ដំណើរចាកចេញ
១៤ ក្រោយនោះ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ ២ «ចូរប្រាប់កូនចៅអ៊ីស្រាអែលឲ្យធ្វើដំណើរថយក្រោយ ហើយបោះជំរំនៅមុខពីហាហីរ៉ុត គឺរវាងមីកដុលនិងសមុទ្រ ទល់មុខបាលសេផុន។+ អ្នករាល់គ្នាត្រូវបោះជំរំបែរមុខទៅបាលសេផុននៅក្បែរសមុទ្រ។ ៣ ឯផារ៉ូវិញ គាត់នឹងនិយាយថា៖ ‹ជនជាតិអ៊ីស្រាអែលកំពុងវង្វេងផ្លូវហើយ។ ពួកគេចេញពីតំបន់ស្ងាត់ជ្រងំមិនរួចទេ›។ ៤ ខ្ញុំនឹងឲ្យផារ៉ូមានចិត្តរឹងទទឹង+ ហើយគាត់នឹងដេញតាមពួកគេ។ រួចខ្ញុំនឹងលើកតម្កើងនាមខ្ញុំដោយប្រហារផារ៉ូនិងពលទ័ពរបស់គាត់។+ ពេលនោះ ជនជាតិអេហ្ស៊ីបនឹងដឹងច្បាស់ថាខ្ញុំជាយេហូវ៉ា»។+ ដូច្នេះ ជនជាតិអ៊ីស្រាអែលបានធ្វើតាមបង្គាប់លោកទាំងអស់។
៥ ក្រោយមក មានគេមករាយការណ៍ប្រាប់ស្ដេចស្រុកអេហ្ស៊ីបថាជនជាតិអ៊ីស្រាអែលបានចេញទៅអស់ហើយ។ ឮដូច្នេះ ផារ៉ូនិងពួកអ្នកបម្រើរបស់គាត់បានប្ដូរគំនិត+ ហើយនិយាយគ្នាថា៖ «ម្ដេចក៏យើងដោះលែងជនជាតិអ៊ីស្រាអែលដូច្នេះ? តើបានអ្នកណាបម្រើយើងទៀត?»។ ៦ ដូច្នេះ ផារ៉ូបានឲ្យគេរៀបចំរទេះចម្បាំង ហើយគាត់ដឹកនាំពលទ័ពចេញទៅ+ ៧ គឺគាត់បានយករទេះចម្បាំងទាំងអស់ក្នុងស្រុកអេហ្ស៊ីប រួមទាំងរទេះចម្បាំងដ៏មាំល្អចំនួន៦០០គ្រឿង។ រទេះនីមួយៗសុទ្ធតែមានទាហានអង់អាចជិះ។ ៨ ពេលនោះ ព្រះយេហូវ៉ាបានឲ្យផារ៉ូស្ដេចស្រុកអេហ្ស៊ីបមានចិត្តរឹងទទឹង។ ហេតុនេះ គាត់បានដេញតាមជនជាតិអ៊ីស្រាអែល កាលដែលពួកគេកំពុងធ្វើដំណើរចេញទៅទាំងមានចិត្តក្លាហាន។+ ៩ ក្រោយមក ទ័ពអេហ្ស៊ីបទាំងអស់ រួមទាំងទ័ពរទេះចម្បាំង ទ័ពសេះ និងទ័ពថ្មើរជើង បានធ្វើដំណើរដេញតាមជនជាតិអ៊ីស្រាអែល+កាន់តែកៀក កាលដែលពួកអ៊ីស្រាអែលកំពុងបោះជំរំក្បែរសមុទ្រ ជិតពីហាហីរ៉ុត ទល់មុខបាលសេផុន។
១០ ពេលផារ៉ូនិងទ័ពអេហ្ស៊ីបចូលទៅកាន់តែជិត ពួកអ៊ីស្រាអែលបានក្រឡេកទៅឃើញពួកគេកំពុងដេញតាម។ ដូច្នេះ ពួកអ៊ីស្រាអែលភ័យខ្លាចជាខ្លាំង ហើយក៏ស្រែកសុំជំនួយពីព្រះយេហូវ៉ា។+ ១១ ពួកគេនិយាយទៅម៉ូសេថា៖ «តើនៅស្រុកអេហ្ស៊ីបគ្មានកន្លែងបញ្ចុះសពទេឬ បានជាអ្នកនាំពួកយើងមកឲ្យស្លាប់នៅតំបន់ស្ងាត់ជ្រងំដូច្នេះ?+ តើអ្នកនាំពួកយើងចេញពីស្រុកអេហ្ស៊ីបមកធ្វើអ្វី? ១២ នៅស្រុកអេហ្ស៊ីប យើងបានប្រាប់អ្នកហើយថា៖ ‹កុំមករវល់ជាមួយនឹងយើង ទុកឲ្យយើងនៅបម្រើពួកអេហ្ស៊ីបចុះ› ព្រោះបើយើងបម្រើពួកអេហ្ស៊ីបគឺប្រសើរជាងឲ្យពួកយើងស្លាប់នៅតំបន់ស្ងាត់ជ្រងំនេះ»។+ ១៣ ពេលនោះ ម៉ូសេនិយាយទៅបណ្ដាជនថា៖ «កុំភ័យខ្លាចឡើយ។+ ចូរតាំងជំហរឲ្យមាំ ហើយចាំមើលសេចក្ដីសង្គ្រោះពីព្រះយេហូវ៉ានៅថ្ងៃនេះ។+ ព្រោះពួកអេហ្ស៊ីបដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងមិនឃើញពួកគេម្ដងទៀតឡើយ។+ ១៤ ព្រះយេហូវ៉ានឹងច្បាំងជំនួសអ្នករាល់គ្នា។+ ដូច្នេះ អ្នករាល់គ្នាគ្រាន់តែនៅស្ងៀមប៉ុណ្ណោះ»។
១៥ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ «ហេតុអ្វីអ្នកនៅតែស្រែកហៅខ្ញុំដូច្នេះ? ចូរប្រាប់ពួកអ៊ីស្រាអែលឲ្យចេញដំណើរទៅ។ ១៦ ចំណែកអ្នកវិញ ចូរលើកដំបងតម្រង់ទៅឯសមុទ្រ ហើយញែកសមុទ្រចេញពីគ្នាទៅ ដើម្បីឲ្យពួកអ៊ីស្រាអែលដើរឆ្លងកាត់តាមបាតសមុទ្រ។ ១៧ ឯខ្ញុំវិញ ខ្ញុំនឹងឲ្យពួកអេហ្ស៊ីបមានចិត្តរឹងទទឹង ហើយពួកគេនឹងដេញតាមអ្នករាល់គ្នាចូលក្នុងសមុទ្រ។ យ៉ាងនោះ កិត្តិនាមរបស់ខ្ញុំនឹងបានល្បីរុងរឿង ពេលខ្ញុំបំផ្លាញផារ៉ូ ពលទ័ព ពលរទេះចម្បាំង និងទាហានសេះរបស់គាត់។+ ១៨ ជនជាតិអេហ្ស៊ីបនឹងដឹងច្បាស់ថាខ្ញុំនេះគឺយេហូវ៉ា ហើយខ្ញុំនឹងធ្វើឲ្យកិត្តិនាមរបស់ខ្ញុំល្បីរន្ទឺក្រោយពីខ្ញុំប្រហារផារ៉ូ ពលរទេះចម្បាំង និងទាហានសេះរបស់គាត់»។+
១៩ បន្ទាប់មក ទេវតារបស់ព្រះពិត+ដែលកំពុងនាំមុខពួកអ៊ីស្រាអែល បានចេញទៅខាងក្រោយពួកគេ ហើយបង្គោលពពកដែលនៅមុខពួកគេ ក៏ទៅខាងក្រោយពួកគេដែរ។+ ២០ ដូច្នេះ បង្គោលពពកនោះស្ថិតនៅចន្លោះទ័ពអេហ្ស៊ីបនិងបណ្ដាជនអ៊ីស្រាអែល។+ បង្គោលពពកនោះម្ខាងមានភាពងងឹត ឯម្ខាងទៀតបញ្ចេញពន្លឺដើម្បីបំភ្លឺនៅពេលយប់។+ ហេតុនេះ ពេញមួយយប់ទ័ពអេហ្ស៊ីបមិនអាចចូលទៅជិតបណ្ដាជនអ៊ីស្រាអែលបានទេ។
២១ ឯម៉ូសេវិញ គាត់បានលើកដៃតម្រង់ទៅសមុទ្រ+ ពេលនោះព្រះយេហូវ៉ាធ្វើឲ្យមានខ្យល់បក់យ៉ាងខ្លាំងពីទិសខាងកើតពេញមួយយប់ ហើយខ្យល់នោះបានរុញច្រានសមុទ្រឲ្យញែកចេញពីគ្នា+រហូតដល់បាតសមុទ្រក្លាយទៅជាដីគោក។+ ២២ ដូច្នេះ ជនជាតិអ៊ីស្រាអែលដើរឆ្លងកាត់បាតសមុទ្រ+ ដោយមានទឹកនៅសងខាងពួកគេដូចកំពែង។+ ២៣ ខណៈនោះ ទ័ពទាំងអស់របស់ផារ៉ូ ទាំងទ័ពសេះ ទាំងទ័ពរទេះចម្បាំង បានចូលទៅដេញតាមពួកគេ។+ ២៤ នៅយាមទី៣* ព្រះយេហូវ៉ាបានមើលទៅពួកអេហ្ស៊ីបពីបង្គោលពពកនិងភ្លើង+ រួចលោកធ្វើឲ្យពួកគេមានភាពច្របូកច្របល់។ ២៥ លោកបានធ្វើឲ្យរទេះចម្បាំងពួកអេហ្ស៊ីបរបូតកង់ ដើម្បីឲ្យពួកគេពិបាកបរទៅមុខ។ ហេតុនេះ ពួកអេហ្ស៊ីបបានស្រែកឡើងថា៖ «ចូរយើងដកថយពីពួកអ៊ីស្រាអែលទៅ ព្រោះព្រះយេហូវ៉ាកំពុងច្បាំងនឹងយើងជំនួសពួកគេហើយ»។+
២៦ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «ចូរលើកដៃតម្រង់ទៅសមុទ្រ ដើម្បីឲ្យទឹកសមុទ្រធ្លាក់មកគ្របលើពួកអេហ្ស៊ីប ទាំងទ័ពរទេះចម្បាំង ទាំងទ័ពសេះរបស់ពួកគេ»។ ២៧ រួចម៉ូសេក៏លើកដៃតម្រង់ទៅសមុទ្រភ្លាម។ កាលថ្ងៃរះ ទឹកសមុទ្រក៏ហូរចូលគ្នាដូចដើមវិញ។ ខណៈនោះ ពួកអេហ្ស៊ីបព្យាយាមរត់ចេញ តែព្រះយេហូវ៉ាបានរលាស់ពួកគេទៅក្នុងសមុទ្រទៅ។+ ២៨ ទឹកសមុទ្របានធ្លាក់បោកសន្ធប់ទៅលើទ័ពផារ៉ូ ទាំងទ័ពសេះ ទាំងទ័ពរទេះចម្បាំង គឺអស់អ្នកដែលបានចូលទៅដេញតាមជនជាតិអ៊ីស្រាអែល។+ គ្មានទាហានអេហ្ស៊ីបណាម្នាក់រួចជីវិតឡើយ។+
២៩ ឯជនជាតិអ៊ីស្រាអែលវិញ ពួកគេបានដើរឆ្លងកាត់បាតសមុទ្រ+ ដោយមានទឹកនៅសងខាងដូចកំពែង។+ ៣០ នៅថ្ងៃនោះឯង ព្រះយេហូវ៉ាបានសង្គ្រោះជនជាតិអ៊ីស្រាអែលពីកណ្ដាប់ដៃជនជាតិអេហ្ស៊ីប+ ហើយជនជាតិអ៊ីស្រាអែលបានឃើញសាកសពទាហានអេហ្ស៊ីបនៅតាមឆ្នេរសមុទ្រ។ ៣១ ម្យ៉ាងទៀត ជនជាតិអ៊ីស្រាអែលបានឃើញឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះយេហូវ៉ាក្នុងពេលដែលលោកវាយប្រហារពួកអេហ្ស៊ីប។ ដូច្នេះ ពួកគេចាប់ផ្ដើមកោតខ្លាចព្រះយេហូវ៉ា ហើយមានជំនឿលើព្រះយេហូវ៉ា និងម៉ូសេជាអ្នកបម្រើលោក។+