ គឺពីអស់កល្បរៀងមក»។ ហើយព្រះយេស៊ូមានបន្ទូលប្រាប់យ៉ាងច្បាស់ត្រង់ៗថា ទ្រង់បានយាងមកពី«ស្ថានលើ» គឺពីស្ថានសួគ៌។ (យ៉ូហាន ៨:២៣; ១៦:២៨) តើទ្រង់បានគង់នៅក្នុងស្ថានសួគ៌អស់រយៈពេលយូរប៉ុន្មាន មុនទ្រង់យាងមកឯផែនដីនេះ?
១៣ ព្រះយេស៊ូបានត្រូវហៅថា «ព្រះរាជបុត្រាតែមួយ»របស់ព្រះ ពីព្រោះព្រះយេហូវ៉ាបានបង្កើតទ្រង់ផ្ទាល់។ (យ៉ូហាន ៣:១៦) ជា«បងច្បងនៃគ្រប់ទាំងអស់» ព្រះយេស៊ូបានត្រូវព្រះប្រើបង្កើតរបស់សព្វសារពើឯទៀត។ (កូល៉ុស ១:១៥; វិវរណៈ ៣:១៤) យ៉ូហាន ១:១និយាយថា «ព្រះបន្ទូល»(គឺព្រះយេស៊ូមុនទ្រង់ជាមនុស្ស) បានគង់នៅជាមួយព្រះ«តាំងអំពីដើមមក»។ ដូច្នេះ ព្រះបន្ទូលមួយអង្គនេះបានគង់នៅជាមួយព្រះយេហូវ៉ា ពេល«ផ្ទៃមេឃនឹងផែនដី»បានត្រូវបង្កើតមក។ ព្រះគឺកំពុងតែថ្លែងទៅរកព្រះបន្ទូលនេះហើយ ពេលព្រះអង្គមានបន្ទូលថា៖ «ចូរយើងធ្វើមនុស្សឲ្យដូចជារូបយើង»។ (លោកុប្បត្តិ ១:១, ២៦) ក៏ដូច្នេះដែរ ព្រះបន្ទូលនេះគឺច្បាស់ថា«មេជាង»ជាទីស្រឡាញ់របស់ព្រះ ដែលរៀបរាប់ក្នុងសុភាសិត ៨:២២-៣១ ជាតួអង្គប្រាជ្ញា ធ្វើកិច្ចការនៅក្បែរព្រះយេហូវ៉ា បង្កបង្កើតរបស់សព្វសារពើ។ ក្រោយពេលព្រះយេហូវ៉ាបានបង្កើតទ្រង់ ព្រះបន្ទូលនេះបានគង់នៅជាមួយព្រះក្នុងស្ថានសួគ៌ជាយូរលង់មកហើយ មុនទ្រង់ក្លាយជាមនុស្សរស់នៅលើផែនដីនេះ។
១៤. ហេតុអ្វីបានជាគេហៅព្រះយេស៊ូថាជា«រូបអង្គនៃព្រះដ៏មើលមិនឃើញ»?
១៤ ដូច្នេះហើយបានកូល៉ុស ១:១៥ហៅព្រះយេស៊ូថាជា «រូបអង្គនៃព្រះដ៏មើលមិនឃើញ»! ដោយបាននៅជិតស្និទ្ធស្នាលអស់រយៈជាយូរកាលមក ព្រះរាជបុត្រាដ៏ស្ដាប់បង្គាប់នេះក៏មានលក្ខណៈដូចព្រះយេហូវ៉ា ជាព្រះវរបិតានៃទ្រង់ដែរ។ នេះគឺជាមូលហេតុមួយទៀត ដែលថាព្រះយេស៊ូគឺជាកូនសោដែលបង្ហាញនូវចំណេះអំពីព្រះ ជាចំណេះដែលផ្ដល់នូវជីវិត។ អស់ទាំងអ្វីៗដែលព្រះយេស៊ូបានប្រព្រឹត្តកាលទ្រង់គង់នៅលើផែនដី គឺដូចជាអ្វីៗដែលព្រះយេហូវ៉ានឹងប្រព្រឹត្តអញ្ចឹង។ ម្ល៉ោះហើយបានស្គាល់ព្រះយេស៊ូក៏មានន័យថា បានចំរើនចំណេះអំពីព្រះយេហូវ៉ាដែរ។ (យ៉ូហាន ៨:២៨; ១៤:៨-១០) ដូច្នេះ យើងបានឃើញច្បាស់ហើយថា ការរៀនអំពីព្រះយេស៊ូគ្រីស្ទគឺជាការសំខាន់ជាទីបំផុត។
ដំណើរជីវិតនៃព្រះយេស៊ូលើផែនដី
១៥. តើតាមរបៀបណាដែលព្រះយេស៊ូយាងមកចាប់កំណើតជាទារកដ៏គ្រប់ល័ក្ខណ៍?
១៥ ដំណាក់ទីពីរនៃដំណើរជីវិតរបស់ព្រះយេស៊ូគឺនៅលើផែនដី។ ទ្រង់ស្ម័គ្រព្រះទ័យធ្វើតាមបញ្ជា ពេលព្រះយកជីវិតនៃទ្រង់ពីស្ថានសួគ៌ បញ្ចូលទៅក្នុងផ្ទៃនៃស្រីព្រហ្មចារីសាសន៍យូដាដ៏ស្មោះត្រង់ម្នាក់ ឈ្មោះម៉ារា។ វិញ្ញាណបរិសុទ្ធ ឬ សកម្មពលដ៏ខ្លាំងក្លារបស់ព្រះយេហូវ៉ា ‹បានគ្របបាំង›នាងម៉ារា បណ្ដាលឲ្យនាងមានគភ៌ ហើយដល់ទីបំផុតក៏ប្រសូតបានបុត្រដ៏គ្រប់ល័ក្ខណ៍មួយ។ (លូកា ១:៣៤, ៣៥) ព្រះយេស៊ូឥតមានភាពឥតគ្រប់ល័ក្ខណ៍ជាប់ជាមួយមកទេ ដ្បិតជីវិតរបស់ទ្រង់ គឺកើតចេញមកពីប្រភពដ៏គ្រប់ល័ក្ខណ៍។ ទ្រង់បានត្រូវគ្រូសារដ៏រាបទាបមួយចិញ្ចឹម ទុកជាកូនប្រុសចិញ្ចឹមរបស់ជាងឈើយ៉ូសែប ហើយកូនច្បងក្នុងចំណោមកូនប៉ុន្មាននាក់ក្នុងគ្រួសារ។—អេសាយ ៧:១៤; ម៉ាថាយ ១:២២, ២៣; ម៉ាកុស ៦:៣
១៦, ១៧. (ក) តើព្រះយេស៊ូបានអំណាចពីណាមកប្រព្រឹត្តអព្ភូតហេតុ ហើយទ្រង់បានប្រព្រឹត្តអព្ភូតហេតុអ្វីខ្លះ? (ខ) តើគុណសម្បត្ដិអ្វីខ្លះដែលព្រះយេស៊ូបានសម្ដែងឲ្យឃើញ?
១៦ ភក្ដីភាពដ៏ជ្រាលជ្រៅដែលព្រះយេស៊ូមានចំពោះព្រះយេហូវ៉ា គឺឃើញជាក់ស្តែងកាលពីទ្រង់មានព្រះជន្ម១២ឆ្នាំម្ល៉េះ។ (លូកា ២:៤១-៤៩) ក្រោយពេលបានធំពេញវ័យឡើង ហើយចាប់ធ្វើកិច្ចបំរើរបស់ទ្រង់កាលមានព្រះជន្ម៣០ឆ្នាំ នោះព្រះយេស៊ូក៏បានសម្ដែងនូវសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះពួកមនុស្សដែរ។ ពេលវិញ្ញាណបរិសុទ្ធនៃព្រះផ្ដល់អំណាចឲ្យទ្រង់ប្រព្រឹត្តអព្ភូតហេតុ នោះទ្រង់ដោយសេចក្ដីអាណិតមេត្ដាក៏បានព្យាបាលពួកមនុស្សឈឺ ពិការ ខ្វិន ខ្វាក់ ថ្លង់ និងកើតឃ្លង់ឲ្យបានជាគ្រប់ៗគ្នា។ (ម៉ាថាយ ៨:២-៤; ១៥:៣០) ព្រះយេស៊ូបានផ្ដល់ចំណីអាហារដល់មនុស្សស្រេកឃ្លានរាប់ពាន់នាក់។ (ម៉ាថាយ ១៥:៣៥-៣៨) ទ្រង់បានធ្វើឲ្យស្ងប់ស្ងាត់ខ្យល់ព្យុះដែលរកនាំគ្រោះថ្នាក់ដល់ពួកមិត្តរបស់ទ្រង់។ (ម៉ាកុស ៤:៣៧-៣៩) តាមពិត ទ្រង់បានទាំងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញផង។ (យ៉ូហាន ១១:៤៣, ៤៤) អព្ភូតហេតុទាំងនេះ គឺជាការណ៍ពិតដែលបានត្រូវតាំងទុកយ៉ាងមាំមួនក្នុងប្រវត្ដិសាស្ត្រ។ សូម្បីតែពួកសត្រូវរបស់ព្រះយេស៊ូក៏ទទួលស្គាល់ដែរថា ទ្រង់‹បានធ្វើទីសម្គាល់ច្រើន›មែន។—យ៉ូហាន ១១:៤៧, ៤៨
១៧ ព្រះយេស៊ូធ្វើដំណើរទូទាំងស្រុកភូមិនៃទ្រង់ បង្រៀនបណ្ដាជនអំពីព្រះរាជាណាចក្រព្រះ។ (ម៉ាថាយ ៤:១៧) ទ្រង់ក៏បានសម្ដែងសេចក្ដីអត់ធ្មត់និងសេចក្ដីសមហេតុផល ទុកជាឧទាហរណ៍ដ៏វិសេសវិសាល។ សូម្បីតែពេលដែលពួកសិស្សទ្រង់បានធ្វើឲ្យទ្រង់ខកព្រះទ័យក៏ដោយ ទ្រង់ក៏មានបន្ទូលដោយសេចក្ដីអាណិតអាសូរថា៖ «វិញ្ញាណប្រុងស្រេចមែន តែសាច់ឈាមខ្សោយទេ»។ (ម៉ាកុស ១៤:៣៧, ៣៨) ប៉ុន្តែ ព្រះយេស៊ូទ្រង់ក្លាហានហើយត្រង់ឥតវៀចវេរឡើយ ចំពោះពួកអ្នកដែលស្អប់សេចក្ដីពិត ហើយសង្កត់ជិះជាន់មនុស្សទន់ខ្សោយឥតអ្វីទីពឹង។ (ម៉ាថាយ ២៣:២៧-៣៣) សំខាន់បំផុត គឺថាទ្រង់ត្រាប់តាមឧទាហរណ៍នៃព្រះបានយ៉ាងល្អឥតខ្ចោះ គឺឧទាហរណ៍ អំពីស្រឡាញ់។ ព្រះយេស៊ូបានទាំងស្ម័គ្រព្រះទ័យលះបង់ជីវិតនៃទ្រង់ផង ដើម្បីឲ្យមនុស្សជាតិដ៏ឥតគ្រប់ល័ក្ខណ៍មានសេចក្ដីសង្ឃឹមសំរាប់អនាគត។ ដូច្នេះ គឺគ្មានអ្វីងឿងឆ្ងល់ឡើយ ដែលយើងសមនឹងថ្លែងសំដៅទៅព្រះយេស៊ូថាជាកូនសោដែលបង្ហាញនូវចំណេះអំពីព្រះ! ពិតហើយ ទ្រង់ជាកូនសោដ៏រស់នៅ! ប៉ុន្តែ ហេតុអ្វីបានជាយើងថាកូនសោដ៏រស់នៅ? នេះនឹងនាំយើងឲ្យពិចារណាមើល ដំណាក់ទីបីនៃដំណើរជីវិតរបស់ទ្រង់។
ព្រះយេស៊ូក្នុងពេលសព្វថ្ងៃនេះ
១៨. តើយើងគួរមានគំនិតយល់យ៉ាងណាអំពីព្រះយេស៊ូគ្រីស្ទសព្វថ្ងៃនេះ?
១៨ ថ្វីបើព្រះគម្ពីររាយការណ៍ប្រាប់អំពីព្រះយេស៊ូសោយទិវង្គត តែទ្រង់ឥឡូវនេះមានព្រះជន្មរស់នៅទេ! តាមពិត មនុស្សរាប់រយនាក់រស់នៅក្នុងសតវត្សទីមួយម.ស.យ.គឺជាសាក្សី បានឃើញផ្ទាល់ភ្នែកថា ទ្រង់បានត្រូវប្រោសឲ្យមានព្រះជន្មឡើងវិញមែន។ (កូរិនថូសទី១ ១៥:៣-៨) ស្របតាមទំនាយ ចាប់ពីគ្រានោះមក ទ្រង់ក៏បានគង់នៅខាងស្ដាំនៃព្រះវរបិតាទ្រង់ ហើយរង់ចាំទទួលអំណាចជាស្តេចក្នុងស្ថានសួគ៌។ (ទំនុកដំកើង ១១០:១; ហេព្រើរ ១០:១២, ១៣) ដូច្នេះ តើយើងគួរមានគំនិតយល់យ៉ាងណា អំពីព្រះយេស៊ូសព្វថ្ងៃនេះ? តើយើងគួរគិតថា ទ្រង់ជាទារកដេកក្នុងស្នូក រកធ្វើអ្វីមិនកើតនោះឬ? ឬក៏ថាទ្រង់ជាបុរសដែលឈឺចុកចាប់ ដោយកំពុងត្រូវគេធ្វើគត់? មិនមែនទេ ទ្រង់គឺជាស្តេចសោយរាជ្យដ៏មានព្រះចេស្ដា! ហើយក្នុងពេលឆាប់ៗនេះ ទ្រង់នឹងសម្ដែងនូវអំណាចគ្រប់គ្រងរបស់ទ្រង់ លើផែនដីយើងដែលប្រកបទៅដោយវិបត្ដិនេះ។
១៩. តើព្រះយេស៊ូនឹងប្រព្រឹត្តអ្វីក្នុងពេលអនាគតឆាប់ៗមុខនេះ?
១៩ នៅវិវរណៈ ១៩:១១-១៥ ព្រះយេស៊ូគ្រីស្ទដ៏ជាស្តេចបានត្រូវរៀបរាប់យ៉ាងច្បាស់រស់រវើកថា មានព្រះចេស្ដាក្រៃលែង កំពុងយាងមកកំទេចពួកមនុស្សអាក្រក់ចោល។ អ្នកគ្រប់គ្រងខាងស្ថានសួគ៌ដ៏មានសេចក្ដីស្រឡាញ់នេះចង់ធ្វើឲ្យបាត់អស់ទៅ នូវការឈឺចាប់ដែលធ្វើទុក្ខដល់មនុស្សរាប់លាននាក់សព្វថ្ងៃនេះ! ហើយទ្រង់ក៏ចង់ជួយណាស់ដែរ ដល់ពួកដែលខំប្រឹងប្រែងត្រាប់តាមឧទាហរណ៍ដ៏ល្អឥតខ្ចោះ ដែលទ្រង់បានតាំងទុកកាលទ្រង់គង់នៅលើផែនដី។ (ពេត្រុសទី១ ២:២១) ទ្រង់ចង់រក្សាការពារពួកគេក្នុងគ្រា «ចំបាំង នៅថ្ងៃដ៏ធំរបស់ព្រះដ៏មានព្រះចេស្ដាបំផុត» ដែលគេតែងហៅថា អើម៉ាគេដូន ដើម្បីឲ្យពួកគេអាចមានជីវិតរស់ជារៀងរហូត ជារាស្ត្រលើផែនដីនៃព្រះរាជាណាចក្រស្ថានសួគ៌របស់ព្រះ។—វិវរណៈ ៧:៩, ១៤; ១៦:១៤, ១៦
២០. តើព្រះយេស៊ូនឹងធ្វើអ្វីសំរាប់មនុស្សជាតិក្នុងរាជ្យមួយពាន់ឆ្នាំរបស់ទ្រង់?
២០ ក្នុងរាជ្យមួយពាន់ឆ្នាំដ៏ប្រកបដោយសន្ដិភាពរបស់ព្រះយេស៊ូ ដែលបានត្រូវទាយទុកមក នោះទ្រង់ប្រព្រឹត្តអព្ភូតហេតុ ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិទាំងអស់។ (អេសាយ ៩:៦, ៧; ១១:១-១០; វិវរណៈ ២០:៦) ព្រះយេស៊ូនឹងព្យាបាលអស់ទាំងជម្ងឺ ហើយធ្វើឲ្យលែងមានសេចក្ដីស្លាប់ទៀត។ ទ្រង់នឹងប្រោសមនុស្សស្លាប់រាប់រយកោដិនាក់ឲ្យរស់ឡើងវិញ ដើម្បីឲ្យពួកគេផងដែរ មានឱកាសរស់នៅជារៀងរហូតលើផែនដី។ (យ៉ូហាន ៥:២៨, ២៩) អ្នកនឹងត្រូវរំភើបចិត្តពុំខានឡើយ ដោយបានរៀនថែមទៀត អំពីព្រះរាជាណាចក្រព្រះមេស្ស៊ីនេះនៅជំពូកក្រោយ។ តែសូមជ្រាបឲ្យបានច្បាស់ថា៖ យើងមិនអាចទាំងនឹកដល់ឡើយថា ជីវិតយើងនឹងបានទៅជាប្រសើរអស្ចារ្យយ៉ាងណានៅក្រោមអំណាចគ្រប់គ្រងនៃព្រះរាជាណាចក្រ។ គឺសំខាន់ម្ល៉េះហ្ន៎ ដែលយើងត្រូវស្គាល់ព្រះយេស៊ូឲ្យបានច្បាស់ថែមទៀត! ពិតហើយ គឺសំខាន់ជាទីបំផុតដែលយើងមិនត្រូវភ្លេចឲ្យសោះដល់ព្រះយេស៊ូ ជាកូនសោដ៏រស់នៅដែលបង្ហាញនូវចំណេះអំពីព្រះ ជាចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។
[កំណត់សម្គាល់]
a ការចុះបញ្ជីនេះជួយឲ្យចក្រភពរ៉ូមស្រួលទារយកពន្ធបាន។ ដូច្នេះ អូគូស្ទដោយមិនដឹងខ្លួនក៏បានជួយធ្វើឲ្យសម្រេចទំនាយអំពីអ្នកគ្រប់គ្រងម្នាក់ដែលនឹង ‹ចាត់ភ្នាក់ងារ ឲ្យដើរកាត់នគរ ដើម្បីរ៉ឹងទារសួយ›។ ទំនាយដដែលនេះបានទាយថា «សំដេចសង្ឃនៃសេចក្ដីសញ្ញា» ឬព្រះមេស្ស៊ី នឹង«ត្រូវបំផ្លាញ» ក្នុងរាជ្យនៃអ្នកដែលសោយរាជ្យឡើងជំនួសអ្នកគ្រប់គ្រងនេះ។ ព្រះយេស៊ូបានត្រូវគេធ្វើគុតក្នុងរាជ្យទីប៊ើរ ដែលសោយរាជ្យឡើងជំនួស អូគូស្ទ។—ដានីយ៉ែល ១១:២០-២២
b ពួ៍កសាសន៍យូដាបុរាណធម្មតាតែងគិតជាអាទិត្យនៃឆ្នាំ។ ជាឧទាហរណ៍ ថ្ងៃទីប្រាំពីរនិមួយៗគឺជាថ្ងៃឈប់សំរាកមួយ ហើយឯឆ្នាំទីប្រាំពីរនិមួយៗក៏រាប់ជាឆ្នាំឈប់សំរាកមួយដែរ។—និក្ខមនំ ២០:៨-១១; ២៣:១០, ១១
សាកល្បងចំណេះរបស់អ្នក
តើតាមរបៀបណាដែលវង្សត្រកូលព្រះយេស៊ូជួយបញ្ជាក់ថា ទ្រង់ជាព្រះមេស្ស៊ី?
តើអ្វីខ្លះជាទំនាយព្រះមេស្ស៊ី ដែលបានត្រូវសម្រេចអំពីព្រះយេស៊ូ?
តើព្រះសម្ដែងឲ្យឃើញផ្ទាល់យ៉ាងដូចម្ដេចថា ព្រះយេស៊ូជាមួយអង្គដែលទ្រង់ចាក់ប្រេងតាំង?
ហេតុអ្វីព្រះយេស៊ូគឺជាកូនសោដ៏រស់នៅ ដែលបង្ហាញនូវចំណេះអំពីព្រះ?
[តារាងនៅទំព័រ៣៧]
ទំនាយដ៏អស្ចារ្យខ្លះអំពីព្រះមេស្ស៊ី
ទំនាយ ព្រឹត្ដិការណ៍ ការត្រូវសម្រេច
ជីវិតទ្រង់កាលពីដើម
អេសាយ ៧:១៤ កើតពីស្រីព្រហ្មចារី ម៉ាថាយ ១:១៨-២៣
យេរេមា ៣១:១៥ គេសម្លាប់ទារកក្រោយពេលទ្រង់ចាប់កំណើត ម៉ាថាយ ២:១៦-១៨
កិច្ចបំរើរបស់ទ្រង់
អេសាយ ៦១:១, ២ ទ្រង់បានអំណាចពីព្រះមកបំពេញ លូកា ៤:១៨-២១
អេសាយ ៩:១, ២ កិច្ចបំរើធ្វើឲ្យមនុស្សបានឃើញពន្លឺយ៉ាងធំ ម៉ាថាយ ៤:១៣-១៦
ទំនុកដំកើង ៦៩:៩ ឧស្សាហ៍ដល់ដំណាក់នៃព្រះយេហូវ៉ា យ៉ូហាន ២:១៣-១៧
អេសាយ ៥៣:១ គេមិនជឿដល់ទ្រង់ យ៉ូហាន ១២:៣៧, ៣៨
សាការី ៩:៩; យាងចូលក្រុងយេរូសាឡិមដោយគង់ ម៉ាថាយ ២១:១-៩
ទំនុកដំកើង ១១៨:២៦ លើកកូនលា; មានគេហែអប់អរសាទរ
ជាស្តេចនិងជាមួយអង្គដែលយាង
មកក្នុងព្រះនាមព្រះយេហូវ៉ា
ការក្បត់និងការសោយទិវង្គតរបស់ទ្រង់
ទំនុកដំកើង ៤១:៩; ១០៩:៨ សាវ័កម្នាក់ឥតស្មោះត្រង់; កិច្ចការ ១:១៥-២០
ក្បត់ព្រះយេស៊ូហើយក្រោយមក
ត្រូវគេជំនួសវិញ
សាការី ១១:១២ ត្រូវគេក្បត់ដើម្បីប្រាក់៣០ដុំ ម៉ាថាយ ២៦:១៤, ១៥
ទំនុកដំកើង ២៧:១២ គេប្រើសាក្សីមិនពិតប្រឆាំងនឹងទ្រង់ ម៉ាថាយ ២៦:៥៩-៦១
ទំនុកដំកើង ២២:១៨ គេចាប់ឆ្នោតដើម្បីយកព្រះពស្ត្រទ្រង់ យ៉ូហាន ១៩:២៣, ២៤
អេសាយ ៥៣:១២ រាប់បញ្ចូលទ្រង់ជាមួយពួកអ្នកមានបាប ម៉ាថាយ ២៧:៣៨
ទំនុកដំកើង ២២:៧, ៨ ត្រូវគេជេរប្រមាថកាលជិតផុតព្រះជន្ម ម៉ាកុស ១៥:២៩-៣២
ទំនុកដំកើង ៦៩:២១ គេថ្វាយទឹកខ្មេះឲ្យ ម៉ាកុស ១៥:២៣, ៣៦
អេសាយ ៥៣:៥; បានត្រូវគេចាក់ យ៉ូហាន ១៩:៣៤, ៣៧
អេសាយ ៥៣:៩ សពទ្រង់បញ្ចុះជាមួយអ្នកមាន ម៉ាថាយ ២៧:៥៧-៦០
ទំនុកដំកើង ១៦:៨-១១ បានត្រូវប្រោសឲ្យមានព្រះ កិច្ចការ ២:២៥-៣២;
ជន្មឡើងវិញមុនត្រូវពុករលួយ កិច្ចការ ១៣:៣៤-៣៧
[រូបភាពនៅទំព័រ៣៥]
ព្រះប្រទានអំណាចឲ្យព្រះយេស៊ូព្យាបាលពូកអ្នកជម្ងឺ