តើរាជាណាចក្ររបស់ព្រះនឹងគ្រប់គ្រងលើផែនដីនៅពេលណា?
ពួកអ្នកកាន់តាមដ៏ស្មោះត្រង់ខ្លះរបស់លោកយេស៊ូចង់ដឹងអំពីពេលរាជាណាចក្ររបស់ព្រះនឹងចាប់ផ្ដើមគ្រប់គ្រង។ លោកយេស៊ូបានឆ្លើយសំណួររបស់ពួកគេដោយប្រាប់ថា ពួកគេនឹងមិនដឹងពេលកំណត់ទេ។ (សកម្មភាព ១:៦, ៧) ប៉ុន្តែ មិនយូរមុននោះ លោកបានប្រាប់ពួកគេថា ពេលអ្នកកាន់តាមលោកឃើញព្រឹត្តិការណ៍ផ្សេងៗដែលនឹងកើតឡើងដំណាលគ្នា នោះពួកគេនឹង«ដឹងថារាជាណាចក្ររបស់ព្រះគឺជិតដល់ហើយ» ថែមទាំងដឹងថា គឺពេលដែលរាជាណាចក្រនោះនឹងចាប់ផ្ដើមគ្រប់គ្រងលើពិភពលោក។—លូកា ២១:៣១
តើលោកយេស៊ូថានឹងមានអ្វីខ្លះកើតឡើង?
លោកយេស៊ូមានប្រសាសន៍ថា៖ «ប្រជាជាតិមួយនឹងលើកទ័ពទៅច្បាំងនឹងប្រជាជាតិមួយ ហើយរាជាណាចក្រមួយនឹងលើកទ័ពទៅច្បាំងនឹងរាជាណាចក្រមួយ ក៏នឹងមានរញ្ជួយដីជាខ្លាំងនៅកន្លែងផ្សេងៗ ថែមទាំងមានការអត់ឃ្លាននិងរោគរាតត្បាតពីកន្លែងមួយទៅកន្លែងមួយ»។ (លូកា ២១:១០, ១១) ដូចខ្សែនៃក្រយៅដៃបញ្ជាក់យ៉ាងច្បាស់អំពីស្នាមម្រាមដៃ នោះព្រឹត្តិការណ៍ទាំងអស់នេះជាសញ្ញាសម្គាល់មួយដ៏ច្បាស់លាស់។ ហើយដូចស្នាមម្រាមដៃសម្គាល់បុគ្គលណាម្នាក់ នោះព្រឹត្តិការណ៍ទាំងអស់នេះដែលកើតឡើងដំណាលគ្នានឹងបញ្ជាក់ថា«រាជាណាចក្ររបស់ព្រះគឺជិតដល់ហើយ»។ តើពិតជាមានព្រឹត្តិការណ៍បែបនេះកើតឡើងដំណាលគ្នា និងនៅទូទាំងពិភពលោកឬទេ? សូមពិចារណាភ័ស្តុតាង។
១. សង្គ្រាម
នៅឆ្នាំ១៩១៤ សង្គ្រាមបានផ្ទុះឡើងដល់កម្រិតធំដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្ស! អ្នកប្រវត្តិសាស្ត្រច្រើនតែចាត់ទុកឆ្នាំ១៩១៤គឺជាឆ្នាំដែលផ្លាស់ប្ដូរប្រវត្តិសាស្ត្រមនុស្ស ពីព្រោះនេះជាឆ្នាំដែលមានសង្គ្រាមលោកលើកទី១។ ក្នុងសង្គ្រាមនោះ ជាលើកដំបូងហើយដែលមនុស្សប្រើសព្វាវុធដូចជារថក្រោះ គ្រាប់បែកទម្លាក់ពីយន្តហោះ កាំភ្លើងយន្ត និងឧស្ម័នពុលជាដើមនៅកន្លែងជាច្រើនដើម្បីសម្លាប់មនុស្ស។ បន្ទាប់មក មានសង្គ្រាមលោកលើកទី២ ជាសង្គ្រាមដែលមនុស្សចាប់ផ្ដើមប្រើអាវុធបរិមាណូ។ មនុស្សជាតិតែងតែមានសង្គ្រាមនៅកន្លែងផ្សេងៗក្នុងពិភពលោកតាំងពីឆ្នាំ១៩១៤មក ហើយសង្គ្រាមទាំងនោះបានសម្លាប់មនុស្សរាប់លាននាក់។
២. រញ្ជួយដី
សព្វវចនាធិប្បាយមួយចែងថា រាល់ឆ្នាំប្រហែលមានរញ្ជួយដី១០០ដងដែលមានកម្លាំងខ្លាំងល្មមអាចនាំឲ្យមាន«ការបែកបាក់ខ្ទេចខ្ទីធ្ងន់ធ្ងរ»។ (Britannica Academic) អ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាម៉េរិករាយការណ៍ថា «យោងទៅតាមបញ្ជីដែលកត់ទុករញ្ជួយដីតាំងពីយូរមកហើយ (ប្រហែលតាំងពីឆ្នាំ១៩០០) យើងប៉ាន់ស្មានថានឹងមានរញ្ជួយដីធំៗ១៦ដងរៀងរាល់ឆ្នាំ»។ (United States Geological Survey) ទោះជាមនុស្សខ្លះប្រហែលជឿថា សព្វថ្ងៃមានរញ្ជួយដីច្រើនជាង ដោយសារមានបច្ចេកវិទ្យាទំនើបៗដែលអាចដឹងអំពីរញ្ជួយដីល្អជាងមុនក៏ដោយ តែការពិតគឺថា មានរញ្ជួយដីធំៗនៅទូទាំងពិភពលោកដែលកំពុងបណ្ដាលឲ្យមនុស្សច្រើនជាងមុនរងទុក្ខនិងបាត់បង់ជីវិត។
៣. ការអត់ឃ្លាន
ការអត់ឃ្លានមាននៅទូទាំងពិភពលោកដោយសារសង្គ្រាម អំពើពុករលួយ វិបត្តិសេដ្ឋកិច្ច ការគ្រប់គ្រងមិនល្អទៅលើវិស័យកសិកម្ម ឬមិនបានរៀបចំទុកជាមុនដើម្បីការពារពីធាតុអាកាសអាក្រក់ក្រៃលែងខុសពីធម្មតា។ «ការពិនិត្យឡើងវិញនៅឆ្នាំ២០១៨»របស់អង្គការកម្មវិធីស្បៀងអាហារពិភពលោករៀបរាប់ថា៖ «នៅទូទាំងពិភពលោកមានមនុស្ស៨២១លាននាក់មិនមានអាហារគ្រប់គ្រាន់ ហើយក្នុងចំណោមនោះមាន១២៤លាននាក់អត់អាហារសោះ»។ ការបរិភោគអាហារដែលគ្មានជីវជាតិគ្រប់គ្រាន់នាំឲ្យកូនក្មេង៣,១លាននាក់ស្លាប់រៀងរាល់ឆ្នាំ។ នៅឆ្នាំ២០១១ នេះក៏បានបណ្ដាលឲ្យកូនក្មេងប្រហែលជា៤៥ភាគរយនៅទូទាំងពិភពលោកស្លាប់ដែរ។
៤. ជំងឺនិងរោគរាតត្បាត
សៀវភៅមួយរបស់អង្គការសុខភាពពិភពលោករៀបរាប់ថា៖ «សតវត្សរ៍ទី២១មានរោគរាតត្បាតរួចទៅហើយ។ ជំងឺចាស់ៗមានឡើងវិញ ដូចជាអាសន្នរោគរាករូស ជំងឺប៉េស្ត និងគ្រុនលឿង ហើយជំងឺថ្មីបានលេចមក ដូចជាជំងឺផ្លូវដកដង្ហើមធ្ងន់ធ្ងរ (SARS) ជំងឺរាតត្បាតគ្រុនផ្ដាសាយធំ ជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា (MERS) ជំងឺអ៊ីបូឡា និងជំងឺហ្ស៊ីកា»។ កូវីដ-១៩គឺជាជំងឺរោគរាតត្បាតថ្មីបំផុត។ ទោះជាពួកវិទ្យាសាស្ត្រនិងវេជ្ជបណ្ឌិតបានរៀនដឹងជាច្រើនអំពីជំងឺក៏ដោយ តែពួកគេមិនបានរកឃើញវិធីព្យាបាលសម្រាប់ជំងឺទាំងអស់ឡើយ។
៥. ការផ្សព្វផ្សាយនៅទូទាំងពិភពលោក
លោកយេស៊ូបានប្រាប់អំពីផ្នែកមួយទៀតនៃសញ្ញាសម្គាល់ដោយមានប្រសាសន៍ថា៖ «ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ រួចទីបញ្ចប់នឹងមកដល់»។ (ម៉ាថាយ ២៤:១៤) កាលដែលពិភពលោកកំពុងរងទុក្ខដោយសារបញ្ហាអាក្រក់ផ្សេងៗ មនុស្សជាង៨លាននាក់ពីគ្រប់ប្រជាជាតិកំពុងប្រកាសដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះនៅ២៤០ប្រទេស ហើយច្រើនជាង១.០០០ភាសា។ នេះមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សឡើយ។
តើសញ្ញាសម្គាល់មានន័យអ្វីសម្រាប់យើង?
ព្រឹត្តិការណ៍ផ្សេងៗដែលជាសញ្ញាសម្គាល់ដែលលោកយេស៊ូបានរៀបរាប់ កំពុងកើតឡើងនៅសព្វថ្ងៃនេះ។ ហេតុអ្វីយើងគួរចាប់អារម្មណ៍នឹងការពិតនេះ? ពីព្រោះលោកយេស៊ូបានមានប្រសាសន៍ថា៖ «ពេលដែលអ្នករាល់គ្នាឃើញការទាំងនេះកំពុងកើតឡើង ចូរដឹងថារាជាណាចក្ររបស់ព្រះគឺជិតដល់ហើយ»។—លូកា ២១:៣១
សញ្ញាសម្គាល់ដែលលោកយេស៊ូផ្ដល់ឲ្យ ព្រមទាំងកាលប្រវត្តិវិទ្យាក្នុងគម្ពីរជួយឲ្យយើងយល់ថា ព្រះបានតាំងរាជាណាចក្ររបស់លោកឡើងនៅស្ថានសួគ៌នាឆ្នាំ១៩១៤។a នៅពេលនោះ ព្រះបានតាំងបុត្រលោក គឺលោកយេស៊ូគ្រិស្តឲ្យគ្រប់គ្រងជាស្ដេច។ (ចម្រៀងសរសើរព្រះ ២:២, ៤, ៦-៩) បន្តិចទៀត រាជាណាចក្ររបស់ព្រះនឹងគ្រប់គ្រងលើផែនដី ហើយនឹងបំបាត់ចោលរដ្ឋាភិបាលទាំងឡាយ ព្រមទាំងធ្វើឲ្យផែនដីទៅជាសួនឧទ្យានដើម្បីឲ្យមនុស្សរស់នៅជារៀងរហូត។
ឆាប់ៗខាងមុខនេះ ពាក្យនៃសេចក្ដីអធិដ្ឋានគំរូដែលលោកយេស៊ូបានបង្រៀននឹងត្រូវសម្រេច។ សេចក្ដីអធិដ្ឋានគំរូថា៖ «សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់។ សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។ (ម៉ាថាយ ៦:១០) ប៉ុន្តែ តាំងពីពេលរាជាណាចក្ររបស់ព្រះបានតាំងឡើងនៅឆ្នាំ១៩១៤ តើរាជាណាចក្រនោះបានធ្វើអ្វីខ្លះ? តើយើងអាចមានជីវិតយ៉ាងណា ពេលរាជាណាចក្ររបស់ព្រះគ្រប់គ្រងលើមនុស្សជាតិ?
a ដើម្បីទទួលព័ត៌មានបន្ថែមអំពីឆ្នាំ១៩១៤ សូមមើលមេរៀនទី៣២ក្នុងសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! ដែលបោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។