«អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក»
«អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ត អស់ពីព្រលឹង ហើយអស់ពីសមត្ថភាពរិះគិត»។—ម៉ាថ. ២២:៣៧
១. ហេតុអ្វីលោកយេស៊ូនិងបិតារបស់លោកស្រឡាញ់គ្នាកាន់តែខ្លាំងឡើង?
លោកយេស៊ូបានរៀបរាប់អំពីទំនាក់ទំនងដ៏ជិតស្និទ្ធដែលលោកមានជាមួយនឹងបិតារបស់លោក ពេលលោកមានប្រសាសន៍ថា៖ «ខ្ញុំស្រឡាញ់បិតានៅស្ថានសួគ៌» ហើយ«បិតាដែលនៅស្ថានសួគ៌ស្រឡាញ់បុត្ររបស់លោក»។ (យ៉ូន. ៥:២០; ១៤:៣១) មុនលោកយេស៊ូមកផែនដី លោកទាំងពីរបានធ្វើការជាមួយគ្នាអស់រាប់ពាន់លានឆ្នាំ។ (សុភ. ៨:៣០) ក្នុងអំឡុងគ្រានោះ លោកយេស៊ូបានរៀនច្រើនអំពីគុណសម្បត្ដិរបស់បិតាលោក ហើយលោកទាំងពីរស្រឡាញ់គ្នាកាន់តែខ្លាំងឡើង។
២. (ក) តើការស្រឡាញ់បុគ្គលណាម្នាក់មានន័យយ៉ាងណា? (ខ) តើយើងនឹងពិភាក្សាសំណួរអ្វីខ្លះ?
២ កាលណាយើងស្រឡាញ់បុគ្គលណាម្នាក់ យើងមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះបុគ្គលនោះ។ គម្ពីរចែងថា៖ «ព្រះយេហូវ៉ាមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ»។ (យ៉ា. ៥:១១) ដោយសារព្រះមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះយើង យើងក៏គួរមានអារម្មណ៍ដូច្នេះដែរចំពោះលោក។ បើយើងស្ដាប់បង្គាប់ព្រះយេហូវ៉ា លោកនឹងបង្ហាញសេចក្ដីស្រឡាញ់ចំពោះយើង។ (សូមអាន ចោទិយកថា ៧:១២, ១៣) ប៉ុន្តែយើងមិនអាចមើលឃើញព្រះបានទេ ដូច្នេះតើតាមរបៀបណាយើងអាចស្រឡាញ់លោក? តើការស្រឡាញ់ព្រះយេហូវ៉ាមានន័យយ៉ាងណា? ហេតុអ្វីយើងគួរស្រឡាញ់លោក? ហើយតើតាមរបៀបណាយើងអាចបង្ហាញថាយើងស្រឡាញ់ព្រះ?
យើងអាចស្រឡាញ់ព្រះ
៣, ៤. ហេតុអ្វីយើងអាចស្រឡាញ់ព្រះយេហូវ៉ា?
៣ យើងមិនអាចមើលឃើញព្រះបានទេ ពីព្រោះ«ព្រះជាវិញ្ញាណ»។ (យ៉ូន. ៤:២៤) ទោះជាយ៉ាងនោះក្ដី យើងអាចស្រឡាញ់ព្រះយេហូវ៉ាបាន។ តាមពិត គម្ពីរបង្គាប់យើងឲ្យស្រឡាញ់លោក។ ជាឧទាហរណ៍ ម៉ូសេបានប្រាប់ជនជាតិអ៊ីស្រាអែលថា៖ «ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងឯង»។—ចោ. ៦:៥
៤ ហេតុអ្វីយើងអាចស្រឡាញ់ព្រះ? លោកបានបង្កើតយើងឲ្យត្រូវការការគោរពប្រណិប័តន៍លោក ហើយលោកក៏បានផ្ដល់ឲ្យយើងដែរនូវសមត្ថភាពបង្ហាញសេចក្ដីស្រឡាញ់។ ពេលយើងកាន់តែស្គាល់ព្រះយេហូវ៉ា យើងស្រឡាញ់លោកកាន់តែខ្លាំងឡើង ហើយនេះធ្វើឲ្យយើងមានចិត្តសប្បាយរីករាយ។ នេះជាអត្ថន័យនៃពាក្យរបស់លោកយេស៊ូ ពេលលោកមានប្រសាសន៍ថា៖ «អស់អ្នកដែលស្រេកឃ្លានចំពោះការណែនាំពីព្រះ នោះមានសុភមង្គលហើយ! ពីព្រោះរាជាណាចក្រស្ថានសួគ៌ជារបស់អ្នកទាំងនោះ»។ (ម៉ាថ. ៥:៣) លោកអាប្រាហាំ ម៉ូរីសុនបានសរសេរនៅក្នុងសៀវភៅរបស់គាត់ថា គួរឲ្យអស្ចារ្យណាស់ពេលឃើញថាមនុស្សជាតិតែងតែស្វែងរកព្រះ ហើយចង់ជឿព្រះ (Man Does Not Stand Alone)។ ដូចអ្នកនិពន្ធនេះ មនុស្សជាច្រើនយល់ថា មនុស្សបានកើតមកដោយមានសេចក្ដីត្រូវការចង់ស្គាល់ព្រះ។
៥. ហេតុអ្វីយើងដឹងថាយើងអាចរកឃើញព្រះ?
៥ តើយើងអាចរកឃើញព្រះឬទេ? មែន យើងអាចរកឃើញព្រះ ពីព្រោះលោកចង់ឲ្យយើងមានចំណងមិត្តភាពជាមួយលោក។ សាវ័កប៉ូលបានបញ្ជាក់ចំណុចនោះ ពេលគាត់និយាយទៅកាន់មនុស្សមួយក្រុមនៅក្រុងអាថែនសម័យបុរាណ។ ពួកគេភាគច្រើនមានអារម្មណ៍ថាពួកគេត្រូវទៅវិហារដើម្បីគោរពបូជាព្រះនាងអាធីណា។ ប៉ុន្តែប៉ូលបាននិយាយថាពួកគេអាចរកឃើញព្រះពិត«ដែលបានបង្កើតពិភពលោកនឹងអ្វីៗទាំងអស់ក្នុងពិភពលោក»។ គាត់បានពន្យល់ថាព្រះមិនរស់នៅក្នុងវិហារទេ។ មនុស្សដែលស្វែងរកព្រះអាចរកលោកឃើញ ទោះជាពួកគេរស់នៅកន្លែងណាក៏ដោយនៅលើផែនដី។ បន្ទាប់មកគាត់បាននិយាយថាព្រះ«មិននៅឆ្ងាយពីយើងម្នាក់ៗ»ទេ។ (សកម្ម. ១៧:២៤-២៧) ពិតមែន មនុស្សអាចរកឃើញព្រះបាន។ សាក្សីព្រះយេហូវ៉ាជាង៧.៥០០.០០០នាក់បានរកឃើញលោក ហើយពួកគេពិតជាស្រឡាញ់លោក។
តើការស្រឡាញ់ព្រះមានន័យយ៉ាងណា?
៦. តើអ្វីជា«បញ្ញត្ដិទីមួយ ហើយជាបញ្ញត្ដិសំខាន់ជាងគេ»?
៦ តើយើងគួរស្រឡាញ់ព្រះយេហូវ៉ាដល់កម្រិតណា? ពេលផារិស៊ីម្នាក់ ដែលជាអ្នកជឿស៊ប់លើសាសនាយូដាបានសួរលោកយេស៊ូថា៖ «លោកគ្រូ ក្នុងច្បាប់ តើបញ្ញត្ដិមួយណាសំខាន់ជាងគេ?»។ លោកយេស៊ូបាននិយាយយ៉ាងច្បាស់ថា៖ «‹អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ត អស់ពីព្រលឹង ហើយអស់ពីសមត្ថភាពរិះគិត›។ នេះជាបញ្ញត្ដិទីមួយ ហើយជាបញ្ញត្ដិសំខាន់ជាងគេ»។—ម៉ាថ. ២២:៣៤-៣៨
៧. តើអ្វីជាអត្ថន័យនៃការស្រឡាញ់ព្រះ (ក) «អស់ពីដួងចិត្ត»? (ខ) «អស់ពីព្រលឹង»? (គ) «អស់ពីសមត្ថភាពរិះគិត»?
៧ តើពាក្យរបស់លោកយេស៊ូដែលថាយើងត្រូវស្រឡាញ់ព្រះឲ្យ«អស់ពីដួងចិត្ត» «អស់ពីព្រលឹង» ហើយ«អស់ពីសមត្ថភាពរិះគិត» មានន័យយ៉ាងណា? «អស់ពីដួងចិត្ត»របស់យើង មានន័យថាអារម្មណ៍ពិតនិងសេចក្ដីប៉ងប្រាថ្នារបស់យើង។ «អស់ពីព្រលឹង»របស់យើង មានន័យថាគុណសម្បត្ដិទាំងអស់ដែលយើងមាន ហើយរួមបញ្ចូលអ្វីៗទាំងអស់ដែលយើងធ្វើក្នុងជីវិតរបស់យើង។ «អស់ពីសមត្ថភាពរិះគិត»របស់យើង មានន័យថារបៀបដែលយើងគិតគូរនិងអ្វីដែលយើងគិត។ ពេលលោកយេស៊ូមានប្រសាសន៍ដូច្នេះ នោះលោកបានបញ្ជាក់ថាសេចក្ដីស្រឡាញ់ដែលយើងមានចំពោះព្រះយេហូវ៉ាត្រូវរួមបញ្ចូលអ្វីៗទាំងអស់។
៨. តើតាមរបៀបណាយើងបង្ហាញព្រះថាយើងស្រឡាញ់លោក?
៨ យើងបង្ហាញព្រះថាយើងស្រឡាញ់លោក អស់ពីដួងចិត្ត អស់ពីព្រលឹង និងអស់ពីសមត្ថភាពរិះគិត ពេលយើងសិក្សាគម្ពីរយ៉ាងទៀងទាត់ ធ្វើដោយយកចិត្តទុកដាក់អ្វីទាំងអស់ដែលលោកប្រាប់យើងឲ្យធ្វើ ហើយប្រាប់អ្នកឯទៀតអំពីរាជាណាចក្ររបស់ព្រះដោយចិត្តខ្នះខ្នែង។ (ម៉ាថ. ២៤:១៤; រ៉ូម ១២:១, ២) ពេលយើងធ្វើអ្វីៗទាំងនេះ នោះចំណងមិត្តភាពរវាងយើងនិងលោកនឹងកាន់តែមាំមួនឡើង។ (យ៉ា. ៤:៨) យើងមិនអាចរៀបរាប់អស់បានទេអំពីមូលហេតុដែលយើងគួរស្រឡាញ់ព្រះ ប៉ុន្តែយើងនឹងពិភាក្សាមូលហេតុខ្លះក្នុងចំណោមមូលហេតុទាំងនោះ។
ហេតុអ្វីយើងគួរស្រឡាញ់ព្រះយេហូវ៉ា?
៩. ហេតុអ្វីអ្នកស្រឡាញ់ព្រះយេហូវ៉ា?
៩ ព្រះយេហូវ៉ាគឺជាអ្នកបង្កើតយើង ហើយលោកផ្ដល់ឲ្យយើងនូវអ្វីទាំងអស់ដែលយើងត្រូវការ។ ប៉ូលបាននិយាយថា៖ «គឺដោយសារលោកទើបមានយើង ហើយគឺដោយសារលោក ទើបយើងមានជីវិត ក៏អាចធ្វើចលនាផង»។ (សកម្ម. ១៧:២៨) ព្រះយេហូវ៉ាបានឲ្យផែនដីដ៏ល្អស្អាតនេះឲ្យយើងរស់នៅ។ (ទំនុក. ១១៥:១៦) លោកក៏បានផ្ដល់អាហារនិងអ្វីៗឯទៀតដែរដើម្បីឲ្យយើងអាចនៅមានជីវិត។ ហេតុនេះហើយបានជាប៉ូលអាចប្រាប់បណ្ដាជននៅក្រុងលីស្ដ្រាថាពួកគេមិនគួរគោរពបូជារូបព្រះទេ ប៉ុន្តែពួកគេគួរគោរពប្រណិប័តន៍ព្រះយេហូវ៉ាជា«ព្រះដែលមានជីវិតរស់នៅ»។ ប៉ូលបាននិយាយអំពីព្រះថា៖ «លោកបានធ្វើល្អចំពោះអ្នករាល់គ្នា ដោយធ្វើឲ្យទឹកភ្លៀងធ្លាក់ពីលើមេឃនិងធ្វើឲ្យមានរដូវដែលសម្បូរភោគផល ក៏ឲ្យអាហារជាបរិបូរនិងធ្វើឲ្យចិត្តរបស់អ្នករាល់គ្នាពោរពេញទៅដោយក្ដីរីករាយ»។ (សកម្ម. ១៤:១៥-១៧) ដោយសេចក្ដីស្រឡាញ់ ព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវអ្វីៗទាំងអស់ដែលយើងត្រូវការ។ យើងពិតជាមានមូលហេតុត្រឹមត្រូវមែនដើម្បីស្រឡាញ់ព្រះដែលជាអ្នកបង្កើតដ៏ឧត្តមរបស់យើង!—សាស្ដ. ១២:១
១០. តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះថ្លៃលោះ?
១០ ព្រះនឹងបំបាត់ចោលភាពខុសឆ្គងនិងសេចក្ដីស្លាប់ដែលយើងទទួលពីអាដាម។ (រ៉ូម ៥:១២) គម្ពីរចែងថា៖ «ព្រះសម្ដែងឲ្យយើងឃើញសេចក្ដីស្រឡាញ់របស់លោក តាមរបៀបនេះ៖ គ្រិស្តស្លាប់ដើម្បីយើង កាលដែលយើងនៅជាអ្នកធ្វើខុសនៅឡើយ»។ (រ៉ូម ៥:៨) បើយើងកែប្រែចិត្តយ៉ាងស្មោះ ហើយមានជំនឿលើគ្រឿងបូជាលោះ ព្រះនឹងអភ័យទោសចំពោះអំពើខុសឆ្គងរបស់យើង។ យើងអរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះយេហូវ៉ា ដោយសារលោកស្រឡាញ់យើងខ្លាំងដល់ម្ល៉េះបានជាលោកចាត់បុត្ររបស់លោកឲ្យមកដើម្បីស្លាប់ជំនួសយើង។—យ៉ូន. ៣:១៦
១១, ១២. តើព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនូវសេចក្ដីសង្ឃឹមអ្វីខ្លះ?
១១ ព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនូវសេចក្ដីសង្ឃឹមអំពីជីវិតដែលគ្មានទីបញ្ចប់។ (រ៉ូម ១៥:១៣) សេចក្ដីសង្ឃឹមនេះជួយយើងឲ្យស៊ូទ្រាំពេលជំនឿរបស់យើងបានត្រូវល្បងល។ ពួកអ្នករើសតាំងដ៏ស្មោះត្រង់មានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅស្ថានសួគ៌។ (បប. ២:១០) ពួកអ្នកស្មោះត្រង់ឯទៀតមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតក្នុងសួនឧទ្យាននៅផែនដី។ (លូក. ២៣:៤៣) តើយើងមានអារម្មណ៍យ៉ាងណាចំពោះសេចក្ដីសង្ឃឹមរបស់យើង? សេចក្ដីសង្ឃឹមនេះធ្វើឲ្យយើងមានចិត្តពោរពេញទៅដោយអំណរ សេចក្ដីសុខសាន្តនិងសេចក្ដីស្រឡាញ់ចំពោះព្រះដែលផ្ដល់ឲ្យយើងនូវ«គ្រប់ទាំងរបស់ល្អនិងអំណោយដ៏ល្អឥតខ្ចោះ»។—យ៉ា. ១:១៧
១២ ព្រះយេហូវ៉ាបានឲ្យយើងនូវសេចក្ដីសង្ឃឹមអំពីការប្រោសឲ្យរស់ឡើងវិញ។ (សកម្ម. ២៤:១៥) យើងកើតទុក្ខខ្លាំងណាស់ពេលបុគ្គលណាម្នាក់ដែលយើងស្រឡាញ់បានស្លាប់។ ប៉ុន្តែយើងមិនកើតទុក្ខដូចពួកអ្នក«ដែលគ្មានសេចក្ដីសង្ឃឹម»នោះទេ ពីព្រោះព្រះយេហូវ៉ាបានសន្យាថាលោកនឹងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ (១ថែ. ៤:១៣) ព្រះយេហូវ៉ាទន្ទឹងរង់ចាំគ្រានោះជាងយើងទៅទៀត។ លោកពិតជាចង់ប្រោសមនុស្សរាប់លាននាក់ឲ្យរស់ឡើងវិញ ជាពិសេសមនុស្សស្មោះត្រង់។ (យ៉ូប ១៤:១៥) សូមស្រមៃគិតថាយើងនឹងអរសប្បាយយ៉ាងណាទៅ ពេលយើងឃើញកូនៗជួបជុំគ្នាជាមួយនឹងឪពុកម្ដាយរបស់ពួកគេ ហើយមិត្តជិតស្និទ្ធជួបជុំគ្នាម្ដងទៀត! ព្រះយេហូវ៉ាបានផ្ដើមគំនិតឲ្យមានការប្រោសឲ្យរស់ឡើងវិញ លោកបានសន្យាអំពីរឿងនោះ ហើយលោកនឹងធ្វើឲ្យរឿងនោះកើតឡើង។ យើងស្រឡាញ់ព្រះយេហូវ៉ាខ្លាំងណាស់ ដោយសារសេចក្ដីសង្ឃឹមដ៏អស្ចារ្យនេះ។
១៣. តើតាមរបៀបណាយើងដឹងថាព្រះពិតជាយកចិត្តទុកដាក់នឹងយើង?
១៣ ព្រះយេហូវ៉ាពិតជាយកចិត្តទុកដាក់នឹងយើង។ (សូមអាន ទំនុកតម្កើង ៣៤:៦, ១៨, ១៩; ពេត្រុសទី១ ៥:៦, ៧) សូម្បីតែសព្វថ្ងៃនេះក៏ដោយ យើងអាចមានអារម្មណ៍ថាយើងមានសុវត្ថិភាព ដោយសារយើងដឹងថាព្រះយេហូវ៉ាតែងតែត្រៀមខ្លួនដើម្បីជួយពួកអ្នកដែលស្មោះត្រង់នឹងលោក។ (ទំនុក. ៧៩:១៣) ប៉ុន្តែ សូមស្រមៃគិតថាព្រះនឹងធ្វើអ្វីៗច្រើនជាងនេះទៅទៀតនៅអនាគត។ លោកយេស៊ូគឺជាស្តេចនៃរាជាណាចក្រព្រះ ហើយលោកនឹងបំបាត់អំពើឃោរឃៅ ការជិះជាន់សង្កត់សង្កិននិងអំពើអាក្រក់ពីផែនដី។ ក្រោយមក ព្រះនឹងផ្ដល់ឲ្យមនុស្សដែលស្ដាប់បង្គាប់លោកនូវសេចក្ដីសុខសាន្តនិងអ្វីៗផ្សេងទៀតដែលពួកគេត្រូវការ ដើម្បីមានជីវិតសប្បាយ។ (ទំនុក. ៧២:៧, ១២-១៤, ១៦) ពេលយើងរំពឹងគិតអំពីសេចក្ដីសន្យាទាំងនេះ នេះជំរុញចិត្តយើងឲ្យស្រឡាញ់ព្រះរបស់យើងអស់ពីដួងចិត្ត អស់ពីព្រលឹង អស់ពីកម្លាំង ហើយអស់ពីសមត្ថភាពរិះគិត។—លូក. ១០:២៧
១៤. តើព្រះបានផ្ដល់ឲ្យយើងនូវឯកសិទ្ធិដ៏អស្ចារ្យអ្វី?
១៤ ព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនូវឯកសិទ្ធិដ៏អស្ចារ្យដោយធ្វើជាសាក្សីរបស់លោក។ (អេ. ៤៣:១០-១២) យើងស្រឡាញ់ព្រះ ពីព្រោះលោកផ្ដល់ឱកាសឲ្យយើងគាំទ្ររាជាណាចក្ររបស់លោកនិងឲ្យយើងប្រាប់សេចក្ដីសង្ឃឹមរបស់យើងដល់អស់អ្នកដែលរងទុក្ខ។ យើងមានជំនឿនិងមានទំនុកចិត្តដែលយើងត្រូវការ ដើម្បីផ្សព្វផ្សាយដំណឹងល្អដល់អ្នកឯទៀត។ ហេតុអ្វីយើងអាចមានទំនុកចិត្ត? ដំណឹងដែលយើងផ្សព្វផ្សាយគឺមកពីគម្ពីរដែលជាបណ្ដាំរបស់ព្រះ ហើយសេចក្ដីសន្យារបស់លោកតែងតែបានសម្រេច។ (សូមអាន យ៉ូស្វេ ២១:៤៥; ២៣:១៤) មានមូលហេតុជាច្រើនដើម្បីស្រឡាញ់ព្រះយេហូវ៉ា។ ប៉ុន្តែតើតាមរបៀបណាយើងអាចបង្ហាញថាយើងស្រឡាញ់លោក?
តើតាមរបៀបណាយើងអាចបង្ហាញថា យើងស្រឡាញ់ព្រះ?
១៥. តើការសិក្សានិងការអនុវត្តន៍បណ្ដាំរបស់ព្រះអាចជួយយើងយ៉ាងដូចម្ដេច?
១៥ ចូរសិក្សា ហើយអនុវត្តបណ្ដាំរបស់ព្រះជាទៀងទាត់។ ពេលយើងធ្វើដូច្នេះយើងបង្ហាញថា យើងស្រឡាញ់ព្រះយេហូវ៉ា ហើយពិតជាចង់ឲ្យបណ្ដាំរបស់លោកដឹកនាំយើង។ (ទំនុក. ១១៩:១០៥) ពេលយើងកំពុងរងទុក្ខ យើងអាចទទួលការសម្រាលទុក្ខពីសេចក្ដីសន្យាទាំងនេះដែលប្រកបដោយសេចក្ដីស្រឡាញ់ ដែលថា៖ «ឱព្រះអង្គអើយ ទ្រង់មិនមើលងាយចំពោះចិត្តខ្ទេចខ្ទាំ ហើយទន់ទាបឡើយ»។ «ឱព្រះយេហូវ៉ាអើយ សេចក្ដីសប្បុរសនៃទ្រង់បានទប់ទល់ទូលបង្គំ គ្រាដែលទូលបង្គំមានគំនិតសាន់វ័ណ្ឌក្នុងចិត្តជាច្រើន នោះសេចក្ដីកំសាន្តចិត្តនៃទ្រង់ក៏ជាទីរីករាយដល់ព្រលឹងទូលបង្គំវិញ»។ (ទំនុក. ៥១:១៧; ៩៤:១៨, ១៩) ព្រះយេហូវ៉ានិងលោកយេស៊ូបង្ហាញសេចក្ដីមេត្ដាករុណាចំពោះអស់អ្នកដែលរងទុក្ខ។ (អេ. ៤៩:១៣; ម៉ាថ. ១៥:៣២) ពេលយើងសិក្សាគម្ពីរ យើងអាចរៀនអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាចំពោះយើង។ នេះជួយយើងឲ្យស្រឡាញ់លោកកាន់តែខ្លាំងឡើង។
១៦. តើតាមរបៀបណាការអធិដ្ឋានជាទៀងទាត់អាចជួយយើងឲ្យស្រឡាញ់ព្រះកាន់តែខ្លាំងឡើង?
១៦ ចូរអធិដ្ឋានទៅព្រះជាទៀងទាត់។ ពេលយើងអធិដ្ឋានទៅព្រះ ហើយឃើញថាលោកឆ្លើយតបសេចក្ដីអធិដ្ឋានរបស់យើង នោះយើងស្រឡាញ់លោកកាន់តែខ្លាំងឡើង។ (ទំនុក. ៦៥:២) ជាឧទាហរណ៍ យើងប្រហែលជាបានឃើញថាលោកមិនឲ្យយើងរងការល្បួងហួសពីសមត្ថភាពស៊ូទ្រាំរបស់យើងឡើយ។ (១កូ. ១០:១៣) បើយើងបារម្ភ ហើយអធិដ្ឋានសុំជំនួយយ៉ាងស្មោះអស់ពីចិត្ត យើងអាចមាន«សេចក្ដីសុខសាន្តរបស់ព្រះ»។ សេចក្ដីសុខសាន្តនេះគឺជាចិត្តស្ងប់ដែលមានតែព្រះយេហូវ៉ាប៉ុណ្ណោះអាចផ្ដល់ឲ្យយើង។ (ភី. ៤:៦, ៧) ជួនកាល យើងប្រហែលជាអធិដ្ឋានយ៉ាងស្ងៀមស្ងាត់ ដូចនេហេមាបានធ្វើ ហើយក្រោយមកយើងដឹងថាព្រះយេហូវ៉ាបានឆ្លើយតបសេចក្ដីអធិដ្ឋានរបស់យើង។ (នេហ. ២:១-៦) បើយើងបន្តអធិដ្ឋាន ហើយឃើញថាព្រះយេហូវ៉ាឆ្លើយតបសេចក្ដីអធិដ្ឋានរបស់យើង នោះយើងស្រឡាញ់លោកកាន់តែខ្លាំងឡើង។ ពេលជំនឿរបស់យើងបានត្រូវល្បងល យើងនឹងជឿជាក់ថាព្រះយេហូវ៉ានឹងជួយយើងឲ្យស៊ូទ្រាំ។—រ៉ូម ១២:១២
១៧. បើយើងស្រឡាញ់ព្រះ តើយើងនឹងមានអារម្មណ៍យ៉ាងណាចំពោះការចូលរួមកិច្ចប្រជុំ?
១៧ ចូរចូលរួមកិច្ចប្រជុំ សន្និបាតនិងមហាសន្និបាតរបស់យើងជាគ្រិស្តសាសនិកពិតជាទៀងទាត់។ (ហេ. ១០:២៤, ២៥) ជនជាតិអ៊ីស្រាអែលបានប្រជុំគ្នាដើម្បីស្ដាប់និងរៀនអំពីព្រះយេហូវ៉ា ប្រយោជន៍ឲ្យពួកគេអាចគោរពប្រណិប័តន៍លោកដោយបង្ហាញការគោរពយ៉ាងជ្រាលជ្រៅចំពោះលោក ហើយធ្វើតាមច្បាប់របស់លោក។ (ចោ. ៣១:១២) បើយើងពិតជាស្រឡាញ់ព្រះយេហូវ៉ា យើងនឹងចូលរួមកិច្ចប្រជុំរបស់យើងជាទៀងទាត់។ (សូមអាន យ៉ូហានទី១ ៥:៣) សូមឲ្យយើងខំអស់ពីសមត្ថភាពដើម្បីចូលរួមកិច្ចប្រជុំទាំងអស់។ យើងមិនត្រូវបាត់បង់សោះឡើយនូវសេចក្ដីស្រឡាញ់ដែលយើងមានចំពោះព្រះយេហូវ៉ា នៅពេលយើងបានរៀនអំពីលោកកាលពីដើមដំបូង។—បប. ២:៤
១៨. តើសេចក្ដីស្រឡាញ់ចំពោះព្រះនាំឲ្យយើងចង់ធ្វើអ្វី?
១៨ ចូរប្រាប់សេចក្ដីពិតដល់អ្នកឯទៀតដោយចិត្តខ្នះខ្នែង។ (កាឡ. ២:៥) សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះនាំឲ្យយើងចង់ប្រាប់អ្នកឯទៀតអំពីរាជាណាចក្រព្រះ។ នៅសង្គ្រាមហាម៉ាគេដូន លោកយេស៊ូដែលជាស្តេចរបស់ព្រះនឹងការពារសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ (ទំនុក. ៤៥:៤; បប. ១៦:១៤, ១៦) ពេលយើងជួយអ្នកឯទៀតរៀនអំពីសេចក្ដីស្រឡាញ់របស់ព្រះនិងសេចក្ដីសន្យារបស់លោកអំពីពិភពលោកថ្មី នោះយើងមានចិត្តរីករាយយ៉ាងខ្លាំង!—ម៉ាថ. ២៨:១៩, ២០
១៩. ហេតុអ្វីយើងគួរឲ្យតម្លៃចំពោះពួកអ្នកចាស់ទុំក្នុងក្រុមជំនុំ?
១៩ ចូរបង្ហាញថាអ្នកឲ្យតម្លៃចំពោះអ្នកចាស់ទុំក្នុងក្រុមជំនុំ។ (សកម្ម. ២០:២៨) ដោយសារព្រះយេហូវ៉ាតែងតែចង់ឲ្យយើងទទួលប្រយោជន៍ច្រើនបំផុត លោកបានផ្ដល់ឲ្យយើងនូវអ្នកចាស់ទុំក្នុងក្រុមជំនុំ។ អ្នកចាស់ទុំគឺ«ដូចជាទីបាំងឲ្យរួចពីខ្យល់ នឹងជាទីជ្រកឲ្យរួចពីព្យុះសង្ឃរា ដូចផ្លូវទឹកហូរនៅទីហួតហែង ហើយដូចជាម្លប់នៃថ្មដាយ៉ាងធំនៅទីខ្សោះល្វើយ»។ (អេ. ៣២:១, ២) សូមគិតថាយើងមានអារម្មណ៍សុខស្រួលយ៉ាងណាទៅកាលដែលយើងរកឃើញកន្លែងជ្រកពីខ្យល់ខ្លាំង ឬរួចពីព្យុះសង្ឃរាដែលគួរឲ្យខ្លាច ឬពេលយើងរកឃើញម្លប់ពេលថ្ងៃក្ដៅ! តាមរបៀបដូចគ្នា ពួកអ្នកចាស់ទុំផ្ដល់ជំនួយនិងការលើកទឹកចិត្តដែលយើងត្រូវការដើម្បីបន្តបម្រើព្រះយេហូវ៉ាទោះជាយើងមានការពិបាកក្នុងជីវិតក៏ដោយ។ ហេតុអ្វីយើងស្ដាប់បង្គាប់ពួកអ្នកចាស់ទុំ? ពីព្រោះយើងឲ្យតម្លៃចំពោះពួកគាត់ដែលជា«អំណោយជាមនុស្ស» ហើយយើងស្រឡាញ់ព្រះយេហូវ៉ាព្រមទាំងគ្រិស្ត ដែលជាប្រមុខនៃក្រុមជំនុំ។—អេភ. ៤:៨; ៥:២៣; ហេ. ១៣:១៧
ចូរស្រឡាញ់ព្រះកាន់តែខ្លាំងឡើង
២០. បើអ្នកស្រឡាញ់ព្រះ តើអ្នកនឹងធ្វើអ្វី?
២០ ព្រះយេហូវ៉ាបានឲ្យយើងនូវ«ច្បាប់ល្អឥតខ្ចោះ» ដែលប្រាប់យើងអំពីអ្វីៗទាំងអស់ដែលលោកចង់ឲ្យយើងធ្វើ។ (សូមអាន យ៉ាកុប ១:២២-២៥) បើអ្នកចង់មានចំណងមិត្តភាពមាំមួនជាមួយនឹងព្រះយេហូវ៉ា អ្នកមិនគ្រាន់តែត្រូវស្ដាប់លោកប៉ុណ្ណោះទេ តែអ្នកត្រូវធ្វើអ្វីលើសពីនេះ។ (ទំនុក. ១៩:៧-១១) អ្នកត្រូវធ្វើតាមអ្វីដែលអ្នកបានរៀន។ ជាឧទាហរណ៍ ដោយសារអ្នកស្រឡាញ់ព្រះ អ្នកនឹងខំព្យាយាមប្រាប់អ្នកឯទៀតអំពីលោក ហើយខំឆ្លើយនៅកិច្ចប្រជុំ។
២១. តើអ្នកអាចប្រៀបប្រដូចសេចក្ដីអធិដ្ឋានដ៏ស្មោះរបស់អ្នកទៅនឹងអ្វី?
២១ យើងអធិដ្ឋានជានិច្ចទៅព្រះយេហូវ៉ា ពីព្រោះយើងស្រឡាញ់លោក។ នៅអ៊ីស្រាអែល ពួកសង្ឃបានដុតគ្រឿងក្រអូបជូនព្រះយេហូវ៉ារាល់ថ្ងៃ។ ស្តេចដាវីឌបានប្រៀបប្រដូចសេចក្ដីអធិដ្ឋានរបស់គាត់ទៅនឹងគ្រឿងក្រអូប ពេលគាត់បានច្រៀងថា៖ «សូមឲ្យសេចក្ដីអធិស្ឋានរបស់ទូលបង្គំបានផ្សាយឡើង ដូចជាគ្រឿងក្រអូបនៅចំពោះទ្រង់[ព្រះយេហូវ៉ា] នឹងការលើកដៃប្រណម្យរបស់ទូលបង្គំ បានដូចជាយញ្ញបូជាពេលល្ងាច»។ (ទំនុក. ១៤១:២; និក្ខ. ៣០:៧, ៨) ព្រះយេហូវ៉ាបានស្ដាប់សេចក្ដីអធិដ្ឋានរបស់ដាវីឌ។ បើយើងអធិដ្ឋានយ៉ាងស្មោះ ដោយចិត្តរាបទាប ហើយដោយអរគុណព្រះ នោះសេចក្ដីអធិដ្ឋានរបស់យើងក៏នឹងដូចជាគ្រឿងក្រអូបដែរ ហើយនឹងធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។—បប. ៥:៨
២២. តើយើងនឹងរៀនអ្វីនៅអត្ថបទបន្ទាប់?
២២ លោកយេស៊ូបានមានប្រសាសន៍ថាយើងត្រូវស្រឡាញ់ព្រះ ប៉ុន្តែលោកក៏មានប្រសាសន៍ដែរថាយើងត្រូវស្រឡាញ់អ្នកជិតខាង។ (ម៉ាថ. ២២:៣៧-៣៩) ពេលយើងស្រឡាញ់ព្រះយេហូវ៉ានិងគោលការណ៍របស់លោក នេះនឹងជួយយើងឲ្យស្រឡាញ់អ្នកជិតខាង។ នៅអត្ថបទបន្ទាប់ យើងនឹងរៀនអំពីអត្ថន័យនៃការស្រឡាញ់អ្នកជិតខាង។