«ចូរយកចិត្តទុកដាក់យ៉ាងខ្លាំង»ចុះ!
«ទីបញ្ចប់នៃអ្វីៗទាំងអស់គឺជិតដល់ហើយ។ ដូច្នេះ ចូរ . . . យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសេចក្ដីអធិដ្ឋាន»។—១ពេ. ៤:៧
១. តើអ្វីជារឿងសំខាន់ចម្បងនៃសេចក្ដីបង្រៀនរបស់លោកយេស៊ូ?
ពេលលោកយេស៊ូនៅលើផែនដី រឿងសំខាន់ចម្បងនៃសេចក្ដីបង្រៀនរបស់លោកគឺរាជាណាចក្ររបស់ព្រះ។ តាមរយៈរាជាណាចក្រនោះ ព្រះយេហូវ៉ានឹងបង្ហាញថាលោកមានសិទ្ធិគ្រប់គ្រងលើសកលលោកទាំងមូល ហើយនឹងធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធ។ យ៉ាងនេះ លោកយេស៊ូបានបង្រៀនអ្នកកាន់តាមឲ្យអធិដ្ឋានដល់ព្រះថា៖ «សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់។ សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។ (ម៉ាថ. ៤:១៧; ៦:៩, ១០) មិនយូរប៉ុន្មានទៀត រាជរដ្ឋាភិបាលនោះនឹងបំផ្លាញចោលពិភពលោករបស់សាថាន ហើយក្រោយមកចាត់ចែងកិច្ចការដើម្បីសម្រេចបំណងប្រាថ្នារបស់ព្រះនៅទូទាំងផែនដី។ ដូចដានីយ៉ែលបានទាយទុក រាជាណាចក្ររបស់ព្រះ«នឹងបំបាក់បំបែក ហើយលេបបំបាត់នគរ[ដែលមាននៅបច្ចុប្បន្ន]ទាំងនោះវិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»។—ដា. ២:៤៤
២. (ក) តើអ្នកកាន់តាមលោកយេស៊ូនឹងដឹងថាលោកមានវត្តមានជាស្តេចយ៉ាងដូចម្ដេចបាន? (ខ) តើសញ្ញាសម្គាល់នឹងបញ្ជាក់អ្វីទៀត?
២ ដោយសារការមកដល់នៃរាជាណាចក្ររបស់ព្រះមានសារៈសំខាន់ខ្លាំងចំពោះអ្នកកាន់តាមលោកយេស៊ូ នោះពួកគេសួរលោកថា៖ «តើអ្វីជាសញ្ញាសម្គាល់ដែលបញ្ជាក់វត្តមានរបស់លោក និងគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក?»។ (ម៉ាថ. ២៤:៣) មនុស្សយើងនៅផែនដីមិនអាចឃើញគ្រិស្តមានវត្តមានជាស្តេចក្នុងរាជាណាចក្ររបស់ព្រះឡើយ ម្ល៉ោះហើយនឹងមានសញ្ញាសម្គាល់ដែលបញ្ជាក់វត្តមានរបស់លោក។ សញ្ញាសម្គាល់នោះនឹងមានលក្ខណៈផ្សេងៗដូចបានទាយទុកក្នុងបទគម្ពីរ។ ដូច្នោះហើយ អ្នកកាន់តាមលោកយេស៊ូនៅសម័យនៃវត្តមានរបស់លោក អាចយល់ឃើញថាលោកបានចាប់ផ្ដើមគ្រប់គ្រងនៅលើស្ថានសួគ៌។ ម្យ៉ាងទៀត សម័យនោះក៏ជាទីចាប់ផ្ដើមនៃគ្រាមួយដែលគម្ពីរហៅថា «គ្រាចុងក្រោយបង្អស់»នៃរបៀបរបបពិភពលោកដ៏អាក្រក់ដែលមាននៅទូទាំងផែនដី។—២ធី. ៣:១-៥, ១៣; ម៉ាថ. ២៤:៧-១៤
ចូរយកចិត្តទុកដាក់យ៉ាងខ្លាំងនៅគ្រាចុងក្រោយបង្អស់
៣. ហេតុអ្វីបានជាពួកគ្រិស្តសាសនិកត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំង?
៣ សាវ័កពេត្រុសបានសរសេរថា៖ «ទីបញ្ចប់នៃអ្វីៗទាំងអស់គឺជិតដល់ហើយ។ ដូច្នេះ ចូរដឹងខុសត្រូវជានិច្ច ហើយយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសេចក្ដីអធិដ្ឋាន»។ (១ពេ. ៤:៧) អ្នកកាន់តាមលោកយេស៊ូត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយខំមើលព្រឹត្ដិការណ៍ក្នុងពិភពលោកដែលចង្អុលប្រាប់ថាលោកយេស៊ូបានចាប់ផ្ដើមគ្រប់គ្រងជាស្តេច។ ណាមួយទៀត ពួកគេនឹងត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងលើសជាងមុន ខណៈដែលទីបញ្ចប់នៃរបៀបរបបពិភពលោកដ៏អាក្រក់នេះជិតមកដល់។ លោកយេស៊ូបានប្រាប់អ្នកកាន់តាមថា៖ «ចូរចាំយាមពីព្រោះអ្នករាល់គ្នាមិនដឹងថាម្ចាស់ផ្ទះនឹងមកវិញពេលណា[ដើម្បីដាក់ទោសលើពិភពលោករបស់សាថាន]ឡើយ»។—ម៉ាក. ១៣:៣៥, ៣៦
៤. សូមរៀបរាប់ភាពផ្ទុយគ្នារវាងចិត្តគំនិតនៃមនុស្សដែលរួមចំណែកក្នុងពិភពលោករបស់សាថាន និងអ្នកបម្រើរបស់ព្រះយេហូវ៉ា។ (សូមរួមបញ្ចូលប្រអប់ដែរ)
៤ មនុស្សជាទូទៅស្ថិតក្រោមអំណាចរបស់សាថាន ហើយពួកគេមិនបានចាំយាមមើលខ្លឹមសារនៃព្រឹត្ដិការណ៍ដែលកើតឡើងក្នុងពិភពលោកទេ។ ពួកគេមិនបានយល់ថាគ្រិស្តមានវត្តមានគ្រប់គ្រងជាស្តេចឡើយ។ ប៉ុន្តែ អ្នកកាន់តាមពិតរបស់គ្រិស្តបានយកចិត្តទុកដាក់យ៉ាងខ្លាំង ស្តីអំពីអត្ថន័យដ៏ពិតចំពោះអ្វីៗដែលបានកើតឡើងក្នុងសតវត្សរ៍កន្លងទៅនេះ។ តាំងពីឆ្នាំ១៩២៥មក សាក្សីព្រះយេហូវ៉ាបានទទួលស្គាល់ថាសង្គ្រាមលោកលើកទី១ ព្រមទាំងព្រឹត្ដិការណ៍ដែលកើតឡើងជាបន្តបន្ទាប់នោះ ជាទីសំអាងជាក់ស្តែងដែលបញ្ជាក់ថាចាប់ពីឆ្នាំ១៩១៤មក គ្រិស្តមានវត្តមានគ្រប់គ្រងជាស្តេចនៅលើស្ថានសួគ៌។ យ៉ាងនេះ គ្រាចុងក្រោយបង្អស់នៃរបៀបរបបពិភពលោកដ៏អាក្រក់នេះ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សាថានបានចាប់ផ្ដើមដែរ។ ទោះបើមនុស្សជាច្រើនដែលចេះសង្កេតការណ៍មិនយល់អត្ថន័យនៃព្រឹត្ដិការណ៍ដែលបានកើតឡើងក៏ដោយ ពួកគេនៅតែទទួលស្គាល់ថាគ្រាមុននិងគ្រាក្រោយសង្គ្រាមលោកលើកទី១ ខុសគ្នាឆ្ងាយណាស់ (សូមមើលប្រអប់«គ្រាដ៏ច្របូកច្របល់បានចាប់ផ្ដើម»)។
៥. ហេតុអ្វីបានជាសំខាន់ចាំបាច់ឲ្យយើងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង?
៥ អស់រយៈពេលជិត១០០ឆ្នាំហើយ ព្រឹត្ដិការណ៍ដ៏គួរឲ្យខ្ពើមត្រូវបានកើតឡើងនៅទូទាំងពិភពលោក ហើយនេះផ្ដល់សក្ខីភាពថាយើងកំពុងរស់នៅគ្រាចុងក្រោយបង្អស់មែន។ មានពេលតិចណាស់ មុនព្រះយេហូវ៉ាបញ្ជាឲ្យគ្រិស្តនាំមុខទេវតាជាកងកម្លាំងដ៏ខ្លាំងក្លា ឲ្យប្រឆាំងនឹងពិភពលោករបស់សាថាន។ (បប. ១៩:១១-២១) គ្រិស្តសាសនិកពិតត្រូវបានណែនាំឲ្យចាំយាមរហូត។ អាស្រ័យហេតុនេះ គឺចាំបាច់ឲ្យយើងបន្តធ្វើដូច្នេះកាលដែលយើងរង់ចាំទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ។ (ម៉ាថ. ២៤:៤២) យើងត្រូវចាំយាមរហូត ហើយក្រោមការណែនាំរបស់គ្រិស្ត យើងត្រូវបំពេញកិច្ចការដ៏ជាក់លាក់មួយនៅលើផែនដីទាំងមូល។
កិច្ចការដែលត្រូវធ្វើនៅទូទាំងផែនដី
៦, ៧. តើកិច្ចការផ្សព្វផ្សាយដំណឹងល្អបានរីកចម្រើនឡើងក្នុងអំឡុងគ្រាចុងក្រោយបង្អស់យ៉ាងដូចម្ដេច?
៦ កិច្ចការដែលពួកអ្នកបម្រើព្រះយេហូវ៉ាត្រូវធ្វើគឺបានទាយទុកជាសញ្ញាសម្គាល់រួមបញ្ចូលលក្ខណៈផ្សេងៗ ដែលបញ្ជាក់ថាយើងរស់នៅគ្រាចុងក្រោយបង្អស់នៃរបៀបរបបពិភពលោកដ៏អាក្រក់នេះ។ លោកយេស៊ូបានពិពណ៌នាអំពីកិច្ចការដែលត្រូវធ្វើនៅទូទាំងផែនដីនេះ ពេលលោកប្រាប់អំពីអ្វីផ្សេងៗដែលនឹងកើតឡើងនៅគ្រាចុងបញ្ចប់។ ក្នុងទំនាយរបស់លោកយេស៊ូមានប្រយោគមួយដ៏មានខ្លឹមសារដែលថា៖ «ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ រួចទីបញ្ចប់នឹងមកដល់»។—ម៉ាថ. ២៤:១៤
៧ សូមគិតអំពីហេតុការណ៍ពិតខ្លះៗដែលទាក់ទងនឹងលក្ខណៈនៃទំនាយរបស់លោកយេស៊ូ។ ពេលគ្រាចុងក្រោយបង្អស់ចាប់ផ្ដើមនៅឆ្នាំ១៩១៤ នោះមានមនុស្សចំនួនតិចទេដែលប្រកាសផ្សាយដំណឹងល្អ។ មកដល់ពេលនេះ ចំនួននោះបានកើនឡើងយ៉ាងច្រើនមែន។ ឥឡូវនេះមានសាក្សីព្រះយេហូវ៉ាជាង៧.០០០.០០០នាក់ ដែលកំពុងផ្សព្វផ្សាយនៅទូទាំងពិភពលោក ដែលត្រូវបានរៀបចំជាសមាជិកក្នុងជាង១០០.០០០ក្រុមជំនុំ។ ក្រៅពីនេះ នៅពិធីបុណ្យរំលឹកមរណភាពរបស់គ្រិស្តនាឆ្នាំ២០០៨ នោះមានមនុស្សចំនួន១០.០០០.០០០នាក់ទៀតដែលបានចូលរួម។ ដូច្នេះ នេះបានសេចក្ដីថាមានអ្នកចូលរួមច្រើនដែលគួរឲ្យកត់សម្គាល់ជាងឆ្នាំ២០០៧។
៨. ទោះជាមានការប្រឆាំងក៏ដោយ ហេតុអ្វីបានជាការផ្សព្វផ្សាយរបស់យើងទទួលជោគជ័យ?
៨ នេះពិតជាការធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់អំពីរាជាណាចក្ររបស់ព្រះ ក្នុងគ្រប់ទីអាស្រ័យនៅផែនដីមុនទីបញ្ចប់នៃរបៀបរបបពិភពលោកនេះមកដល់មែន! ទាំងអស់នេះបានកើតឡើងទោះជាសាថានជា«ព្រះនៃរបៀបរបបពិភពលោកនេះ»ក៏ដោយ។ (២កូ. ៤:៤) គ្រប់វិធីឃោសនាព័ត៌មានខាងនយោបាយ សាសនា និងខាងពាណិជ្ជកម្មក្នុងពិភពលោកនេះស្ថិតក្រោមអំណាចរបស់សាថាន។ បើដូច្នេះ ហេតុអ្វីបានជាការផ្សព្វផ្សាយរបស់យើងមានជោគជ័យដ៏អស្ចារ្យ? នេះគឺដោយសារយើងមានការគាំទ្រពីព្រះយេហូវ៉ា។ យ៉ាងនេះ កិច្ចការផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះឈានទៅមុខយ៉ាងល្អអស្ចារ្យមែន ទោះជាសាថានខិតខំប្រឹងបញ្ឈប់ក៏ដោយ។
៩. ហេតុអ្វីបានជាជោគជ័យដែលរាស្ត្ររបស់ព្រះយេហូវ៉ាមានក្នុងការផ្សព្វផ្សាយ ការកើនឡើងស្តីអំពីចំនួនសមាជិក ព្រមទាំងចំណេះអំពីព្រះនិងគោលបំណងរបស់លោក អាចហៅថាជាអព្ភូតហេតុ?
៩ ជោគជ័យដែលរាស្ត្ររបស់ព្រះយេហូវ៉ាទទួលបានក្នុងការផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ ការកើនឡើងស្តីអំពីចំនួនសមាជិក ព្រមទាំងចំណេះអំពីព្រះនិងគោលបំណងរបស់លោក នោះអាចហៅថាជាអព្ភូតហេតុតែម្ដង។ ប្រសិនបើមិនមានការគាំទ្រពីព្រះទេ ដែលរួមបញ្ចូលការណែនាំនិងការការពាររាស្ត្ររបស់លោក នោះយើងមិនអាចបំពេញកិច្ចការផ្សព្វផ្សាយបានឡើយ។ (សូមអាន ម៉ាថាយ ១៩:២៦) យើងអាចជឿជាក់ថា ដោយសារសកម្មពលបរិសុទ្ធរបស់ព្រះមានឥទ្ធិពលលើចិត្តមនុស្សដែលស្ម័គ្របម្រើដោយយកចិត្តទុកដាក់យ៉ាងខ្លាំងនោះ កិច្ចការផ្សព្វផ្សាយនឹងមានជោគជ័យរហូត ហើយយើងក៏អាចជឿជាក់ដែរថា«រួចទីបញ្ចប់នឹងមកដល់»។ គ្រានោះគឺជិតណាស់ហើយ។
«គ្រាទុក្ខវេទនាជាខ្លាំង»
១០. តើលោកយេស៊ូបានពិពណ៌នាអំពីគ្រាទុក្ខវេទនាជាខ្លាំងដែលជិតមកដល់យ៉ាងដូចម្ដេច?
១០ ទីបញ្ចប់នៃរបៀបរបបពិភពលោកដ៏អាក្រក់នេះនឹងមកតាមរយៈអ្វីដែលគម្ពីរហៅថា«គ្រាទុក្ខវេទនាជាខ្លាំង»។ (បប. ៧:១៤) គម្ពីរមិនបានរៀបរាប់ថាគ្រានោះនឹងមានអស់រយៈពេលប៉ុន្មានទេ ប៉ុន្តែលោកយេស៊ូមានប្រសាសន៍ថា៖ «នៅគ្រានោះ នឹងមានទុក្ខវេទនាជាខ្លាំង ដែលមិនធ្លាប់មានតាំងពីកំណើតពិភពលោករហូតដល់ឥឡូវនេះ ហើយក៏នឹងមិនមានដូច្នោះទៀតឡើយ»។ (ម៉ាថ. ២៤:២១) ពេលយើងពិចារណាអំពីទុក្ខវេទនាដែលធ្លាប់មានក្នុងពិភពលោកនេះ ដូចជាសង្គ្រាមលោកលើកទី២ដែលមានមនុស្សប្រមាណ៥០ទៅ៦០លាននាក់បានបាត់បង់ជីវិត នោះគ្រាទុក្ខវេទនាជាខ្លាំងដែលជិតមកដល់ពិតជាធ្ងន់ធ្ងរក្រៃលែង។ នៅដំណាច់គ្រានោះនឹងមានសង្គ្រាមហាម៉ាគេដូន។ នៅគ្រានោះ ព្រះយេហូវ៉ានឹងចាត់ពួកទេវតាជាកងកម្លាំងរបស់លោក ឲ្យបំផ្លាញចោលរបៀបរបបរបស់សាថានដែលនៅសេសសល់នៅផែនដី។—បប. ១៦:១៤, ១៦
១១, ១២. តើព្រឹត្ដិការណ៍អ្វីដែលជាសញ្ញាសម្គាល់បញ្ជាក់ពីទីចាប់ផ្ដើមនៃគ្រាទុក្ខវេទនាជាខ្លាំង?
១១ ទំនាយក្នុងគម្ពីរមិនបានរៀបរាប់អំពីថ្ងៃខែដែលដំណាក់កាលទី១នៃគ្រាទុក្ខវេទនានឹងចាប់ផ្ដើមទេ តែបានរៀបរាប់ឲ្យយើងដឹងអំពីព្រឹត្ដិការណ៍ដ៏អស្ចារ្យដែលជាសញ្ញាសម្គាល់បញ្ជាក់ពីទីចាប់ផ្ដើមនៃគ្រានោះវិញ។ ព្រឹត្ដិការណ៍នោះគឺជាសេចក្ដីហិនវិនាសនៃសាសនាមិនពិតទាំងឡាយដោយពួកនយោបាយ។ ទំនាយក្នុងសៀវភៅការបើកបង្ហាញ ជំពូកទី១៧ និង១៨ បានប្រៀបសាសនាមិនពិតទៅនឹងស្ត្រីពេស្យាដែលបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជាមួយនឹងប្រព័ន្ធនយោបាយនៅផែនដី។ សៀវភៅការបើកបង្ហាញ ១៧:១៦ ពន្យល់ថាបន្ដិចទៀតពួកនយោបាយនឹង«ស្អប់ស្ត្រីពេស្យានោះ ហើយនឹងបំផ្លាញនាងព្រមទាំងធ្វើឲ្យនាងនៅអាក្រាត ក៏នឹងស៊ីសាច់នាង ហើយដុតចោលក្នុងភ្លើង»។
១២ ដល់ពេលនោះ ព្រះនឹង«បណ្ដាលចិត្តពួកគេ[ពួកនយោបាយ]ឲ្យធ្វើតាមគំនិតរបស់លោក»ដើម្បីបំផ្លាញចោលសាសនាមិនពិត។ (បប. ១៧:១៧) ដូច្នេះ យើងអាចយល់ថាគឺព្រះដែលបណ្ដាលឲ្យមានសេចក្ដីហិនវិនាសនេះ។ នេះជាការវិនិច្ឆ័យរបស់ព្រះលើសាសនាដ៏មានពុតត្បុត ដែលយូរយារមកហើយបានបង្រៀនលទ្ធិផ្ទុយពីបំណងប្រាថ្នារបស់ព្រះ ហើយធ្វើទុក្ខបុកម្នេញដល់អ្នកបម្រើរបស់លោកផង។ មនុស្សជាទូទៅក្នុងពិភពលោកមិនដឹងជាមុនអំពីការបំផ្លាញចោលសាសនាមិនពិតទេ។ ប៉ុន្តែ អ្នកបម្រើស្មោះត្រង់របស់ព្រះយេហូវ៉ាពិតជាដឹងអំពីរឿងនេះមែន ហើយពួកគេបានប្រាប់មនុស្សឲ្យដឹងអំពីរឿងនេះនៅទូទាំងគ្រាចុងក្រោយផង។
១៣. តើអ្វីបង្ហើបថាទីបញ្ចប់នៃសាសនាមិនពិតនឹងកើតឡើងភ្លាមៗ?
១៣ មនុស្សនឹងស្លុតភាន់ភាំងស្មារតីតែម្ដងពេលឃើញសាសនាមិនពិតត្រូវវិនាស។ ស្តីអំពីសេចក្ដីហិនវិនាសនោះ ទំនាយក្នុងគម្ពីរបានបង្ហាញថា សូម្បីតែ«ស្តេចទាំងឡាយនៅផែនដី»នឹងពោលថា៖ ‹ស្ដាយណាស់! ស្ដាយណាស់ . . . ពីព្រោះការវិនិច្ឆ័យទោសរបស់អ្នកបានមកដល់ក្នុងរយៈពេលតែមួយម៉ោង!›។ (បប. ១៨:៩, ១០, ១៦, ១៩) ពាក្យ«មួយម៉ោង»ក្នុងគម្ពីរបានបញ្ជាក់ថាព្រឹត្ដិការណ៍នោះនឹងកើតឡើងភ្លាមៗ។
១៤. នៅទីបំផុត ពេលពួកសត្រូវរបស់ព្រះយេហូវ៉ាពាធាអ្នកបម្រើរបស់លោក តើព្រះនឹងធ្វើអ្វី?
១៤ យើងយល់ថាមួយរយៈក្រោយពីពេលដែលសាសនាមិនពិតត្រូវបានបំផ្លាញចោល នោះអ្នកបម្រើព្រះយេហូវ៉ានឹងទទួលការពាធា ដោយបានប្រកាសផ្សាយសារវិនិច្ឆ័យរបស់លោក។ (អេសេ. ៣៨:១៤-១៦) នៅពេលដែលការពាធានោះចាប់ផ្ដើម នោះអ្នកពាធានឹងតាំងខ្លួនជាគូប្រឆាំងនឹងព្រះយេហូវ៉ា ដែលលោកសន្យាថានឹងការពាររាស្ត្រដ៏ស្មោះត្រង់របស់លោក។ ព្រះយេហូវ៉ាប្រកាសថា៖ ‹ដ្បិតគឺដោយសេចក្ដីប្រចណ្ឌរបស់ខ្ញុំ នឹងភ្លើងនៃសេចក្ដីក្រោធរបស់ខ្ញុំ ដែលខ្ញុំបានថា . . . នោះគេនឹងដឹងថា ខ្ញុំនេះជាព្រះយេហូវ៉ាពិត›។ (សូមអាន អេសេគាល ៣៨:១៨-២៣) ព្រះមានប្រសាសន៍ក្នុងបណ្ដាំរបស់លោកថា៖ «អ្នកណាដែលពាល់ឯង[អ្នកបម្រើព្រះយ៉ាងស្មោះ]រាល់គ្នា នោះគឺជាពាល់ដល់ប្រស្រីព្រះនេត្រនៃទ្រង់ហើយ»។ (សាក. ២:៨) ដូច្នេះ ពេលសត្រូវរបស់ព្រះយេហូវ៉ាពាធាអ្នកបម្រើរបស់លោក នោះលោកមិននៅស្ងៀមឡើយ។ លោកនឹងចាត់វិធានការដែលនឹងចូលទៅដល់ដំណាក់កាលចុងក្រោយនៃគ្រាទុក្ខវេទនាជាខ្លាំង ពោលគឺសង្គ្រាមហាម៉ាគេដូន។ ក្រោមការបញ្ជារបស់គ្រិស្ត ទេវតាដែលជាកងកម្លាំងដ៏ខ្លាំងក្លានឹងដាក់ទោសលើពិភពលោករបស់សាថានតាមការវិនិច្ឆ័យរបស់ព្រះយេហូវ៉ា។
តើគួរមានឥទ្ធិពលលើយើងយ៉ាងដូចម្ដេច?
១៥. ការយល់ដឹងថាទីបញ្ចប់នៃរបៀបរបបពិភពលោកដ៏អាក្រក់នេះគឺជិតណាស់ហើយ តើគួរមានឥទ្ធិពលលើយើងយ៉ាងដូចម្ដេច?
១៥ ការយល់ដឹងថាទីបញ្ចប់នៃរបៀបរបបពិភពលោកដ៏អាក្រក់នេះគឺជិតណាស់ហើយ តើគួរមានឥទ្ធិពលលើយើងយ៉ាងដូចម្ដេច? សាវ័កពេត្រុសបានសរសេរថា៖ «ដូច្នេះ ដោយសារការទាំងអស់នោះនឹងត្រូវរំលាយសាបសូន្យទៅ ចូរពិចារណាថា អ្នករាល់គ្នាគួរជាមនុស្សប្រភេទណា។ អ្នករាល់គ្នាគួរជាមនុស្សដែលមានការប្រព្រឹត្តបរិសុទ្ធ ហើយធ្វើការអ្វីដែលបង្ហាញពីភក្ដីភាពចំពោះព្រះ!»។ (២ពេ. ៣:១១) ពាក្យទាំងនោះតម្រូវឲ្យយើងចាំយាមយ៉ាងដិតដល់ ដើម្បីប្រាកដថាកិរិយាប្រព្រឹត្តរបស់យើងគឺសមស្របតាមតម្រូវការរបស់ព្រះ ហើយថាយើងមានការប្រព្រឹត្តដែលបង្ហាញពីភក្ដីភាព និងបញ្ជាក់ពីសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ា។ ការប្រព្រឹត្តបែបនេះរួមបញ្ចូលការខំប្រឹងអស់ពីសមត្ថភាពក្នុងការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះមុនទីបញ្ចប់មកដល់។ ពេត្រុសក៏បានសរសេរថា៖ «ទីបញ្ចប់នៃអ្វីៗទាំងអស់គឺជិតដល់ហើយ។ ដូច្នេះ ចូរ . . . យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសេចក្ដីអធិដ្ឋាន»។ (១ពេ. ៤:៧) យើងចូលកាន់តែជិតព្រះយេហូវ៉ា ហើយបង្ហាញសេចក្ដីស្រឡាញ់ចំពោះលោកដោយអធិដ្ឋានជារឿយៗ ព្រមទាំងសុំឲ្យលោកផ្ដល់ការណែនាំតាមរយៈសកម្មពលបរិសុទ្ធ និងក្រុមជំនុំរបស់លោកដែលមានទូទាំងពិភពលោក។
១៦. ហេតុអ្វីបានជាចាំបាច់ឲ្យយើងកាន់តាមដំបូន្មាននៃបណ្ដាំរបស់ព្រះយ៉ាងខ្ជាប់ខ្ជួន?
១៦ ក្នុងគ្រាទាំងនេះដែលអាចនាំឲ្យមានគ្រោះថ្នាក់ ចាំបាច់ឲ្យយើងកាន់យ៉ាងខ្ជាប់ខ្ជួនតាមដំបូន្មាននៃបណ្ដាំរបស់ព្រះដែលថា៖ «ចូរយកចិត្តទុកដាក់ឲ្យដិតដល់ចំពោះការប្រព្រឹត្តរបស់ខ្លួន កុំឲ្យប្រព្រឹត្តដូចមនុស្សឥតប្រាជ្ញា តែដូចមនុស្សដែលប្រកបដោយប្រាជ្ញាវិញ។ ដោយប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត ព្រោះយើងរស់នៅសម័យដ៏ទុច្ចរិត»។ (អេភ. ៥:១៥, ១៦) សព្វថ្ងៃនេះមានអំពើអាក្រក់ជួជាតិច្រើនជាងពេលណាៗទៀតក្នុងប្រវត្ដិសាស្ត្រ។ សាថានបានបង្កើតវិធីជាច្រើនដើម្បីរារាំងមនុស្សពីការធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា ឬបង្វែរចិត្តបំបែរអារម្មណ៍របស់ពួកគេចេញតែម្ដង។ ក្នុងនាមជាអ្នកបម្រើរបស់ព្រះ យើងដឹងយុទ្ធសាស្ត្ររបស់សាថាន ហើយយើងក៏មិនអនុញ្ញាតឲ្យអ្វីសោះមកធ្វើឲ្យភក្ដីភាពរបស់យើងចំពោះព្រះទៅជាអន់ខ្សោយឡើយ។ ម្យ៉ាងទៀត យើងក៏ដឹងអ្វីដែលនឹងកើតឡើងនៅពេលឆាប់ៗខាងមុខនេះដែរ ហើយយើងទុកចិត្តទៅលើព្រះយេហូវ៉ានិងបំណងរបស់លោក។—សូមអាន យ៉ូហានទី១ ២:១៥-១៧
១៧. សូមពិពណ៌នាអំពីអារម្មណ៍របស់អ្នកដែលរួចរស់ជីវិតនៅសង្គ្រាមហាម៉ាគេដូន ពេលព្រះប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។
១៧ នៅពិភពលោកថ្មី ព្រះនឹងសម្រេចសេចក្ដីសន្យាដ៏អស្ចារ្យរបស់លោកក្នុងការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ពីព្រោះ«មនុស្សសុចរិតនិងមនុស្សមិនសុចរិតនឹងត្រូវប្រោសឲ្យរស់ឡើងវិញ»។ (សកម្ម. ២៤:១៥) សូមកត់សម្គាល់ពាក្យដែលបានសង្កត់នៅក្នុងសេចក្ដីសន្យានោះដែលថា៖ «នឹងត្រូវប្រោសឲ្យរស់ឡើងវិញ»! ពាក្យទាំងនេះបញ្ជាក់ថាគ្មានការសង្ស័យទេ ព្រោះព្រះយេហូវ៉ាបានសន្យាហើយ! អេសាយ ២៦:១៩ក៏បានចែងថា៖ «ឯពួកស្លាប់របស់ឯង គេនឹងរស់ទៀត . . . ឯងរាល់គ្នាដែលអាស្រ័យនៅក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង ហើយច្រៀងចុះ! . . . ឯដីនឹងបញ្ចេញមនុស្សស្លាប់មក»។ ពាក្យទាំងនោះមានការសម្រេចជាដំបូងពេលព្រះប្រោសរាស្ត្ររបស់លោកពីសម័យបុរាណឲ្យរួច ដើម្បីត្រឡប់ទៅស្រុករបស់ខ្លួនវិញ។ ដូច្នេះ នេះនាំឲ្យយើងមានទំនុកចិត្តថានឹងជិតមានការសម្រេចតាមន័យត្រង់ៗក្នុងពិភពលោកថ្មី។ ពេលមនុស្សដែលត្រូវបានប្រោសឲ្យរស់ឡើងវិញជួបបងប្អូនជាទីស្រឡាញ់ម្ដងទៀត នេះពិតជាពេលដ៏សែនសប្បាយមែន! ត្រូវហើយ ទីបញ្ចប់នៃពិភពលោករបស់សាថានគឺជិតណាស់ហើយ រីឯពិភពលោកថ្មីរបស់ព្រះក៏ជិតណាស់ដែរ។ ហេតុនេះហើយបានជាចាំបាច់ឲ្យយើងយកចិត្តទុកដាក់យ៉ាងខ្លាំង!
តើអ្នកនៅចាំទេ?
• តើរឿងសំខាន់ចម្បងនៃសេចក្ដីបង្រៀនរបស់លោកយេស៊ូគឺអ្វី?
• ឥឡូវនេះ តើកិច្ចការផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះបានធ្វើដល់កម្រិតណា?
• ហេតុអ្វីបានជាសំខាន់ចាំបាច់ឲ្យយើងយកចិត្តទុកដាក់យ៉ាងខ្លាំង?
• តើអ្វីដែលមានក្នុងសេចក្ដីសន្យានៅសៀវភៅសកម្មភាព ២៤:១៥ ដែលពង្រឹងទឹកចិត្តអ្នក?
[ប្រអប់/រូបភាពនៅទំព័រ១៨, ១៩]
គ្រាដ៏ច្របូកច្របល់បានចាប់ផ្ដើម
លោកអ័លិន គ្រិនស្ពែន(Alan Greenspan) បានសរសេរសៀវភៅមួយដែលបានចេញនៅឆ្នាំ២០០៧ ហើយមានចំណងជើង ការផ្សងព្រេងក្នុងពិភពលោកថ្មី ដែលជាគ្រាដ៏ច្របូកច្របល់ (The Age of Turbulence: Adventures in a New World)។ គាត់ធ្លាប់ជាប្រធាននៃគណៈកម្មការនៃធនាគារកណ្ដាលអាម៉េរិកអស់រយៈជិត២០ឆ្នាំ។ លោកគ្រិនស្ពែនបានលើកផ្នែកសំខាន់ៗនៃភាពផ្ទុយគ្នារវាងស្ថានភាពដែលមានក្នុងពិភពលោក មុននិងក្រោយឆ្នាំ១៩១៤។ គាត់បានពោលថា៖
«យោងទៅតាមសេចក្ដីរាយការណ៍ទាំងអស់ដែលមានមុនឆ្នាំ១៩១៤ នោះតាមមើលទៅមនុស្សជាទូទៅនិងអ្នកដឹកនាំនៃប្រទេសទាំងឡាយ ចេះគោរពគ្នាទៅវិញទៅមក ព្រមទាំងមានការជឿនលឿនខាងវប្បធម៌និងខាងបច្ចេកវិជ្ជាផង។ សេចក្ដីរីកចម្រើនក្នុងសង្គមមនុស្សគឺអស្ចារ្យដល់ម្ល៉េះ ដែលមើលទៅអាចឈោងទៅកាន់ភាពល្អឥតខ្ចោះបាន។ ការជួញដូរខ្ញុំកញ្ជះត្រូវបានលុបបំបាត់ចោលនៅសតវត្សរ៍ទី១៩។ ការប្រព្រឹត្តអំពើឃោរឃៅព្រៃផ្សៃក៏ហាក់ដូចជាបានថយចុះ . . . ការជឿនលឿនខាងបច្ចេកទេសនិងការបង្កើតរបស់របរថ្មីៗនៅទូទាំងផែនដី ដូចជាផ្លូវរទេះភ្លើង ប្រព័ន្ធទូរស័ព្ទ ភ្លើងអគ្គីសនី រោងភាពយន្ត រថយន្ត និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះសម្បែងដែលមានច្រើនរកពណ៌នាពុំបាន។ វេជ្ជសាស្ត្រ ម្ហូបអាហារដែលមានគុណភាពកាន់តែប្រសើរឡើង និងការចែកចាយទឹកស្អាតដែលអាចផឹកបាន នោះបាននាំឲ្យមនុស្សមានអាយុរស់នៅយូរជាង . . . មនុស្សគ្រប់រូបមានអារម្មណ៍ថាគ្មានអ្វីមកបង្អាក់សេចក្ដីរីកចម្រើនបែបនេះបានឡើយ»។
ក៏ប៉ុន្តែ . . . «ទោះបើមានមនុស្សបាត់បង់ជីវិតច្រើនជាងនៅសង្គ្រាមលោកលើកទី២ក៏ដោយ តែសង្គ្រាមលោកលើកទី១បានបំផ្លាញខ្ទេចខ្ទីដល់ការចេះគោរពគ្នាទៅវិញទៅមក និងដល់អារ្យធម៌ ដោយព្រោះសង្គ្រាមនេះបានបំផ្លាញចោលនូវការជឿជាក់មួយ។ ខ្ញុំមិនអាចបំភ្លេចចោលនូវគំនិតដែលមនុស្សគ្រប់រូបមានមុនសង្គ្រាមលោកលើកទី១ ពេលដែលមើលទៅមនុស្សជាតិមានការជឿនលឿនយ៉ាងឆាប់រហ័សនិងដោយគ្មានកំណត់។ សព្វថ្ងៃ ទស្សនៈរបស់យើងចំពោះអនាគតគឺខុសគ្នាស្រឡះពី១០០ឆ្នាំមុន តែប្រហែលជាសមស្របតាមស្ថានការណ៍ដែលមានពិតៗនៅសម័យនេះ។ សព្វថ្ងៃមានភេរវកម្ម កំណើនសីតុណ្ហភាពទូទាំងពិភពលោក និងប្រជានិយមជនដែលមានកាន់តែច្រើនឡើងៗ តើទាំងអស់នេះនឹងមានឥទ្ធិពលលើសេចក្ដីរីកចម្រើនខាងជំនួញរវាងប្រទេសនានានៅសម័យនេះ ដូចសង្គ្រាមលោកលើកទី១ដែលមានឥទ្ធិពលយ៉ាងអាក្រក់ទៅលើសម័យមុនឬទេ? ពុំមាននរណាម្នាក់ដែលអាចឆ្លើយជាពិតប្រាកដបានឡើយ»។
លោកគ្រិនស្ពែនបាននឹកចាំពេលគាត់សិក្សានៅមហាវិទ្យាល័យ នូវពំនោលរបស់សាស្ដ្រាចារ្យផ្នែកសេដ្ឋកិច្ចមួយរូបឈ្មោះបេនយ៉ាមីន អែនឌាសិន (Benjamin M. Anderson រស់នៅឆ្នាំ១៨៨៦-១៩៤៩) ដែលបានពោលថា៖ «អស់អ្នកដែលមានការនឹកចាំនិងដែលមានសមត្ថភាពឆ្លុះយល់អំពីស្ថានភាពក្នុងពិភពលោកមុនសង្គ្រាមលោកលើកទី១ អាចមានអារម្មណ៍អាឡោះអាល័យចំពោះសម័យនោះ។ សម័យនោះជាសម័យដែលមនុស្សមានអារម្មណ៍ថាខ្លួនមានភាពសុខសាន្ត តែលែងមានទៀតតាំងពីពេលនោះមក» (Economics and the Public Welfare)។
សៀវភៅមួយទៀតដែលចេញនៅឆ្នាំ២០០៦ ដោយលោកជេរាល់ មៃអា (G. J. Meyer) ដែលមានចំណងជើង ពិភពលោកដែលមិនទាន់បញ្ចប់ (A World Undone) ក៏បានសន្និដ្ឋានស្រដៀងគ្នាដែរ។ នៅសៀវភៅនោះយើងអានថា៖ «ជាញឹកញយគេបាននិយាយថាព្រឹត្ដិការណ៍សំខាន់ក្នុងប្រវត្ដិសាស្ត្របាន‹ផ្លាស់ប្ដូរគ្រប់ទាំងអស់›។ ក្នុងករណីនៃសង្គ្រាមដ៏ធំ [១៩១៤-១៩១៨] យើងអាចនិយាយថាសង្គ្រាមនោះពិតជាបានផ្លាស់ប្ដូរគ្រប់ទាំងអស់មែន។ មិនគ្រាន់តែផ្លាស់ប្ដូរព្រំដែន រដ្ឋាភិបាលនិងអនាគតនៃប្រទេសនានាប៉ុណ្ណោះទេ តែផ្លាស់ប្ដូរនូវរបៀបដែលមនុស្សមានទស្សនៈចំពោះខ្លួន និងចំពោះពិភពលោកតាំងពីពេលនោះមក។ សង្គ្រាមនោះបានបង្កើតពិភពលោកទំនើបមួយ ដែលខុសគ្នាពីពិភពលោកដ៏សុខសាន្តដែលមានពីមុន»។
[រូបភាពនៅទំព័រ២០]
ព្រះយេហូវ៉ានឹងចាត់ទេវតាជាកងកម្លាំងដ៏ខ្លាំងក្លានៅឯសង្គ្រាមហាម៉ាគេដូន