ចូរស្វែងរកព្រះយេហូវ៉ាមុនថ្ងៃនៃសេចក្ដីខ្ញាល់របស់ទ្រង់
«ចូរស្វែងរក[ព្រះយេហូវ៉ា] ចូរស្វែងរកសេចក្ដីសុចរិត ចូរស្វែងរកសេចក្ដីសុភាពចុះ ប្រហែលជាអ្នករាល់គ្នានឹងបានបាំងទុក នៅក្នុងថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាទេដឹង»។—សេផានា ២:៣
១. នៅពេលដែលសេផានាបានចាប់ផ្ដើមកិច្ចការខាងទំនាយ តើប្រទេសយូដាមានស្ថានភាពខាងវិញ្ញាណបែបណា?
សេផានាបានចាប់ផ្ដើមកិច្ចការខាងទំនាយរបស់គាត់នៅគ្រាដ៏សំខាន់ ក្នុងប្រវត្ដិសាស្ត្ររបស់ប្រទេសយូដា។ ស្ថានភាពខាងវិញ្ញាណរបស់សាសន៍នេះ បានចុះអាប់ឱនយ៉ាងខ្លាំង។ ជាជាងមានទំនុកចិត្តលើព្រះយេហូវ៉ា នោះប្រជាជនបានទុកចិត្តលើពួកសង្ឃនិងពួកហោរពាហិរជនឲ្យបានការណែនាំទៅវិញ។ ការថ្វាយបង្គំព្រះបាល ដែលរួមបញ្ចូលក្បួនរិតិ៍ដើម្បីបង្កើនសមត្ថភាពបន្តពូជ គឺមានពាសពេញក្នុងប្រទេសនោះ។ ពួកមេដឹកនាំជនស៊ីវិល ពួកស្តេច អភិជន និងពួកចៅហ្វាយ បានជិះជាន់លើបណ្ដាជន ដែលតាមត្រូវពួកគេគួរតែការពារគេវិញ។ (សេផានា ១:៩; ៣:៣) អ៊ីចឹងហើយ គ្មានអ្វីប្លែកទេដែលព្រះយេហូវ៉ាបានសម្រេចនឹង‹លើកព្រះហស្តទ្រង់ឡើង›ទាស់នឹងប្រទេសយូដានិងទីក្រុងយេរូសាឡិម ដើម្បីកំទេចចោលពួកគេនោះ!—សេផានា ១:៤
២. តើមានសេចក្ដីសង្ឃឹមអ្វី ចំពោះពួកអ្នកបំរើដ៏ស្មោះត្រង់របស់ព្រះនៅប្រទេសយូដា?
២ ក៏ប៉ុន្តែ ទោះជាមានស្ថានការណ៍ដ៏អាក្រក់ក៏ដោយ ក៏មានសេចក្ដីសង្ឃឹមដោយស្រពិចស្រពិលដែរ។ យ៉ូសៀសដ៏ជាបុត្ររបស់ស្តេចអាំម៉ូន ឥឡូវកំពុងតែសោយរាជ្យ។ យ៉ូសៀសបានស្រឡាញ់ព្រះយេហូវ៉ាយ៉ាងស្មោះ ទោះជាទ្រង់គ្រាន់តែជាកុមារក៏ដោយ។ បើសិនជាស្តេចថ្មីនេះនឹងស្ដារឡើងវិញនូវការថ្វាយបង្គំបរិសុទ្ធក្នុងប្រទេសយូដា នោះច្បាស់ជាការលើកទឹកចិត្តយ៉ាងណាទៅហ្ន៎! ចំពោះមនុស្សភាគតិចដែលកំពុងតែបំរើព្រះដោយស្មោះត្រង់។ ពួកអ្នកឯទៀតប្រហែលនឹងត្រូវជំរុញឲ្យចូលរួមជាមួយនឹងគេ ហើយនិងត្រូវសង្គ្រោះឲ្យរួចក្នុងថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា។
សេចក្ដីតម្រូវចំពោះការសង្គ្រោះជីវិត
៣, ៤. តើត្រូវតែបំពេញនូវសេចក្ដីតម្រូវបីយ៉ាងណា ដើម្បីឲ្យបុគ្គលម្នាក់បានសង្គ្រោះជីវិតពី«ថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា»?
៣ តើមានបុគ្គលខ្លះៗពិតជាអាចត្រូវសង្គ្រោះឲ្យរួចរស់ជីវិតក្នុងថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាឬ? ត្រូវហើយ ឲ្យតែពួកគេបានបំពេញតាមល័ក្ខខ័ណ្ឌបីយ៉ាង ដែលត្រូវរៀបរាប់នៅសេផានា ២:២, ៣។ កាលដែលយើងអានខទាំងនេះ សូមឲ្យយើងកត់សម្គាល់ជាពិសេសនូវសេចក្ដីតម្រូវទាំងនេះ។ សេផានាបានសរសេរថា៖ «មុនកំណត់ដែលត្រូវសំរេចតាមច្បាប់ គឺមុនដែលថ្ងៃនោះកន្លងបាត់ទៅដូចជាអង្កាម មុនដែលសេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះយេហូវ៉ាមកលើអ្នករាល់គ្នា អើ! មុនដែលថ្ងៃមកដល់ ក្នុងកាលដែលសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាមកលើអ្នករាល់គ្នា អស់អ្នករាបសានៅផែនដីដែលរក្សាអស់ទាំងបញ្ញត្តច្បាប់របស់ព្រះយេហូវ៉ាអើយ! ចូរស្វែងរកទ្រង់ ចូរស្វែងរកសេចក្ដីសុចរិត ចូរស្វែងរកសេចក្ដីសុភាពចុះ ប្រហែលជាអ្នករាល់គ្នានឹងបានបាំងទុក នៅក្នុងថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាទេដឹង!»។
៤ អ៊ីចឹងហើយ ដើម្បីបានសង្គ្រោះជីវិត បុគ្គលម្នាក់ត្រូវតែ(១) ស្វែងរកព្រះយេហូវ៉ា (២) ស្វែងរកសេចក្ដីសុចរិត និង(៣) ស្វែងរកសេចក្ដីសុភាព។ សេចក្ដីតម្រូវទាំងនេះគួរតែជាអ្វីដ៏ចាប់អារម្មណ៍យ៉ាងខ្លាំងដល់យើងនៅសព្វថ្ងៃនេះ។ ហេតុអ្វី? ពីព្រោះដូចជាប្រទេសយូដានិងទីក្រុងយេរូសាឡិម បានប្រឈមមុខនឹងថ្ងៃជំនុំជំរះនៅសតវត្សទីប្រាំពីរ ម.ស.យ. នោះសាសន៍ទាំងប៉ុន្មាននៅក្នុងពិភពគ្រីស្ទសាសនា តាមការពិត ពួកគេគឺជាមនុស្សអាក្រក់ទាំងអស់ ដែលកំពុងតែឆ្ពោះទៅឯការដោះស្រាយចុងក្រោយជាមួយនឹងព្រះយេហូវ៉ា នៅឯ«សេចក្ដីវេទនាជាខ្លាំង»នាពេលខាងមុខនេះ។ (ម៉ាថាយ ២៤:២១) អ្នកណាម្នាក់ដែលចង់ឲ្យបានបាំងទុកនៅគ្រានោះ ត្រូវតែចាត់វិធានការដោយមិនរួញរាឥឡូវនេះភ្លាម។ តើតាមរបៀបណាទៅ? គឺដោយស្វែងរកព្រះយេហូវ៉ា ស្វែងរកសេចក្ដីសុចរិត និងស្វែងរកសេចក្ដីសុភាព មុននឹងខកពេលហើយនោះ!
៥. តើ‹ការស្វែងរកព្រះយេហូវ៉ា›ទាក់ទងអ្វីខ្លះ?
៥ អ្នកប្រហែលនឹងនិយាយថា៖ ‹ខ្ញុំជាអ្នកបំរើម្នាក់របស់ព្រះយេហូវ៉ា ដែលបានថ្វាយខ្លួន និងបានទទួលបុណ្យជ្រមុជទឹកហើយ គឺជាស្មរបន្ទាល់ម្នាក់របស់ព្រះយេហូវ៉ា។ តើខ្ញុំមិនបានបំពេញនូវសេចក្ដីត្រូវការទាំងនោះហើយទេឬ?›។ តាមការពិត គឺទាក់ទងច្រើនទៀត មិនមែនគ្រាន់តែការថ្វាយខ្លួនយើងដល់ព្រះយេហូវ៉ាប៉ុណ្ណោះទេ។ សាសន៍អ៊ីស្រាអែលធ្លាប់ជាសាសន៍ដែលបានថ្វាយខ្លួន តែក្នុងសម័យរបស់សេផានា នោះប្រជាជននៅប្រទេសយូដាឥតបានរស់នៅសមស្របតាមការថ្វាយខ្លួនរបស់គេនោះទេ។ ជាលទ្ធផល នៅទីបំផុត ព្រះបានបោះបង់ចោលសាសន៍នេះ។ ‹ការស្វែងរកព្រះយេហូវ៉ា›នៅសព្វថ្ងៃនេះ ទាក់ទងការបណ្ដុះបណ្ដាលនិងរក្សានូវទំនាក់ទំនងដ៏កក់ក្ដៅជាមួយទ្រង់ផ្ទាល់ និងការចូលរួមជាមួយអង្គការរបស់ទ្រង់នៅលើផែនដីនេះ។ នេះបានសេចក្ដីថា ការស្គាល់នូវទស្សនៈរបស់ព្រះចំពោះរឿងផ្សេងៗ និងចេះយកចិត្តទុកដាក់ទៅលើព្រះទ័យរបស់ទ្រង់។ យើងស្វែងរកព្រះយេហូវ៉ា នៅពេលដែលយើងសិក្សាបន្ទូលរបស់ទ្រង់យ៉ាងប្រយ័ត្នប្រយែង ដោយរំពឹងគិតលើបន្ទូលនោះ និងអនុវត្តតាមឱវាទទាំងនោះក្នុងជីវិតរបស់យើង។ កាលដែលយើងស្វែងរកការណែនាំរបស់ព្រះយេហូវ៉ា តាមរយៈការអធិស្ឋានអស់ពីចិត្ត និងធ្វើតាមការនាំមុខនៃវិញ្ញាណបរិសុទ្ធរបស់ទ្រង់ នោះទំនាក់ទំនងរបស់យើងជាមួយនឹងទ្រង់នឹងបានស្និទ្ធស្នាលថែមទៀត។ យើងត្រូវតែជំរុញទឹកចិត្តឲ្យបំរើទ្រង់‹ឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកម្លាំងរបស់យើង›។—ចោទិយកថា ៦:៥; កាឡាទី ៥:២២-២៥; ភីលីព ៤:៦, ៧; វិវរណៈ ៤:១១
៦. តើយើង«ស្វែងរកសេចក្ដីសុចរិត»យ៉ាងដូចម្ដេច? ហើយហេតុអ្វីក៏អាចធ្វើទៅបាន ទោះជានៅក្នុងលោកីយ៍នេះក៏ដោយ?
៦ សេចក្ដីតម្រូវទីពីរដែលត្រូវរៀបរាប់ក្នុងសេផានា ២:៣ គឺឲ្យ«ស្វែងរកសេចក្ដីសុចរិត»។ យើងភាគច្រើនបានធ្វើការកែប្រែដ៏សំខាន់ ដើម្បីឲ្យយើងអាចបំពេញសេចក្ដីតម្រូវឲ្យទទួលពិធីជ្រមុជទឹកជាគ្រីស្ទាន។ ក៏ប៉ុន្តែយើងត្រូវតែបន្តកាន់តាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះអស់មួយជីវិត។ អ្នកខ្លះដែលបានចាប់ផ្ដើមយ៉ាងល្អក្នុងករណីនេះ បានអនុញ្ញាតឲ្យខ្លួនគេទៅជាប្រឡូកប្រឡាក់ដោយលោកីយ៍នេះវិញ។ គឺមិនជាការស្រួលទេឲ្យយើងស្វែងរកសេចក្ដីសុចរិត ដ្បិតយើងត្រូវព័ទ្ធជុំវិញដោយមនុស្សដែលចាត់ទុកអំពើឥតសីលធម៌ខាងកាម ការភូតភរ និងអំពើបាបឯទៀតជាអ្វីដ៏ធម្មតា។ ក៏ប៉ុន្តែ សេចក្ដីប្រាថ្នាដ៏ខ្លាំងចំពោះការផ្គាប់ព្រះហឫទ័យរបស់ព្រះយេហូវ៉ា អាចឈ្នះលើទំនោរចិត្តណាដែលជាការរកបំពេញចិត្តដល់លោកីយ៍នេះ ដោយខំចូលឡូកឡំជាមួយនឹងគេ។ ប្រទេសយូដាបានបាត់បង់នូវព្រះគុណរបស់ព្រះ ដោយការត្រាប់តាមសាសន៍ទាំងប៉ុន្មានដែលឥតកោតខ្លាចព្រះ ដែលនៅជិតៗនោះ។ អ៊ីចឹងហើយ ជាជាងត្រាប់តាមលោកីយ៍នេះ សូមឲ្យយើង«ត្រាប់តាមព្រះ» ដោយបណ្ដុះបណ្ដាលនូវ«ចរិយាសម្បត្ដិថ្មី ដែលបានត្រូវបង្កើតមកតាមបំណងព្រះហឫទ័យព្រះ ដោយសេចក្ដីសុចរិតនិងភក្ដីភាពដ៏ពិតប្រាកដនោះ»។—អេភេសូរ ៤:២៤, ព.ថ.; ៥:១
៧. តើយើង«ស្វែងរកសេចក្ដីសុភាព»យ៉ាងដូចម្ដេច?
៧ ចំណុចទីបីដែលបានថ្លែងនៅសេផានា ២:៣ គឺថាបើយើងចង់ឲ្យបានបាំងទុកនៅក្នុងថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា យើងត្រូវតែ«ស្វែងរកសេចក្ដីសុភាព»។ ជារៀងរាល់ថ្ងៃ យើងប្រាស្រ័យទាក់ទងនឹងមនុស្សប្រុសស្រី និងយុវជន ដែលមិនមានចិត្តសុភាពទេ។ តាមទស្សនៈគេវិញ ចិត្តសុភាពគឺជាគុណវិបត្ដិមួយ។ ការមិនរឹងរូសគឺចាត់ទុកជាភាពទន់ខ្សោយបំផុតទៅវិញ។ ពួកគេមានការសម្លុតទារ កំណាញ់ និងប្រកាន់ទៅតាមតែមតិរបស់ខ្លួន ដោយជឿថា«សិទ្ធិ»ផ្ទាល់ខ្លួននិងចំណូលចិត្តរបស់គេត្រូវតែទទួលនូវការបំពេញតាមជាមុន ទោះជាយ៉ាងណាក៏ដោយ។ ជាការសោយស្ដាយយ៉ាងណាទៅហ្ន៎! បើអាកប្បកិរិយាខ្លះនោះមានអានុភាពមកលើយើងនោះ។ នេះជាគ្រាឲ្យ«ស្វែងរកសេចក្ដីសុភាព»។ តើតាមរបៀបណា? ដោយចេះចុះចូលតាមព្រះ ទទួលយកការទូន្មានរបស់ទ្រង់ដោយចិត្តរាបទាប និងអនុលោមទៅតាមបំណងព្រះហឫទ័យទ្រង់។
ហេតុអ្វីក៏ប្រើពាក្យថា«ប្រហែលជា»បានបាំងទុក?
៨. តើអ្វីដែលបានបញ្ជាក់ដោយការប្រើពាក្យ«ប្រហែលជា»នៅឯសេផានា ២:៣?
៨ ចូរកត់ចំណាំថាសេផានា ២:៣ ចែងថា៖ «ប្រហែលជាអ្នករាល់គ្នានឹងបានបាំងទុក នៅក្នុងថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាទេដឹង!»។ ហេតុអ្វីបានជាពាក្យ«ប្រហែលជា» បានយកមកប្រើពេលនិយាយសំដៅទៅ«អស់អ្នករាបសានៅផែនដី?»។ ព្រោះថា អស់អ្នករាបសាទាំងនោះបានចាត់វិធានការវិជ្ជមាន ប៉ុន្តែគឺមិនត្រឹមត្រូវទេដែលគេទុកចិត្តទៅលើខ្លួនឯងនោះ។ ពួកគេមិនទាន់បានមកដល់ទីបញ្ចប់នៃជីវិតខ្លួនដោយបានរក្សាភាពស្មោះត្រង់ឡើយ។ គឺសមហេតុសមផលដែលថា ពួកគេខ្លះអាចធ្លាក់ទៅក្នុងអំពើបាបវិញ។ នេះក៏ដូច្នេះដែរចំពោះយើង។ ព្រះយេស៊ូបានមានបន្ទូលថា៖ «អ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុតវិញ អ្នកនោះនឹងបានសង្គ្រោះ»។ (ម៉ាថាយ ២៤:១៣) ត្រូវហើយ សេចក្ដីសង្គ្រោះនៅក្នុងថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា ពឹងទៅលើការបន្តធ្វើអ្វីដែលត្រឹមត្រូវតាមព្រះទ័យរបស់ព្រះ។ តើនេះជាសេចក្ដីតាំងចិត្តដ៏មុតមាំរបស់អ្នកឬទេ?
៩. តើជំហានដ៏ទៀងត្រង់អ្វីដែលស្តេចយ៉ូសៀសបានធ្វើ?
៩ តាមមើលទៅ ក្នុងការតបឆ្លើយនឹងពាក្យរបស់សេផានា នោះស្តេចយ៉ូសៀសបានត្រូវជំរុញទឹកចិត្តឲ្យ«ស្វែងរកព្រះយេហូវ៉ា»។ បទគម្ពីរចែងថា៖ «ដ្បិតនៅឆ្នាំទី៨ក្នុងរាជ្យទ្រង់ កាលទ្រង់[យ៉ូសៀស]នៅក្មេង[ប្រហែលជា១៦ឆ្នាំ]នៅឡើយ នោះទ្រង់ក៏ចាប់តាំងស្វែងរកតាមព្រះនៃដាវីឌ ជាឰយុកោទ្រង់»។ (របាក្សត្រទី២ ៣៤:៣) យ៉ូសៀសក៏បានខំ‹ស្វែងរកសេចក្ដីសុចរិត›ដែរ ដ្បិតយើងអានថា៖ «លុះដល់ឆ្នាំទី១២ នោះទ្រង់ផ្ដើមជំរះសំអាតស្រុកយូដា នឹងក្រុងយេរូសាឡិម ឲ្យរួចពីអស់ទាំងទីខ្ពស់ រូបព្រះ រូបឆ្លាក់ នឹងរូបសិតទាំងប៉ុន្មានចេញ គេក៏បំបាក់បំបែកអាសនាព្រះបាល»។ (របាក្សត្រទី២ ៣៤:៣, ៤) យ៉ូសៀសក៏‹បានស្វែងរកសេចក្ដីសុភាព›ដែរ ដោយប្រព្រឹត្តយ៉ាងរាបទាបដើម្បីផ្គាប់ព្រះហឫទ័យរបស់ព្រះយេហូវ៉ា ដោយសំអាតចេញពីស្រុកនូវសរណវត្ថុបូជា និងការប្រព្រឹត្តឯទៀតខាងសាសនាមិនពិត។ ពួកមនុស្សរាបសាឯទៀតច្បាស់ជាមានចិត្តអរសប្បាយយ៉ាងណាទៅហ្ន៎! លើព្រឹត្ដិការណ៍ទាំងនោះ។
១០. តើមានអ្វីកើតឡើងក្នុងប្រទេសយូដានៅឆ្នាំ៦០៧ ម.ស.យ.? ប៉ុន្តែតើអ្នកណាដែលបានត្រូវសង្គ្រោះ?
១០ ពួកយូដាជាច្រើនបានបែរមករកព្រះយេហូវ៉ាវិញ ក្នុងកំឡុងការសោយរាជ្យរបស់ស្តេចយ៉ូសៀស។ ប៉ុន្តែ ក្រោយពីស្តេចនេះសោយទិវង្គតទៅ មនុស្សជាច្រើនបានចាប់ផ្ដើមការប្រព្រឹត្តរបស់គេដូចកាលពីមុនវិញ ជាការប្រព្រឹត្តអ្វីៗដែលព្រះមិនសព្វព្រះហឫទ័យទាល់តែសោះ។ ដូចជាព្រះយេហូវ៉ាបានចេញក្រិត្យមក នោះពួកបាប៊ីឡូនបានឈ្នះលើប្រទេសយូដា និងបានកំទេចចោលទីក្រុងយេរូសាឡិមជារាជធានីនោះ នៅឆ្នាំ៦០៧ ម.ស.យ.។ ក៏ប៉ុន្តែ ស្ថានការណ៍នោះមិនមែនអស់សង្ឃឹមទាំងស្រុងនោះទេ។ ព្យាការីយេរេមា អេបេឌ-មេលេកដែលជាសាសន៍អេធីយ៉ូពី ជាពួកកូនចៅរបស់យ៉ូណាដាប និងពួកអ្នកឯទៀតដែលមានចិត្តស្មោះត្រង់នឹងព្រះ បានបាំងទុកនៅក្នុងថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា។—យេរេមា ៣៥:១៨, ១៩; ៣៩:១១, ១២, ១៥-១៨
ពួកសត្រូវរបស់ព្រះ ចូរកត់សម្គាល់ចុះ!
១១. ហេតុអ្វីបានជាការរក្សាចិត្តស្មោះត្រង់ចំពោះព្រះពិបាកណាស់នៅសព្វថ្ងៃនេះ? ប៉ុន្តែតើពួកសត្រូវនៃរាស្ត្ររបស់ព្រះយេហូវ៉ាគួរតែគិតអំពីអ្វី?
១១ កាលដែលយើងរង់ចាំថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា មកលើរបបលោកីយ៍ដ៏អាក្រក់នេះ នោះយើង«មានសេចក្ដីល្បួងផ្សេងៗ»។ (យ៉ាកុប ១:២) នៅក្នុងប្រទេសទាំងប៉ុន្មានដែលអះអាងថាឲ្យតម្លៃទៅសេរីភាពខាងការថ្វាយបង្គំ នោះបព្វជិតដែលប្រើអ្នកឯទៀតជាឈ្នាន់សំរាប់ប្រយោជន៍ខ្លួន ក៏បានប្រើឥទ្ធិពលរបស់គេជាមួយនឹងពួកអាជ្ញាធរក្រៅសាសនា ដើម្បីនាំឲ្យមានការបៀតបៀនយ៉ាងសាហាវមកលើរាស្ត្ររបស់ព្រះ។ ពួកបុរសដែលគ្មានគោលការណ៍សីលធម៌បាននិយាយបង្ខូចស្មរបន្ទាល់ព្រះយេហូវ៉ា ដោយហៅពួកគេថាជា«និកាយដ៏ប្រកបទៅដោយគ្រោះថ្នាក់»។ ព្រះទ្រង់ជ្រាបអំពីការប្រព្រឹត្តរបស់គេ ហើយទ្រង់នឹងដាក់ទណ្ឌកម្មដល់ពួកគេទាំងនេះ។ ពួកខ្មាំងសត្រូវរបស់ទ្រង់គួរតែគិតនូវអ្វីដែលបានកើតឡើងដល់ពួកសត្រូវពីបុរាណរបស់រាស្ត្រទ្រង់ ដូចជាពួកភីលីស្ទីន។ ទំនាយនេះចែងថា៖ «ដ្បិតក្រុងកាសានិងត្រូវស្ងាត់ច្រៀប ហើយក្រុងអាសកាឡូននឹងត្រូវខូចបង់ ឯពួកក្រុងអាសដូឌ នឹងត្រូវបណ្ដេញចេញទៅទាំងថ្ងៃត្រង់ ហើយក្រុងអេក្រុននឹងត្រូវរំលើងទៅដែរ»។ ទីក្រុងកាសា ទីក្រុងអាសកាឡូន ទីក្រុងអាសដូឌ និងទីក្រុងអេក្រុនរបស់សាសន៍ភីលីស្ទីននឹងត្រូវកំទេចចោលទាំងអស់។—សេផានា ២:៤-៧
១២. តើអ្វីដែលបានកើតឡើងដល់សាសន៍ភីលីស្ទីន សាសន៍ម៉ូអាប់និងសាសន៍អាំម៉ូន?
១២ ទំនាយនេះចែងជាបន្តថា៖ «អញបានឮពាក្យដំនៀលរបស់សាសន៍ម៉ូអាប់ នឹងពាក្យជេរប្រមាថរបស់ពួកកូនចៅអាំម៉ូន គឺជាពាក្យដែលគេត្មះតិះដៀលដល់រាស្ត្រអញ ហើយបានដំកើងខ្លួនគេទាស់នឹងព្រំស្រុករបស់រាស្ត្រអញផង»។ (សេផានា ២:៨) ពិតមែន សាសន៍អេស៊ីបនិងសាសន៍អេធីយ៉ូពី បានរងគ្រោះក្នុងកណ្ដាប់ដៃនឹងពួករុករានពីពួកបាប៊ីឡូន។ ប៉ុន្តែ តើអ្វីជាសេចក្ដីជំនុំជំរះរបស់ព្រះទាស់នឹងសាសន៍ម៉ូអាប់និងសាសន៍អាំម៉ូន ជាសាសន៍ដែលបានកើតចេញមកពីឡុត ដែលជាក្មួយប្រុសរបស់អ័ប្រាហាំនោះ? ព្រះយេហូវ៉ាបានទាយប្រាប់ថា៖ «ស្រុកម៉ូអាប់នឹងបានដូចជាក្រុងសូដុំម ហើយពួកកូនចៅអាម៉ូននឹងបានដូចជាក្រុងកូម៉ូរ៉ាដែរ»។ មិនដូចជីដូនរបស់គេ គឺកូនស្រីទាំងពីរនាក់របស់ឡុត ដែលបានរួចរស់ជីវិតពីសេចក្ដីហិនវិនាសនៃក្រុងសូដុំមនិងក្រុងកូម៉ូរ៉ា នោះសាសន៍ម៉ូអាប់និងសាសន៍អាំម៉ូនដ៏អំនួតទាំងនេះ នឹងមិនបានបាំងទុកពីសេចក្ដីជំនុំជំរះរបស់ព្រះឡើយ។ (សេផានា ២:៩-១២; លោកុប្បត្តិ ១៩:១៦, ២៣-២៦, ៣៦-៣៨) សព្វថ្ងៃនេះ តើសាសន៍ភីលីស្ទីននៅឯណា និងតើទីក្រុងរបស់គេនៅឯណា? ចុះយ៉ាងណាវិញចំពោះសាសន៍ម៉ូអាប់និងសាសន៍អាំម៉ូនដែលធ្លាប់មានអំនួតនោះ? ទោះជាអ្នកខំស្វះស្វែងរក ក៏អ្នករកមិនឃើញដែរ។
១៣. តើបានរកឃើញអ្វីខាងបុរាណវត្ថុវិទ្យានៅទីក្រុងនីនីវេ?
១៣ នៅសម័យរបស់សេផានា នោះចក្រភពអាសស៊ើរបានមកដល់កំពូលនៃអំណាចរបស់វា។ ក្នុងការរៀបរាប់នូវផ្នែកមួយនៃវាំង ដែលគាត់បានជីកឃើញនៅឯរដ្ឋធានីនីនីវេនៅប្រទេសអាសស៊ើរ នោះលោកអូស្ទិន ឡាយ៉ាត ដែលជាបុរាណវត្ថុវិទូបានសរសេរថា៖ «ពិតាន . . . បានចែកជាបន្ទប់បួនជ្រុង ដែលបានលាបពណ៌ដោយផ្កា ឬរូបសត្វទាំងឡាយ។ រូបខ្លះមានធ្វើពីភ្លុក ដែលមានក្បាច់ព័ទ្ធជុំវិញដោយមានជាយនិងពុម្ពដ៏ក្បាច់ក្បូរ។ ធ្នឹមព្រមទាំងចំហៀងបន្ទប់ ប្រហែលជាបានស្រោបមាស ឬព្រមទាំងជ្រលក់ទឹកមាសនិងទឹកប្រាក់ទៀតផង។ និងឈើដែលមានតម្លៃក្រៃលែង ដែលជាឈើតាត្រៅគឺបានលេចជ្រងោ ដោយបានយកមកប្រើ»។ ប៉ុន្តែ ដូចបានទាយប្រាប់នៅក្នុងទំនាយសេផានា ប្រទេសអាសស៊ើរនឹងត្រូវកំទេចចោល និងទីក្រុងនីនីវេដែលជារដ្ឋធានី នឹងទៅជា«ខូចបង់ ជាទីហួតហែង»។—សេផានា ២:១៣
១៤. តើទំនាយរបស់សេផានា បានសម្រេចទៅលើទីក្រុងនីនីវេយ៉ាងដូចម្ដេច?
១៤ ទីក្រុងនីនីវេដ៏ខ្លាំងក្លានោះបានត្រូវបំផ្លាញ និងវាំងក៏ត្រូវបាក់បែកអស់រលីង គ្រាន់តែ១៥ឆ្នាំក្រោយពីសេផានាបានទាយក្នុងទំនាយនោះ។ ត្រូវហើយ ទីក្រុងដ៏អំនួតនោះបានត្រូវបាក់បែកខ្ទេចខ្ទី។ កំរិតនៃសេចក្ដីហិនវិនាសនោះ បានទាយប្រាប់យ៉ាងរស់រវើកដោយពាក្យដូចតទៅនេះថា៖ «ទាំងស្មោញ នឹងខ្វែក នឹងទំលើក្បាលសសរ នឹងឮសំឡេងវាយំត្រង់អស់ទាំងបង្អួច ហើយនៅមាត់ទ្វារទាំងប៉ុន្មាន នោះសុទ្ធតែខូចបង់ទទេ»។ (សេផានា ២:១៤, ១៥) អាគារដែលធំស្តុកស្តម្ភយ៉ាងវិសេសវិសាលទាំងប៉ុន្មាននៅទីក្រុងនីនីវេ គឺជាកន្លែងរស់នៅ សំរាប់តែសត្វស្មោញនិងសត្វទុងប៉ុណ្ណោះ។ គេនឹងលែងឮសម្លេងរបស់អ្នកលក់ដូរ សម្លេងរបស់កូនទាហាន ឬសម្រែកពីពួកសង្ឃនៅតាមផ្លូវទីក្រុងនោះទៀតហើយ។ នៅតាមវិថីដែលធ្លាប់អ៊ូអរ នោះនឹងគ្រាន់តែឮសម្លេងយំដែលគួរឲ្យព្រឺក្បាលតាមបង្អួច ប្រហែលជាឮសម្លេងសត្វយំ ឬក៏ឮសម្លេងខ្យល់បក់ប៉ុណ្ណោះ។ តាមរបៀបនោះដែរ សូមឲ្យពួកសត្រូវរបស់ព្រះត្រូវសាបសូន្យអស់ទៅ!
១៥. តើអាចរៀនអ្វីពីព្រឹត្ដិការណ៍ដែលបានកើតឡើងដល់សាសន៍ភីលីស្ទីន សាសន៍ម៉ូអាប់ សាសន៍អាំម៉ូននិងសាសន៍អាសស៊ើរ?
១៥ តើយើងអាចរៀនអ្វី ពីព្រឹត្ដិការណ៍ដែលបានកើតឡើងដល់សាសន៍ភីលីស្ទីន សាសន៍ម៉ូអាប់ សាសន៍អាំម៉ូននិងសាសន៍អាសស៊ើរ? បើដូច្នេះ ជាពួកអ្នកបំរើរបស់ព្រះយេហូវ៉ា យើងឥតមានហេតុខ្លាចនឹងពួកសត្រូវរបស់យើងឡើយ។ ព្រះទ្រង់ទតឃើញនូវអ្វីដែលអស់អ្នក ដែលប្រឆាំងរាស្ត្ររបស់ទ្រង់បានធ្វើ។ ព្រះយេហូវ៉ាបានចាត់វិធានការទាស់នឹងពួកសត្រូវរបស់ទ្រង់នៅពីដើម ហើយសេចក្ដីជំនុំជំរះរបស់ទ្រង់ នឹងធ្លាក់មកលើអស់អ្នកដែលរស់នៅលើផែនដីទាំងមូលនៅសព្វថ្ងៃនេះដែរ។ ក៏ប៉ុន្តែ អ្នករួចរស់ជីវិតនឹងមាន‹មនុស្សមួយហ្វូងយ៉ាងធំមកពីគ្រប់ទាំងសាសន៍›។ (វិវរណៈ ៧:៩) អ្នកក៏អាចនៅក្នុងចំណោមពួកគេបានដែរ បើសិនជាអ្នកបន្តខំស្វែងរកព្រះយេហូវ៉ា ស្វែងរកសេចក្ដីសុចរិត និងស្វែងរកសេចក្ដីសុភាព។
វេទនាដល់ពួកមនុស្សព្រហើនដែលប្រព្រឹត្តអាក្រក់
១៦. តើទំនាយរបស់សេផានាចែងយ៉ាងណា អំពីពួកចៅហ្វាយនិងពួកមេដឹកនាំសាសន៍យូដា? ហើយហេតុអ្វីបានជាពាក្យនេះសមនឹងពិភពគ្រីស្ទសាសនា?
១៦ ម្ដងនេះទៀត ទំនាយរបស់សេផានាសំដៅទៅប្រទេសយូដានិងទីក្រុងយេរូសាឡិម។ សេផានា ៣:១, ២ ចែងថា៖ «វេទនាដល់ទីក្រុងរឹងចចេស ហើយស្មោកគ្រោក។ គឺដល់ទីក្រុងដែលសង្កត់សង្កិនគេ។ វាមិនបានស្ដាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មិនព្រមទទួលសេចក្ដីប្រៀនប្រដៅ ហើយមិនទុកចិត្តទ្រង់សោះ ក៏ឥតចូលទៅជិតព្រះនៃខ្លួនឡើយ»។ គឺគួរឲ្យសោកស្ដាយមែនទែន! ដែលឥតមានអ្នកណាយកចិត្តទុកដាក់នឹងការខំប្រឹងរបស់ព្រះយេហូវ៉ា ដើម្បីប្រៀនប្រដៅរាស្ត្រទ្រង់នោះ។ ប្រាកដហើយ ចិត្តគ្មានមេត្ដារបស់ពួកស្តេច ពួកអភិជន និងពួកចៅហ្វាយ គឺគួរឲ្យស្ដាយមែន។ សេផានាបានសម្ដែងសេចក្ដីមិនយល់ព្រមនឹងភាពឥតអាម៉ាស់មុខរបស់ពួកដឹកនាំសាសនា ដោយនិយាយថា៖ «ពួកហោរារបស់វា សុទ្ធតែមានចិត្តស្រាល ហើយកោងក្បត់។ ឯពួកសង្ឃរបស់វា ក៏បានបង្អាប់ទីបរិសុទ្ធ។ គេបានក្បត់ចំពោះក្រិត្យវិន័យ»។ (សេផានា ៣:៣, ៤) ពាក្យទាំងនោះសមនឹងស្ថានការណ៍នៃព្យាការី និងពួកសង្ឃរបស់ពិភពគ្រីស្ទសាសនានៅសព្វថ្ងៃនេះមែនហ្ន៎! ដោយព្រហើនកោងកាច នោះពួកគេបានដកចេញព្រះនាមនៃព្រះពីសេចក្ដីបកប្រែព្រះគម្ពីរ និងបានបង្រៀនលទ្ធិដែលធ្វើឲ្យយល់ខុសពីការពិតនៃព្រះអង្គ ដែលគេអះអាងថាគេថ្វាយបង្គំនោះ។
១៧. ទោះជាមនុស្សស្ដាប់ឬក៏អត់ ហេតុអ្វីបានជាយើងគួរបន្តប្រកាសដំណឹងល្អ?
១៧ ដោយចេះគិតដល់ប្រយោជន៍រាស្ត្ររបស់ទ្រង់ នោះព្រះយេហូវ៉ាបានព្រមានពួករាស្ត្រទ្រង់ពីបុរាណ អំពីការប្រព្រឹត្តដែលទ្រង់នឹងធ្វើនោះ។ ទ្រង់បានបញ្ជូនពួកអ្នកបំរើរបស់ទ្រង់ ដែលជាពួកព្យាការី ដូចជាសេផានានិងយេរេមា ដើម្បីដាស់តឿនរាស្ត្រទ្រង់ឲ្យប្រែចិត្ត។ ត្រូវហើយ «ព្រះយេហូវ៉ា. . . មិនព្រមប្រព្រឹត្តអំពើទុច្ចរិតសោះ។ រាល់តែព្រឹក ទ្រង់នាំយកសេចក្ដីយុត្ដិធម៌របស់ទ្រង់មក ដាក់នៅពន្លឺ ឥតខានឡើយ»។ តើពួកគេបានតបឆ្លើយយ៉ាងណា? សេផានាបានមានប្រសាសន៍ថា៖ «តែមនុស្សអាក្រក់មិនចេះខ្មាសទេ»។ (សេផានា ៣:៥) ការព្រមានស្រដៀងនេះក៏កំពុងតែត្រូវប្រកាសនៅគ្រានេះដែរ។ ប្រសិនបើអ្នកជាអ្នកផ្សាយម្នាក់នៃដំណឹងល្អ នោះអ្នកកំពុងតែចូលរួមក្នុងកិច្ចការព្រមាននេះហើយ។ ចូរខំបន្តប្រកាសដំណឹងល្អដោយឥតឈប់ឈរចុះ! ទោះជាមនុស្សស្ដាប់ឬក៏អត់ នោះតាមទស្សនៈរបស់ព្រះ កិច្ចបំរើរបស់អ្នកគឺជោគជ័យឲ្យតែអ្នកកំពុងតែធ្វើឡើងដោយស្មោះត្រង់។ អ្នកមិនចាំបាច់មានចិត្តអាម៉ាស់នោះទេ កាលដែលអ្នកធ្វើកិច្ចការរបស់ព្រះដោយចិត្តខ្នះខ្នែងនោះ។
១៨. តើសេផានា ៣:៦ នឹងបានសម្រេចយ៉ាងដូចម្ដេច?
១៨ សេចក្ដីជំនុំជំរះរបស់ព្រះនឹងមិនរួមបញ្ចូលការបំផ្លាញនូវពិភពគ្រីស្ទសាសនានោះទេ។ ព្រះយេហូវ៉ាពង្រីកការថ្កោលទោសរបស់ទ្រង់ ដោយប្រមូលអស់ទាំងសាសន៍ ដែលថា៖ «អញបានធ្វើឲ្យនគរផ្សេងៗវិនាសទៅ កំផែងរបស់គេត្រូវរលំចុះ។ អញបានធ្វើឲ្យផ្លូវគេខូចបង់ ដល់ម្ល៉េះបានជាគ្មានអ្នកណាដើរតាមនោះទៀតឡើយ។ ទីក្រុងរបស់គេបានត្រូវបំផ្លាញ»។ (សេផានា ៣:៦) ពាក្យបន្ទូលទាំងនេះដែលព្រះយេហូវ៉ាមានបន្ទូលអំពីសេចក្ដីហិនវិនាស គឺអាចទុកចិត្តបានដល់ម្ល៉េះ ដែលនេះហាក់ដូចជាបានកើតឡើងរួចទៅហើយ។ តើមានអ្វីកើតឡើងដល់ទីក្រុងភីលីស្ទីន ទីក្រុងម៉ូអាប់ និងទីក្រុងអាំម៉ូន? ហើយចុះយ៉ាងណាវិញចំពោះរដ្ឋធានីនីនីវេរបស់សាសន៍អាសស៊ើរនោះ? សេចក្ដីហិនវិនាសនៃទីក្រុងទាំងនោះ គឺជាគំរូដែលទុកជាការព្រមានដល់អស់ទាំងសាសន៍នៅសព្វថ្ងៃនេះ។ គឺមិនត្រូវឲ្យចំអកមើលងាយព្រះនោះឡើយ។
ចូរខំបន្តស្វែងរកព្រះយេហូវ៉ា
១៩. តើសំនួរដែលត្រូវត្រិះរិះពិចារណាណាខ្លះ ដែលយើងអាចសួរនោះ?
១៩ នៅសម័យរបស់សេផានា សេចក្ដីខ្ញាល់របស់ព្រះបានត្រូវព្រលែងមកលើអស់អ្នកដែល«បង្ខូចអស់ទាំងកិរិយារបស់ខ្លួន»យ៉ាងអាក្រក់នោះ។ (សេផានា ៣:៧) រឿងដូចគ្នានេះនឹងកើតឡើងនៅក្នុងសម័យយើងដែរ។ តើអ្នកឃើញនូវទីសំអាងថា ថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាគឺជិតមកដល់ហើយឬទេ? តើអ្នកកំពុងតែបន្ត«ស្វែងរកព្រះយេហូវ៉ា»ដោយអានបន្ទូលរបស់ទ្រង់ជាទៀងទាត់ គឺជារៀងរាល់ថ្ងៃឬទេ? តើអ្នក«ស្វែងរកសេចក្ដីសុចរិត»ដោយប្រកបជីវភាពស្អាតស្អំខាងសីលធម៌ ដែលសមស្របតាមខ្នាតតម្រារបស់ព្រះឬទេ? និងតើអ្នក‹កំពុងតែស្វែងរកសេចក្ដីសុភាព›ដោយសម្ដែងនូវអាកប្បកិរិយាដ៏សុភាព និងបង្ហាញការចុះចូលចំពោះព្រះ និងរបៀបរៀបចំចំពោះសេចក្ដីសង្គ្រោះឬទេ?
២០. តើមានសំនួរណាខ្លះដែលយើងនឹងពិនិត្យមើល នៅអត្ថបទចុងក្រោយនៃទំនាយរបស់សេផានា?
២០ បើសិនជាយើងខំបន្តស្វែងរកព្រះយេហូវ៉ា ស្វែងរកសេចក្ដីសុចរិត និងសេចក្ដីសុភាពដោយស្មោះត្រង់ នោះយើងអាចទន្ទឹងចាំនូវប្រសិទ្ធិពរយ៉ាងវិសេសនៅឥឡូវនេះ។ ត្រូវហើយ សូម្បីតែនៅក្នុង«ថ្ងៃជាន់ក្រោយបង្អស់»ដែលកំពុងតែសាកល្បងជំនឿនេះក៏ដោយ។ (ធីម៉ូថេទី២ ៣:១-៥; សុភាសិត ១០:២២) ប៉ុន្តែ យើងប្រហែលជាចង់សួរថា៖ ‹តើតាមរបៀបណាដែលយើងកំពុងតែទទួលប្រសិទ្ធិពរ ជាអ្នកបំរើរបស់ព្រះយេហូវ៉ានៅសម័យនេះ? ហើយតើប្រសិទ្ធិពរណាទៀតនៅអនាគត ដែលទំនាយរបស់សេផានាមានសំរាប់អស់អ្នក ដែលនឹងត្រូវបាំងទុកនៅក្នុងថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា ដែលកំពុងតែមកយ៉ាងឆាប់ៗនេះ?
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើមនុស្ស«ស្វែងរកព្រះយេហូវ៉ា»យ៉ាងដូចម្ដេច?
• តើ‹ការស្វែងរកសេចក្ដីសុចរិត›ទាក់ទងអ្វីខ្លះ?
• តើយើងអាច«ស្វែងរកសេចក្ដីសុភាព»យ៉ាងដូចម្ដេច?
• ហេតុអ្វីបានជាយើងគួរបន្តស្វែងរកព្រះយេហូវ៉ា ស្វែងរកសេចក្ដីសុចរិត និងសេចក្ដីសុភាពនោះ?
[រូបភាពនៅទំព័រ២៤]
តើអ្នកកំពុងតែស្វែងរកព្រះយេហូវ៉ាតាមរយៈការសិក្សាព្រះគម្ពីរនិងការអធិស្ឋានអស់ពីចិត្តឬទេ?