ការឈ្វេងយល់«សេចក្ដីជ្រាលជ្រៅនៃព្រះ»
«វិញ្ញាណនៃទ្រង់ស្ទង់មើល[ឬ«ឈ្វេងយល់»]គ្រប់ទាំងអស់ ព្រមទាំងសេចក្ដីជ្រាលជ្រៅនៃព្រះដែរ»។—កូរិនថូសទី១ ២:១០; ខ.ស.
១. ពេលចាប់ផ្ដើមរៀនគម្ពីរ តើសិស្សថ្មីត្រេកអរចំពោះសេចក្ដីបង្រៀនអ្វីខ្លះ?
យើងភាគច្រើនក្នុងក្រុមជំនុំនៃពួកគ្រិស្តសាសនិក អាចនឹកចាំនូវអំណរដែលយើងមានពេលបានរៀនសេចក្ដីពិតក្នុងគម្ពីរជាលើកដំបូង។ យើងបានរៀនឲ្យយល់អត្ថន័យនៃឈ្មោះរបស់ព្រះយេហូវ៉ា បានរៀននូវមូលហេតុដែលទ្រង់អនុញ្ញាតឲ្យមានការឈឺចាប់យ៉ាងយូរម្ល៉េះ ហេតុដែលមនុស្សខ្លះឡើងទៅស្ថានសួគ៌ ព្រមទាំងយល់អំពីអនាគតល្អចំពោះមនុស្សទាំងឡាយដែលស្មោះត្រង់ចំពោះទ្រង់។ យើងប្រហែលជាធ្លាប់អានគម្ពីរមុនពេលដែលយើងបានរៀនសេចក្ដីទាំងនេះ ប៉ុន្តែមិនបានយល់សោះ ដូចមនុស្សភាគច្រើននៅសព្វថ្ងៃនេះ។ ស្ថានការណ៍នោះប្រៀបដូចជាមនុស្សម្នាក់ដែលខំមើលផ្កាថ្មដែលដុះនៅក្នុងទឹក។ បើអត់មានឧបករណ៍ គាត់ពិបាកមើលអ្វីដែលលាក់ខ្លួននៅក្នុងទឹកនោះ។ ប៉ុន្តែ បើគាត់មានវ៉ែនតាសម្រាប់មើលនៅក្នុងទឹក ឬមួយក៏មានទូកដែលបាតធ្វើពីកញ្ចក់ គាត់សប្បាយចិត្តដោយឃើញជាលើកទីមួយនូវផ្កាថ្មនិងត្រីចម្រុះពណ៌ស្អាតៗ ព្រមទាំងរុក្ខជាតិនិងសត្វចម្លែកៗឯទៀត។ ស្រដៀងគ្នាដែរ ពេលនរណាម្នាក់បានជួយយើងឲ្យយល់នូវសេចក្ដីបង្រៀនក្នុងគម្ពីរ នោះជាលើកដំបូងដែលយើងបានឃើញត្រួសៗនូវ«សេចក្ដីជ្រាលជ្រៅនៃព្រះ»។—កូរិនថូសទី១ ២:៨-១០
២. ហេតុអ្វីបានជាការសិក្សាបណ្ដាំរបស់ព្រះយេហូវ៉ាអាចនាំឲ្យមានអំណរជានិច្ច?
២ តើយើងគួរស្កប់ចិត្តនឹងការពិនិត្យមើលតែត្រួសៗនូវសេចក្ដីពិតក្នុងគម្ពីរឬ? ការឈ្វេងយល់នូវ«សេចក្ដីជ្រាលជ្រៅនៃព្រះ»មានន័យថា យើងយល់អំពីប្រាជ្ញារបស់ព្រះយេហូវ៉ាដែលទ្រង់បើកឲ្យគ្រិស្តសាសនិកយល់ តាមរយៈវិញ្ញាណឬសកម្មពលរបស់ទ្រង់ តែជាប្រាជ្ញាដែលទ្រង់បិទបាំងមិនឲ្យមនុស្សទាំងអស់យល់ទេ។ (កូរិនថូសទី១ ២:៧) ប្រាជ្ញារបស់ព្រះយេហូវ៉ាគ្មានកម្រិតសោះ ដូច្នេះការស្វែងយល់អំពីទ្រង់អាចនាំឲ្យមានអំណរជានិច្ចនិរន្តរ! យើងមិនអាចយល់ទាំងស្រុង នូវប្រយោជន៍ដែលមកពីការប្រព្រឹត្តតាមមាគ៌ារបស់ទ្រង់ទេ។ បើយើងខំព្យាយាមជានិច្ច ដើម្បីឈ្វេងយល់នូវ«សេចក្ដីជ្រាលជ្រៅនៃព្រះ» យើងក៏នឹងមានអំណរជានិច្ចដែរ ជាអំណរដូចយើងធ្លាប់មាននៅដើមដំបូង ពេលបានរៀនបឋមសិក្សាក្នុងគម្ពីរជាលើកទីមួយ។
៣. ហេតុអ្វីក៏ចាំបាច់ម្ល៉េះឲ្យយើងយល់ច្បាស់នូវមូលហេតុដែលយើងជឿទៅលើសេចក្ដីពិតក្នុងគម្ពីរ?
៣ ហេតុអ្វីបានជាចាំបាច់ម្ល៉េះឲ្យយើងឈ្វេងយល់នូវ«សេចក្ដីជ្រាលជ្រៅ»ទាំងនោះ? ការយល់ដឹងអំពីសេចក្ដីពិតដែលជាមូលដ្ឋាននៃជំនឿរបស់យើង គឺចាំបាច់មែន ប៉ុន្តែការយល់ដឹងនូវមូលហេតុដែលយើងជឿទៅលើសេចក្ដីទាំងនោះ គឺសំខាន់ជាង ពីព្រោះនេះអាចពង្រឹងជំនឿរបស់យើងបាន និងផ្ដល់ហេតុឲ្យយើងមានទំនុកចិត្តទៅលើអ្វីដែលយើងជឿ។ ក្នុងគម្ពីរមានយោបល់ឲ្យយើងប្រើសមត្ថភាពវែកញែករបស់ខ្លួន ដើម្បី‹លមើល[ឬ«ពិចារណាមើល»]ឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង›។ (រ៉ូម ១២:១, ២; ខ.ស.) ពេលយើងយល់នូវមូលហេតុដែលព្រះយេហូវ៉ាតម្រូវឲ្យយើងប្រព្រឹត្តយ៉ាងនេះឬយ៉ាងនោះ នេះក៏ជួយពង្រឹងកម្លាំងចិត្តយើងឲ្យចង់ស្ដាប់បង្គាប់ទ្រង់។ ដូច្នេះ ការឈ្វេងយល់នូវ«សេចក្ដីជ្រាលជ្រៅ»ក្នុងគម្ពីរ អាចផ្ដល់កម្លាំងចិត្តដើម្បីជួយយើងឲ្យបដិសេធនឹងអ្វីដែលល្បួងយើង និងទប់ចិត្តកុំឲ្យប្រព្រឹត្តអ្វីដែលខុសច្បាប់ ព្រមទាំងជំរុញយើងឲ្យមានចិត្ត«ឧស្សាហ៍ធ្វើការល្អ»ផងដែរ។—ទីតុស ២:១៤
៤. តើការសិក្សាគម្ពីររួមបញ្ចូលអ្វីខ្លះ?
៤ បើយើងចង់ឈ្វេងយល់នូវសេចក្ដីដ៏ជ្រាលជ្រៅក្នុងគម្ពីរ យើងត្រូវតែព្យាយាមក្នុងការសិក្សា។ ប៉ុន្តែ សូមកត់សម្គាល់ថា ការអានត្រួសៗ មិនមែនជាការសិក្សាទេ។ ការសិក្សាតម្រូវឲ្យយើងពិនិត្យមើលព័ត៌មានដោយយកចិត្តទុកដាក់ ដើម្បីយល់នូវរបៀបដែលព័ត៌មាននោះជាប់ទាក់ទងនឹងពាក្យត្រឹមត្រូវដែលយើងបានរៀនរួចទៅហើយ។ (ធីម៉ូថេទី២ ១:១៣) នេះក៏តម្រូវឲ្យយើងយល់នូវមូលហេតុដែលគម្ពីរចែងទុកដូច្នេះ។ ពេលសិក្សាគម្ពីរ យើងគួររំពឹងគិតដែរ អំពីរបៀបដែលព័ត៌មាននោះអាចជួយយើងឲ្យធ្វើការសម្រេចចិត្តល្អ និងរបៀបអនុវត្តតាមព័ត៌មាននោះដើម្បីជួយអ្នកដទៃ។ ណាមួយទៀត ដោយសារ‹គ្រប់ទាំងបទគម្ពីរបណ្ដាលមកពីព្រះ ហើយមានប្រយោជន៍›នោះ គប្បីឲ្យយើងសិក្សា«គ្រប់ទាំងព្រះបន្ទូល»របស់ទ្រង់ផង។ (ធីម៉ូថេទី២ ៣:១៦, ១៧; ម៉ាថាយ ៤:៤) ទោះជាការសិក្សាគម្ពីរមិនតែងតែស្រួលក្ដី យើងអាចយល់នូវ«សេចក្ដីជ្រាលជ្រៅនៃព្រះ»បាន ហើយនេះអាចនាំឲ្យមានអំណរផង។
ព្រះយេហូវ៉ាជួយមនុស្សរាបសាឲ្យយល់
៥. តើអ្នកណាមានសមត្ថភាពយល់នូវ«សេចក្ដីជ្រាលជ្រៅនៃព្រះ»?
៥ សូម្បីតែអ្នកដែលរៀនមិនសូវពូកែនៅសាលា ឬអ្នកដែលមិនមានទម្លាប់សិក្សាដោយខ្លួនឯងក្ដី ក៏មិនគួរគិតថា ពួកគេគ្មានលទ្ធភាពអ្វីសោះឲ្យឈ្វេងយល់នូវ«សេចក្ដីជ្រាលជ្រៅនៃព្រះ»ឡើយ។ ពេលព្រះយេស៊ូបានផ្សព្វផ្សាយនៅផែនដី ព្រះយេហូវ៉ាមិនបើកសម្ដែងឲ្យពួកអ្នកប្រាជ្ញនិងពួកឈ្លាសវៃយល់អំពីបំណងរបស់ទ្រង់ទេ។ ផ្ទុយទៅវិញ ទ្រង់បើកឲ្យមនុស្សដែលមិនសូវចេះជ្រៅជ្រះនិងឥតបានរៀនសូត្រច្រើនប៉ុន្មានឲ្យយល់វិញ ពីព្រោះពួកគេមានចិត្តរាបទាប ហើយសុខចិត្តស្ដាប់តាមព្រះយេស៊ូជាអ្នកបម្រើព្រះ។ ពួកអ្នកដែលបានទទួលការអប់រំជាន់ខ្ពស់ បានចាត់ទុកអស់អ្នកដែលស្ដាប់តាមព្រះយេស៊ូជាកូនក្មេងវិញ។ (ម៉ាថាយ ១១:២៥; កិច្ចការ ៤:១៣) សាវ័កប៉ុលបានសរសេរចំពោះបងប្អូនរួមជំនឿ អំពីសេចក្ដី«ដែលព្រះបានរៀបចំទុកសំរាប់ពួកអ្នកដែលស្រឡាញ់ទ្រង់»ថា៖ «ព្រះទ្រង់បានសំដែងឲ្យយើងរាល់គ្នាឃើញសេចក្ដីទាំងនោះ ដោយសារព្រះវិញ្ញាណទ្រង់ ដ្បិតព្រះវិញ្ញាណនៃទ្រង់ស្ទង់មើល[ឬ«ឈ្វេងយល់»]គ្រប់ទាំងអស់ ព្រមទាំងសេចក្ដីជ្រាលជ្រៅនៃព្រះដែរ»។—កូរិនថូសទី១ ២:៩, ១០; ខ.ស.
៦. តើសកម្មពលរបស់ព្រះយេហូវ៉ាជួយឲ្យឈ្វេងយល់«គ្រប់ទាំងអស់»យ៉ាងដូចម្ដេច?
៦ តើវិញ្ញាណឬសកម្មពលរបស់ព្រះយេហូវ៉ាឈ្វេងយល់ «គ្រប់ទាំងអស់» រួមទាំង«សេចក្ដីជ្រាលជ្រៅនៃព្រះ»យ៉ាងដូចម្ដេច? ជាជាងបើកសម្ដែងឲ្យគ្រិស្តសាសនិកម្នាក់ៗមានការយល់ដឹងដាច់ដោយឡែកពីគ្នានោះ ព្រះយេហូវ៉ាជួយណែនាំអង្គការរបស់ទ្រង់តាមរយៈសកម្មពលទ្រង់ ដើម្បីផ្ដល់ឲ្យរាស្ត្រទ្រង់ដែលមានសាមគ្គីភាព យល់ច្បាស់នូវសេចក្ដីបង្រៀនក្នុងគម្ពីរ។ (កិច្ចការ ២០:២៨; អេភេសូរ ៤:៣-៦) ទូទាំងពិភពលោក ក្រុមជំនុំនីមួយៗមានកម្មវិធីសិក្សាប្រហាក់ប្រហែលគ្នា។ បន្ដិចម្ដងៗ ពួកគេសិក្សាប្រធានផ្សេងៗពីគម្ពីរ។ សកម្មពលរបស់ព្រះយេហូវ៉ាមានឥទ្ធិពលក្នុងក្រុមជំនុំនានា ហើយជួយពួកគេបណ្ដុះឲ្យមានចិត្តគំនិតត្រឹមត្រូវ ដើម្បីឈ្វេងយល់នូវ«សេចក្ដីជ្រាលជ្រៅនៃព្រះ»។—កិច្ចការ ៥:៣២
តើ«សេចក្ដីជ្រាលជ្រៅនៃព្រះ»រួមបញ្ចូលអ្វីខ្លះ?
៧. ហេតុអ្វីបានជាមនុស្សជាច្រើនមិនយល់នូវ«សេចក្ដីជ្រាលជ្រៅនៃព្រះ»?
៧ កុំឲ្យយើងគិតថា «សេចក្ដីជ្រាលជ្រៅនៃព្រះ»សុទ្ធតែជាសេចក្ដីបង្រៀនដែលពិបាកយល់ឡើយ។ មនុស្សភាគច្រើនមិនមានចំណេះអំពី«សេចក្ដីជ្រាលជ្រៅនៃព្រះ» មិនមែនដោយព្រោះប្រាជ្ញារបស់ទ្រង់ពិបាកយល់ទេ តែដោយសារសាតាំងបានបំភាន់ពួកគេឲ្យបដិសេធជំនួយពីព្រះយេហូវ៉ាតាមរយៈអង្គការទ្រង់។—កូរិនថូសទី២ ៤:៣, ៤
៨. ក្នុងជំពូកទី៣នៃសំបុត្រដែលប៉ុលសរសេរចំពោះក្រុមជំនុំនៅទីក្រុងអេភេសូរ តើគាត់សំដៅទៅលើសេចក្ដីជ្រាលជ្រៅអ្វីខ្លះនៃព្រះ?
៨ ក្នុងជំពូកទី៣នៃសំបុត្រដែលប៉ុលបានសរសេរចំពោះក្រុមជំនុំនៅទីក្រុងអេភេសូរ គាត់បង្ហាញថា «សេចក្ដីជ្រាលជ្រៅនៃព្រះ»ក៏រួមបញ្ចូលសេចក្ដីបង្រៀនជាច្រើនដែលរាស្ត្ររបស់ព្រះយេហូវ៉ាយល់ច្បាស់ហើយ ដូចជាអត្តសញ្ញាណនៃពូជសន្យា ការជ្រើសរើសមនុស្សខ្លះឲ្យឡើងទៅស្ថានសួគ៌ និងរាជាណាចក្រនៃព្រះមេស្ស៊ីជាដើម។ ប៉ុលសំដៅទៅលើសេចក្ដីបង្រៀនទាំងនេះ‹ជាការអាថ៌កំបាំងដែលនៅជាន់មុន ពួកមនុស្សជាតិមិនបានស្គាល់ទេ តែបានសំដែងមកសព្វថ្ងៃនេះ ឲ្យពួកសាវកនឹងពួកហោរាបរិសុទ្ធស្គាល់ដោយសារវិញ្ញាណព្រះ›។ នេះមានន័យថា៖ «ពួកសាសន៍ដទៃបានត្រឡប់ជាអ្នកគ្រងមរដកជាមួយគ្នា នឹងជារូបកាយជាមួយគ្នា ហើយជាអ្នកទទួលចំណែកនៃសេចក្ដីសន្យារបស់ទ្រង់ជាមួយគ្នាក្នុងព្រះគ្រីស្ទដែរ»។ ប៉ុលរៀបរាប់ទៀតថា គាត់បានទទួលភារកិច្ចជាអ្នកដែលត្រូវ«បំភ្លឺដល់គ្រប់មនុស្សទាំងអស់ ពី[«របៀបព្រះអង្គចាត់ចែង»]ការអាថ៌កំបាំងដែលលាក់ទុកក្នុង[ទ្រង់]តាំងពីអស់កល្បរៀងមក»។—អេភេសូរ ៣:៥-៩; ខ.ស.
៩. ម្ដេចក៏ពិសេសម្ល៉េះ ដែលយើងមានឯកសិទ្ធិយល់នូវ«សេចក្ដីជ្រាលជ្រៅនៃព្រះ»?
៩ ប៉ុលបានពន្យល់ទៀតអំពីឆន្ទៈរបស់ព្រះយេហូវ៉ាថា ទ្រង់មានបំណងឲ្យពួកអ្នក‹នៅស្ថានខ្ពស់ស្គាល់ប្រាជ្ញានៃទ្រង់ដែលមានច្រើនយ៉ាង›នោះ «ដោយសារពួកជំនុំ»វិញ។ (អេភេសូរ ៣:១០) ដូច្នេះ ពួកទេវតាក៏អាចរៀនដែរ ដោយពិនិត្យមើលនិងឈ្វេងយល់នូវប្រាជ្ញានៃព្រះយេហូវ៉ាដែលសម្ដែងមកតាមរយៈក្រុមជំនុំនៃពួកគ្រិស្តសាសនិក។ គឺពិសេសមែន! ដែលយើងមានឯកសិទ្ធិយល់អ្វីដែលពួកទេវតាចាប់អារម្មណ៍ចង់យល់ដែរ។ (ពេត្រុសទី១ ១:១០-១២) បន្ទាប់មក ប៉ុលជូនយោបល់ថា យើងគួរខំព្យាយាមដើម្បីឲ្យ«យល់ជាមួយនឹងពួកបរិសុទ្ធទាំងអស់គ្នាពីទទឹង បណ្ដោយ ជំរៅនឹងកំពស់»នៃជំនឿរបស់យើងជាគ្រិស្តសាសនិក។ (អេភេសូរ ៣:១១, ១៨) ឥឡូវយើងសូមពិនិត្យមើលសេចក្ដីបង្រៀនដ៏ជ្រាលជ្រៅខ្លះៗ ដែលអាចជួយយើងឲ្យយល់នូវសេចក្ដីពិតក្នុងគម្ពីរកាន់តែច្បាស់។
សេចក្ដីបង្រៀនដ៏ជ្រាលជ្រៅ
១០, ១១. យោងទៅតាមបទគម្ពីរ តើព្រះយេស៊ូបានក្លាយទៅជាតួអង្គសំខាន់ជាងគេក្នុង«ពូជ»នៃអង្គការរបស់ព្រះយេហូវ៉ានៅឯស្ថានសួគ៌ដែលប្រៀបដូចជា«ស្ត្រី» នៅពេលណា?
១០ សៀវភៅលោកុប្បត្តិ ៣:១៥ សំដៅទៅលើ«ស្ត្រី»មួយដែលតំណាងអង្គការរបស់ព្រះយេហូវ៉ានៅឯស្ថានសួគ៌ ហើយយើងដឹងថា ព្រះយេស៊ូជាតួអង្គសំខាន់ជាងគេក្នុង«ពូជ»របស់ស្ត្រីនោះ។ ដើម្បីជួយយើងឲ្យឈ្វេងយល់កាន់តែច្រើន យើងអាចសួរថា ‹តើព្រះយេស៊ូបានក្លាយទៅជាពូជសន្យានៅពេលណា? តើព្រះយេស៊ូជាពូជសន្យាមុនកំណើតទ្រង់នៅផែនដីឬ? ឬតើទ្រង់ក្លាយទៅជាពូជសន្យាពេលដែលទ្រង់ចាប់កំណើតជាមនុស្ស? ពេលដែលទ្រង់ទទួលការជ្រមុជទឹក? ឬពេលដែលព្រះយេហូវ៉ាប្រោសទ្រង់ឲ្យរស់ឡើងវិញ?›។
១១ ក្នុងបទទំនាយនោះ ព្រះយេហូវ៉ាសន្យាថា អង្គការរបស់ទ្រង់នៅឯស្ថានសួគ៌ ដែលប្រៀបដូចជា«ស្ត្រី»នោះ នឹងបង្កើតកូនមួយ ជាពូជដែលត្រូវកិនក្បាលសាតាំង។ ប៉ុន្តែ រាប់ពាន់ឆ្នាំបានកន្លងផុតទៅ ហើយស្ត្រីរបស់ព្រះយេហូវ៉ាមិនបានបង្កើតពូជមួយដែលមានអំណាចបំផ្លាញសាតាំងនិងការរបស់វាចោលទេ។ អាស្រ័យហេតុនេះបានជាទំនាយរបស់លោកអេសាយប្រៀបប្រដូចអង្គការនោះទៅនឹង«ស្ត្រីអារ»ដែល«មានចិត្តគ្នាន់ក្នាញ់»។ (អេសាយ ៥៤:១, ៥, ៦) នៅទីបំផុត ព្រះយេស៊ូបានចាប់កំណើតនៅឯក្រុងបេថ្លេហិម។ ក៏ប៉ុន្តែ ព្រះយេស៊ូត្រូវតែទទួលការជ្រមុជទឹក និងមានសកម្មពលរបស់ព្រះយេហូវ៉ាមកសណ្ឋិតលើទ្រង់ ដើម្បីបង្ហាញថាព្រះយេហូវ៉ាបានយកទ្រង់ជាបុត្រដែលមានចំណងមិត្តភាពពិសេសជាមួយបិតា ទើបព្រះយេហូវ៉ាបានប្រកាសថា៖ «នេះជាកូនស្ងួនភ្ងារបស់អញ»។ (ម៉ាថាយ ៣:១៧; យ៉ូហាន ៣:៣) នៅពេលនោះឯង តួអង្គសំខាន់ជាងគេក្នុង«ពូជ»នៃស្ត្រីនោះ បានបង្ហាញខ្លួនហើយ។ ក្រោយមកទៀត អស់អ្នកដែលកាន់តាមព្រះយេស៊ូបានទទួលសកម្មពលពីព្រះយេហូវ៉ា ហើយនេះបង្ហាញថាទ្រង់បានតែងតាំងពួកគេជាស្តេច និងទទួលយកពួកគេជាបុត្រាបុត្រីដែរ។ នៅទីបំផុត អង្គការរបស់ព្រះយេហូវ៉ាដែលប្រៀបដូចជា«ស្ត្រី»ដែល«មិនបានបង្កើតកូន»យូរយារមកហើយនោះ មានហេតុ‹ច្រៀងអរសប្បាយឡើង›!—អេសាយ ៥៤:១; កាឡាទី ៣:២៩
១២, ១៣. តើបទគម្ពីរអ្វីខ្លះបង្ហាញថា គ្រិស្តសាសនិកទាំងឡាយនៅផែនដីដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ រួមគ្នាជា‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›?
១២ ឧទាហរណ៍មួយទៀតពីសេចក្ដីបង្រៀនដ៏ជ្រាលជ្រៅដែលព្រះយេហូវ៉ាបានបើកសម្ដែងឲ្យយើងស្គាល់ គឺទាក់ទងនឹងគោលបំណងរបស់ទ្រង់ក្នុងការជ្រើសរើសមនុស្ស១៤៤.០០០នាក់។ (វិវរណៈ ១៤:១, ៤) យើងយល់និងជឿថា អស់អ្នកនៅផែនដីដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ រួមគ្នាជា‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› ដែលព្រះយេស៊ូពន្យល់ថា នឹងប្រទាន«អាហារ»ឲ្យពួកផ្ទះលោកតាមត្រូវពេល។ (ម៉ាថាយ ២៤:៤៥) តើបទគម្ពីរណាខ្លះបញ្ជាក់ពីការយល់ដឹងនេះ? ឬមួយក៏ តើព្រះយេស៊ូប្រហែលជានិយាយទូទៅវិញ ហើយសំដៅទៅលើគ្រិស្តសាសនិកណាក៏ដោយ ដែលជួយពង្រឹងជំនឿឲ្យបងប្អូនគ្នីគ្នា ជាអ្នកបម្រើស្មោះត្រង់?
១៣ ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «ឯងរាល់គ្នាជាស្មរបន្ទាល់របស់អញ ហើយជាអ្នកបំរើដែលអញបានរើសតាំង»។ (អេសាយ ៤៣:១០) ប៉ុន្តែ នៅថ្ងៃទី១១ ខែណែសាន ឆ្នាំ៣៣ គ.ស. ព្រះយេស៊ូបានមានប្រសាសន៍ទៅកាន់អ្នកធំដែលកំពុងដឹកនាំជនជាតិអ៊ីស្រាអែលថា ព្រះយេហូវ៉ាលែងទទួលស្គាល់ជនជាតិអ៊ីស្រាអែលជាអ្នកបម្រើរបស់ទ្រង់ទៀត។ ព្រះយេស៊ូមានប្រសាសន៍ថា៖ «នគរព្រះនឹងត្រូវហូតចេញពីអ្នករាល់គ្នា [ហើយ]ប្រគល់ទៅឲ្យសាសន៍១ទៀត ដែលគេនឹងបង្កើតផលរបស់នគរនោះ»។ ព្រះយេស៊ូក៏មានប្រសាសន៍ទៅកាន់ហ្វូងមនុស្សថា៖ «មើល! ផ្ទះឯងនឹងត្រូវចោលស្ងាត់ទុកឲ្យឯង»។ (ម៉ាថាយ ២១:៤៣, កំណែជាអក្សរទ្រេត; ២៣:៣៨) ពេលពួកអ៊ីស្រាអែលជាអ្នកបម្រើព្រះយេហូវ៉ា ពួកគេមិនបានរក្សាឲ្យមានភាពស្មោះត្រង់ចំពោះទ្រង់ ហើយក៏គ្មានវិនិច្ឆ័យល្អទេ។ (អេសាយ ២៩:១៣, ១៤) នៅថ្ងៃនោះឯងដែលព្រះយេស៊ូបានវិនិច្ឆ័យទោសពួកអ៊ីស្រាអែល ទ្រង់ក៏បានសួរសំណួរថា៖‹តើអ្នកណាជាអ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ?›។ បើនិយាយឲ្យចំទៅ ព្រះយេស៊ូបានសួរថា ‹តើជនជាតិមួយណាដែលមានវិនិច្ឆ័យល្អ ដើម្បីធ្វើជាអ្នកបម្រើស្មោះត្រង់របស់ព្រះយេហូវ៉ាជំនួសជនជាតិអ៊ីស្រាអែល?›។ សាវ័កពេត្រុសបានឆ្លើយសំណួរនោះពេលដែលគាត់ជម្រាបក្រុមជំនុំនៃពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ថា៖ «អ្នករាល់គ្នា . . . ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្ដិ៍អាករនៃព្រះ»។ (ពេត្រុសទី១ ១:៤; ២:៩, កំណែជាអក្សរទ្រេត) មនុស្សមួយពួកដែលប្រៀបដូចជាជនជាតិថ្មីមួយនោះ ដែលគម្ពីរហៅថា «សាសន៍អ៊ីស្រាអែលនៃព្រះ» បានក្លាយទៅជាអ្នកបម្រើថ្មីរបស់ព្រះយេហូវ៉ា។ (កាឡាទី ៦:១៦) បណ្ដាជនទាំងឡាយ ដែលជាជនជាតិអ៊ីស្រាអែលពីបុរាណនោះ បានរួមគ្នាជា«អ្នកបំរើ»តែមួយ។ ដូចគ្នាដែរ គ្រិស្តសាសនិកទាំងឡាយនៅផែនដី ដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ក៏រួមគ្នាជា«អ្នកបំរើ»មួយក្រុម ដែល‹ស្មោះត្រង់និងមានវិនិច្ឆ័យល្អ›។ យើងពិតជាមានឯកសិទ្ធិពិសេសមែន! ដោយទទួលការណែនាំដែលប្រៀបដូចជា«អាហារ»ពីអ្នកបម្រើរបស់ព្រះយេហូវ៉ា។
សិក្សាដោយខ្លួនឯងនាំឲ្យមានអំណរ
១៤. ហេតុអ្វីបានជាការសិក្សាគម្ពីរនាំឲ្យយើងមានអំណរច្រើនជាងការអានត្រួសៗតែប៉ុណ្ណោះ?
១៤ ពេលយើងយល់បទគម្ពីរកាន់តែច្បាស់ យើងក៏សប្បាយជាងដែរ ពីព្រោះនេះជួយពង្រឹងជំនឿរបស់យើង មែនទេ? ហេតុនេះហើយការសិក្សាគម្ពីរនាំឲ្យយើងមានអំណរច្រើនជាងការអានត្រួសៗតែប៉ុណ្ណោះ។ ដូច្នេះ ពេលអ្នកអានសៀវភៅនីមួយៗដែលអង្គការរបស់ព្រះយេហូវ៉ាបោះពុម្ពនោះ ចូរសួរខ្លួនឯងថា ‹តើការពន្យល់នេះមានលក្ខណៈខុសគ្នាពីអ្វីដែលខ្ញុំយល់ពីមុនឬ? បើខុសគ្នាមែន តើខុសគ្នាយ៉ាងណា? តើខ្ញុំស្គាល់បទគម្ពីរនិងហេតុផលឯទៀតដែលគាំទ្រចំណុចដែលបានបញ្ជាក់ក្នុងអត្ថបទនេះឬ?›។ បើយល់មិនច្បាស់ទេ ចូរកត់សំណួរដែលអ្នកចង់ស្រាវជ្រាវថែមទៀត ហើយឆ្លៀតពេលនៅថ្ងៃក្រោយដើម្បីសិក្សាប្រធាននោះឲ្យបានល្អិតល្អន់ជាង។
១៥. តើការសិក្សាស្រាវជ្រាវប្រធានណាខ្លះអាចនាំឲ្យមានអំណរ? ធ្វើដូចម្ដេចឲ្យមានប្រយោជន៍យូរអង្វែងពីការស្រាវជ្រាវនោះ?
១៥ តើយើងអាចសិក្សាស្រាវជ្រាវប្រធានណាខ្លះ ដើម្បីឲ្យមានអំណរក្នុងការឈ្វេងយល់គម្ពីរកាន់តែច្បាស់? យើងអាចបង្កើនការយល់ដឹងរបស់យើងដោយស្រាវជ្រាវយ៉ាងល្អិតល្អន់អំពីកិច្ចព្រមព្រៀងនីមួយៗដែលព្រះយេហូវ៉ាបានចុះដើម្បីផ្ដល់ប្រយោជន៍ឲ្យមនុស្សជាតិ ប្រហែលជាដោយពិនិត្យមើលព័ត៌មានក្នុងជំពូកទី១៩ នៃសៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា។a ការស្រាវជ្រាវអំពីទំនាយនានាដែលសំដៅទៅលើព្រះយេស៊ូគ្រិស្ត ក៏អាចពង្រឹងជំនឿរបស់យើងដែរ។ ឬមួយក៏ យើងអាចពិនិត្យមើលឲ្យបានដិតដល់នូវវគ្គនីមួយៗក្នុងសៀវភៅនានាដែលបានសរសេរជាទំនាយ។ ការឆ្លៀតមើលសាឡើងវិញនូវប្រវត្ដិសាស្ត្ររបស់ស្មរបន្ទាល់ព្រះយេហូវ៉ានាសម័យនេះ ក៏អាចពង្រឹងជំនឿរបស់យើងដែរ។ ណាមួយទៀត បើយើងមើលម្ដងទៀតនូវអត្ថបទក្នុងទស្សនាវដ្ដីប៉មយាម ពីឆ្នាំមុនៗ ដែលមានចំណងជើងថា «សំនួរពីអ្នកអាន» នេះច្បាស់ជានឹងជួយយើងឲ្យយល់បទគម្ពីរផ្សេងៗកាន់តែច្បាស់ដែរ។ ពេលសិក្សាព័ត៌មានបែបនោះ ចូរកត់សម្គាល់នូវរបៀបវែកញែកហេតុផលពីបទគម្ពីរដែលនាំឲ្យយល់ដូច្នេះ។ យ៉ាងនេះ អ្នកនឹង«បង្ហាត់ឥន្ទ្រីយ[ឬ«សមត្ថភាពវែកញែក»]» ដើម្បីឲ្យដឹងខុសនិងត្រូវ។ (ហេព្រើរ ៥:១៤; ព.ថ.) ពេលសិក្សាស្រាវជ្រាវដោយខ្លួនឯងនោះ ចូរកត់ចំណាំ មិនថានៅក្នុងគម្ពីររបស់ខ្លួន ឬនៅលើក្រដាសផ្សេងក្ដី ដើម្បីឲ្យមានប្រយោជន៍ជាយូរអង្វែងសម្រាប់ខ្លួនឯងនិងអ្នកដទៃផង។
ជួយកូនឲ្យចូលចិត្តសិក្សាគម្ពីរ
១៦. តើយើងអាចជួយកូនឲ្យចូលចិត្តសិក្សាគម្ពីរដោយវិធីណាខ្លះ?
១៦ មាតាបិតាទាំងឡាយអាចជួយកូនច្រើនណាស់ ឲ្យមានចិត្តចង់បណ្ដុះឲ្យមានមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ា។ កុំស្មានថា កូននៅតែតូចដដែល ហើយគ្មានសមត្ថភាពយល់សេចក្ដីបង្រៀនដ៏ជ្រាលជ្រៅនោះឡើយ។ បើមាតាបិតាកំណត់ប្រធានមួយឲ្យកូនស្រាវជ្រាវមុននឹងមូលគ្នាដើម្បីសិក្សាគម្ពីរជាក្រុមគ្រួសារ ក្រោយមកមាតាបិតាអាចអញ្ជើញកូនឲ្យរៀបរាប់ពីអ្វីដែលគេបានរកឃើញ។ ការសិក្សាជាក្រុមគ្រួសារក៏អាចរួមបញ្ចូលកម្មវិធីហាត់សមជាមួយគ្នា នូវរបៀបដែលកូនអាចពន្យល់អំពីជំនឿរបស់ខ្លួនដល់អ្នកដទៃ ព្រមទាំងចេះលើកហេតុផលពីមូលហេតុដែលគេជឿថា អ្វីដែលគេបានរៀនពីគម្ពីរសុទ្ធតែជាសេចក្ដីពិត។ បន្ថែមទៅទៀត មាតាបិតាអាចយកសៀវភៅស្តើងដែលមានផែនទីជាច្រើន មកបង្រៀនអំពីទឹកដីនិងទីតាំងនៃកន្លែងផ្សេងៗ ដែលអាចជួយកូនឲ្យឈ្វេងយល់អំពីអ្វីដែលក្រុមគ្រួសារកំពុងមើលក្នុងកម្មវិធីអានអំណានគម្ពីរប្រចាំសប្ដាហ៍។b
១៧. ពេលសិក្សាស្រាវជ្រាវប្រធានផ្សេងៗក្នុងគម្ពីរដោយខ្លួនឯង តើយើងត្រូវប្រយ័ត្ននឹងអ្វី?
១៧ ការសិក្សាស្រាវជ្រាវប្រធានផ្សេងៗក្នុងគម្ពីរ អាចធ្វើឲ្យយើងចាប់ចិត្ត ថែមទាំងពង្រឹងជំនឿផង។ ប៉ុន្តែ សូមប្រយ័ត្នបន្ដិច កុំឲ្យរវល់សិក្សាស្រាវជ្រាវប្រធាននោះឲ្យបានច្រើនដល់ម្ល៉េះ បានជាខានរៀបចំសម្រាប់ប្រជុំ។ កិច្ចប្រជុំជាវិធីមួយទៀតដែលព្រះយេហូវ៉ាបង្ហាត់បង្រៀនយើងតាមរយៈ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›។ ពេលយើងធ្វើការស្រាវជ្រាវបន្ថែមទៀតនោះ នេះអាចជួយយើងឲ្យរៀបចំចម្លើយដែលមានខ្លឹមសារ មិនថាសម្រាប់ប្រជុំដែលជាការសិក្សាសៀវភៅតាមក្រុមជំនុំ ឬសាលាកិច្ចបម្រើផ្សាយក្ដី ដែលហុចឱកាសឲ្យយើងលើកគោលសំខាន់មួយពីអំណានគម្ពីរក្នុងអំឡុងសប្ដាហ៍នោះ។
១៨. ហេតុអ្វីបានជាមានប្រយោជន៍ឲ្យយើងព្យាយាមសិក្សានូវ«សេចក្ដីជ្រាលជ្រៅនៃព្រះ»?
១៨ ការសិក្សាស្រាវជ្រាវដោយខ្លួនឯងនូវសេចក្ដីបង្រៀនដ៏ជ្រាលជ្រៅក្នុងគម្ពីរ អាចជួយយើងឲ្យមានចំណងមិត្តភាពកាន់តែជិតស្និទ្ធជាមួយព្រះយេហូវ៉ា។ ការសិក្សាបែបនេះពិតជាមានតម្លៃមែន ដូចបានបញ្ជាក់ក្នុងបទគម្ពីរដែលថា៖ «ប្រាជ្ញាជាគ្រឿងការពារខ្លួន ដូចជាប្រាក់ក៏ជាគ្រឿងការពារខ្លួនដែរ ប៉ុន្តែការដែលវិសេសជាងខាងចំណេះ គឺថា ប្រាជ្ញារមែងតែរក្សាជីវិតរបស់ពួកអ្នកប្រាជ្ញឲ្យគង់នៅ»។ (សាស្ដា ៧:១២) នេះបានន័យថា ការព្យាយាមដើម្បីយល់កាន់តែច្បាស់នូវសេចក្ដីបង្រៀនដែលមកពីព្រះយេហូវ៉ាពិតជាមានប្រយោជន៍មែន! ពីព្រោះមានសេចក្ដីសន្យាមួយក្នុងគម្ពីរដែលថា អស់អ្នកដែលខំស្វែងរកចំណេះ នោះ‹នឹងស្គាល់ព្រះអង្គ›បាន។—សុភាសិត ២:៤, ៥
[កំណត់សម្គាល់]
a បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
b សៀវភៅស្តើងដែលមានចំណងជើងថា “See the Good Land” បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
តើអ្នកអាចពន្យល់បានទេ?
• តើ«សេចក្ដីជ្រាលជ្រៅនៃព្រះ»រួមបញ្ចូលអ្វីខ្លះ?
• ហេតុអ្វីក៏គប្បីឲ្យយើងសិក្សាស្រាវជ្រាវជានិច្ចនូវសេចក្ដីបង្រៀនដ៏ជ្រាលជ្រៅ?
• ម្ដេចក៏គ្រិស្តសាសនិកទាំងឡាយមានលទ្ធភាពឈ្វេងយល់នូវ«សេចក្ដីជ្រាលជ្រៅនៃព្រះ»?
• តើអ្នកអាចទទួលប្រយោជន៍ច្រើនថែមទៀតពី«សេចក្ដីជ្រាលជ្រៅនៃព្រះ»យ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ៣១]
មាតាបិតាអាចកំណត់ប្រធានមួយឲ្យកូនស្រាវជ្រាវមុននឹងមូលគ្នាសម្រាប់ការសិក្សាជាក្រុមគ្រួសារ