ក្រុងយេរូសាឡិម—«ជាក្រុងនៃស្តេចធំ»
«កុំឲ្យស្បថ . . . ទោះនឹងក្រុងយេរូសាឡិមក្ដី ព្រោះជាក្រុងនៃស្តេចធំ»។—ម៉ាថាយ ៥:៣៤, ៣៥
១, ២. តើមនុស្សខ្លះអាចមានចម្ងល់យ៉ាងណាអំពីក្រុងយេរូសាឡិម?
ក្រុងយេរូសាឡិម—គ្រាន់តែឈ្មោះនេះទេ នាំឲ្យមនុស្សពីសាសនាផ្សេងៗមានអារម្មណ៍យ៉ាងខ្លាំង។ តាមការពិត គ្មានអ្នកណាម្នាក់អាចធ្វើពើនឹងទីក្រុងដ៏ចាស់បុរាណនេះឡើយ ពីព្រោះបានគេរៀបរាប់ពីទីក្រុងនេះជាញឹកញាប់ក្នុងពត៌មានផ្សាយ។ ប៉ុន្តែ គួរឲ្យស្ដាយមែន ដែលរបាយការណ៍ជាច្រើនបង្ហាញថាក្រុងយេរូសាឡិម មិនមែនជាកន្លែងដែលមានសន្ដិភាពជានិច្ចនោះឡើយ។
២ នេះប្រហែលជាធ្វើឲ្យពួកអ្នកខ្លះដែលអានព្រះគម្ពីរ មានចម្ងល់ហើយ។ ពីបុរាណ ឈ្មោះដ៏ខ្លីនៃក្រុងយេរូសាឡិម គឺជាសាឡិម ហើយមានន័យថា«សេចក្ដីសុខសាន្ត»។ (លោកុប្បត្តិ ១៤:១៨; ទំនុកដំកើង ៧៦:២; ហេព្រើរ ៧:១, ២) ដូច្នេះ អ្នកប្រហែលជាឆ្ងល់ថា ‹ហេតុអ្វីនៅពេលថ្មីៗនេះ ក៏ទីក្រុងដែលមានឈ្មោះនេះឥតមានសន្ដិភាពដ៏ម្ល៉េះ›?
៣. តើនៅកន្លែងណាដែលយើងអាចរកឃើញពត៌មានដ៏ទុកចិត្តបានអំពីក្រុងយេរូសាឡិម?
៣ ដើម្បីនឹងឆ្លើយសំនួរនោះ យើងត្រូវតែត្រឡប់យ៉ាងឆ្ងាយទៅក្នុងប្រវត្ដិសាស្ត្រ ហើយរៀនអំពីក្រុងយេរូសាឡិមនៅសម័យពីបុរាណ។ ប៉ុន្តែអ្នកខ្លះប្រហែលជាគិតថា ‹យើងមិនមានពេលនឹងរៀនអំពីប្រវត្ដិសាស្ត្រពីបុរាណនោះទេ›។ ប៉ុន្តែ ចំណេះត្រឹមត្រូវអំពីប្រវត្ដិសាស្ត្រដើមនៃក្រុងយេរូសាឡិម មានតម្លៃសំរាប់យើងគ្រប់រូប។ ព្រះគម្ពីរបង្ហាញនូវមូលហេតុក្នុងពាក្យទាំងនេះថា៖ «អស់ទាំងសេចក្ដីដែលបានចែងទុកមកជាមុន នោះបានចែងសំរាប់នឹងបង្រៀនដល់យើងរាល់គ្នា ដើម្បីឲ្យយើងបានសេចក្ដីសង្ឃឹម ដោយសេចក្ដីអត់ធន់ នឹងសេចក្ដីកំសាន្តចិត្ត ដោយសារគម្ពីរ»។ (រ៉ូម ១៥:៤) ចំណេះពីព្រះគម្ពីរអំពីទីក្រុងយេរូសាឡិម នោះអាចផ្ដល់ឲ្យយើងនូវការសម្រាលទុក្ខ—ត្រូវហើយ និងសេចក្ដីសង្ឃឹមនៃសន្ដិភាព មិនគ្រាន់តែសំរាប់ក្រុងមួយនោះទេ ប៉ុន្តែទូទាំងពិភពលោកដែរ។
ទី«បល្ល័ង្កនៃព្រះយេហូវ៉ា»
៤, ៥. តើតាមរបៀបណាដែលដាវីឌបានរួមចំណែកការជួយក្រុងយេរូសាឡិម ឲ្យមានមុខនាទីដ៏សំខាន់ ក្នុងការសម្រេចគោលបំណងរបស់ព្រះ?
៤ នៅសតវត្សទី១១មុនគ្រីស្ទសករាជ នោះក្រុងយេរូសាឡិមបានទៅជាល្បីល្បាញក្នុងពិភពលោក ជារាជធានីនៃសាសន៍ដែលមានសុវត្ថិភាពនិងសន្ដិភាព។ ព្រះយេហូវ៉ាបានឲ្យគេចាក់ប្រេងតាំងយុវបុរសដាវីឌ ធ្វើជាស្តេចនៃសាសន៍ពីបុរាណនេះ គឺសាសន៍អ៊ីស្រាអែល។ ដោយមានរដ្ឋាភិបាលនៅក្នុងក្រុងយេរូសាឡិម នោះដាវីឌនិងវង្សានុវង្សរបស់ទ្រង់ ក៏សោយរាជ្យលើ«បល្ល័ង្ករាជ្យនៃព្រះយេហូវ៉ា» ឬក៏«បល្ល័ង្កនៃព្រះយេហូវ៉ា»។—របាក្សត្រទី១ ២៨:៥; ២៩:២៣
៥ ដាវីឌដែលជាអ្នកកោតខ្លាចព្រះ និងជាជាតិអ៊ីស្រាអែលពីកុលសម្ព័ន្ធយូដា នោះបានចាប់យកក្រុងយេរូសាឡិមពីពួកសាសន៍យេប៊ូសដែលគោរពរូបព្រះ។ នៅពេលនោះ ទីក្រុងនេះមានទីតាំងតែលើភ្នំដែលហៅថា ភ្នំស៊ីយ៉ូន ប៉ុន្តែឈ្មោះនេះបានមានសទិសន័យដូចក្រុងយេរូសាឡិមដែរ។ នៅពេលក្រោយមក ដាវីឌបានយកហិបនៃកិច្ចព្រមព្រៀងរវាងព្រះនិងពួកអ៊ីស្រាអែល ទៅឯទីក្រុងយេរូសាឡិម ដែលបានទុកវានៅក្នុងត្រសាលទីនោះ។ ជាច្រើនឆ្នាំមុននេះ ព្រះបានមានបន្ទូលនឹងព្យាការីម៉ូសេតាមរយៈពពកពីលើហិបដ៏ពិសិដ្ឋនេះ។ (និក្ខមនំ ២៥:១, ២១, ២២; លេវីវិន័យ ១៦:២; របាក្សត្រទី១ ១៥:១-៣) ហិបនោះបានត្រូវតំណាងវត្តមានរបស់ព្រះ ពីព្រោះព្រះយេហូវ៉ាជាព្រះមហាក្សត្រពិតនៃស្រុកអ៊ីស្រាអែល។ ដូច្នេះ ក្នុងន័យពីរយ៉ាង គឺអាចនិយាយបានថា ព្រះយេហូវ៉ាបានគ្រប់គ្រងពីក្រុងយេរូសាឡិម។
៦. តើព្រះយេហូវ៉ាបានសន្យាអ្វីអំពីដាវីឌនិងក្រុងយេរូសាឡិម?
៦ ព្រះយេហូវ៉ាបានសន្យានឹងដាវីឌថា ព្រះរាជាណាចក្រនៃរាជវង្សរបស់ទ្រង់ ដែលបានតំណាងដោយភ្នំស៊ីយ៉ូន ឬក៏ក្រុងយេរូសាឡិម នោះនឹងមិនត្រូវចប់ឡើយ។ នេះមានសេចក្ដីថា បុគ្គលមួយអង្គក្នុងចំណោមវង្សានុវង្សរបស់ដាវីឌ នោះនឹងទទួលជាមរតកនូវសិទ្ធិដើម្បីគ្រប់ជារៀងរហូត ជាអ្នកចាក់ប្រេងតាំងរបស់ព្រះ គឺព្រះមេស្ស៊ី ឬក៏ព្រះគ្រីស្ទ។a (ទំនុកដំកើង ១៣២:១១-១៤; លូកា ១:៣១-៣៣) ព្រះគម្ពីរក៏ប្រាប់ដែរថា អ្នកទទួលមរតកជាអចិន្ត្រៃយ៍នូវ«បល្ល័ង្កនៃព្រះយេហូវ៉ា»នេះ នឹងគ្រប់គ្រងលើសាសន៍ទាំងអស់ មិនមែនគ្រាន់តែក្រុងយេរូសាឡិមនោះទេ។—ទំនុកដំកើង ២:៦-៨; ដានីយ៉ែល ៧:១៣, ១៤
៧. តើតាមរបៀបណាដែលស្តេចដាវីឌ បានលើកឡើងនូវការថ្វាយបង្គំបរិសុទ្ធ?
៧ ការប៉ុនប៉ងចង់យកអ្នកមួយអង្គដែលបានត្រូវចាក់ប្រេងតាំងរបស់ព្រះ គឺស្តេចដាវីឌ ឲ្យចេញពីបល្ល័ង្កគឺឥតបានជោគជ័យទេ។ ផ្ទុយទៅវិញ សាសន៍ដែលជាសត្រូវបានត្រូវបង្ក្រាប ហើយព្រំដែននៃស្រុកដែលបានសន្យា ក៏បានពង្រីកយ៉ាងធំដល់ទីកំណត់ដែលព្រះបានរើសតាំងឡើង។ ដាវីឌបានប្រើស្ថានការណ៍នេះ ដើម្បីលើកឡើងនូវការថ្វាយបង្គំបរិសុទ្ធ។ ហើយទំនុកដំកើងជាច្រើនរបស់ដាវីឌ គឺសរសើរព្រះយេហូវ៉ាជាព្រះមហាក្សត្រពិតនៃភ្នំស៊ីយ៉ូន។—សាំយូអែលទី២ ៨:១-១៥; ទំនុកដំកើង ៩:១, ១១; ២៤:១, ៣, ៧-១០; ៦៥:១, ២; ៦៨:១, ២៤, ២៩; ១១០:១, ២; ១២២:១-៤
៨, ៩. តើតាមរបៀបណាដែលការថ្វាយបង្គំពិតក្នុងក្រុងយេរូសាឡិម បានពង្រីកឡើងក្រោមការគ្រប់គ្រងរបស់ស្តេចសាឡូម៉ូន?
៨ ក្នុងកំឡុងការសោយរាជ្យរបស់បុត្រដាវីឌ នាមសាឡូម៉ូន នោះការថ្វាយបង្គំរបស់ព្រះយេហូវ៉ាបានត្រូវពង្រីក។ សាឡូម៉ូនបានពង្រីកក្រុងយេរូសាឡិមឆ្ពោះទៅខាងជើង (ដែលរួមបញ្ចូលភ្នំម៉ូរីយ៉ា ដែលជាកន្លែងនៃទីសក្ការៈដោមថ្ម នៅបច្ចុប្បន្ននេះ)។ នៅកំពស់ដ៏ខ្ពស់នេះ លោកមានឯកសិទ្ធសង់ព្រះវិហារដ៏អស្ចារ្យ ទុកជាការសរសើរដល់ព្រះយេហូវ៉ា។ ហិបនៃកិច្ចព្រមព្រៀងបានទុកនៅទីបរិសុទ្ធបំផុតក្នុងព្រះវិហារនោះ។—ពង្សាវតារក្សត្រទី១ ៦:១-៣៨
៩ សាសន៍អ៊ីស្រាអែលបានអរសប្បាយនឹងសន្ដិភាព កាលដែលគេបានគាំទ្រយ៉ាងស្មោះអស់ពីចិត្ត នូវការថ្វាយបង្គំព្រះយេហូវ៉ា ដែលមានទីតាំងនៅក្រុងយេរូសាឡិម។ ក្នុងការរៀបរាប់ស្ថានការណ៍នេះយ៉ាងថ្លៃថ្នូរ នោះបទគម្ពីរចែងថា៖ «ឯពួកយូដា នឹងពួកអ៊ីស្រាអែល គេមានគ្នាសន្ធឹកដូចជាខ្សាច់ដែលនៅមាត់សមុទ្រ ក៏តែងតែបរិភោគ ហើយលេងសប្បាយ . . . ក៏មានសេចក្ដីសុខនៅគ្រប់ទិសជុំវិញ ពួកយូដា នឹងពួកអ៊ីស្រាអែល គេនៅដោយសុខសាន្តត្រាណ គ្រប់គ្នានៅក្រោមទ្រើងទំពាំងបាយជូរ ហើយក្រោមដើមល្វារបស់ខ្លួន»។—ពង្សាវតារក្សត្រទី១ ៤:២០, ២៤, ២៥
១០, ១១. តើតាមរបៀបណាដែលបុរាណវត្ថុវិទ្យាបញ្ជាក់នឹងអ្វីដែលព្រះគម្ពីរចែង អំពីក្រុងយេរូសាឡិម នៅពេលដែលសាឡូម៉ូនបានសោយរាជ្យនោះ?
១០ លទ្ធផលពីការរុករានខាងបុរាណវត្ថុវិទ្យា នោះគាំទ្រនឹងដំណើររឿងនេះ អំពីការសោយរាជ្យដ៏រីកចំរើនរបស់សាឡូម៉ូន។ ក្នុងសៀវភៅបុរាណវត្ថុវិទ្យានៅស្រុកអ៊ីស្រាអែល នោះសាស្ដ្រាចារ្យ យ៉ូហានណាន អាហារ៉ូនី ចែងថា៖ «ទ្រព្យសម្បត្ដិដែលបានហូរចូលព្រះរាជវាំងពីគ្រប់ទិសទី ហើយជំនួញដ៏រីកចំរើននោះ . . . ក៏នាំឲ្យមានការផ្លាស់ប្រែយ៉ាងឆាប់រហ័ស ហើយឃើញជាក់ក្នុងគ្រប់លក្ខណៈនៃការអភិវឌ្ឍន៍និងសភាពសម្បូរ។ . . . ការប្រែប្រួលក្នុងការអភិវឌ្ឍន៍និងសភាពសម្បូរ . . . គឺអាចឃើញ មិនគ្រាន់តែក្នុងរបស់ដ៏ប្រណីត ប៉ុន្តែជាពិសេសខាងកុលាលភាជន៍។ . . . គុណភាពនៃចានឆ្នាំងដីនិងរបៀបដុតវា បានប្រសើរឡើងយ៉ាងសម្បើម»។
១១ ស្រដៀងគ្នាដែរ ជែរី ឡែនដេ បានសរសេរថា៖ «ក្រោមការគ្រប់គ្រងរបស់សាឡូម៉ូន នោះការអភិវឌ្ឍន៍និងសភាពសម្បូរ បានជឿនលឿនក្នុងរយៈបីទសវត្ស យ៉ាងច្រើនជាងពីររយឆ្នាំមុននេះទៅទៀត។ ក្នុងដីស្រទាប់ជំនាន់សាឡូម៉ូន នោះយើងឃើញវត្ថុសំណល់ពីសំណង់ដ៏អស្ចារ្យ រួមទាំងទីក្រុងខ្លះដ៏ធំៗដែលមានកំផែងយ៉ាងធំសម្បើម ហើយទីកន្លែងរស់នៅជាច្រើន ព្រមទាំងតំបន់ផ្ទះយ៉ាងល្អរបស់ពួកអ្នកមាន។ មានការរីកចំរើនដ៏ប្រសើរដោយពួកអ្នកធ្វើចានឆ្នាំងដី និងពីរបៀបដែលគេធ្វើវានោះ។ យើងក៏រកឃើញដែរនៅរបស់សេសសល់ពីសម័យបុរាណ ដែលបញ្ជាក់ពីទំនិញដែលបានធ្វើពីកន្លែងឆ្ងាយៗ ជាសញ្ញានៃជំនួញអន្តរជាតិដ៏ខ្លាំងក្លា»។—ដំណាក់នៃដាវីឌ
ពីសន្ដិភាពទៅការហិនហោច
១២, ១៣. តើហេតុអ្វីក៏ការថ្វាយបង្គំពិត មិនបានលើកឡើងជាបន្តនៅក្នុងក្រុងយេរូសាឡិមនោះ?
១២ សន្ដិភាពនិងការរីកចំរើននៃក្រុងយេរូសាឡិម ជាទីក្រុងដ៏បរិសុទ្ធរបស់ព្រះយេហូវ៉ានោះ គឺជារឿងអធិស្ឋានយ៉ាងត្រឹមត្រូវ។ ដាវីឌបានសរសេរថា៖ «ចូរអធិស្ឋាន ឲ្យក្រុងយេរូសាឡិមបានសេចក្ដីសុខចុះ សូមឲ្យអស់អ្នកដែលស្រឡាញ់ឯង បានសេចក្ដីចំរើន សូមឲ្យមានសេចក្ដីសុខនៅខាងក្នុងកំផែងឯង ហើយសេចក្ដីចំរើននៅក្នុងព្រះរាជវាំងរបស់ឯង ព្រោះយល់ដល់ពួកបងប្អូន នឹងពួកមិត្រសំឡាញ់របស់អញ បានជានឹងពោលឥឡូវថា សូមឲ្យមានសេចក្ដីសុខនៅខាងក្នុងឯងចុះ»។ (ទំនុកដំកើង ១២២:៦-៨) ទោះជាសាឡូម៉ូនមានឯកសិទ្ធិសង់ព្រះវិហារដ៏អស្ចារ្យក្នុងទីក្រុងដ៏សុខសាន្តនេះក៏ដោយ នៅក្រោយបំផុត ទ្រង់បានរៀបការជាយាពាហិរជនជាច្រើននាក់។ នៅក្នុងកំឡុងអាយុចាស់ជរា នោះគេបានល្បួងទ្រង់ឲ្យគាំទ្រការថ្វាយបង្គំព្រះមិនពិតនៅសម័យនោះ។ សេចក្ដីក្បត់ជំនឿនេះ បានមានឥទ្ធិពលដ៏អាក្រក់លើសាសន៍ទាំងមូល ទាំងធ្វើឲ្យទីស្រុកនិងប្រជាជន ខ្វះនូវសន្ដិភាពពិតវិញ។—ពង្សាវតារក្សត្រទី១ ១១:១-៨; ១៤:២១-២៤
១៣ នៅដើមការសោយរាជ្យរបស់រេហូបោម ដែលជារាជបុត្រារបស់សាឡូម៉ូន នោះកុលសម្ព័ន្ធដប់បានបះបោរ ហើយបង្កើតព្រះរាជាណាចក្រអ៊ីស្រាអែលនៅខាងជើង។ ព្រះទ្រង់បានអនុញ្ញាតឲ្យសាសន៍អាសស៊ើរទំលាក់ព្រះរាជាណាចក្រនោះ ដោយព្រោះការថ្វាយបង្គំរូបព្រះរបស់គេ។ (ពង្សាវតារក្សត្រទី១ ១២:១៦-៣០) រាជាណាចក្រយូដានៅខាងត្បូង ដែលមានកុលសម្ព័ន្ធពីរ នោះបានបន្តមានទីក្រុងយេរូសាឡិមជាមណ្ឌល។ ប៉ុន្តែនៅពេលក្រោយមក គេក៏បានបែរចេញពីការថ្វាយបង្គំបរិសុទ្ធដែរ ដូច្នេះព្រះក៏អនុញ្ញាតឲ្យពួកបាប៊ីឡូនកំទេចចោលទីក្រុងនេះ ក្នុងឆ្នាំ៦០៧ ម.ស.យ.។ ពួកនិរទេសសាសន៍យូដានេះ បានរងទុក្ខយ៉ាងរ៉ាំរៃជាអ្នកឈ្លើយក្នុងស្រុកបាប៊ីឡូន អស់រយៈពេល៧០ឆ្នាំ។ រួចមក ដោយសេចក្ដីមេត្ដាករុណារបស់ព្រះ គេបានត្រូវអនុញ្ញាតឲ្យត្រឡប់មកក្រុងយេរូសាឡិមវិញ ដើម្បីកសាងការថ្វាយបង្គំពិតឡើងវិញ។—របាក្សត្រទី២ ៣៦:១៥-២១
១៤, ១៥. តើតាមរបៀបណាដែលក្រុងយេរូសាឡិមមានមុខនាទីសំខាន់ម្ដងទៀត ក្រោយពីនិរទេសភាពគេនៅស្រុកបាប៊ីឡូន ប៉ុន្តែមានការផ្លាស់ប្ដូរយ៉ាងណា?
១៤ ក្រោយពីបានហិនហោចអស់រយៈ៧០ឆ្នាំ នោះច្បាស់ជាមានរុក្ខជាតិតូចៗជាច្រើនដុះបាំងអាគារដ៏ខ្ទេចខ្ទីនោះហើយ។ កំផែងរបស់ក្រុងយេរូសាឡិមបានត្រូវបាក់បែក ហើយមានប្រហោងធំៗ នៅកន្លែងដែលធ្លាប់មានទ្វារនិងសសរដ៏ធំៗនោះ។ ប៉ុន្តែ ពួកយូដាដែលបានត្រឡប់មកស្រុកវិញ នោះបានមានចិត្តកំលា។ គេបានសង់អាសនៈនៅកន្លែង ដែលព្រះវិហារធ្លាប់នៅពីមុន ហើយបានចាប់ផ្ដើមថ្វាយយញ្ញបូជាជូនព្រះយេហូវ៉ារៀងរាល់ថ្ងៃ។
១៥ នេះជាការចាប់ផ្ដើមដ៏ល្អ ប៉ុន្តែទីក្រុងយេរូសាឡិមដែលបានកសាងឡើងវិញនេះ នឹងមិនអាចទៅជារាជធានីនៃព្រះរាជាណាចក្រមួយ ដែលមានរាជ្យវង្សរបស់ស្តេចដាវីឌនៅលើបល្ល័ង្កឡើយ។ ផ្ទុយទៅវិញ ពួកយូដាបានត្រូវគ្រប់គ្រងដោយចៅហ្វាយខេត្ត ដែលបានចាត់តាំងដោយពួកកាន់កាប់សាសន៍បាប៊ីឡូន ហើយត្រូវតែបង់ពន្ធឲ្យពួកពើស៊ីដែលជាម្ចាស់របស់គេ។ (នេហេមា ៩:៣៤-៣៧) ទោះជានៅក្នុងស្ថានភាពជាអ្វីដែលបានគេ«ជាន់ឈ្លី»ក៏ដោយ ក្រុងយេរូសាឡិមក៏នៅតែទីក្រុងមួយនៅលើផែនដី ដែលព្រះយេហូវ៉ាមានព្រះគុណយ៉ាងពិសេសចំពោះ។ (លូកា ២១:២៤) ជាមណ្ឌលនៃការថ្វាយបង្គំបរិសុទ្ធ ទីក្រុងនេះក៏បានតំណាងសិទ្ធិរបស់ព្រះ ឲ្យអនុវត្តនូវអធិបតេយ្យភាពរបស់ទ្រង់ លើផែនដីទាំងមូល តាមរយៈបុគ្គលមួយអង្គពីចំណោមវង្សានុវង្សរបស់ស្តេចដាវីឌ។
បានប្រឆាំងដោយពួក អ្នកជិតខាងដែលកាន់សាសនាមិនពិត
១៦. ហេតុអ្វីក៏ពួកយូដាដែលបានត្រឡប់ពីបាប៊ីឡូន មិនបានបន្តការកសាងក្រុងយេរូសាឡិម?
១៦ មិនយូរប៉ុន្មានក្រោយមក នោះពួកយូដាដែលបានចេញពីនិរទេសភាព ឲ្យត្រឡប់ទៅក្រុងយេរូសាឡិមវិញ ក៏បានចាក់គ្រឹះព្រះវិហារថ្មីមួយ។ ប៉ុន្តែ ពួកជិតខាងទាំងនោះដែលកាន់សាសនាមិនពិត បានផ្ញើលិខិតដ៏បង្កាច់បង្ខូចមួយ ទៅស្តេចពើស៊ី នាមអើថាស៊ើកសេស ដោយអះអាងថា ពួកយូដានឹងបះបោរជាមិនខាន។ ជាលទ្ធផល នោះអើថាស៊ើកសេសបានហាមមិនឲ្យសង់ក្រុងយេរូសាឡិមតទៅទៀត។ អ្នកអាចស្រមៃគិតថា បើអ្នកបានរស់នៅក្នុងទីក្រុងហ្នឹងនៅគ្រានោះ អ្នកច្បាស់ជាឆ្ងល់ថា តើទីក្រុងនេះនឹងមានអនាគតយ៉ាងណាទៅហើយ។ ជាលទ្ធផល ពួកយូដាបានឈប់សង់ព្រះវិហារ ហើយបានក្លាយទៅជាជក់ស្លុងនឹងការស្វែងរកទ្រព្យសម្បត្ដិរបស់ខ្លួនទៅវិញ។—អែសរ៉ា ៤:១១-២៤; ហាកាយ ១:២-៦
១៧, ១៨. តើតាមរយៈអ្វីដែលព្រះយេហូវ៉ាបានប្រើ ដើម្បីធានារ៉ាប់រងថាក្រុងយេរូសាឡិមនឹងបានត្រូវសង់ឡើងវិញ?
១៧ អស់រយៈ១៧ឆ្នាំក្រោយពីពួកគេបានត្រឡប់មកវិញ នោះព្រះបានរើសតាំងព្យាការីហាកាយនិងសាការីឲ្យកែតម្រង់គំនិតរបស់រាស្ត្រទ្រង់។ ដោយបានត្រូវជំរុញឲ្យប្រែចិត្តវិញ នោះពួកយូដាក៏បានចាប់ផ្ដើមសង់ព្រះវិហារជាលើកម្ដងទៀត។ នៅពេលចន្លោះនោះ ដារីយុសក៏បានទៅជាស្តេចនៃសាសន៍ពើស៊ី។ ទ្រង់បានមើលបញ្ជាក់ឡើងវិញ នូវសេចក្ដីបង្គាប់របស់ស្តេចស៊ីរ៉ុសឲ្យសង់ក្រុងយេរូសាឡិម។ ស្តេចដារីយុសបានផ្ញើសំបុត្រទៅស្រុកជិតខាងពួកយូដា ដោយព្រមានពួកគេឲ្យ‹ឃ្លាតខ្លួនឆ្ងាយពីក្រុងយេរូសាឡិម› ហើយឲ្យផ្ដល់ជំនួយខាងប្រាក់ពីពន្ធរបស់ស្តេច ដើម្បីឲ្យកិច្ចការសង់ព្រះវិហារនេះអាចសម្រេចបាន។—អែសរ៉ា ៦:១-១៣
១៨ ពួកយូដាបានសង់ព្រះវិហារចប់នៅឆ្នាំទី២២ ក្រោយពីបានត្រឡប់មកវិញ។ អ្នកអាចយល់ថា ព្រឹត្ដិការណ៍សំខាន់នេះ គឺជាមូលហេតុធ្វើបុណ្យដោយអរសប្បាយយ៉ាងក្រៃលែង។ ប៉ុន្តែ ដល់មួយកំរិត ក្រុងយេរូសាឡិមនិងកំផែង ក៏នៅតែហិនហោចដដែល។ ទីក្រុងនេះបានត្រូវសង់ថែមទៀតនៅ«គ្រានេហេមា ជាចៅហ្វាយទីក្រុង ហើយនឹងគ្រាស្មៀនអែសរ៉ាដ៏ជាសង្ឃ»។ (នេហេមា ១២:២៦, ២៧) តាមមើលទៅ ដល់ទីបញ្ចប់នៃសតវត្សទីប្រាំ ម.ស.យ. នោះក្រុងយេរូសាឡិមបានសង់ចប់ទាំងស្រុងតែម្ដង ជាទីក្រុងដ៏ធំក្នុងពិភពលោកពីបុរាណ។
ព្រះមេស្ស៊ីបានលេចខ្លួនមក
១៩. តើព្រះមេស្ស៊ីបានទទួលស្គាល់ស្ថានភាពដ៏ល្អឯកនៃក្រុងយេរូសាឡិមយ៉ាងដូចម្ដេច?
១៩ ប៉ុន្តែ សូមឲ្យយើងផ្លោះទៅមុខច្រើនសតវត្សទៅនឹងព្រឹត្ដិការណ៍ដែលមានសារៈសំខាន់ គឺកំណើតរបស់ព្រះយេស៊ូគ្រីស្ទ។ ទេវតារបស់ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់មាតាជាស្រីក្រមុំសុទ្ធរបស់ព្រះយេស៊ូ នោះថា៖ «ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងប្រទានរាជ្យនៃហ្លួងដាវីឌ ជាឰយុកោទ្រង់ថ្វាយទ្រង់សោយ . . . ហើយរាជ្យទ្រង់នឹងមិនផុតឡើយ»។ (លូកា ១:៣២, ៣៣) ជាច្រើនឆ្នាំក្រោយមក ព្រះយេស៊ូបានធ្វើអត្ថាធិប្បាយដ៏ល្បីល្បាញរបស់ទ្រង់ ជាធម្មទាននៅលើភ្នំ។ ក្នុងធម្មទាននោះ ទ្រង់បានផ្ដល់ការលើកទឹកចិត្តនិងឱវាទលើប្រធានជាច្រើន។ ជាឧទាហរណ៍ ទ្រង់បានដាស់តឿនពួកអ្នកស្ដាប់របស់ទ្រង់ឲ្យបំពេញនឹងសច្ចារបស់គេចំពោះព្រះ ប៉ុន្តែឲ្យប្រយ័ត្នប្រយែងកុំឲ្យស្បថយ៉ាងរឡេះរឡោះឲ្យសោះ។ ព្រះយេស៊ូបានមានបន្ទូលថា៖ «អ្នករាល់គ្នាបានឮសេចក្ដី ដែលសំដែងមកដល់មនុស្សពីដើមថា ‹កុំឲ្យស្បថកុហកឡើយ គឺត្រូវឲ្យធ្វើសំរេចតាមគ្រប់ទាំងសេចក្ដី ដែលស្បថនឹងព្រះអម្ចាស់› ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យស្បថឲ្យសោះ ទោះនឹងស្ថានសួគ៌ក្ដី ព្រោះជាបល្ល័ង្កនៃព្រះ ទោះនឹងផែនដីក្ដី ព្រោះជាកំណល់កល់ព្រះបាទទ្រង់ ទោះនឹងក្រុងយេរូសាឡិមក្ដី ព្រោះជាក្រុងនៃស្តេចធំ»។ (ម៉ាថាយ ៥:៣៣-៣៥) ជាការគួរឲ្យកត់សម្គាល់ដែលព្រះយេស៊ូ បានទទួលស្គាល់ស្ថានភាពដ៏ល្អឯករបស់ក្រុងយេរូសាឡិម ដែលវាមានជាច្រើនសតវត្សមកហើយ។ ត្រូវហើយ នេះជា«ក្រុងនៃស្តេចធំ» គឺព្រះយេហូវ៉ា។
២០, ២១. ចំពោះអាកប្បកិរិយានៃមនុស្សជាច្រើនដែលរស់នៅក្នុងយេរូសាឡិម តើមានការប្រែប្រួលដ៏ធំណា?
២០ នៅជិតទីបញ្ចប់នៃព្រះជន្មរបស់ទ្រង់នៅលើផែនដី នោះព្រះយេស៊ូបានសម្ដែងអង្គទ្រង់ជាស្តេច ឲ្យពួករស់នៅក្រុងយេរូសាឡិមឃើញ។ ក្នុងការតបឆ្លើយនឹងព្រឹត្ដិការណ៍ដ៏រំភើបចិត្តនោះ មនុស្សជាច្រើនបានស្រែកយំយ៉ាងសប្បាយថា៖ «ព្រះអង្គដែលយាងមក ដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ រាជ្យនៃហ្លួងដាវីឌ ជាឰយុកោយើងរាល់គ្នា ដែលមកដោយនូវព្រះនាមព្រះអម្ចាស់ ក៏ប្រកបដោយព្រះពរដែរ»!—ម៉ាកុស ១១:១-១០; យ៉ូហាន ១២:១២-១៥
២១ ប៉ុន្តែ ក្នុងតិចជាងមួយអាទិត្យ នោះពួកបណ្ដាជនបានយល់ព្រមឲ្យមេដឹកនាំសាសនានៅក្រុងយេរូសាឡិមនោះ នាំឲ្យគេប្រឆាំងនឹងព្រះយេស៊ូវិញ។ ទ្រង់បានព្រមានថា ទីក្រុងយេរូសាឡិមនិងសាសន៍ទាំងមូលនឹងបាត់នូវឋានៈរបស់គេ ជាទីអនុគ្រោះរបស់ព្រះ។ (ម៉ាថាយ ២១:២៣, ៣៣-៤៥; ២២:១-៧) ជាឧទាហរណ៍ ព្រះយេស៊ូបានប្រកាសថា៖ «ឱយេរូសាឡិម ក្រុងយេរូសាឡិមអើយ ឯងដែលសំឡាប់ពួកហោរា ហើយយកថ្មចោលពួកអ្នកដែលបានចាត់មកឯឯង តើប៉ុន្មានដងហើយ ដែលអញចង់ប្រមូលកូនឯងទាំងប៉ុន្មាន ដូចជាមេមាន់ក្រុងកូនវាឲ្យជ្រកក្រោមស្លាប តែឯងមិនព្រមទេ មើល ផ្ទះឯងនឹងត្រូវចោលស្ងាត់ទុកឲ្យឯង»។ (ម៉ាថាយ ២៣:៣៧, ៣៨) នៅវេលាបុណ្យរំលងក្នុងឆ្នាំ៣៣ ស.យ. នោះដោយអយុត្ដិធម៌ ពួកអ្នកប្រឆាំងព្រះយេស៊ូបានឲ្យគេប្រហារជីវិតទ្រង់ នៅខាងក្រៅក្រុងយេរូសាឡិម។ យ៉ាងណាក្ដី ព្រះយេហូវ៉ាបានប្រោសអ្នកចាក់ប្រេងតាំងមួយអង្គនេះឲ្យរស់ឡើងវិញ ហើយបានតំកើងទ្រង់ ដោយប្រទានព្រះជន្មជាវិញ្ញាណដ៏អមតៈ នៅលើភ្នំស៊ីយ៉ូននៅស្ថានសួគ៌ ជាសេចក្ដីសម្រេចដែលយើងគ្រប់រូបអាចទទួលប្រយោជន៍ពីនោះ។—កិច្ចការ ២:៣២-៣៦
២២. ក្រោយពីការសោយទិវង្គតរបស់ព្រះយេស៊ូ តើពាក្យជាច្រើនអំពីក្រុងយេរូសាឡិមនោះ បានសំដៅទៅលើអ្វី?
២២ តាំងពីពេលនោះមក ទំនាយភាគច្រើនដែលមិនបានសម្រេចអំពីភ្នំស៊ីយ៉ូន ឬក្រុងយេរូសាឡិម អាចយល់បានថា ទាក់ទងនឹងរបៀបរៀបចំខាងស្ថានសួគ៌ ឬសំរាប់ពួកអ្នកកាន់តាមដែលចាក់ប្រេងតាំងរបស់ព្រះយេស៊ូ។ (ទំនុកដំកើង ២:៦-៨; ១១០:១-៤; អេសាយ ២:២-៤; ៦៥:១៧, ១៨; សាការី ១២:៣; ១៤:១២, ១៦, ១៧) ពាក្យមួយចំនួនដែលសំដៅទៅលើ«ក្រុងយេរូសាឡិម»ឬក៏«ភ្នំស៊ីយ៉ូន» ហើយដែលបានសរសេរក្រោយពីការសោយទិវង្គតរបស់ព្រះយេស៊ូ ច្បាស់ជាមានន័យជាអត្ថប្បដិរូប ហើយឥតទាក់ទងនឹងទីក្រុងឬកន្លែងចំៗនោះទេ។ (កាឡាទី ៤:២៦; ហេព្រើរ ១២:២២; ពេត្រុសទី១ ២:៦; វិវរណៈ ៣:១២; ១៤:១; ២១:២, ១០) ភស្តុតាងចុងក្រោយ ដែលថាក្រុងយេរូសាឡិមលែងជា«ក្រុងនៃស្តេចធំ» នោះបានលេចឡើងនៅឆ្នាំ៧០ ស.យ. នៅពេលដែលពួកទ័ពរ៉ូមបានបំផ្លាញក្រុងនោះចោល ដូចដានីយ៉ែល និងព្រះយេស៊ូគ្រីស្ទបានទាយមក។ (ដានីយ៉ែល ៩:២៦; លូកា ១៩:៤១-៤៤) គ្មានអ្នកសរសេរព្រះគម្ពីរម្នាក់ណា ហើយសូម្បីតែព្រះយេស៊ូអង្គទ្រង់ក៏មិនបានទាយអំពីការស្ថាបនាឡើងវិញ នូវក្រុងយេរូសាឡិមនៅលើផែនដី ឲ្យបានទទួលអនុគ្រោះដ៏ពិសេសពីព្រះយេហូវ៉ាដូចមុនៗនោះឡើយ។—កាឡាទី ៤:២៥; ហេព្រើរ ១៣:១៤
ការឃើញទុកមុននូវសន្ដិភាពជាស្ថាពរ
២៣. ហេតុអ្វីក៏យើងគួរតែនៅចាប់អារម្មណ៍នឹងក្រុងយេរូសាឡិម?
២៣ ដោយបានពិនិត្យមើលសាឡើងវិញនូវប្រវត្ដិក្រុងយេរូសាឡិមដែលនៅលើផែនដី យើងអាចជឿថា ទីក្រុងនេះបានបំពេញតាមអត្ថន័យនៃឈ្មោះរបស់វាមែន ដែលក្នុងគ្រាការសោយរាជ្យដ៏ក្សេមក្សាន្តរបស់ស្តេចសាឡូម៉ូន នោះជា«ទីមាន[ឬក៏ ទីតាំងនៃ]សន្ដិភាពពីរយ៉ាង»។ ប៉ុន្តែ នេះគ្រាន់តែជាការឃើញទុកមុននូវសន្ដិភាពនិងសភាពសម្បូរ ដែលពួកអ្នកស្រឡាញ់ព្រះនឹងមាននៅលើផែនដី ដែលនឹងបានកែប្រែជាសួនមនោរម្យ។—លូកា ២៣:៤៣
២៤. តើអ្វីដែលយើងអាចរៀនពីស្ថានភាព ដែលមាននៅពេលដែលសាឡូម៉ូនបានសោយរាជ្យ?
២៤ ទំនុកដំកើង ទី៧២ សម្ដែងនូវស្ថានការណ៍ដែលធ្លាប់មាន ក្នុងគ្រានៃការសោយរាជ្យរបស់ស្តេចសាឡូម៉ូន។ ប៉ុន្តែ ចំរៀងដ៏ពីរោះនោះ ជាការទាយទុកជាមុននូវពរសំរាប់មនុស្សលោកដែលនៅក្រោមការគ្រប់គ្រងនៃព្រះមេស្ស៊ីនៅស្ថានសួគ៌ គឺព្រះយេស៊ូគ្រីស្ទ។ អ្នកតែងបទទំនុកដំកើងបានច្រៀងអំពីទ្រង់ថា៖ «នៅក្នុងគ្រាព្រះរាជបុត្រា នោះមនុស្សសុចរិតនឹងមានសេចក្ដីចំរើនឡើង ហើយនឹងមានសេចក្ដីសុខជាបរិបូរ ដរាបដល់ព្រះចន្ទរលត់សូន្យទៅ។ . . . ទ្រង់នឹងជួយពួកក្រីក្រឲ្យរួច ក្នុងកាលដែលថ្លែងទុក្ខ ព្រមទាំងពួកកំសត់ ដែលឥតមានអ្នកណាជួយនោះផង ទ្រង់នឹងមានសេចក្ដីអាណិតមេត្ដា ដល់មនុស្សរហេមរហាមនឹងមនុស្សទុគ៌ត ក៏នឹងជួយសង្គ្រោះជីវិតនៃមនុស្សក្រីក្រផង ទ្រង់នឹងលោះជីវិតគេ ឲ្យរួចពីការសង្កត់សង្កិននឹងការច្រឡោត ឯឈាមគេនឹងបានវិសេសនៅព្រះនេត្រទ្រង់ដែរ។ ដូច្នេះ នឹងមានស្រូវជាបរិបូរនៅក្នុងស្រុក រហូតដល់កំពូលភ្នំ»។—ទំនុកដំកើង ៧២:៧, ៨, ១២-១៤, ១៦
២៥. ហេតុអ្វីក៏យើងចង់រៀនថែមទៀតអំពីក្រុងយេរូសាឡិម?
២៥ ពាក្យទាំងនោះផ្ដល់ឲ្យការសម្រាលទុក្ខនិងសេចក្ដីសង្ឃឹមអ្វីម្ល៉េះហ្ន៎ ដល់អស់អ្នកក្នុងក្រុងយេរូសាឡិមដែលស្រឡាញ់ព្រះ ឬក៏កន្លែងណាផ្សេងទៀតនៅលើផែនដីនេះ! អ្នកក៏អាចនៅក្នុងចំណោមពួកអ្នក ដែលនឹងអរសប្បាយនឹងសន្ដិភាពនៅលើផែនដី ក្រោមការដឹកនាំរបស់ព្រះរាជាណាចក្រនៃព្រះមេស្ស៊ី។ ការដឹងអំពីប្រវត្ដិរបស់ក្រុងយេរូសាឡិម អាចជួយយើងឲ្យយល់អំពីគោលបំណងរបស់ព្រះចំពោះមនុស្សលោក។ អត្ថបទជាបន្ទាប់នឹងពិនិត្យមើលព្រឹត្ដិការណ៍ដែលបានកើតឡើង ក្នុងទសវត្សទីប្រាំពីរនិងប្រាំបី ក្រោយពីពួកយូដាបានត្រឡប់ពីស្រុកបាប៊ីឡូនជានិរទេស។ នេះនឹងផ្ដល់នូវការសម្រាលទុក្ខដល់អស់អ្នក ដែលចង់ថ្វាយបង្គំឲ្យពេញព្រះហឫទ័យរបស់ព្រះយេហូវ៉ា ជាព្រះដ៏ធំ។
[កំណត់សម្គាល់]
a ឋានន្តរ «ព្រះមេស្ស៊ី» (បានប្រែពីពាក្យភាសាហេព្រើរ) ហើយ«ព្រះគ្រីស្ទ» (ពីភាសាក្រិក) ទាំងពីរនេះមានន័យថា «អ្នកមួយអង្គដែលបានត្រូវចាក់ប្រេងតាំង»។
តើអ្នកនៅនឹកឃើញឬទេ?
◻ តើតាមរបៀបណាដែលក្រុងយេរូសាឡិម បានទៅជាកន្លែងនៃបល្ល័ង្ករបស់ព្រះយេហូវ៉ា?
◻ តើមុខនាទីដ៏សំខាន់អ្វីដែលសាឡូម៉ូនមាន ក្នុងការធ្វើឲ្យការថ្វាយបង្គំពិតបានរីកចំរើន?
◻ តើតាមរបៀបណាដែលយើងដឹងថា ក្រុងយេរូសាឡិមបានឈប់ធ្វើជាមណ្ឌលនៃការថ្វាយបង្គំរបស់ព្រះយេហូវ៉ា?
◻ ហេតុអ្វីក៏យើងយកចិត្តទុកដាក់ក្នុងការរៀនបន្ថែមទៀតអំពីក្រុងយេរូសាឡិម?
[រូបភាពនៅទំព័រ១៨]
ទីក្រុងដាវីឌបាននៅកំពូលខាងត្បូង ប៉ុន្តែសាឡូម៉ូនបានពង្រីកទីក្រុងនោះទៅទិសខាងជើង ហើយបានសង់ព្រះវិហារ
[អ្នកផ្ដល់សិទ្ធិ]
Pictorial Archive (Near Eastern History) Est.