យើងនឹងដើរតាមព្រះនាមនៃព្រះយេហូវ៉ាជាព្រះនៃយើង
«យើងរាល់គ្នានឹងប្រព្រឹត្ត [ឬ«ដើរ», ព.ថ.]តាមព្រះនាមនៃព្រះយេហូវ៉ា ជាព្រះនៃយើង ជាដរាបរៀងតទៅវិញ»។—មីកា ៤:៥
១. តើមានស្ថានភាពអ្វីខាងសីលធម៌នៅជំនាន់ណូអេ? តើណូអេមានលក្ខណៈខុសពីលោកីយ៍នោះយ៉ាងណា?
លោកហេណុកជាមនុស្សទីមួយដែលព្រះគម្ពីរពណ៌នាជាអ្នកដើរជាមួយនឹងព្រះ។ លោកណូអេជាមនុស្សទីពីរដែលត្រូវហៅជាអ្នកដើរជាមួយនឹងទ្រង់។ កំណត់ហេតុក្នុងព្រះគម្ពីរប្រាប់យើងថា៖ «ណូអេ . . . ជាអ្នកសុចរិតហើយគ្រប់លក្ខណ៍នៅក្នុងដំណវង្សខ្លួន។ គាត់ក៏ដើរជាមួយនឹងព្រះ»។ (លោកុប្បត្តិ ៦:៩) នៅជំនាន់ណូអេនោះ មនុស្សទូទៅបានបែរចេញពីការថ្វាយបង្គំបរិសុទ្ធ។ ស្ថានភាពនៅសម័យនោះបានអាប់ឱនកាន់តែអាក្រក់ឡើងៗដោយសារទេវតាមិនស្មោះភក្ដីខ្លះបានរួមដំណេកខុសច្បាប់ទម្លាប់ជាមួយនឹងមនុស្សស្រី ហើយបានបង្កើតកូនដែលហៅថានីហ្វីលីម គឺ«មនុស្សខ្លាំងពូកែ»ដែល«ជាមនុស្សមានល្បីឈ្មោះ»នៅសម័យនោះ។ ពុំមែនជាការចម្លែកអ្វីឡើយដែលមានអំពើឃោរឃៅពេញផែនដីនាពេលនោះ! (លោកុប្បត្តិ ៦:២, ៤, ១១) យ៉ាងណាក៏ដោយ ណូអេនៅតែបានបង្ហាញលក្ខណៈជាមនុស្សគ្រប់លក្ខណ៍ ហើយ«ជាអ្នកប្រកាសប្រាប់ពីសេចក្ដីសុចរិត»។ (ពេត្រុសទី២ ២:៥) ពេលដែលព្រះបង្គាប់ឲ្យលោកសង់ទូកធំមួយដើម្បីសង្គ្រោះជីវិតមនុស្ស ណូអេបានស្ដាប់បង្គាប់ហើយ«ក៏ធ្វើដូច្នោះតាមគ្រប់ទាំងសេចក្ដីដែលព្រះបានបង្គាប់។ គាត់ធ្វើការនោះសំរេចទាំងអស់»។ (លោកុប្បត្តិ ៦:២២) ពិតណាស់ ណូអេបានដើរជាមួយនឹងព្រះមែន។
២, ៣. តើណូអេតាំងគំរូល្អអ្វីសំរាប់យើងនៅសព្វថ្ងៃនេះ?
២ ប៉ុលបានកត់ឈ្មោះណូអេក្នុងបញ្ជីឈ្មោះស្មរបន្ទាល់ស្មោះភក្ដីទាំងប៉ុន្មាន ហើយសរសេរថា៖ «ដោយសារសេចក្ដីជំនឿ នោះព្រះបានមានបន្ទូលពន្យល់លោកណូអេពីការដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកមានសេចក្ដីកោតខ្លាចបានជាលោកធ្វើទូក១យ៉ាងធំសំរាប់នឹងជួយសង្គ្រោះដល់ពួកគ្រួសាររបស់លោក ហើយលោកបានកាត់ទោសលោកីយដោយការនោះ ក៏ត្រឡប់ជាអ្នកគ្រងសេចក្ដីសុចរិតដែលត្រូវខាងសេចក្ដីជំនឿទុកជាមរដកដែរ»។ (ហេព្រើរ ១១:៧) ណូអេជាគំរូដ៏អស្ចារ្យមែន! ណូអេមានទំនុកចិត្តថាបន្ទូលរបស់ព្រះនឹងសម្រេចជាមិនខាន ដល់ម្ល៉េះបានជាលោកចំណាយពេល កម្លាំងនិងធនធានជាច្រើនក្នុងការបំពេញតាមបទបញ្ជារបស់ព្រះយេហូវ៉ា។ ស្រដៀងគ្នាដែរនៅសព្វថ្ងៃនេះ មនុស្សជាច្រើនលះបង់ឱកាសរីកចំរើនក្នុងលោកីយ៍នេះ ហើយចំណាយពេល កម្លាំងនិងធនធានក្នុងការធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ា។ គួរគប្បីឲ្យយើងកត់សម្គាល់ជំនឿរបស់បងប្អូនបែបនេះ ដ្បិតជំនឿនោះនឹងនាំឲ្យពួកគាត់ទទួលសេចក្ដីសង្គ្រោះហើយក៏នឹងជួយឲ្យមនុស្សដទៃទៀតទទួលសេចក្ដីសង្គ្រោះដែរ។—លូកា ១៦:៩; ធីម៉ូថេទី១ ៤:១៦
៣ ដូចយើងបានពិគ្រោះក្នុងអត្ថបទមុននេះ ជីទួតរបស់ណូអេ ឈ្មោះហេណុក បានរងទុក្ខលំបាកពេលបានអនុវត្តតាមជំនឿរបស់ខ្លួន។ ណូអេនិងក្រុមគ្រួសាររបស់លោកក៏ច្បាស់ជាបានរងទុក្ខផងដែរ ពេលអនុវត្តតាមជំនឿរបស់ខ្លួន។ សម័យរបស់ណូអេមានលក្ខណៈស្រដៀងនឹងសម័យហេណុកត្រង់ចំណុចថា មានអ្នកថ្វាយបង្គំពិតចំនួនតិចទេ ពោលគឺប្រាំបីនាក់បានបង្ហាញចិត្តស្មោះភក្ដីហើយបានរួចរស់ជីវិតពីទឹកជំនន់។ ណូអេបានផ្សព្វផ្សាយអំពីភាពសុចរិតក្នុងកំឡុងគ្រាដ៏ឃោរឃៅដែលពេញទៅដោយអំពើអនាចារ។ ម្យ៉ាងទៀត ណូអេនិងក្រុមគ្រួសាររបស់លោកបានកសាងទូកឈើធំមួយ ដើម្បីត្រៀមខ្លួនសំរាប់ទឹកជំនន់ដែលត្រូវលិចពិភពលោកទាំងមូលនោះ ទោះជាគ្មាននរណាធ្លាប់ឃើញទឹកជន់លិចផែនដីពីមុនក្ដី។ ដូច្នេះ ពេលមនុស្សដទៃឃើញពួកគាត់សង់ទូកធំនោះ ពួកគេច្បាស់ជាចាត់ទុកកិច្ចការនោះជាការចម្លែកមែន។
៤. តើព្រះយេស៊ូបញ្ជាក់ថាមនុស្សនៅសម័យណូអេមានកំហុសអ្វី?
៤ គួរឲ្យចាប់អារម្មណ៍ណាស់ថា ពេលដែលព្រះយេស៊ូមានបន្ទូលអំពីសម័យលោកណូអេនោះ ទ្រង់មិនបានសំដៅទៅលើអំពើឃោរឃៅ សាសនាមិនពិតឬអំពើអនាចារនោះទេ ទោះជាការទាំងនោះជាការអាក្រក់ណាស់ណាក៏ដោយ។ កំហុសដែលព្រះយេស៊ូបានបញ្ជាក់នោះគឺ ការមិនព្រមយកចិត្តទុកដាក់ចំពោះការព្រមានដែលត្រូវជូនចំពោះពួកបណ្ដាជននាសម័យនោះ។ ព្រះយេស៊ូមានបន្ទូលថា ពួកគេបាន«ស៊ីផឹកហើយរៀបការប្ដីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ»។ តើការស៊ីផឹកនិងការរៀបអាពាហ៍ពិពាហ៍ជាអំពើខុសឆ្គងឬទេ? តាមពិត ពួកគេមានរបៀបរស់នៅដែលគ្រប់គ្នាចាត់ទុកជាការធម្មតាវិញ! ប៉ុន្តែ ទឹកជំនន់មួយហៀបនឹងមកដល់ ហើយណូអេបានផ្សព្វផ្សាយអំពីការសុចរិតវិញ។ ពាក្យសំដីនិងការប្រព្រឹត្តរបស់ណូអេគួរធ្វើជាការព្រមានដល់មហាជនទាំងនោះ។ យ៉ាងណាក៏ដោយ ពួក«គេឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើងយកគេទៅទាំងអស់គ្នា»។—ម៉ាថាយ ២៤:៣៨, ៣៩
៥. តើណូអេនិងក្រុមគ្រួសាររបស់លោកត្រូវមានគុណសម្បត្ដិបែបណាខ្លះ?
៥ ពេលដែលយើងគិតពិចារណាអំពីសម័យនោះ យើងទទួលស្គាល់ថា ណូអេបានប្រព្រឹត្តដោយប្រាជ្ញាមែន។ ក៏ប៉ុន្តែ ក្នុងកំឡុងគ្រាមុនទឹកជំនន់នោះ ពួកគាត់ត្រូវមានចិត្តក្លាហានទើបអាចញែកខ្លួនដោយឡែកពីមនុស្សដទៃ។ ណូអេនិងក្រុមគ្រួសាររបស់លោកត្រូវមានជំនឿស៊ប់មែន ទើបសុខចិត្តកសាងទូកធំមួយទាំងប្រមូលពួកសត្វទាំងឡាយឲ្យចូលទៅក្នុងទូកនោះ។ ក្នុងចំណោមប៉ុន្មាននាក់នោះដែលមានចិត្តស្មោះភក្ដី តើនរណាម្នាក់មានអារម្មណ៍ម្ដងម្កាលថា មានចិត្តចង់រស់នៅបែបធម្មតាវិញ ដោយមិនចង់មានភាពខុសប្លែកពីគេឯងឬទេ? ទោះបើគាត់ម្នាក់ៗប្រហែលជាធ្លាប់មានគំនិតបែបនោះក្ដី ពួកគាត់ក៏មិនបានលះបង់ចិត្តស្មោះគ្រប់ល័ក្ខណ៍ឡើយ។ ជាយូរឆ្នាំក្រោយមក ដែលច្រើនជាងឆ្ងាយណាស់នូវរយៈពេលដែលយើងត្រូវស៊ូទ្រាំក្នុងរបបលោកីយ៍នេះ ជំនឿរបស់ណូអេបាននាំឲ្យគាត់ទទួលសេចក្ដីសង្គ្រោះឲ្យរួចផុតពីទឹកជំនន់។ ក៏ប៉ុន្តែ ព្រះយេហូវ៉ាបានកាត់ក្ដីលើអស់អ្នកដែលចេះតែមានរបៀបរស់នៅបែបធម្មតាដោយមិនយកចិត្តទុកដាក់ចំពោះសារៈសំខាន់នៃគ្រាដែលពួកគេកំពុងតែរស់នៅ។
អំពើឃោរឃៅញាំញីមនុស្សលោកម្ដងទៀត
៦. ក្រោយទឹកជំនន់នោះ តើនៅមានស្ថានភាពបែបណា?
៦ ក្រោយទឹកជន់បានស្រកអស់ មនុស្សជាតិមានឱកាសចាប់កើនឡើងសាជាថ្មីទៀត។ ក៏ប៉ុន្តែ មនុស្សនាសម័យនោះនៅតែមានភាពមិនគ្រប់ល័ក្ខណ៍ ហើយ«គំនិតក្នុងចិត្តមនុស្ស»នៅតែ«អាក្រក់តាំងតែពីក្មេងមក»។ (លោកុប្បត្តិ ៨:២១) ម្យ៉ាងវិញទៀត ទោះជាពួកបិសាចលែងមានសមត្ថភាពប្រែក្រឡាឲ្យមានរូបកាយជាមនុស្សទៀតក្ដី ពួកវានៅតែមានសកម្មភាពច្រើនណាស់។ លោកីយ៍ដែលពេញទៅដោយមនុស្សទមិលល្មើសនោះបានបង្ហាញយ៉ាងឆាប់ថា កំពុងតែ«ដេកនៅក្នុងឱវាទនៃមេកំណាច» ហើយដូចសម័យយើងនេះ ពួកអ្នកថ្វាយបង្គំពិតត្រូវទប់ទល់នឹង«ឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស»។—យ៉ូហានទី១ ៥:១៩; អេភេសូរ ៦:១១, ១២
៧. បន្ទាប់ពីជំនាន់ទឹកជំនន់នោះ តើអំពើឃោរឃៅបានរីកកើនឡើងយ៉ាងដូចម្ដេច?
៧ យ៉ាងហោចណាស់តាំងពីជំនាន់លោកនីមរ៉ុឌ ផែនដីបានពេញទៅដោយអំពើឃោរឃៅម្ដងទៀត។ តាំងពីគ្រានោះមក អំពើឃោរឃៅបានរីកកើនឡើងដោយសារការចំរើនឡើងនៃចំនួនមនុស្សនិងការជឿនលឿនខាងបច្ចេកទេស។ នៅសម័យដើមនោះ មនុស្សបានប្រើដាវនិងលំពែង ធ្នូនិងព្រួញ ហើយរទេះសេះចំបាំង។ នៅសម័យថ្មីៗនេះ មានកាំភ្លើងធុនតូចនិងធំរួមទាំងអាវុធធំដ៏សាំញ៉ាំដែលមនុស្សបានចាប់ផ្ដើមប្រើនៅដើមសតវត្សរ៍ទី២០។ តាំងពីសង្គ្រាមលោកលើកទី១នោះ មនុស្សបានចាប់ផ្ដើមប្រើសាស្ដ្រាវុធផ្សេងៗទៀតដ៏គួរឲ្យរន្ធត់ ដូចជាយន្តហោះ រថក្រោះ នាវាមុជទឹកនិងឧស្ម័នពុលជាដើម។ មនុស្សរាប់លាននាក់បានត្រូវសម្លាប់ក្នុងសង្គ្រាមនោះដោយគ្រឿងសាស្ដ្រាវុធទាំងនេះ។ តើព្រឹត្ដិការណ៍នោះគួរធ្វើឲ្យភ្ញាក់ផ្អើលទេ? មិនមែនទេ។
៨. តើវិវរណៈ ៦:១-៤ បានសម្រេចហើយយ៉ាងដូចម្ដេច?
៨ នៅឆ្នាំ១៩១៤ ព្រះយេស៊ូត្រូវបានតែងតាំងឡើងជាស្តេចក្នុងព្រះរាជាណាចក្ររបស់ព្រះនៅស្ថានសួគ៌ ហើយ«ថ្ងៃនៃព្រះអម្ចាស់»បានចាប់ផ្ដើមឡើង។ (វិវរណៈ ១:១០) សៀវភៅវិវរណៈរៀបរាប់អំពីចក្ខុនិមិត្តមួយដែលបង្ហាញពីព្រះយេស៊ូជាស្តេចមួយអង្គកំពុងតែជិះសេះសទាំងមានជ័យជំនះផង។ សេះឯទៀតបានមកតាមក្រោយទ្រង់ ហើយសេះនីមួយៗនោះតំណាងនូវទុក្ខវេទនាផ្សេងៗដែលលោកីយ៍ត្រូវជួបប្រទះ។ សេះទាំងប៉ុន្មាននោះរួមមានអ្នកជិះលើសេះសម្បុរក្រហមមួយ ហើយអ្នកជិះនោះមានសិទ្ធិ«ដកយកសេចក្ដីសុខសាន្តពីផែនដីចេញឲ្យមនុស្សលោកបានសំឡាប់គ្នា គេក៏ប្រគល់ដាវ១យ៉ាងធំដល់អ្នកនោះដែរ»។ (វិវរណៈ ៦:១-៤) សេះនិងអ្នកជិះវានោះតំណាងសង្គ្រាម ហើយដាវ១យ៉ាងធំក៏តំណាងនូវការបំផ្លិចបំផ្លាញដែលមានទំហំពុំធ្លាប់មានទេ ដោយសារយុទ្ធសាស្ត្រពូកែនិងសាស្ដ្រាវុធទំនើបៗ។ សស្ដ្រាវុធទាំងនេះរួមបញ្ចូលកាំជ្រួចដែលអាចហោះរាប់ពាន់គីឡូម៉ែត្រដើម្បីទំលាក់ប្រដាប់នុយក្លេអ៊ែដែលមានលទ្ធភាពបំផ្លាញជីវិតមនុស្សរាប់សិបម៉ឺននាក់ ព្រមទាំងអាវុធប្រល័យលោកដ៏ទំនើបៗដែលប្រើជាតិគីមីឬបាក់តេរីដើម្បីសម្លាប់មនុស្ស។
យើងយកចិត្តទុកដាក់ស្ដាប់ការព្រមានរបស់ព្រះយេហូវ៉ា
៩. តើលោកីយ៍សព្វថ្ងៃនេះនិងស្ថានភាពក្នុងពិភពលោកមុនទឹកជំនន់នោះមានលក្ខណៈស្រដៀងគ្នាណាខ្លះ?
៩ នៅសម័យលោកណូអេ ព្រះយេហូវ៉ាបានបំផ្លាញលោកីយ៍នោះចោលដោយសារអំពើឃោរឃៅច្រើនដល់ម្ល៉េះដែលប្រព្រឹត្តដោយមនុស្សអាក្រក់ដែលមានពួកនីហ្វីលីមញុះញង់។ ចុះយ៉ាងណានៅសព្វថ្ងៃនេះ? តើលោកីយ៍នេះប្រព្រឹត្តអំពើហិង្សាតិចជាងសម័យណូអេឬទេ? មិនតិចជាងនោះទេ! ម្យ៉ាងទៀត ដូចសម័យលោកណូអេនោះ មនុស្សចេះតែរវល់ក្នុងការរស់នៅបែបដែលគេចាត់ទុកជាជីវភាពរស់នៅធម្មតា តែមិនព្រមយកចិត្តទុកដាក់ចំពោះការព្រមានដែលកំពុងប្រកាសប្រាប់។ (លូកា ១៧:២៦, ២៧) បើដូច្នេះ តើមានហេតុសង្ស័យថា ព្រះយេហូវ៉ានឹងមិនបំផ្លាញចោលលោកីយ៍ម្ដងទៀតឬទេ? គ្មានហេតុសង្ស័យសោះឡើយ។
១០. (ក) តើទំនាយនីមួយៗក្នុងព្រះគម្ពីរផ្ដល់ការព្រមានអ្វី? (ខ) នៅសព្វថ្ងៃនេះ តើយើងគួរធ្វើអ្វី?
១០ រាប់រយឆ្នាំមុនទឹកជំនន់នោះ ហេណុកបានទាយថាសេចក្ដីហិនវិនាសត្រូវកើតមានឡើងនៅសម័យយើងនេះ។ (យូដាស ១៤, ១៥) ព្រះយេស៊ូក៏បានមានបន្ទូលអំពី«សេចក្ដីវេទនាជាខ្លាំងណាស់»ដែលត្រូវកើតមានឡើង។ (ម៉ាថាយ ២៤:២១) ព្យាការីឯទៀតក៏បានព្រមានអំពីគ្រាវេទនានោះដែរ។ (អេសេគាល ៣៨:១៨-២៣; ដានីយ៉ែល ១២:១; យ៉ូអែល ២:៣១, ៣២) ហើយក្នុងសៀវភៅវិវរណៈ យើងអាននូវការពណ៌នាដ៏រស់រវើកមួយអំពីសេចក្ដីហិនវិនាសនាពេលចុងបង្អស់នោះ។ (វិវរណៈ ១៩:១១-២១) យើងម្នាក់ៗយកតម្រាប់តាមគំរូរបស់ណូអេ ហើយមានសកម្មភាពជាអ្នកប្រកាសប្រាប់អំពីសេចក្ដីសុចរិត។ យើងយកចិត្តទុកដាក់ស្ដាប់ការព្រមានរបស់ព្រះយេហូវ៉ា ហើយបង្ហាញសេចក្ដីស្រឡាញ់ដោយជួយអ្នកជិតខាងឲ្យធ្វើដូច្នេះដែរ។ យ៉ាងនេះ យើងក៏ដើរជាមួយនឹងព្រះដូចណូអេដែរ។ ប្រាកដហើយ ការដើរជាមួយនឹងព្រះជានិច្ចពិតជាចាំបាច់ណាស់ចំពោះអស់អ្នកដែលចង់រស់នៅជានិរន្តរ៍។ បើគិតអំពីការបង្ខិតបង្ខំផ្សេងៗដែលយើងជួបប្រទះរាល់ថ្ងៃ តើយើងអាចបន្តដើរជាមួយនឹងព្រះយ៉ាងដូចម្ដេចបាន? យើងត្រូវបណ្ដុះឲ្យមានជំនឿមុតមាំទៅលើការសម្រេចនៃបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ា។—ហេព្រើរ ១១:៦
ចូរដើរជាមួយនឹងព្រះក្នុងគ្រាច្របូកច្របល់
១១. តើយើងអាចធ្វើតាមគំរូរបស់ពួកគ្រីស្ទាននៅសតវត្សរ៍ទីមួយយ៉ាងដូចម្ដេច?
១១ នៅសតវត្សរ៍ទីមួយ ពួកគ្រីស្ទានចាក់ប្រេងតាំងបានត្រូវពណ៌នាជាពួកអ្នកដែល«ដើរតាមមាគ៌ារបស់ព្រះ»។ (កិច្ចការ ៩:២, ខ.ស.) ពួកគេបានតម្រង់វិថីជីវិតទាំងស្រុងទៅតាមជំនឿលើព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទ។ ពួកគេបានដើរតាមលំអានដានរបស់ព្រះអម្ចាស់។ នៅសព្វថ្ងៃនេះបងប្អូនគ្រីស្ទានស្មោះភក្ដីក៏ធ្វើដូចគ្នាដែរ។
១២. តើអ្វីកើតឡើងក្រោយព្រះយេស៊ូបានចម្អែតមនុស្សមួយហ្វូងយ៉ាងធំដោយអព្ភូតហេតុ?
១២ ព្រឹត្ដិការណ៍មួយដែលបានកើតឡើងក្នុងកំឡុងកិច្ចបំរើផ្សាយរបស់ព្រះយេស៊ូនៅលើផែនដី បានបង្ហាញពីសារៈសំខាន់នៃជំនឿដ៏រឹងមាំ។ គ្រាមួយព្រះយេស៊ូបានធ្វើអព្ភូតហេតុឲ្យមានចំណីអាហារជូនមនុស្សប្រុសប្រហែលជា៥.០០០នាក់។ ប្រជាជននោះមានចិត្តស្ងើចណាស់ ហើយក៏សប្បាយរីករាយផង។ ប៉ុន្តែ សូមកត់សម្គាល់នូវអ្វីដែលបានកើតឡើងបន្តបន្ទាប់ទៀត។ យើងអានថា៖ «កាលមនុស្សទាំងប៉ុន្មានបានឃើញទីសំគាល់ដែលព្រះយេស៊ូវធ្វើនោះ គេក៏និយាយថា៖ ‹លោកនេះប្រាកដជាហោរានោះដែលត្រូវមកក្នុងលោកីយមែន›។ ដូច្នេះ ព្រះយេស៊ូវក៏ថយឡើងទៅលើភ្នំតែ១អង្គទ្រង់វិញទៀត ពីព្រោះទ្រង់ជ្រាបថា គេគិតមកចាប់ទ្រង់ដោយកំឡាំងដើម្បីនឹងតាំងឡើងជាស្តេច»។ (យ៉ូហាន ៦:១០-១៥) ព្រះយេស៊ូបានធ្វើដំណើរទៅតំបន់ផ្សេងទៀតក្នុងរាត្រីនោះ។ មនុស្សជាច្រើនប្រហែលជាខកចិត្តដោយសារព្រះយេស៊ូមិនព្រមធ្វើជាស្តេច ដ្បិតទ្រង់បានបង្ហាញថា ទ្រង់មានប្រាជ្ញាគ្រប់គ្រាន់ដើម្បីធ្វើជាស្តេចមែន ហើយទ្រង់ក៏មានអំណាចបំពេញសេចក្ដីត្រូវការរបស់ប្រជាជនផង។ ក៏ប៉ុន្តែ ពេលនោះមិនទាន់ជាគ្រាដែលព្រះយេហូវ៉ាកំណត់ឲ្យព្រះយេស៊ូសោយរាជ្យជាស្តេចទេ។ ម្យ៉ាងវិញទៀត ព្រះរាជាណាចក្ររបស់ព្រះយេស៊ូត្រូវតាំងឡើងនៅស្ថានសួគ៌ មិនមែននៅលើផែនដីទេ។
១៣, ១៤. តើមនុស្សជាច្រើនបានបង្ហាញនូវចិត្តគំនិតបែបណា? តើជំនឿរបស់ពួកគេបានត្រូវល្បងលយ៉ាងដូចម្ដេច?
១៣ យ៉ាងណាក្ដី មនុស្សជាច្រើនបានដើររកព្រះយេស៊ូទៀត ហើយបានរកទ្រង់ឃើញ«នៅឯត្រើយ»សមុទ្រ ដូចយ៉ូហានប្រាប់នោះ។ ហេតុដូចម្ដេចបានជាពួកគេដើរតាមព្រះយេស៊ូក្រោយទ្រង់គេចវេះពីការទទួលឋានៈជាស្តេចដូច្នេះ? មនុស្សជាច្រើនបាននិយាយយ៉ាងចំសំដៅទៅលើគ្រាដែលព្រះយេហូវ៉ាផ្គត់ផ្គង់ដល់ប្រជាជនក្នុងទីរហោស្ថាននៅសម័យលោកម៉ូសេ ហើយនេះបានសឲ្យឃើញថា ពួកគេមានតែចំណង់ចំណូលចិត្តខាងឯសាច់ឈាមប៉ុណ្ណោះ។ ពួកគេបាននិយាយបញ្ឆិតបញ្ឆៀងថា ព្រះយេស៊ូគួរតែផ្ដល់អាហារទៀតដល់ពួកគេ។ ដោយសារព្រះយេស៊ូជ្រាបអំពីបំណងចិត្តមិនល្អរបស់បណ្ដាជននោះ ទ្រង់ចាប់ផ្ដើមបង្រៀនសេចក្ដីពិតខាងវិញ្ញាណដែលអាចកែប្រែគំនិតរបស់គេវិញ។ (យ៉ូហាន ៦:១៧, ២៤, ២៥, ៣០, ៣១, ៣៥-៤០) មនុស្សខ្លះបានរអ៊ូរទាំតបនឹងទ្រង់ ជាពិសេសពេលដែលទ្រង់មានបន្ទូលនូវឧទាហរណនិទស្សន៍ថា៖ «ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនពិសាសាច់ ហើយមិនផឹកឈាមរបស់កូនមនុស្ស នោះអ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនទេ។ អ្នកណាដែលបរិភោគសាច់នឹងឈាមរបស់ខ្ញុំ នោះមានជីវិតដ៏នៅអស់កល្បជានិច្ចហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញនៅថ្ងៃចុងបំផុត»។—យ៉ូហាន ៦:៥៣, ៥៤
១៤ ឧទាហរណនិទស្សន៍ផ្សេងៗដែលព្រះយេស៊ូប្រើនោះ ច្រើនតែបានជំរុញមនុស្សឲ្យបង្ហាញពីជំរៅចិត្តថា តើគេពិតជាចង់ដើរជាមួយនឹងព្រះឬយ៉ាងណា? ឧទាហរណនិទស្សន៍មួយនេះក៏ដូចគ្នាដែរ។ បន្ទូលនោះបាននាំឲ្យមានប្រតិកម្មខ្លាំង។ យើងអាចថា៖ «ពួកសិស្សទ្រង់ជាច្រើនដែលឮសេចក្ដីនោះក៏និយាយថា៖ ‹ពាក្យនេះពិបាកស្ដាប់ណាស់! តើអ្នកណាយល់បាន?›»។ ព្រះយេស៊ូបានពន្យល់ទៀតថា ពួកគេត្រូវខំយល់នូវអត្ថន័យខាងវិញ្ញាណនៃបន្ទូលរបស់ទ្រង់។ ព្រះយេស៊ូមានបន្ទូលថា៖ «គឺជាវិញ្ញាណដែលឲ្យមានជីវិត រូបសាច់គ្មានប្រយោជន៍អ្វីទេ។ ឯពាក្យដែលខ្ញុំនិយាយនឹងអ្នករាល់គ្នា នោះត្រូវខាងវិញ្ញាណនឹងជីវិតវិញ»។ យ៉ាងណាក៏ដោយ មនុស្សជាច្រើននោះមិនព្រមស្ដាប់ទេ ហើយកំណត់ហេតុរៀបរាប់ទៀតថា៖ «តាំងពីនោះមក មានសិស្សទ្រង់ជាច្រើនដកខ្លួនថយចេញ មិនតាមទ្រង់ទៀតទេ»។—យ៉ូហាន ៦:៦០, ៦៣, ៦៦
១៥. តើមនុស្សខ្លះដែលកាន់តាមព្រះយេស៊ូមានទស្សនៈល្អបែបណា?
១៥ យ៉ាងណាក្ដី សិស្សខ្លះរបស់ព្រះយេស៊ូមានអារម្មណ៍ផ្សេងពីនោះ។ តាមពិត សិស្សទាំងនេះក៏មិនបានយល់ច្បាស់លាស់នូវបន្ទូលរបស់ព្រះយេស៊ូទេ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេនៅតែទុកចិត្តយ៉ាងខ្លាំងទៅលើព្រះយេស៊ូ។ ពេត្រុសជាសិស្សស្មោះត្រង់ម្នាក់ ហើយគាត់បានបង្ហាញពីអារម្មណ៍របស់ពួកអ្នកដែលមិនបានលះចោលព្រះយេស៊ូដោយស្រដីថា៖ «ព្រះអម្ចាស់អើយ! តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ? គឺទ្រង់ហើយដែលមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច»។ (យ៉ូហាន ៦:៦៨) ពេត្រុសពិតជាមានទស្សនៈល្អមែន ដែលជាគំរូល្អណាស់សំរាប់យើង!
១៦. តើយើងអាចជួបប្រទះការល្បងលបែបណា? តើយើងគួរបណ្ដុះឲ្យមានទស្សនៈត្រឹមត្រូវបែបណា?
១៦ នៅសព្វថ្ងៃនេះយើងអាចជួបប្រទះការល្បងលស្រដៀងនឹងអ្វីដែលសិស្សដើមរបស់ព្រះយេស៊ូបានប្រឈមមុខដែរ។ ក្នុងករណីយើង យើងប្រហែលជាអាក់អន់ចិត្តដោយសារសេចក្ដីសន្យារបស់ព្រះមិនបានសម្រេចភ្លាមតាមសេចក្ដីសង្ឃឹមរបស់យើង។ យើងប្រហែលជាមានអារម្មណ៍ថា ការពន្យល់ពីបទគម្ពីរខ្លះក្នុងសៀវភៅរបស់យើងគឺពិបាកយល់។ ប្រហែលជាអាកប្បកិរិយារបស់បងប្អូនគ្រីស្ទានខ្លះក៏ធ្វើឲ្យយើងខកចិត្ត។ តើនេះជាមូលហេតុសមត្រឹមត្រូវឲ្យយើងឈប់ដើរជាមួយនឹងព្រះឬទេ? ច្បាស់ជាអត់ទេ! ពួកសិស្សដែលបានលះចោលព្រះយេស៊ូពេលនោះ បានសបញ្ជាក់នូវគំនិតដែលគិតខាងសាច់ឈាមតែប៉ុណ្ណោះ។ យើងត្រូវចៀសវាងគំនិតបែបនោះជាដាច់ខាត។
‹យើងមិនមែនជាពួកអ្នកដែលថយទៅវិញឡើយ›
១៧. តើអ្វីអាចជួយយើងដើរជាមួយនឹងព្រះជានិច្ច?
១៧ សាវ័កប៉ុលបានសរសេរថា៖ «គ្រប់ទាំងបទគម្ពីរគឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង»។ (ធីម៉ូថេទី២ ៣:១៦) ព្រះយេហូវ៉ាមានបន្ទូលតាមរយៈព្រះគម្ពីរហើយប្រាប់យើងយ៉ាងច្បាស់ថា៖ «គឺផ្លូវនេះទេ។ ចូរដើរតាមនេះវិញ»។ (អេសាយ ៣០:២១) ការស្ដាប់តាមបន្ទូលរបស់ព្រះតែងតែជួយយើង‹ប្រយ័តអំពីរបៀបដើរ›។ (អេភេសូរ ៥:១៥) ការសិក្សាព្រះគម្ពីរនិងការរំពឹងគិតអំពីអ្វីដែលយើងរៀននោះ នឹងជួយយើង«ប្រតិបត្ដិតាមសេចក្ដីពិតជានិច្ច»។ (យ៉ូហានទី៣ ៣, ខ.ស.) ពិតណាស់ ដូចព្រះយេស៊ូបានមានបន្ទូលនោះ «គឺជាវិញ្ញាណដែលឲ្យមានជីវិត រូបសាច់គ្មានប្រយោជន៍អ្វីទេ»។ មានតែការណែនាំខាងវិញ្ញាណប៉ុណ្ណោះ ដែលយើងអាចទុកចិត្តបានក្នុងការតម្រង់ជំហានរបស់យើង ហើយការណែនាំនោះមកតាមរយៈព្រះបន្ទូលរបស់ព្រះ ហើយតាមវិញ្ញាណនិងអង្គការរបស់ទ្រង់ដែរ។
១៨. (ក) តើមនុស្សខ្លះបង្ហាញថាខ្លួនខ្វះប្រាជ្ញា ដោយធ្វើអ្វី? (ខ) តើយើងខិតខំបណ្ដុះឲ្យមានជំនឿបែបណា?
១៨ នៅសព្វថ្ងៃនេះ មនុស្សដែលរកាំចិត្តដោយសារមានទស្សនៈខាងសាច់ឈាម ឬដោយសារសេចក្ដីសង្ឃឹមរបស់គេផ្ទាល់មិនទាន់បានសម្រេចនោះ ច្រើនតែបែរមកប្រើលោកីយ៍នេះយ៉ាងហួសល្បត់វិញ។ ពួកគេលែងទទួលស្គាល់ថានេះជាគ្រាបន្ទាន់ ហើយមិនចាត់ទុកការ«ចាំយាម»ជាអ្វីដ៏សំខាន់ទេ។ ពួកគេក៏សម្រេចចិត្តបំពេញតាមគោលដៅដែលបង្ហាញពីអត្តទត្ថភាពជាជាងស្វែងរកប្រយោជន៍ខាងព្រះរាជាណាចក្ររបស់ព្រះ។ (ម៉ាថាយ ២៤:៤២) ការដើរបែបនេះគ្មានប្រយោជន៍អ្វីសោះឡើយ! សូមកត់សម្គាល់នូវពាក្យរបស់សាវ័កប៉ុលដែលថា៖ «យើងរាល់គ្នាមិនមែនជាពួកអ្នកដែលថយទៅវិញឲ្យត្រូវវិនាសនោះឡើយ [តែ]ជាពួកអ្នកដែលមានសេចក្ដីជំនឿសំរាប់ឲ្យព្រលឹងបានសង្គ្រោះវិញ»។ (ហេព្រើរ ១០:៣៩) ដូចលោកហេណុកនិងណូអេ យើងរស់នៅគ្រាច្របូកច្របល់ណាស់! ប៉ុន្តែ យើងនៅតែមានសិទ្ធិដើរជាមួយនឹងព្រះដូចពួកគាត់ដែរ។ ពេលធ្វើដូច្នេះ យើងក៏មានចិត្តដឹងជាក់ថា យើងនឹងឃើញការសម្រេចនៃបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ា រួមទាំងការបំផ្លាញចោលនៃអំពើអាក្រក់ និងការស្ថាបនានូវពិភពលោកថ្មីដ៏សុចរិត។ នេះហើយជាសេចក្ដីសង្ឃឹមដ៏អស្ចារ្យមែន!
១៩. តើមីការៀបរាប់ថា ពួកអ្នកថ្វាយបង្គំពិតនឹងប្រព្រឹត្តយ៉ាងណា?
១៩ ព្រះបានបណ្ដាលឲ្យព្យាការីមីការៀបរាប់អំពីសាសន៍ទាំងឡាយក្នុងលោកីយ៍នេះថា ពួកគេនឹង«ប្រព្រឹត្តតាមឈ្មោះរបស់ព្រះនៃគេរៀងខ្លួន»។ រួចមក មីកាក៏មានប្រសាសន៍អំពីខ្លួនគាត់និងអ្នកថ្វាយបង្គំស្មោះភក្ដីឯទៀតថា៖ «គង់តែយើងរាល់គ្នានឹងប្រព្រឹត្តតាមព្រះនាមនៃព្រះយេហូវ៉ា ជាព្រះនៃយើង ជាដរាបរៀងតទៅ»។ (មីកា ៤:៥) បើអ្នកមានចិត្តប្រាថ្នាដូចមីកានោះ ចូរឲ្យមានភាពស្និទ្ធស្នាលជានិច្ចជាមួយនឹងព្រះយេហូវ៉ា ទោះជាគ្រានេះក្លាយទៅជាគ្រាច្របូកច្របល់ប៉ុនណាក៏ដោយ។ (យ៉ាកុប ៤:៨) សូមឲ្យយើងរាល់គ្នាមានចិត្តប្រាថ្នាចង់ដើរជាមួយនឹងព្រះយេហូវ៉ាជាព្រះរបស់យើងជាដរាបរៀងតទៅ!
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើសម័យលោកណូអេនិងសម័យយើងនេះមានលក្ខណៈស្រដៀងគ្នាយ៉ាងណា?
• តើណូអេនិងក្រុមគ្រួសាររបស់គាត់មានគន្លងជីវិតបែបណា? តើយើងអាចយកតម្រាប់តាមជំនឿរបស់ពួកគាត់បានយ៉ាងណា?
• តើមនុស្សខ្លះដែលបានកាន់តាមព្រះយេស៊ូនោះ បានសឲ្យឃើញថាមានទស្សនៈមិនល្អបែបណា?
• តើពួកគ្រីស្ទានពិតបានតាំងចិត្តធ្វើអ្វី?
[រូបភាពនៅទំព័រ១៥]
ដូចនៅសម័យលោកណូអេនោះ មនុស្សនៅសព្វថ្ងៃនេះចេះតែវីវក់នឹងការប្រព្រឹត្តរបស់ខ្លួន
[រូបភាពនៅទំព័រ១៦]
ក្នុងនាមជាអ្នកផ្សព្វផ្សាយសារព្រះរាជាណាចក្ររបស់ព្រះនោះ ‹យើងមិនមែនជាពួកអ្នកដែលថយទៅវិញឡើយ›