សៀវភៅម៉ាកុស
១៣ ពេលដែលលោកកំពុងចេញពីវិហារ អ្នកកាន់តាមម្នាក់បានជម្រាបលោកថា៖ «លោកគ្រូ! មើល! ថ្មនិងសំណង់ទាំងនេះអស្ចារ្យណាស់!»។+ ២ ក៏ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «មែន តែថ្មនិងសំណង់ដ៏អស្ចារ្យដែលអ្នកបានឃើញនេះនឹងត្រូវទម្លាក់ដល់ដី ហើយនឹងគ្មានថ្មណានៅត្រួតលើថ្មណាទៀតឡើយ»។+
៣ ពេលដែលលោកកំពុងអង្គុយនៅលើភ្នំដើមអូលីវ ទល់មុខវិហារ នោះពេត្រុស យ៉ាកុប យ៉ូហាន និងអនទ្រេបានសួរលោកដោយឡែកពីគេថា៖ ៤ «សូមប្រាប់យើង តើការទាំងនេះនឹងកើតឡើងនៅពេលណា? ហើយតើអ្វីជាសញ្ញាសម្គាល់បញ្ជាក់ថា អ្វីៗទាំងនេះជិតដល់ទីបញ្ចប់?»។+ ៥ ដូច្នេះ លោកយេស៊ូចាប់ផ្ដើមមានប្រសាសន៍ទៅពួកគាត់ថា៖ «ចូរប្រយ័ត្ន កុំឲ្យអ្នកណាបំភាន់អ្នករាល់គ្នាឡើយ។+ ៦ មនុស្សជាច្រើននឹងមកដោយអាងឈ្មោះខ្ញុំ ហើយបំភាន់មនុស្សជាច្រើន ដោយពោលថា៖ ‹ខ្ញុំនេះហើយជាអ្នកនោះ›។ ៧ ម្យ៉ាងទៀត ពេលដែលអ្នកឮសូរសង្គ្រាម និងឮគេនិយាយអំពីសង្គ្រាម កុំភ័យស្លុតឡើយ។ ការទាំងនេះត្រូវតែកើតឡើង ប៉ុន្តែទីបញ្ចប់មិនទាន់មកដល់ទេ។+
៨ «ព្រោះប្រជាជាតិមួយនឹងលើកទ័ពទៅច្បាំងនឹងប្រជាជាតិមួយ ហើយរាជាណាចក្រមួយនឹងលើកទ័ពទៅច្បាំងនឹងរាជាណាចក្រមួយ+ ក៏នឹងមានរញ្ជួយដីពីកន្លែងមួយទៅកន្លែងមួយ ថែមទាំងមានការអត់ឃ្លានទៀតផង។+ ការទាំងនេះគឺជាការចាប់ផ្ដើមនៃគ្រាលំបាក។*+
៩ «ចំណែកអ្នករាល់គ្នាវិញ ចូរប្រយ័ត្នខ្លួន។ មនុស្សនឹងបញ្ជូនអ្នករាល់គ្នាទៅតុលាការ+ ហើយនឹងវាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំ+ ក៏នឹងនាំទៅឈរនៅមុខពួកអភិបាលនិងបណ្ដាស្ដេច ដោយសារអ្នករាល់គ្នាកាន់តាមខ្ញុំ ហើយអ្នករាល់គ្នានឹងធ្វើជាសាក្សីបញ្ជាក់នៅចំពោះមុខពួកគេ។+ ១០ បន្ថែមទៅទៀត ដំណឹងល្អនឹងត្រូវផ្សព្វផ្សាយដល់គ្រប់ប្រជាជាតិជាមុនសិន។+ ១១ ពេលដែលពួកគេកំពុងនាំអ្នកទៅ កុំខ្វល់ចិត្តថា អ្នកនឹងត្រូវនិយាយអ្វីឡើយ តែចូរនិយាយតាមអ្វីដែលឫទ្ធានុភាពបរិសុទ្ធណែនាំអ្នកឲ្យនិយាយនៅពេលនោះ ពីព្រោះមិនមែនអ្នករាល់គ្នាទេដែលនឹងនិយាយ តែគឺជាឫទ្ធានុភាពបរិសុទ្ធវិញ។+ ១២ ម្យ៉ាងទៀត បងប្អូននឹងបញ្ជូនបងប្អូនខ្លួនទៅឲ្យគេសម្លាប់ ឪពុកនឹងបញ្ជូនកូន ហើយកូននឹងប្រឆាំងឪពុកម្ដាយ ថែមទាំងឲ្យគេសម្លាប់ទៀតផង+ ១៣ ហើយមនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយសារអ្នករាល់គ្នាកាន់តាមខ្ញុំ។+ ប៉ុន្តែ អ្នកណាដែលស៊ូទ្រាំរហូតដល់ទីបញ្ចប់+ អ្នកនោះនឹងត្រូវសង្គ្រោះ។+
១៤ «ក៏ប៉ុន្តែ ពេលដែលអ្នកក្រឡេកទៅឃើញអ្វីដ៏គួរឲ្យស្អប់ខ្ពើមដែលនាំឲ្យមានការហិនវិនាស+ កំពុងឈរនៅកន្លែងដែលមិនគួរឈរ (ចូរអ្នកអានប្រើសមត្ថភាពវែកញែក) នោះចូរឲ្យអ្នកដែលនៅតំបន់យូឌាចាប់ផ្ដើមរត់ទៅតំបន់ភ្នំ។+ ១៥ អ្នកណាដែលនៅលើដំបូលផ្ទះមិនត្រូវចុះមក ឬចូលក្នុងផ្ទះយកអ្វីចេញទៅឡើយ ១៦ ហើយអ្នកដែលនៅស្រែចម្ការក៏មិនត្រូវត្រឡប់ទៅយកសម្លៀកបំពាក់ក្រៅរបស់ខ្លួនដែរ។ ១៧ នៅគ្រានោះ ស្ត្រីដែលមានផ្ទៃពោះនិងស្ត្រីដែលនៅបំបៅកូនត្រូវវេទនាណាស់!+ ១៨ ចូរអធិដ្ឋានជានិច្ច ដើម្បីកុំឲ្យការនោះកើតឡើងនៅរដូវរងា ១៩ ព្រោះគ្រានោះនឹងជាគ្រាវេទនា+ដែលមិនធ្លាប់មានសោះ តាំងពីព្រះបានបង្កើតពិភពលោករហូតមកដល់គ្រានោះ ហើយក៏នឹងមិនមានដូច្នោះទៀតដែរ។+ ២០ តាមការពិត ប្រសិនបើព្រះយេហូវ៉ា*មិនបានកាត់បន្ថយគ្រានោះឲ្យខ្លីទេ នោះគ្មានអ្នកណានឹងត្រូវសង្គ្រោះឡើយ។ ប៉ុន្តែដោយយល់ដល់ពួកអ្នកដែលលោកបានរើសតាំង នោះលោកបានកាត់បន្ថយគ្រានោះឲ្យខ្លី។+
២១ «ម្យ៉ាងវិញទៀត បើអ្នកណាប្រាប់អ្នករាល់គ្នាថា៖ ‹មើល! គ្រិស្តនៅទីនេះ› ឬ‹មើល! លោកនៅទីនោះ› កុំជឿឲ្យសោះ+ ២២ ព្រោះនឹងមានអ្នកក្លែងខ្លួនជាគ្រិស្ត និងអ្នកប្រកាសទំនាយមិនពិត+ ហើយពួកគេនឹងបង្ហាញសញ្ញាសម្គាល់និងធ្វើការអស្ចារ្យ ដើម្បីបំភាន់ទាំងអ្នកដែលបានត្រូវរើសតាំង ប្រសិនបើអាចបំភាន់បាន។ ២៣ ដូច្នេះ ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ន។+ ខ្ញុំបានប្រាប់អ្នករាល់គ្នាពីអ្វីៗទាំងអស់ទុកជាមុនហើយ។
២៤ «ប៉ុន្តែ បន្ទាប់ពីទុក្ខវេទនានោះកន្លងផុតទៅ នៅគ្រានោះដួងអាទិត្យនឹងទៅជាងងឹត ហើយដួងខែនឹងលែងភ្លឺ+ ២៥ ផ្កាយទាំងឡាយនឹងធ្លាក់ពីលើមេឃ ហើយកម្លាំងធម្មជាតិនៅលើមេឃនឹងត្រូវអង្រួន។ ២៦ រួចមក ពួកគេនឹងឃើញកូនមនុស្ស+មកក្នុងពពក ទាំងមានឫទ្ធានុភាពខ្លាំងក្លានិងសិរីរុងរឿង+ ២៧ ហើយលោកនឹងចាត់បណ្ដាទេវតាទៅប្រមូលអ្នកដែលលោកបានរើសតាំងពីទិសខាងជើង ទិសខាងត្បូង ទិសខាងកើត និងទិសខាងលិច ពីជើងមេឃម្ខាងរហូតដល់ជើងមេឃម្ខាង។+
២៨ «ចូរទាញយកមេរៀនពីឧទាហរណ៍អំពីដើមល្វាតូចដូចតទៅនេះ៖ កាលដែលមែកខ្ចីរបស់វាទៅជាទន់ ហើយលាស់ស្លឹក អ្នកដឹងភ្លាមថា រដូវក្ដៅជិតដល់ហើយ។+ ២៩ ចំពោះអ្នករាល់គ្នាក៏ដូចគ្នាដែរ កាលដែលអ្នកឃើញការទាំងនេះកំពុងកើតឡើង ចូរដឹងថាកូនមនុស្សនៅជិតមាត់ទ្វារហើយ។+ ៣០ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ជំនាន់នេះនឹងមិនកន្លងបាត់ឡើយ ទាល់តែការទាំងអស់នេះកើតឡើង។+ ៣១ មេឃនិងផែនដីនឹងកន្លងបាត់ទៅ+ តែពាក្យរបស់ខ្ញុំនឹងមិនកន្លងបាត់ឡើយ។+
៣២ «គ្មានអ្នកណាដឹងថ្ងៃនិងម៉ោងនោះឡើយ សូម្បីតែបណ្ដាទេវតានៅស្ថានសួគ៌ និងបុត្ររបស់ព្រះក៏មិនជ្រាបដែរ មានតែបិតានៅស្ថានសួគ៌ប៉ុណ្ណោះដែលជ្រាប។+ ៣៣ ចូរឃ្លាំមើលជានិច្ច ចូរប្រុងប្រយ័ត្ន+ ព្រោះអ្នករាល់គ្នាមិនដឹងថាពេលណាជាពេលកំណត់ឡើយ។+ ៣៤ នេះគឺដូចជាបុរសម្នាក់ដែលធ្វើដំណើរទៅក្រៅប្រទេស។ គាត់ចេញពីផ្ទះដោយប្រគល់សិទ្ធិអំណាចឲ្យពួកខ្ញុំបម្រើរបស់គាត់+ ហើយកំណត់ការងារឲ្យពួកគេ រួចបង្គាប់អ្នកយាមទ្វារឲ្យចាំយាមជានិច្ច។+ ៣៥ ដូច្នេះ ចូរចាំយាម ពីព្រោះអ្នករាល់គ្នាមិនដឹងថាម្ចាស់ផ្ទះនឹងមកវិញពេលណាឡើយ+ មិនដឹងថាពេលព្រលប់* ពេលអធ្រាត្រ* ពេលមាន់រងាវ* ឬពេលព្រលឹម*ទេ។+ ៣៦ យ៉ាងនេះ ពេលដែលម្ចាស់ផ្ទះមកដល់ភ្លាម គាត់នឹងឃើញថា អ្នករាល់គ្នាមិនដេកលក់ទេ។+ ៣៧ ប៉ុន្តែ អ្វីដែលខ្ញុំប្រាប់អ្នក ខ្ញុំក៏ប្រាប់គ្រប់គ្នាដែរថា ចូរចាំយាម»។+