សេចក្ដីសម្ងាត់ដែលពួកគ្រីស្ទានមិនហ៊ានលាក់ទុក!
«ខ្ញុំបាននិយាយនឹងបណ្ដាមនុស្ស។ . . . ខ្ញុំមិនដែលនិយាយដោយសំងាត់ទេ»។—យ៉ូហាន ១៨:២០
១, ២. តើអ្វីជាសារៈសំខាន់នៃពាក្យក្រិក ម៉ីស្ទារីន ដែលបានប្រើក្នុងបទគម្ពីរ?
ពាក្យក្រិក ម៉ីស្ទារីន (my·steʹri·on) ក្នុងសេចក្ដីបកប្រែពិភពលោកថ្មីនៃព្រះគម្ពីរបរិសុទ្ធ បានត្រូវបកប្រែ២៥ដង ជា «សេចក្ដីសម្ងាត់បរិសុទ្ធ» ហើយបីដងជា «សេចក្ដីអាថ៌កំបាំង»។ សេចក្ដីសម្ងាត់ដែលហៅថាបរិសុទ្ធច្បាស់ជាសំខាន់ណាស់! អ្នកណាមួយដែលមានឯកសិទ្ធិទទួលចំណេះនៃសេចក្ដីសម្ងាត់បែបនេះ គួរមានកិត្ដិយសដ៏ខ្ពង់ខ្ពស់ ពីព្រោះគាត់ត្រូវចាត់ទុកជាបុគ្គលដែលសមគួរចែកចាយសេចក្ដីសម្ងាត់ជាមួយព្រះដ៏ឧត្តមនៃសកលលោក។
២ វចនានុក្រមនៃសញ្ញាថ្មីនិងសញ្ញាចាស់ របស់លោកវ៉ាញ បញ្ជាក់ថាក្នុងករណីភាគច្រើន «សេចក្ដីសម្ងាត់បរិសុទ្ធ» ជាអត្ថន័យដែលសមត្រឹមត្រូវជាង «សេចក្ដីអាថ៌កំបាំង»។ អំពីពាក្យម៉ីស្ទារីន វចនានុក្រមនេះចែងថា៖ «ក្នុង[បទគម្ពីរគ្រីស្ទានភាសាក្រិក] នេះឲ្យន័យថាមិនមែនជាអ្វីដែលអាថ៌កំបាំង (ដូចជាភាសាអង់គ្លេសនោះទេ) ប៉ុន្តែពាក្យក្រិកនេះ មានន័យជាអ្វីដែលហួសពីសមត្ថភាពនៃការយល់ធម្មតារបស់មនុស្ស ហើយអាចដឹងបានតែពីការបើកសម្ដែងនៃព្រះ តាមបែបបទនិងក្នុងគ្រាដែលព្រះបានកំណត់ទុក ហើយសម្ដែងដល់តែពួកអ្នកដែលបានបំភ្លឺដោយវិញ្ញាណរបស់ទ្រង់។ ក្នុងភាសាសាមញ្ញ សេចក្ដីអាថ៌កំបាំងឲ្យន័យថាជាចំណេះសម្ងាត់ ពេលប្រើក្នុងព្រះគម្ពីរ នេះបង្ហាញអំពីសេចក្ដីពិតដែលបានបើកសម្ដែងមក។ ដូច្នេះ ឃ្លាដែលប្រើជាពិសេសជាមួយពាក្យនេះ គឺ‹ធ្វើឲ្យដឹង› ‹បង្ហាញឲ្យឃើញ› ‹បានបើកសម្ដែង› ‹បានផ្សាយ› ‹យល់› ‹ការចែកចាយ›»។
៣. តើក្រុមជំនុំគ្រីស្ទាននៃសតវត្សទីមួយខុសគ្នាយ៉ាងណា ពីពួកក្រុមសាសនាដ៏អាថ៌កំបាំង?
៣ ការពន្យល់នេះបង្ហាញឲ្យឃើញនូវភាពខុសគ្នាយ៉ាងធំរវាងក្រុមសាសនាដ៏អាថ៌កំបាំង ដែលមានក្នុងសតវត្សទីមួយ និងក្រុមជំនុំគ្រីស្ទានដែលទើបតែស្ថាបនាឡើង។ ចំណែកឯពួកដែលបានចូលក្នុងនិកាយសម្ងាត់ តែងតែជាប់ពាក្យសម្បថនៃភាពសម្ងាត់ដើម្បីការពារសេចក្ដីបង្រៀនសាសនា តែពួកគ្រីស្ទានមិនដែលនៅក្រោមពាក្យសម្បថនៃភាពសម្ងាត់ឡើយ។ ជាការពិតមែន ដែលសាវ័កប៉ុលបានហៅ‹ប្រាជ្ញានៃព្រះក្នុងសេចក្ដីសម្ងាត់បរិសុទ្ធ› ជា «ប្រាជ្ញាដ៏លាក់ទុក» គឺនេះបានលាក់ទុកពី «ចៅហ្វាយណាក្នុងលោកីយនេះ»។ នេះមិនមែនលាក់ទុកពីពួកគ្រីស្ទានដែលវិញ្ញាណបរិសុទ្ធរបស់ព្រះបានបើកសម្ដែងមក ដើម្បីឲ្យពួកគេអាចផ្សាយដល់សាធារណជន។—កូរិនថូសទី១ ២:៧-១២; ប្រៀបធៀប សុភាសិត ១:២០
«សេចក្ដីសម្ងាត់បរិសុទ្ធ»បានត្រូវសម្គាល់ឃើញ
៤. តើ «សេចក្ដីសម្ងាត់បរិសុទ្ធ»សំដៅទៅលើអ្នកណា ហើយតាមរបៀបណា?
៤ «សេចក្ដីសម្ងាត់បរិសុទ្ធ»របស់ព្រះយេហូវ៉ាសំដៅទៅលើព្រះយេស៊ូគ្រីស្ទ។ ប៉ុលបានសរសេរថា៖ «[ព្រះយេហូវ៉ា]សំដែង ឲ្យយើងរាល់គ្នាស្គាល់[សេចក្ដីសម្ងាត់បរិសុទ្ធ, ព.ថ.] នៃព្រះហឫទ័យទ្រង់ តាមគំនិតដែលទ្រង់បានគិតសំរេច ក្នុងព្រះអង្គទ្រង់ សំរាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ នឹងរបស់នៅផែនដីផង»។ (អេភេសូរ ១:៩, ១០) ប៉ុលបានមានប្រសាសន៍យ៉ាងចំៗទៀតអំពីបែបបទនៃ «សេចក្ដីសម្ងាត់បរិសុទ្ធ» ពេលដែលគាត់បានចង្អុលទៅសេចក្ដីត្រូវការ‹ចំណេះត្រឹមត្រូវអំពីសេចក្ដីសម្ងាត់បរិសុទ្ធនៃព្រះ គឺជាព្រះគ្រីស្ទ›។—កូល៉ុស ២:២
៥. តើ «សេចក្ដីសម្ងាត់បរិសុទ្ធ»ជាប់ទាក់ទងអ្វីទៀត?
៥ ប៉ុន្តែ មានការទាក់ទងជាច្រើនទៀត ពីព្រោះ «សេចក្ដីសម្ងាត់បរិសុទ្ធ» គឺមានលក្ខណៈជាច្រើន។ នេះមិនគ្រាន់តែការសម្គាល់ពូជសន្យាឬព្រះមេស្ស៊ីប៉ុណ្ណោះទេ តែរួមបញ្ចូលមុខនាទីដែលទ្រង់បានត្រូវចាត់ឲ្យដើរក្នុងគោលបំណងរបស់ព្រះផង។ នេះគឺទាក់ទងនឹងរដ្ឋាភិបាលនៅស្ថានសួគ៌ គឺព្រះរាជាណាចក្រមេស្ស៊ីរបស់ព្រះ ដូចព្រះយេស៊ូបានពន្យល់យ៉ាងច្បាស់ ពេលដែលទ្រង់បានមានបន្ទូលប្រាប់ពួកសិស្សទ្រង់ថា៖ «ពីព្រោះបានប្រទានមកអ្នករាល់គ្នា ឲ្យបានស្គាល់[សេចក្ដីសម្ងាត់បរិសុទ្ធ, ព.ថ.]របស់នគរស្ថានសួគ៌ តែមិនបានប្រទានឲ្យអ្នកទាំងនោះស្គាល់ទេ»។—ម៉ាថាយ ១៣:១១
៦. (ក) ហេតុអ្វីក៏ជាការត្រឹមត្រូវដោយនិយាយថា «សេចក្ដីសម្ងាត់បរិសុទ្ធ» បានត្រូវ «លាក់ទុក នៅអស់ទាំងកល្បរៀងមក»? (ខ) តើតាមរបៀបណាដែលបានបើកសម្ដែងបន្ដិចម្ដងៗ?
៦ មួយរយៈពេលធំត្រូវកន្លងផុតទៅ រវាងការប្រាប់ដំបូងនៃគោលបំណងរបស់ព្រះដើម្បីផ្ដល់មូលដ្ឋានសំរាប់ព្រះរាជាណាចក្រមេស្ស៊ី និងការនាំមកនូវ‹សេចក្ដីសម្ងាត់បរិសុទ្ធនៃព្រះ . . . ឲ្យបានសម្រេច›។ (វិវរណៈ ១០:៧; លោកុប្បត្តិ ៣:១៥) ការបានសម្រេចនឹងកើតឡើងជាមួយគ្នានឹងការស្ថាបនាឡើងនៃព្រះរាជាណាចក្រ ដូចការប្រៀបធៀបក្នុងវិវរណៈ ១០:៧ និង ១១:១៥ បង្ហាញឲ្យឃើញ។ តាមការពិត ៤០០០ឆ្នាំបានកន្លងមក ចាប់ពីការសន្យានៃព្រះរាជាណាចក្រដំបូងក្នុងសួនអេដែន រហូតដល់ការលេចមកនៃស្តេចដែលបានតាំងឲ្យសោយរាជ្យ ក្នុងឆ្នាំ២៩ ស.យ.។ ១៨៨៥ឆ្នាំកន្លងមក មុននឹងព្រះរាជាណាចក្របានត្រូវស្ថាបនាក្នុងស្ថានសួគ៌ក្នុងឆ្នាំ១៩១៤។ ដូច្នេះ «សេចក្ដីសម្ងាត់បរិសុទ្ធ» បានត្រូវបើកសម្ដែងបន្ដិចម្ដងៗ ក្នុងរយៈពេលជិត៦០០០ឆ្នាំ។ (សូមមើលទំព័រ ១៨) ប៉ុលប្រាកដជាបាននិយាយដ៏ត្រឹមត្រូវអំពី «សេចក្ដីបើកសំដែង អំពី[សេចក្ដីសម្ងាត់បរិសុទ្ធ, ព.ថ.] ដែលបានលាក់ទុកនៅអស់ទាំងកល្បរៀងមក តែឥឡូវនេះបានបើកសំដែងមក»។—រ៉ូម ១៦:២៥-២៧; អេភេសូរ ៣:៤-១១
៧. ហេតុអ្វីក៏យើងអាចមានការទុកចិត្តជាទីបំផុត លើអ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ?
៧ ផ្ទុយនឹងមនុស្សជាតិដែលមានជីវិតដ៏ខ្លី ព្រះយេហូវ៉ាមិនដែលត្រូវបង្ខិតបង្ខំដោយពេលវេលា ដើម្បីបើកសម្ដែងសេចក្ដីសម្ងាត់របស់ទ្រង់មុនពេលកំណត់នោះទេ។ ការដឹងអំពីរឿងនេះ ជួយយើងឲ្យចេះអត់ធ្មត់ កាលណាសំនួរណាមួយក្នុងព្រះគម្ពីរ ដែលមិនអាចពន្យល់ឲ្យស្កប់ចិត្តយើងបាននៅគ្រានេះ។ ដោយសារអ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អមានចិត្តសុភាព ហើយដោយមានមុខនាទីចាត់ផ្ដល់ឲ្យគ្រួសារគ្រីស្ទាននូវអាហារក្នុងវេលាត្រឹមត្រូវ នោះបង្ការគេក៏ឲ្យទៅមុខដោយឥតកោតក្រែង ហើយកុំឲ្យស្មានអំពីអ្វីៗដែលមិនទាន់បើកសម្ដែងឲ្យដឹងច្បាស់លាស់នៅឡើយ។ ពួកក្រុមអ្នកបំរើខំជៀសវាងពីចិត្តមានះ។ ពួកក្រុមបំរើនេះមានចិត្តរាបទាបក្នុងការសារភាពថា ក្នុងបច្ចុប្បន្ននេះ គឺមិនអាចឆ្លើយសំនួរទាំងអស់បានទេ ដោយចងចាំសុភាសិត ៤:១៨។ ប៉ុន្តែជាការរំភើបចិត្តណាស់ដោយដឹងថាព្រះយេហូវ៉ា ក្នុងគ្រាកំណត់និងតាមផ្លូវរបស់ទ្រង់ នឹងបន្តបើកសម្ដែងសេចក្ដីសម្ងាត់អំពីគោលបំណងរបស់ទ្រង់! យើងមិនត្រូវមានចិត្តអន្ទះអន្ទែងនឹងការរៀបចំរបស់ព្រះយេហូវ៉ាឡើយ ដោយខំប្រឹងទៅមុខមុនអ្នកបើកសម្ដែងនៃសេចក្ដីសម្ងាត់នោះ។ តើជាការលើកទឹកចិត្តណាស់ហ្ន៎ ដោយដឹងថាផ្លូវដែលព្រះយេហូវ៉ាកំពុងតែប្រើសព្វថ្ងៃនេះ មិនធ្វើឡើងបែប! ក្រុមនេះគឺស្មោះត្រង់ហើយមានវិនិច្ឆ័យល្អទៀត។—ម៉ាថាយ ២៤:៤៥; កូរិនថូសទី១ ៤:៦
សេចក្ដីសម្ងាត់ដែលបានបើកសម្ដែងត្រូវតែប្រាប់គេឲ្យដឹង!
៨. តើតាមរបៀបណាដែលយើងដឹងថា «សេចក្ដីសម្ងាត់បរិសុទ្ធ» នឹងត្រូវផ្សព្វផ្សាយយ៉ាងណា?
៨ ព្រះយេហូវ៉ាមិនបានបើកសម្ដែង «សេចក្ដីសម្ងាត់បរិសុទ្ធ»របស់ទ្រង់ ដល់ពួកគ្រីស្ទានសំរាប់ឲ្យគេលាក់ទុកនោះទេ។ គឺត្រូវផ្សាយ ឲ្យស្របតាមគោលការណ៍ ដែលព្រះយេស៊ូបានទុកសំរាប់ពួកអ្នកកាន់តាមទ្រង់ទាំងអស់—មិនគ្រាន់តែសំរាប់បព្វជិតទេ៖ «អ្នករាល់គ្នាជាពន្លឺនៃលោកីយ ឯទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ ក៏គ្មានអ្នកណាអុជចង្កៀង យកទៅដាក់ក្រោមថាំងដែរ គេតែងដាក់លើជើងចង្កៀងវិញ នោះទើបភ្លឺដល់អ្នកដែលនៅក្នុងផ្ទះទាំងអស់គ្នា ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌»។—ម៉ាថាយ ៥:១៤-១៦; ២៨:១៩, ២០
៩. តើអ្វីដែលបង្ហាញថាព្រះយេស៊ូមិនជាអ្នកបដិវត្ត ដូចអ្នកខ្លះអះអាងនោះ?
៩ ព្រះយេស៊ូមិនមានគម្រោងការណ៍បង្កើតអង្គការបដិវត្តសម្ងាត់នៃពួកអ្នកកាន់តាមទ្រង់ ដើម្បីសម្រេចគោលបំណងសម្ងាត់ឡើយ។ ក្នុងសៀវភៅ សាសនាគ្រីស្ទានដើមនិងសង្គម លោក រ៉ូបើត ម. គ្រែន បានសរសេរអំពីពាក្យដោះសារជួសចំពោះពួកគ្រីស្ទានសម័យដើម ដោយអ្នកនិពន្ធដែលគាំទ្រគ្រីស្ទានពីដើមក្នុងសតវត្សទីពីរ លោក ច័ស្ទិន ម៉ាធើ៖ «បើសិនជាពួកគ្រីស្ទានជាពួកអ្នកបដិវត្ត ពួកគេនឹងលាក់ខ្លួនដើម្បីសម្រេចគោលបំណងរបស់គេ»។ ប៉ុន្តែតើពួកគ្រីស្ទានអាច «លាក់ខ្លួន» ហើយក្នុងពេលដំណាលគ្នានោះ ឲ្យធ្វើដូចជា «ទីក្រុង . . . ដែលនៅលើភ្នំ»យ៉ាងដូចម្ដេចបាន? ពួកគេមិនហ៊ានលាក់ពន្លឺរបស់ខ្លួនក្រោមថាំងទេ! ដូច្នេះ ឥតមានអ្វីគួរឲ្យខ្លាចពីសកម្មភាពរបស់គេទេចំពោះរដ្ឋាភិបាល។ អ្នកនិពន្ធនេះបានរៀបរាប់អំពីពួកគេថាជាសម្ព័ន្ធមិត្តដ៏ល្អបំផុតរបស់អធិរាជ ក្នុងការបណ្ដាលឲ្យមានសន្ដិភាពនិងរបៀបរៀបរយ»។
១០. ហេតុអ្វីក៏ពួកគ្រីស្ទានមិនត្រូវលាក់អត្តសញ្ញាណខ្លួន?
១០ ព្រះយេស៊ូមិនចង់ឲ្យពួកសិស្សរបស់ទ្រង់លាក់អត្តសញ្ញាណរបស់គេជាសមាជិកនៃនិកាយសាសនាដែលគេហៅនោះទេ។ (កិច្ចការ ២៤:១៤; ២៨:២២) បើមិនធ្វើឲ្យភ្លើងរបស់យើងបញ្ចេញពន្លឺសព្វថ្ងៃនេះ នោះនឹងមិនជាការគាប់ព្រះហឫទ័យដល់ព្រះគ្រីស្ទនិងព្រះវរបិតាទ្រង់ អ្នកបើកសម្ដែងនៃសេចក្ដីសម្ងាត់ ហើយនេះក៏មិនធ្វើឲ្យយើងសប្បាយចិត្តដែរ។
១១, ១២. (ក) ហេតុអ្វីក៏ព្រះយេហូវ៉ាមានព្រះទ័យចង់ឲ្យសាសនាគ្រីស្ទានបើកសម្ដែងឲ្យដឹង? (ខ) តើតាមរបៀបណាដែលព្រះយេស៊ូបានទុកគំរូដ៏ត្រឹមត្រូវ?
១១ ព្រះយេហូវ៉ា «មិនចង់ឲ្យអ្នកណាមួយវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ»។ (ពេត្រុសទី២ ៣:៩; អេសេគាល ១៨:២៣; ៣៣:១១; កិច្ចការ ១៧:៣០) មូលដ្ឋានចំពោះការអត់ឱនទោសបាបនៃមនុស្សដែលប្រែចិត្ត គឺជំនឿលើយញ្ញបូជាលោះនៃព្រះយេស៊ូគ្រីស្ទ ដែលទ្រង់ផ្ដល់ឲ្យអង្គទ្រង់ជាការលោះសំរាប់មនុស្សទាំងអស់—មិនមែនសំរាប់តែមនុស្សមួយចំនួនតូច—គឺដើម្បីឲ្យ «អ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»។ (យ៉ូហាន ៣:១៦) ជាការសំខាន់ណាស់ក្នុងការជួយមនុស្សឲ្យចាត់វិធានការត្រឹមត្រូវ ដើម្បីឲ្យគេត្រូវជំនុំជំរះជាចៀម មិនមែនជាពួកពពែ ក្នុងកំឡុងសេចក្ដីជំនុំជំរះខាងមុខនេះ។—ម៉ាថាយ ២៥:៣១-៤៦
១២ សាសនាគ្រីស្ទានពិតមិនត្រូវលាក់ទុកឡើយ តែនឹងត្រូវបើកសម្ដែងក្នុងគ្រប់ផ្លូវដែលត្រឹមត្រូវ។ ព្រះយេស៊ូអង្គទ្រង់បានទុកគំរូដ៏ត្រឹមត្រូវ។ ពេលដែលសម្ដេចសង្ឃបានសួរទ្រង់ ពីដំណើរនៃពួកសិស្សទ្រង់និងការបង្រៀនរបស់ទ្រង់ ទ្រង់បានមានបន្ទូលថា៖ «ខ្ញុំបាននិយាយនឹងបណ្ដាមនុស្ស នៅកណ្ដាលជំនុំ ខ្ញុំតែងតែបង្រៀនក្នុងសាលាប្រជុំ ហើយក្នុងព្រះវិហារ ជាកន្លែងដែលពួកសាសន៍យូដាប្រជុំគ្នា ខ្ញុំមិនដែលនិយាយដោយសំងាត់ទេ»។ (យ៉ូហាន ១៨:១៩, ២០) ដោយសារគំរូពីមុននេះ គ្មានបុគ្គលដ៏កោតខ្លាចព្រះណាមួយនឹងលាក់ទុកសេចក្ដីសម្ងាត់ ដែលព្រះបានប្រកាសឲ្យបើកសម្ដែងជាសាធារណៈនោះឡើយ។ តើអ្នកណានឹងហ៊ានលាក់ទុក‹កូនសោនៃចំណេះ› ដែលនាំទៅដល់ជីវិតអស់កល្បជានិច្ចនោះ? បើធ្វើដូចនេះ នោះគាត់នឹងដូចជាពួកលាក់ពុតខាងសាសនានៃសតវត្សទីមួយហើយ។—លូកា ១១:៥២; យ៉ូហាន ១៧:៣
១៣. ហេតុអ្វីក៏យើងត្រូវផ្សាយក្នុងគ្រប់ឱកាសទាំងអស់?
១៣ សូមកុំឲ្យអ្នកណាមួយអាចនិយាយថាយើងជាស្មរបន្ទាល់ព្រះយេហូវ៉ាដែលបានលាក់ទុកសេចក្ដីសម្ងាត់នៃសារព្រះរាជាណាចក្រនៃព្រះឡើយ! មិនថាមនុស្សទទួលយកសារឬក៏មិនទទួលយកក្ដី មនុស្សត្រូវតែដឹងថាសារនេះបានត្រូវផ្សាយមែន។ (ប្រៀបធៀប អេសេគាល ២:៥; ៣៣:៣៣) ដូច្នេះ សូមឲ្យយើងឆ្លៀតយកគ្រប់ឱកាសដើម្បីប្រាប់អំពីសារនៃសេចក្ដីពិតដល់មនុស្សគ្រប់គ្នា ទោះជាយើងជួបគេនៅទីណាក៏ដោយ។
ដាក់ទំពក់ក្នុងថ្គាមសាតាំង
១៤. ហេតុអ្វីក៏យើងមិនត្រូវស្ទាក់ស្ទើរក្នុងការបើកសម្ដែងការថ្វាយបង្គំរបស់យើង?
១៤ នៅកន្លែងជាច្រើន មានប្រកាសក្នុងសារពត៌មានរឹតតែច្រើនឡើងអំពីស្មរបន្ទាល់ព្រះយេហូវ៉ា។ ស្រដៀងនឹងអ្វីដែលបានកើតឡើងដល់ពួកគ្រីស្ទានសម័យដើមដែរ មនុស្សតែងតែយល់ច្រឡំ ហើយចាត់ទុកជានិកាយដ៏គួរឲ្យសង្ស័យនិងអង្គការដ៏សម្ងាត់។ (កិច្ចការ ២៨:២២) តើការឥតលាក់លាមរបស់យើងក្នុងការផ្សាយធ្វើឲ្យគេប្រយុទ្ធលើយើងឬ? មិនជាការមានប្រាជ្ញាទេ ហើយមិនសមស្របតាមឱវាទរបស់ព្រះយេស៊ូទៀត ក្នុងការជម្រុញខ្លួនចូលក្នុងវាទប្បដិវាទដោយឥតចាំបាច់នោះ។ (សុភាសិត ២៦:១៧; ម៉ាថាយ ១០:១៦) ប៉ុន្តែ កិច្ចការដ៏ផ្ដល់ឲ្យប្រយោជន៍នៃការផ្សាយព្រះរាជាណាចក្រ ហើយនិងការជួយមនុស្សឲ្យចំរើនជីវិតរបស់គេ នោះគឺមិនត្រូវលាក់ទុកឡើយ។ នេះនឹងដំកើងព្រះយេហូវ៉ា គឺដំកើងទ្រង់ឲ្យបានខ្ពស់ ដោយសំដៅទៅទ្រង់និងព្រះរាជាណាចក្រនៃទ្រង់ដែលបានស្ថាបនារួចហើយនោះ។ ការទទួលយកសេចក្ដីពិតព្រះគម្ពីរក្នុងទ្វីបអឺរ៉ុបខាងកើតក្នុងពេលថ្មីៗនេះ ហើយក្នុងភូមិភាគអាហ្វ្រិក គឺជាលទ្ធផលនៃការរីកចំរើនខាងការផ្សាយសេចក្ដីពិតដ៏តែលាក់កាម។
១៥, ១៦. (ក) តើអ្វីជាគោលបំណងនៃការបើកដ៏ឥតលាក់លាមរបស់យើងនិងការរីកចំរើនខាងវិញ្ញាណ ប៉ុន្តែតើនេះជាអ្វីដែលគួរឲ្យខ្វល់ខ្វាយឬ? (ខ) ហេតុអ្វីក៏ព្រះយេហូវ៉ាដាក់ទំពក់ក្នុងថ្គាមនៃសាតាំង?
១៥ ជាការពិតមែន ដែលស្មរបន្ទាល់ព្រះយេហូវ៉ាផ្សាយដោយឥតលាក់លាម សួនមនោរម្យខាងវិញ្ញាណដែលគេមាន ហើយនិងការរីកចំរើនរបស់គេ—ខាងកម្លាំងមនុស្សនិងទ្រព្យសម្បត្ដិ—គឺតែងតែសម្គាល់ឃើញជានិច្ច។ កាលដែលទាក់ទាញចិត្តមនុស្សដែលមានចិត្តស្មោះត្រង់ កត្ដាទាំងនេះក៏អាចធ្វើឲ្យពួកសត្រូវស្អប់ខ្ពើមដែរ។ (កូរិនថូសទី២ ២:១៤-១៧) តាមការពិត ការរីកចំរើននេះនៅទីបំផុតនឹងល្បួងកងទ័ពសាតាំង ឲ្យមកប្រយុទ្ធលើប្រជារាស្ត្ររបស់ព្រះ។
១៦ តើនេះនឹងធ្វើឲ្យយើងខ្វល់ខ្វាយឬ? គឺអត់ទេ បើយោងទៅតាមទំនាយរបស់ព្រះយេហូវ៉ាក្នុងអេសេគាលជំពូក៣៨។ ទំនាយនេះប្រាប់អំពីកុកនិងសាសន៍មេកុក រៀបរាប់ពីអារក្សសាតាំង តាំងពីវាបានធ្លាក់ក្នុងវិស័យនៃផែនដី ក្រោយពីព្រះរាជាណាចក្របានត្រូវស្ថាបនាឡើងក្នុងឆ្នាំ១៩១៤ នឹងនាំឲ្យមានការប្រយុទ្ធលើប្រជារាស្ត្ររបស់ព្រះ។ (វិវរណៈ ១២:៧-៩) ព្រះយេហូវ៉ាមានបន្ទូលប្រាប់កុកថា៖ «ឯងនឹងថា ‹អញនឹងឡើងទៅឯស្រុកដែលនៅចំហ អញនឹងទៅឯពួកមនុស្ស ដែលនៅដោយឥតកង្វល់ ហើយដោយសុខសាន្ត ដែលទាំងអស់គ្នានៅដោយឥតមានកំផែង ឬទ្វារ ឬរនុកឡើយ› ដើម្បីនឹងចាប់យករបឹបនឹងរំពា ហើយត្រឡប់ដៃទៅទាស់នឹងទីខូចបង់ ដែលមានមនុស្សអាស្រ័យនៅឡើងវិញ ហើយទាស់នឹងបណ្ដាមនុស្ស ដែលបានប្រមូលចេញពីគ្រប់ទាំងសាសន៍ ជាពួកអ្នកដែលចំរើនបានហ្វូងសត្វ នឹងទ្រព្យសម្បត្ដិ ក៏នៅចំកណ្ដាលផែនដី»។ (អេសេគាល ៣៨:១១, ១២) ខ៤ បង្ហាញថាប្រជារាស្ត្ររបស់ព្រះមិនត្រូវខ្លាចការប្រយុទ្ធរបស់វាទេ ព្រោះនេះជាការប្រព្រឹត្តរបស់ព្រះយេហូវ៉ា។ ប៉ុន្តែ ហេតុអ្វីក៏ព្រះអនុញ្ញាតឲ្យមាន—ការប្រយុទ្ធផ្ដាច់ព្រាត់លើប្រជារាស្ត្ររបស់ទ្រង់នោះ? ក្នុងខ២៣ យើងអានចម្លើយរបស់ព្រះយេហូវ៉ាថា៖ «អញនឹងដំកើងខ្លួនអញ ហើយតាំងខ្លួនអញជាបរិសុទ្ធ ព្រមទាំងធ្វើឲ្យសាសន៍ជាច្រើន ស្គាល់អញចំពោះភ្នែកផង នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត»។
១៧. តើយើងត្រូវមានទស្សនៈយ៉ាងណាអំពីការប្រយុទ្ធនៃកុកដែលនឹងកើតឡើង?
១៧ ដូច្នេះ ជាជាងរស់នៅដោយភ័យខ្លាចពីការប្រយុទ្ធរបស់កុក ប្រជារាស្ត្ររបស់ព្រះយេហូវ៉ាទន្ទឹងចាំដោយរីករាយនូវការសម្រេចថែមទៀតនៃទំនាយនេះ។ ជាការរំភើបចិត្តមែនដោយដឹងថា ដោយសារចំរើននិងប្រទានពរដល់អង្គការដ៏មើលឃើញរបស់ទ្រង់ ព្រះយេហូវ៉ាដាក់ទំពក់ក្នុងថ្គាមរបស់សាតាំង ហើយទាញវានិងពួកពលបរិវារឲ្យបរាជ័យ!—អេសេគាល ៣៨:៤
ឥឡូវនេះឥតលាក់លាមជាងមុនៗទៅទៀត
១៨. (ក) តើសព្វថ្ងៃនេះមនុស្សជាច្រើនយល់យ៉ាងណា ហើយហេតុអ្វី? (ខ) តើប្រតិកម្មដល់ការផ្សាយព្រះរាជាណាចក្រ ធ្វើជាការជំរុញទឹកចិត្តដ៏ខ្លាំងក្លាយ៉ាងណា?
១៨ ក្នុងសម័យទំនើបនេះ ស្មរបន្ទាល់ព្រះយេហូវ៉ាបាននិយាយអំពីទស្សនៈរបស់គេដែលមានមូលដ្ឋានពីព្រះគម្ពីរដោយឥតលាក់លាម ទោះជាការធ្វើនេះ មិនប្រជាប្រិយក៏ដោយ។ រាប់ទសវត្សមកហើយ ពួកគេបានប្រាប់អំពីគ្រោះថ្នាក់នៃការជក់បារីនិងគ្រឿងអាភៀន ការចិញ្ចឹមកូនតាមបែបអាវ៉ាសែ ឥទ្ធិពលដ៏អាក្រក់នៃគ្រឿងកំសាន្ត ដែលមានពាសពេញជាមួយនឹងការរួមដំណេកខុសច្បាប់ទម្លាប់និងអំពើឃោរឃៅ និងគ្រោះថ្នាក់នៃការចាក់បញ្ចូលឈាម។ ពួកគេក៏បានចង្អុលប្រាប់អំពីការផ្លាស់ប្ដូរនៃទ្រឹស្តីវិវត្តន៍។ មនុស្សកាន់តែច្រើនឡើងនិយាយថា «ស្មរបន្ទាល់ព្រះយេហូវ៉ាមិននិយាយខុសឡើយ»។ បើសិនជាយើងនិយាយដ៏លាក់លាមអំពីរឿងនេះ ពួកគេប្រហែលជាមិនបានតបឆ្លើយបែបនេះទេ។ ហើយសូមកុំភ្លេច ដោយធ្វើសេចក្ដីថ្លែងបែបនេះ ពួកគេប្រៀបដូចជានិយាយថា «សាតាំង ឯងជាអ្នកភូតភរ ព្រះយេហូវ៉ាជាពិតត្រឹមត្រូវ»។ នេះជាការជំរុញដ៏ខ្លាំងសំរាប់យើងឲ្យបន្តធ្វើតាមគំរូរបស់ព្រះយេស៊ូ ដោយនិយាយសាធារណៈអំពីពាក្យនៃសេចក្ដីពិត!—សុភាសិត ២៧:១១
១៩, ២០. (ក) តើការខំប្រឹងអ្វីដែលរាស្ត្ររបស់ព្រះយេហូវ៉ាបានថ្លែងក្នុងឆ្នាំ១៩២២ ហើយតើពាក្យនេះនៅមានឥទ្ធិពលទេ? (ខ) តើយើងត្រូវមានទស្សនៈយ៉ាងណាអំពី «សេចក្ដីសម្ងាត់បរិសុទ្ធ»របស់ព្រះយេហូវ៉ា?
១៩ រាស្ត្ររបស់ព្រះយេហូវ៉ាបានយល់ដឹងអំពីកាតព្វកិច្ចរបស់គេចំពោះរឿងនេះជាយូរយារមកហើយ។ ក្នុងមហាសន្និបាតដ៏កត់សម្គាល់នៃឆ្នាំ១៩២២ យ. ហ្វ. រុទ័រហ្វឺត ដែលជាប្រធាននៃសមាគមប៉មយាមនៅពេលនោះ បានធ្វើឲ្យពួកអ្នកស្ដាប់រំភើបចិត្តដោយមានប្រសាសន៍ថា៖ «ចូរឲ្យមាំ ចូរឲ្យប្រុងប្រយ័ត្ន ចូរឲ្យសកម្ម ចូរឲ្យក្លាហានឡើង។ ចូរឲ្យធ្វើជាស្មរបន្ទាល់ស្មោះត្រង់ហើយពិតនៃព្រះអម្ចាស់។ ចូរដើរទៅមុខក្នុងការប្រយុទ្ធ រហូតដល់គ្រប់ផ្នែកនៃបាប៊ីឡូនបានហិនហោចអស់។ ចូរប្រកាសផ្សាយសារពាសពេញ។ មនុស្សលោកត្រូវតែដឹងថាព្រះយេហូវ៉ាជាព្រះ ហើយថាព្រះយេស៊ូគ្រីស្ទជាស្តេចលើអស់ទាំងស្តេច ហើយព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់។ នេះជាថ្ងៃលើអស់ទាំងថ្ងៃ។ សូមមើលហ្ន៎ ស្តេចសោយរាជ្យហើយ! អ្នករាល់គ្នាជាភ្នាក់ងារសាធារណៈរបស់ទ្រង់។ ដូច្នេះ ចូរផ្សាយ ផ្សាយ ផ្សាយ ពីស្តេចនិងព្រះរាជាណាចក្ររបស់ទ្រង់»។
២០ ដូចជាពាក្យនេះមានសារសំខាន់ក្នុងឆ្នាំ១៩២២ ឥឡូវនេះ៧៥ឆ្នាំក្រោយមកក៏រឹតតែសំខាន់ជាងនោះទៅទៀត ត្បិតការសម្ដែងនៃព្រះគ្រីស្ទជាចៅក្រមនិងជាអ្នកសងសឹកកាន់តែជិតមកដល់ហើយ! សាររបស់ព្រះរាជាណាចក្រព្រះយេហូវ៉ាដែលបានស្ថាបនា និងអំពីសួនមនោរម្យខាងវិញ្ញាណដែលរាស្ត្ររបស់ទ្រង់មាន គឺជា «សេចក្ដីសម្ងាត់បរិសុទ្ធ» ដែលរាស្ត្រទ្រង់មិនហ៊ានលាក់ទុកសំរាប់ខ្លួនឯងទេ។ ដូចជាព្រះយេស៊ូបានមានបន្ទូលយ៉ាងច្បាស់ នោះពួកអ្នកកាន់តាមទ្រង់ ដោយមានជំនួយពីវិញ្ញាណបរិសុទ្ធ ត្រូវតែធ្វើបន្ទាល់ «រហូតដល់ចុងផែនដីបំផុត» អំពីមុខនាទីដ៏សំខាន់របស់ទ្រង់ ក្នុងគោលបំណងដ៏អស់កល្បជានិច្ចរបស់ព្រះយេហូវ៉ា។ (កិច្ចការ ១:៨; អេភេសូរ ៣:៨-១២) តាមការពិត ក្នុងឋានៈជាពួកអ្នកបំរើរបស់ព្រះយេហូវ៉ា ជាព្រះដែលសម្ដែងប្រាប់សេចក្ដីសម្ងាត់ យើងមិនហ៊ានលាក់ទុកសេចក្ដីសម្ងាត់នេះនឹងខ្លួនយើងឡើយ!
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើអ្វីជា «សេចក្ដីសម្ងាត់បរិសុទ្ធ»?
◻ តើតាមរបៀបណាដែលយើងដឹងថាត្រូវតែផ្សាយសាធារណៈ?
◻ តើអ្វីនឹងនាំឲ្យមានការប្រយុទ្ធពីកុកលើរាស្ត្ររបស់ព្រះយេហូវ៉ា ហើយតើយើងត្រូវគិតយ៉ាងណាអំពីរឿងនេះ?
◻ តើយើងម្នាក់ៗត្រូវប្ដេជ្ញាធ្វើអ្វី?
[ប្រអប់នៅទំព័រ១៨]
«សេចក្ដីសម្ងាត់បរិសុទ្ធ» ដែលបានត្រូវបើកសម្ដែងបន្ដិចម្ដងៗ
◻ ក្រោយពីឆ្នាំ ៤០២៦ ម.ស.យ.៖ ព្រះសន្យាបង្កើតពូជមួយដើម្បីកំទេចអារក្សសាតាំង។—លោកុប្បត្តិ ៣:១៥
◻ ១៩៤៣ ម.ស.យ.៖ កិច្ចព្រមព្រៀងអ័ប្រាហាំបានត្រូវមានសុពលភាព ដែលសន្យាថា ពូជនឹងមកតាមរយៈលោកអ័ប្រាហាំ។—លោកុប្បត្តិ ១២:១-៧
◻ ១៩១៨ ម.ស.យ.៖ កំណើតអ៊ីសាក ជាអ្នកគ្រងមរដកនៃកិច្ចព្រមព្រៀង។—លោកុប្បត្តិ ១៧:១៩; ២១:១-៥
◻ ១៧៦១ ម.ស.យ.៖ ព្រះយេហូវ៉ាបានបញ្ជាក់ថា ពូជនឹងមកតាមរយៈកូនរបស់អ៊ីសាក ឈ្មោះយ៉ាកុប។—លោកុប្បត្តិ ២៨:១០-១៥
◻ ១៧១១ ម.ស.យ.៖ លោកយ៉ាកុបបង្ហាញថា ពូជនឹងមកតាមរយៈកូនរបស់គាត់ យូដា។—លោកុប្បត្តិ ៤៩:១០
◻ ១០៧០-១០៣៨ ម.ស.យ.៖ ស្តេចដាវីឌដឹងថា ពូជនឹងមកតាមរយៈពូជរបស់ទ្រង់ ហើយនឹងគ្រប់គ្រងជាស្តេចដ៏អស់កល្បជានិច្ច។—សាំយូអែលទី២ ៧:១៣-១៦; ទំនុកដំកើង ៨៩:៣៥, ៣៦
◻ ២៩-៣៣ ស.យ.៖ ព្រះយេស៊ូទ្រង់បានត្រូវសម្គាល់ថាជាពូជសន្យានេះ ជាព្រះមេស្ស៊ី ចៅក្រមនៅអនាគត ហើយជាស្តេចដែលបានជ្រើសរើសទុក។—យ៉ូហាន ១:១៧; ៤:២៥, ២៦; កិច្ចការ ១០:៤២, ៤៣; កូរិនថូសទី២ ១:២០; ធីម៉ូថេទី១ ៣:១៦
◻ ព្រះយេស៊ូបញ្ចេញឲ្យឃើញថា ទ្រង់នឹងមានអ្នកគ្រប់គ្រងនិងពួកចៅក្រមនៅជាមួយទ្រង់ ជារដ្ឋាភិបាលស្ថានសួគ៌ដែលមានប្រជារាស្ត្រនៅផែនដី ហើយអ្នកកាន់តាមទ្រង់ទាំងអស់ គឺជាអ្នកផ្សាយដំណឹងល្អនៃព្រះរាជាណាចក្រ។—ម៉ាថាយ ៥:៣-៥; ៦:១០; ២៨:១៩, ២០; លូកា ១០:១-៩; ១២:៣២; ២២:២៩, ៣០; យ៉ូហាន ១០:១៦; ១៤:២, ៣
◻ ព្រះយេស៊ូបញ្ចេញឲ្យឃើញថា ព្រះរាជាណាចក្រនឹងចាប់កំណើតក្នុងគ្រាកំណត់ ដែលមានភស្តុតាងពីព្រឹត្ដិការណ៍នៃពិភពលោក។—ម៉ាថាយ ២៤:៣-២២; លូកា ២១:២៤
◻ ៣៦ ស.យ.៖ លោកពេត្រុសបានដឹងថា ពួកអ្នកដែលមិនមែនសាសន៍យូដា ក៏មានសិទ្ធិជាអ្នកទទួលមរតកព្រះរាជាណាចក្រដែរ។—កិច្ចការ ១០:៣០-៤៨
◻ ៥៥ ស.យ.៖ លោកប៉ុលពន្យល់ថា អ្នកគ្រប់គ្រងព្រះរាជាណាចក្រជាមរតកនោះ នឹងបានរស់ឡើងវិញ ជាជីវិតអមតភាព និងឥតមានសេចក្ដីពុករលួយក្នុងកំឡុងវត្តមានរបស់ព្រះគ្រីស្ទ។—កូរិនថូសទី១ ១៥:៥១-៥៤
◻ ៩៦ ស.យ.៖ ព្រះយេស៊ូកំពុងតែគ្រប់គ្រងលើពួកអ្នកកាន់តាមទ្រង់ដែលចាក់ប្រេងតាំង បង្ហាញឲ្យឃើញថា ចំនួនកំណត់របស់ពួកគេ គឺ១៤៤.០០០នាក់។—អេភេសូរ ៥:៣២; កូល៉ុស ១:១៣-២០; វិវរណៈ ១:១; ១៤:១-៣
◻ ១៨៧៩ ស.យ.៖ ប៉មយាមភ្នំស៊ីយ៉ូន បង្ហាញឲ្យឃើញថា នៅឆ្នាំ១៩១៤គឺជាឆ្នាំដ៏សំខាន់ ក្នុងការសម្រេចនៃ «សេចក្ដីសម្ងាត់បរិសុទ្ធ»របស់ព្រះ។
◻ ១៩២៥ ស.យ.៖ ប៉មយាម ពន្យល់ថា ព្រះរាជាណាចក្របានកើតឡើងក្នុងឆ្នាំ១៩១៤; «សេចក្ដីសម្ងាត់បរិសុទ្ធ» អំពីព្រះរាជាណាចក្រត្រូវតែផ្សាយ។—វិវរណៈ ១២:១-៥, ១០, ១៧
[រូបភាពនៅទំព័រ១៧]
ដូចព្រះយេស៊ូ ជាមេដឹកនាំរបស់គេ ស្មរបន្ទាល់ព្រះយេហូវ៉ាផ្សាយអំពីព្រះរាជាណាចក្ររបស់ព្រះយេហូវ៉ាជាសាធារណៈ