ព្រះយេហូវ៉ាចេះសង្គ្រោះរាស្ត្ររបស់លោក
«ព្រះយេហូវ៉ាចេះសង្គ្រោះមនុស្សដែលមានភក្ដីភាពចំពោះលោកឲ្យរួចពីទុក្ខលំបាក»។—២ពេ. ២:៩
ហេតុអ្វីយើងអាចទុកចិត្តថា ព្រះយេហូវ៉ា:
ធ្វើឲ្យព្រឹត្ដិការណ៍ផ្សេងៗកើតឡើងតាមពេលដែលលោកបានកំណត់ ដើម្បីសម្រេចគោលបំណងរបស់លោក?
នឹងប្រើឫទ្ធានុភាពរបស់លោកដើម្បីធ្វើអន្តរាគមន៍ជួយរាស្ត្ររបស់លោក?
ដឹងប្រាកដអំពីអ្វីដែលនឹងកើតឡើង ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង?
១. តើគ្រា«ទុក្ខវេទនាជាខ្លាំង»នឹងមានស្ថានភាពយ៉ាងណា?
ការបំផ្លាញចោលពិភពលោករបស់សាថាននឹងកើតឡើងមួយរំពេច។ (១ថែ. ៥:២, ៣) ក្នុងអំឡុង«ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា» សង្គមមនុស្សនឹងជ្រួលច្របល់កាន់តែខ្លាំងឡើង។ (សេផ. ១:១៤-១៧) ស្ថានភាពពិបាកនិងការខ្វះខាតនឹងទៅជារឿងធម្មតា។ គ្រានោះនឹងជាគ្រាលំបាក«ដែលមិនធ្លាប់មានតាំងពីកំណើតពិភពលោករហូតដល់ឥឡូវនេះ»។—សូមអាន ម៉ាថាយ ២៤:២១, ២២
២, ៣. (ក) តើរាស្ត្ររបស់ព្រះនឹងប្រឈមមុខនឹងអ្វីនៅគ្រា«ទុក្ខវេទនាជាខ្លាំង»? (ខ) តើអ្វីអាចពង្រឹងទំនុកចិត្តរបស់យើងចំពោះអ្វីៗដែលនឹងកើតឡើងនៅខាងមុខ?
២ អេសេគាលបានទាយអំពីការវាយប្រហារផ្ដាច់ព្រ័ត្រមកលើរាស្ត្ររបស់ព្រះនៅជិតទីបញ្ចប់នៃគ្រាទុក្ខវេទនាជាខ្លាំង។ «កុកនៃស្រុកម៉ាកុក»នឹងវាយប្រហារយ៉ាងពេញទំហឹងមកលើរាស្ត្ររបស់ព្រះ។ ក្នុងអំឡុងការវាយប្រហារនោះ «ពួកកង[ទ័ព]យ៉ាងសន្ធឹក»នឹងមកប្រឆាំងរាស្ត្ររបស់ព្រះ«ដូចជាពពកដែលគ្របស្រុក»។ (អេស. ៣៨:២, ១៤-១៦; ព.ថ.) គ្មានអង្គការណារបស់មនុស្សនឹងការពាររាស្ត្ររបស់ព្រះយេហូវ៉ាបានឡើយ។ ពួកគេនឹងរួចជីវិត លុះត្រាតែពួកគេពឹងផ្អែកទៅលើព្រះ។ តើពួកគេនឹងមានប្រតិកម្មយ៉ាងណាពេលសត្រូវមកដើម្បីបំផ្លាញពួកគេទាំងអស់?
៣ ប្រសិនបើអ្នកជាអ្នកបម្រើម្នាក់របស់ព្រះយេហូវ៉ា តើអ្នកមានជំនឿថាព្រះយេហូវ៉ាអាចការពារ ហើយនឹងការពាររាស្ត្ររបស់លោកនៅគ្រាទុក្ខវេទនាជាខ្លាំងឬទេ? សាវ័កពេត្រុសបានសរសេរថា៖ «ព្រះយេហូវ៉ាចេះសង្គ្រោះមនុស្សដែលមានភក្ដីភាពចំពោះលោកឲ្យរួចពីទុក្ខលំបាក តែទុកមនុស្សមិនសុចរិតដោយឡែកដើម្បីឲ្យទទួលសេចក្ដីហិនវិនាសនៅថ្ងៃវិនិច្ឆ័យទោស»។ (២ពេ. ២:៩) ការសញ្ជឹងគិតអំពីសេចក្ដីសង្គ្រោះដែលព្រះយេហូវ៉ាបានធ្វើនៅសម័យបុរាណ អាចពង្រឹងទំនុកចិត្តរបស់យើងចំពោះអ្វីៗដែលនឹងកើតឡើងនៅខាងមុខ។ សូមយើងពិចារណាគំរូបីដែលនឹងធ្វើឲ្យយើងទុកចិត្តលើសមត្ថភាពរបស់ព្រះយេហូវ៉ាក្នុងការសង្គ្រោះរាស្ត្ររបស់លោក។
រួចជីវិតពីទឹកជំនន់លិចផែនដីទាំងមូល
៤. តើអ្វីខ្លះត្រូវតែធ្វើឲ្យបានរួចរាល់មុនទឹកជំនន់មកដល់?
៤ មុនដំបូង សូមយើងពិចារណាកំណត់ហេតុអំពីទឹកជំនន់នៅសម័យណូអេ។ ពេលកំណត់គឺសំខាន់ដើម្បីឲ្យបំណងប្រាថ្នារបស់ព្រះយេហូវ៉ាបានសម្រេច។ កិច្ចការធំសម្បើមដូចជាការសង់ទូកធំនិងការដាក់សត្វនៅក្នុងទូកដោយសុវត្ថិភាព ត្រូវតែធ្វើឲ្យបានរួចស្រេច មុនទឹកជំនន់មកដល់។ កំណត់ហេតុនៅសៀវភៅលោកុប្បត្តិបង្ហាញថា ព្រះយេហូវ៉ាមិនបានឲ្យសង់ទូកធំរួច ទើបសម្រេចអំពីពេលវេលាដែលលោកនឹងធ្វើឲ្យមានទឹកជំនន់ ហាក់ដូចជាលោកបារម្ភក្រែងទូកធំសង់មិនទាន់រួចមុនទឹកជំនន់មកដល់នោះទេ។ ផ្ទុយទៅវិញ អស់រយៈពេលជាយូរមុនលោកបានប្រាប់ណូអេអំពីការសង់ទូកធំ ព្រះបានកំណត់ពេលធ្វើឲ្យមានទឹកជំនន់។ តើយើងដឹងអំពីរឿងនេះយ៉ាងដូចម្ដេច?
៥. តើព្រះយេហូវ៉ាបានប្រកាសអ្វីនៅលោកុប្បត្តិ៦:៣ ហើយលោកបានចេញសេចក្ដីប្រកាសនេះនៅពេលណា?
៥ គម្ពីរប្រាប់យើងថា ព្រះយេហូវ៉ាបានចេញសេចក្ដីប្រកាសមួយនៅស្ថានសួគ៌។ យោងទៅតាមលោកុប្បត្តិ ៦:៣ លោកបានមានប្រសាសន៍ថា៖ «វិញ្ញាណអញនឹងមិនតវ៉ានឹងមនុស្សជាដរាបទេ ពីព្រោះគេជាសាច់ឈាមប៉ុណ្ណោះ អាយុគេនឹងបានត្រឹមតែ១២០ឆ្នាំវិញ»។ ប្រសាសន៍របស់លោកមិនសំដៅទៅអាយុជាមធ្យមរបស់មនុស្សនោះទេ។ គឺជាសេចក្ដីវិនិច្ឆ័យដែលព្រះយេហូវ៉ាបានប្រកាស ស្តីអំពីពេលលោកនឹងបំផ្លាញអំពើឥតកោតខ្លាចព្រះចេញពីផែនដី។ ដោយសារទឹកជំនន់បានចាប់ផ្ដើមនៅឆ្នាំ២៣៧០មុន គ.ស. យើងសន្និដ្ឋានថា ព្រះបានចេញសេចក្ដីប្រកាសនេះនៅឆ្នាំ២៤៩០មុនគ.ស. នៅពេលដែលណូអេមានអាយុ៤៨០ឆ្នាំ។ (លោ. ៧:៦) ប្រហែលជា២០ឆ្នាំក្រោយមក ចាប់ពីឆ្នាំ២៤៧០មុន គ.ស. កូនប្រុសៗរបស់ណូអេបានកើតមក។ (លោ. ៥:៣២) នៅសល់ប្រហែលជា១០០ឆ្នាំមុនទឹកជំនន់មកដល់ ព្រះយេហូវ៉ានៅតែមិនទាន់ប្រាប់ណូអេអំពីតួនាទីពិសេសដែលគាត់នឹងមានក្នុងការការពារជីវិតក្រុមគ្រួសារមនុស្ស។ តើព្រះបានចាំយូរប៉ុន្មានមុនលោកប្រាប់ណូអេ?
៦. តើព្រះយេហូវ៉ាបានបង្គាប់ណូអេឲ្យសង់ទូកធំនៅពេលណា?
៦ តាមមើលទៅព្រះយេហូវ៉ាបានរង់ចាំច្រើនទសវត្សរ៍មុននឹងប្រាប់ណូអេអំពីអ្វីដែលលោកនឹងធ្វើ។ តើយើងសន្និដ្ឋានយ៉ាងនេះដោយផ្អែកលើអ្វី? កំណត់ហេតុគម្ពីរបានបង្ហាញថាកូនរបស់ណូអេបានធំពេញវ័យ ហើយបានរៀបការនៅពេលដែលព្រះបង្គាប់ណូអេឲ្យសង់ទូកធំ។ ព្រះយេហូវ៉ាបានប្រាប់ណូអេថា៖ «អញនឹងតាំងសេចក្ដីសញ្ញាអញចំពោះឯង ហើយឯងនឹងចូលទៅក្នុងទូកធំនោះ ព្រមទាំងប្រពន្ធកូន នឹងកូនប្រសាឯងជាមួយនឹងឯងដែរ»។ (លោ. ៦:៩-១៨) ហេតុនេះ ប្រហែលជានៅពេលដែលណូអេទទួលភារកិច្ចឲ្យសង់ទូកធំ នោះនៅសល់ពេលតែ៤០ឬ៥០ឆ្នាំមុនទឹកជំនន់មកដល់។
៧. (ក) តើណូអេនិងក្រុមគ្រួសារគាត់បានបង្ហាញជំនឿយ៉ាងដូចម្ដេច? (ខ) តើពេលណាព្រះយេហូវ៉ាបានប្រាប់ណូអេថា ទឹកជំនន់នឹងចាប់ផ្ដើម?
៧ នៅពេលដែលការសង់ទូកធំជឿនទៅមុខ ណូអេនិងគ្រួសាររបស់គាត់ទំនងជាឆ្ងល់អំពីរបៀបដែលព្រះនឹងសម្រេចសេចក្ដីសន្យារបស់លោកនិងអំពីពេលវេលាដែលទឹកជំនន់នឹងចាប់ផ្ដើម។ ប៉ុន្តែ ទោះជាពួកគាត់មិនបានដឹងច្បាស់ពីរឿងទាំងនេះក៏ដោយ ពួកគាត់មិនបានឈប់សង់ទូកធំនោះទេ។ កំណត់ហេតុគម្ពីរបានចែងថា «ណូអេក៏ធ្វើដូច្នោះ តាមគ្រប់ទាំងសេចក្ដីដែលព្រះបានបង្គាប់ គាត់ធ្វើការនោះសំរេចទាំងអស់»។ (លោ. ៦:២២) នៅទីបំផុតព្រះយេហូវ៉ាបានប្រាប់ណូអេថា ទឹកជំនន់នឹងចាប់ផ្ដើមនៅ៧ថ្ងៃទៀត។ នេះបានអនុញ្ញាតឲ្យណូអេនិងក្រុមគ្រួសាររបស់គាត់មានពេលគ្រប់គ្រាន់ដើម្បីប្រមូលសត្វទាំងឡាយចូលក្នុងទូកធំ។ ដូច្នេះ នៅពេលទ្វារទំនប់នៅលើមេឃបានបើក«គឺនៅឆ្នាំ៦០០ ក្នុងអាយុណូអេ ក្នុងថ្ងៃ១៧ ខែទី២» អ្វីៗទាំងអស់បានត្រៀមរួចជាស្រេច។—លោ. ៧:១-៥, ១១
៨. តើតាមរបៀបណាដែលកំណត់ហេតុអំពីទឹកជំនន់ពង្រឹងទំនុកចិត្តយើងថា ព្រះយេហូវ៉ាដឹងពេលវេលាដែលលោកនឹងសង្គ្រោះរាស្ត្រលោក?
៨ កំណត់ហេតុអំពីទឹកជំនន់បង្ហាញថា ព្រះយេហូវ៉ាតែងតែដឹងអំពីពេលវេលានិងរបៀបល្អបំផុតដើម្បីសង្គ្រោះរាស្ត្រលោក។ នៅពេលទីបញ្ចប់នៃរបៀបរបបពិភពលោកនេះកាន់តែជិតមកដល់ យើងអាចប្រាកដថាគោលបំណងរបស់ព្រះនឹងសម្រេចនៅចំនឹង«ថ្ងៃនិងម៉ោង»ដែលលោកបានសម្រេច។—ម៉ាថ. ២៤:៣៦; សូមអាន ហាបាគុក ២:៣
បានត្រូវសង្គ្រោះនៅសមុទ្រក្រហម
៩, ១០. តើតាមរបៀបណាព្រះយេហូវ៉ាប្រើរាស្ត្ររបស់លោកដើម្បីបញ្ឆោតកងទ័ពអេស៊ីបឲ្យធ្លាក់ក្នុងអន្ទាក់?
៩ មកដល់ត្រឹមនេះ យើងបានឃើញថាព្រះយេហូវ៉ាកាន់កាប់ទាំងស្រុងទៅលើពេលកំណត់នៃព្រឹត្ដិការណ៍ផ្សេងៗដើម្បីសម្រេចគោលបំណងរបស់លោក។ ក៏ប៉ុន្តែគំរូទី២ដែលយើងនឹងពិចារណា លើកបញ្ជាក់មូលហេតុមួយទៀតដែលយើងអាចទុកចិត្តថា ព្រះយេហូវ៉ានឹងសង្គ្រោះរាស្ត្ររបស់លោក គឺលោកនឹងប្រើឫទ្ធានុភាពដែលគ្មានកម្រិតរបស់លោក ដើម្បីធ្វើឲ្យប្រាកដថា បំណងប្រាថ្នារបស់លោកនឹងបានសម្រេច។ ព្រះយេហូវ៉ាតែងតែមានសមត្ថភាពសង្គ្រោះអ្នកបម្រើរបស់លោក ប៉ុន្តែជួនកាលលោកបានប្រើពួកគេជានុយដើម្បីបញ្ឆោតសត្រូវឲ្យធ្លាក់ក្នុងអន្ទាក់។ នេះបានកើតឡើងពេលដែលលោករំដោះបណ្ដាជនអ៊ីស្រាអែលចេញពីទាសភាពនៅស្រុកអេស៊ីប។
១០ ជនជាតិអ៊ីស្រាអែលដែលបានចេញពីស្រុកអេស៊ីបមានចំនួនប្រហែលជាបីលាននាក់។ ព្រះយេហូវ៉ាបានឲ្យម៉ូសេដឹកនាំពួកគេតាមរបៀបដែលធ្វើឲ្យផារ៉ូគិតថាពួកគេកំពុងវង្វេង។ (សូមអាន និក្ខមនំ ១៤:១-៤) ដូច្នេះ ផារ៉ូនិងកងទ័ពរបស់គាត់បានដេញតាមជនជាតិអ៊ីស្រាអែល ហើយទៅទាន់ពួកគេនៅឆ្នេរសមុទ្រក្រហម។ តាមមើលទៅហាក់ដូចជាពួកគេគ្មានផ្លូវណាចេញរួចទេ។ (និក្ខ. ១៤:៥-១០) ក៏ប៉ុន្តែ តាមពិតជនជាតិអ៊ីស្រាអែលមិនអាចជួបគ្រោះថ្នាក់អ្វីទេ។ ហេតុអ្វី? ដោយសារព្រះយេហូវ៉ាហៀបនឹងធ្វើអន្តរាគមន៍ដើម្បីជួយពួកគេ។
១១, ១២. (ក) តើព្រះយេហូវ៉ាបានធ្វើអន្តរាគមន៍ដើម្បីជួយរាស្ត្រលោកយ៉ាងដូចម្ដេច? (ខ) ពេលព្រះធ្វើអន្តរាគមន៍ តើមានលទ្ធផលយ៉ាងណា ហើយតើកំណត់ហេតុនេះបង្រៀនយើងអ្វីខ្លះអំពីព្រះយេហូវ៉ា?
១១ «បង្គោលពពក»ដែលបាននាំមុខជនជាតិអ៊ីស្រាអែល បានត្រឡប់ទៅនៅខាងក្រោយវិញដើម្បីរាំងស្កាត់មិនឲ្យកងទ័ពរបស់ផារ៉ូចូលទៅជិត ហើយធ្វើឲ្យពួកគេស្ថិតនៅក្នុងភាពងងឹត។ ក៏ប៉ុន្តែ ខាងជនជាតិអ៊ីស្រាអែល ជាអព្ភូតហេតុ បង្គោលពពកបានភ្លឺឡើងនៅពេលយប់។ (សូមអាន និក្ខមនំ ១៤:១៩, ២០) បន្ទាប់មក ព្រះយេហូវ៉ាបានញែកទឹកសមុទ្រចេញពីគ្នា ដោយប្រើកម្លាំងខ្យល់ដែលបក់យ៉ាងខ្លាំងពីទិសខាងកើត «ធ្វើឲ្យ . . . សមុទ្រទៅជាគោកវិញ»។ នេះពិតជាត្រូវការរយៈពេលយូរ ពីព្រោះកំណត់ហេតុគម្ពីរចែងថា «ព្រះយេហូវ៉ាទ្រង់ច្រានផាត់សមុទ្រចេញ ដោយកំឡាំងខ្យល់ពីខាងកើតដែលបក់យ៉ាងខ្លាំងពេញ១យប់នោះ ទ្រង់ធ្វើឲ្យទឹកបានញែកចេញពីគ្នា ឲ្យសមុទ្រទៅជាគោកវិញ រួចពួកកូនចៅអ៊ីស្រាអែល គេក៏ចូលទៅនាកណ្ដាលសមុទ្រ តាមដីគោក»។ បើប្រៀបធៀបនឹងកងទ័ពរបស់ផារ៉ូដែលជិះលើរទេះចម្បាំង ជនជាតិអ៊ីស្រាអែលបានធ្វើដំណើរយឺតណាស់។ ក៏ប៉ុន្តែ ជនជាតិអេស៊ីបមិនអាចតាមទាន់ពួកគេឡើយ ពីព្រោះព្រះយេហូវ៉ាបានច្បាំងជំនួសជនជាតិអ៊ីស្រាអែល។ «ទ្រង់បណ្ដាលឲ្យពួកពលទ័ពសាសន៍អេស៊ីព្ទកោលាហលឡើង ក៏ធ្វើឲ្យរបូតកង់ពីរទេះគេចេញ ឲ្យគេបរដោយពិបាក»។—និក្ខ. ១៤:២១-២៥
១២ ពេលដែលជនជាតិអ៊ីស្រាអែលបានទៅដល់ត្រើយម្ខាងដោយសុវត្ថិភាពភ្លាម ព្រះយេហូវ៉ាបានបង្គាប់ម៉ូសេថា៖ «ចូរឯងលើកដៃទៅលើសមុទ្រទៅ ដើម្បីឲ្យទឹកបានហូរត្រឡប់គ្របទៅលើពួកសាសន៍អេស៊ីព្ទ ព្រមទាំងរទេះ នឹងពួកទ័ពសេះគេផង»។ នៅពេលដែលពួកទ័ពបានខំរត់ចេញពីទឹកដែលហូរយ៉ាងលឿនមកលើពួកគេ នោះ«ព្រះយេហូវ៉ាទ្រង់ផ្ដួលគេនៅកណ្ដាលសមុទ្រ»។ ពួកគេមិនអាចគេចរួចបានទេ គឺ«គ្មានរួចអ្នកណាមួយសោះឡើយ»។ (និក្ខ. ១៤:២៦-២៨) ហេតុនេះ ព្រះយេហូវ៉ាបានបង្ហាញថា លោកមានឫទ្ធានុភាពសង្គ្រោះរាស្ត្រលោក ទោះជាពួកគេស្ថិតក្នុងស្ថានភាពណាក៏ដោយ។
រួចផុតពីការហិនវិនាសនៃក្រុងយេរូសាឡិម
១៣. តើលោកយេស៊ូបានឲ្យការណែនាំអ្វីដល់អ្នកកាន់តាមលោក ហើយតើពួកអ្នកកាន់តាមលោកប្រហែលជាឆ្ងល់អំពីអ្វី?
១៣ ព្រះយេហូវ៉ាដឹងយ៉ាងប្រាកដថា ព្រឹត្ដិការណ៍ទាំងឡាយនឹងកើតឡើងយ៉ាងណាដើម្បីសម្រេចគោលបំណងរបស់លោក។ ចំណុចសំខាន់នេះ បានត្រូវលើកបញ្ជាក់នៅក្នុងគំរូទី៣ដែលយើងនឹងលើកមកពិចារណាគឺ ការឡោមព័ទ្ធក្រុងយេរូសាឡិមនៅសតវត្សរ៍ទី១។ តាមរយៈបុត្រលោក ព្រះយេហូវ៉ាបានផ្ដល់ការណែនាំដើម្បីឲ្យគ្រិស្តសាសនិកដែលរស់នៅក្រុងយេរូសាឡិមនិងស្រុកយូដាអាចរួចជីវិត មុនក្រុងនោះត្រូវបំផ្លាញចោលនៅឆ្នាំ៧០ គ.ស.។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «នៅពេលដែលអ្នករាល់គ្នាក្រឡេកទៅឃើញអ្វីដ៏គួរឲ្យស្អប់ខ្ពើមដែលបំផ្លិចបំផ្លាញ កំពុងឈរនៅកន្លែងបរិសុទ្ធ ដូចទំនាយដែលបានត្រូវប្រកាសតាមរយៈដានីយ៉ែល . . . នោះចូរឲ្យអ្នកដែលនៅតំបន់យូឌាចាប់ផ្ដើមរត់ទៅតំបន់ភ្នំ»។ (ម៉ាថ. ២៤:១៥, ១៦) ប៉ុន្តែ តើអ្នកកាន់តាមលោកយេស៊ូអាចដឹងយ៉ាងដូចម្ដេចថា ទំនាយនេះកំពុងសម្រេច?
១៤. តើព្រឹត្ដិការណ៍ដែលបានកើតឡើងធ្វើឲ្យអ្នកកាន់តាមលោកយេស៊ូយល់ច្បាស់នូវអត្ថន័យនៃការណែនាំរបស់លោកយ៉ាងដូចម្ដេច?
១៤ ពេលដែលព្រឹត្ដិការណ៍បានកើតឡើង នោះអ្នកកាន់តាមលោកយេស៊ូបានយល់ច្បាស់នូវអត្ថន័យនៃប្រសាសន៍របស់លោក។ នៅឆ្នាំ៦៦ គ.ស. កងទ័ពរ៉ូមក្រោមការដឹកនាំរបស់ស៊ីស្ទាសហ្គាឡាស បានមកដល់ក្រុងយេរូសាឡិមដើម្បីបង្ក្រាបការបះបោររបស់ជនជាតិយូដា។ ពេលដែលអ្នកបះបោរជនជាតិយូដាដែលគេហៅថា ពួកជ្រុលនិយមខាងសាសនា បានរត់ទៅជ្រកនៅក្នុងកំពែងវិហារ ទាហានរ៉ូមបានចាប់ផ្ដើមជីកបំផ្លាញកំពែងនោះ។ ពួកអ្នកកាន់តាមលោកយេស៊ូដែលនឹកចាំការណែនាំរបស់លោក បានយល់ទាំងស្រុងអំពីអត្ថន័យនៃប្រសាសន៍របស់លោក។ ពួកគេឃើញកងទ័ពមួយដែលមិនកាន់គ្រិស្តសាសនាកំពុងកាន់ទង់ដែលមានរូបដែលគេគោរពបូជា(«អ្វីដ៏គួរឲ្យស្អប់ខ្ពើម»)។ កងទ័ពនោះបានចូលទៅដល់កំពែងវិហារ(«កន្លែងបរិសុទ្ធ»)។ នេះជាពេលដែលអ្នកកាន់តាមលោកយេស៊ូត្រូវ«ចាប់ផ្ដើមរត់ទៅតំបន់ភ្នំ»។ ប៉ុន្តែតើពួកគេរត់ចេញយ៉ាងដូចម្ដេចពីក្រុងដែលបានត្រូវឡោមព័ទ្ធ? អ្វីមួយដែលគេមិននឹកស្មានដល់ហៀបនឹងកើតឡើង។
១៥, ១៦. (ក) តើការណែនាំជាក់លាក់អ្វីដែលលោកយេស៊ូបានឲ្យ ហើយហេតុអ្វីជាការសំខាន់ណាស់ដែលអ្នកកាន់តាមលោកធ្វើតាមការណែនាំនោះ? (ខ) តើសេចក្ដីសង្គ្រោះរបស់យើងនឹងអាស្រ័យទៅលើអ្វី?
១៥ តាមមើលទៅ ស៊ីស្ទាសហ្គាឡាសនិងកងទ័ពរបស់គាត់បានដកថយពីក្រុងយេរូសាឡិម ហើយត្រឡប់ទៅវិញដោយគ្មានមូលហេតុច្បាស់លាស់។ ពួកជ្រុលនិយមខាងសាសនាបានដេញតាមពួកគេ។ ពេលកងទ័ពរ៉ូមនិងពួកជ្រុលនិយមបានចេញទៅ ភ្លាមៗនោះអ្នកកាន់តាមលោកយេស៊ូមានឱកាសរត់គេចខ្លួន។ លោកយេស៊ូបានឲ្យការណែនាំជាក់លាក់ ឲ្យពួកគេទុកចោលទ្រព្យសម្បត្ដិ ហើយឲ្យរត់ចេញដោយមិនបង្អង់។ (សូមអាន ម៉ាថាយ ២៤:១៧, ១៨) ជាការសំខាន់ដែលពួកគេធ្វើតាមបង្គាប់លោកយេស៊ូហើយចាកចេញភ្លាមៗ។ ហេតុអ្វី? តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ពួកជ្រុលនិយមខាងសាសនាបានត្រឡប់មកវិញ ហើយចាប់ផ្ដើមបង្ខំបណ្ដាជននៅក្រុងយេរូសាឡិមនិងស្រុកយូដាឲ្យចូលរួមការបះបោរ។ ក្រុមជនជាតិយូដាមួយចំនួន ប្រយុទ្ធគ្នាដើម្បីកាន់អំណាច ហើយស្ថានការណ៍កាន់តែអាក្រក់ទៅៗ។ ការរត់ចេញកាន់តែពិបាកឡើងៗ។ ពេលដែលកងទ័ពរ៉ូមបានត្រឡប់មកវិញនៅឆ្នាំ៧០ គ.ស. នោះគេមិនអាចរត់ចេញបានទេ។ (លូក. ១៩:៤៣) អ្នកណាដែលបានបង្អែបង្អង់មិនអាចគេចផុតពីគ្រោះថ្នាក់បានទេ! ចំពោះគ្រិស្តសាសនិកដែលបានរត់ចេញទៅភ្នំ ការធ្វើតាមការណែនាំរបស់លោកយេស៊ូ បានសង្គ្រោះជីវិតរបស់ពួកគេ។ ពួកគេបានឃើញដោយផ្ទាល់ភ្នែកនូវរបៀបដែលព្រះយេហូវ៉ាសង្គ្រោះរាស្ត្រលោក។ តើយើងអាចទាញមេរៀនអ្វីពីកំណត់ហេតុនេះ?
១៦ ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង គ្រិស្តសាសនិកត្រូវតែធ្វើតាមការណែនាំពីបណ្ដាំរបស់ព្រះនិងពីអង្គការរបស់លោក។ ជាឧទាហរណ៍លោកយេស៊ូបានបង្គាប់អ្នកកាន់តាមលោកឲ្យ «ចាប់ផ្ដើមរត់ទៅតំបន់ភ្នំ»។ យើងក៏នឹងទទួលការណែនាំឲ្យ«ចាប់ផ្ដើមរត់»ដែរ ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង។ តើយើងនឹងរត់តាមរបៀបណា? ឥឡូវនេះយើងមិនទាន់បានដឹងច្បាស់នោះទេ។a ក៏ប៉ុន្តែ យើងអាចប្រាកដថាព្រះយេហូវ៉ានឹងធ្វើឲ្យយើងយល់ច្បាស់នូវអត្ថន័យនៃការណែនាំទាំងនោះ នៅពេលដែលយើងត្រូវធ្វើតាម។ ដោយហេតុថា សេចក្ដីសង្គ្រោះរបស់យើងនឹងអាស្រ័យទៅលើការស្ដាប់បង្គាប់ ជាការល្អឲ្យយើងសួរខ្លួនយើងថា ‹ឥឡូវនេះ ពេលដែលព្រះយេហូវ៉ាផ្ដល់ការណែនាំឲ្យរាស្ត្រលោក តើខ្ញុំធ្វើតាមការណែនាំនោះភ្លាមៗ ឬក៏ស្ទាក់ស្ទើរ?›។—យ៉ា. ៣:១៧
ពង្រឹងទំនុកចិត្តរបស់យើងចំពោះអ្វីៗដែលនឹងកើតឡើងនៅខាងមុខ
១៧. តើយើងអាចទាញយកមេរៀនអ្វីពីទំនាយរបស់ហាបាគុកអំពីការវាយប្រហារមកលើរាស្ត្ររបស់ព្រះនៅថ្ងៃមុខ?
១៧ សូមឲ្យយើងពិចារណាថែមទៀតអំពីការវាយប្រហាររបស់កុកដែលបានរៀបរាប់នៅដើមអត្ថបទ។ នៅក្នុងទំនាយរបស់ហាបាគុកដែលទាក់ទងនឹងរឿងនេះ គាត់បានពោលថា៖ «ខ្ញុំបានឮហើយបុកពោះ បបូរមាត់ខ្ញុំក៏ញ័រទទ្រើតពេលខ្ញុំឮសំឡេងនោះ ឆ្អឹងរបស់ខ្ញុំចាប់ផ្ដើមពុក ហើយខ្ញុំក៏ភ័យញ័រនៅក្នុងខ្លួន ពីព្រោះខ្ញុំត្រូវរង់ចាំថ្ងៃវេទនា[ពីព្រះ]ដោយអំណត់ គឺពេលដែលលោកមកវាយប្រហារសាសន៍របស់ពួកគេ[ពួកអ្នកដែលវាយប្រហាររាស្ត្ររបស់ព្រះ]»។ (ហាប. ៣:១៦, ព.ថ.) គ្រាន់តែឮដំណឹងអំពីការវាយប្រហារមកលើរាស្ត្ររបស់ព្រះដែលជិតមកដល់ ធ្វើឲ្យហាបាគុកបុកពោះ បបូរមាត់គាត់ញ័រ ហើយគាត់អស់កម្លាំង។ ប្រតិកម្មរបស់ហាបាគុកបញ្ជាក់អំពីទុក្ខលំបាកយ៉ាងខ្លាំងដែលនឹងកើតឡើង ពេលកងទ័ពរបស់កុកមកវាយប្រហារយើង។ ប៉ុន្តែ ហាបាគុកបានរង់ចាំដោយអំណត់នូវថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាដោយទុកចិត្តថា ព្រះយេហូវ៉ានឹងសង្គ្រោះរាស្ត្រលោក។ យើងក៏អាចមានទំនុកចិត្តដូចគាត់ដែរ។—ហាប. ៣:១៨, ១៩
១៨. (ក) ហេតុអ្វីយើងមិនគួរខ្លាចពេលសត្រូវរបស់យើងវាយប្រហារមកលើយើង? (ខ) តើយើងនឹងពិចារណាអំពីអ្វីនៅអត្ថបទបន្ទាប់?
១៨ គំរូទាំងបីដែលយើងបានពិចារណាបង្ហាញថា ព្រះយេហូវ៉ាប្រាកដជាចេះសង្គ្រោះរាស្ត្ររបស់លោក។ គោលបំណងរបស់លោកមិនអាចបរាជ័យឡើយ ហើយលោកនឹងមានជ័យជម្នះលើសត្រូវរបស់លោកជាមិនខាន។ ក៏ប៉ុន្តែ ដើម្បីរួមចំណែកក្នុងជ័យជម្នះដ៏ត្រចះត្រចង់របស់លោក យើងត្រូវតែនៅស្មោះត្រង់រហូតដល់ទីបញ្ចប់។ តើឥឡូវនេះព្រះយេហូវ៉ាជួយយើងឲ្យរក្សាចិត្តស្មោះគ្រប់លក្ខណៈយ៉ាងដូចម្ដេច? អត្ថបទបន្ទាប់នឹងពិចារណាអំពីរឿងនេះ។
[កំណត់សម្គាល់]
a សូមមើលទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែសីហា ឆ្នាំ១៩៩៩ ទំព័រ១៦, ១៧។
[រូបភាពនៅទំព័រ២៤]
តើជនជាតិអ៊ីស្រាអែលអាចរងគ្រោះថ្នាក់ដោយសារកងទ័ពរបស់ផារ៉ូឬទេ?