ចូរផ្សាយព្រះបន្ទូលដោយចិត្តក្លាហាន
«ចូរទៅទាយដល់ . . . រាស្ត្រអញចុះ!»។—អេម៉ុស ៧:១៥
១, ២. តើអេម៉ុសជាអ្នកណា? តើព្រះគម្ពីរប្រាប់យើងយ៉ាងណាអំពីគាត់?
ពេលអ្នកបំរើរបស់ព្រះយេហូវ៉ាម្នាក់កំពុងផ្សព្វផ្សាយនោះ មានសង្ឃម្នាក់ចេញមកនិយាយតទល់នឹងគាត់។ សង្ឃនោះស្រែកថា៖ ‹ឈប់ផ្សព្វផ្សាយភ្លាម! ចេញពីកន្លែងនេះភ្លាមទៅ!›។ តើអ្នកផ្សាយម្នាក់នេះបានធ្វើអ្វី? តើគាត់ចុះញ៉មស្ដាប់តាមទេ? ឬក៏តើគាត់បានបន្តផ្សាយព្រះបន្ទូលដោយចិត្តក្លាហាន? យើងអាចដឹងនូវប្រតិកម្មគាត់បាន ពីព្រោះអ្នកផ្សាយម្នាក់នោះបានកត់សរសេរបទពិសោធន៍របស់គាត់ផ្ទាល់ក្នុងសៀវភៅព្រះគម្ពីរដែលមានឈ្មោះគាត់ជាចំណងជើង គឺសៀវភៅអេម៉ុស។ មុននឹងយើងរៀនថែមទៀតអំពីពេលអេម៉ុសជួបសង្ឃនោះ សូមយើងពិនិត្យមើលនូវសាវតាររបស់គាត់។
២ តើអេម៉ុសជាអ្នកណា? តើគាត់រស់នៅកន្លែងណា? តើគាត់រស់នៅសម័យណា? យើងអាចរកឃើញចម្លើយចំពោះសំនួរទាំងនោះនៅអេម៉ុស ១:១៖ «នេះជាពាក្យរបស់អេម៉ុសជាម្នាក់ក្នុងពួកគង្វាលនៅត្កូអា . . . នៅក្នុងរាជ្យនៃអូសៀសជាស្តេចយូដា ហើយក្នុងរាជ្យនៃយេរ៉ូបោមជាបុត្រយ៉ូអាស ស្តេចអ៊ីស្រាអែល»។ អេម៉ុសរស់នៅស្រុកកំណើតរបស់គាត់ គឺភូមិត្កូអានៅស្រុកយូដាដែលមានចម្ងាយប្រមាណ១៦គីឡូម៉ែត្រខាងត្បូងទីក្រុងយេរូសាឡិម។ គាត់រស់នៅមុនដំណាច់សតវត្សរ៍ទី៩មុនស.យ. ពេលដែលស្តេចអូសៀសគ្រប់គ្រងនៅស្រុកយូដា និងស្តេចយេរ៉ូបោមទី២បានគ្រប់គ្រងនៅព្រះរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធដប់។ អេម៉ុសមានមុខរបរជាអ្នកចិញ្ចឹមសត្វចៀម។ ការពិត អេម៉ុស ៧:១៤ ចែងថាអេម៉ុសមិនត្រឹមតែជា«អ្នកគង្វាលសត្វ»ប៉ុណ្ណោះ តែក៏ជា«អ្នកបេះផ្លែឧទុម្ពរ»ដែរ។ ដូច្នេះ អស់ប៉ុន្មានខែជារៀងរាល់ឆ្នាំគាត់ធ្វើការនៅចំការ។ គាត់បេះឬចោះប្រហោងផ្លែឧទុម្ពរ ហើយការធ្វើដូចនេះជួយឲ្យផ្លែឧទុម្ពរឆាប់ទុំ។ នេះជាកិច្ចការនឿយហត់ណាស់។
‹ចូរទៅទាយចុះ!›
៣. បើយើងមានអារម្មណ៍ថា ខ្លួនគ្មានសមត្ថភាពផ្សាយព្រះបន្ទូល តើការរៀនអំពីអេម៉ុសជួយយើងយ៉ាងណា?
៣ អេម៉ុសប្រាប់យ៉ាងត្រង់ៗថា៖ «ខ្ញុំពីដើមមិនមែនជាហោរាទេ ក៏មិនមែនជាកូនរបស់ហោរាដែរ»។ (អេម៉ុស ៧:១៤) គាត់មិនមែនជាកូនហោរាឬព្យាការីម្នាក់ទេ ក៏មិនបានទទួលការបង្ហាត់បង្រៀនឲ្យធ្វើជាព្យាការីដែរ។ ប៉ុន្តែ ព្រះយេហូវ៉ាបានជ្រើសរើសអេម៉ុសឲ្យធ្វើកិច្ចការរបស់ទ្រង់ពីចំណោមជនជាតិយូដាទាំងអស់។ នៅគ្រានោះ ព្រះមិនបានរើសយកស្តេចដ៏អង់អាចមួយអង្គ ឬសង្ឃម្នាក់ដែលជាអ្នកចេះដឹង ឬក៏មេកុលសម្ព័ន្ធដែលជាអ្នកមានស្តុកស្តម្ភឲ្យធ្វើកិច្ចការរបស់ទ្រង់នោះទេ។ នេះជាមេរៀនមួយដែលលើកទឹកចិត្តយើងណាស់។ យើងក៏ប្រហែលជាគ្មានឋានៈឬកំរិតវប្បធម៌ខ្ពង់ខ្ពស់ទេ។ ប៉ុន្តែ តើនោះគួរធ្វើឲ្យយើងមានអារម្មណ៍ថា ខ្លួនគ្មានសមត្ថភាពផ្សាយព្រះបន្ទូលទេ? គឺមិនគួរធ្វើឲ្យយើងមានអារម្មណ៍ដូច្នេះសោះឡើយ! ព្រះយេហូវ៉ាអាចពង្រឹងសមត្ថភាពរបស់យើងឲ្យប្រកាសសាររបស់ទ្រង់ ទោះជាស្ថិតក្នុងតំបន់ពិបាកផ្សព្វផ្សាយក៏ដោយ។ ដោយសារព្រះយេហូវ៉ាបានធ្វើដូច្នេះសំរាប់អេម៉ុស នោះអស់អ្នកណាដែលចង់ផ្សាយព្រះបន្ទូលដោយចិត្តក្លាហានអាចទាញយកមេរៀនបានដោយពិចារណាយ៉ាងល្អិតល្អន់នូវគំរូរបស់ព្យាការីដ៏ក្លាហាននោះ។
៤. ហេតុអ្វីក៏ការទាយនៅស្រុកអ៊ីស្រាអែល ជាការពិបាកចំពោះអេម៉ុស?
៤ ព្រះយេហូវ៉ាមានបន្ទូលប្រាប់អេម៉ុសថា៖ «ចូរទៅទាយដល់អ៊ីស្រាអែលជារាស្ត្រអញចុះ!»។ (អេម៉ុស ៧:១៥) កិច្ចការនោះពិបាកណាស់ ដ្បិតនៅពេលនោះព្រះរាជាណាចក្រដែលមានកុលសម្ព័ន្ធទាំងដប់នៃសាសន៍អ៊ីស្រាអែលកំពុងមានសេចក្ដីសុខសាន្ត ហើយប្រជាជនមានទ្រព្យសម្បត្ដិស្តុកស្តម្ភ។ ពួកគេជាច្រើនមាន«ផ្ទះសំរាប់រដូវរងា» ព្រមទាំង«ផ្ទះសំរាប់រដូវក្ដៅ» ដែលមិនមែនធ្វើពីដីឥដ្ឋធម្មតានោះទេ តែធ្វើពី«ថ្មដាប់»ថ្លៃៗ។ ពួកគេខ្លះមានគ្រឿងតុទូល្អវិចិត្រមានក្បាច់ធ្វើពីភ្លុកហើយក៏ដាំ«ចំការទំពាំងបាយជូរដ៏គាប់ចិត្ត»ដើម្បីធ្វើស្រា។ (អេម៉ុស ៣:១៥; ៥:១១) ហេតុនេះហើយប្រជាជនភាគច្រើនជាមនុស្សរស់នៅដោយឥតខ្វល់ខ្វាយអ្វីឡើយ។ ពិតណាស់ថា តំបន់ផ្សាយរបស់អេម៉ុសស្ដាប់ទៅស្រដៀងគ្នានឹងតំបន់ផ្សាយរបស់យើងនៅសព្វថ្ងៃនេះមែន។
៥. តើពួកអ៊ីស្រាអែលខ្លះបានប្រព្រឹត្តអំពើអយុត្ដិធម៌អ្វីខ្លះ?
៥ កាលដែលជនជាតិអ៊ីស្រាអែលមានទ្រព្យសម្បត្ដិជាច្រើន នោះមិនមែនជាការខុសទេ។ ក៏ប៉ុន្តែ ពួកអ៊ីស្រាអែលខ្លះប្រមែប្រមូលទ្រព្យសម្បត្ដិនោះតាមវិធីទុច្ចរិត។ ពួកអ្នកមាន«សង្កត់សង្កិនពួកក្រីក្រ»ទាំង«ជាន់ឈ្លីពួកកំសត់ទុគ៌ត»ទៀតផង។ (អេម៉ុស ៤:១) ពួកឈ្មួញ ពួកចៅក្រម និងពួកសង្ឃដែលមានឋានៈធំដុំចេះតែឃុបឃិតគ្នាប្រវ័ញ្ចយកលុយពីជនក្រីក្រ។ ឥឡូវ សូមស្រមៃគិតក្នុងចិត្តថា យើងកំពុងតែដើរជាមួយនឹងអេម៉ុសពេលគាត់សង្កេតមើលអ្វីៗដែលបុរសទាំងនេះកំពុងធ្វើ។
ច្បាប់ព្រះត្រូវបានបំពាន
៦. តើពួកឈ្មួញជនជាតិអ៊ីស្រាអែលជញ្ជក់ផលប្រយោជន៍ពីអ្នកឯទៀតយ៉ាងដូចម្ដេច?
៦ មុនដំបូង យើងដើរជាមួយអេម៉ុសទៅផ្សារ។ ពួកឈ្មួញជួញដូរ«បង្រួមរង្វាល់»ហើយ«ដំឡើងថ្លៃ» ព្រមទាំងលក់«សំដីស្រូវ»ឬថាលក់អង្កាមជាស្រូវវិញ។ (អេម៉ុស ៨:៥, ៦) ពិតមែនថា ពួកឈ្មួញកំពុងតែបោកប្រាស់អតិថិជនតាមវិធីជាច្រើនយ៉ាង គឺពួកគេស៊ីបំបាត់អ្នកទិញ ក៏លក់ក្នុងតម្លៃថ្លៃ ហើយរបស់មានគុណភាពអន់។ មិនតែប៉ុណ្ណោះ ពួកឈ្មួញបានជញ្ជក់ផលប្រយោជន៍ពីអ្នកក្ររហូតដល់អស់លុយរលីង នោះជនក្រីក្រត្រូវលក់ខ្លួនធ្វើជាខ្ញុំកញ្ជះ។ បន្ទាប់មក ពួកឈ្មួញនឹងទិញអ្នកក្រក្នុងតម្លៃស្មើនឹង«ស្បែកជើង១សំរាប់»។ (អេម៉ុស ៨:៦) សូមគិតទៅមើល! ពួកឈ្មួញចាត់ទុកជនជាតិអ៊ីស្រាអែលដូចគ្នាជាមនុស្សមានតម្លៃស្មើនឹងស្បែកជើងមួយសំរាប់ប៉ុណ្ណោះ! នេះជាការជាន់ឈ្លីបន្ទាបបន្ថោកអ្នកក្រខ្សត់ខ្លាំងណាស់! ហើយក៏ជាការបំពានច្បាប់ព្រះយ៉ាងធ្ងន់ធ្ងរ! ប៉ុន្តែ ពួកឈ្មួញទាំងនេះក៏កាន់តាម«ថ្ងៃឈប់សំរាក»ដែរ។ (អេម៉ុស ៨:៥) ពិតមែនដែលថា ពួកគេគោរពសាសនា ប៉ុន្តែពួកគេគោរពតែសំបកក្រៅប៉ុណ្ណោះ។
៧. ហេតុដូចម្ដេចបានជាពួកឈ្មួញអាចបំពានច្បាប់របស់ព្រះបាន?
៧ ដូច្នេះ ហេតុដូចម្ដេចបានជាពួកឈ្មួញទាំងនេះអាចបំពានច្បាប់ព្រះហើយរួចខ្លួនដោយស្រួលដូច្នេះ? ច្បាប់របស់ព្រះចែងថា៖ «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងវិញ»។ (លេវីវិន័យ ១៩:១៨) ពួកឈ្មួញទាំងនេះអាចរួចខ្លួនដោយសារពួកចៅក្រមដែលមានភារកិច្ចបង្ខំពួកគេឲ្យកាន់តាមច្បាប់ គឺជាដៃគូរបស់ពួកគេក្នុងបទល្មើសទាំងនោះ។ នៅឯទ្វារកំផែងទីក្រុងជាទីជំនុំជំរះក្ដី ពួកចៅក្រមបែរជា«ស៊ីសំណូក ព្រមទាំងបង្វែរមនុស្សកំសត់ទុគ៌តមិនឲ្យបានសំរេចតាមអំណាចច្បាប់»។ ជាជាងការពារអ្នកក្រីក្រ ពួកចៅក្រមទទួលសំណូកហើយក្បត់អ្នកក្រទៅវិញ។ (អេម៉ុស ៥:១០, ១២) ដូច្នេះ ពួកចៅក្រមក៏មិនអើពើនឹងច្បាប់របស់ព្រះដែរ។
៨. តើពួកសង្ឃអាក្រក់ទាំងនោះធ្វើមិនដឹងមិនឮចំពោះការប្រព្រឹត្តអ្វី?
៨ ចន្លោះពេលនេះ តើពួកសង្ឃនៅអ៊ីស្រាអែលកំពុងធ្វើអ្វី? ដើម្បីដឹង សូមស្រមៃក្នុងចិត្តថា យើងធ្វើដំណើរជាមួយនឹងអេម៉ុសទៅកន្លែងផ្សេងទៀត។ ចូរកត់សម្គាល់នូវការប្រព្រឹត្តអំពើបាបអ្វីខ្លះដែលពួកសង្ឃអនុញ្ញាតឲ្យមាន«នៅក្នុងវិហាររបស់ព្រះនៃគេ»។ ព្រះបានមានបន្ទូលតាមរយៈអេម៉ុសថា៖ «កូននិងឪពុករួមដំណេកជាមួយស្រីតែម្នាក់ ពួកគេធ្វើដូច្នេះប្រមាថនាមដ៏វិសុទ្ធរបស់យើង»។ (អេម៉ុស ២:៧, ៨, ខ.ស.) សូមគិតទៅមើល! ឪពុកនិងកូនប្រុសធ្វើអំពើអសីលធម៌ជាមួយស្រីសំផឹងតែម្នាក់នៅឯព្រះវិហារ។ ហើយពួកសង្ឃអាក្រក់ទាំងនោះធ្វើមិនដឹងមិនឮចំពោះអំពើអសីលធម៌ដែលគេបានប្រព្រឹត្ត!—លេវីវិន័យ ១៩:២៩; ចោទិយកថា ៥:១៨; ២៣:១៧
៩, ១០. តើពួកអ៊ីស្រាអែលមានកំហុសយ៉ាងណាចំពោះការបំពានច្បាប់របស់ព្រះ? តើមានភាពស្រដៀងគ្នាអ្វីនឹងសម័យយើងនេះ?
៩ ព្រះយេហូវ៉ាបានមានបន្ទូលអំពីការប្រព្រឹត្តអំពើបាបផ្សេងទៀតដោយថា៖ «គេក្រាលសំលៀកបំពាក់ដែលបានទទួលបញ្ចាំ ដេកចុះនៅក្បែរគ្រប់ទាំងអាសនា ហើយនៅក្នុងវិហាររបស់ព្រះនៃគេ នោះគេផឹកស្រាទំពាំងបាយជូររបស់ពួកអ្នកដែលខ្លួនបានពិន័យលក់ហើយដែរ»។ (អេម៉ុស ២:៨) មែនហើយ ពួកសង្ឃនិងមនុស្សភាគច្រើនក៏មិនអើពើចំពោះច្បាប់ដែលកត់ទុកនៅនិក្ខមនំ ២២:២៦, ២៧ ដែលថាសំលៀកបំពាក់ណាដែលជារបស់បញ្ចាំត្រូវឲ្យវិញមុនពេលយប់។ ផ្ទុយទៅវិញពួកគេក្រាលសំលៀកបំពាក់នោះដូចកន្ទេលសំរាប់អង្គុយលេងពេលដែលស៊ីផឹកជប់លៀងធ្វើបុណ្យថ្វាយព្រះមិនពិត។ ហើយប្រាក់ពិន័យដែលបានជំរឹតពីអ្នកក្រ ពួកគេក៏យកមកទិញស្រាផឹកនៅឯបុណ្យសាសនាមិនពិត។ ពួកគេបានបែរចេញយ៉ាងឆ្ងាយពីការថ្វាយបង្គំពិត!
១០ ជនជាតិអ៊ីស្រាអែលកំពុងតែបំពានដោយឥតលាក់លៀមទៅលើច្បាប់ពីរដ៏សំខាន់បំផុត គឺត្រូវស្រឡាញ់ព្រះយេហូវ៉ានិងត្រូវស្រឡាញ់មនុស្សឯទៀត។ ហេតុដូច្នេះហើយបានជាព្រះយេហូវ៉ាចាត់អេម៉ុសឲ្យទៅផ្ដន្ទាទោសពួកគេដោយសារភាពឥតស្មោះភក្ដីចំពោះទ្រង់។ សព្វថ្ងៃនេះ ប្រទេសទាំងឡាយក្នុងពិភពលោកដែលកាន់គ្រីស្ទសាសនានិងប្រទេសផ្សេងៗទៀតក៏ពុករលួយដូចសាសន៍អ៊ីស្រាអែលពីបុរាណដែរ។ មនុស្សខ្លះសំបូរសប្បាយ រីឯអ្នកឯទៀតហិនហោចខាងលុយកាក់និងមានការឈឺចាប់ខាងផ្លូវចិត្តដោយសារការប្រព្រឹត្តអំពើអសីលធម៌របស់ចាងហ្វាងក្រុមហ៊ុនធំៗ ហើយអ្នកដឹកនាំខាងនយោបាយនិងសាសនាមិនពិតដែលមិនទៀងត្រង់។ ក៏ប៉ុន្តែ ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់នឹងអស់អ្នកដែលកំពុងរងទុក្ខលំបាកនិងចង់ស្វែងរកទ្រង់។ ដូច្នេះ ទ្រង់បានចាត់អ្នកបំរើរបស់ទ្រង់សព្វថ្ងៃនេះឲ្យធ្វើកិច្ចការដូចអេម៉ុស គឺការផ្សាយព្រះបន្ទូលដោយចិត្តក្លាហាន។
១១. តើយើងអាចទាញមេរៀនអ្វីពីគំរូរបស់អេម៉ុស?
១១ ដោយព្រោះកិច្ចផ្សព្វផ្សាយរបស់អេម៉ុសនិងកិច្ចផ្សព្វផ្សាយរបស់យើងគឺស្រដៀងគ្នានោះ យើងនឹងទទួលផលប្រយោជន៍យ៉ាងច្រើនពីការពិចារណានូវគំរូរបស់គាត់។ ការពិត អេម៉ុសបង្ហាញយើងអំពី (១) សារដែលយើងត្រូវផ្សាយ (២) របៀបដែលយើងគួរផ្សាយសារនោះ ហើយ (៣) មូលហេតុដែលអ្នកប្រឆាំងមិនអាចទប់ស្កាត់កិច្ចការផ្សាយរបស់យើង។ សូមយើងពិចារណាចំណុចទាំងនេះម្ដងមួយៗ។
របៀបដែលយើងអាចយកតម្រាប់តាមអេម៉ុស
១២, ១៣. តើព្រះយេហូវ៉ាបានបង្ហាញថាទ្រង់មិនសព្វព្រះហឫទ័យនឹងពួកអ៊ីស្រាអែលយ៉ាងដូចម្ដេច? តើពួកគេបានប្រព្រឹត្តតបយ៉ាងណា?
១២ ជាស្មរបន្ទាល់ព្រះយេហូវ៉ា កិច្ចបំរើផ្សាយរបស់យើងដៅបញ្ជាក់ទៅលើការផ្សព្វផ្សាយអំពីព្រះរាជាណាចក្រនិងការបង្កើតឲ្យមានសិស្ស។ (ម៉ាថាយ ២៨:១៩, ២០; ម៉ាកុស ១៣:១០) យ៉ាងណាក្ដី យើងក៏ត្រូវផ្សាយពីការព្រមានរបស់ព្រះដែរ ដូចជាអេម៉ុសបានប្រកាសថា ព្រះយេហូវ៉ានឹងជំនុំជំរះមនុស្សអាក្រក់ជួជាតិ។ ជាឧទាហរណ៍ អេម៉ុស ៤:៦-១១ បង្ហាញម្ដងហើយម្ដងទៀតថាព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យនឹងពួកអ៊ីស្រាអែលទេ។ ទ្រង់ធ្វើឲ្យប្រជាជនអ៊ីស្រាអែល«ខ្វះខាតអាហារ»និងក៏«បិទទប់មិនបង្អុរភ្លៀងដល់[ពួកគេ]រាល់គ្នា» ហើយបានវាយផ្ចាលពួកគេដោយធ្វើឲ្យ«ស្រូវស្កក» ព្រមទាំងបានប្រើ«អាសន្នរោគ»ឲ្យមករាតត្បាតក្នុងចំណោមពួកគេ។ តើព្រឹត្ដិការណ៍ទាំងនេះបានជំរុញប្រជាជនអ៊ីស្រាអែលឲ្យប្រែចិត្តទេ? ព្រះបានមានបន្ទូលថា៖ «ឯងមិនបានវិលត្រឡប់មកឯអញ»ទេ។ ពិតមែនថាប្រជាជនអ៊ីស្រាអែលបានបដិសេធព្រះយេហូវ៉ាម្ដងហើយម្ដងទៀត។
១៣ ព្រះយេហូវ៉ាបានដាក់ទោសពួកអ៊ីស្រាអែលដែលមិនបានប្រែចិត្តនោះ។ ក៏ប៉ុន្តែ មុនដំបូង ពួកគេនឹងទទួលការព្រមានជាមុនសិនតាមរយៈទំនាយ។ សមស្របតាមចំណុចនេះ ព្រះយេហូវ៉ាបានប្រកាសថា៖ «ព្រះយេហូវ៉ាទ្រង់នឹងមិនធ្វើអ្វីដូច្នោះឡើយ លើកតែទ្រង់សំដែងឲ្យពួកហោរាជាអ្នកបំរើទ្រង់ ឃើញគំនិតលាក់កំបាំងរបស់ទ្រង់ផង»។ (អេម៉ុស ៣:៧) ព្រះយេហូវ៉ាបានសម្ដែងឲ្យណូអេដឹងអំពីទឹកជំនន់ និងមានបន្ទូលប្រាប់គាត់ឲ្យទៅប្រកាសព្រមានអ្នកដទៃ។ ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាមានបន្ទូលប្រាប់អេម៉ុសឲ្យព្រមានសាសន៍អ៊ីស្រាអែលជាលើកចុងក្រោយ។ គួរឲ្យស្ដាយមែន សាសន៍នេះមិនបានអើពើនឹងសាររបស់ព្រះ ក៏មិនបានប្រព្រឹត្តតាមសារនោះដែរ។
១៤. តើសម័យលោកអេម៉ុសនិងសម័យយើងមានលក្ខណៈអ្វីខ្លះដែលស្រដៀងគ្នា?
១៤ អ្នកច្បាស់ជាយល់ស្របថា សម័យលោកអេម៉ុសនិងសម័យយើងមានលក្ខណៈខ្លះដែលស្រដៀងគ្នាគួរឲ្យកត់សម្គាល់។ ព្រះយេស៊ូគ្រីស្ទបានទាយអំពីអន្តរាយផ្សេងៗដែលនឹងមាននៅគ្រាចុងបញ្ចប់នេះ។ ទ្រង់ក៏បានទាយថា នឹងមានការផ្សព្វផ្សាយទូទាំងពិភពលោក។ (ម៉ាថាយ ២៤:៣-១៤) ដូចនៅសម័យលោកអេម៉ុស សព្វថ្ងៃនេះមនុស្សភាគច្រើនមិនអើពើនឹងទីសម្គាល់នៃសម័យនេះព្រមទាំងសារព្រះរាជាណាចក្រនោះទេ។ ចំពោះមនុស្សបែបនេះ អ្វីដែលបានកើតឡើងដល់សាសន៍អ៊ីស្រាអែលដែលមិនព្រមប្រែចិត្ត ក៏នឹងកើតឡើងដល់ពួកគេដែរ។ ព្រះយេហូវ៉ាបានព្រមានពួកគេថា៖ «ចូររៀបចំ ដើម្បីជួបនឹងព្រះនៃខ្លួនចុះ!»។ (អេម៉ុស ៤:១២) សាសន៍អ៊ីស្រាអែលបានជួបនឹងព្រះរបស់ខ្លួនក្នុងន័យថា ពួកគេទទួលទោសពីទ្រង់ពេលសាសន៍អាសស៊ើរសម្រុកចូលដណ្ដើមយកស្រុក។ របបលោកីយ៍សព្វថ្ងៃនេះនឹង‹ជួបព្រះ›នៅក្នុងសង្គ្រាមអើម៉ាគេដូន។ (វិវរណៈ ១៦:១៤, ១៦) ប៉ុន្តែ ដរាបណាដែលព្រះយេហូវ៉ាបន្តមានព្រះទ័យអត់ធ្មត់ នោះយើងដាស់តឿនមនុស្សច្រើនបំផុតឲ្យ«ស្វែងរកព្រះយេហូវ៉ាវិញ នោះ[ពួកគេ]រាល់គ្នានឹងរស់នៅ»។—អេម៉ុស ៥:៦
ប្រឈមមុខការប្រឆាំងដូចលោកអេម៉ុស
១៥-១៧. (ក) តើអ័ម៉ាស៊ាជាអ្នកណា? តើគាត់មានប្រតិកម្មយ៉ាងណានឹងការផ្សព្វផ្សាយរបស់អេម៉ុស? (ខ) តើអ័ម៉ាស៊ាបានចោទប្រកាន់អេម៉ុសអ្វីខ្លះ?
១៥ យើងអាចយកតម្រាប់តាមអេម៉ុស មិនគ្រាន់តែពីអ្វីដែលយើងត្រូវផ្សាយទេ តែពីរបៀបយើងត្រូវផ្សាយដែរ។ ជំពូកទី៧បញ្ជាក់ឲ្យដឹងអំពីរឿងនេះដែលបានចែងអំពីសង្ឃម្នាក់ដែលបានរៀបរាប់នៅដើមអត្ថបទនេះ។ សង្ឃនោះគឺ«អ័ម៉ាស៊ាជាសង្ឃនៅត្រង់បេតអែល»។ (អេម៉ុស ៧:១០) បេតអែលជាមណ្ឌលសាសនារបស់ពួកអ៊ីស្រាអែលដែលក្បត់ជំនឿ ដែលរួមបញ្ចូលការថ្វាយបង្គំរូបកូនគោ។ ដូច្នេះ អ័ម៉ាស៊ាជាសង្ឃសាសនាក្នុងប្រទេសនោះ។ តើគាត់មានប្រតិកម្មតបនឹងការប្រកាសដ៏ក្លាហានរបស់អេម៉ុសយ៉ាងដូចម្ដេច?
១៦ អ័ម៉ាស៊ាប្រាប់អេម៉ុសថា៖ «ឱអ្នកមើលឆុតអើយ! ចូររត់ទៅឯស្រុកយូដា ហើយរកស៊ីដោយទាយនៅស្រុកនោះវិញចុះ! កុំឲ្យទាយនៅត្រង់បេតអែលទៀតឡើយ ដ្បិតនេះជាទីគោរពរបស់ស្តេច ហើយជាដំណាក់ហ្លួងផង»។ (អេម៉ុស ៧:១២, ១៣) ដូច្នេះ អ័ម៉ាស៊ាចង់និយាយថា៖ ‹ទៅផ្ទះវិញចុះ! យើងមានសាសនាហើយ›។ អ័ម៉ាស៊ាក៏បានព្យាយាមញុះញង់ឲ្យអ្នកគ្រប់គ្រងដាក់បំរាមទៅលើការផ្សាយរបស់អេម៉ុស។ អ័ម៉ាស៊ាទូលប្រាប់ស្តេចយេរ៉ូបោមទី២ថា៖ «អេម៉ុសកំពុងបង្កើតការក្បត់ចំពោះទ្រង់ នៅកណ្ដាលពួកវង្សអ៊ីស្រាអែល»។ (អេម៉ុស ៧:១០) អ័ម៉ាស៊ាចោទប្រកាន់អេម៉ុសពីបទក្បត់ជាតិ! គាត់ទូលស្តេចថា៖ «ដ្បិតវានិយាយដូច្នេះថា ‹យេរ៉ូបោមនឹងត្រូវស្លាប់ដោយដាវ ហើយសាសន៍អ៊ីស្រាអែលនឹងត្រូវដឹកនាំចេញពីស្រុករបស់ខ្លួនទៅជាឈ្លើយជាមិនខាន›»។—អេម៉ុស ៧:១១
១៧ ក្នុងឃ្លាតែមួយនេះ អ័ម៉ាស៊ាបានចោទប្រកាន់៣ករណីដែលនាំឲ្យយល់ច្រឡំ។ គាត់ប្រាប់ថា៖ «វា[អេម៉ុស]និយាយដូច្នេះថា»។ ប៉ុន្តែ អេម៉ុសមិនដែលទាយដោយអាងខ្លួនគាត់នោះទេ។ ផ្ទុយទៅវិញ អេម៉ុសតែងប្រាប់ថា៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា»។ (អេម៉ុស ១:៣) អ័ម៉ាស៊ាក៏ចោទអេម៉ុសថា៖ «យេរ៉ូបោមនឹងត្រូវស្លាប់ដោយដាវ»។ ប៉ុន្តែ ដូចបានកត់ទុកនៅអេម៉ុស ៧:៩ អេម៉ុសបានទាយថា៖ «អញ[ព្រះយេហូវ៉ា]ក៏នឹងក្រោកឡើង ទាស់នឹងពួកវង្សយេរ៉ូបោមដោយដាវ»។ ព្រះបានទាយថានឹងមានអន្តរាយដល់«វង្ស»ដែលជាកូនចៅរបស់ស្តេចយេរ៉ូបោម។ ម្យ៉ាងទៀត អ័ម៉ាស៊ាបានអះអាងថា អេម៉ុសទាយថា៖ ‹អ៊ីស្រាអែលនឹងត្រូវដឹកនាំចេញជាឈ្លើយជាមិនខាន›។ ប៉ុន្តែ អេម៉ុសក៏បានទាយថា ប្រជាជនអ៊ីស្រាអែលណាដែលវិលត្រឡប់មកព្រះវិញនឹងទទួលពរ។ គឺច្បាស់ណាស់ អ័ម៉ាស៊ាបានបំភ្លៃការពិតក្នុងបំណងបណ្ដាលឲ្យគេដាក់បំរាមជាផ្លូវការទៅលើកិច្ចផ្សាយរបស់អេម៉ុស។
១៨. តើមានភាពស្រដៀងគ្នាអ្វីរវាងវិធីដែលអ័ម៉ាស៊ាប្រើ និងវិធីដែលពួកបព្វជិតប្រើសព្វថ្ងៃនេះ?
១៨ តើអ្នកបានកត់សម្គាល់ភាពស្រដៀងគ្នារវាងវិធីដែលអ័ម៉ាស៊ាប្រើ និងវិធីដែលអ្នកប្រឆាំងរាស្ត្រព្រះយេហូវ៉ាប្រើនៅសព្វថ្ងៃនេះដែរឬទេ? ដូចអ័ម៉ាស៊ាដែលមានអំណាចខំបំបិទមាត់អេម៉ុស នោះពួកសង្ឃ ពួកបព្វជិត និងមេគ្រួសារខំរារាំងកិច្ចផ្សព្វផ្សាយរបស់អ្នកបំរើព្រះសព្វថ្ងៃនេះដែរ។ អ័ម៉ាស៊ាបានចោទប្រកាន់អេម៉ុសដោយមិនពិតថា គាត់ក្បត់ជាតិ។ សព្វថ្ងៃនេះ បព្វជិតខ្លះក៏ចោទប្រកាន់ស្មរបន្ទាល់ព្រះយេហូវ៉ាដោយមិនពិតដែរថា ពួកគេបង្កការគំរាមកំហែងដល់សន្ដិសុខក្នុងប្រទេស។ ហើយដូចអ័ម៉ាស៊ាបានពឹងស្តេចឲ្យជួយដើម្បីប្រឆាំងអេម៉ុស នោះពួកបព្វជិតក៏ពឹងគ្នារបស់គេគឺផ្នែកខាងនយោបាយ ដើម្បីបៀតបៀនអ្នកបំរើរបស់ព្រះយេហូវ៉ា។
ពួកអ្នកប្រឆាំងពុំអាចបញ្ឈប់កិច្ចការផ្សាយរបស់យើង
១៩, ២០. តើអេម៉ុសមានប្រតិកម្មតបយ៉ាងណានឹងការប្រឆាំងរបស់អ័ម៉ាស៊ា?
១៩ តើអេម៉ុសមានប្រតិកម្មតបយ៉ាងណានឹងការប្រឆាំងពីអ័ម៉ាស៊ា? មុនដំបូង អេម៉ុសបានសួរសង្ឃនោះថា៖ តើ«លោកប្រាប់ខ្ញុំថា កុំឲ្យទាយទាស់នឹងអ៊ីស្រាអែលឲ្យសោះ»ឬ? ដោយមិនរួញរា អេម៉ុសបានបន្តប្រកាសប្រាប់ពាក្យនោះឯងដែលអ័ម៉ាស៊ាពិតជាមិនចង់ឮ។ (អេម៉ុស ៧:១៦, ១៧) អេម៉ុសមិនខ្លាចទេ។ នេះជាគំរូដ៏ប្រសើរណាស់សំរាប់យើង! ចំណែកការប្រកាសប្រាប់ព្រះបន្ទូល យើងមិនជ្រើសរើសយកការមិនស្ដាប់បង្គាប់ព្រះនិងឈប់ប្រកាសទេ សូម្បីតែនៅប្រទេសណាដែលមានមនុស្សដូចអ័ម៉ាស៊ាកំពុងអុជអាលឲ្យមានការបៀតបៀនយ៉ាងឃោរឃៅក៏ដោយ។ ដូចអេម៉ុសដែរ យើងនឹងបន្តប្រកាសថា៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា»។ ពួកអ្នកប្រឆាំងពុំអាចបញ្ឈប់កិច្ចការផ្សព្វផ្សាយរបស់យើងទេ ពីព្រោះ«ព្រះហស្តព្រះអម្ចាស់ក៏នៅជាមួយ»នឹងយើង។—កិច្ចការ ១១:១៩-២១
២០ អ័ម៉ាស៊ាគួរតែដឹងជាមុនថា ការគំរាមកំហែងរបស់គាត់នឹងគ្មានប្រយោជន៍ទេ។ អេម៉ុសពន្យល់រួចហើយនូវមូលហេតុដែលគ្មានអ្នកណាម្នាក់នៅលើផែនដីអាចបំបិទមាត់គាត់ ហើយនេះជាចំណុចទីបីដែលយើងនឹងពិចារណា។ យោងទៅតាមអេម៉ុស ៣:៣-៨ អេម៉ុសសួរសំនួរខ្លះៗនិងប្រើឧទាហរណ៍ដើម្បីបង្ហាញថា គ្មានអ្វីកើតឡើងដោយគ្មានហេតុនោះទេ។ រួចមក គាត់បកស្រាយអត្ថន័យថា៖ «សិង្ហបានស្រែកគ្រហឹមហើយ តើមានអ្នកណាដែលមិនព្រមខ្លាច? ព្រះអម្ចាស់យេហូវ៉ា ទ្រង់បានចេញវាចាហើយ តើមានអ្នកណានឹងទប់មិនទាយបានឬ?»។ និយាយរួម អេម៉ុសចង់ប្រាប់អ្នកស្ដាប់ថា៖ ‹ពេលអ្នកឮសិង្ហគ្រហឹមអ្នកមុខជាខ្លាច នេះក៏ដូចគ្នាដែរ ពេលព្រះយេហូវ៉ាបង្គាប់ខ្ញុំឲ្យផ្សាយព្រះបន្ទូល ខ្ញុំត្រូវប្រកាស មិនអាចខានទេ›។ ការកោតខ្លាចព្រះឬក៏ការគោរពយ៉ាងជ្រាលជ្រៅចំពោះព្រះយេហូវ៉ាបានជំរុញអេម៉ុសឲ្យផ្សាយដោយមានចិត្តក្លាហាន។
២១. តើយើងប្រព្រឹត្តតបនឹងសេចក្ដីបង្គាប់របស់ព្រះឲ្យយើងផ្សព្វផ្សាយដំណឹងល្អយ៉ាងដូចម្ដេច?
២១ យើងក៏ឮព្រះយេហូវ៉ាបង្គាប់ឲ្យយើងផ្សព្វផ្សាយដែរ។ តើយើងនឹងប្រព្រឹត្តតបយ៉ាងដូចម្ដេច? ដូចអេម៉ុសនិងពួកអ្នកកាន់តាមព្រះយេស៊ូនៅពីដើម យើងនឹងផ្សាយព្រះបន្ទូលព្រះយេហូវ៉ាដោយចិត្តក្លាហាន។ (កិច្ចការ ៤:២៣-៣១) មិនថាអ្នកប្រឆាំងបៀតបៀនយើងក្ដី ឬអ្នកដែលយើងជួបជាមនុស្សឥតខ្វល់ខ្វាយអ្វីក្ដី នោះនឹងមិនបំបិទមាត់យើងទេ។ ដោយបង្ហាញចិត្តខ្នះខ្នែងដូចអេម៉ុស ស្មរបន្ទាល់ព្រះយេហូវ៉ានៅជុំវិញពិភពលោកបានជំរុញឲ្យបន្តប្រកាសដំណឹងល្អដោយចិត្តក្លាហាន។ យើងមានភារកិច្ចព្រមានមនុស្សអំពីការជំនុំជំរះរបស់ព្រះយេហូវ៉ាដែលកំពុងឆ្ពោះមកជិតនោះ។ តើការជំនុំជំរះនោះរួមបញ្ចូលអ្វី? យើងនឹងឆ្លើយសំនួរនោះក្នុងអត្ថបទជាបន្ទាប់។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើអេម៉ុសបំពេញកិច្ចការដែលព្រះចាត់ឲ្យធ្វើក្នុងស្ថានការណ៍បែបណា?
• ដូចអេម៉ុស តើយើងគួរផ្សព្វផ្សាយអំពីអ្វី?
• តើយើងគួរធ្វើកិច្ចការផ្សាយរបស់យើងដោយមានចិត្តបែបណា?
• ហេតុអ្វីបានជាអ្នកប្រឆាំងពុំអាចបញ្ឈប់ការធ្វើបន្ទាល់របស់យើង?
[រូបភាពនៅទំព័រ២១]
ដូចអេម៉ុស តើអ្នកកំពុងតែផ្សព្វផ្សាយសាររបស់ព្រះយេហូវ៉ាដោយចិត្តក្លាហានឬទេ?