ជំពូកទី៥៩
តើកូនមនុស្សជាអ្នកណា?
ម៉ាថាយ ១៦:១៣-២៧ ម៉ាកុស ៨:២២-៣៨ លូកា ៩:១៨-២៦
លោកយេស៊ូធ្វើឲ្យបុរសងងឹតភ្នែកមើលឃើញ
ពេត្រុសទទួលកូនសោរាជាណាចក្រ
លោកយេស៊ូប្រាប់ទុកជាមុនអំពីការស្លាប់របស់លោកនិងការប្រោសលោកឲ្យរស់ឡើងវិញ
លោកយេស៊ូនិងពួកអ្នកកាន់តាមលោកបានទៅដល់ភូមិបេតសេដា។ នៅទីនោះ បណ្ដាជនបាននាំបុរសងងឹតភ្នែកម្នាក់មក ហើយពួកគេបានអង្វរសុំឲ្យលោកពាល់គាត់ដើម្បីធ្វើឲ្យគាត់មើលឃើញវិញ។
លោកយេស៊ូដឹកដៃបុរសងងឹតភ្នែកនោះ នាំទៅក្រៅភូមិ។ រួចលោកស្ដោះដាក់ភ្នែកគាត់ ហើយសួរថា៖ «តើអ្នកមើលឃើញអ្វីទេ?»។ បុរសនោះឆ្លើយថា៖ «ខ្ញុំគិតថាខ្ញុំឃើញមនុស្ស ព្រោះមើលទៅដូចជាដើមឈើ តែកំពុងដើរ»។ (ម៉ាកុស ៨:២៣, ២៤) បន្ទាប់មក លោកក៏ដាក់ដៃលើភ្នែកគាត់ ហើយធ្វើឲ្យគាត់មើលឃើញឡើងវិញ។ ក្រោយមក លោកឲ្យបុរសនោះត្រឡប់ទៅផ្ទះ ហើយប្រាប់គាត់កុំឲ្យចូលក្នុងភូមិឡើយ។
រួចមក លោកយេស៊ូនិងអ្នកកាន់តាមលោកធ្វើដំណើរឆ្ពោះទៅភូមិមួយក្នុងតំបន់សេសារៀភីលីព ស្ថិតនៅទិសខាងជើង ដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រ។ ភូមិនោះស្ថិតនៅលើភ្នំ ហើយនៅខាងក្រោយភូមិនោះ មនុស្សអាចមើលឃើញភ្នំហឺម៉ុនដែលមានទឹកកកនៅលើកំពូល។ ដើម្បីទៅដល់ទីនោះពួកគាត់ត្រូវធ្វើដំណើរប្រហែលជាពីរឬបីថ្ងៃ។
ពេលកំពុងធ្វើដំណើរទៅភូមិនោះ លោកយេស៊ូបានចេញទៅកន្លែងស្ងាត់មួយតែម្នាក់ឯងដើម្បីអធិដ្ឋានទៅព្រះ។ លោកជ្រាបថានៅសល់តែ៩ខែ ឬ១០ខែទៀតលោកនឹងទទួលមរណភាព ហើយលោកពិតជាព្រួយបារម្ភអំពីអ្នកកាន់តាមលោកខ្លាំងណាស់ ពីព្រោះថ្មីៗនេះ អ្នកកាន់តាមជាច្រើនបានលែងកាន់តាមលោក អ្នកខ្លះទៀតទំនងជាច្របូកច្របល់ក្នុងចិត្ត ឬតូចចិត្តនឹងលោក។ ពួកគាត់ប្រហែលជាឆ្ងល់អំពីមូលហេតុដែលលោកមិនព្រមធ្វើជាស្តេចតាមការព្យាយាមចង់បានរបស់បណ្ដាជន ឬក៏ឆ្ងល់អំពីមូលហេតុដែលលោកមិនធ្វើសញ្ញាសម្គាល់ដើម្បីបញ្ជាក់ឲ្យច្បាស់ថាលោកពិតជាអ្នកណា។
ពេលអ្នកកាន់តាមលោកទៅដល់កន្លែងដែលលោកកំពុងអធិដ្ឋាន នោះលោកសួរពួកគាត់ថា៖ «តើមនុស្សទាំងឡាយថាកូនមនុស្សជាអ្នកណា?»។ ពួកគាត់បានឆ្លើយថា៖ «អ្នកខ្លះថាលោកជាយ៉ូហានដែលជាអ្នកជ្រមុជទឹក អ្នកខ្លះទៀតថាលោកជាអេលីយ៉ា ហើយអ្នកឯទៀតថាលោកជាយេរេមា ឬអ្នកប្រកាសទំនាយមួយរូប»។ ពិតមែន បណ្ដាជនគិតថាលោកយេស៊ូប្រហែលជាបុគ្គលម្នាក់ក្នុងចំណោមអ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ។ ដើម្បីដឹងអំពីគំនិតរបស់ពួកអ្នកកាន់តាម លោកយេស៊ូសួរពួកគាត់ថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នកថាខ្ញុំជាអ្នកណា?»។ ពេត្រុសឆ្លើយភ្លាមថា៖ «លោកជាគ្រិស្ត ជាបុត្ររបស់ព្រះដែលមានជីវិតរស់នៅ»។—ម៉ាថាយ ១៦:១៣-១៦
លោកយេស៊ូប្រាប់ពេត្រុសថា គាត់នឹងមានសុភមង្គលដោយសារព្រះបានបើកសម្ដែងរឿងនេះឲ្យគាត់ដឹង ដោយមានប្រសាសន៍បន្ថែមថា៖ «ខ្ញុំប្រាប់អ្នកថា អ្នកគឺពេត្រុស ហើយលើផ្ទាំងថ្មនេះ ខ្ញុំនឹងសាងក្រុមជំនុំរបស់ខ្ញុំ។ ទ្វារកំពែងផ្នូរនឹងមិនឈ្នះក្រុមជំនុំនោះឡើយ»។ លោកយេស៊ូចង់មានន័យថា លោកផ្ទាល់នឹងសាងក្រុមជំនុំ ហើយថាសូម្បីតែផ្នូរឬសេចក្ដីស្លាប់នឹងមិនអាចបំផ្លាញសមាជិកក្រុមជំនុំនោះបានឡើយ បើពួកគាត់រក្សាភាពស្មោះត្រង់ចំពោះលោករហូតដល់បញ្ចប់កិច្ចបម្រើរបស់ពួកគាត់នៅផែនដី។ រួចមក លោកបានសន្យានឹងពេត្រុសថា៖ «ខ្ញុំនឹងឲ្យកូនសោនៃរាជាណាចក្រស្ថានសួគ៌ដល់អ្នក»។—ម៉ាថាយ ១៦:១៨, ១៩
លោកយេស៊ូមិនបានផ្ដល់ឲ្យពេត្រុសនូវឋានៈធំជាងគេក្នុងចំណោមពួកសាវ័កទេ ហើយលោកក៏មិនបានឲ្យគាត់ធ្វើជាថ្មគ្រឹះនៃក្រុមជំនុំដែរ ពីព្រោះលោកយេស៊ូផ្ទាល់ជាផ្ទាំងថ្មដែលក្រុមជំនុំនឹងសាងសង់ពីលើ។ (កូរិនថូសទី១ ៣:១១; អេភេសូរ ២:២០) ក៏ប៉ុន្តែ លោកយេស៊ូនឹងឲ្យកូនសោបីទៅពេត្រុស នេះមានន័យថាគាត់នឹងមានឯកសិទ្ធិក្នុងការបើកសោទាំងនោះ ដើម្បីបើកឱកាសឲ្យមនុស្សមួយក្រុមចូលរាជាណាចក្រស្ថានសួគ៌។
ពេត្រុសនឹងប្រើកូនសោទី១នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ដើម្បីបង្ហាញជនជាតិយូដាដែលប្រែចិត្តនិងអ្នកដែលចូលសាសនាយូដាឲ្យដឹងនូវអ្វីដែលពួកគេត្រូវធ្វើដើម្បីទទួលការសង្គ្រោះ។ រួចមក គាត់នឹងប្រើកូនសោទី២ ដើម្បីបើកឱកាសដល់ជនជាតិសាម៉ារីដែលមានជំនឿឲ្យចូលរាជាណាចក្ររបស់ព្រះ។ បន្ទាប់មក នៅឆ្នាំ៣៦ គ.ស. ពេត្រុសនឹងប្រើកូនសោទី៣ ដើម្បីបើកឱកាសឲ្យជនជាតិដទៃដែលមិនបានកាត់ចុងស្បែក ដូចជាកូនេលាស និងអ្នកឯទៀតជាដើម។—សកម្មភាព ២:៣៧, ៣៨; ៨:១៤-១៧; ១០:៤៤-៤៨
នៅក្នុងការពិគ្រោះនេះ ពួកសាវ័កមិនសប្បាយចិត្តទេ ពេលឮលោកយេស៊ូប្រាប់ពួកគាត់ថាបន្ដិចទៀតនៅក្រុងយេរូសាឡិម លោកនឹងត្រូវរងទុក្ខវេទនា ហើយត្រូវស្លាប់។ ពេត្រុសមិនបានយល់ថាលោកយេស៊ូនឹងត្រូវប្រោសឲ្យរស់ឡើងវិញដោយមានជីវិតនៅស្ថានសួគ៌ឡើយ។ ដូច្នេះ ពេត្រុសបាននាំលោកទៅឆ្ងាយពីពួកគាត់បន្ដិច រួចចាប់ផ្ដើមបន្ទោសលោកថា៖ «លោកម្ចាស់ សូមអាណិតខ្លួនផង ការនេះនឹងមិនកើតឡើងដល់លោកឡើយ»។ ប៉ុន្តែលោកបែរចេញ រួចប្រាប់ពេត្រុសថា៖ «នែ! សាថាន ចូរទៅឆ្ងាយពីខ្ញុំទៅ! អ្នកកំពុងដាក់ឧបសគ្គដែលអាចនាំឲ្យខ្ញុំជំពប់ដួល ពីព្រោះអ្នកមិនគិតតាមគំនិតរបស់ព្រះទេ តែគិតតាមគំនិតរបស់មនុស្សវិញ»។—ម៉ាថាយ ១៦:២២, ២៣
រួចមក លោកយេស៊ូក៏បានហៅពួកអ្នកកាន់តាមផ្សេងទៀតមកឯលោកដែរ ដើម្បីពន្យល់ពួកគាត់ថាការធ្វើជាអ្នកកាន់តាមលោកមិនមែនជាការងាយស្រួលទេ។ លោកមានប្រសាសន៍ថា៖«បើអ្នកណាចង់មកតាមខ្ញុំ អ្នកនោះត្រូវប្រគល់ខ្លួនឲ្យព្រះ រួចលីបង្គោលទារុណកម្មរបស់ខ្លួន ហើយមកតាមខ្ញុំជាដរាបចុះ ព្រោះអ្នកណាដែលចង់រក្សាជីវិតខ្លួន អ្នកនោះនឹងបាត់បង់ជីវិតទៅវិញ។ តែអ្នកណាដែលបាត់បង់ជីវិតព្រោះតែខ្ញុំនិងដំណឹងល្អ អ្នកនោះនឹងរក្សាជីវិតវិញ»។—ម៉ាកុស ៨:៣៤, ៣៥
ដូច្នេះ អ្នកកាន់តាមលោកយេស៊ូត្រូវមានចិត្តក្លាហាន ហើយលះបង់ប្រយោជន៍ខ្លួន ទើបលោកពេញចិត្តនឹងពួកគាត់។ លោកយេស៊ូមានប្រសាសន៍ថា៖ «ក្នុងចំណោមមនុស្សជំនាន់នេះ ដែលមិនស្មោះត្រង់នឹងព្រះហើយប្រព្រឹត្តអំពើខុសឆ្គង អ្នកណាដែលខ្មាសគេដោយសារកាន់តាមខ្ញុំនិងជឿពាក្យរបស់ខ្ញុំ កូនមនុស្សក៏នឹងខ្មាសមិនទទួលស្គាល់អ្នកនោះដែរ ពេលដែលលោកមកជាមួយនឹងបណ្ដាទេវតាបរិសុទ្ធ ដោយមានសិរីរុងរឿងពីបិតារបស់លោក»។ (ម៉ាកុស ៨:៣៨) ហេតុនេះ ពេលលោកយេស៊ូមក‹លោកនឹងសងដល់គ្រប់គ្នាតាមការប្រព្រឹត្តរបស់ពួកគេរៀងខ្លួន›។—ម៉ាថាយ ១៦:២៧