ជំពូកទី៣៨
យ៉ូហានចង់ដឹងពីលោកយេស៊ូផ្ទាល់
ម៉ាថាយ ១១:២-១៥ លូកា ៧:១៨-៣០
យ៉ូហានដែលជាអ្នកជ្រមុជទឹកសួរអំពីតួនាទីរបស់លោកយេស៊ូ
លោកយេស៊ូសរសើរយ៉ូហាន
អស់ប្រហែលជាមួយឆ្នាំហើយ ដែលយ៉ូហានជាអ្នកជ្រមុជទឹកបានជាប់គុក។ ទោះជាយ៉ាងនោះក៏ដោយ គាត់បានឮអំពីការអស្ចារ្យរបស់លោកយេស៊ូ។ សូមស្រមៃគិតអំពីអារម្មណ៍របស់យ៉ូហានកាលដែលអ្នកកាន់តាមគាត់ប្រាប់ថា លោកយេស៊ូបានប្រោសកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់នៅក្រុងណេអ៊ីនឲ្យរស់ឡើងវិញ។ ប៉ុន្តែ យ៉ូហានចង់ឮពីលោកយេស៊ូផ្ទាល់មាត់ថាលោកជាមេស្ស៊ីឬក៏មិនមែន។ ដូច្នេះ យ៉ូហានក៏ចាត់អ្នកកាន់តាមគាត់ពីរនាក់ឲ្យទៅជួបលោកយេស៊ូ។ តើដើម្បីអ្វី? គឺដើម្បីសួរលោកយេស៊ូថា៖ «តើលោកជាអ្នកដែលត្រូវមកឬ? ឬក៏តើយើងត្រូវរង់ចាំអ្នកមួយទៀត?»។—លូកា ៧:១៩
សំណួរនេះហាក់ដូចជាចម្លែក មែនទេ? ពីព្រោះយ៉ូហានបានប្រគល់ខ្លួនជូនព្រះហើយ។ ម្យ៉ាងទៀត ពេលគាត់ជ្រមុជទឹកឲ្យលោកយេស៊ូពីរឆ្នាំមុន គាត់បានឃើញសកម្មពលរបស់ព្រះមកសណ្ឋិតលើលោកយេស៊ូ ហើយបានឮសំឡេងព្រះពីស្ថានសួគ៌ថាលោកពេញចិត្តបុត្រលោកណាស់។ ដូច្នេះ គ្មានមូលហេតុឲ្យយើងគិតថាជំនឿរបស់យ៉ូហានបានចុះខ្សោយឡើយ។ ហេតុអ្វី? ពីព្រោះក្រោយមកលោកយេស៊ូបានសរសើរយ៉ូហាន បើជំនឿយ៉ូហានបានចុះខ្សោយមែន លោកច្បាស់ជាមិនមានប្រសាសន៍ដូច្នោះទេ។ ប៉ុន្តែ បើយ៉ូហានមានជំនឿមែន ហេតុអ្វីគាត់សួរលោកយេស៊ូដូច្នេះ?
ប្រហែលជាយ៉ូហានចង់ដឹងពីលោកយេស៊ូផ្ទាល់មាត់ថាលោកជាមេស្ស៊ីឬក៏មិនមែន។ ហេតុអ្វី? ពីព្រោះនេះនឹងពង្រឹងជំនឿរបស់យ៉ូហាន កាលដែលគាត់កំពុងរងទុក្ខនៅក្នុងគុក។ ម្យ៉ាងទៀត សំណួររបស់យ៉ូហានទំនងជាបង្កប់អត្ថន័យជ្រាលជ្រៅជាង។ គាត់ស្គាល់ទំនាយក្នុងគម្ពីរដែលបង្ហាញថា អ្នកដែលព្រះបានរើសតាំងនឹងទៅជាស្តេច ហើយជាអ្នកសង្គ្រោះ។ ប៉ុន្តែ ប៉ុន្មានខែក្រោយពីលោកយេស៊ូបានទទួលការជ្រមុជទឹក យ៉ូហានបានត្រូវគេចាប់ដាក់គុក។ ដូច្នេះ យ៉ូហានចង់មានន័យថា តើមានអ្នកណាម្នាក់ទៀតដែលនឹងមកក្រោយលោកយេស៊ូ ហើយនឹងបង្ហើយកិច្ចការដែលទំនាយបញ្ជាក់ថាមេស្ស៊ីនឹងធ្វើឬ?
ជាជាងប្រាប់អ្នកកាន់តាមយ៉ូហានថា ‹លោកពិតជាអ្នកដែលត្រូវមក› លោកយេស៊ូបានបង្ហាញភ័ស្តុតាងថា លោកអាចធ្វើឲ្យមនុស្សជាច្រើនជាសះស្បើយពីជំងឺទាំងអស់បាន ដោយសារលោកមានការគាំទ្រពីព្រះ។ លោកប្រាប់អ្នកកាន់តាមយ៉ូហានថា៖ «ចូរទៅប្រាប់យ៉ូហាននូវអ្វីដែលអ្នកកំពុងឮហើយឃើញ គឺមនុស្សងងឹតភ្នែកកំពុងមើលឃើញ មនុស្សខ្វិនកំពុងដើរ មនុស្សកើតឃ្លង់បានជាស្អាត មនុស្សថ្លង់កំពុងស្ដាប់ឮ មនុស្សស្លាប់កំពុងត្រូវប្រោសឲ្យរស់ឡើងវិញ ហើយដំណឹងល្អកំពុងត្រូវផ្សព្វផ្សាយដល់មនុស្សក្រីក្រ»។—ម៉ាថាយ ១១:៤, ៥
ពេលយ៉ូហានបានសួរសំណួរនោះ គាត់ទំនងជាសង្ឃឹមថាលោកយេស៊ូនឹងធ្វើអព្ភូតហេតុច្រើនជាងអ្វីដែលលោកកំពុងធ្វើនៅឥឡូវនេះ ហើយគាត់ក៏ប្រហែលជាសង្ឃឹមថាលោកនឹងជួយគាត់ឲ្យចេញពីគុកដែរ។ ប៉ុន្តែ លោកយេស៊ូប្រាប់យ៉ូហានថាកុំសង្ឃឹមថាលោកនឹងធ្វើអព្ភូតហេតុច្រើនជាងអ្វីដែលលោកកំពុងធ្វើនោះឡើយ។
ពេលអ្នកកាន់តាមយ៉ូហានចេញទៅ លោកយេស៊ូពង្រឹងទំនុកចិត្តបណ្ដាជនថាយ៉ូហានមិនគ្រាន់តែជាអ្នកប្រកាសទំនាយទេ តែគាត់ជា«ទូត»របស់ព្រះយេហូវ៉ាដែលបានត្រូវចែងទុកនៅ ម៉ាឡាគី ៣:១។ ម្យ៉ាងទៀត គាត់ក៏ជាអ្នកប្រកាសទំនាយអេលីយ៉ា ដែលបានត្រូវចែងទុកក្នុង ម៉ាឡាគី ៤:៥, ៦។ លោកយេស៊ូពន្យល់ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ក្នុងចំណោមមនុស្សទាំងអស់ដែលធ្លាប់រស់នៅ គ្មានអ្នកណាលេចមកដែលធំជាងយ៉ូហាន ជាអ្នកជ្រមុជទឹកឡើយ។ ប៉ុន្តែអ្នកដែលតូចជាងគេក្នុងរាជាណាចក្រស្ថានសួគ៌គឺធំជាងគាត់»។—ម៉ាថាយ ១១:១១
ដោយមានប្រសាសន៍ថាអ្នកដែលតូចជាងគេក្នុងរាជាណាចក្រស្ថានសួគ៌គឺធំជាងយ៉ូហាន លោកយេស៊ូកំពុងបង្ហាញថាយ៉ូហាននឹងមិនចូលរាជាណាចក្រស្ថានសួគ៌ឡើយ។ ហេតុអ្វី? ពីព្រោះយ៉ូហានបានរៀបចំផ្លូវឲ្យលោកយេស៊ូ តែគាត់បានស្លាប់មុនលោកយេស៊ូបើកឱកាសឲ្យអ្នកកាន់តាមលោកទៅស្ថានសួគ៌។ (ហេប្រឺ ១០:១៩, ២០) ទោះជាយ៉ាងនោះក៏ដោយ យ៉ូហានជាអ្នកប្រកាសទំនាយដ៏ស្មោះត្រង់របស់ព្រះ ហើយគាត់នឹងទៅជារាស្ត្រនៅផែនដីក្រោមរាជាណាចក្រព្រះ។