ពួកគេបានរកឃើញមេស្ស៊ីហើយ!
«យើងរកឃើញមេស្ស៊ីហើយ»។—យ៉ូន. ១:៤១
១. តើមានអ្វីកើតឡើងដែលនាំឲ្យអនទ្រេនិយាយថា៖ «យើងរកឃើញមេស្ស៊ីហើយ»?
យ៉ូហានដែលជាអ្នកជ្រមុជទឹកកំពុងឈរជាមួយអ្នកកាន់តាមពីរនាក់របស់គាត់។ ពេលដែលលោកយេស៊ូមកដល់ យ៉ូហានបានប្រកាសថា៖ «មើលហ្ន៎! កូនចៀមរបស់ព្រះ!»។ ពេលឮដូច្នេះ អនទ្រេនិងអ្នកកាន់តាមម្នាក់ទៀតចាប់ផ្ដើមទៅតាមលោកយេស៊ូភ្លាម ហើយពួកគេបានចំណាយពេលជាមួយលោកពេញមួយថ្ងៃ។ ក្រោយមក អនទ្រេបានទៅរកបងប្រុសរបស់គាត់ឈ្មោះស៊ីម៉ូនពេត្រុស ហើយប្រាប់គាត់យ៉ាងរំភើបចិត្តថា៖ «យើងរកឃើញមេស្ស៊ីហើយ»។ បន្ទាប់មក អនទ្រេក៏នាំពេត្រុសទៅជួបនឹងលោកយេស៊ូ។—យ៉ូន. ១:៣៥-៤១
២. តើយើងនឹងទទួលប្រយោជន៍យ៉ាងណាពីការបន្តពិនិត្យមើលទំនាយដែលទាក់ទងនឹងមេស្ស៊ី?
២ ពេលក្រោយៗមក អនទ្រេ ពេត្រុស និងអ្នកឯទៀតនឹងមានឱកាសយ៉ាងច្រើនដើម្បីពិចារណាអំពីបទគម្ពីរយ៉ាងហ្មត់ចត់ ហើយនេះនឹងនាំឲ្យពួកគេប្រកាសដោយមានទំនុកចិត្តថាលោកយេស៊ូពីក្រុងណាសារ៉ែតជាមេស្ស៊ីដែលបានត្រូវសន្យា។ ឥឡូវយើងនឹងបន្តពិនិត្យមើលទំនាយនានាដែលទាក់ទងនឹងមេស្ស៊ី។ ការធ្វើដូច្នេះនឹងពង្រឹងជំនឿរបស់យើងទៅលើបណ្ដាំរបស់ព្រះនិងអ្នកដែលលោកបានរើសតាំង។
‹មើល! ស្តេចរបស់អ្នកកំពុងមកឯអ្នក›
៣. ពេលលោកយេស៊ូចូលក្រុងយេរូសាឡិមជាអ្នកដែលមានជ័យជម្នះ តើនេះបានសម្រេចទំនាយអ្វីខ្លះ?
៣ មេស្ស៊ីនឹងចូលក្រុងយេរូសាឡិមជាអ្នកដែលមានជ័យជម្នះ។ សាការីបានទាយថា៖ «ឱកូនស្រីស៊ីយ៉ូនអើយ ចូររីករាយជាខ្លាំងឡើង ឱកូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោចុះ មើល! ស្តេចរបស់នាង ទ្រង់យាងមកឯនាង ទ្រង់ជាអ្នកសុចរិត ហើយមានជ័យជំនះ ទ្រង់ក៏សុភាព ទ្រង់គង់លើសត្វលា គឺជាលាជំទង់ជាកូនរបស់មេលា»។ (សាក. ៩:៩) អ្នកតែងទំនុកតម្កើងបានសរសេរថា៖ «សូមឲ្យព្រះអង្គដែលយាងមកដោយនូវព្រះនាមព្រះយេហូវ៉ាបានប្រកបដោយព្រះពរ»។ (ទំនុក. ១១៨:២៦) លោកយេស៊ូមិនអាចកាន់កាប់លើការប្រព្រឹត្តរបស់បណ្ដាជនឡើយ។ ប៉ុន្តែ បណ្ដាជនបានស្រែកឡើងយ៉ាងមានអំណរក្រៃលែងដោយគ្មាននរណាបង្ខំ ហើយនេះបានសម្រេចទំនាយទាំងនោះ។ កាលដែលអ្នកអានកំណត់ហេតុនេះ សូមស្រមៃគិតអំពីព្រឹត្ដិការណ៍ដែលកំពុងតែកើតឡើង ថែមទាំងស្ដាប់សំឡេងដ៏រីករាយរបស់បណ្ដាជន។—សូមអាន ម៉ាថាយ ២១:៤-៩
៤. តើទំនុកតម្កើង ១១៨:២២, ២៣បានសម្រេចយ៉ាងដូចម្ដេច?
៤ មនុស្សជាច្រើននឹងមិនទទួលស្គាល់លោកយេស៊ូជាមេស្ស៊ីទេ ប៉ុន្តែលោកនឹងមានតម្លៃចំពោះព្រះ។ ដូចបានទាយទុកក្នុងគម្ពីរ ពួកអ្នកដែលមិនព្រមជឿលើភ័ស្តុតាងនេះបាន«មើលងាយ»លោកយេស៊ូ ហើយ«មិនបានរាប់អាន»លោក ឬមិនបានចាត់ទុកថាលោកមានតម្លៃនោះទេ។ (អេ. ៥៣:៣; ម៉ាក. ៩:១២) ក៏ប៉ុន្តែ ព្រះបានដឹកនាំឲ្យអ្នកតែងទំនុកតម្កើងពោលថា៖ «ឯថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯកហើយ នេះគឺជាការដែលព្រះយេហូវ៉ាទ្រង់ធ្វើ»។ (ទំនុក. ១១៨:២២, ២៣) លោកយេស៊ូបានលើកខគម្ពីរនេះជូនចំពោះអ្នកដឹកនាំសាសនាដែលជាអ្នកប្រឆាំងលោក ហើយពេត្រុសក៏បានរៀបរាប់ដែរថាគ្រិស្តបានសម្រេចខគម្ពីរនេះ។ (ម៉ាក. ១២:១០, ១១; សកម្ម. ៤:៨-១១) លោកយេស៊ូបានក្លាយទៅជា«ថ្មគ្រឹះសំខាន់ជាងគេ»នៃក្រុមជំនុំគ្រិស្តសាសនិកយ៉ាងពិតប្រាកដមែន។ មនុស្សដែលគ្មានជំនឿបានបដិសេធលោក ប៉ុន្តែ‹ព្រះបានជ្រើសរើស ហើយចាត់ទុកលោកថាថ្លៃវិសេស›។—១ពេ. ២:៤-៦
គេបានក្បត់និងរត់ចោលលោក!
៥, ៦. ស្តីអំពីការក្បត់មេស្ស៊ី តើគម្ពីរបានទាយអ្វីខ្លះ? ហើយតើនេះបានសម្រេចយ៉ាងដូចម្ដេច?
៥ អ្នកដែលមើលទៅដូចជាមិត្តរបស់មេស្ស៊ីនឹងក្បត់លោក។ ដាវីឌបានទាយថា៖ «មិត្រសំឡាញ់ស្និទ្ធស្នាលរបស់ទូលបង្គំ ជាអ្នកដែលទូលបង្គំបានទុកចិត្ត ហើយក៏បានបរិភោគបាយរបស់ទូលបង្គំផង នោះបានលើកកែងជើងចង់ជាន់ឈ្លីទូលបង្គំដែរ»។ (ទំនុក. ៤១:៩) ធម្មតាបុគ្គលដែលបរិភោគអាហារជាមួយគ្នាគឺជាមិត្តនឹងគ្នា។ (លោ. ៣១:៥៤) ដូច្នេះ ទំនាយនេះមានន័យថាបុគ្គលម្នាក់ដែលជាមិត្តរបស់មេស្ស៊ីនឹងធ្វើអ្វីដ៏អាក្រក់មួយ ពោលគឺក្បត់លោក! លោកយេស៊ូបានសំដៅទៅលើបុគ្គលនេះ ពេលលោកមានប្រសាសន៍ទៅពួកសាវ័ករបស់លោកថា៖ «ខ្ញុំមិនមែននិយាយអំពីអ្នកទាំងអស់គ្នាទេ ខ្ញុំស្គាល់អ្នកដែលខ្ញុំបានជ្រើសរើស។ ប៉ុន្តែនេះគឺដើម្បីសម្រេចតាមបទគម្ពីរដែលចែងថា៖ ‹អ្នកដែលធ្លាប់បរិភោគនំប៉័ងរបស់ខ្ញុំ បានលើកកែងជើងទាស់នឹងខ្ញុំវិញ›»។ (យ៉ូន. ១៣:១៨) លោកយេស៊ូបានរៀបរាប់អំពីយូដាស អ៊ីស្ការីយ៉ុត ដែលធ្លាប់ជាអ្នកកាន់តាមនិងជាមិត្តរបស់លោក។ ពេលដែលគាត់ក្បត់លោកយេស៊ូ នោះទំនាយរបស់ដាវីឌបានសម្រេច។
៦ អ្នកដែលក្បត់មេស្ស៊ីនឹងទទួល៣០កាក់ធ្វើពីប្រាក់ ដែលនេះស្មើនឹងតម្លៃសម្រាប់ខ្ញុំបម្រើម្នាក់! ម៉ាថាយបានបង្ហាញថាយូដាសបានក្បត់លោកយេស៊ូដើម្បីបាន៣០កាក់ដែលធ្វើពីប្រាក់ប៉ុណ្ណោះ ហើយនេះសម្រេចទំនាយនៅសាការី ១១:១២, ១៣។ ប៉ុន្តែ ហេតុអ្វីបានជាម៉ាថាយនិយាយថាទំនាយនេះបានត្រូវប្រកាស«តាមរយៈយេរេមា»? ពីព្រោះនៅសម័យរបស់ម៉ាថាយ គេប្រហែលជាដាក់សៀវភៅយេរេមានៅខាងមុខគេបង្អស់នៃសៀវភៅមួយចំនួនក្នុងគម្ពីរដែលរួមមានសៀវភៅសាការីផងដែរ។ (សូមពិនិត្យបន្ថែម លូកា ២៤:៤៤) យូដាសមិនបានចាយប្រាក់៣០កាក់នោះទេ ពីព្រោះគាត់បានបោះកាក់ប្រាក់ទាំងនោះទៅក្នុងវិហារ រួចចេញទៅចងកសម្លាប់ខ្លួន។—ម៉ាថ. ២៦:១៤-១៦; ២៧:៣-១០
៧. តើសាការី ១៣:៧បានសម្រេចយ៉ាងដូចម្ដេច?
៧ ពួកអ្នកកាន់តាមមេស្ស៊ីនឹងខ្ចាត់ខ្ចាយ។ សាការីបានសរសេរថា៖ «ចូរវាយអ្នកគង្វាល នោះហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយទៅ»។ (សាក. ១៣:៧) នៅថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ គ.ស. លោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមលោកថា៖ «នៅយប់នេះ អ្នកទាំងអស់គ្នានឹងជំពប់ដួល ដោយសារអ្វីដែលកើតឡើងដល់ខ្ញុំ ពីព្រោះបទគម្ពីរចែងថា៖ ‹ខ្ញុំនឹងវាយគង្វាល ហើយហ្វូងចៀមនឹងខ្ចាត់ខ្ចាយទៅ›»។ នេះបានកើតឡើងដូចបានទាយទុកមែន ព្រោះម៉ាថាយបានកត់ទុកថា៖ «ពួកអ្នកកាន់តាមបានរត់ចោលលោក[យេស៊ូ]ទាំងអស់គ្នា»។—ម៉ាថ. ២៦:៣១, ៥៦
គេបានចោទប្រកាន់និងវាយដំលោក
៨. តើអេសាយ ៥៣:៨បានសម្រេចយ៉ាងណា?
៨ មេស្ស៊ីនឹងត្រូវគេជំនុំជម្រះក្ដី និងផ្ដន្ទាទោស។ (សូមអាន អេសាយ ៥៣:៨) ពេលថ្ងៃរះនៅថ្ងៃទី១៤ ខែណែសាន ក្រុមប្រឹក្សាជាន់ខ្ពស់ទាំងមូលបានជួបជុំពិគ្រោះគ្នា បានចងលោកយេស៊ូ ហើយបានប្រគល់លោកឲ្យទៅប៉ុនទាសពីឡាតដែលជាអភិបាលជនជាតិរ៉ូម។ ពីឡាតបានសួរចម្លើយលោកយេស៊ូ ហើយឃើញថាលោកគ្មានទោសសោះឡើយ។ ក៏ប៉ុន្តែ ពេលពីឡាតចង់ដោះលែងលោកយេស៊ូ បណ្ដាជនបានស្រែកថា៖ «ព្យួរអ្នកនោះទៅ!» ហើយពួកគេបានសុំឲ្យពីឡាតដោះលែងឧក្រិដ្ឋជនម្នាក់ឈ្មោះបារ៉ាបាសវិញ។ ដោយចង់ផ្គាប់ចិត្តបណ្ដាជន នោះពីឡាតបានដោះលែងបារ៉ាបាសឲ្យពួកគេ ក្រោយមក គាត់បានបញ្ជាឲ្យវាយលោកយេស៊ូ ហើយបានប្រគល់លោកឲ្យពួកទាហានយកទៅព្យួរ។—ម៉ាក. ១៥:១-១៥
៩. ដូចបានទាយនៅទំនុកតម្កើង ៣៥:១១ តើមានអ្វីកើតឡើងនៅសម័យរបស់លោកយេស៊ូ?
៩ សាក្សីក្លែងក្លាយនឹងចោទប្រកាន់មេស្ស៊ី។ ដាវីឌបានសរសេរថា៖ «មានសាក្សីកោងលើកគ្នាឡើង គេចោទសួរពីរឿងដែលទូលបង្គំមិនដឹង»។ (ទំនុក. ៣៥:១១) ស្របតាមទំនាយនេះ «ពួកសង្ឃនាយក និងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងមូលកំពុងរកសាក្សីឲ្យចោទប្រកាន់លោកយេស៊ូដោយមិនពិត ដើម្បីមានហេតុប្រហារជីវិតលោក»។ (ម៉ាថ. ២៦:៥៩) តាមពិត «មានសាក្សីក្លែងក្លាយជាច្រើនដែលបានចោទប្រកាន់លោក ប៉ុន្តែសម្ដីរបស់ពួកគេមិនស្របគ្នាទេ»។ (ម៉ាក. ១៤:៥៦) ពួកសត្រូវរបស់លោកយេស៊ូមិនខ្វល់ខ្វាយទេដែលសាក្សីនិយាយភូតភរអំពីលោក ព្រោះពួកគេគ្រាន់តែចង់សម្លាប់លោកតែប៉ុណ្ណោះ។
១០. សូមពន្យល់អំពីរបៀបដែលអេសាយ ៥៣:៧បានសម្រេច។
១០ មេស្ស៊ីនឹងមិនតបឆ្លើយចំពោះពួកអ្នកដែលចោទប្រកាន់លោកឡើយ។ អេសាយបានទាយថា៖ «ទ្រង់ត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែទ្រង់មិនបានហើបព្រះឱស្ឋសោះ គឺដូចជាកូនចៀមដែលគេដឹកទៅសំឡាប់ ហើយដូចជាចៀមដែលគនៅចំពោះពួកអ្នកកាត់រោមយ៉ាងណា ទ្រង់ក៏មិនបានហើបព្រះឱស្ឋសោះយ៉ាងនោះដែរ»។ (អេ. ៥៣:៧) «ពេលដែលពួកសង្ឃនាយកនិងពួកបុរសចាស់ទុំចោទប្រកាន់លោក[យេស៊ូ] នោះលោកមិនតបឆ្លើយឡើយ»។ ដូច្នេះ ពីឡាតបានសួរលោកថា៖ «តើអ្នកមិនឮរឿងទាំងប៉ុន្មានដែលពួកគេកំពុងចោទប្រកាន់អ្នកទេឬ?»។ ក៏ប៉ុន្តែលោកយេស៊ូ«មិនបានតបឆ្លើយមួយម៉ាត់សោះ ជាហេតុធ្វើឲ្យអភិបាលឆ្ងល់ជាខ្លាំង»។ (ម៉ាថ. ២៧:១២-១៤) ម្យ៉ាងទៀត លោកយេស៊ូក៏មិនបានជេរប្រមាថពួកអ្នកចោទប្រកាន់លោកដែរ។—រ៉ូម ១២:១៧-២១; ១ពេ. ២:២៣
១១. តើមានអ្វីកើតឡើងដែលសម្រេចទំនាយនៅអេសាយ ៥០:៦ និងមីកា ៤:១៣?
១១ មេស្ស៊ីនឹងត្រូវគេវាយដំ។ អេសាយបានទាយទុកថា៖ «ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ ហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោចពុកចង្កា ខ្ញុំមិនបានគេចមុខពីសេចក្ដីអាម៉ាស់ខ្មាស ឬពីការស្ដោះទឹកមាត់ទេ»។ (អេ. ៥០:៦) មីកាបានទាយថា៖ «គេនឹងវាយចៅក្រមនៃអ៊ីស្រាអែលដោយដំបងត្រង់ថ្ពាល់»។ (មីកា ៤:១៣) ម៉ាកុសបានបញ្ជាក់ថាទំនាយទាំងនេះបានត្រូវសម្រេចដោយនិយាយថា៖ «ពួកគេខ្លះចាប់ផ្ដើមស្ដោះទឹកមាត់ដាក់ ក៏បានគ្របមុខលោក[យេស៊ូ]ហើយដាល់លោក រួចនិយាយថា៖ ‹បើឯងចេះប្រកាសទំនាយមែន តើអ្នកណាបានវាយឯង? ចូរប្រាប់មក!›។ ក្រោយមក មន្ត្រីជំនួយតុលាការបានទះកំផ្លៀងលោក រួចនាំយកទៅ»។ ម៉ាកុសក៏បានប្រាប់ដែរថាពួកទាហាន«បានយកដើមត្រែងវាយក្បាលលោក ថែមទាំងស្ដោះទឹកមាត់ដាក់ ហើយលុតជង្គង់គោរពលោក[ក្នុងន័យចំអក]»។ (ម៉ាក. ១៤:៦៥; ១៥:១៩) ពិតមែន លោកយេស៊ូមិនបានបង្ករឿងអ្វីសោះដែលនាំឲ្យពួកគេធ្វើបាបលោកបែបនេះឡើយ។
លោកនៅស្មោះត្រង់រហូតដល់ស្លាប់
១២. តើទំនាយនៅទំនុកតម្កើង ២២:១៦ និងអេសាយ ៥៣:១២ជាប់ទាក់ទងនឹងលោកយេស៊ូយ៉ាងដូចម្ដេច?
១២ មេស្ស៊ីនឹងត្រូវស្លាប់លើបង្គោលឈើ។ ដាវីឌបានពោលថា៖ «មានពួកមនុស្សអាក្រក់ដើរក្រវែលជុំវិញទូលបង្គំ គេបានចាក់ទំលុះដៃជើងនៃទូលបង្គំ»។ (ទំនុក. ២២:១៦) ម៉ាកុសបានកត់ទុកព្រឹត្ដិការណ៍មួយដែលអ្នកអានគម្ពីរស្គាល់យ៉ាងច្បាស់ ដោយសរសេរថា៖ «នោះគឺម៉ោងទីបី[ប្រហែលម៉ោង៩ព្រឹក] ហើយពួកគេបានព្យួរលោក»។ (ម៉ាក. ១៥:២៥) គម្ពីរក៏បានទាយថាមេស្ស៊ីនឹងត្រូវរាប់ក្នុងចំណោមពួកអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង។ អេសាយបានសរសេរថា៖ «ទ្រង់បានច្រួចព្រលឹងចេញរហូតដល់ស្លាប់ គេបានរាប់ទ្រង់ទុកជាអ្នកទទឹងច្បាប់»។ (អេ. ៥៣:១២) ម្ល៉ោះហើយបានជាគេក៏«ព្យួរចោរប្លន់ពីរនាក់ជាមួយនឹងលោក[យេស៊ូ]ដែរ ម្នាក់នៅខាងស្ដាំលោក និងម្នាក់នៅខាងឆ្វេង»។—ម៉ាថ. ២៧:៣៨
១៣. តើទំនាយនៅទំនុកតម្កើង ២២:៧, ៨បានសម្រេចយ៉ាងដូចម្ដេច?
១៣ ដាវីឌបានទាយថាគេនឹងនិយាយប្រមាថមើលងាយមេស្ស៊ី។ (សូមអាន ទំនុកតម្កើង ២២:៧, ៨) ពេលលោកយេស៊ូកំពុងរងទុក្ខនៅលើបង្គោលទារុណកម្ម គេបាននិយាយប្រមាថមើលងាយលោកមែន ព្រោះម៉ាថាយបានរាយការណ៍ថា៖ «អ្នកដែលដើរកាត់គ្រវីក្បាលនិយាយមើលងាយលោក ដោយពោលថា៖ ‹នែ! អ្នករុះវិហារហើយសង់ឡើងវិញក្នុងបីថ្ងៃអើយ! ចូរសង្គ្រោះខ្លួនឯងទៅ! បើអ្នកឯងជាបុត្រព្រះមែន ចូរចុះពីបង្គោលទារុណកម្មមក!›»។ ពួកសង្ឃនាយក ព្រមទាំងពួកអ្នកជំនាញខាងច្បាប់និងពួកបុរសចាស់ទុំក៏បានចំអកឲ្យលោកដែរ ដោយនិយាយថា៖ «អ្នកនេះបានសង្គ្រោះអ្នកដទៃ តែសង្គ្រោះខ្លួនឯងមិនបានទេ! គាត់ជាស្តេចនៃអ៊ីស្រាអែល ដូច្នេះ ចូរឲ្យគាត់ចុះពីបង្គោលទារុណកម្មមក ហើយយើងនឹងជឿលើគាត់។ គាត់បានទុកចិត្តលើព្រះ ដូច្នេះ បើព្រះចង់បានគាត់ ទុកឲ្យព្រះសង្គ្រោះគាត់ចុះ ព្រោះគាត់បាននិយាយថា៖ ‹ខ្ញុំជាបុត្ររបស់ព្រះ›»។ (ម៉ាថ. ២៧:៣៩-៤៣) ត្រូវហើយ លោកយេស៊ូបានរងទុក្ខមែន ប៉ុន្តែលោកនៅស្ងៀមស្ងាត់ ហើយមិនបាននិយាយអ្វីដែលខុសទេ។ លោកជាគំរូល្អប្រសើរសម្រាប់យើង!
១៤, ១៥. សូមបង្ហាញនូវរបៀបដែលទំនាយដែលបានសម្រេចស្តីអំពីសម្លៀកបំពាក់របស់មេស្ស៊ី និងការឲ្យលោកផឹកទឹកខ្មេះ។
១៤ គេនឹងចាប់ឆ្នោតដើម្បីបានសម្លៀកបំពាក់របស់មេស្ស៊ី។ អ្នកតែងទំនុកតម្កើងបានសរសេរថា៖ «គេយកសំលៀកបំពាក់ទូលបង្គំចែកគ្នា ឯអាវវែងរបស់ទូលបង្គំ គេក៏ធ្វើឆ្នោតចាប់យក»។ (ទំនុក. ២២:១៨) នេះបានកើតឡើងមែន ពីព្រោះ«ក្រោយពីពួក[ទាហានរ៉ូម]បានព្យួរលោក[យេស៊ូ]រួចហើយ ពួកគេក៏បានចែកសម្លៀកបំពាក់ក្រៅរបស់លោកដោយចាប់ឆ្នោត»។—ម៉ាថ. ២៧:៣៥; សូមអាន យ៉ូហាន ១៩:២៣, ២៤
១៥ គេនឹងឲ្យមេស្ស៊ីផឹកទឹកខ្មេះនិងស្រាលាយថ្នាំម្យ៉ាងដែលមានជាតិល្វីង។ អ្នកតែងទំនុកតម្កើងបានពោលថា៖ «គេបានឲ្យថ្នាំស្ពឹកមកទូលបង្គំសំរាប់ជាអាហារ ហើយកាលទូលបង្គំស្រេក នោះគេយកទឹកខ្មេះមកឲ្យផឹក»។ (ទំនុក. ៦៩:២១) ម៉ាថាយបានសរសេរឲ្យយើងដឹងថា៖ «ពួកគេយកស្រាលាយជាមួយថ្នាំម្យ៉ាងដែលមានជាតិល្វីងមកជូនលោក[យេស៊ូ]ពិសា ប៉ុន្តែក្រោយពីលោកភ្លក់ហើយ លោកមិនព្រមពិសាឡើយ»។ ក្រោយមក «ម្នាក់ក្នុងចំណោមពួកគេបានរត់ទៅ . . . យកវត្ថុម្យ៉ាងដែលអាចជក់ទឹកបាន ក៏ជ្រលក់ក្នុងស្រាជូរ រួចដាក់លើដើមត្រែងមួយ ហើយឲ្យលោកពិសា»។—ម៉ាថ. ២៧:៣៤, ៤៨
១៦. សូមពន្យល់អំពីរបៀបដែលទំនាយនៅទំនុកតម្កើង ២២:១ បានសម្រេច។
១៦ តាមមើលទៅដូចជាព្រះនឹងបោះបង់ចោលមេស្ស៊ី។ (សូមអាន ទំនុកតម្កើង ២២:១) ស្របទៅតាមទំនាយនេះ «នៅម៉ោងទីប្រាំបួន[ប្រហែលម៉ោងបីរសៀល] លោកយេស៊ូបានបន្លឺសំឡេងយ៉ាងខ្លាំងថា៖ ‹អេលី! អេលី! ឡាម៉ា សាបាក់ថានី?› ដែលបកប្រែថា៖ ‹ព្រះខ្ញុំអើយ! ព្រះខ្ញុំអើយ! ហេតុអ្វីបានជាលះចោលខ្ញុំ?›»។ (ម៉ាក. ១៥:៣៤) ពេលលោកមានប្រសាសន៍ថាព្រះបានលះចោលលោក នោះគឺមិនដោយសារលោកបាត់បង់ជំនឿទៅលើបិតារបស់លោកឡើយ។ ព្រះបានលះចោលលោកយេស៊ូដោយលែងការពារលោកពីពួកសត្រូវដើម្បីអាចល្បងលចិត្តស្មោះគ្រប់លក្ខណៈរបស់លោកយ៉ាងពេញលេញ។ ដូច្នេះពេលលោកយេស៊ូបានបន្លឺសំឡេងយ៉ាងខ្លាំងនោះ លោកបានសម្រេចទំនាយនៅទំនុកតម្កើង ២២:១។
១៧. តើសាការី ១២:១០ និងទំនុកតម្កើង ៣៤:២០បានសម្រេចយ៉ាងដូចម្ដេច?
១៧ គេនឹងចាក់មេស្ស៊ី ប៉ុន្តែមិនបំបាក់ឆ្អឹងរបស់លោកឡើយ។ បណ្ដាជននៅក្រុងយេរូសាឡិមនឹង«គន់មើលអ្នកដែលគេបានចាក់»។ (សាក. ១២:១០) ម្យ៉ាងទៀត ទំនុកតម្កើង ៣៤:២០ចែងថា៖ «[ព្រះ]រក្សាអស់ទាំងឆ្អឹងរបស់អ្នកនោះ មិនឲ្យឆ្អឹងណាមួយត្រូវបាក់ឡើយ»។ ដោយបញ្ជាក់អំពីចំណុចទាំងនេះ យ៉ូហានបានសរសេរថា៖ «ទាហានម្នាក់បានចាក់ចំហៀងខ្លួនលោក[យេស៊ូ]នឹងលំពែង ហើយឈាមនិងទឹកចេញមកភ្លាម។ ឯអ្នកដែលបានឃើញការនេះ[យ៉ូហាន]បានធ្វើជាសាក្សី ហើយការបញ្ជាក់របស់គាត់គឺពិត . . . ការទាំងនេះបានកើតឡើងដើម្បីសម្រេចតាមបទគម្ពីរដែលចែងថា៖ ‹គេនឹងមិនបំបាក់ឆ្អឹងណាមួយរបស់លោកឡើយ›។ ហើយបទគម្ពីរផ្សេងទៀតចែងថា៖ ‹ពួកគេនឹងមើលទៅលោកដែលពួកគេបានចាក់›»។—យ៉ូន. ១៩:៣៣-៣៧
១៨. តើលោកយេស៊ូបានត្រូវបញ្ចុះក្នុងផ្នូររបស់អ្នកមានយ៉ាងដូចម្ដេច?
១៨ មេស្ស៊ីនឹងត្រូវគេបញ្ចុះសពនៅក្នុងផ្នូររបស់អ្នកមាន។ (សូមអាន អេសាយ ៥៣:៥, ៨, ៩) នៅពេលព្រលប់ក្នុងថ្ងៃទី១៤ ខែណែសានមាន«បុរសអ្នកមានម្នាក់ឈ្មោះយ៉ូសែបពីក្រុងអារីម៉ាថេ» គាត់បានទៅជួបពីឡាត និងសុំយកសពរបស់លោកយេស៊ូ ហើយពីឡាតក៏យល់ព្រម។ កំណត់ហេតុក្នុងម៉ាថាយបានបន្ថែមថា៖ «យ៉ូសែបយកសពនោះរុំនឹងក្រណាត់ស្អាតសាច់ល្អ ហើយបញ្ចុះក្នុងទីបញ្ចុះសពថ្មីរបស់គាត់ ដែលគាត់បានធ្វើដោយដាប់ថ្មជារូង។ ក្រោយពីបានប្រមៀលថ្មមួយមកបិទទីបញ្ចុះសពនោះហើយ គាត់ក៏ចេញទៅ»។—ម៉ាថ. ២៧:៥៧-៦០
ចូរសរសើរមេស្ស៊ីដែលជាស្តេចរបស់យើង!
១៩. សមស្របនឹងទំនាយនៅទំនុកតម្កើង ១៦:១០ តើមានអ្វីបានកើតឡើង?
១៩ ព្រះយេហូវ៉ានឹងប្រោសមេស្ស៊ីឲ្យរស់ឡើងវិញ។ ដាវីឌបានសរសេរថា៖ «ទ្រង់[ព្រះយេហូវ៉ា]មិនទុកឲ្យព្រលឹងទូលបង្គំ នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ»។ (ទំនុក. ១៦:១០) សូមស្រមៃគិតអំពីការភ្ញាក់ផ្អើលរបស់ពួកស្ត្រីដែលបានមកឯទីបញ្ចុះសពរបស់លោកយេស៊ូ។ នៅទីនោះពួកនាងបានជួបទេវតាកាឡាខ្លួនជាមនុស្សមួយរូបដែលប្រាប់ពួកនាងថា៖ «កុំភាំងស្មារតីឡើយ។ ខ្ញុំដឹងថាអ្នកកំពុងរកលោកយេស៊ូពីក្រុងណាសារ៉ែត ដែលគេបានព្យួរ។ លោកបានត្រូវប្រោសឲ្យរស់ឡើងវិញ ហើយមិននៅទីនេះទេ។ មើល! នេះជាកន្លែងដែលគេបានដាក់សពរបស់លោក»។ (ម៉ាក. ១៦:៦) នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. សាវ័កពេត្រុសបានប្រកាសប្រាប់បណ្ដាជននៅក្រុងយេរូសាឡិមថា៖ «[ដាវីឌ]បានឃើញទុកជាមុនក៏បាននិយាយអំពីការប្រោសគ្រិស្តឲ្យរស់ឡើងវិញថា លោកមិនបានត្រូវទុកចោលក្នុងផ្នូរ ហើយសាច់របស់លោកក៏មិនបានខូចទៅដែរ»។ (សកម្ម. ២:២៩-៣១) ព្រះមិនអនុញ្ញាតឲ្យរូបកាយនៃបុត្រជាទីស្រឡាញ់របស់លោករលួយនោះទេ។ បន្ថែមទៅទៀត ព្រះបានធ្វើការអស្ចារ្យក្នុងការប្រោសលោកយេស៊ូឲ្យមានជីវិតរស់ឡើងវិញជាវិញ្ញាណ!—១ពេ. ៣:១៨
២០. តើទំនាយស្តីអំពីការគ្រប់គ្រងរបស់មេស្ស៊ីបានសម្រេចយ៉ាងដូចម្ដេច?
២០ ដូចបានទាយទុក ព្រះបានប្រកាសថាលោកយេស៊ូជាបុត្ររបស់លោក។ (សូមអាន ទំនុកតម្កើង ២:៧; ម៉ាថាយ ៣:១៧) បន្ថែមទៅទៀត ពេលដែលលោកយេស៊ូចូលក្នុងក្រុងយេរូសាឡិម បណ្ដាជនបានសរសើរលោកនិងរាជាណាចក្ររបស់លោក។ សព្វថ្ងៃនេះ យើងក៏សរសើរលោកដែរ ដោយរីករាយប្រកាសប្រាប់អ្នកឯទៀតអំពីលោកនិងរាជាណាចក្ររបស់លោក។ (ម៉ាក. ១១:៧-១០) បន្ដិចទៀត គ្រិស្តនឹងបំផ្លាញសត្រូវរបស់លោក កាលដែលលោក‹ជិះទៅ ដើម្បីការពារសេចក្ដីពិត សេចក្ដីសុភាព និងសេចក្ដីសុចរិត›។ (ទំនុក. ២:៨, ៩; ៤៥:១-៦) នៅពេលនោះ ការសោយរាជ្យរបស់លោកនឹងនាំឲ្យមានសន្ដិភាពនិងភាពចម្រុងចម្រើននៅពេញលើផែនដី។ (ទំនុក. ៧២:១, ៣, ១២, ១៦; អេ. ៩:៦, ៧) លោកយេស៊ូគ្រិស្តដែលជាបុត្រជាទីស្រឡាញ់របស់ព្រះយេហូវ៉ាបានគ្រប់គ្រងនៅស្ថានសួគ៌រួចទៅហើយ។ ដូច្នេះ យើងមានឯកសិទ្ធិដ៏អស្ចារ្យណាស់ក្នុងការធ្វើជាសាក្សីព្រះយេហូវ៉ា និងប្រាប់អ្នកឯទៀតអំពីសេចក្ដីពិតទាំងនេះ!
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើលោកយេស៊ូត្រូវគេក្បត់និងរត់ចោលយ៉ាងដូចម្ដេច?
• តើមានទំនាយអ្វីខ្លះដែលទាយអំពីពេលដែលគេព្យួរលោកយេស៊ូគ្រិស្ត?
• ហេតុអ្វីអ្នកជឿជាក់ថាលោកយេស៊ូគឺជាមេស្ស៊ីដែលបានត្រូវសន្យា?
[រូបភាពនៅទំព័រ១៨]
ពេលដែលលោកយេស៊ូបានចូលក្រុងយេរូសាឡិមជាអ្នកដែលមានជ័យជម្នះ តើទំនាយណាខ្លះបានសម្រេច?
[រូបភាពនៅទំព័រ២០]
លោកយេស៊ូបានទទួលមរណភាពដើម្បីលោះយើងពីភាពខុសឆ្គង ប៉ុន្តែឥឡូវនេះលោកកំពុងគ្រប់គ្រងជាស្តេចមេស្ស៊ី