លើកដៃស្មោះត្រង់ក្នុងសេចក្ដីអធិស្ឋាន
«ខ្ញុំចង់ឲ្យពួកប្រុសៗលើកដៃបរិសុទ្ធ[ស្មោះត្រង់]ឡើង នឹងអធិស្ឋាននៅគ្រប់ទីកន្លែង ដោយឥតខឹង ឬឈ្លោះប្រកែកឡើយ»។—ធីម៉ូថេទី១ ២:៨
១, ២. (ក) តើធីម៉ូថេទី១ ២:៨ សំដៅទៅសេចក្ដីអធិស្ឋានដែលទាក់ទងរាស្ត្ររបស់ព្រះយេហូវ៉ាយ៉ាងណា? (ខ) តើយើងនឹងពិចារណាមើលអ្វីឥឡូវនេះ?
ព្រះយេហូវ៉ាទន្ទឹងឲ្យរាស្ត្ររបស់ទ្រង់មានចិត្តស្មោះត្រង់ដល់ទ្រង់ ហើយដល់គ្នាទៅវិញទៅមក។ សាវ័កប៉ុលបានភ្ជាប់សេចក្ដីស្មោះត្រង់ជាមួយនឹងសេចក្ដីអធិស្ឋាន នៅពេលដែលគាត់បានសរសេរថា៖ «ខ្ញុំចង់ឲ្យពួកប្រុសៗលើកដៃបរិសុទ្ធឡើង នឹងអធិស្ឋាននៅគ្រប់ទីកន្លែង ដោយឥតខឹង ឬឈ្លោះប្រកែកឡើយ»។ (ធីម៉ូថេទី១ ២:៨) តាមប្រមើលទៅ ប៉ុលបានសំដៅសេចក្ដីអធិស្ឋានសាធារណៈ«នៅគ្រប់ទីកន្លែង» ដែលពួកគ្រីស្ទានមកជួបជុំគ្នានោះ។ តើអ្នកណាដែលនឹងតំណាងរាស្ត្ររបស់ព្រះក្នុងសេចក្ដីអធិស្ឋាន នៅក្នុងកិច្ចប្រជុំក្រុមជំនុំនោះ? មានតែពួកបុរសដែលបរិសុទ្ធ សុចរិត និងដ៏គោរពនោះទេ ដែលធ្វើតាមយ៉ាងប្រិតប្រៀននឹងភារកិច្ចក្នុងព្រះគម្ពីរចំពោះព្រះ។ (សាស្ដា ១២:១៣, ១៤) ពួកគេត្រូវតែបានស្អាតស្អំខាងវិញ្ញាណនិងខាងសីលធម៌ ហើយមានចិត្តភក្ដីចំពោះព្រះយេហូវ៉ាទាំងស្រុង។
២ ពួកអ្នកចាស់ទុំក្នុងក្រុមជំនុំជាពិសេសត្រូវ‹លើកដៃស្មោះត្រង់ឡើងនឹងអធិស្ឋាន›។ សេចក្ដីអធិស្ឋានដ៏អស់ពីចិត្តរបស់គេតាមរយៈព្រះយេស៊ូគ្រីស្ទ បង្ហាញនូវសេចក្ដីស្មោះត្រង់ដល់ព្រះ ហើយជួយពួកគេឲ្យជៀសវាងពីការប្រកែកនិងការផ្ទុះនឹងកំហឹង។ តាមការពិត បុរសណាម្នាក់ដែលមានឯកសិទ្ធិដើម្បីតំណាងក្រុមជំនុំគ្រីស្ទានក្នុងសេចក្ដីអធិស្ឋានសាធារណៈ នោះត្រូវឲ្យរួចផុតពីការមានកំហឹង ព្យាបាទ និងភាពឥតស្មោះត្រង់ចំពោះព្រះយេហូវ៉ានិងអង្គការរបស់ទ្រង់។ (យ៉ាកុប ១:១៩, ២០) តើមានគោលការណ៍ណែនាំក្នុងព្រះគម្ពីរណាទៀត សំរាប់អស់អ្នកដែលមានឯកសិទ្ធិក្នុងការតំណាងអ្នកឯទៀត ក្នុងសេចក្ដីអធិស្ឋានសាធារណៈនោះ? ហើយតើគោលការណ៍ណាខ្លះក្នុងបទគម្ពីរ ដែលយើងត្រូវយកមកអនុវត្តក្នុងសេចក្ដីអធិស្ឋានរបស់យើងផ្ទាល់ ឬសំរាប់គ្រួសារនោះ?
ចូរគិតទុកជាមុនអំពីសេចក្ដីអធិស្ឋាន
៣, ៤. (ក) ហេតុអ្វីក៏នឹងមានប្រយោជន៍ក្នុងការគិតទុកជាមុន អំពីសេចក្ដីអធិស្ឋាននៅសាធារណៈនោះ? (ខ) តើបទគម្ពីរបង្ហាញយ៉ាងណា ស្តីអំពីប្រវែងនៃសេចក្ដីអធិស្ឋាន?
៣ ប្រសិនបើយើងបានត្រូវសុំឲ្យអធិស្ឋានតាមសាធារណៈ យ៉ាងហោចណាស់ យើងប្រហែលអាចគិតឲ្យបានទុកជាមុនអំពីសេចក្ដីអធិស្ឋានរបស់យើង។ ការធ្វើបែបនេះប្រហែលជាអាចជួយឲ្យយើងរៀបរាប់រឿងសំខាន់ៗដែលសមគួរ ដោយមិនបាច់និយាយវែង ឥតចុងឥតដើម។ ប្រាកដហើយ សេចក្ដីអធិស្ឋានសម្ងាត់ផ្ទាល់ខ្លួនរបស់យើង ក៏អាចថ្លែងឡើងឲ្យឮ និងអាចមានប្រវែងណាក៏បានដែរ។ ព្រះយេស៊ូបានចំណាយពេលអស់មួយយប់ក្នុងសេចក្ដីអធិស្ឋាន មុននឹងទ្រង់បានជ្រើសរើសពួកសាវ័ក១២នាក់របស់ទ្រង់។ ប៉ុន្តែ នៅពេលទ្រង់បានចាប់ធ្វើពិធីបុណ្យរំឭកនៃការសោយទិវង្គតរបស់ទ្រង់ សេចក្ដីអធិស្ឋានរបស់ទ្រង់សំរាប់នំប៉័ងនិងស្រា តាមប្រមើលទៅគឺបានធ្វើឡើងយ៉ាងខ្លី។ (លូកា ៦:១២-១៦; ម៉ាកុស ១៤:២២-២៤) ហើយយើងដឹងថា សូម្បីតែសេចក្ដីអធិស្ឋានដ៏ខ្លីរបស់ព្រះយេស៊ូ ក៏បានត្រូវយល់ព្រមទាំងស្រុងចំពោះព្រះនោះដែរ។
៤ ឧបមាថា យើងមានឯកសិទ្ធិដើម្បីតំណាងគ្រួសារមួយក្នុងការអធិស្ឋានមុននឹងបរិភោគអាហារ។ សេចក្ដីអធិស្ឋានបែបនេះអាចត្រូវថ្លែងយ៉ាងខ្លីបាន ប៉ុន្តែទោះជានិយាយយ៉ាងណាក៏ដោយ គួររួមបញ្ចូលការដឹងគុណសំរាប់អាហារដែរ។ ប្រសិនបើយើងអធិស្ឋាននៅសាធារណៈពីមុនឬក្រោយពីកិច្ចប្រជុំគ្រីស្ទាន យើងមិនចាំបាច់អធិស្ឋានយូរអង្វែង និងរៀបរាប់ចំណុចជាច្រើននោះទេ។ ព្រះយេស៊ូបានរិះគន់ពួកស្ក្រែប ដែល«សូត្រធម៌ឲ្យច្រើន»។ (លូកា ២០:៤៦, ៤៧) បុគ្គលដែលគោរពដល់ព្រះ នឹងមិនចង់ធ្វើបែបនោះឡើយ។ ប៉ុន្តែ នៅពេលខ្លះ សេចក្ដីអធិស្ឋានដ៏វែងបន្ដិច ប្រហែលជាត្រឹមត្រូវផងដែរ។ ជាឧទាហរណ៍ អ្នកចាស់ទុំម្នាក់ដែលបានជ្រើសរើសឲ្យអធិស្ឋានបញ្ចប់នៅឯសន្និបាត គួរគិតជាមុន ហើយប្រហែលជាចង់រៀបរាប់ចំណុចខ្លះៗ។ ប៉ុន្តែ សេចក្ដីអធិស្ឋានបែបនេះ មិនគួរថ្លែងឡើងវែងពេកទេ។
ការចូលទៅឯព្រះដោយគោរព
៥. (ក) តើយើងគួរចងចាំអំពីអ្វី នៅពេលដែលអធិស្ឋាននៅសាធារណៈ? (ខ) ហេតុអ្វីក៏ត្រូវអធិស្ឋានតាមរបៀបដ៏ថ្លៃថ្នូរនិងដ៏គោរពនោះ?
៥ នៅពេលដែលអធិស្ឋាននៅសាធារណៈ យើងត្រូវចងចាំថា យើងមិននិយាយដល់មនុស្សនោះទេ។ ផ្ទុយទៅវិញ យើងជាសត្តនិករមានបាប ដែលទូលដល់ព្រះអម្ចាស់មហាក្សត្រ ព្រះយេហូវ៉ា។ (ទំនុកដំកើង ៨:៣-៥, ៩; ៧៣:២៨) ដូច្នេះ យើងគួរបង្ហាញនូវសេចក្ដីកោតខ្លាច ដែលយើងធ្វើឲ្យទ្រង់មិនសព្វព្រះហឫទ័យ ដោយអ្វីដែលយើងទូលនិងរបៀបដែលយើងថ្លែងពាក្យសំដីនោះ។ (សុភាសិត ១:៧) ដាវីឌ ដែលជាអ្នកតែងបទទំនុកដំកើង បានច្រៀងថា៖ «ឯទូលបង្គំវិញ ទូលបង្គំនឹងចូលទៅក្នុងដំណាក់នៃទ្រង់ ដោយសារសេចក្ដីមេត្ដាករុណាដ៏បរិបូររបស់ទ្រង់ ទូលបង្គំនឹងថ្វាយបង្គំនៅក្នុងព្រះវិហារដ៏បរិសុទ្ធរបស់ទ្រង់ ដោយចិត្តកោតខ្លាចដល់ទ្រង់»។ (ទំនុកដំកើង ៥:៧) ប្រសិនបើយើងមានអាកប្បកិរិយាបែបនោះ តើយើងនឹងសម្ដែងយ៉ាងណា ប្រសិនបើយើងបានត្រូវសុំឲ្យអធិស្ឋាននៅសាធារណៈ នៅឯកិច្ចប្រជុំនៃស្មរបន្ទាល់ព្រះយេហូវ៉ានោះ? ប្រសិនបើយើងទូលដល់ស្តេចដែលជាមនុស្ស នោះយើងនឹងថ្លែងឡើងដោយសេចក្ដីគោរពនិងដោយសេចក្ដីថ្លៃថ្នូរដែរ។ តើសេចក្ដីអធិស្ឋានរបស់យើងមិនគួរឲ្យបានថ្លៃថ្នូរនិងដ៏គោរពជាងនេះទេឬ នៅពេលដែលយើងអធិស្ឋានដល់ព្រះយេហូវ៉ា ដែលជា‹ព្រះមហាក្សត្រដ៏អនន្តភាព›នោះ? (វិវរណៈ ១៥:៣) ដូច្នេះនៅពេលអធិស្ឋាន យើងនឹងជៀសវាងពាក្យសំដីដូចជា «ជំរាបសួរ ព្រះយេហូវ៉ា» «យើងផ្ញើសេចក្ដីស្រឡាញ់របស់យើង» ឬ «សូមលាសិនហើយ»។ បទគម្ពីរទាំងឡាយបង្ហាញថា រាជបុត្រាតែមួយគត់ដែលព្រះបង្កើតផ្ទាល់ ដែលជាព្រះយេស៊ូគ្រីស្ទ មិនដែលទូលសំដៅទៅព្រះវរបិតានៅស្ថានសួគ៌ តាមរបៀបនោះឡើយ។
៦. តើ‹ការមកដល់បល្ល័ង្កនៃព្រះគុណ ដោយនិយាយដោយសេរី› មានន័យយ៉ាងណា?
៦ ប៉ុលមានប្រសាសន៍ថា៖ ‹ត្រូវឲ្យយើងរាល់គ្នាមកដល់បល្ល័ង្កនៃព្រះគុណ ដោយនិយាយដោយសេរី›។ (ហេព្រើរ ៤:១៦) យើងអាចមកឯព្រះដោយ‹សេរី› ទោះជាយើងមានបាបក៏ដោយ ពីព្រោះយើងមានជំនឿលើយញ្ញបូជាលោះរបស់ព្រះយេស៊ូគ្រីស្ទ។ (កិច្ចការ ១០:៤២, ៤៣; ២០:២០, ២១) ប៉ុន្តែ ‹ការនិយាយដោយសេរី›បែបនេះ មិនមានសេចក្ដីថាយើងនិយាយប៉ប៉ាច់ប៉ប៉ោចជាមួយនឹងព្រះ ឬនិយាយដោយឥតគោរពអំពីទ្រង់នោះឡើយ។ ប្រសិនបើយើងចង់ឲ្យសេចក្ដីអធិស្ឋាននៅសាធារណៈរបស់យើង បានផ្គាប់ព្រះហឫទ័យព្រះយេហូវ៉ា នោះយើងត្រូវទូលថ្វាយដោយគោរពត្រឹមត្រូវនិងសេចក្ដីថ្លៃថ្នូរ។ ហើយគឺមិនត្រឹមត្រូវទេ ក្នុងការប្រើសេចក្ដីអធិស្ឋានធ្វើជាសេចក្ដីជូនដំណឹង ទូន្មានបុគ្គលណាម្នាក់ ឬបង្រៀនអ្នកស្ដាប់នោះ។
អធិស្ឋានដោយចិត្តរាបទាប
៧. តើតាមរបៀបណាដែលសាឡូម៉ូនសម្ដែងនូវភាពរាបទាប នៅពេលអធិស្ឋាននៅឯពិធីឧទ្ទិសថ្វាយព្រះវិហាររបស់ព្រះយេហូវ៉ា ក្នុងក្រុងយេរូសាឡិម?
៧ មិនថាយើងអធិស្ឋាននៅសាធារណៈឬនៅស្ងាត់ដាច់ពីគេ នោះគោលការណ៍ដ៏សំខាន់មួយដែលយើងត្រូវចាំ គឺថាយើងត្រូវសម្ដែងចិត្តដ៏រាបទាបក្នុងសេចក្ដីអធិស្ឋានរបស់យើង។ (របាក្សត្រទី២ ៧:១៣, ១៤) ស្តេចសាឡូម៉ូនបានសម្ដែងភាពរាបទាបក្នុងសេចក្ដីអធិស្ឋាននៅសាធារណៈ នៅឯពិធីឧទ្ទិសថ្វាយព្រះវិហាររបស់ព្រះយេហូវ៉ាក្នុងក្រុងយេរូសាឡិម។ ស្តេចសាឡូម៉ូនទើបតែបានសង់អាគារដ៏អស្ចារ្យបំផុតមួយ ដែលមានស្អាងនៅលើផែនដី។ ប៉ុន្តែ ទ្រង់បានអធិស្ឋានដោយរាបទាបថា៖ «តើព្រះនឹងគង់លើផែនដីជាប្រាកដឬ មើល ផ្ទៃមេឃ នឹងអស់ទាំងជាន់នៃផ្ទៃមេឃ នោះមិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ចំណង់បើព្រះវិហារដែលទូលបង្គំបានស្អាងនេះ តើនឹងចង្អៀតអំបាលម៉ានទៅទៀត»!—ពង្សាវតារក្សត្រទី១ ៨:២៧
៨. តើមានរបៀបណាខ្លះដែលភាពរាបទាបអាចបង្ហាញនៅក្នុងសេចក្ដីអធិស្ឋាន នៅសាធារណៈនោះ?
៨ ដូចស្តេចសាឡូម៉ូន យើងត្រូវមានចិត្តរាបទាប នៅពេលដែលតំណាងអ្នកឯទៀតក្នុងសេចក្ដីអធិស្ឋាននៅសាធារណៈ។ ថ្វីបើយើងត្រូវជៀសវាងការសម្ដែងដែលលាក់ពុត តែភាពរាបទាបអាចត្រូវបង្ហាញដោយសម្លេងរបស់យើង។ សេចក្ដីអធិស្ឋានដ៏រាបទាបមិនមែននិយាយដោយប្រើពាក្យជ្រៅឬក៏បំផ្លើសនោះឡើយ។ សេចក្ដីអធិស្ឋានដ៏រាបទាបទាញអារម្មណ៍ មិនមែនដល់បុគ្គលដែលកំពុងអធិស្ឋាននោះទេ ប៉ុន្តែដល់ព្រះទ្រង់ដែលបានទូលចំពោះនោះ។ (ម៉ាថាយ ៦:៥) សេចក្ដីរាបទាបក៏បានត្រូវបង្ហាញដោយអ្វីៗដែលយើងនិយាយក្នុងសេចក្ដីអធិស្ឋាននោះដែរ។ ប្រសិនបើយើងអធិស្ឋានដោយរាបទាប នោះយើងនឹងមិនអធិស្ឋាន ដូចជាយើងទាមទារឲ្យព្រះធ្វើអ្វីមួយតាមផ្លូវរបស់យើងនោះទេ។ ផ្ទុយទៅវិញ យើងនឹងទូលអង្វរព្រះយេហូវ៉ាឲ្យប្រព្រឹត្តតាមរបៀប ដែលសមស្របនឹងបំណងព្រះហឫទ័យដ៏បរិសុទ្ធរបស់ទ្រង់។ អ្នកតែងបទទំនុកដំកើងបានបង្ហាញឲ្យឃើញជាក់ អំពីអាកប្បកិរិយាដ៏ត្រឹមត្រូវនេះ កាលដែលគាត់បានអង្វរថា៖ «ឱព្រះយេហូវ៉ាអើយ យើងខ្ញុំទូលអង្វរដល់ទ្រង់ សូមជួយសង្គ្រោះឥឡូវ ឱព្រះយេហូវ៉ាអើយ យើងខ្ញុំទូលអង្វរដល់ទ្រង់ សូមចាត់សេចក្ដីចំរើនមកឥឡូវ»!—ទំនុកដំកើង ១១៨:២៥; លូកា ១៨:៩-១៤
អធិស្ឋានដែលចេញពីចិត្ត
៩. តើឱវាទដ៏ល្អណារបស់ព្រះយេស៊ូដែលមាននៅក្នុងម៉ាថាយ ៦:៧ ហើយតើអាចយកមកអនុវត្តយ៉ាងដូចម្ដេច?
៩ បើចង់ឲ្យព្រះយេហូវ៉ាផ្គាប់ព្រះហឫទ័យនឹងសេចក្ដីអធិស្ឋាននៅសាធារណៈ ឬសេចក្ដីអធិស្ឋានសម្ងាត់របស់យើង នោះយើងត្រូវអធិស្ឋានពីចិត្ត។ ដូច្នេះ យើងនឹងមិនគ្រាន់តែសូត្ររូបមន្តសេចក្ដីអធិស្ឋានម្ដងហើយម្ដងទៀត ដោយឥតគិតអំពីអ្វីដែលយើងកំពុងអធិស្ឋាននោះឡើយ។ ក្នុងធម្មទាននៅលើភ្នំ ព្រះយេស៊ូបានប្រទានឱវាទថា៖ «ហើយកាលណាអធិស្ឋាន នោះកុំឲ្យពោលពាក្យឥតប្រយោជន៍ផ្ទួនៗ ដូចពួកសាសន៍ដទៃឡើយ ដ្បិតគេស្មានថា ព្រះទ្រង់នឹងស្ដាប់គេ ដោយគេពោលពាក្យជាច្រើន»។ បើនិយាយឲ្យចំទៅ នោះព្រះយេស៊ូបានមានបន្ទូលថា៖ «កុំពោលពាក្យច្រំដែលៗឥតប្រយោជន៍»។—ម៉ាថាយ ៦:៧, ភាសាខ្មែរសម្រាយ
១០. ហេតុអ្វីក៏ត្រឹមត្រូវក្នុងការអធិស្ឋានអំពីរឿងដដែលច្រើនដង?
១០ ប្រាកដហើយ យើងប្រហែលត្រូវអធិស្ឋានអំពីរឿងដដែលច្រើនដង។ នេះគឺមិនខុសនោះទេ ដ្បិតព្រះយេស៊ូបានដាស់តឿនថា៖ «ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក»។ (ម៉ាថាយ ៧:៧) ប្រហែលជាត្រូវការសាលព្រះរាជាណាចក្រមួយថ្មី ពីព្រោះព្រះយេហូវ៉ាកំពុងតែធ្វើឲ្យមានការលូតលាស់ដល់កិច្ចការផ្សាយក្នុងតំបន់។ (អេសាយ ៦០:២២) គឺត្រឹមត្រូវក្នុងការរក្សាការសុំអំពីសេចក្ដីត្រូវការនេះ នៅពេលដែលដាច់ឡែកពីគេ ឬនៅពេលអធិស្ឋាននៅសាធារណៈក្នុងកិច្ចប្រជុំនៃរាស្ត្ររបស់ព្រះយេហូវ៉ា។ ការធ្វើបែបនេះ មិនមានន័យថា យើង‹និយាយពាក្យច្រំដែលៗឥតប្រយោជន៍នោះទេ›។
ការចងចាំកតញ្ញូធម៌និងសេចក្ដីសរសើរ
១១. តើភីលីព ៤:៦, ៧ ទាក់ទងនឹងសេចក្ដីអធិស្ឋានសម្ងាត់ និងសេចក្ដីអធិស្ឋាននៅសាធារណៈយ៉ាងដូចម្ដេច?
១១ មនុស្សជាច្រើនអធិស្ឋានគ្រាន់តែចង់បានអ្វីមួយប៉ុណ្ណោះ ប៉ុន្តែ សេចក្ដីស្រឡាញ់ព្រះយេហូវ៉ានឹងជំរុញយើងឲ្យ ថ្លែងអំណរគុណដល់ទ្រង់ និងសរសើរទ្រង់ក្នុងសេចក្ដីអធិស្ឋានសម្ងាត់និងសេចក្ដីអធិស្ឋានសាធារណៈរបស់យើង។ ប៉ុលបានសរសេរថា៖ «កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្ដីសំណូមរបស់អ្នករាល់គ្នា ក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន នឹងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង យ៉ាងនោះ សេចក្ដីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត នឹងជួយការពារចិត្ត ហើយនឹងគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ»។ (ភីលីព ៤:៦, ៧) ត្រូវហើយ ក្រៅពីសេចក្ដីសំណូមនិងពាក្យទូលអង្វរ យើងត្រូវសម្ដែងអំណរគុណដល់ព្រះយេហូវ៉ា ចំពោះពរខាងវិញ្ញាណនិងខាងវត្ថុដែរ។ (សុភាសិត ១០:២២) អ្នកតែងបទទំនុកដំកើងបានច្រៀងថា៖ «ចូរថ្វាយដង្វាយជាសេចក្ដីអរព្រះគុណដល់ព្រះវិញ ហើយលាបំណន់ដែលបានបន់ដល់ព្រះដ៏ខ្ពស់បំផុតផង»។ (ទំនុកដំកើង ៥០:១៤) ហើយបទទំនុករបស់ដាវីឌដ៏ជាសេចក្ដីអធិស្ឋាន រួមបញ្ចូលពាក្យដ៏ទាញចិត្តនេះ ដែលថា៖ «ទូលបង្គំនឹងច្រៀងទំនុកសរសើរដល់ព្រះនាមរបស់ព្រះ ហើយនឹងលើកដំកើងទ្រង់ដោយអរព្រះគុណ»។ (ទំនុកដំកើង ៦៩:៣០) តើយើងមិនគួរធ្វើដូចនេះនៅក្នុងសេចក្ដីអធិស្ឋានសាធារណៈ និងសេចក្ដីអធិស្ឋានសម្ងាត់នោះឬទេ?
១២. តើទំនុកដំកើង ១០០:៤, ៥ បានត្រូវសម្រេចយ៉ាងណាសព្វថ្ងៃនេះ ហើយចំពោះអ្វីដែលយើងអាចអរព្រះគុណនិងសរសើរដល់ព្រះនោះ?
១២ ស្តីអំពីព្រះ អ្នកតែងបទទំនុកដំកើងបានច្រៀងថា៖ «ចូរនាំគ្នាចូលតាមទ្វារទ្រង់ ដោយពោលពាក្យអរព្រះគុណ ហើយចូលទៅក្នុងទីលានទ្រង់ ដោយបទសរសើរ ចូរអរព្រះគុណដល់ទ្រង់ ហើយសរសើរព្រះនាមទ្រង់ចុះ ពីព្រោះព្រះយេហូវ៉ាទ្រង់ល្អ សេចក្ដីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ច ហើយសេចក្ដីស្មោះត្រង់របស់ទ្រង់ ក៏នៅអស់ទាំងដំណមនុស្សតទៅ»។ (ទំនុកដំកើង ១០០:៤, ៥) សព្វថ្ងៃនេះ មនុស្សគ្រប់សាសន៍កំពុងតែចូលទីធ្លាដែលជាទីបរិសុទ្ធរបស់ព្រះយេហូវ៉ា ហើយចំពោះរឿងនេះ យើងក៏អាចថ្លែងអរព្រះគុណនិងសរសើរដល់ទ្រង់ដែរ។ តើអ្នកសម្ដែងការដឹងគុណដល់ព្រះចំពោះសាលព្រះរាជាណាចក្រក្នុងតំបន់ ហើយបង្ហាញការអបអររបស់អ្នក ដោយមកប្រជុំជារឿយៗជាមួយអស់អ្នកដែលស្រឡាញ់ទ្រង់នោះទេ? ពេលនៅទីនោះ តើអ្នកលើកសម្លេងដ៏អស់ពីចិត្ត ដោយច្រៀងចំរៀងសរសើរនិងការអរគុណ ដល់ព្រះវរបិតាដែលនៅស្ថានសួគ៌របស់យើងនោះទេ?
កុំឲ្យអាម៉ាស់មុខចំពោះការអធិស្ឋាន
១៣. តើគំរូមួយណាក្នុងបទគម្ពីរដែលបង្ហាញថា យើងត្រូវធ្វើសំណូមព្រះយេហូវ៉ា ទោះជាយើងមានអារម្មណ៍យើងមិនសមគួរដោយកំហុសណាមួយនោះ?
១៣ ទោះជាយើងមានអារម្មណ៍មិនសមគួរនឹងអធិស្ឋាន ដោយព្រោះកំហុសណាមួយក៏ដោយ ក៏យើងត្រូវមកឯព្រះដោយខំអធិស្ឋាន។ នៅពេលដែលពួកសាសន៍យូដាបានប្រព្រឹត្តអំពើបាប ដោយយកប្រពន្ធបរទេស នោះអែសរ៉ាបានលុតជង្គង់ លាតដៃដ៏ស្មោះត្រង់ទៅព្រះ ហើយបានអធិស្ឋានដោយមានចិត្តរាបទាបថា៖ «ឱព្រះនៃពួកបង្គំអើយ ទូលបង្គំមានសេចក្ដីខ្មាស ហើយក៏ក្រហមមុខ នឹងងើបមើលទៅទ្រង់ជាព្រះនៃទូលបង្គំផង ពីព្រោះការទុច្ចរិតរបស់យើងខ្ញុំបានចំរើនជាច្រើនឡើង ដល់លិចក្បាលយើងខ្ញុំ ហើយទោសរបស់យើងខ្ញុំក៏កើតឡើង ដល់លិចក្បាលយើងខ្ញុំ ហើយទោសរបស់យើងខ្ញុំក៏កើនឡើង ដល់ផ្ទៃមេឃដែរ ចាប់តាំងពីគ្រាពួកឰយុកោយើងខ្ញុំ ដរាបមកដល់សព្វថ្ងៃនេះ . . . ដូច្នេះ ក្រោយអស់ទាំងការដែលបានកើតដល់យើងខ្ញុំ ដោយព្រោះអំពើអាក្រក់ នឹងទោសរបស់យើងខ្ញុំ ដែលមានទំងន់ជាខ្លាំងម្ល៉េះ ទោះបើទ្រង់ ឱព្រះនៃយើងខ្ញុំអើយ ទ្រង់មិនបានធ្វើទោសដល់យើងខ្ញុំ ឲ្យស្មើនឹងការទុច្ចរិតរបស់យើងខ្ញុំទេ ហើយបានទាំងប្រោស ឲ្យយើងខ្ញុំមានសំណល់រួចចេញដូច្នេះផង ឥឡូវនេះ តើយើងខ្ញុំនឹងវិលទៅ ប្រព្រឹត្តរំលងក្រិត្យក្រមរបស់ទ្រង់ទៀត ដោយភ្ជាប់ញាតិនឹងពួកសាសន៍នោះឯង ដែលប្រព្រឹត្តការគួរស្អប់ខ្ពើមទាំងនោះឬអី បើធ្វើដូច្នោះ តើទ្រង់មិនមានសេចក្ដីក្រោធដល់យើងខ្ញុំ ដរាបដល់ទ្រង់បានបំផ្លាញអស់រលីងទេឬអី ឥតឲ្យមានសំណល់សល់ ឬអ្នកណាឲ្យបានរួចឡើយ ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល អើយ ទ្រង់សុចរិត ដ្បិតយើងខ្ញុំមានតែសំណល់ ដែលបានរួចប៉ុណ្ណោះទេ ដូចជាសព្វថ្ងៃនេះ មើល យើងខ្ញុំនៅចំពោះទ្រង់ មានជាប់ទាំងទោសផង ដ្បិតក្នុងអំពើយ៉ាងនេះ គ្មានអ្នកណានឹងឈរ នៅចំពោះទ្រង់បានឡើយ»។—អែសរ៉ា ៩:១-១៥; ចោទិយកថា ៧:៣, ៤
១៤. ដូចបានសម្ដែងមកនៅសម័យរបស់លោកអែសរ៉ា ដើម្បីនឹងទទួលសេចក្ដីអត់ឱនទោសពីព្រះ តើត្រូវការធ្វើអ្វី?
១៤ ដើម្បីទទួលការអត់ឱនទោសពីព្រះ នោះសេចក្ដីសារភាពដល់ទ្រង់ត្រូវតែរួមបញ្ចូលការមានចិត្តខ្ទេចខ្ទាំ ព្រមទាំង«បង្កើតផលដែលសំណំនឹងការប្រែចិត្ត»។ (លូកា ៣:៨; យ៉ូប ៤២:១-៦; អេសាយ ៦៦:២) នៅក្នុងសម័យលោកអែសរ៉ា អាកប្បកិរិយាដែលប្រែចិត្ត បានរួមបញ្ចូលការខំប្រឹង ដើម្បីកែអំពើកំហុស ដោយកំចាត់ចេញពួកប្រពន្ធបរទេស។ (អែសរ៉ា ១០:៤៤; ប្រៀបធៀប កូរិនថូសទី២ ៧:៨-១៣) ប្រសិនបើកំពុងតែស្វែងរកការអត់ឱនទោសរបស់ព្រះពីអំពើខុសទំនងដ៏ធ្ងន់ នោះយើងចូរឲ្យយើងធ្វើសេចក្ដីសារភាពដោយអធិស្ឋានដ៏រាបទាប ហើយបង្កើតផលផ្លែដែលសមនឹងការប្រែចិត្ត។ គតិដែលប្រែចិត្ត និងសេចក្ដីប្រាថ្នាចង់កែកំហុស នោះនឹងជំរុញយើងឲ្យស្វែងរកជំនួយខាងវិញ្ញាណពីពួកអ្នកចាស់ទុំគ្រីស្ទាន។—យ៉ាកុប ៥:១៣-១៥
ស្រង់យកការសម្រាលទុក្ខពីសេចក្ដីអធិស្ឋាន
១៥. តើតាមរបៀបណាដែលបទពិសោធន៍របស់ហាណា បង្ហាញថាយើងអាចរកបានការសម្រាលទុក្ខពីសេចក្ដីអធិស្ឋាន?
១៥ នៅពេលដែលយើងឈឺចិត្តដោយមូលហេតុណាមួយ នោះយើងអាចរកបានការសម្រាលទុក្ខពីសេចក្ដីអធិស្ឋាន។ (ទំនុកដំកើង ៥១:១៧; សុភាសិត ១៥:១៣) នាងហាណាដ៏ស្មោះត្រង់បានពិសោធន៍ដូចនេះមែន។ នាងបានរស់នៅក្នុងសម័យមួយ កាលដែលមនុស្សមានក្រុមគ្រួសារយ៉ាងធំក្នុងស្រុកអ៊ីស្រាអែល ប៉ុន្តែនាងមិនមានកូនមួយសោះ។ អែលកាណាដែលជាប្ដីរបស់នាង មានកូនប្រុសកូនស្រីជាច្រើនពីប្រពន្ធរបស់គាត់មួយទៀត ឈ្មោះពេនីណា បាននិយាយឡកឡើយនឹងនាងហាណា ដោយព្រោះឥតមានកូននឹងគេ។ នាងហាណាបានខំប្រឹងអធិស្ឋាន និងបានសន្យាថា ប្រសិនបើនាងទទួលពរបានកូនប្រុសមួយ ‹នាងនឹងឲ្យកូននោះដល់ព្រះយេហូវ៉ាគ្រប់អស់មួយជីវិតរបស់វា›។ ដោយបានសម្រាលទុក្ខពីសេចក្ដីអធិស្ឋានរបស់នាង ហើយដោយពាក្យរបស់សម្ដេចសង្ឃអេលី «នោះនាងក៏បាត់ទឹកមុខព្រួយ»។ នាងហាណាសម្រាលបានកូនប្រុសមួយ ដែលនាងបានដាក់ឈ្មោះថា សាំយូអែល។ ក្រោយមក នាងបានយកកូនឲ្យទៅបំរើនៅឯព្រះវិហាររបស់ព្រះយេហូវ៉ា។ (សាំយូអែលទី១ ១:៩-២៨) ដោយដឹងគុណដល់សេចក្ដីសប្បុរសរបស់ព្រះចំពោះនាង នោះនាងបានថ្វាយសេចក្ដីអធិស្ឋាននៃការអរព្រះគុណ ដែលសរសើរព្រះយេហូវ៉ា ជាព្រះដែលគ្មានអ្នកណាប្រៀបផ្ទឹមបាន។ (សាំយូអែលទី១ ២:១-១០) ដូចនាងហាណា យើងអាចស្រង់ការសម្រាលទុក្ខពីសេចក្ដីអធិស្ឋាន ដោយទុកចិត្តថាព្រះនឹងតបឆ្លើយនឹងសេចក្ដីស្នើសុំទាំងប៉ុន្មានរបស់អ្វី ដែលសមស្របតាមបំណងព្រះហឫទ័យរបស់ទ្រង់។ នៅពេលដែលយើងប្រាប់អ្វីៗទាំងអស់ពីចិត្តរបស់យើង នោះចូរឲ្យយើង«បាត់ទឹកមុខព្រួយ» ដ្បិតទ្រង់នឹងដកយកចេញនូវបន្ទុករបស់យើង ឬក៏ធ្វើឲ្យយើងអាចអត់ទ្រាំបាន។—ទំនុកដំកើង ៥៥:២២
១៦. ដូចបានបង្ហាញមកក្នុងករណីរបស់យ៉ាកុប ហេតុអ្វីក៏យើងគួរអធិស្ឋាននៅពេលយើងមានចិត្តភ័យខ្លាចឬខ្វល់ខ្វាយនោះ?
១៦ ប្រសិនបើស្ថានការណ៍មួយធ្វើឲ្យមានការខ្លាច ការឈឺចិត្តឬសេចក្ដីខ្វល់ខ្វាយ ចូរឲ្យយើងកុំខានទៅឯព្រះរកសេចក្ដីសម្រាលទុក្ខតាមរយៈសេចក្ដីអធិស្ឋាន។ (ទំនុកដំកើង ៥៥:១-៤) យ៉ាកុបមានចិត្តខ្លាច នៅពេលដែលបំរុងនឹងជួបបងប្រុសអេសាវ ដែលបានបែកបាក់គ្នានោះ។ ប៉ុន្តែ យ៉ាកុបបានអធិស្ឋានថា៖ «ឱព្រះនៃអ័ប្រាហាំជីតាទូលបង្គំ ជាព្រះនៃអ៊ីសាកឪពុកទូលបង្គំ ឱព្រះយេហូវ៉ាអើយ ទ្រង់បានមានបន្ទូលនឹងទូលបង្គំថា ‹ចូរវិលទៅឯញាតិសន្ដានឯងនៅស្រុកឯងវិញទៅ នោះអញនឹងប្រោសសេចក្ដីល្អដល់ឯង› ទូលបង្គំមិនគួរឲ្យ បានអស់ទាំងសេចក្ដីសប្បុរស នឹងអស់ទាំងសេចក្ដីស្មោះ ត្រង់ដែលទ្រង់បានផ្ដល់មកទូលបង្គំជាអ្នកបំរើទ្រង់ទេ ដ្បិតទូលបង្គំបានឆ្លងទន្លេយ័រដាន់នេះ មានតែដំបង១ប៉ុណ្ណោះតែឥឡូវនេះ ទូលបង្គំបានកើតជា២ពួកហើយ សូមទ្រង់ប្រោសឲ្យទូលបង្គំរួចពីកណ្ដាប់ដៃនៃអេសាវជាបង ដ្បិតទូលបង្គំខ្លាច ក្រែងគាត់មកវាយពួកទូលបង្គំនេះ ទាំងម្ដាយទាំងកូនផង ទ្រង់បានមានបន្ទូលថា អញនឹងប្រោសសេចក្ដីល្អដល់ឯងជាពិតប្រាកដ ហើយនឹងធ្វើឲ្យពូជឯងបានគ្នាច្រើន ដូចជាខ្សាច់នៅសមុទ្រដែលប្រមាណមិនបាន»។ (លោកុប្បត្តិ ៣២:៩-១២) អេសាវមិនបានធ្វើបាបដល់យ៉ាកុបនិងអ្នកអបអមរបស់គាត់ឡើយ។ ដូច្នេះ ព្រះយេហូវ៉ាបាន«ប្រោសសេចក្ដីល្អ»ដល់យ៉ាកុបនៅលើកនោះ។
១៧. ស្របនឹងទំនុកដំកើង ១១៩:៥២ តើតាមរបៀបណាដែលសេចក្ដីអធិស្ឋានរបស់យើង អាចនាំយើងមានការសម្រាលទុក្ខ នៅពេលដែលយើងបានត្រូវល្បងលយ៉ាងខ្លាំងនោះ?
១៧ ក្នុងកំឡុងសេចក្ដីអធិស្ឋានរបស់យើង យើងប្រហែលជាបានត្រូវសម្រាលទុក្ខ ដោយនឹកចាំអ្វីៗដែលបានចែងក្នុងបន្ទូលរបស់ព្រះ។ នៅក្នុងទំនុកដំកើងដ៏វែងជាងគេបំផុត ដែលជាសេចក្ដីអធិស្ឋានដ៏ល្អបានលេងភ្លេងប្រកប នោះគឺប្រហែលជាស្តេចហេសេគា ដែលបានច្រៀងថា៖ «ឱព្រះយេហូវ៉ាអើយ ទូលបង្គំបាននឹកចាំពីបញ្ញត្តទ្រង់ ដ៏មានពីបុរាណមក ជាការនាំឲ្យទូលបង្គំបានក្សាន្តចិត្ត»។ (ទំនុកដំកើង ១១៩:៥២) ពីព្រោះដោយសេចក្ដីអធិស្ឋានដ៏រាបទាប នៅពេលដែលបានត្រូវល្បងលយ៉ាងខ្លាំង នោះយើងអាចនឹកចាំគោលការណ៍ឬច្បាប់ព្រះគម្ពីរ ដែលជួយយើងឲ្យកាន់យកដំណើរ ដែលនាំឲ្យមានការទុកចិត្តដ៏សម្រាលទុក្ខ ដែលថាយើងកំពុងតែផ្គាប់ព្រះហឫទ័យរបស់ព្រះវរបិតាយើង។
ពួកអ្នកស្មោះត្រង់ខំព្យាយាមអធិស្ឋាន
១៨. ហេតុអ្វីក៏អាចនិយាយថា ‹ពួកស្មោះត្រង់ទាំងអស់អធិស្ឋានដល់ព្រះ›?
១៨ អស់អ្នកដែលមានចិត្តស្មោះត្រង់ដល់ព្រះយេហូវ៉ា នឹង«ខ្ជាប់ខ្ជួនក្នុងសេចក្ដីអធិស្ឋាន»។ (រ៉ូម ១២:១២) នៅក្នុងទំនុកដំកើង ទី៣២ ដែលប្រហែលជាបានតែងក្រោយពីដាវីឌបានប្រព្រឹត្តបាបជាមួយនឹងនាងបាតសេបា នោះលោកបានរៀបរាប់អំពីការឈឺចាប់ ដោយឥតបានរកការអត់ឱនទោស និងសេចក្ដីធូរស្រាលដែលការប្រែចិត្តនិងសេចក្ដីសារភាពដល់ព្រះ បាននាំមកដល់ទ្រង់។ រួចមក ដាវីឌបានច្រៀងថា៖ «ដូច្នេះ[ពីព្រោះការអត់ឱនទោសរបស់ព្រះយេហូវ៉ាគឺមានសំរាប់អ្នកដែលប្រែចិត្តដ៏ស្មោះ] ត្រូវឲ្យអស់អ្នកដែលកោតខ្លាចដល់ព្រះ បានអធិស្ឋានដល់ទ្រង់ នៅវេលាដែលនឹងរកទ្រង់ឃើញ»។—ទំនុកដំកើង ៣២:៦
១៩. ហេតុអ្វីក៏យើងត្រូវលើកដៃដ៏ស្មោះត្រង់យើងក្នុងសេចក្ដីអធិស្ឋាន?
១៩ ប្រសិនបើយើងស្រឡាញ់ទំនាក់ទំនងរបស់យើងជាមួយនឹងព្រះយេហូវ៉ា នោះយើងនឹងអធិស្ឋានសុំសេចក្ដីមេត្ដាករុណារបស់ទ្រង់ ដោយមានមូលដ្ឋានលើយញ្ញបូជាលោះរបស់ព្រះយេស៊ូ។ ដោយមានជំនឿ នោះយើងអាចចូលទៅក្នុងបល្ល័ង្កនៃព្រះគុណដែលគ្មានសិទ្ធិទទួល ដោយមានសេរីភាពនៃការនិយាយ ដើម្បីទទួលយកសេចក្ដីមេត្ដាករុណា និងជំនួយត្រឹមត្រូវតាមពេល។ (ហេព្រើរ ៤:១៦) ប៉ុន្តែ គឺមានមូលហេតុជាច្រើនដើម្បីអធិស្ឋាន! ដូច្នេះ ចូរឲ្យយើង«អធិស្ឋានឥតឈប់ឈរ» ជារឿយៗដោយមានពាក្យសរសើរនិងអំណរគុណដ៏ស្មោះ។ (ថែស្សាឡូនីចទី១ ៥:១៧) ថ្ងៃនិងយប់ ចូរឲ្យយើងលើកដៃដ៏ស្មោះត្រង់របស់យើងក្នុងសេចក្ដីអធិស្ឋាន។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើការគិតអំពីសេចក្ដីអធិស្ឋានសាធារណៈទុកជាមុន មានប្រយោជន៍អ្វី?
◻ ហេតុអ្វីក៏យើងត្រូវអធិស្ឋានតាមបែបបទដ៏គោរពហើយដ៏ថ្លៃថ្នូរ?
◻ តើយើងត្រូវមានគតិយ៉ាងណា នៅពេលអធិស្ឋាន?
◻ នៅពេលអធិស្ឋាន ហេតុអ្វីក៏យើងត្រូវចាំការអរគុណនិងការសរសើរ?
◻ តើតាមរបៀបណាដែលព្រះគម្ពីរបង្ហាញថា យើងអាចស្រង់ការសម្រាលទុក្ខពីសេចក្ដីអធិស្ឋាន?
[រូបភាពនៅទំព័រ២៤]
ស្តេចសាឡូម៉ូនបានសម្ដែងសេចក្ដីរាបទាបក្នុងសេចក្ដីអធិស្ឋាននៅសាធារណៈ នៅឯពិធីឧទ្ទិសថ្វាយព្រះវិហាររបស់ព្រះយេហូវ៉ា
[រូបភាពនៅទំព័រ២៥]
ដូចហាណា អ្នកអាចស្រង់យកការសម្រាលទុក្ខពីសេចក្ដីអធិស្ឋាន