ជំពូកទី១០៧
ស្តេចហៅអស់អ្នកដែលលោកបានអញ្ជើញមកពិសាភោជនាហារ
ឧទាហរណ៍អំពីពិធីពិសាភោជនាហារអបអរអាពាហ៍ពិពាហ៍
កាលដែលកិច្ចបម្រើរបស់លោកយេស៊ូជិតមកដល់ទីបញ្ចប់ លោកបន្តលើកឧទាហរណ៍ផ្សេងៗដើម្បីបកអាក្រាតពួកអ្នកជំនាញខាងច្បាប់និងពួកសង្ឃនាយក។ ដូច្នេះ ពួកគេចង់សម្លាប់លោក។ (លូកា ២០:១៩) យ៉ាងណាក្ដី លោកយេស៊ូនៅតែបកអាក្រាតពួកគេ។
លោកលើកឧទាហរណ៍មួយទៀតថា៖ «រាជាណាចក្រស្ថានសួគ៌គឺប្រៀបដូចជាបុរសម្នាក់ជាស្តេច ដែលបានរៀបចំភោជនាហារអបអរអាពាហ៍ពិពាហ៍បុត្ររបស់លោក ហើយបានចាត់ពួកខ្ញុំបម្រើឲ្យទៅហៅអស់អ្នកដែលលោកបានអញ្ជើញមកពិសាភោជនាហារ ប៉ុន្តែពួកគេមិនព្រមមកទេ»។ (ម៉ាថាយ ២២:២, ៣) នៅដើមដំបូងនៃឧទាហរណ៍នេះ លោកយេស៊ូមានប្រសាសន៍អំពី«រាជាណាចក្រស្ថានសួគ៌»។ ហេតុនេះ «ស្តេច»ច្បាស់ជាសំដៅទៅលើព្រះយេហូវ៉ា។ ចុះយ៉ាងណាវិញចំពោះកូនស្តេចនិងអ្នកដែលបានត្រូវអញ្ជើញឲ្យមកពិសាភោជនាហារ? ម្ដងនេះទៀត គឺមិនមែនជាការពិបាកទេឲ្យយើងសម្គាល់ថា កូនស្តេចគឺជាកូនរបស់ព្រះយេហូវ៉ា ដូច្នេះលោកយេស៊ូដែលជាអ្នកកំពុងលើកឧទាហរណ៍នេះគឺជាកូនរបស់ស្តេចដែលជាព្រះយេហូវ៉ា។ យើងក៏អាចយល់ដែរថា អ្នកដែលបានត្រូវអញ្ជើញគឺជាអ្នកដែលនឹងនៅជាមួយនឹងកូនស្តេចក្នុងរាជាណាចក្រស្ថានសួគ៌។
តើអ្នកណាបានត្រូវអញ្ជើញមុនគេ? តើលោកយេស៊ូនិងពួកសាវ័កកំពុងផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រដល់អ្នកណា? គឺដល់ជនជាតិយូដា។ (ម៉ាថាយ ១០:៦, ៧; ១៥:២៤) ប្រជាជាតិនេះបានចុះកិច្ចព្រមព្រៀងខាងច្បាប់នៅឆ្នាំ១៥១៣ មុនគ.ស. ដូច្នេះពួកគេមានឯកសិទ្ធិមុនគេក្នុងការធ្វើជា‹សង្ឃក្នុងរាជាណាចក្រព្រះ›។ (និក្ខមនំ ១៩:៥-៨) ក៏ប៉ុន្តែ តើនៅពេលណាពួកគេបានត្រូវអញ្ជើញឲ្យទៅពិសា«ភោជនាហារអបអរអាពាហ៍ពិពាហ៍»? ពួកគេបានត្រូវអញ្ជើញនៅឆ្នាំ២៩ គ.ស. ពោលគឺនៅពេលដែលលោកយេស៊ូចាប់ផ្ដើមផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រស្ថានសួគ៌។
ដូច្នេះ តើជនជាតិអ៊ីស្រាអែលភាគច្រើនតបឆ្លើយយ៉ាងណាចំពោះសេចក្ដីអញ្ជើញនេះ? ដូចលោកយេស៊ូមានប្រសាសន៍ថា៖ «ពួកគេមិនព្រមមកទេ»។ ពួកអ្នកដឹកនាំសាសនានិងបណ្ដាជនភាគច្រើនមិនទទួលស្គាល់លោកយេស៊ូថាជាមេស្ស៊ី ឬជាស្តេចដែលព្រះបានតែងតាំងនោះឡើយ។
ទោះជាយ៉ាងនោះក៏ដោយ លោកយេស៊ូបញ្ជាក់ថាជនជាតិយូដានឹងមានឱកាសម្ដងទៀតដើម្បីទទួលសេចក្ដីអញ្ជើញ។ លោកមានប្រសាសន៍ថា៖ «លោក[ស្តេច]ចាត់ពួកខ្ញុំបម្រើផ្សេងឲ្យទៅម្ដងទៀត ដោយប្រាប់ថា៖ ‹ចូរប្រាប់អ្នកដែលខ្ញុំបានអញ្ជើញថា៖ «មើល! ខ្ញុំបានរៀបចំអាហារថ្ងៃត្រង់របស់ខ្ញុំរួចហើយ ក៏បានសម្លាប់គោឈ្មោលនិងសត្វបំប៉នយ៉ាងធាត់ ហើយអ្វីៗទាំងអស់បានត្រូវរៀបចំជាស្រេច។ អញ្ជើញមកពិសាភោជនាហារចុះ»›។ ប៉ុន្តែអ្នកទាំងនោះមិនអើពើសោះ ក៏បានចេញទៅ ម្នាក់បានទៅស្រែចម្ការរបស់ខ្លួន ម្នាក់ទៀតបានទៅធ្វើជំនួញ អ្នកឯទៀតបានចាប់ពួកខ្ញុំបម្រើរបស់លោកធ្វើបាប រួចសម្លាប់ចោល»។ (ម៉ាថាយ ២២:៤-៦) នេះជាអ្វីដែលនឹងកើតឡើងនៅពេលដែលក្រុមជំនុំគ្រិស្តសាសនិកបានត្រូវស្ថាបនាឡើង។ នៅពេលនោះ ជនជាតិយូដានៅតែមានឱកាសចូលក្នុងរាជាណាចក្រព្រះ ប៉ុន្តែពួកគេភាគច្រើនបដិសេធសេចក្ដីអញ្ជើញនោះ ថែមទាំងធ្វើបាប‹ខ្ញុំបម្រើរបស់ស្តេច›ទៀតផង។—សកម្មភាព ៤:១៣-១៨; ៧:៥៤, ៥៨
តើប្រជាជាតិនេះនឹងទទួលលទ្ធផលអ្វី? លោកយេស៊ូប្រាប់ថា៖ «ប៉ុន្តែស្តេចបានខឹងជាខ្លាំង ក៏បានចាត់កងទ័ពរបស់លោកឲ្យទៅបំផ្លាញឃាតករទាំងនោះ ហើយដុតក្រុងរបស់ពួកគេចោល»។ (ម៉ាថាយ ២២:៧) នេះបានកើតឡើងចំពោះជនជាតិយូដានៅឆ្នាំ៧០ គ.ស. ពេលដែលកងទ័ពរ៉ូមបំផ្លាញ«ក្រុងរបស់ពួកគេ» ពោលគឺក្រុងយេរូសាឡិម។
ជនជាតិយូដាបានបដិសេធសេចក្ដីអញ្ជើញរបស់ស្តេច។ តើនេះមានន័យថាជនជាតិឯទៀតនឹងមិនទទួលសេចក្ដីអញ្ជើញឬ? យោងទៅតាមឧទាហរណ៍របស់លោកយេស៊ូ គឺមិនដូច្នោះទេ។ លោកមានប្រសាសន៍បន្តថា៖ «ក្រោយមក លោក[ស្តេច]ប្រាប់ពួកខ្ញុំបម្រើថា៖ ‹ភោជនាហារបានត្រូវរៀបចំជាស្រេចពិតមែន ប៉ុន្តែអ្នកដែលបានត្រូវអញ្ជើញ គឺមិនសមនឹងមកឡើយ។ ដូច្នេះ ចូរទៅផ្លូវទាំងប៉ុន្មានដែលចេញក្រៅក្រុង ហើយអ្នកណាក៏ដោយដែលអ្នករកឃើញ ចូរអញ្ជើញអ្នកនោះមកពិសាភោជនាហារចុះ›។ ម្ល៉ោះហើយ ពួកខ្ញុំបម្រើទាំងនោះចេញទៅផ្លូវទាំងប៉ុន្មាន ហើយប្រមូលមនុស្សទាំងអស់ដែលពួកគេរកឃើញ ទាំងទុច្ចរិតទាំងល្អមក ហើយសាលពិធីមង្គលការបានពេញទៅដោយមនុស្សកំពុងអង្គុយនៅតុ»។—ម៉ាថាយ ២២:៨-១០
គួរឲ្យចាប់អារម្មណ៍ថា នេះបានកើតឡើងក្រោយមក នៅពេលដែលសាវ័កពេត្រុសចាប់ផ្ដើមជួយសាសន៍ដទៃឲ្យក្លាយទៅជាគ្រិស្តសាសនិកពិត។ សាសន៍ដទៃរួមមានអស់អ្នកដែលមិនមែនជាជនជាតិយូដាពីកំណើត ឬក៏អ្នកដែលចូលសាសនាយូដា។ ជាឧទាហរណ៍ នៅឆ្នាំ៣៦ គ.ស. ទាហានជនជាតិរ៉ូមម្នាក់ឈ្មោះកូនេលាស និងក្រុមគ្រួសាររបស់គាត់បានទទួលសកម្មពលរបស់ព្រះ។ ដូច្នេះ ពួកគាត់មានឯកសិទ្ធិទទួលរាជាណាចក្រស្ថានសួគ៌ដែលលោកយេស៊ូបានមានប្រសាសន៍។—សកម្មភាព ១០:១, ៣៤-៤៨
បន្ទាប់មក លោកយេស៊ូបញ្ជាក់ថាមិនមែនអស់អ្នកដែលបានមកពិសាភោជនាហារនឹងទទួលការពេញចិត្តពី«ស្តេច»នោះឡើយ។ លោកមានប្រសាសន៍ថា៖ «ពេលដែលស្តេចចូលមកពិនិត្យមើលភ្ញៀវ នោះលោកក្រឡេកទៅឃើញបុរសម្នាក់មិនពាក់សម្លៀកបំពាក់សម្រាប់ចូលរួមពិធីមង្គលការទេ។ ដូច្នេះ លោកសួរបុរសនោះថា៖ ‹សម្លាញ់! ហេតុអ្វីអ្នកនៅទីនេះតែមិនពាក់សម្លៀកបំពាក់សម្រាប់ចូលរួមពិធីមង្គលការដូច្នេះ?›។ បុរសនោះនិយាយមិនរួច។ បន្ទាប់មក ស្តេចមានប្រសាសន៍ទៅពួកខ្ញុំបម្រើថា៖ ‹ចូរចងដៃចងជើងបុរសនេះ ហើយបោះទៅខាងក្រៅ ដែលងងឹត។ នៅទីនោះគាត់នឹងយំហើយសង្កៀតធ្មេញ›។ ព្រោះមនុស្សជាច្រើនបានត្រូវអញ្ជើញ តែមនុស្សតិចទេបានត្រូវជ្រើសរើស»។—ម៉ាថាយ ២២:១១-១៤
ពួកអ្នកដឹកនាំសាសនាដែលកំពុងស្ដាប់លោកយេស៊ូប្រហែលជាមិនយល់អត្ថន័យនៃប្រសាសន៍របស់លោកទេ ឬក៏ពួកគេមិនដឹងថាប្រសាសន៍របស់លោកកំពុងសំដៅទៅលើអ្វីឡើយ។ ទោះជាយ៉ាងណាក្ដី ពួកគេមិនពេញចិត្តនឹងលោកយេស៊ូសោះ ហើយពួកគេតាំងចិត្តកាន់តែខ្លាំងដើម្បីសម្លាប់លោក ដោយសារលោកបានធ្វើឲ្យពួកគេអាម៉ាស់មុខ។