ពួកគេបានរង់ចាំទទួលមេស្ស៊ី
«កាលដែលបណ្ដាជនកំពុងរង់ចាំមើល ហើយពួកគេទាំងអស់គ្នាកំពុងរិះគិតក្នុងចិត្តអំពីយ៉ូហានថា៖ ‹ប្រហែលជាគាត់ជាគ្រិស្តទេដឹង?›»។—លូក. ៣:១៥
១. តើពួកគង្វាលបានឮអ្វីពីការប្រកាសរបស់ពួកទេវតា?
ពេលយប់មកដល់ហើយ។ ពួកគង្វាលកំពុងនៅខាងក្រៅដើម្បីថែរក្សាហ្វូងចៀម។ ពេលដែលទេវតារបស់ព្រះយេហូវ៉ាឈរនៅជិតពួកគេ ហើយសិរីរុងរឿងរបស់លោកកំពុងភ្លឺចិញ្ចាចនៅជុំវិញពួកគេ នោះធ្វើឲ្យពួកគេភ្ញាក់ផ្អើលមែន! សូមស្ដាប់ទៅមើល! ទេវតានេះបានប្រកាសដំណឹងដ៏គួរឲ្យរំភើបថា៖ «កុំខ្លាចឡើយ ព្រោះមើល! ខ្ញុំមកដើម្បីប្រកាសប្រាប់ដំណឹងល្អដល់អ្នករាល់គ្នាស្តីអំពីអំណរក្រៃលែងដែលមនុស្សទាំងអស់នឹងមាន ពីព្រោះថ្ងៃនេះអ្នកដែលនឹងសង្គ្រោះអ្នករាល់គ្នា គឺគ្រិស្តដ៏ជាម្ចាស់បានកើតមក» គឺជាអ្នកដែលនឹងក្លាយទៅជាមេស្ស៊ី។ នៅក្បែរភូមិនោះ ពួកគង្វាលអាចរកឃើញកូនខ្ចីមួយនេះកំពុងដេកនៅក្នុងស្នូក។ រំពេចនោះទេវតាជាច្រើន«ដូចជាកងទ័ពមួយយ៉ាងធំ»ចាប់ផ្ដើមសរសើរព្រះយេហូវ៉ាថា៖ «យើងសូមសរសើរតម្កើងព្រះដែលស្ថិតនៅស្ថានសួគ៌ ហើយនៅផែនដី សូមឲ្យមនុស្សជាទីគាប់ចិត្តលោកប្រកបដោយសេចក្ដីសុខសាន្ត»។—លូក. ២:៨-១៤
២. តើពាក្យ«មេស្ស៊ី»មានន័យយ៉ាងណា? ហើយតើមនុស្សអាចសម្គាល់លោកតាមវិធីណា?
២ ពិតមែន ពួកគង្វាលជនជាតិយូដាដឹងថា«មេស្ស៊ី»ឬគ្រិស្តសំដៅទៅ‹អ្នកដែលព្រះបានរើសតាំង›។ (និក្ខ. ២៩:៥-៧) ប៉ុន្តែ តើពួកគេអាចរៀនថែមទៀត ហើយជឿថាកូនដែលទេវតាបានប្រាប់នេះនឹងក្លាយទៅជាអ្នកដែលព្រះយេហូវ៉ាបានតែងតាំងជាមេស្ស៊ីយ៉ាងដូចម្ដេចបាន? គឺដោយពិចារណាទំនាយនានាដែលមានក្នុងបទគម្ពីរហេប្រឺ ថែមទាំងប្រៀបធៀបបទគម្ពីរទាំងនោះជាមួយនឹងសកម្មភាព និងដំណើរជីវិតរបស់កូននេះ។
ហេតុអ្វីបណ្ដាជនកំពុងរង់ចាំទទួលមេស្ស៊ី?
៣, ៤. តើយើងយល់យ៉ាងណាស្តីអំពីទំនាយក្នុងដានីយ៉ែល ៩:២៤, ២៥?
៣ ច្រើនឆ្នាំក្រោយមក យ៉ូហានដែលជាអ្នកជ្រមុជទឹកបានចាប់ផ្ដើមផ្សព្វផ្សាយ ហើយដោយសារពាក្យសម្ដីនិងការប្រព្រឹត្តរបស់គាត់ នោះមនុស្សខ្លះបានគិតថាគាត់ជាមេស្ស៊ី។ (សូមអាន លូកា ៣:១៥) នៅសម័យនោះប្រហែលជាមានមនុស្សខ្លះដែលបានយល់យ៉ាងត្រឹមត្រូវអំពីទំនាយ«៧០អាទិត្យ»ដែលជាប់ទាក់ទងនឹងមេស្ស៊ី។ បើដូច្នេះមែន ពួកគេអាចកំណត់ពេលដែលមេស្ស៊ីនឹងលេចមក។ ទំនាយនោះបានចែងថា៖ «ចាប់តាំងពីចេញបង្គាប់ឲ្យតាំងក្រុងយេរូសាឡិម ហើយសង់ឡើងវិញ ដរាបដល់គ្រាអ្នកដែលចាក់ប្រេងតាំងនោះ[ឬ«មេស្ស៊ី»] គឺជាអ្នកដែលជាកំពូលបណ្ដាច់ នោះត្រូវជាចំនួន៧អាទិត្យ នឹង៦២អាទិត្យ»។ (ដាន. ៩:២៤, ២៥; ព.ថ.) បណ្ឌិតនានាខាងគម្ពីរក៏បានឯកភាពថានេះជាអាទិត្យដែលជាឆ្នាំ។ ជាឧទាហរណ៍ សេចក្ដីបកប្រែមួយចែងថា៖ «នោះត្រូវជាចំនួន៧០អាទិត្យដែលជាឆ្នាំ» (Revised Standard Version)។
៤ សព្វថ្ងៃនេះ អ្នកបម្រើរបស់ព្រះយេហូវ៉ាដឹងថា៦៩អាទិត្យឬ៤៨៣ឆ្នាំដែលមានក្នុងដានីយ៉ែល ៩:២៥ បានចាប់ផ្ដើមនៅឆ្នាំ៤៥៥ មុនគ.ស. ពេលដែលស្តេចពើស៊ី អើថាស៊ើកសេសអនុញ្ញាតឲ្យនេហេមាជួសជុលនិងសាងសង់ទីក្រុងយេរូសាឡិមឡើងវិញ។ (នេហ. ២:១-៨) រយៈពេល៦៩អាទិត្យឬ៤៨៣ឆ្នាំនោះបានមកដល់ទីបញ្ចប់នៅឆ្នាំ២៩ គ.ស. ពេលដែលលោកយេស៊ូពីក្រុងណាសារ៉ែតបានត្រូវជ្រមុជទឹកនិងបានត្រូវតែងតាំងដោយសកម្មពលបរិសុទ្ធ ហើយនៅពេលនោះលោកបានក្លាយទៅជាមេស្ស៊ី។—ម៉ាថ. ៣:១៣-១៧a
៥. តើយើងនឹងពិចារណាទំនាយអ្វីខ្លះឥឡូវនេះ?
៥ ស្តីអំពីទំនាយដែលមេស្ស៊ីបានសម្រេច សូមឲ្យយើងពិចារណាអំពីទំនាយខ្លះៗដូចជា កំណើតរបស់លោកយេស៊ូ ពេលលោកនៅក្មេង និងពេលលោកផ្សព្វផ្សាយ។ ការធ្វើដូច្នេះនឹងពង្រឹងជំនឿរបស់យើងទៅលើទំនាយដែលមានក្នុងបណ្ដាំរបស់ព្រះ។ ម្យ៉ាងទៀត ទំនាយទាំងនេះក៏នឹងផ្ដល់ទីសំអាងជាក់ស្តែងថាលោកយេស៊ូប្រាកដជាមេស្ស៊ីដែលមនុស្សបានទន្ទឹងរង់ចាំជាយូរមកហើយ។
ទំនាយអំពីជីវិតរបស់មេស្ស៊ីកាលនៅក្មេង
៦. សូមពន្យល់អំពីរបៀបដែលលោកុប្បត្តិ ៤៩:១០បានសម្រេច។
៦ មេស្ស៊ីនឹងត្រូវកើតមកក្នុងកុលសម្ព័ន្ធយូដានៅប្រទេសអ៊ីស្រាអែល។ មុនយ៉ាកុបស្លាប់ គាត់បានឲ្យពរដល់កូនៗរបស់គាត់ ហើយគាត់ក៏បានទាយដែរថា៖ «ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ឬអំណាចគ្រប់គ្រងពីជើងវាឡើយ ដរាបដល់ស៊ីឡូរបានមកដល់ នោះបណ្ដាជនទាំងឡាយនឹងចុះចូលចំពោះទ្រង់»។ (លោ. ៤៩:១០) បណ្ឌិតជនជាតិយូដាជាច្រើននាក់បានជឿជាក់ថាពាក្យសម្ដីដែលយ៉ាកុបបាននិយាយនេះ គឺសំដៅទៅលើមេស្ស៊ី។ កុលសម្ព័ន្ធយូដាមានដំបងរាជ្យ(សិទ្ធិគ្រប់គ្រងជាស្តេច) និងមានអំណាចគ្រប់គ្រងចាប់តាំងពីដាវីឌធ្វើជាស្តេចមកម្ល៉េះ។ ស្តេចសេដេគាដែលមកពីកុលសម្ព័ន្ធយូដាគឺជាស្តេចចុងក្រោយដែលជាមនុស្ស។ ប៉ុន្តែ ទំនាយរបស់យ៉ាកុបទាក់ទងនឹងស្តេចមួយអង្គទៀតបន្ទាប់ពីសេដេគា។ ស្តេចនោះនឹងគ្រប់គ្រងជារៀងរហូត ហើយនឹងមានឈ្មោះថា«ស៊ីឡូរ»ដែលមានន័យថា«ជារបស់ផងលោក ឬជាកម្មសិទ្ធិរបស់លោក»។ ព្រះបានប្រាប់សេដេគាថាស្តេចនេះជាស្តេចដែលមានសិទ្ធិត្រឹមត្រូវដើម្បីគ្រប់គ្រង។ (អេស. ២១:២៦, ២៧) មុនលោកយេស៊ូកើតមក ទេវតាកាព្រីយ៉ែលបានប្រាប់ម៉ារៀថា៖ «ព្រះយេហូវ៉ានឹងប្រគល់ឲ្យបុត្រនោះនូវបល្ល័ង្ករបស់ដាវីឌដែលជាបិតារបស់លោក លោកក៏នឹងគ្រប់គ្រងជាស្តេចលើពូជពង្សយ៉ាកុបជារៀងរហូត ហើយរាជាណាចក្ររបស់លោកនឹងមិនសាបសូន្យឡើយ»។ (លូក. ១:៣២, ៣៣) លោកយេស៊ូមកពីកុលសម្ព័ន្ធយូដា និងពីវង្សត្រកូលដាវីឌ។ មិនត្រឹមតែប៉ុណ្ណោះ លោកជាបុគ្គលតែម្នាក់គត់ពីវង្សត្រកូលដាវីឌដែលព្រះយេហូវ៉ាបានសន្យាថាលោកនឹងមានសិទ្ធិគ្រប់គ្រងជាស្តេច។ ហេតុនេះ ស៊ីឡូរច្បាស់ជាលោកយេស៊ូគ្រិស្ត។—ម៉ាថ. ១:១-៣, ៦; លូក. ៣:២៣, ៣១-៣៤
៧. តើមេស្ស៊ីបានកើតនៅឯណា? ហើយតើទំនាយនេះបានសម្រេចយ៉ាងដូចម្ដេច?
៧ មេស្ស៊ីនឹងកើតមកនៅភូមិបេថ្លេហិម។ អ្នកប្រកាសទំនាយឈ្មោះមីកាបានសរសេរថា៖ «ឱបេថ្លេហិម អេប្រាតាអើយ ឯងដែលតូចនៅក្នុងពួកយូដាទាំងពាន់ៗ នឹងមានម្នាក់កើតចេញពីឯងមកឲ្យអញ អ្នកនោះត្រូវឡើងជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែល ដើមកំណើតរបស់អ្នកនោះបានចាប់តាំងពីបុរាណ គឺពីអស់កល្បរៀងមក»។ (មីកា ៥:១) មេស្ស៊ីនឹងត្រូវកើតមកនៅភូមិបេថ្លេហិមក្នុងស្រុកយូដា ដែលគេធ្លាប់ហៅថាអេប្រាតា។ ទោះជាម៉ារៀដែលជាម្ដាយលោកយេស៊ូនិងយ៉ូសែបដែលជាឪពុកចិញ្ចឹម បានរស់នៅក្រុងណាសារ៉ែតក៏ដោយ ប៉ុន្តែតាមច្បាប់របស់ជនជាតិរ៉ូម ពួកគាត់ត្រូវទៅចុះបញ្ជីនៅភូមិបេថ្លេហិម ហើយនេះជាកន្លែងដែលលោកយេស៊ូបានកើតមកនាឆ្នាំ២មុន គ.ស.។ (ម៉ាថ. ២:១, ៥, ៦) ដូច្នេះទំនាយនេះបានសម្រេចយ៉ាងអស្ចារ្យ!
៨, ៩. តើគម្ពីរបានទាយយ៉ាងណាអំពីកំណើតរបស់មេស្ស៊ី និងព្រឹត្ដិការណ៍ដែលកើតឡើងក្រោយមក?
៨ មេស្ស៊ីនឹងកើតពីស្រីក្រមុំបរិសុទ្ធម្នាក់។ (សូមអាន អេសាយ ៧:១៤) ទំនាយក្នុងអេសាយ ៧:១៤បានទាយថានាងព្រហ្មចារីឬស្រីក្រមុំបរិសុទ្ធនឹងបង្កើតបានកូនប្រុសមួយ។ សកម្មពលបរិសុទ្ធរបស់ព្រះបានដឹកនាំម៉ាថាយឲ្យសរសេរថា កំណើតរបស់លោកយេស៊ូបានសម្រេចទំនាយនោះ។ ទាំងម៉ាថាយទាំងលូកាបានបញ្ជាក់ថាម៉ារៀជាស្រីក្រមុំបរិសុទ្ធដែលមានផ្ទៃពោះដោយសារសកម្មពលរបស់ព្រះ។—ម៉ាថ. ១:១៨-២៥; លូក. ១:២៦-៣៥
៩ ក្មេងតូចៗនឹងត្រូវគេសម្លាប់ក្រោយពីកំណើតរបស់មេស្ស៊ី។ ហេតុការណ៍ស្រដៀងនេះបានកើតឡើងរាប់រយឆ្នាំមុន ពេលស្តេចផារ៉ូនៅស្រុកអេស៊ីបបានបញ្ជាឲ្យយកទារកប្រុសជនជាតិហេប្រឺទៅបោះចោលក្នុងទន្លេនីល។ (និក្ខ. ១:២២) ប៉ុន្តែអ្វីមួយដែលគួរឲ្យចាប់អារម្មណ៍គឺនៅយេរេមា ៣១:១៥, ១៦បានរៀបរាប់ថា រ៉ាជែលយំនឹងកូនដែលគេបានយកចេញពីនាងទៅ«ស្រុករបស់ខ្មាំងសត្រូវ»។ គេបានឮការស្រែកយំរបស់នាងនៅរ៉ាម៉ា ដែលជាក្រុងដ៏ឆ្ងាយមួយនៅតំបន់បេនយ៉ាមីន ទិសខាងជើងយេរូសាឡិម។ ម៉ាថាយបានបង្ហាញថាពាក្យសម្ដីរបស់យេរេមាបានត្រូវសម្រេចពេលស្តេចហេរ៉ូឌបញ្ជាឲ្យគេសម្លាប់ក្មេងប្រុសនៅភូមិបេថ្លេហិមនិងនៅគ្រប់តំបន់នៅជុំវិញនោះ។ (សូមអាន ម៉ាថាយ ២:១៦-១៨) សូមស្រមៃគិតថាមនុស្សនៅតំបន់ទាំងនោះមានសេចក្ដីសោកសៅខ្លាំងប៉ុណ្ណាទៅ!
១០. សូមពន្យល់អំពីរបៀបដែលទំនាយនៅហូសេ ១១:១បានសម្រេចចំពោះលោកយេស៊ូ។
១០ មេស្ស៊ីនឹងត្រូវហៅចេញពីអេស៊ីបដូចបណ្ដាជនអ៊ីស្រាអែលដែរ។ (ហូ. ១១:១) មុនស្តេចហេរ៉ូឌបានបញ្ជាឲ្យគេសម្លាប់កូនក្មេង ទេវតាមួយរូបបានបង្គាប់យ៉ូសែប ម៉ារៀនិងកុមារយេស៊ូឲ្យរត់ភៀសខ្លួនទៅស្រុកអេស៊ីប។ ពួកគេនៅទីនោះ«រហូតដល់ហេរ៉ូឌទទួលមរណភាព ដើម្បីសម្រេចនូវអ្វីដែលព្រះយេហូវ៉ាបានមានប្រសាសន៍តាមរយៈអ្នកប្រកាសទំនាយ[ហូសេ] ដែលទាយថា៖‹ខ្ញុំបានហៅបុត្រខ្ញុំចេញពីស្រុកអេស៊ីបមក›»។ (ម៉ាថ. ២:១៣-១៥) ពិតមែនហើយ លោកយេស៊ូមិនអាចកាន់កាប់ទៅលើព្រឹត្ដិការណ៍ដែលបានកើតឡើងពេលលោកកើតមក និងពេលលោកនៅជាកុមារនោះទេ។
មេស្ស៊ីចាប់ផ្ដើមកិច្ចបម្រើផ្សាយរបស់លោក!
១១. តើផ្លូវដើម្បីទទួលអ្នកដែលព្រះយេហូវ៉ាបានរើសតាំងបានត្រូវរៀបចំឡើងយ៉ាងដូចម្ដេច?
១១ ផ្លូវនឹងត្រូវរៀបចំសម្រាប់អ្នកដែលព្រះបានរើសតាំង។ ម៉ាឡាគីបានទាយថាអ្នកប្រកាសទំនាយឈ្មោះ«អេលីយ៉ា»នឹងរៀបចំផ្លូវ ពោលគឺធ្វើឲ្យបណ្ដាជនត្រៀមចិត្តដើម្បីទទួលមេស្ស៊ី។ (សូមអាន ម៉ាឡាគី ៤:៥, ៦) លោកយេស៊ូផ្ទាល់បានបញ្ជាក់ថា«អេលីយ៉ា»នេះគឺជាយ៉ូហានដែលជាអ្នកជ្រមុជទឹក។ (ម៉ាថ. ១១:១២-១៤) បន្ថែមទៅទៀត ម៉ាកុសបានបញ្ជាក់ថាកិច្ចបម្រើរបស់យ៉ូហានបានសម្រេចទំនាយរបស់អេសាយ។ (អេ. ៤០:៣; ម៉ាក. ១:១-៤) លោកយេស៊ូមិនបានប្រាប់យ៉ូហានឲ្យរៀបចំផ្លូវសម្រាប់លោកនោះទេ។ ប៉ុន្តែព្រះចង់ឲ្យមនុស្សស្គាល់ថានរណាជាមេស្ស៊ី។ ដូច្នេះគឺព្រះទេដែលបានជ្រើសរើសយ៉ូហានឲ្យធ្វើកិច្ចការដូច«អេលីយ៉ា» និងជួយមនុស្សឲ្យត្រៀមចិត្តដើម្បីទទួលមេស្ស៊ី។
១២. តើភារកិច្ចអ្វីរបស់មេស្ស៊ីដែលបានជួយយើងឲ្យសម្គាល់លោក?
១២ ភារកិច្ចដែលព្រះប្រគល់ឲ្យមេស្ស៊ីជួយយើងឲ្យសម្គាល់លោក។ ក្នុងសាលាប្រជុំនៅឯក្រុងណាសារ៉ែតជាកន្លែងដែលលោកយេស៊ូបានធំឡើង លោកបានអានពីរមូររបស់អេសាយ ដោយសំដៅទៅខ្លួនលោកថា៖ «សកម្មពលរបស់ព្រះយេហូវ៉ាសណ្ឋិតលើខ្ញុំ ពីព្រោះលោកបានរើសតាំងខ្ញុំដើម្បីប្រកាសដំណឹងល្អដល់អ្នកក្រីក្រ ក៏បានចាត់ខ្ញុំឲ្យផ្សព្វផ្សាយប្រាប់អ្នកដែលជាប់ជាឈ្លើយអំពីការដោះលែង ប្រាប់អ្នកដែលងងឹតភ្នែកអំពីការមើលឃើញឡើងវិញ ហើយរំដោះអស់អ្នកដែលត្រូវគេជិះជាន់ ថែមទាំងផ្សព្វផ្សាយអំពីឆ្នាំដែលព្រះយេហូវ៉ាពេញចិត្ត»។ ដោយសារលោកជាមេស្ស៊ីដ៏ពិតប្រាកដ នោះលោកយេស៊ូអាចនិយាយយ៉ាងត្រឹមត្រូវថា៖ «បទគម្ពីរដែលអ្នកទើបតែស្ដាប់ បានសម្រេចនៅថ្ងៃនេះ»។—លូក. ៤:១៦-២១
១៣. តើអេសាយបានទាយយ៉ាងណាអំពីទីកន្លែងដែលលោកយេស៊ូចាប់ផ្ដើមផ្សព្វផ្សាយ?
១៣ គម្ពីរបានទាយទុកថាមេស្ស៊ីនឹងត្រូវផ្សព្វផ្សាយក្នុងស្រុកកាលីឡេ។ ស្តីអំពី«ស្រុកសាប់យូល៉ូន[សេប៊ូឡូន] នឹងស្រុកណែបថាលី . . . ខេត្តកាលីឡេរបស់សាសន៍ដទៃ» នោះអេសាយបានសរសេរថា៖ «ឯបណ្ដាជនដែលដើរក្នុងសេចក្ដីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្ដីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ»។ (អេ. ៩:១, ២) លោកយេស៊ូបានចាប់ផ្ដើមកិច្ចបម្រើរបស់លោកនៅស្រុកកាលីឡេ ក្នុងក្រុងមួយហៅថាកាពើណិម។ លោកក៏បានបង្រៀនមនុស្សជាច្រើនដែលរស់នៅមិនឆ្ងាយពីនោះក្នុងតំបន់សេប៊ូឡូន និងណែបថាលីដែរ។ លោកយេស៊ូបានជួយពួកគេដោយបង្រៀនសេចក្ដីពិតដែលប្រៀបដូចជាពន្លឺចិញ្ចែងចិញ្ចាច។ (ម៉ាថ. ៤:១២-១៦) ក្នុងស្រុកកាលីឡេ លោកយេស៊ូបានធ្វើអ្វីៗជាច្រើនដូចជា ថ្លែងសុន្ទរកថានៅលើភ្នំ ជ្រើសរើសពួកសាវ័ក ធ្វើការអស្ចារ្យជាលើកដំបូង ហើយក៏ទំនងជាបានបង្ហាញខ្លួនឲ្យពួកអ្នកកាន់តាមជាង៥០០នាក់ឃើញ ក្រោយពីព្រះបានប្រោសលោកឲ្យរស់ឡើងវិញដែរ។ (ម៉ាថ. ៥:១–៧:២៧; ២៨:១៦-២០; ម៉ាក. ៣:១៣, ១៤; យ៉ូន. ២:៨-១១; ១កូ. ១៥:៦) យ៉ាងនេះ លោកបានសម្រេចទំនាយរបស់អេសាយដោយផ្សព្វផ្សាយនៅ«ស្រុកសាប់យូល៉ូន[សេប៊ូឡូន] នឹងស្រុកណែបថាលី»។ ពិតមែន លោកយេស៊ូក៏បានធ្វើដំណើរដើម្បីផ្សព្វផ្សាយដំណឹងអំពីរាជាណាចក្រព្រះនៅកន្លែងផ្សេងទៀតក្នុងស្រុកអ៊ីស្រាអែលដែរ។
ទំនាយជាច្រើនទៀតអំពីមេស្ស៊ី
១៤. តើលោកយេស៊ូបានសម្រេចទំនាយនៅទំនុកតម្កើង ៧៨:២យ៉ាងដូចម្ដេច?
១៤ មេស្ស៊ីនឹងប្រើឧទាហរណ៍ក្នុងការបង្រៀនរបស់លោក។ អេសាភដែលជាអ្នកតែងទំនុកតម្កើងបានច្រៀងថា៖ «ខ្ញុំនឹងបើកមាត់បញ្ចេញជាសេចក្ដីប្រៀបធៀប»។ (ទំនុក. ៧៨:២) តើយើងអាចដឹងយ៉ាងដូចម្ដេចថាទំនាយនេះសំដៅទៅលើលោកយេស៊ូ? គឺដោយសារម៉ាថាយបានប្រាប់យើង។ ក្រោយពីម៉ាថាយបានរៀបរាប់អំពីឧទាហរណ៍ដែលលោកយេស៊ូប្រើដើម្បីប្រៀបធៀបរាជាណាចក្រព្រះទៅនឹងគ្រាប់ម៉ូស្ដាត និងដំបែ នោះគាត់បាននិយាយថា៖ «លោក[យេស៊ូ]មិនដែលមានប្រសាសន៍ទៅពួកគេដោយមិនប្រើឧទាហរណ៍ឡើយ។ នេះដើម្បីសម្រេចនូវអ្វីដែលបានត្រូវថ្លែងតាមរយៈអ្នកប្រកាសទំនាយថា៖ ‹ខ្ញុំនឹងបើកមាត់និយាយជាឧទាហរណ៍ ក៏នឹងប្រកាសប្រាប់ឲ្យដឹងនូវអ្វីៗដែលបានត្រូវលាក់បាំងតាំងពីកំណើតពិភពលោក›»។ (ម៉ាថ. ១៣:៣១-៣៥) ដូច្នេះ ឧទាហរណ៍ឬពាក្យប្រៀបធៀបស្ថិតក្នុងចំណោមវិធីបង្រៀនដ៏មានប្រសិទ្ធភាពដែលលោកយេស៊ូប្រើ។
១៥. តើអេសាយ ៥៣:៤បានសម្រេចយ៉ាងដូចម្ដេច?
១៥ មេស្ស៊ីនឹងព្យាបាលជំងឺឲ្យមនុស្ស។ អេសាយបានទាយថា៖ «ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្ដីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្ដីទុក្ខព្រួយរបស់យើងជាពិត»។ (អេ. ៥៣:៤) ម៉ាថាយបានបញ្ជាក់ប្រាប់ថាក្រោយលោកយេស៊ូបានព្យាបាលម្ដាយក្មេករបស់ពេត្រុស នោះលោកក៏បានព្យាបាលមនុស្សឯទៀតដែរ ដើម្បី«សម្រេចនូវទំនាយ ដែលបានត្រូវប្រកាសតាមរយៈអេសាយ។ ទំនាយនោះថា៖ ‹រូបលោកបានទទួលយកជំងឺរបស់យើង ក៏បានផ្ទុករោគារបស់យើងលើខ្លួនលោក›»។ (ម៉ាថ. ៨:១៤-១៧) បន្ថែមទៅទៀត នេះគ្រាន់តែជាកំណត់ហេតុមួយក្នុងចំណោមកំណត់ហេតុជាច្រើនដែលលោកយេស៊ូបានព្យាបាលជំងឺរបស់បណ្ដាជនតែប៉ុណ្ណោះ។
១៦. តើសាវ័កយ៉ូហានបង្ហាញថាលោកយេស៊ូបានសម្រេចទំនាយនៅអេសាយ ៥៣:១យ៉ាងដូចម្ដេច?
១៦ ទោះជាមេស្ស៊ីបានធ្វើកិច្ចការល្អៗក៏ដោយ មនុស្សជាច្រើននឹងមិនជឿទៅលើលោកទេ។ (សូមអាន អេសាយ ៥៣:១) ដើម្បីបង្ហាញថាទំនាយនេះបានត្រូវសម្រេច សាវ័កយ៉ូហានបានសរសេរថា៖ «ទោះជាលោក[យេស៊ូ]បានធ្វើសញ្ញាសម្គាល់ជាច្រើននៅមុខពួកគេក៏ដោយ ក៏ពួកគេមិនជឿលើលោកឡើយ។ យ៉ាងនេះ ពាក្យរបស់អេសាយដែលជាអ្នកប្រកាសទំនាយបានត្រូវសម្រេច។ ពាក្យនោះថា៖ ‹ព្រះយេហូវ៉ា តើអ្នកណាបានជឿអ្វីដែលយើងបានឮ? ហើយតើព្រះយេហូវ៉ាបានបើកបង្ហាញឫទ្ធានុភាពរបស់លោកដល់អ្នកណា?›»។ (យ៉ូន. ១២:៣៧, ៣៨) បន្ថែមទៅទៀត ក្នុងអំឡុងកិច្ចបម្រើផ្សាយរបស់សាវ័កប៉ូល មានមនុស្សតិចតួចណាស់ដែលបង្ហាញជំនឿទៅលើដំណឹងល្អអំពីលោកយេស៊ូដែលជាមេស្ស៊ី។—រ៉ូម ១០:១៦, ១៧
១៧. តើយ៉ូហានបានបញ្ជាក់យ៉ាងដូចម្ដេចថាទំនាយនៅទំនុកតម្កើង ៦៩:៤បានសម្រេចចំពោះលោកយេស៊ូ?
១៧ មេស្ស៊ីត្រូវគេស្អប់ដោយគ្មានមូលហេតុ។ (ទំនុក. ៦៩:៤) សាវ័កយ៉ូហានបានដកស្រង់ពាក្យរបស់លោកយេស៊ូដែលថា៖ «ប្រសិនបើក្នុងចំណោម[បណ្ដាជន] ខ្ញុំមិនបានធ្វើការដែលគ្មានអ្នកណាផ្សេងបានធ្វើ នោះពួកគេគ្មានភាពខុសឆ្គងទេ។ ប៉ុន្តែឥឡូវ ពួកគេបានឃើញ ក៏បានស្អប់ខ្ញុំព្រមទាំងបិតារបស់ខ្ញុំ។ ប៉ុន្តែនេះគឺដើម្បីសម្រេចតាមអ្វីដែលចែងក្នុងច្បាប់របស់ពួកគេថា៖ ‹ពួកគេបានស្អប់ខ្ញុំ ដោយគ្មានមូលហេតុ›»។ (យ៉ូន. ១៥:២៤, ២៥) ជាញឹកញាប់«ច្បាប់»សំដៅទៅលើបទគម្ពីរទាំងអស់ដែលមាននៅសម័យនោះ។ (យ៉ូន. ១០:៣៤; ១២:៣៤) សៀវភៅដំណឹងល្អទាំងបួនបង្ហាញថាលោកយេស៊ូបានត្រូវគេស្អប់ ជាពិសេសដោយមេដឹកនាំសាសនាយូដាតែម្ដង។ បន្ថែមទៅទៀត គ្រិស្តបានមានប្រសាសន៍ថា៖ «ពិភពលោកគ្មានហេតុស្អប់[អ្នក]ទេ តែចំណែកខ្ញុំវិញ គេស្អប់ខ្ញុំ ពីព្រោះខ្ញុំបញ្ជាក់ថាការប្រព្រឹត្តរបស់គេគឺទុច្ចរិត»។—យ៉ូន. ៧:៧
១៨. តើយើងនឹងរៀនអំពីអ្វីក្នុងអត្ថបទបន្ទាប់?
១៨ ពួកអ្នកកាន់តាមលោកយេស៊ូនៅសតវត្សរ៍ទី១បានជឿជាក់ថាលោកយេស៊ូគឺជាមេស្ស៊ី ព្រោះលោកបានសម្រេចទំនាយជាច្រើនស្តីអំពីមេស្ស៊ីដែលមានក្នុងបទគម្ពីរហេប្រឺ។ (ម៉ាថ. ១៦:១៦) ដូចយើងបានពិចារណានៅខាងលើ ទំនាយខ្លះៗទាំងនោះបានសម្រេច ពេលលោកយេស៊ូនៅក្មេង និងក្នុងកិច្ចបម្រើផ្សាយរបស់លោក។ យើងនឹងពិនិត្យមើលទំនាយឯទៀតដែលទាក់ទងនឹងមេស្ស៊ីក្នុងអត្ថបទបន្ទាប់។ បើយើងរំពឹងគិតយ៉ាងជ្រាលជ្រៅអំពីទំនាយទាំងនេះ នោះនឹងជួយពង្រឹងជំនឿរបស់យើងថាលោកយេស៊ូគ្រិស្តពិតជាមេស្ស៊ីដែលព្រះយេហូវ៉ាបានតែងតាំងមែន។
[កំណត់សម្គាល់]
a ដើម្បីទទួលព័ត៌មានល្អិតល្អន់ស្តីអំពី«៧០អាទិត្យ» សូមមើលសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ទំព័រ២២៨។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• ស្តីអំពីកំណើតរបស់លោកយេស៊ូ តើទំនាយអ្វីខ្លះបានសម្រេច?
• តើផ្លូវបានរៀបចំសម្រាប់មេស្ស៊ីយ៉ាងដូចម្ដេច?
• តើទំនាយអ្វីនៅអេសាយជំពូក៥៣បានសម្រេចចំពោះលោកយេស៊ូ?