‹ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្ស ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ›
«ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ . . . ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង»។—ម៉ាថាយ ២៨:១៩, ២០
១. នៅជើងភ្នំស៊ីណាយ តើសាសន៍អ៊ីស្រាអែលបានធ្វើការសម្រេចចិត្តអ្វី?
ប្រមាណ៣.៥០០ឆ្នាំមុន នៅជើងភ្នំស៊ីណាយ សាសន៍អ៊ីស្រាអែលទាំងមូលបានជួបជុំគ្នា ដើម្បីធ្វើការសច្ចាចំពោះព្រះ។ ពួកគេបានថ្លែងប្រាប់ជាសាធារណៈថា៖ «យើងខ្ញុំរាល់គ្នានឹងធ្វើតាមអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាមានបន្ទូលមក»។ នៅពេលនោះសាសន៍អ៊ីស្រាអែលទាំងមូលបានឧទ្ទិសថ្វាយខ្លួនចំពោះព្រះ ហើយពួកគេ«ដាច់ជារបស់ផង»ទ្រង់។ (និក្ខមនំ ១៩:៥, ៨; ២៤:៣) ម្ល៉ោះហើយពួកគេអាចរីករាយនឹងលទ្ធភាពទទួលការការពារពីទ្រង់ ហើយក៏មានក្ដីសង្ឃឹមរស់នៅជាមួយកូនចៅរបស់ពួកគេពីតំណមួយទៅតំណមួយ ក្នុងស្រុក«ដែលមានទឹកដោះ ហើយនឹងទឹកឃ្មុំហូរហៀរ»។—លេវីវិន័យ ២០:២៤
២. សព្វថ្ងៃនេះ តើមនុស្សអាចមានទំនាក់ទំនងបែបណាជាមួយនឹងព្រះ?
២ ក៏ប៉ុន្តែ ទំនុករបស់លោកអេសាភបញ្ជាក់ថា សាសន៍អ៊ីស្រាអែល«មិនបានកាន់តាមសេចក្ដីសញ្ញារបស់ព្រះ ក៏មិនព្រមប្រព្រឹត្តតាមក្រិត្យវិន័យទ្រង់សោះ»។ (ទំនុកដំកើង ៧៨:១០) ពួកគេមិនបានធ្វើតាមពាក្យសច្ចា ដែលបុព្វបុរសរបស់ពួកគេបានធ្វើចំពោះព្រះយេហូវ៉ា។ នៅទីបំផុត សាសន៍អ៊ីស្រាអែលបាត់បង់ចំណងមិត្តភាពពិសេស ដែលបុព្វបុរសរបស់ពួកគេធ្លាប់មានជាមួយព្រះ។ (សាស្ដា ៥:៤; ម៉ាថាយ ២៣:៣៧, ៣៨) ដោយហេតុនេះ ព្រះបាន«ប្រោសដល់ពួកសាសន៍ដទៃ . . . ដើម្បីរើសយករាស្ត្រ១ពួកពីគេ ទុកសំរាប់ព្រះនាមទ្រង់»។ (កិច្ចការ ១៥:១៤) ម្យ៉ាងទៀត នៅជាន់ក្រោយបង្អស់នេះ ទ្រង់កំពុងតែប្រមូល«មនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា» ហើយពួកគេមានអំណរក្នុងការទទួលស្គាល់ថា៖ «សេចក្ដីសង្គ្រោះស្រេចនូវព្រះនៃយើងរាល់គ្នា ដែលគង់លើបល្ល័ង្ក ហើយស្រេចនឹងកូនចៀមផង»។—វិវរណៈ ៧:៩, ១០
៣. ដើម្បីមានចំណងមិត្តភាពជាមួយព្រះយេហូវ៉ា តើយើងត្រូវធ្វើអ្វីខ្លះ?
៣ បើយើងចង់មានចំណងមិត្តភាពថ្លៃវិសេសបែបនោះជាមួយនឹងព្រះ យើងត្រូវឧទ្ទិសថ្វាយខ្លួនចំពោះព្រះយេហូវ៉ា ហើយបញ្ជាក់ពីការថ្វាយខ្លួននោះដោយទទួលបុណ្យជ្រមុជទឹក។ ធ្វើដូច្នេះ យើងកំពុងតែស្ដាប់តាមអ្វីដែលព្រះយេស៊ូបានបង្គាប់សិស្សរបស់ទ្រង់ដោយចំៗនោះ។ ទ្រង់បានបង្គាប់ថា៖ «ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធចុះ! ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង»។ (ម៉ាថាយ ២៨:១៩, ២០) ម៉ូសេបានអាន«សៀវភៅសញ្ញា»ឲ្យសាសន៍អ៊ីស្រាអែលស្ដាប់។ (និក្ខមនំ ២៤:៣, ៧, ៨) ដូច្នេះហើយ ពួកគេយល់នូវអ្វីដែលព្រះយេហូវ៉ាតម្រូវឲ្យពួកគេធ្វើ។ សព្វថ្ងៃនេះក៏ដូចគ្នាដែរ ដ្បិតមុនយើងទទួលបុណ្យជ្រមុជទឹក គឺជាការចាំបាច់ដែលយើងមានចំណេះត្រឹមត្រូវអំពីព្រះហឫទ័យរបស់ព្រះ ដូចត្រូវកត់សរសេរក្នុងព្រះគម្ពីរ ជាព្រះបន្ទូលរបស់ទ្រង់។
៤. ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ទទួលបុណ្យជ្រមុជទឹក តើយើងត្រូវធ្វើអ្វី? (សូមមើលប្រអប់ខាងលើ)
៤ នេះបញ្ជាក់ឲ្យឃើញច្បាស់ថា ព្រះយេស៊ូចង់ឲ្យសិស្សរបស់ទ្រង់មានជំនឿដែលមានមូលដ្ឋានរឹងមាំ មុនពួកគេទទួលបុណ្យជ្រមុជទឹក។ ទ្រង់មិនត្រឹមតែបង្គាប់អ្នកកាន់តាមទ្រង់ឲ្យបញ្ចុះបញ្ចូលឲ្យមានសិស្សប៉ុណ្ណោះ ប៉ុន្តែសិស្សទ្រង់ក៏ត្រូវបង្រៀនអ្នកទាំងនោះឲ្យ‹កាន់តាមគ្រប់ទាំងសេចក្ដី ដែលត្រូវបានបង្គាប់›។ (ម៉ាថាយ ៧:២៤, ២៥; អេភេសូរ ៣:១៧-១៩) ម្ល៉ោះហើយ ក្នុងករណីភាគច្រើន អ្នកដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលបុណ្យជ្រមុជទឹក បានសិក្សាព្រះគម្ពីររាប់ខែឬរហូតដល់មួយឬពីរឆ្នាំ។ យ៉ាងនេះពួកគេអាចធ្វើការសម្រេចចិត្តដោយមានចំណេះដឹងគ្រប់គ្រាន់ និងដោយមិនប្រញាប់ពេក។ នៅពេលយើងទទួលបុណ្យជ្រមុជទឹក យើងត្រូវឆ្លើយថា‹មែន›ចំពោះសំណួរពីរដ៏សំខាន់។ ដោយសារព្រះយេស៊ូមានបន្ទូលថាយើង«ត្រូវឲ្យចេញសំដីថាតែមែនៗ ឬទេៗ»ប៉ុណ្ណោះ នោះជាការល្អបើយើងពិចារណាឲ្យបានដិតដល់នូវអត្ថន័យនៃសំណួរពីរ ដែលយើងត្រូវឆ្លើយពេលទទួលបុណ្យជ្រមុជទឹក។—ម៉ាថាយ ៥:៣៧, កំណែជាអក្សរទ្រេត
ត្រូវប្រែចិត្តនិងឧទ្ទិសថ្វាយខ្លួន
៥. តើសំណួរទីមួយសម្រាប់អ្នកដែលចង់ទទួលបុណ្យជ្រមុជទឹកបញ្ជាក់ជំហានពីរយ៉ាងដ៏សំខាន់អ្វី?
៥ សំណួរទីមួយសម្រាប់ទទួលបុណ្យជ្រមុជទឹកសួរថា ‹តើអ្នកបានប្រែចិត្តពីរបៀបរស់នៅចាស់ ហើយឧទ្ទិសថ្វាយខ្លួនចំពោះព្រះយេហូវ៉ាដើម្បីធ្វើតាមព្រះហឫទ័យរបស់ទ្រង់ឬទេ?›។ សំណួរនេះបញ្ជាក់ជំហានពីរយ៉ាងដ៏សំខាន់ ដែលយើងត្រូវតែធ្វើមុនទទួលបុណ្យជ្រមុជទឹក ពោលគឺត្រូវប្រែចិត្តនិងឧទ្ទិសថ្វាយខ្លួន។
៦, ៧. (ក) ហេតុអ្វីអ្នកដែលចង់ទទួលបុណ្យជ្រមុជទឹកត្រូវតែប្រែចិត្ត? (ខ) ក្រោយបានប្រែចិត្តហើយ តើយើងត្រូវកែប្រែអ្វីទៀត?
៦ ហេតុអ្វីយើងត្រូវប្រែចិត្តមុនដែលសុំទទួលបុណ្យជ្រមុជទឹក? សាវ័កប៉ុលពន្យល់ថា៖ «យើងរាល់គ្នាទាំងអស់ក៏បានប្រព្រឹត្ត . . . ដោយសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមយើង»។ (អេភេសូរ ២:៣) មុនដែលយើងបានទទួលចំណេះត្រឹមត្រូវអំពីព្រះហឫទ័យរបស់ព្រះ យើងធ្លាប់រស់នៅដូចមនុស្សលោកិយ ដោយធ្វើតាមខ្នាតតម្រានិងគោលការណ៍របស់ពួកគេ។ របៀបរស់នៅរបស់យើងធ្លាប់នៅក្រោមឥទ្ធិពលសាតាំង ដែលជាព្រះរបស់លោកិយនេះ។ (កូរិនថូសទី២ ៤:៤) ក៏ប៉ុន្តែ ក្រោយយើងស្គាល់ព្រះហឫទ័យរបស់ព្រះហើយ នោះយើងបានតាំងចិត្តរឹងមាំឲ្យឈប់រស់«តាមតែសេចក្ដីប៉ងប្រាថ្នារបស់មនុស្សទៀតឡើយ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញ»។—ពេត្រុសទី១ ៤:២
៧ របៀបរស់នៅថ្មីនោះមានផលប្រយោជន៍ជាច្រើនណាស់។ សំខាន់បំផុត របៀបរស់នៅថ្មីនោះផ្ដល់ឱកាសឲ្យមានចំណងមិត្តភាពថ្លៃវិសេសជាមួយព្រះយេហូវ៉ា។ ដាវីឌបានប្រដូចចំណងមិត្តភាពនេះទៅនឹងសេចក្ដីអញ្ជើញឲ្យចូលទៅក្នុង«រោងឧបោសថ[ឬ«ព្រះពន្លា»]»និង«ភ្នំបរិសុទ្ធ»របស់ព្រះ ដែលពិតជាឯកសិទ្ធិអស្ចារ្យណាស់! (ទំនុកដំកើង ១៥:១; ទំនុកតម្កើង ១៥:១, ខ.ស.) ព្រះយេហូវ៉ាទំនងជាមិនអញ្ជើញមនុស្សណាក៏បាននោះទេ ផ្ទុយទៅវិញទ្រង់អញ្ជើញតែ«អ្នកណាដែលដើរដោយទៀងត្រង់ ហើយប្រព្រឹត្តសេចក្ដីសុចរិត ព្រមទាំងពោលសេចក្ដីពិតពីក្នុងចិត្តផង»។ (ទំនុកដំកើង ១៥:២) ដើម្បីបំពេញតម្រូវការទាំងនេះ យើងប្រហែលជាត្រូវកែប្រែការប្រព្រឹត្តនិងបុគ្គលិកលក្ខណៈដែលយើងធ្លាប់មាន មុនបានរៀនសេចក្ដីពិត។ (កូរិនថូសទី១ ៦:៩-១១; កូល៉ុស ៣:៥-១០) តើអ្វីជំរុញយើងឲ្យកែប្រែ? ពេលដែលយើងប្រែចិត្ត នោះជំរុញយើងឲ្យកែប្រែការប្រព្រឹត្តនិងបុគ្គលិកលក្ខណៈរបស់យើង។ ការប្រែចិត្តមានន័យថា យើងមានការសោកស្ដាយយ៉ាងខ្លាំងដោយសាររបៀបរស់នៅចាស់របស់យើង ហើយយើងប្ដេជ្ញាចិត្តធ្វើឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យ។ ជាលទ្ធផលយើងកែប្រែទាំងស្រុង ដោយលះចោលរបៀបរស់នៅដូចមនុស្សលោកិយដែលរកតែប្រយោជន៍ខ្លួន ហើយចាប់ផ្ដើមមានរបៀបរស់នៅដែលធ្វើឲ្យព្រះសព្វព្រះហឫទ័យវិញ។—កិច្ចការ ៣:១៩
៨. តើយើងថ្វាយខ្លួនយ៉ាងដូចម្ដេច? តើការថ្វាយខ្លួនជាប់ទាក់ទងនឹងបុណ្យជ្រមុជទឹកយ៉ាងដូចម្ដេច?
៨ សំណួរទីមួយសម្រាប់អ្នកដែលចង់ទទួលបុណ្យជ្រមុជទឹកមានផ្នែកមួយទៀត។ ផ្នែកនោះសួរថា ‹តើអ្នកបានឧទ្ទិសថ្វាយខ្លួនចំពោះព្រះយេហូវ៉ា ដើម្បីធ្វើតាមព្រះហឫទ័យទ្រង់ទេ?›។ មុនដែលសុំទទួលបុណ្យជ្រមុជទឹក យើងត្រូវថ្វាយខ្លួនជាចាំបាច់។ យើងថ្វាយខ្លួនដោយអធិស្ឋាន ទូលព្រះយេហូវ៉ាថា យើងចង់ប្រើជីវិតយើងដើម្បីបម្រើទ្រង់ តាមរយៈព្រះគ្រីស្ទ។ (រ៉ូម ១៤:៧, ៨; កូរិនថូសទី២ ៥:១៥) ក្រោយនោះ ព្រះយេហូវ៉ាក្លាយទៅជាម្ចាស់របស់យើង ហើយយើងមានអំណរក្នុងការធ្វើតាមព្រះហឫទ័យទ្រង់ ដូចព្រះយេស៊ូដែរ។ (ទំនុកដំកើង ៤០:៨; អេភេសូរ ៦:៦) យើងទូលពាក្យសច្ចាថ្វាយខ្លួនចំពោះព្រះយេហូវ៉ាតែមួយដងប៉ុណ្ណោះ។ ក៏ប៉ុន្តែ មានតែព្រះយេហូវ៉ាជ្រាបថាយើងបានអធិស្ឋានឧទ្ទិសថ្វាយខ្លួន។ ដូច្នេះនៅថ្ងៃដែលយើងទទួលបុណ្យជ្រមុជទឹក យើងថ្លែងប្រាប់ជាសាធារណៈថាយើងបានថ្វាយខ្លួន ដោយឆ្លើយនូវសំណួរទីមួយដូចបានបញ្ជាក់ក្នុងវគ្គនេះ។ នៅពេលនោះ គ្រប់គ្នាដឹងថាយើងបានឧទ្ទិសថ្វាយខ្លួនចំពោះព្រះវរបិតារបស់យើងនៅស្ថានសួគ៌។—រ៉ូម ១០:១០
៩, ១០. (ក) តើការធ្វើតាមព្រះហឫទ័យរបស់ព្រះរួមបញ្ចូលអ្វី? (ខ) តើអ្វីបង្ហាញថាពួកណាត្ស៊ីក៏បានទទួលស្គាល់ការថ្វាយខ្លួនរបស់យើងដែរ?
៩ ដើម្បីយកតម្រាប់តាមគំរូរបស់ព្រះយេស៊ូក្នុងការធ្វើតាមព្រះហឫទ័យរបស់ព្រះ តើយើងត្រូវធ្វើអ្វីខ្លះ? ព្រះយេស៊ូមានបន្ទូលថា៖ «បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាង[ឬ«បង្គោលទារុណកម្ម»]ខ្លួន មកតាមខ្ញុំ[«ជាដរាប»]ចុះ!»។ (ម៉ាថាយ ១៦:២៤; ព.ថ.) ក្នុងខនេះព្រះយេស៊ូបញ្ជាក់អ្វីបីយ៉ាងដែលយើងត្រូវតែធ្វើ។ ទីមួយ យើងត្រូវ«លះកាត់ចិត្ត»ខ្លួនឯង។ បើនិយាយឲ្យស្រួលយល់ នោះមានន័យថាយើងលះចោលជ្រះស្រឡះនូវទំនោរចិត្តឥតគ្រប់លក្ខណ៍របស់យើងដែលចង់រកតែប្រយោជន៍ខ្លួន ហើយរួចមកយើងតាមឱវាទនិងការណែនាំរបស់ព្រះវិញ។ ទីពីរ យើងផ្ទុក«បង្គោលទារុណកម្ម»ខ្លួន។ នៅសម័យព្រះយេស៊ូ បង្គោលទារុណកម្មតំណាងការអាម៉ាស់មុខ និងការរងទុក្ខ។ ដោយសារយើងជាគ្រីស្ទាន យើងសុខចិត្តរងទុក្ខដើម្បីផ្សាយនិងកាន់ខ្ជាប់តាមដំណឹងល្អ។ (ធីម៉ូថេទី២ ១:៨) ទោះបើលោកិយនេះសើចចំអកឬប្រមាថមើលងាយយើងក៏ដោយ តែយើង«មើលងាយចំពោះសេចក្ដីអាម៉ាស់ខ្មាស»ដូចព្រះគ្រីស្ទបានធ្វើដែរ ហើយក៏មានចិត្តសប្បាយទៀតផង ដោយដឹងថា យើងកំពុងតែធ្វើឲ្យព្រះសព្វព្រះហឫទ័យ។ (ហេព្រើរ ១២:២) ទីបី យើងតាមព្រះយេស៊ូ«ជាដរាប»។—ទំនុកដំកើង ៧៣:២៦; ១១៩:៤៤; ១៤៥:២
១០ គួរឲ្យចាប់អារម្មណ៍ណាស់ថា សូម្បីតែបុគ្គលខ្លះដែលប្រឆាំងយើងទទួលស្គាល់ថា ស្មរបន្ទាល់ព្រះយេហូវ៉ាបានថ្វាយខ្លួនដើម្បីបម្រើព្រះដោយអស់ពីចិត្ត។ ជាឧទាហរណ៍ នៅប៊ូជឺនវ៉ាល ដែលជាជំរំឃុំឃាំងមួយរបស់ពួកណាត្ស៊ីនាប្រទេសអាឡឺម៉ង់ ពួកស្មរបន្ទាល់ដែលមិនព្រមបដិសេធឈប់កាន់ជំនឿ ត្រូវតែចុះហត្ថលេខាលើឯកសារមួយដែលចែងថា៖ «ខ្ញុំនៅតែជាសិស្សព្រះគម្ពីរស្មោះត្រង់ ហើយមិនព្រមក្បត់ពាក្យសម្បថដែលខ្ញុំបានធ្វើចំពោះព្រះយេហូវ៉ាឡើយ»។ អ្នកបម្រើស្មោះត្រង់ទាំងឡាយរបស់ព្រះ ច្បាស់ជាមានអារម្មណ៍ដូចបងប្អូនទាំងនោះដែរ!—កិច្ចការ ៥:៣២
មានអត្តសញ្ញាណជាស្មរបន្ទាល់ព្រះយេហូវ៉ា
១១. តើអ្នកដែលទទួលបុណ្យជ្រមុជទឹកមានឯកសិទ្ធិអ្វី?
១១ ផ្នែកទីមួយនៃសំណួរទីពីរសម្រាប់បុណ្យជ្រមុជទឹក សួរថា‹តើអ្នកយល់ថាការទទួលបុណ្យជ្រមុជទឹកសម្គាល់អ្នកជាស្មរបន្ទាល់ព្រះយេហូវ៉ាទេ?›។ ក្រោយទទួលបុណ្យជ្រមុជទឹក យើងមានមុខតំណែងជាអ្នកបម្រើព្រះយេហូវ៉ា ដែលតំណាងព្រះនាមទ្រង់។ នេះជាឯកសិទ្ធិអស្ចារ្យមួយ ហើយក៏ជាភារកិច្ចសំខាន់មួយដែរ។ មុខតំណែងនោះផ្ដល់លទ្ធភាពឲ្យយើងទទួលសេចក្ដីសង្គ្រោះនិងជីវិតជារៀងរហូត បើរក្សាភាពស្មោះត្រង់នឹងព្រះយេហូវ៉ាជានិច្ច។—ម៉ាថាយ ២៤:១៣
១២. តើការតំណាងព្រះនាមព្រះយេហូវ៉ារួមមានភារកិច្ចអ្វី?
១២ ការតំណាងព្រះនាមរបស់ព្រះដែលមានព្រះចេស្ដាបំផុត ជាឯកសិទ្ធិខ្ពង់ខ្ពស់រកប្រៀបផ្ទឹមពុំបានឡើយ។ ព្យាការីមីកាធ្លាប់ប្រាប់ថា៖ «ទោះបើអស់ទាំងសាសន៍ប្រព្រឹត្តតាមឈ្មោះរបស់ព្រះនៃគេរៀងខ្លួន គង់តែយើងរាល់គ្នានឹងប្រព្រឹត្តតាមព្រះនាមនៃព្រះយេហូវ៉ា ជាព្រះនៃយើង ជាដរាបរៀងតទៅវិញ»។ (មីកា ៤:៥) យ៉ាងណាក៏ដោយ ឯកសិទ្ធិនោះក៏រួមមានភារកិច្ចមួយផងដែរ ពោលគឺយើងត្រូវព្យាយាមមានរបៀបរស់នៅដែលលើកកិត្ដិយសថ្វាយព្រះនាមព្រះ។ ដូចប៉ុលបានរំឭកបណ្ដាគ្រីស្ទាននៅទីក្រុងរ៉ូមនោះ ព្រះនាមរបស់ព្រះនឹងត្រូវ«ប្រមាថ»ឬបង្អាប់ ប្រសិនបើយើងមិនធ្វើតាមអ្វីដែលយើងផ្សព្វផ្សាយ។—រ៉ូម ២:២១-២៤
១៣. ហេតុអ្វីអ្នកបម្រើរបស់ព្រះយេហូវ៉ាដែលបានថ្វាយខ្លួន មានភារកិច្ចធ្វើបន្ទាល់អំពីព្រះរបស់ពួកគេ?
១៣ នៅពេលដែលមនុស្សម្នាក់ទៅជាស្មរបន្ទាល់ព្រះយេហូវ៉ា គាត់ក៏ទទួលភារកិច្ចមួយទៀត គឺគាត់ត្រូវធ្វើបន្ទាល់អំពីព្រះរបស់គាត់។ សាសន៍អ៊ីស្រាអែលដែលបានថ្វាយខ្លួនចំពោះព្រះ ធ្លាប់ត្រូវអញ្ជើញដោយព្រះយេហូវ៉ា ឲ្យធ្វើបន្ទាល់ជាសាក្សីដើម្បីបញ្ជាក់ថាទ្រង់ជាព្រះពិត។ (អេសាយ ៤៣:១០-១២, ២១) ប៉ុន្តែសាសន៍អ៊ីស្រាអែលមិនបានបំពេញភារកិច្ចនេះ ហើយនៅទីបំផុតព្រះយេហូវ៉ាលែងទទួលស្គាល់ពួកគេ។ សព្វថ្ងៃនេះ គ្រីស្ទានពិតមានមោទនភាព ដោយសារមានឯកសិទ្ធិធ្វើបន្ទាល់អំពីព្រះយេហូវ៉ា។ យើងធ្វើបន្ទាល់ ដោយសារយើងស្រឡាញ់ទ្រង់ ហើយមានសេចក្ដីប៉ងប្រាថ្នាធ្វើឲ្យព្រះនាមរបស់ទ្រង់បានបរិសុទ្ធ។ យើងស្គាល់សេចក្ដីពិតអំពីព្រះវរបិតារបស់យើងនៅស្ថានសួគ៌និងគោលបំណងរបស់ទ្រង់ តើយើងអាចនៅស្ងៀមយ៉ាងដូចម្ដេចបាន? យើងមានអារម្មណ៍ដូចសាវ័កប៉ុលដែរ ពេលគាត់សរសេរថា៖ «ខ្ញុំជាប់ក្នុងសេចក្ដីបង្ខំ បើខ្ញុំមិនផ្សាយដំណឹងល្អវិញ នោះវរដល់ខ្ញុំហើយ!»។—កូរិនថូសទី១ ៩:១៦
១៤, ១៥. (ក) តើអង្គការរបស់ព្រះយេហូវ៉ាមានតួនាទីអ្វីក្នុងការជួយឲ្យយើងរីកចម្រើនខាងវិញ្ញាណ? (ខ) តើមានសំវិធានការអ្វីខ្លះដែលជួយឲ្យយើងរីកចម្រើនខាងវិញ្ញាណ?
១៤ សំណួរទីពីរសម្រាប់អ្នកទទួលបុណ្យជ្រមុជទឹក ជួយរំឭកអំពីភារកិច្ចចុះចូលចំពោះអង្គការរបស់ព្រះយេហូវ៉ា ដែលទ្រង់ដឹកនាំដោយវិញ្ញាណបរិសុទ្ធ។ យើងមិនបម្រើព្រះយេហូវ៉ាដោយម្នាក់ឯងទេ ហើយយើងត្រូវការជំនួយ ការគាំទ្រ និងការលើកទឹកចិត្តដែលមកពី«បងប្អូន[«ទាំងឡាយ»]»។ (ពេត្រុសទី១ ២:១៧; ព.ថ.; កូរិនថូសទី១ ១២:១២, ១៣) អង្គការរបស់ព្រះរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយឲ្យយើងរីកចម្រើនខាងវិញ្ញាណ។ អង្គការរបស់ទ្រង់ផ្ដល់សៀវភៅជាច្រើនអំពីព្រះគម្ពីរ ដែលជួយឲ្យយើងរីកចម្រើនខាងចំណេះពិត ប្រព្រឹត្តដោយប្រាជ្ញាពេលប្រឈមមុខនឹងបញ្ហា ហើយបង្កើតឲ្យមានភាពជិតស្និទ្ធជាមួយនឹងព្រះ។ ដូចម្ដាយមួយរូបដែលថែរក្សាកូននិងរៀបចំអាហារល្អៗឲ្យបរិភោគឆ្អែតនោះ ‹អ្នកបម្រើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›ក៏ផ្ដល់អាហារខាងវិញ្ញាណជាបរិបូរតាមត្រូវពេល ដើម្បីជួយឲ្យយើងអាចរីកចម្រើនខាងវិញ្ញាណ។—ម៉ាថាយ ២៤:៤៥-៤៧; ថែស្សាឡូនីចទី១ ២:៧, ៨
១៥ នៅកិច្ចប្រជុំប្រចាំសប្ដាហ៍ រាស្ត្រព្រះយេហូវ៉ាទទួលការបង្ហាត់បង្រៀននិងការលើកទឹកចិត្ត ដើម្បីធ្វើជាស្មរបន្ទាល់ព្រះយេហូវ៉ាដ៏ស្មោះត្រង់។ (ហេព្រើរ ១០:២៤, ២៥) សាលាកិច្ចបម្រើព្រះធិបតេយ្យបង្រៀនឲ្យយើងចេះថ្លែងនៅមុខមនុស្សជាច្រើន ហើយប្រជុំអប់រំកិច្ចបម្រើបង្រៀនឲ្យយើងមានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយ។ នៅឯកិច្ចប្រជុំ និងពេលដែលយើងសិក្សាសៀវភៅអំពីព្រះគម្ពីរដោយខ្លួនឯង យើងអាចឃើញថាវិញ្ញាណរបស់ព្រះកំពុងតែដឹកនាំអង្គការរបស់ទ្រង់។ តាមរយៈសំវិធានការដែលយើងទទួលជាទៀងទាត់ទាំងនោះ ព្រះព្រមានយើងអំពីគ្រោះថ្នាក់ផ្សេងៗ បង្រៀនយើងឲ្យមានប្រសិទ្ធភាពជាអ្នកផ្សព្វផ្សាយ ហើយជួយឲ្យយើងចាំយាមខាងវិញ្ញាណ។—ទំនុកដំកើង ១៩:៧, ៨, ១១; ថែស្សាឡូនីចទី១ ៥:៦, ១១; ធីម៉ូថេទី១ ៤:១៣
អ្វីដែលជំរុញឲ្យសម្រេចចិត្តទទួលបុណ្យជ្រមុជទឹក
១៦. តើអ្វីជំរុញឲ្យយើងឧទ្ទិសថ្វាយខ្លួនចំពោះព្រះយេហូវ៉ា?
១៦ សំណួរទាំងពីរសម្រាប់បុណ្យជ្រមុជទឹក រំឭកយើងអំពីអត្ថន័យនៃពិធីជ្រមុជទឹកនិងភារកិច្ចរបស់ខ្លួន។ បើដូច្នេះ តើអ្វីគួរជំរុញចិត្តយើងឲ្យសម្រេចចិត្តទទួលបុណ្យជ្រមុជទឹក? យើងបានទទួលបុណ្យជ្រមុជទឹកជាសិស្សព្រះយេស៊ូដោយសារព្រះយេហូវ៉ា«ទាញនាំ»យើង មិនមែនដោយសារមានគេបង្ខំយើងទេ។ (យ៉ូហាន ៦:៤៤) ដោយសារ«ព្រះទ្រង់ជាសេចក្ដីស្រឡាញ់» ទ្រង់គ្រប់គ្រងសកលលោកដោយបង្ហាញសេចក្ដីស្រឡាញ់ មិនមែនដោយបង្ខិតបង្ខំទេ។ (យ៉ូហានទី១ ៤:៨) គុណសម្បត្ដិរបស់ព្រះយេហូវ៉ានិងរបៀបទ្រង់ប្រព្រឹត្តចំពោះយើង ទាញនាំយើងឲ្យចូលទៅជិតទ្រង់។ ព្រះយេហូវ៉ាបានប្រទានព្រះរាជបុត្រាតែមួយសម្រាប់យើង ហើយទ្រង់ផ្ដល់លទ្ធភាពឲ្យយើងមានអនាគតល្អបំផុត។ (យ៉ូហាន ៣:១៦) ជាលទ្ធផល នោះជំរុញឲ្យយើងឧទ្ទិសថ្វាយជីវិតចំពោះទ្រង់។—សុភាសិត ៣:៩; កូរិនថូសទី២ ៥:១៤, ១៥
១៧. ពេលដែលយើងថ្វាយខ្លួន តើមិនដើម្បីអ្វី?
១៧ យើងថ្វាយខ្លួនចំពោះព្រះយេហូវ៉ាអង្គទ្រង់ផ្ទាល់ មិនមែនថ្វាយខ្លួនដើម្បីបម្រើបុព្វហេតុណាមួយឬបំពេញកិច្ចការណាមួយឡើយ។ កិច្ចការដែលព្រះមានសម្រាប់រាស្ត្រទ្រង់នឹងផ្លាស់ប្ដូរ ក៏ប៉ុន្តែការថ្វាយខ្លួនមិនដែលផ្លាស់ប្ដូរទេ។ ជាឧទាហរណ៍ អ្វីដែលព្រះបង្គាប់ឲ្យអ័ប្រាហាំធ្វើនិងអ្វីដែលទ្រង់បង្គាប់ឲ្យយេរេមាធ្វើគឺខុសគ្នាឆ្ងាយណាស់។ (លោកុប្បត្តិ ១៣:១៧, ១៨; យេរេមា ១:៦, ៧) ក៏ប៉ុន្តែពួកគាត់ទាំងពីរនាក់បានបំពេញការងារដែលព្រះកំណត់ឲ្យ ដោយសារពួកគាត់ស្រឡាញ់ទ្រង់ហើយចង់ធ្វើតាមព្រះហឫទ័យទ្រង់យ៉ាងស្មោះត្រង់។ ក្នុងកំលុងគ្រាចុងបញ្ចប់នេះ អ្នកកាន់តាមព្រះគ្រីស្ទគ្រប់គ្នា ព្យាយាមបំពេញតាមបង្គាប់របស់ព្រះគ្រីស្ទដែលឲ្យផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្រ ហើយបញ្ចុះបញ្ចូលឲ្យមានសិស្ស។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) ការចូលរួមកិច្ចការនោះអស់ពីចិត្តជាវិធីល្អមួយ ដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះវរបិតារបស់យើងនៅស្ថានសួគ៌ ហើយបង្ហាញថាយើងបានថ្វាយខ្លួនចំពោះទ្រង់ដោយស្មោះ។—យ៉ូហានទី១ ៥:៣
១៨, ១៩. (ក) ពេលដែលយើងទទួលបុណ្យជ្រមុជទឹក តើយើងបង្ហាញអ្វីជាសាធារណៈ? (ខ) តើអ្វីនឹងត្រូវពន្យល់ក្នុងអត្ថបទបន្ទាប់?
១៨ បុណ្យជ្រមុជទឹកពិតជាបើកផ្លូវឲ្យទទួលពរជាច្រើនណាស់! ប៉ុន្តែបុណ្យជ្រមុជទឹកមិនមែនជារឿងស្រាលនោះទេ។ (លូកា ១៤:២៦-៣៣) បុណ្យជ្រមុជទឹកបញ្ជាក់នូវការតាំងចិត្តរបស់យើង ដែលត្រូវចាត់ទុកថាសំខាន់ជាងអ្វីៗផ្សេងទៀត។ (លូកា ៩:៦២) នៅពេលយើងទទួលបុណ្យជ្រមុជទឹក តាមពិតយើងកំពុងតែបង្ហាញជាសាធារណៈថា៖ «ព្រះនេះ ទ្រង់ជាព្រះនៃយើងខ្ញុំនៅអស់កល្បជានិច្ច ទ្រង់នឹងធ្វើជាអ្នកនាំមុខយើងខ្ញុំ ដរាបដល់អស់ជីវិតផង»។—ទំនុកដំកើង ៤៨:១៤
១៩ អត្ថបទបន្ទាប់នឹងប្រាប់ចម្លើយចំពោះសំណួរផ្សេងទៀត ដែលប្រហែលជាចោទឡើងទាក់ទងនឹងបុណ្យជ្រមុជទឹក។ តើមានមូលហេតុត្រឹមត្រូវដែលបុគ្គលម្នាក់ប្រហែលជាមិនទទួលបុណ្យជ្រមុជទឹកទេ? តើគួរគិតពីអាយុផងដែរឬទេ? តើយើងទាំងអស់គ្នាអាចជួយឲ្យពិធីជ្រមុជទឹកប្រកបដោយភាពថ្លៃថ្នូរយ៉ាងដូចម្ដេច?
តើអ្នកអាចពន្យល់បានទេ?
• ហេតុអ្វីគ្រីស្ទានម្នាក់ៗត្រូវប្រែចិត្តមុនដែលទទួលបុណ្យជ្រមុជទឹក?
• តើការឧទ្ទិសថ្វាយខ្លួនចំពោះព្រះរួមបញ្ចូលអ្វី?
• តើឯកសិទ្ធិតំណាងព្រះនាមយេហូវ៉ារួមមានភារកិច្ចអ្វីខ្លះ?
• តើអ្វីគួរជំរុញឲ្យយើងសម្រេចចិត្តធ្វើបុណ្យជ្រមុជទឹក?
[ប្រអប់/រូបភាពនៅទំព័រ១៩]
សំណួរពីរយ៉ាងដែលត្រូវសួរនៅឯពិធីជ្រមុជទឹក
ដោយមានមូលដ្ឋានលើយញ្ញបូជារបស់ព្រះយេស៊ូគ្រីស្ទ តើអ្នកបានប្រែចិត្តពីអំពើបាបរបស់អ្នក ហើយបានឧទ្ទិសថ្វាយខ្លួនចំពោះព្រះយេហូវ៉ាដើម្បីធ្វើតាមព្រះហឫទ័យរបស់ទ្រង់ឬទេ?
តើអ្នកយល់ថា ការឧទ្ទិសថ្វាយខ្លួននិងការទទួលបុណ្យជ្រមុជទឹកនឹងសម្គាល់អ្នកជាស្មរបន្ទាល់ព្រះយេហូវ៉ា ដែលរួមចំណែកនឹងអង្គការរបស់ព្រះដែលត្រូវដឹកនាំដោយព្រះវិញ្ញាណឬទេ?
[រូបភាពនៅទំព័រ២០]
យើងឧទ្ទិសថ្វាយខ្លួនដោយអធិស្ឋាន ទូលពាក្យសច្ចាចំពោះព្រះយេហូវ៉ា
[រូបភាពនៅទំព័រ២២]
ពេលយើងផ្សព្វផ្សាយ នោះបង្ហាញថាយើងបានឧទ្ទិសថ្វាយខ្លួនចំពោះព្រះ