«ការទាំងនោះត្រូវតែមកដល់»
«ព្រះយេស៊ូទ្រង់មានបន្ទូលឆ្លើយថា៖ ‹ . . . ដ្បិតការទាំងនោះត្រូវតែមកដល់ តែនោះពុំទាន់ដល់ចុងបំផុតនៅឡើយទេ›»។—ម៉ាថាយ ២៤:៤-៦
១. តើប្រធានអ្វីដែលគួរធ្វើឲ្យយើងចាប់អារម្មណ៍នោះ?
អ្នកប្រាកដជាចាប់អារម្មណ៍នឹងជីវិត ហើយអនាគតរបស់អ្នក។ បើអ៊ីចឹង អ្នកក៏គួរតែចាប់អារម្មណ៍នឹងប្រធានដែលបានធ្វើដោយ ស៊ី. ធី. រ៉ាសិល ដែលចាប់អារម្មណ៍នៅក្នុងឆ្នាំ១៨៧៧។ បងប្រុសរ៉ាសិល ដែលក្រោយមកជាអ្នកតាំងសមាគមប៉មយាម បានសរសេរគោលដៅនិងរបៀបយាងត្រឡប់មកវិញនៃព្រះអម្ចាស់របស់យើង។ (ភាសាអង់គ្លេស) កូនសៀវភៅនេះដែលមាន៦៤ទំព័រ បានពិគ្រោះអំពីការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូ ឬការមកនៅអនាគត។ (យ៉ូហាន ១៤:៣) នៅគ្រាមួយក្នុងកាលនៅលើភ្នំដើមអូលីវ ពួកសាវ័កបានសួរអំពីការត្រឡប់មកវិញនេះថា៖ «តើកាលណារឿងទាំងនេះនឹងកើតមានឡើង ហើយតើមានទីសំគាល់យ៉ាងណាពីវត្តមាន[ការ«យាងមក» សេចក្ដីបកប្រែពីសមាគមខ្មែរ]របស់ទ្រង់ ហើយពីវេលាចុងបញ្ចប់របស់ប្រព័ន្ធសម័យ»?—ម៉ាថាយ ២៤:៣, ព.ថ.
២. ហេតុអ្វីក៏មានទស្សនៈដ៏ខ្វែងគំនិតគ្នាច្រើនម្ល៉េះអំពីអ្វីដែលព្រះយេស៊ូបានទាយនោះ?
២ តើអ្នកដឹងហើយយល់អំពីចម្លើយរបស់ព្រះយេស៊ូឬទេ? ចម្លើយនេះគឺរកឃើញនៅក្នុងសៀវភៅដំណឹងល្អ បីក្បាល។ សាស្ដ្រាចារ្យ ឌី. អេ. ខាសិន មានប្រសាសន៍ថា៖ «អត់សូវមានជំពូកណាក្នុងព្រះគម្ពីរ ដែលនាំឲ្យមានការខ្វែងគំនិតក្នុងចំណោមពួកអ្នកបកស្រាយ ជាជាងម៉ាថាយ ជំពូក២៤ និងដំណើររឿងស្រដៀងគ្នានៅក្នុងម៉ាកុស ជំពូក១៣ និងលូកា ជំពូក២១»។ រួចមក លោកក៏ផ្ដល់ទស្សនៈរបស់លោកផ្ទាល់ ដែលគ្រាន់តែទស្សនៈដ៏ខ្វែងគំនិតមួយទៀតរបស់មនុស្ស។ នៅក្នុងសតវត្សមុននេះ ទស្សនៈជាច្រើនបែបនេះ គឺបង្ហាញឲ្យឃើញនូវការគ្មានជំនឿ។ ពួកអ្នកដែលបានផ្ដល់ឲ្យទស្សនៈនោះ បានកាន់ជំហរថា ព្រះយេស៊ូមិនដែលមានបន្ទូលអំពីអ្វីដែលយើងអាននៅក្នុងសៀវភៅដំណឹងល្អទេ ហើយថាបន្ទូលរបស់ទ្រង់បានត្រូវផ្លាស់ប្រែនៅក្រោយមក ឬក៏ថាការទាយរបស់ទ្រង់បានទទួលបរាជ័យ ដែលជាមតិដែលបានត្រូវបំពាក់បំប៉នដោយវិវេចនាជាន់ខ្ពស់។ អ្នកធ្វើអត្ថាធិប្បាយម្នាក់ក៏បានចាត់ទុកសៀវភៅដំណឹងល្អរបស់ម៉ាកុស ‹តាមរយៈទស្សនវិជ្ជាខាងមហានិកាយនៃព្រះពុទ្ធសាសនា›!
៣. តើស្មរបន្ទាល់ព្រះយេហូវ៉ាចាត់ទុកទំនាយរបស់ព្រះយេស៊ូយ៉ាងដូចម្ដេច?
៣ ផ្ទុយទៅវិញ ស្មរបន្ទាល់ព្រះយេហូវ៉ាយល់ព្រមថាព្រះគម្ពីរគឺពិតនិងអាចទុកចិត្តបាន រួមបញ្ចូលអ្វីដែលព្រះយេស៊ូបានមានបន្ទូលប្រាប់ពួកសាវ័កបួននាក់ ដែលនៅជាមួយទ្រង់លើភ្នំដើមអូលីវបីថ្ងៃមុនទ្រង់សោយទិវង្គត។ តាំងពីសម័យរបស់ ស៊ី. ធី. រ៉ាសិលនោះរាស្ត្ររបស់ព្រះបានទទួលការយល់កាន់តែច្បាស់ឡើងៗជាបណ្ដើរៗ នូវទំនាយរបស់ព្រះយេស៊ូនៅពេលនោះ។ នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទស្សនាវដ្ដីប៉មយាមបានធ្វើឲ្យបានច្បាស់ថែមទៀតនូវការពិនិត្យមើលរបស់គេខាងឯទំនាយនេះ។ តើអ្នកបានស្រូបបញ្ចូលនូវពត៌មាននេះ ទាំងឃើញឥទ្ធិពលដែលនេះមានមកលើជីវិតរបស់អ្នកឬទេ?a សូមឲ្យយើងពិនិត្យមើលសាឡើងវិញនូវពត៌មាននេះ។
សេចក្ដីសម្រេចដ៏ខ្លោចផ្សានៅពេលឆាប់ៗខាងមុខ
៤. តើអ្វីប្រហែលជាហេតុដែលពួកសាវ័កបានសួរព្រះយេស៊ូអំពីពេលអនាគតនោះ?
៤ ពួកសាវ័កបានដឹងថា ព្រះយេស៊ូជាព្រះមេស្ស៊ី។ ដូច្នេះ នៅពេលដែលពួកគេបានឮទ្រង់ពណ៌នាអំពីការសោយទិវង្គត ដំណើររស់ឡើងវិញ និងការយាងត្រឡប់មកវិញរបស់ទ្រង់ នោះគេប្រហែលជាបានឆ្ងល់ថា៖ ‹ប្រសិនបើព្រះយេស៊ូសោយទិវង្គតនិងយាងទៅបាត់នោះ តើយ៉ាងដូចម្ដេចដែលទ្រង់នឹងសម្រេចនូវរបស់ដ៏អស្ចារ្យ ដែលព្រះមេស្ស៊ីបានតម្រូវឲ្យធ្វើនោះ›? ថែមទៅទៀត ព្រះយេស៊ូមានបន្ទូលអំពីទីបញ្ចប់នៃក្រុងយេរូសាឡិម និងព្រះវិហារនៅទីនោះ។ ពួកសាវ័កប្រហែលជាបានឆ្ងល់ថា៖ ‹តើនៅពេលណានិងតាមរបៀបណាដែលរឿងនេះនឹងកើតឡើង›? ក្នុងការខំឲ្យយល់នឹងរឿងទាំងនេះ ពួកសាវ័កបានសួរថា៖ «តើកាលណាបានការទាំងនេះនឹងមកដល់ តើមានទីសំគាល់ណាឲ្យដឹង ក្នុងកាលដែលការទាំងនេះជិតកើតមក»?—ម៉ាកុស ១៣:៤; ម៉ាថាយ ១៦:២១, ២៧, ២៨; ២៣:៣៧–២៤:២
៥. តើយ៉ាងដូចម្ដេចដែលអ្វីដែលព្រះយេស៊ូមានបន្ទូល បានសម្រេចនៅក្នុងសតវត្សទីមួយ?
៥ ព្រះយេស៊ូបានទាយថានឹងមានសង្គ្រាម ទុរ្ភិក្ស រោគរាតត្បាត កក្រើកផែនដី ការស្អប់និងការបៀតបៀនពួកគ្រីស្ទាន ព្រះមេស្ស៊ីក្លែងក្លាយ និងការផ្សព្វផ្សាយទូទៅនៃដំណឹងល្អអំពីព្រះរាជាណាចក្រ។ រួចមក ទើបដល់ទីបញ្ចប់។ (ម៉ាថាយ ២៤:៤-១៤; ម៉ាកុស ១៣:៥-១៣; លូកា ២១:៨-១៩) ព្រះយេស៊ូបានមានបន្ទូលនេះនៅដើមឆ្នាំ៣៣ ស.យ.។ នៅក្នុងកំឡុងទសវត្សក្រោយមក នោះពួកសិស្សដ៏ប្រុងស្មារតីអាចស្គាល់ថា របស់ដែលបានទាយប្រាប់នោះ គឺតាមពិត កំពុងតែកើតឡើងតាមរបៀបដ៏ជាក់លាក់។ ត្រូវហើយ ប្រវត្ដិសាស្ត្របង្ហាញថា ទីសំគាល់នេះបានមានការសម្រេចមួយនៅគ្រានោះ ដែលនាំឲ្យមានការបញ្ចប់នៃរបបយូដា នៅក្រោមកណ្ដាប់ដៃរបស់ពួករ៉ូម៉ាំងនៅរវាងឆ្នាំ៦៦-៧០ ស.យ.។ តើនេះបានកើតឡើងតាមរបៀបណា?
៦. តើអ្វីដែលបានកើតឡើងរវាងពួករ៉ូមនិងពួកយូដានៅក្នុងឆ្នាំ៦៦ ស.យ.?
៦ ក្នុងកំឡុងរដូវក្ដៅនៅស្រុកយូដាក្នុងឆ្នាំ៦៦ ស.យ. នោះក្រុមឧទ្ទាមជនជាតិយូដាបាននាំគ្នាវាយប្រយុទ្ធនឹងពួកទ័ពរ៉ូម៉ាំង នៅឯបន្ទាយមួយជិតព្រះវិហារនៃក្រុងយេរូសាឡិម ដែលនាំឲ្យមានអំពើឃោរឃៅនៅទីដទៃក្នុងស្រុកនេះ។ នៅក្នុងសៀវភៅដែលមានចំណងជើង ប្រវត្ដិសាស្ត្រនៃពួកយូដា នោះសាស្ដ្រាចារ្យម្នាក់ឈ្មោះ ហែនរីជ្ឈ ហ្ក្រេត្ស រៀបរាប់ថា៖ «ជាអភិបាលនៃស្រុកស៊ីរី នោះលោកស៊ីស្ទាស ហ្កាឡាស ដែលមានភារកិច្ចតំកើងកិត្ដិយសនៃពួកទ័ពរ៉ូម៉ាំង . . . ក៏មិនអាចមើលថែមទៀតនូវការបះបោរដែលមានសាយភាយនៅជុំវិញលោក ដោយឥតប្រឹងនឹងបង្ក្រាបការបះបោរនេះឡើយ។ លោកបានបញ្ជាពួកទាហានមកជាមួយគ្នា ហើយពួកសម្ដេចដែលនៅជិតខាងក៏បានសុខចិត្តបញ្ជូនពួកទ័ពរបស់គេ»។ កងទ័ពនេះដែលមាន៣០.០០០នាក់បានព័ទ្ធជុំវិញក្រុងយេរូសាឡិម។ ក្រោយពីបានប្រយុទ្ធមួយរយៈ នោះពួកយូដាក៏ដកទ័ពទៅពីក្រោយកំផែងជិតព្រះវិហារ។ «ក្នុងកំឡុងប្រាំថ្ងៃជាប់ នោះពួករ៉ូម៉ាំងបានវាយលុកកំផែងនេះ ប៉ុន្តែបានត្រូវជំរុញឲ្យថយក្រោយដោយសារកាំជ្រួចរបស់ពួកយូដា។ គឺនៅថ្ងៃទីប្រាំមួយប៉ុណ្ណោះ ដែលគេមានជោគជ័យក្នុងការជីករលំមួយផ្នែកនៃកំផែងនៅទិសខាងជើង នៅពីមុខព្រះវិហារ»។
៧. ហេតុអ្វីក៏ពួកសិស្សរបស់ព្រះយេស៊ូអាចតបឆ្លើយយ៉ាងខុសប្លែកពីពួកយូដាភាគច្រើន?
៧ សូមគិតមើល ពួកយូដានឹងច្រឡូកច្រឡំយ៉ាងណា ពីព្រោះពួកគេមានអារម្មណ៍ជាយូរយារមកហើយថា ព្រះនឹងការពារគេនិងទីក្រុងបរិសុទ្ធនេះរបស់គេ! ប៉ុន្តែ ពួកសិស្សរបស់ព្រះយេស៊ូបានត្រូវព្រមានទុកជាមុនថា វិបត្ដិភ័យនឹងមានមកលើក្រុងយេរូសាឡិម។ ព្រះយេស៊ូបានទាយប្រាប់ថា៖ «នឹងមានថ្ងៃមកដល់ ដែលពួកខ្មាំងសត្រូវឯង នឹងធ្វើបន្ទាយនៅជុំវិញឯង ព្រមទាំងឡោមព័ទ្ធ ហើយបិទផ្លូវគ្រប់ទិស គេនឹងពង្រាបឯងឲ្យស្មើនឹងដីព្រមទាំងកូនចៅដែលមានក្នុងឯងផង ឥតទុកថ្មណាមួយឲ្យនៅត្រួតលើថ្មណា នៅក្នុងឯងឡើយ»។ (លូកា ១៩:៤៣, ៤៤) ប៉ុន្តែ តើនេះមានន័យថា ពួកគ្រីស្ទាននៅខាងក្នុងក្រុងយេរូសាឡិម នឹងទទួលសេចក្ដីស្លាប់ក្នុងឆ្នាំ៦៦ ស.យ.ឬ?
៨. តើព្រះយេស៊ូបានទាយអំពីការខ្លោចផ្សាអ្វី ហើយតើអ្នកណាជា«ពួករើសតាំង» ដែលថ្ងៃនោះនឹងត្រូវបន្ថយឲ្យខ្លីចំពោះពួកគេ?
៨ នៅពេលតបឆ្លើយដល់ពួកសាវ័កនៅលើភ្នំដើមអូលីវ ព្រះយេស៊ូបានទាយថា៖ «នៅគ្រានោះ នឹងមានសេចក្ដីវេទនាខ្លាំងណាស់ ដល់ម្ល៉េះបានជាតាំងពីកំណើតលោកីយ ដែលព្រះទ្រង់បានបង្កើត ដរាបដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះទេ ហើយទៅមុខក៏មិនដែលមានផង បើព្រះអម្ចាស់មិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លី នោះគ្មានមនុស្សណាបានសង្គ្រោះទេ ប៉ុន្តែទ្រង់បានបន្ថយថ្ងៃទាំងនោះ ដោយព្រោះពួកអ្នកដែលទ្រង់បានរើសតាំង»។ (ម៉ាកុស ១៣:១៩, ២០; ម៉ាថាយ ២៤:២១, ២២) ដូច្នេះថ្ងៃនោះនឹងត្រូវបន្ថយឲ្យខ្លី ហើយ‹ពួករើសតាំង›នឹងបានសង្គ្រោះ។ តើពួកគេជាអ្នកណា? គឺប្រាកដជាមិនមែនពួកសាសន៍យូដាដ៏បះបោរ ដែលអះអាងថាថ្វាយបង្គំព្រះយេហូវ៉ា តែបែរទៅជាបដិសេធចោលបុត្រារបស់ទ្រង់វិញនោះទេ។ (យ៉ូហាន ១៩:១-៧; កិច្ចការ ២:២២, ២៣, ៣៦) ពួករើសតាំងដ៏ពិតនៅគ្រានោះគឺជាពួកយូដានិងពួកអ្នកដែលមិនមែនជាសាសន៍យូដា ដែលបានអនុវត្តជំនឿលើព្រះយេស៊ូជាព្រះមេស្ស៊ីនិងជាអ្នកសង្គ្រោះ។ ព្រះបានរើសពួកមនុស្សបែបនេះ ហើយនៅបុណ្យភិន្ដាកុសនៃឆ្នាំ៣៣ ស.យ. ទ្រង់បានរៀបពួកគេឲ្យទៅជាសាសន៍ថ្មីខាងវិញ្ញាណ «សាសន៍អ៊ីស្រាអែលនៃព្រះ»។—កាឡាទី ៦:១៦; លូកា ១៨:៧; កិច្ចការ ១០:៣៤-៤៥; ពេត្រុសទី១ ២:៩
៩, ១០. តើតាមរបៀបណាដែលថ្ងៃនៃការប្រយុទ្ធរបស់ពួករ៉ូម៉ាំង បានត្រូវ‹បន្ថយឲ្យខ្លី› ហើយតើមានលទ្ធផលយ៉ាងណា?
៩ តើថ្ងៃនោះបានត្រូវ‹បន្ថយឲ្យខ្លី› ហើយតើពួកចាក់ប្រេងតាំងនៅក្នុងក្រុងយេរូសាឡិមបានសង្គ្រោះឬទេ? សាស្ដ្រាចារ្យ ហ្ក្រេត្ស ឲ្យយោបល់ថា៖ «[ស៊ីស្ទាស ហ្កាឡាស] បានគិតថា មិនមែនជាការល្អនឹងបន្តប្រយុទ្ធជាមួយពួកខ្មាំងដ៏ខ្នះខ្នែងនេះ ហើយចាប់ធ្វើយុទ្ធនាការដ៏យូរនៅក្នុងរដូវនោះ នៅពេលដែលភ្លៀងក្នុងរដូវរំហើយនឹងចាប់ផ្ដើមមិនយូរប៉ុន្មានទៀតនោះ . . . ហើយប្រហែលជាបង្ការកងទ័ពពីការទទួលស្បៀងផងដែរ។ ដោយហេតុនោះ ប្រហែលជាលោកបានគិតថា ជាការប្រកបដោយប្រាជ្ញាឲ្យដកទ័ពថយវិញ»។ អ្វីក៏ដោយដែលលោក ស៊ីស្ទាស ហ្កាឡាសបានគិត កងទ័ពពួករ៉ូម៉ាំងបានដកទ័ពពីទីក្រុងនេះ ដោយមានការបាត់បង់ជីវិតជាច្រើនដោយសារពួកយូដាដែលដេញតាមនោះ។
១០ ការណ៍ដ៏គួរឲ្យចម្លែកនេះ ដោយដកទ័ពរបស់ពួករ៉ូម៉ាំងចេញ បានអនុញ្ញាតឲ្យ«មនុស្ស» គឺពួកសិស្សរបស់ព្រះយេស៊ូ ដែលអាចមានគ្រោះថ្នាក់នៅក្នុងក្រុងយេរូសាឡិម ឲ្យបានសង្គ្រោះ។ ប្រវត្ដិសាស្ត្រក៏រាយការណ៍ថា នៅពេលដែលមានឱកាសនេះ ពួកគ្រីស្ទានក៏បានរត់ចេញពីតំបន់នោះ។ នេះគឺជាការសម្ដែងយ៉ាងល្អណាស់ហ្ន៎ ពីសមត្ថភាពរបស់ព្រះ ឲ្យដឹងទុកជាមុនអំពីអនាគត ហើយដើម្បីធានារ៉ាប់រងនូវការរួចរស់ជីវិតរបស់អ្នកថ្វាយបង្គំទ្រង់! ក៏ប៉ុន្តែ តើមានអ្វីកើតឡើងដល់ពួកយូដាដែលឥតមានជំនឿ ដែលបានបន្តរស់នៅក្នុងក្រុងយេរូសាឡិមនិងស្រុកយូដានោះ?
ពួកនៅជំនាន់ដំណាលគ្នានឹងពិសោធន៍អ្វីទាំងនោះ
១១. តើព្រះយេស៊ូបានមានបន្ទូលយ៉ាងណាអំពី«មនុស្សតំណនេះ»?
១១ ពួកយូដាជាច្រើនបានមានអារម្មណ៍ថាប្រព័ន្ធនៃការថ្វាយបង្គំរបស់គេ ដែលដៅចំពោះព្រះវិហារ នឹងមានបន្តជារៀងរហូតទៅ។ ប៉ុន្តែ ព្រះយេស៊ូមានបន្ទូលថា៖ «ចូររៀនសេចក្ដី . . . ពីដើមល្វា កាលណាមែកវាត្រឡប់ជាទន់ ហើយស្លឹកក៏ប៊ិចឡើង នោះអ្នករាល់គ្នាដឹងថា រដូវក្ដៅជិតដល់ហើយ ដំណើរនេះក៏បែបដូច្នោះដែរ កាលណាឃើញការទាំងនេះកើតមក ត្រូវដឹងថា លោកជិតមកដល់ហើយ ក៏នៅមាត់ទ្វារផង ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សដំណនេះនឹងមិនទាន់កន្លងហួសបាត់ទៅ ទាល់តែគ្រប់ការទាំងនេះបានកើតមកដល់ ផ្ទៃមេឃ ហើយផែនដីនឹងកន្លងបាត់ទៅ តែពាក្យខ្ញុំមិនដែលបាត់ឡើយ»។—ម៉ាថាយ ២៤:៣២-៣៥
១២, ១៣. តើពួកសិស្សទ្រង់នឹងបានយល់យ៉ាងណា កាលដែលព្រះយេស៊ូសំដៅទៅលើ«មនុស្សដំណនេះ»?
១២ ក្នុងកំឡុងឆ្នាំទាំងប៉ុន្មានមុននឹងឆ្នាំ៦៦ ស.យ. នោះពួកគ្រីស្ទាននឹងបានឃើញផ្នែកដំបូងជាច្រើននៃទីសម្គាល់រួម ដែលបានសម្រេច ដូចជាសង្គ្រាម ទុរភិក្ស សូម្បីតែការផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្រនៅគ្រប់ទីកន្លែង។ (កិច្ចការ ១១:២៨; កូល៉ុស ១:២៣) ក៏ប៉ុន្តែ តើនៅពេលណា ដែលទីបញ្ចប់នឹងមកដល់? តើព្រះយេស៊ូចង់មានន័យយ៉ាងណា ពេលដែលទ្រង់មានបន្ទូលថា៖ ‹មនុស្សតំណ[ភាសាក្រិក យីណេអា]នេះ នឹងមិនកន្លងផុតទៅនោះ›? ច្រើនដងហើយព្រះយេស៊ូបានហៅពួកយូដាដ៏ប្រឆាំង ដែលមានហ្វូងយ៉ាងធំនៅជំនាន់ដំណាលគ្នា រួមបញ្ចូលពួកអ្នកដឹកនាំសាសនាជា‹មនុស្សមួយតំណដ៏អាក្រក់ ហើយកំផិត›។ (ម៉ាថាយ ១១:១៦; ១២:៣៩, ៤៥; ១៦:៤; ១៧:១៧; ២៣:៣៦) ដូច្នេះ នៅពេលដែលនៅលើភ្នំដើមអូលីវ ម្ដងនេះទៀតទ្រង់បានមានបន្ទូលអំពី«ដំណមនុស្សនេះ» នោះតាមរបៀបដ៏ជាក់ស្តែង ទ្រង់មិនមានបន្ទូលអំពីសាសន៍យូដាទាំងមូលទូទាំងប្រវត្ដិសាស្ត្រនោះទេ ហើយទ្រង់ក៏មិនមានបន្ទូលអំពីពួកកាន់តាមទ្រង់ឡើយ សូម្បីពួកគេជា«ពូជជ្រើសរើស»ក៏ដោយ។ (ពេត្រុសទី១ ២:៩) ហើយព្រះយេស៊ូក៏មិនចង់មានបន្ទូលថា «មនុស្សដំណនេះ» ជារយៈពេលមួយកំណត់នោះឡើយ។
១៣ ផ្ទុយទៅវិញ ព្រះយេស៊ូចង់និយាយអំពីពួកយូដាដ៏ប្រឆាំងនៅពេលនោះ ដែលបានពិសោធន៍ការសម្រេចនៃទីសម្គាល់ ដែលទ្រង់បានប្រទានឲ្យនោះ។ រីឯការស្តីអំពី«មនុស្សដំណនេះ»នៅលូកា ២១:៣២ នោះសាស្ដ្រាចារ្យ យ៉ូអែល ប៊ី. ហ្គ្រីន កត់សម្គាល់ថា៖ «នៅក្នុងសិក្ខាបទទីបី នោះ‹មនុស្សដំណនេះ› (និងប្រយោគដែលទាក់ទងនោះ) បានចង្អុលប្រាប់ជារឿយៗ អំពីមនុស្សមួយប្រភេទ ដែលជាអ្នកប្រឆាំងគោលបំណងរបស់ព្រះ។ . . . [គឺសំដៅ]ទៅមនុស្សដែលបែរខ្នងយ៉ាងចចេសដល់គោលបំណងរបស់ព្រះ»។b
១៤. តើ«មនុស្សដំណ»នោះបានពិសោធន៍អ្វី ប៉ុន្តែតើតាមរបៀបណាដែលមានលទ្ធផលផ្សេងចំពោះពួកគ្រីស្ទាន?
១៤ ដំណមនុស្សអាក្រក់នៃពួកយូដាដែលប្រឆាំង ដែលអាចមើលឃើញទីសម្គាល់កំពុងសម្រេច នោះក៏នឹងពិសោធន៍នៅទីបញ្ចប់ផងដែរ។ (ម៉ាថាយ ២៤:៦, ១៣, ១៤) ហើយពួកគេបានដកពិសោធន៍មែន! នៅក្នុងឆ្នាំ៧០ ស.យ. ពួកកងទ័ពរ៉ូម៉ាំងបានត្រឡប់មកវិញ ដែលបានដឹកនាំដោយលោកទីតុស ដែលជាកូនរបស់អធិរាជ វេស្ប៉ាសៀន។ ការរងទុក្ខវេទនាដោយពួកយូដា ដែលបានជាប់ដូចនៅក្នុងទ្រុងនៅក្នុងទីក្រុងនោះ គឺហួសលើសប្រមាណ។c សាក្សីម្នាក់ឈ្មោះ ហ្លាវីស ចូស៊ីហ្វឺស រាយការណ៍ថា ទំរាំពួករ៉ូម៉ាំងកំទេចទីក្រុងនោះ ពួកយូដាប្រមាណ១.១០០.០០០នាក់បានស្លាប់ ហើយប្រមាណ១០០.០០០នាក់បានយកទៅជាឈ្លើយ ដែលពួកនេះជាច្រើននាក់មិនយូរប៉ុន្មានក៏ស្លាប់ដោយការអត់បាយ ឬនៅក្នុងរោងល្ខោនរបស់ពួករ៉ូម៉ាំង។ ពិតហើយ សេចក្ដីវេទនាក្នុងកំឡុងឆ្នាំ៦៦-៧០ ស.យ. គឺធំជាងគេបំផុត ដែលក្រុងយេរូសាឡិមនិងរបបយូដាធ្លាប់ពិសោធ ឬក៏នឹងពិសោធទៅទៀត។ លទ្ធផលគឺមានផ្សេងឆ្ងាយយ៉ាងណាទៅហ្ន៎ ចំពោះពួកគ្រីស្ទានដែលបានធ្វើតាមការព្រមានជាទំនាយរបស់ព្រះយេស៊ូ ហើយបានចាកចេញពីក្រុងយេរូសាឡិមក្រោយពីការចេញដំណើរនៃពួកកងទ័ពរ៉ូម៉ាំងនៅឆ្នាំ៦៦ ស.យ.! ពួកគ្រីស្ទានចាក់ប្រេងតាំង ជា«ពួករើសតាំង» ក៏បានត្រូវ«សង្គ្រោះ» នៅក្នុងឆ្នាំ៧០ ស.យ.ដែរ។—ម៉ាថាយ ២៤:១៦, ២២
សេចក្ដីសម្រេចមួយទៀតនឹងមកដល់
១៥. តើយ៉ាងដូចម្ដេចដែលយើងអាចប្រាកដថា ទំនាយរបស់ព្រះយេស៊ូនឹងមានការសម្រេចធំជាងក្រោយពីឆ្នាំ៧០ ស.យ.?
១៥ យ៉ាងណាក៏ដោយ នោះគឺមិនមែនជាទីបញ្ចប់នោះទេ។ នៅមុននោះ ព្រះយេស៊ូបានបញ្ជាក់ថា ក្រោយពីទីក្រុងបានទទួលហិនវិនាស នោះទ្រង់នឹងយាងមកដោយនូវព្រះនាមព្រះយេហូវ៉ា។ (ម៉ាថាយ ២៣:៣៨, ៣៩; ២៤:២) រួចមក ទ្រង់បានមានបន្ទូលប្រាប់ឲ្យច្បាស់ឡើងក្នុងទំនាយរបស់ទ្រង់ ដែលបានមានបន្ទូលនៅលើភ្នំដើមអូលីវ។ ដោយបានមានបន្ទូលអំពី«សេចក្ដីវេទនាជាខ្លាំង»ដែលនឹងមកដល់ នោះទ្រង់មានបន្ទូលថា ក្រោយមកនឹងមានព្រះគ្រីស្ទក្លែងក្លាយ ហើយថាក្រុងយេរូសាឡិមនឹងបានត្រូវជាន់ឈ្លីដោយសាសន៍ដទៃអស់មួយរយៈពេលយូរ។ (ម៉ាថាយ ២៤:២១, ២៣-២៨; លូកា ២១:២៤) តើនេះអាចមានសេចក្ដីសម្រេចមួយទៀត ដ៏ធំជាងនេះឬទេ? ហេតុការណ៍ឆ្លើយថា មានមែន។ នៅពេលដែលយើងប្រៀបធៀបវិវរណៈ ៦:២-៨ (ដែលបានសរសេរក្រោយពីសេចក្ដីវេទនានៅទីក្រុងយេរូសាឡិមក្នុងឆ្នាំ៧០ ស.យ.) ជាមួយនឹងម៉ាថាយ ២៤:៦-៨ និងលូកា ២១:១០, ១១ យើងឃើញថា សង្គ្រាម ការខ្វះអាហារ និងសេចក្ដីវេទនាដ៏ធំជាងនេះ គឺនៅមានខាងមុខ។ សេចក្ដីសម្រេចដ៏ធំជាងនៃបន្ទូលរបស់ព្រះ បានកើតឡើងតាំងពីសង្គ្រាមលោកលើកទី១បានផ្ទុះឡើងនៅក្នុងឆ្នាំ១៩១៤។
១៦-១៨. តើអ្វីដែលយើងជឿថា នឹងនៅកើតឡើងទៀត?
១៦ ជាច្រើនទសវត្សមកហើយ ស្មរបន្ទាល់ព្រះយេហូវ៉ាបានបង្រៀនថា ការសម្រេចនូវទីសម្គាល់ក្នុងពេលថ្មីៗនេះ ក៏បង្ហាញថា«សេចក្ដីវេទនាជាខ្លាំង»នៅមានខាងមុខនៅឡើយ។ «មនុស្សដំណ»ដ៏អាក្រក់នៅនាបច្ចុប្បន្នកាល នឹងឃើញសេចក្ដីវេទនានោះ។ គឺមើលទៅដូចជា ម្ដងទៀតនឹងមានផ្នែកដំបូង (ការប្រយុទ្ធលើសាសនាមិនពិត) ដូចជាលោកហ្កាឡាសបានប្រយុទ្ធនៅក្នុងឆ្នាំ៦៦ ស.យ. ដែលបានបើកឲ្យមានសេចក្ដីវេទនាលើក្រុងយេរូសាឡិម។d រួចមក ក្រោយពីពេលចន្លោះមួយរយៈ នោះទីបញ្ចប់នឹងមកដល់ គឺការហិនវិនាសពាសពេញផែនដី ដែលមានសភាពស្មើនឹងអ្វីដែលកើតឡើងនៅឆ្នាំ៧០ ស.យ.។
១៧ ក្នុងការសំដៅទៅសេចក្ដីវេទនាដែលនៅខាងមុខយើងនេះ ព្រះយេស៊ូមានបន្ទូលថា៖ «ក្រោយសេចក្ដីវេទនារបស់គ្រានោះមក[សេចក្ដីហិនវិនាសនៃសាសនាមិនពិត] ស្រាប់តែថ្ងៃនឹងទៅជាងងឹត ខែនឹងលែងភ្លឺ អស់ទាំងផ្កាយនឹងធ្លាក់ចុះពីលើមេឃ ហើយអស់ទាំងអំណាចនៅលើមេឃនឹងត្រូវកក្រើករំពើក នោះទីសំគាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ គ្រប់ទាំងពូជមនុស្សនៅផែនដីនឹងគក់ទ្រូងយំ ក៏នឹងឃើញកូនមនុស្ស មកលើពពកនៅលើមេឃ មានទាំងព្រះចេស្ដា នឹងសិរីល្អជាខ្លាំង»។—ម៉ាថាយ ២៤:២៩, ៣០
១៨ ដូច្នេះហើយ ព្រះយេស៊ូទ្រង់ផ្ទាល់ក៏មានបន្ទូលថា«ក្រោយសេចក្ដីវេទនារបស់គ្រានោះមក» នឹងមានអ្វីដ៏អស្ចារ្យណាមួយនៅលើមេឃ។ (ប្រៀបមើល យ៉ូអែល ២:២៨-៣២; ៣:១៥) មនុស្សដ៏មិនគោរពនោះ នឹងភាំងហើយភ្ញាក់ផ្អើលដល់ម្ល៉េះបានជា គេនឹង«គក់ទ្រូងយំ»។ មនុស្សជាច្រើននឹង«ស្រយុតចិត្តដោយភ័យ ហើយដោយទន្ទឹងចាំការដែលត្រូវមកលើផែនដី»។ ប៉ុន្តែ ពួកគ្រីស្ទានពិតនឹងមិនធ្វើដូចនេះឡើយ! ពួកអ្នកទាំងនេះនឹង«ងើបមើលទៅលើ ពីព្រោះសេចក្ដីប្រោសលោះរបស់អ្នករាល់គ្នាជិតដល់ហើយ»។—លូកា ២១:២៥, ២៦, ២៨
ការជំនុំជំរះនៅខាងមុខ!
១៩. តើតាមរបៀបណាដែលយើងអាចស្ថាបនាបាន នៅពេលណាដែលរឿងប្រៀបប្រដូចអំពីចៀមនិងពពែនឹងបានសម្រេចនោះ?
១៩ ចូរកត់សម្គាល់ថា ម៉ាថាយ ២៤:២៩-៣១ ទាយប្រាប់ថា (១) កូនមនុស្សយាងមក (២) ការយាងមកនេះនឹងមានសិរីរុងរឿងដ៏ធំ (៣) ពួកទេវតានឹងមកជាមួយទ្រង់ ហើយ (៤) កុលសម្ព័ន្ធទាំងអស់នៅផែនដីនឹងឃើញទ្រង់។ ព្រះយេស៊ូមានបន្ទូលម្ដងទៀតអំពីលក្ខណៈនេះ ក្នុងរឿងប្រៀបប្រដូចនៃចៀមនិងពពែ។ (ម៉ាថាយ ២៥:៣១-៤៦) ដូច្នេះហើយ យើងអាចសន្និដ្ឋានថា រឿងប្រៀបប្រដូចនេះគឺទាក់ទងនឹងពេល ក្រោយពីការផ្ដើមផ្ទុះឡើងនៃសេចក្ដីវេទនា នៅពេលដែលព្រះយេស៊ូនឹងយាងមកជាមួយទេវតារបស់ទ្រង់ ហើយអង្គុយលើបល្ល័ង្កដើម្បីជំនុំជំរះ។ (យ៉ូហាន ៥:២២; កិច្ចការ ១៧:៣១; ប្រៀបមើល ពង្សាវតារក្សត្រទី១ ៧:៧; ដានីយ៉ែល ៧:១០, ១៣, ១៤, ២២, ២៦; ម៉ាថាយ ១៩:២៨) តើអ្នកនឹងត្រូវទទួលការជំនុំជំរះទេ ហើយតើនឹងមានលទ្ធផលយ៉ាងណា? រឿងប្រៀបប្រដូចនេះបង្ហាញថា ព្រះយេស៊ូនឹងប្រុងស្មារតីនឹងគ្រប់ទាំងសាសន៍ ហាក់ដូចជាគេបានមកផ្ដុំគ្នាពីមុខបល្ល័ង្កសួគ៌ារបស់ទ្រង់អ៊ីចឹង។
២០, ២១. (ក) តើនឹងមានអ្វីកើតឡើងដល់ចៀមក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ? (ខ) តើពួកពពែនឹងពិសោធន៍អ្វីនៅពេលអនាគត?
២០ មនុស្សប្រុសស្រីដែលមានលក្ខណៈដូចចៀម នឹងត្រូវញែកចេញទៅខាងស្ដាំព្រះយេស៊ូ ដោយទទួលព្រះគុណ។ ហេតុអ្វី? ពីព្រោះពួកគេបានប្រើឱកាសរបស់គេ ដើម្បីធ្វើល្អដល់បងប្អូនគ្រីស្ទានចាក់ប្រេងតាំងរបស់ទ្រង់ ដែលចូលរួមនឹងព្រះរាជាណាចក្ររបស់ព្រះគ្រីស្ទនៅស្ថានសួគ៌។ (ដានីយ៉ែល ៧:២៧; ហេព្រើរ ២:៩–៣:១) ស្របនឹងរឿងប្រៀបប្រដូចនេះ ពួកគ្រីស្ទានរាប់លាននាក់ដែលដូចចៀម ក៏បានទទួលស្គាល់បងប្អូនខាងវិញ្ញាណរបស់ព្រះយេស៊ូ ហើយបានធ្វើការគាំទ្រពួកគេ។ ជាលទ្ធផល «ពួកហ្វូងធំ»មានសេចក្ដីសង្ឃឹមដែលមានមូលដ្ឋានពីព្រះគម្ពីរ នឹងរួចរស់ជីវិតពី«សេចក្ដីវេទនាជាខ្លាំង» ហើយរួចមក នឹងរស់នៅជារៀងរហូតនៅក្នុងសួនមនោរម្យ ដែលជាវិស័យខាងផែនដីនៃព្រះរាជាណាចក្ររបស់ព្រះ។—វិវរណៈ ៧:៩, ១៤; ២១:៣, ៤; យ៉ូហាន ១០:១៦
២១ តើពួកពពែនឹងមានលទ្ធផលខុសស្រឡះយ៉ាងណាទៅហ្ន៎! នៅម៉ាថាយ ២៤:៣០ នោះបានត្រូវពណ៌នាថា ពួកគេ«គក់ទ្រូងយំ» នៅពេលដែលព្រះយេស៊ូយាងមក។ ពួកគេគួរធ្វើអ៊ីចឹងមែន ពីព្រោះគេបានស្ថាបនាទំលាប់បដិសេធដំណឹងល្អនៃព្រះរាជាណាចក្រ បានជំទាស់នឹងពួកសិស្សរបស់ព្រះយេស៊ូ ហើយកាន់តាមលោកីយ៍នេះ ដែលកំពុងតែកន្លងទៅនោះ។ (ម៉ាថាយ ១០:១៦-១៨; យ៉ូហានទី១ ២:១៥-១៧) ព្រះយេស៊ូជាអ្នកដែលនឹងសម្រេចថា អ្នកណាដែលមានលក្ខណៈជាពពែ មិនមែនពួកសិស្សរបស់ទ្រង់ណាមួយនៅលើផែនដីនេះទេ។ អំពីពួកគេទ្រង់មានបន្ទូលថា៖ «ឯពួកអ្នកទាំងនោះនឹងថយទៅ មានទោសអស់កល្បជានិច្ច»។—ម៉ាថាយ ២៥:៤៦
២២. តើមួយផ្នែកណានៃទំនាយរបស់ព្រះយេស៊ូ ដែលសមឲ្យយើងពិចារណាមើលថែមទៀតនោះ?
២២ ដែលយើងបានរីកចំរើនក្នុងការយល់ដឹងរបស់យើងអំពីទំនាយនៅក្នុងម៉ាថាយ ជំពូក២៤ និងជំពូក២៥ នោះក៏ធ្វើឲ្យរំភើបចិត្តណាស់។ យ៉ាងណាក៏ដោយ គឺមានមួយផ្នែកនៃទំនាយរបស់ព្រះយេស៊ូ ដែលសមឲ្យយើងប្រុងស្មារតីមើល គឺ«សេចក្ដីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ វាឈរនៅក្នុងទីបរិសុទ្ធ»។ ព្រះយេស៊ូបានដាស់តឿនពួកអ្នកកាន់តាមទ្រង់ឲ្យប្រើការយោគយល់ស្តីអំពីរឿងនេះ ហើយឲ្យត្រៀមខ្លួនដើម្បីចាត់វិធានការ។ (ម៉ាថាយ ២៤:១៥, ១៦) តើ«សេចក្ដីស្អប់ខ្ពើម»នេះជាអ្វី? តើនៅពេលណាដែលវាឈរនៅទីកន្លែងបរិសុទ្ធ? ហើយតើយ៉ាងដូចម្ដេចដែលជីវិតបច្ចុប្បន្ននិងនៅអនាគតរបស់យើងបានជាប់ទាក់ទងនោះ? អត្ថបទជាបន្ទាប់នឹងពិគ្រោះអំពីរឿងនេះ។
[កំណត់សម្គាល់]
a សូមមើលអត្ថបទសិក្សានៅក្នុងទស្សនាវដ្ដីប៉មយាមនៃថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៩៤(ភាសាអង់គ្លេស); ថ្ងៃទី១ ខែមករា និង ថ្ងៃទី១ ខែកុម្ភៈឆ្នាំ១៩៩៦; និងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៦។
b វិជ្ជាករជាតិអង់គ្លេសម្នាក់ឈ្មោះ លោក ជី. អា. ប៊ីសស្លី-ម៉ារី សង្កេតឃើញថា៖ «ប្រយោគដែលថា‹មនុស្សដំណនេះ› មិនគួរនាំឲ្យមានការពិបាកចំពោះពួកអ្នកបកស្រាយនោះឡើយ។ ទោះបីពាក្យយីណេអាជាភាសាក្រិកពីដើមមានន័យថា កំណើត កូនចៅ ដូច្នេះហើយក៏មានន័យថាសាសន៍នោះដែរ . . . នៅក្នុង[សេបទូជីនភាសាក្រិក] ភាគច្រើនបានបកប្រែ គឺពាក្យភាសាហេព្រើរ ឌរ៍ ដែលមានន័យថា សម័យ សម័យនៃមនុស្សជាតិ ឬក៏ដំណ ក្នុងន័យថា ពួកនៅជំនាន់ដំណាលគ្នា។ . . . ក្នុងពាក្យបន្ទូលដែលគេថាជារបស់ព្រះយេស៊ូ នោះមើលទៅដូចជាមានន័យពីរយ៉ាង៖ នៅម្ខាងគឺតែងសំដៅចំពោះពួកនៅជំនាន់ដំណាលគ្នានឹងទ្រង់ ហើយនៅម្ខាងទៀត គឺតែងបញ្ជាក់ការរិះគន់ដ៏ជាក់ស្តែង»។
c សៀវភៅប្រវត្ដិសាស្ត្ររបស់ពួកយូដា នោះសាស្ដ្រាចារ្យ ហ្ក្រេត្ស មានប្រសាសន៍ថា ពួករ៉ូម៉ាំងជួនកាលដុំភ្ជាប់នឹងបង្គោលនូវពួកអ្នកជាប់គុក៥០០នាក់ក្នុងមួយថ្ងៃ។ ពួកយូដាឯទៀតដែលជាប់ឃុំឃាំង ក៏បានត្រូវគេកាត់ដៃចោល ហើយបានត្រូវបញ្ជូនឲ្យចូលទីក្រុងនោះវិញ។ តើមានស្ថានភាពបែបណានៅទីនោះ? «លុយបានអស់តម្លៃ ព្រោះវាមិនអាចទិញអាហារបានទេ។ មនុស្សបានវាយគ្នានៅតាមផ្លូវយ៉ាងអស់សង្ឃឹមដើម្បីដណ្ដើមបានអាហារដ៏ស្មោកគ្រោកបំផុត ដូចជាចំបើងមួយបាច់ ស្បែកមួយដុំ ឬក៏សាច់សេសសល់ដែលបោះឲ្យឆ្កែស៊ី។ . . . ចំនួនសពជាច្រើនដែលមិនបានកប់ បានធ្វើឲ្យខ្យល់នៃរដូវក្ដៅពេញដោយជម្ងឺសាហាវដូចអាសន្នរោគ ហើយមនុស្សធម្មតាបានទៅជាមានជម្ងឺ ការអត់បាយ និងស្លាប់ដោយដាវផង»។
d អត្ថបទជាបន្ទាប់នឹងពិគ្រោះលក្ខណៈនេះអំពីសេចក្ដីវេទនានៅអនាគត។
តើអ្នកនៅចាំឬទេ?
◻ តើម៉ាថាយ ២៤:៤-១៤ មានសេចក្ដីសម្រេចយ៉ាងណានៅក្នុងសតវត្សទីមួយ?
◻ នៅក្នុងសម័យរបស់ពួកសាវ័ក តើតាមរបៀបណាដែលថ្ងៃនោះបានត្រូវបន្ថយឲ្យខ្លី និងមនុស្សបានសង្គ្រោះ ដូចបានទាយមកនៅក្នុងម៉ាថាយ ២៤:២១, ២២?
◻ តើអ្វីជាលក្ខណៈសម្គាល់‹មនុស្សមួយដំណ› ដែលបានរៀបរាប់នៅម៉ាថាយ ២៤:៣៤នោះ?
◻ តើតាមរបៀបណាដែលយើងដឹងថា ទំនាយដែលបានថ្លែងមកនៅលើភ្នំដើមអូលីវ នឹងមានសេចក្ដីសម្រេចមួយទៀតដ៏ធំជាងនោះ?
◻ តើនៅពេលណានិងតាមរបៀបណា ដែលរឿងប្រៀបប្រដូចអំពីចៀមនិងពពែនឹងបានត្រូវសម្រេច?
[រូបភាពនៅទំព័រ១០]
ពត៌មានល្អិតល្អន់នៅប្រាសាទធ្នូទីតុសនៅទីក្រុងរ៉ូម ដែលបង្ហាញទ្រព្យឈ្លើយពីសេចក្ដីហិនវិនាសនៃក្រុងយេរូសាឡិម
[អ្នកផ្ដល់សិទ្ធិ]
Soprintendenza Archeologica di Roma