យេរេមា
៣៩ នៅឆ្នាំទី៩ ក្នុងខែទី១០ នៃរាជ្យសេដេគាស្ដេចស្រុកយូដា នេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូនបានលើកទ័ពទាំងអស់របស់គាត់មកឡោមព័ទ្ធក្រុងយេរូសាឡិម។+
២ នៅថ្ងៃទី៩ ខែទី៤ ក្នុងឆ្នាំទី១១នៃរាជ្យស្ដេចសេដេគា ទ័ពខាល់ដេបានទម្លាយកំពែងក្រុងយេរូសាឡិម។+ ៣ រួចពួកមន្ត្រីរបស់ស្ដេចស្រុកបាប៊ីឡូនបានចូលទៅអង្គុយនៅត្រង់ទ្វារកណ្តាល។+ ពួកគេមាន ណឺកាលសារីសឺដែលមានតំណែងជាសាំកា* នីបូសាសេគីមដែលមានតំណែងជារ៉ាបសារី* និងណឺកាលសារីសឺដែលមានតំណែងជារ៉ាបម៉ាក* រួមទាំងពួកមន្ត្រីឯទៀតរបស់ស្ដេចស្រុកបាប៊ីឡូនផងដែរ។
៤ ពេលសេដេគាស្ដេចស្រុកយូដានិងទាហានទាំងអស់របស់គាត់ បានឃើញពួកខាល់ដេចូលមក ពួកគេក៏នាំគ្នារត់+ចេញពីក្រុងយេរូសាឡិមទាំងយប់ គឺកាត់តាមសួនច្បារស្ដេច ហើយចេញតាមខ្លោងទ្វារដែលមានកំពែងពីរជាន់។ រួចពួកគេបន្តធ្វើដំណើរតាមផ្លូវឆ្ពោះទៅវាលអារ៉ាបា។+ ៥ ប៉ុន្តែ ទ័ពខាល់ដេបានដេញតាមសេដេគានិងទាហានរបស់គាត់ ហើយតាមទាន់នៅត្រង់តំបន់វាលទំនាបក្បែរក្រុងយេរីខូ។+ ទ័ពខាល់ដេបានចាប់សេដេគា ហើយនាំគាត់ទៅប្រគល់ឲ្យនេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូននៅក្រុងរីបឡា+ ក្នុងទឹកដីហាម៉ាត។+ នៅទីនោះ ស្ដេចស្រុកបាប៊ីឡូនបានកាត់ទោសសេដេគា។ ៦ នៅក្រុងរីបឡា ស្ដេចស្រុកបាប៊ីឡូនបានបញ្ជាឲ្យគេសម្លាប់កូនប្រុសៗរបស់សេដេគានៅចំពោះមុខគាត់។ បន្ថែមទៅទៀត ស្ដេចស្រុកបាប៊ីឡូនក៏បញ្ជាឲ្យគេប្រហារពួកអ្នកដែលមានវង្សត្រកូលខ្ពស់ក្នុងស្រុកយូដាដែរ។+ ៧ បន្ទាប់មក ស្ដេចស្រុកបាប៊ីឡូនបានចាក់ភ្នែករបស់សេដេគា ហើយដាក់ច្រវាក់ស្ពាន់ រួចនាំគាត់ទៅស្រុកបាប៊ីឡូន។+
៨ គ្រានោះ ពួកខាល់ដេបានដុតបំផ្លាញវិមានស្ដេច និងផ្ទះទាំងប៉ុន្មានរបស់បណ្ដាជន។+ ពួកគេថែមទាំងរំលំកំពែងក្រុងយេរូសាឡិមផងដែរ។+ ៩ នេប៊ូសារ៉ាដាន+ជាមេលើពួកអង្គរក្សស្ដេច បានចាប់អ្នកក្រុងយេរូសាឡិមដែលរួចជីវិត ពួកអ្នកដែលមកចុះចូលនឹងគាត់ និងពួកអ្នកឯទៀតដែលនៅសេសសល់ យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន។
១០ ប៉ុន្តែ នេប៊ូសារ៉ាដានជាមេលើពួកអង្គរក្សស្ដេច បានទុកជនខ្លះដែលក្រីក្របំផុតជាអ្នកដែលគ្មានអ្វីសោះឲ្យរស់នៅក្នុងស្រុកយូដា ហើយប្រគល់ដីស្រែនិងចម្ការទំពាំងបាយជូរឲ្យពួកគេធ្វើ។*+
១១ រីឯនេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូន គាត់បានបង្គាប់នេប៊ូសារ៉ាដានជាមេលើពួកអង្គរក្សស្ដេចស្ដីអំពីយេរេមាថា៖ ១២ «ចូរយកគាត់ទៅទំនុកបម្រុង ហើយកុំធ្វើបាបគាត់ឲ្យសោះ។ អ្វីក៏ដោយដែលគាត់សុំ អ្នកត្រូវផ្ដល់ឲ្យគាត់»។+
១៣ ដូច្នេះ នេប៊ូសារ៉ាដានដែលជាមេលើពួកអង្គរក្សស្ដេច នេប៊ូសាសបាន់ដែលជាមេលើមន្ត្រីជាន់ខ្ពស់ និងណឺកាលសារីសឺដែលមានតំណែងជារ៉ាបម៉ាក* និងមន្ត្រីឯទៀតរបស់ស្ដេចស្រុកបាប៊ីឡូន បានចាត់គេ ១៤ ឲ្យទៅនាំយកយេរេមាពីទីធ្លាអ្នកយាម+ ហើយប្រគល់គាត់ទៅឲ្យកេដាលៀ+ជាកូនអាហាយខាម+ ដែលជាកូនសាផាន។+ រួចកេដាលៀក៏នាំយេរេមាទៅក្នុងផ្ទះគាត់ ហើយយេរេមាក៏រស់នៅក្នុងចំណោមបណ្ដាជន។
១៥ កាលដែលយេរេមានៅជាប់ឃុំឃាំងក្នុងទីធ្លាអ្នកយាម+ ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់គាត់ថា៖ ១៦ «ចូរទៅប្រាប់អ៊ីបេតមេលេក+ជាជនជាតិអេត្យូពីថា៖ ‹ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖ «មើល! ខ្ញុំកំពុងនាំឲ្យមានសេចក្ដីវេទនាធ្លាក់មកលើក្រុងនេះ ដូចពាក្យរបស់ខ្ញុំ។ ខ្ញុំនឹងមិននាំឲ្យមានសេចក្ដីសុខទេ។ នៅថ្ងៃនោះ អ្នកនឹងឃើញដោយផ្ទាល់ភ្នែក»›។
១៧ «‹ប៉ុន្តែ នៅថ្ងៃនោះ ខ្ញុំនឹងសង្គ្រោះអ្នក ហើយអ្នកនឹងមិនត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃពួកបុរសដែលអ្នកខ្លាចឡើយ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
១៨ «‹ព្រោះខ្ញុំនឹងជួយអ្នកឲ្យរួចពីកណ្ដាប់ដៃពួកគេ ហើយអ្នកនឹងមិនស្លាប់ដោយដាវទេ។ អ្នកនឹងរួចជីវិតជាប្រាកដ+ ព្រោះអ្នកបានទុកចិត្តខ្ញុំ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា»។