តើសេចក្ដីពិតមានតម្លៃប៉ុនណាចំពោះអ្នក?
«អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច»។—យ៉ូហាន ៨:៣២
១. ពេលលោកពីឡាត់និងព្រះយេស៊ូសំដៅទៅលើ«សេចក្ដីពិត»នោះ តើសេចក្ដីពិតទាំងពីរនោះខុសគ្នាយ៉ាងណា?
«តើយ៉ាងណាដែលហៅថាសេចក្ដីពិតនោះ?»។ ពេលលោកពីឡាត់បានសួរសំនួរនេះ គាត់ចាប់អារម្មណ៍ទៅលើសេចក្ដីពិតដែលមានជាទូទៅប៉ុណ្ណោះ។ ប៉ុន្តែ ព្រះយេស៊ូទើបតែបានមានបន្ទូលថា៖ «ខ្ញុំបានកើតមក ហើយក៏ចូលក្នុងលោកីយនេះសំរាប់តែការនោះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្ដីពិត»។ (យ៉ូហាន ១៨:៣៧, ៣៨) ប៉ុន្តែ ព្រះយេស៊ូមិនសំដៅទៅលើសេចក្ដីពិតដែលមានជាទូទៅដូចលោកពីឡាត់មានប្រសាសន៍នោះទេ គឺទ្រង់សំដៅទៅលើសេចក្ដីពិតពីព្រះ។
ទស្សនៈរបស់លោកីយ៍នេះចំពោះសេចក្ដីពិត
២. តើព្រះយេស៊ូបានមានបន្ទូលយ៉ាងណា ដែលបញ្ជាក់ថាសេចក្ដីពិតមានតម្លៃនោះ?
២ លោកប៉ុលបាននិយាយថា៖ «មិនមែនមនុស្សទាំងអស់ ដែលមានសេចក្ដីជំនឿទេ»។ (ថែស្សាឡូនីចទី២ ៣:២) យើងក៏អាចនិយាយដូច្នេះដែរអំពីសេចក្ដីពិត។ មិនមែនមនុស្សទាំងអស់គ្នាដែលចង់បានសេចក្ដីពិតនោះទេ។ សូម្បីតែពេលមនុស្សមានឱកាសស្គាល់សេចក្ដីពិតពីព្រះគម្ពីរក៏ដោយ ពួកគេជាច្រើនធ្វើព្រងើយកន្តើយ។ ក៏ប៉ុន្តែ សេចក្ដីពិតនោះមានតម្លៃវិសេសណាស់! ព្រះយេស៊ូមានបន្ទូលថា៖ «អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច»។—យ៉ូហាន ៨:៣២
៣. តើយើងត្រូវស្ដាប់តាមសេចក្ដីព្រមានអ្វី ស្តីពីសេចក្ដីបង្រៀនដែលបោកបញ្ឆោតនោះ?
៣ សាវ័កប៉ុលបាននិយាយថា គេមិនអាចរកឃើញសេចក្ដីពិតក្នុងទស្សនវិជ្ជានិងទំនៀមទំលាប់របស់មនុស្សជាតិបានទេ។ (កូល៉ុស ២:៨) សេចក្ដីបង្រៀនបែបនេះជាអ្វីដែលបោកបញ្ឆោតវិញ។ ប៉ុលព្រមានជនគ្រីស្ទាននៅទីក្រុងអេភេសូរថា បើគេជឿទៅលើទំនៀមទំលាប់និងទស្សនវិជ្ជាមនុស្សនោះ ពួកគេនឹងដូចជាកូនង៉ាខាងវិញ្ញាណដែល«ត្រូវគ្រប់អស់ទាំងខ្យល់នៃសេចក្ដីបង្រៀនបោក . . . ដោយសេចក្ដីឆបោករបស់ផងមនុស្ស ហើយដោយឧបាយកល ដែលគេប្រើនឹងនាំឲ្យវង្វេងទៀត»។ (អេភេសូរ ៤:១៤) សព្វថ្ងៃនេះ «សេចក្ដីឆបោករបស់ផងមនុស្ស»ផ្ដើមចេញពីការឃោសនារបស់អ្នកដែលប្រឆាំងសេចក្ដីពិតពីព្រះ។ ក្នុងភាសាអង់គ្លេស ពាក្យ«ឃោសនា»ត្រូវបកស្រាយជា«ការខិតខំប្រើល្បិចយ៉ាងប៉ិនប្រសប់ដើម្បីបណ្ដាលឲ្យមនុស្សផ្លាស់ប្ដូរជំនឿ ចិត្តគំនិត ឬក៏ការប្រព្រឹត្តរបស់គេ»(សព្វវចនាធិប្បាយប៊្រីធែណនីកាថ្មីជាភាសាអង់គ្លេស)។ ការឃោសនាបែបនេះយកសេចក្ដីពិតបំប្រែទៅជាសេចក្ដីមិនពិត ហើយយកសេចក្ដីភូតភរមកឃោសនាថានោះជាសេចក្ដីពិតវិញ។ ថ្វីត្បិតមានការបង្ខិតបង្ខំគាបសង្កត់យ៉ាងនេះក៏ដោយ យើងអាចរកសេចក្ដីពិតឃើញបើសិនជាយើងព្យាយាមក្នុងការអានព្រះគម្ពីរ។
ជនគ្រីស្ទាននិងលោកីយ៍
៤. តើអ្នកណាខ្លះអាចទទួលសេចក្ដីពិត? ហើយតើអ្នកដែលទទួលសេចក្ដីពិតមានភារកិច្ចធ្វើអ្វី?
៤ ព្រះយេស៊ូបានអធិស្ឋានទូលព្រះយេហូវ៉ាអំពីអ្នកដែលបានក្លាយជាសិស្សរបស់ទ្រង់ ដោយមានបន្ទូលថា៖ «សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិតរបស់ទ្រង់ ឯសេចក្ដីពិត គឺជាព្រះបន្ទូលរបស់ទ្រង់»។ (យ៉ូហាន ១៧:១៧) អ្នកទាំងនេះនឹងត្រូវញែកជាបរិសុទ្ធឬក៏ទុកដោយឡែកសំរាប់ការបំរើព្រះយេហូវ៉ា និងការប្រកាសប្រាប់នូវព្រះនាមនិងព្រះរាជាណាចក្ររបស់ទ្រង់។ (ម៉ាថាយ ៦:៩, ១០; ២៤:១៤) ទោះជាមិនមែនមនុស្សទាំងអស់គ្នាដែលស្គាល់សេចក្ដីពិតរបស់ព្រះយេហូវ៉ាក៏ដោយ តែសេចក្ដីពិតនោះជាអំណោយឥតគិតថ្លៃមួយដែលអស់អ្នកដែលចង់ស្វែងរកសេចក្ដីពិតអាចទទួលបាន មិនថាគេមានជាតិសាសន៍ឬវប្បធម៌អ្វីក៏ដោយ។ សាវ័កពេត្រុសបាននិយាយថា៖ «ខ្ញុំយល់ឃើញថា ព្រះមិនរើសមុខអ្នកណាទេ គឺនៅក្នុងគ្រប់ទាំងសាសន៍ អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្តសេចក្ដីសុចរិត នោះគាប់ដល់ព្រះហឫទ័យទ្រង់ដែរ»។—កិច្ចការ ១០:៣៤, ៣៥
៥. ហេតុអ្វីបានជាជនគ្រីស្ទានត្រូវគេបៀតបៀនជាញឹកញាប់?
៥ ជនគ្រីស្ទានប្រាប់អ្នកឯទៀតអំពីសេចក្ដីពិតពីព្រះគម្ពីរ តែមិនមែនមនុស្សនៅគ្រប់ទីកន្លែងសប្បាយចិត្តទទួលសេចក្ដីពិតនោះទេ។ ព្រះយេស៊ូបានព្រមានថា៖ «គេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យមានសេចក្ដីវេទនា ព្រមទាំងសំឡាប់អ្នករាល់គ្នា ហើយគ្រប់ទាំងសាសន៍នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ»។ (ម៉ាថាយ ២៤:៩) លោក ចនរ៉ចឺសិនខតឺ ជាបព្វជិតមួយរូបនៅប្រទេសអៀកឡង់បានសរសេរពន្យល់អំពីខនេះនៅឆ្នាំ១៨១៧ដោយថា៖ «ការខិតខំរបស់គេ[ជនគ្រីស្ទាន]ដើម្បីកែប្រែជីវិតមនុស្សជាតិតាមរយៈការផ្សព្វផ្សាយរបស់គេនោះ នឹងមិនធ្វើឲ្យមនុស្សមានកតញ្ញូតាធម៌ទេ តែតាមពិតនឹងធ្វើឲ្យមនុស្សស្អប់និងបៀតបៀនពួកជនគ្រីស្ទានទៅវិញ ដោយព្រោះជនគ្រីស្ទានបានលាតត្រដាងឲ្យឃើញអំពើអបាយមុខរបស់គេ»។ អ្នកបៀតបៀនទាំងនេះមិន«ព្រមស្រឡាញ់ដល់សេចក្ដីពិត ដើម្បីឲ្យគេបានសង្គ្រោះនោះទេ»។ ហេតុនេះហើយ«ព្រះ ទ្រង់នឹងឲ្យសេចក្ដីខុសឆ្គងមក បណ្ដាលឲ្យគេជឿតាមសេចក្ដីភូតភរវិញ ដើម្បីឲ្យអស់មនុស្សណាដែលមិនជឿតាមសេចក្ដីពិត គឺពេញចិត្តនឹងសេចក្ដីទុច្ចរិត នោះបានជាប់មានទោសវិញ»។—ថែស្សាឡូនីចទី២ ២:១០-១២
៦. តើជនគ្រីស្ទានមិនគួរចាប់ផ្ដើមមានចំណង់ចំណូលចិត្តនឹងអ្វី?
៦ សាវ័កយ៉ូហានដាស់តឿនគ្រីស្ទានដែលកំពុងតែរស់នៅក្នុងលោកីយ៍ដែលស្អប់គេនេះដោយថា៖ «កុំឲ្យស្រឡាញ់លោកីយ ឬរបស់អ្វីដែលនៅក្នុងលោកីយនេះឲ្យសោះ . . . ដ្បិតអស់ទាំងសេចក្ដី ដែលនៅក្នុងលោកីយនេះ គឺជាសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម នឹងសេចក្ដីប៉ងប្រាថ្នារបស់ភ្នែក ហើយសេចក្ដីអំនួតរបស់ជីវិត នោះមិនកើតមកពីព្រះវរបិតាទេ គឺមកតែពីលោកីយនេះវិញ»។ (យ៉ូហានទី១ ២:១៥, ១៦) គឺគ្មានករណីលើកលែងទេ ពេលយ៉ូហាននិយាយថា«អស់ទាំងសេចក្ដី ដែលនៅក្នុងលោកីយនេះ»។ ហេតុនេះហើយយើងមិនគួរចាប់ផ្ដើមមានចំណង់ចំណូលចិត្តនឹងអ្វីៗណាក៏ដោយក្នុងលោកីយ៍នេះដែលអាចបំបែរយើងចេញពីសេចក្ដីពិតនោះ។ ការអនុវត្តតាមការព្រមានរបស់យ៉ូហាននោះ នឹងមានឥទ្ធិពលខ្លាំងទៅលើជីវិតរបស់យើង។ តើយ៉ាងដូចម្ដេច?
៧. តើចំណេះអំពីសេចក្ដីពិតជំរុញចិត្តរបស់អ្នកដែលមានចិត្តស្មោះយ៉ាងដូចម្ដេច?
៧ ក្នុងកំឡុងឆ្នាំ២០០១ ស្មរបន្ទាល់ព្រះយេហូវ៉ាទូទាំងពិភពលោកបានសិក្សាព្រះគម្ពីរជាមួយមនុស្សជាង៤លាន៥សែននាក់ជារៀងរាល់ខែ ដោយបង្រៀនគេជាក្រុមឬមនុស្សម្នាក់ៗ អំពីតម្រូវការរបស់ព្រះដែលពួកគេត្រូវអនុវត្តតាមឲ្យបានជីវិត។ ជាលទ្ធផលនោះ មាន២៦៣.៤៣១នាក់បានទទួលបុណ្យជ្រមុជទឹក។ សិស្សថ្មីទាំងនោះបានចាត់ទុកពន្លឺនៃសេចក្ដីពិតជាអ្វីដែលមានតម្លៃ ហើយគេបានបដិសេធពួកម៉ាកអាក្រក់និងការប្រព្រឹត្តដ៏អសីលធម៌ដែលនាំឲ្យអបកិត្ដិយសដល់ព្រះ ដែលមនុស្សជាច្រើនក្នុងលោកីយ៍នេះតែងតែនិយមប្រព្រឹត្ត។ តាំងពីគេបានទទួលបុណ្យជ្រមុជទឹកមកនោះ ពួកគេបានគោរពតាមខ្នាតតម្រាដែលព្រះយេហូវ៉ាកំណត់សំរាប់គ្រីស្ទានទាំងឡាយ។ (អេភេសូរ ៥:៥) តើសេចក្ដីពិតមានតម្លៃយ៉ាងនេះចំពោះអ្នកទេ?
ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់នឹងយើង
៨. តើព្រះយេហូវ៉ាប្រព្រឹត្តតបយ៉ាងណាចំពោះការថ្វាយខ្លួនរបស់យើង? ហើយហេតុអ្វីការ‹ស្វែងរកព្រះរាជាណាចក្រជាមុនសិន›ជាការប្រព្រឹត្តដែលប្រកបដោយប្រាជ្ញា?
៨ ទោះជាយើងមិនគ្រប់ល័ក្ខណ៍ក៏ដោយនោះ ព្រះយេហូវ៉ាតែងទទួលការឧទ្ទិសថ្វាយខ្លួនរបស់យើង ហើយនេះប្រៀបដូចជាទ្រង់ឱនមកឱបក្រសោបយើងឲ្យមកជិតទ្រង់។ យ៉ាងនេះ ទ្រង់បង្រៀនយើងឲ្យចេះមានគោលដៅនិងសេចក្ដីប៉ងប្រាថ្នាដ៏ខ្ពង់ខ្ពស់ជាង។ (ទំនុកដំកើង ១១៣:៦-៨) ដំណាលគ្នានឹងនេះ ព្រះយេហូវ៉ាអនុញ្ញាតឲ្យយើងមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយនឹងទ្រង់ ហើយទ្រង់សន្យាថាទ្រង់នឹងយកព្រះទ័យទុកដាក់នឹងយើង បើយើង‹ស្វែងរកព្រះរាជាណាចក្រ និងសេចក្ដីសុចរិតនៃព្រះជាមុនសិន›។ បើយើងធ្វើដូច្នេះ ហើយការពារភាពខាងវិញ្ញាណរបស់យើងនោះ ទ្រង់សន្យាថា៖ «គ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង»។—ម៉ាថាយ ៦:៣៣
៩. តើអ្នកណាគឺ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›? តើព្រះយេហូវ៉ាប្រើអ្នកបំរើនេះយ៉ាងណាដើម្បីឲ្យយកចិត្តទុកដាក់នឹងយើង?
៩ ព្រះយេស៊ូបានជ្រើសរើសសាវ័ក១២នាក់របស់ទ្រង់ និងរៀបចំគ្រឹះនៃក្រុមជំនុំគ្រីស្ទានចាក់ប្រេងតាំងដែលត្រូវហៅថា«សាសន៍អ៊ីស្រាអែលនៃព្រះ»។ (កាឡាទី ៦:១៦; វិវរណៈ ២១:៩, ១៤) ក្រោយមកនេះត្រូវពណ៌នាជា«ពួកជំនុំនៃព្រះដ៏មានព្រះជន្មរស់ ដែលជាសសរ ហើយជាជើងថ្កល់របស់សេចក្ដីពិត»។ (ធីម៉ូថេទី១ ៣:១៥) ព្រះយេស៊ូបានបញ្ជាក់ថាសមាជិកនៃក្រុមជំនុំនោះជា«អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ» និងជា«ដំរួតការដែលស្មោះត្រង់ មានមារយាទល្អ»។ ព្រះយេស៊ូមានបន្ទូលថា អ្នកបំរើដ៏ស្មោះត្រង់នោះនឹងមានភារកិច្ចផ្គត់ផ្គង់‹បើកអាហារបរិភោគតាមត្រូវពេល›សំរាប់ជនគ្រីស្ទាន។ (ម៉ាថាយ ២៤:៣, ៤៥-៤៧; លូកា ១២:៤២) បើសិនជាយើងគ្មានម្ហូបអាហារនោះ យើងនឹងស្លាប់ជាមិនខាន។ ដូចគ្នាដែរ បើសិនជាយើងគ្មានអាហារខាងវិញ្ញាណនោះទេ យើងនឹងទៅជាខ្សោយហើយស្លាប់ខាងវិញ្ញាណ។ ហេតុនេះហើយ យើងក៏អាចដឹងថាព្រះយេហូវ៉ាយកព្រះទ័យទុកដាក់នឹងយើង ដោយសារទ្រង់បានរៀបចំឲ្យមាន‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›។ ចូរឲ្យយើងនឹកចាំជារៀងរហូតនូវតម្លៃខ្ពង់ខ្ពស់នៃម្ហូបអាហារខាងវិញ្ញាណដែលត្រូវរៀបចំសំរាប់យើងតាមរយៈ«អ្នកបំរើ»នោះ។—ម៉ាថាយ ៥:៣
១០. ហេតុអ្វីគឺសំខាន់ដែលយើងទៅកិច្ចប្រជុំជាទៀងទាត់នោះ?
១០ យើងត្រូវសិក្សាផ្ទាល់ខ្លួនដើម្បីទទួលនូវម្ហូបអាហារខាងវិញ្ញាណ។ យើងក៏ត្រូវសេពគប់ជាមួយគ្រីស្ទានឯទៀតនិងចូលរួមកិច្ចប្រជុំ។ តើអ្នកចាំអ្វីដែលអ្នកបានបរិភោគប្រាំមួយខែមុនឬក៏ប្រាំមួយសប្ដាហ៍មុនទេ? អ្នកប្រហែលជាអត់ចាំទេ! យ៉ាងណាក៏ដោយ អ្វីដែលអ្នកបានបរិភោគបានផ្ដល់ឲ្យថាមពលនិងជីវជាតិដែលអ្នកត្រូវការដើម្បីបន្តរស់នៅតទៅទៀត។ ហើយអ្នកច្បាស់ជាបានបរិភោគម្ហូបដូចៗគ្នានោះនៅពេលក្រោយៗទៀតដែរ។ ម្ហូបអាហារដែលយើងទទួលនៅកិច្ចប្រជុំគ្រីស្ទានគឺដូចគ្នាដែរ។ ប្រហែលជាអ្នកមិននឹកចាំពីអ្វីទាំងអស់ដែលអ្នកបានឮនៅឯកិច្ចប្រជុំនិមួយៗទេ។ ហើយពត៌មានស្រដៀងគ្នានឹងនោះទំនងជាបានត្រូវផ្ដល់ជាញឹកញយផងដែរ។ ក៏ប៉ុន្តែ នោះនៅតែជាម្ហូបអាហារខាងវិញ្ញាណ ដែលចាំបាច់ដើម្បីបំពេញបំប៉នសុខភាពរបស់យើង។ កិច្ចប្រជុំរបស់យើងតែងតែផ្គត់ផ្គង់អាហារដ៏ល្អៗខាងវិញ្ញាណតាមត្រូវពេល។
១១. តើយើងមានភារកិច្ចអ្វីពេលយើងទៅកិច្ចប្រជុំគ្រីស្ទាន?
១១ យើងក៏មានភារកិច្ចផងដែរពេលយើងទៅកិច្ចប្រជុំគ្រីស្ទាន។ គ្រីស្ទានទាំងឡាយត្រូវដាស់តឿនឲ្យ«កំឡាចិត្តគ្នា»និងបណ្ដាលឲ្យសមាជិកឯទៀតក្នុងក្រុមជំនុំ«មានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង»។ យើងពង្រឹងជំនឿរបស់យើងនិងលើកទឹកចិត្តអ្នកឯទៀតផងដែរ ពេលយើងរៀបចំសំរាប់ប្រជុំ មានវត្តមាន និងចូលរួមនៅកិច្ចប្រជុំគ្រីស្ទានទាំងអស់។ (ហេព្រើរ ១០:២៣-២៥) ក្មេងៗតែងតែញ៉ាំទម្រើសណាស់ ហើយដូចគ្នាដែរ បងប្អូនខ្លះប្រហែលជាត្រូវការនូវការលើកទឹកចិត្តជារៀងរហូតឲ្យទទួលម្ហូបអាហារខាងវិញ្ញាណ។ (អេភេសូរ ៤:១៣) យើងបង្ហាញសេចក្ដីស្រឡាញ់ពេលយើងលើកទឹកចិត្តអ្នកទាំងនេះក្នុងពេលដែលត្រូវការ ដើម្បីជួយគេឲ្យរីកចំរើនក្លាយទៅជាគ្រីស្ទានដែលមានភាពចាស់ទុំ ដូចដែលសាវ័កប៉ុលបាននិយាយអំពីគេថា៖ «អាហាររឹង នោះសំរាប់តែមនុស្សធំ ដែលបានបង្ហាត់ឥន្ទ្រីយ ដោយធ្លាប់ខ្លួនហើយ ដើម្បីឲ្យបានដឹងខុសត្រូវ»។—ហេព្រើរ ៥:១៤
ការថែរក្សាភាពខាងវិញ្ញាណរបស់ខ្លួន
១២. ការថាយើងនឹងនៅជាប់ក្នុងសេចក្ដីពិតជារៀងរហូតឬក៏អត់នោះ គឺស្រេចនឹងអ្នកណា? សូមពន្យល់។
១២ គូអាពាហ៍ពិពាហ៍ឬក៏មាតាបិតារបស់យើងអាចលើកទឹកចិត្តយើងឲ្យបន្តដើរក្នុងសេចក្ដីពិត។ ដូចគ្នាដែរ អ្នកចាស់ទុំក្នុងក្រុមជំនុំអាចគង្វាលដោយណែនាំយើងឲ្យចូលរួមជាមួយហ្វូងចៀមដែលពួកគាត់ត្រូវថែរក្សានោះ។ (កិច្ចការ ២០:២៨) ប៉ុន្តែ ការព្យាយាមរបស់យើងក្នុងការរស់នៅសមស្របទៅតាមសេចក្ដីពិត តើនៅទីបំផុតគឺស្រេចនឹងអ្នកណា? បើគិតឲ្យប្រាកដប្រជាវិញ គឺស្រេចនឹងយើងម្នាក់ៗ។ ហើយនោះស្រេចនឹងយើងទោះយើងស្ថិតក្នុងកាលៈទេសៈធម្មតាឬក៏កាលៈទេសៈពិបាកក៏ដោយ។ សូមពិចារណានូវបទពិសោធន៍ដែលមានដូចតទៅនេះ។
១៣, ១៤. ដូចជាត្រូវបង្ហាញត្រង់ក្នុងរឿងអំពីកូនចៀមនោះ បើយើងត្រូវការជំនួយ តើយើងអាចទទួលជំនួយខាងវិញ្ញាណយ៉ាងដូចម្ដេចបាន?
១៣ នៅប្រទេសស្កុតឡង់ កូនចៀមខ្លះៗស៊ីស្មៅនៅឯវាល។ រំពេចនោះ កូនចៀមមួយដើរចេញពីហ្វូង ទៅដល់គែមទួលនិងធ្លាក់ទៅលើជ្រុងគែមមួយទៀត។ វាមិនបានរបួសអ្វីទេ ប៉ុន្តែវាខ្លាចហើយមិនអាចឡើងទៅលើវិញបាន។ ដូច្នេះ វាចាប់ផ្ដើមស្រែកយ៉ាងខ្លាំងគួរឲ្យអាណិត។ មេវាបានឮហើយវាក៏ស្រែកដែរ ទាល់តែអ្នកគង្វាលបានមកនិងសង្គ្រោះកូនចៀមនោះ។
១៤ សូមកត់សម្គាល់នូវដំណើរនៃរឿងនេះ។ កូនចៀមបានស្រែកឲ្យគេមកជួយមុន រួចមេវាបានស្រែកដែរ នោះអ្នកគង្វាលឮហើយចាត់វិធានការភ្លាមៗដើម្បីសង្គ្រោះកូនចៀមនោះ។ បើសិនជាកូនចៀមនិងមេវាអាចយល់ឃើញនូវគ្រោះថ្នាក់និងចេះស្រែករកជំនួយភ្លាមៗនោះ យើងក៏ត្រូវចេះធ្វើដូចគ្នាដែរ ពេលយើងជំពប់ដួលខាងវិញ្ញាណឬក៏ប្រឈមមុខនឹងគ្រោះថ្នាក់ដោយមិនដឹងទុកជាមុនពីលោកីយ៍របស់សាតាំង មែនទេ? (យ៉ាកុប ៥:១៤, ១៥; ពេត្រុសទី១ ៥:៨) យើងត្រូវធ្វើដូច្នេះ ជាពិសេសបើសិនជាយើងខ្វះខាតនូវបទពិសោធន៍ បើយើងនៅក្មេង ឬក៏បើយើងទើបតែចូលសេចក្ដីពិតថ្មីៗ។
ការប្រព្រឹត្តតាមការណែនាំពីព្រះនាំមកនូវសុភមង្គល
១៥. តើស្ត្រីម្នាក់មានអារម្មណ៍យ៉ាងណាពេលគាត់ចាប់ផ្ដើមចូលរួមជាមួយក្រុមជំនុំគ្រីស្ទានជាលើកដំបូងនោះ?
១៥ សូមនឹកគិតអំពីតម្លៃនៃការយល់ដឹងពីព្រះគម្ពីរ និងចិត្តស្ងប់សុខស្រួលរបស់អ្នកដែលបំរើព្រះនៃសេចក្ដីពិតនោះ។ ស្ត្រីម្នាក់អាយុ៧០ឆ្នាំ ដែលជាសមាជិកក្នុងវិហារប្រទេសអង់គ្លេសតាំងពីក្មេងមកម្ល៉េះ គាត់បានយល់ព្រមសិក្សាព្រះគម្ពីរជាមួយស្មរបន្ទាល់ព្រះយេហូវ៉ា។ មិនយូរក្រោយមក គាត់រៀនថាព្រះនាមរបស់ព្រះគឺព្រះយេហូវ៉ា និងគាត់ក៏តបឆ្លើយថា«អាមែន»ពេលដែលគាត់ស្ដាប់សេចក្ដីអធិស្ឋានសាធារណៈដ៏អស់ពីចិត្តដែលត្រូវទូលនៅសាលព្រះរាជាណាចក្រនៅតំបន់គាត់។ ស្ត្រីនោះស្រដីដោយចិត្តរំជើបរំជួលថា៖ «របៀបអ្នកបង្រៀនអំពីព្រះគឺហាក់ដូចជាអ្នកនាំទ្រង់មកស្ថិតនៅក្នុងចំណោមយើងតែម្ដងដូចមិត្តជាទីស្រឡាញ់ ជាជាងបង្រៀនថាព្រះគឺខ្ពង់ខ្ពស់ជាងមនុស្សដល់ម្ល៉េះបានជាយើងទាក់ទងទ្រង់មិនបាន។ នេះជាអារម្មណ៍មួយដែលខ្ញុំមិនដែលមានពីមុនមកទេ»។ អ្នកចាប់អារម្មណ៍ដ៏ស្ងួនភ្ងានេះ ទំនងជានឹងចាំមិនភ្លេចនូវអានុភាពដំបូងនេះដែលសេចក្ដីពិតមានទៅលើគាត់ហើយ។ ដូចគ្នាដែរ សូមឲ្យយើងចាំមិនភ្លេចនូវតម្លៃវិសេសដែលសេចក្ដីពិតមានចំពោះយើង ពេលយើងទើបតែរៀនពីដំបូងនោះដែរ។
១៦. (ក) តើអ្វីអាចកើតឡើងបើសិនជាគោលដៅចំបងរបស់យើងគឺការរកលុយនោះ? (ខ) តើយើងអាចរកឃើញសុភមង្គលពិតយ៉ាងដូចម្ដេចបាន?
១៦ មនុស្សជាច្រើនជឿថា បើសិនជាគេមានលុយច្រើនជាង នោះគេនឹងសប្បាយចិត្តជាង។ ក៏ប៉ុន្តែ បើសិនជាការប្រមូលលុយគឺជាគោលដៅចំបងក្នុងជីវិតរបស់យើងនោះ យើងអាចរងទុក្ខនឹង«ការឈឺចាប់ក្នុងចិត្តយ៉ាងខ្លាំងដែលនឹកស្មានមិនដល់ឡើយ»។ (ធីម៉ូថេទី១ ៦:១០, សេចក្ដីបកប្រែព្រះគម្ពីរភីលីព) សូមគិតទៅមើល មនុស្សជាច្រើនទិញសន្លឹកឆ្នោត ចាយលុយនៅក្នុងកាស៊ីណូ ឬក៏ទាយអំពីតម្លៃផ្សារភាគហ៊ុនដោយមិនគិតវែងឆ្ងាយ ដោយមានមនោគតិថានៅថ្ងៃមួយខ្លួននឹងក្លាយជាមហាសេដ្ឋីមួយរូប។ មនុស្សតិចណាស់បានទ្រព្យសម្បត្ដិស្តុកស្តម្ភតាមបំណង។ ហើយសូម្បីតែអ្នកដែលបានក្លាយជាអ្នកមានស្តុកស្តម្ភក៏ដោយ គេច្រើនតែឃើញថា ទ្រព្យសម្បត្ដិមិននាំមកនូវសុភមង្គលទេ។ ផ្ទុយទៅវិញ សុភមង្គលជារៀងរហូតនោះ មកពីការធ្វើតាមព្រះហឫទ័យរបស់ព្រះយេហូវ៉ា និងការរួបរួមជាមួយក្រុមជំនុំគ្រីស្ទាន ដោយមានការណែនាំពីវិញ្ញាណបរិសុទ្ធរបស់ព្រះយេហូវ៉ាព្រមទាំងជំនួយពីទេវតារបស់ទ្រង់។ (ទំនុកដំកើង ១:១-៣; ៨៤:៤, ៥; ៨៩:១៥) ពេលយើងធ្វើដូច្នេះ យើងប្រហែលជានឹងទទួលពរជាច្រើនដោយមិនដឹងទុកជាមុនទេ។ តើសេចក្ដីពិតមានតម្លៃខ្ពង់ខ្ពស់ដល់ម្ល៉េះដែលវាអាចនាំមកនូវពរយ៉ាងនេះក្នុងជីវិតអ្នកទេ?
១៧. តើយើងដឹងអ្វីខ្លះអំពីចិត្តគំនិតរបស់ពេត្រុសដោយសារគាត់ស្នាក់នៅជាមួយលោកស៊ីម៉ូនដែលជាអ្នកសម្លាប់ស្បែកនោះ?
១៧ សូមពិចារណាពីបទពិសោធន៍របស់សាវ័កពេត្រុស។ នៅឆ្នាំ៣៦ស.យ. គាត់បានធ្វើដំណើរទៅវាលទំនាបស្រុកសារ៉ុននិងធ្វើជាសាសនទូត។ ពេត្រុសឈប់នៅភូមិលីដា ហើយនៅទីនោះគាត់ឃើញបុរសម្នាក់ឈ្មោះអេនាសដែលស្លាប់ដៃស្លាប់ជើងហើយពេត្រុសប្រោសឲ្យគាត់ជា។ ក្រោយនោះពេត្រុសធ្វើដំណើរបន្តទៅដល់កំពង់ផែនៅទីក្រុងយ៉ុបប៉េ។ នៅទីនោះគាត់ប្រោសស្ត្រីម្នាក់ឈ្មោះឌ័រកាសឲ្យរស់ឡើងវិញ។ កិច្ចការ ៩:៤៣ ចែងថា៖ «គាត់ក៏អាស្រ័យនៅយ៉ុបប៉េ ក្នុងផ្ទះជាងសំឡាប់ស្បែក ឈ្មោះស៊ីម៉ូន ជាយូរថ្ងៃ»។ ការពិពណ៌នាដ៏ខ្លីនេះ បង្ហាញនូវទស្សនៈមិនលំអៀងរបស់ពេត្រុសពេលគាត់ផ្សព្វផ្សាយដល់មនុស្សនៅទីក្រុងនោះ។ តើយ៉ាងដូចម្ដេចដែលរឿងនេះបង្ហាញទស្សនៈគាត់? លោកហ្វ្រេដ្រិកវីល្លាមហ្វារ៉ា បណ្ឌិតព្រះគម្ពីរមួយរូបសរសេរថា៖ «មនុស្សម្នាក់ដែលកាន់តាមយ៉ាងតឹងរ៉ឹងនិងម៉ឺងម៉ាត់នូវក្រិត្យវិន័យ[លោកម៉ូសេ]ដែលត្រូវសូត្រពីមាត់មួយទៅមាត់មួយនោះ គាត់នឹងមិនព្រមស្នាក់នៅផ្ទះរបស់អ្នកសម្លាប់ស្បែកទេ។ ដោយព្រោះអ្នកសម្លាប់ស្បែកត្រូវប៉ះពាល់ស្បែកនិងខ្មោចសត្វផ្សេងៗជារៀងរាល់ថ្ងៃ ហើយដោយសារសំភារៈផ្សេងៗដែលមុខរបរនេះត្រូវការនោះ អ្នកទាំងអស់ដែលប្រកាន់ក្រិត្យវិន័យយ៉ាងតឹងរ៉ឹងនោះ គេនឹងចាត់ទុកមុខរបរនេះជាទីស្អប់ខ្ពើម»។ សូម្បីតែក្នុងករណីដែលផ្ទះរបស់លោកស៊ីម៉ូន«ដែលនៅក្បែរមាត់សមុទ្រ»មិននៅជាប់នឹងហាងសម្លាប់ស្បែករបស់គាត់ក៏ដោយ លោកហ្វារ៉ាបញ្ជាក់ថា ស៊ីម៉ូននៅតែជាអ្នករកស៊ី«ខាងមុខរបរមួយដែលត្រូវមនុស្សស្អប់ខ្ពើម ជាហេតុធ្វើឲ្យអ្នកដែលរកស៊ីក្នុងមុខរបរនោះបាត់បង់កិត្ដិយស»។—កិច្ចការ ១០:៦
១៨, ១៩. (ក) ហេតុអ្វីបានជាពេត្រុសបានងោងក្នុងខ្លួនពេលគាត់ឃើញចក្ខុនិមិត្តនោះ? (ខ) តើពេត្រុសបានទទួលពរអ្វីដោយមិនដឹងជាមុននោះ?
១៨ ពេត្រុសគ្មានចិត្តលំអៀងហើយគាត់បានព្រមស្នាក់នៅជាមួយលោកស៊ីម៉ូន។ នៅទីនោះពេត្រុសបានទទួលការណែនាំពីព្រះដោយមិនដឹងទុកជាមុនទេ។ ក្នុងចក្ខុនិមិត្តមួយពេត្រុសបានត្រូវបង្គាប់ឲ្យបរិភោគអ្វីដែលក្រិត្យវិន័យសាសន៍យូដាចាត់ទុកជាមិនស្អាត។ ពេត្រុសបានបដិសេធដោយតបថាគាត់«មិនដែលទទួលទានអ្វី ដែលមិនស្អាតមិនបរិសុទ្ធនោះសោះ»។ ប៉ុន្តែ សម្លេងមួយបានប្រាប់ពេត្រុសបីដងថា៖ «របស់អ្វីដែលព្រះបានសំអាតហើយ នោះកុំឲ្យអ្នករាប់ថាជាមិនស្អាតឡើយ»។ យើងអាចយោគយល់នូវមូលហេតុដែល«ពេត្រុសនៅងោងក្នុងខ្លួន ពីន័យការជាក់ស្តែង ដែលបានឃើញនោះ»។—កិច្ចការ ១០:៥-១៧; ១១:៧-១០
១៩ ពេត្រុសមិនដឹងថា នៅថ្ងៃម្សិលមិញនៅទីក្រុងសេសារាចំងាយ៥០គីឡូម៉ែត្រពីយ៉ុបប៉េនោះ លោកកូនេលាស បុរសជនជាតិផ្សេងមួយរូបក៏បានមានចក្ខុនិមិត្តមួយដែរ។ ទេវតារបស់ព្រះយេហូវ៉ាបានណែនាំកូនេលាសឲ្យចាត់អ្នកបំរើទៅរកពេត្រុសនៅផ្ទះលោកស៊ីម៉ូនដែលជាអ្នកសម្លាប់សត្វ។ កូនេលាសបានចាត់អ្នកបំរើរបស់គាត់ទៅផ្ទះរបស់លោកស៊ីម៉ូន ហើយពេត្រុសបានទៅក្រុងសេសារាជាមួយគេវិញ។ នៅទីនោះពេត្រុសបានផ្សព្វផ្សាយដល់លោកកូនេលាស ញាតិមិត្ត និងមិត្តភក្ដិរបស់គាត់។ ជាលទ្ធផល ពួកគេបានទៅជាអ្នកមុនគេពីចំណោមជាជនជាតិផ្សេងដែលមិនទាន់កាត់ស្បែកនោះ ដែលបានជឿនិងទទួលវិញ្ញាណបរិសុទ្ធដើម្បីគ្រងព្រះរាជាណាចក្រ។ ទោះជាគេមិនទាន់កាត់ស្បែកក៏ដោយ ពួកគេទាំងអស់ដែលបានស្ដាប់សំដីរបស់ពេត្រុសបានទទួលបុណ្យជ្រមុជទឹក។ នេះបានបើកផ្លូវឲ្យអ្នកដែលជាសាសន៍ផ្សេងចូលជាសមាជិកនៃក្រុមជំនុំគ្រីស្ទាន ទោះជាសាសន៍យូដាបានចាត់ទុកពួកគេថាមិនស្អាតក៏ដោយ។ (កិច្ចការ ១០:១-៤៨; ១១:១៨) នេះជាឯកសិទ្ធិដ៏អស្ចារ្យណាស់សំរាប់ពេត្រុស ហើយនេះបានកើតឡើងដោយសារសេចក្ដីពិតមានតម្លៃវិសេសចំពោះគាត់ ហើយបានជំរុញគាត់ឲ្យស្ដាប់តាមការណែនាំពីព្រះយេហូវ៉ានិងអនុវត្តជំនឿ!
២០. តើយើងបានជំនួយអ្វីពីព្រះពេលយើងទុកសេចក្ដីពិតជាអាទិភាពក្នុងជីវិតរបស់យើង?
២០ សាវ័កប៉ុលដាស់តឿនយើងថា៖ «ដោយកាន់តាមសេចក្ដីពិត ដោយសេចក្ដីស្រឡាញ់វិញ នោះឲ្យយើងបានធំឡើង ខាងឯគ្រប់ការទាំងអស់ក្នុងទ្រង់ ដែលទ្រង់ជាសិរសា គឺជាព្រះគ្រីស្ទ»។ (អេភេសូរ ៤:១៥) ពិតមែនហើយ សេចក្ដីពិតនឹងនាំមកនូវសុភមង្គលដ៏លើសលប់ឥឡូវនេះ បើសិនជាយើងទុកសេចក្ដីពិតជាអាទិភាពក្នុងជីវិតរបស់យើង និងអនុញ្ញាតឲ្យព្រះយេហូវ៉ាណែនាំយើងដោយវិញ្ញាណបរិសុទ្ធរបស់ទ្រង់។ យើងក៏ត្រូវចាំមិនភ្លេចថា យើងមានការគាំទ្រពីបណ្ដាទេវតាបរិសុទ្ធក្នុងកិច្ចផ្សព្វផ្សាយរបស់យើង។ (វិវរណៈ ១៤:៦, ៧; ២២:៦) យើងមានឯកសិទ្ធិដ៏ប្រសើរណាស់! ដែលយើងមានការគាំទ្រពីព្រះយេហូវ៉ាក្នុងកិច្ចការដែលទ្រង់បានប្រគល់ឲ្យយើង! បើសិនជាយើងរក្សាភាពស្មោះត្រង់នោះ នេះនឹងនាំឲ្យយើងសរសើរព្រះយេហូវ៉ាដែលជាព្រះនៃសេចក្ដីពិតជានិច្ចជាកាល។ តើមានអ្វីដែលមានតម្លៃវិសេសជាងនោះទេ?—យ៉ូហាន ១៧:៣
តើយើងបានរៀនអ្វីខ្លះ?
• ហេតុអ្វីមនុស្សជាច្រើនមិនព្រមទទួលសេចក្ដីពិត?
• តើជនគ្រីស្ទានត្រូវមានទស្សនៈយ៉ាងណាចំពោះអ្វី ក្នុងលោកីយ៍របស់សាតាំង?
• តើយើងគួរមានទស្សនៈយ៉ាងណាចំពោះកិច្ចប្រជុំរបស់យើង? ហើយហេតុអ្វីយើងត្រូវមានទស្សនៈដូច្នេះ?
• តើយើងមានភារកិច្ចអ្វី ស្តីពីការថែរក្សាភាពខាងវិញ្ញាណរបស់ខ្លួន?
[ផែនទី/រូបភាពនៅទំព័រ១៨]
(ដើម្បីមើលឃើញទាំងអស់ សូមមើលទស្សនាវដ្ដី)
មហាសមុទ្រ
ទីក្រុងសេសារា
វាលទំនាបស្រុកសារ៉ុន
ទីក្រុងយ៉ុបប៉េ
ភូមិលីដា
ទីក្រុងយេរូសាឡិម
[រូបភាព]
ពេត្រុសបានស្ដាប់តាមការណែនាំពីព្រះហើយ បានទទួលពរដោយមិនដឹងទុកជាមុន
[អ្នកផ្ដល់សិទ្ធិ]
Map: Mountain High Maps® Copyright © 1997 Digital Wisdom, Inc
[រូបភាពនៅទំព័រ១៣]
ព្រះយេស៊ូបានធ្វើបន្ទាល់អំពីសេចក្ដីពិត
[រូបភាពនៅទំព័រ១៥]
ម្ហូបអាហារខាងវិញ្ញាណ គឺសំខាន់សំរាប់សុខភាពខាងវិញ្ញាណ ដូចជាម្ហូបអាហារមែនទែនដែរ