ជំពូកទី៦២
មេរៀនសំខាន់មួយអំពីចិត្តរាបទាប
ម៉ាថាយ ១៧:២២–១៨:៥ ម៉ាកុស ៩:៣០-៣៧ លូកា ៩:៤៣-៤៨
លោកយេស៊ូប្រាប់ទុកជាមុនម្ដងទៀតអំពីមរណភាពរបស់លោក
លោកបង់ពន្ធដោយកាក់ពីមាត់ត្រី
តើអ្នកណាធំជាងគេក្នុងរាជាណាចក្រព្រះ?
ក្រោយពីលោកយេស៊ូបានផ្លាស់ប្រែលក្ខណៈក្រៅឲ្យសាវ័កខ្លះឃើញ ហើយបានបណ្ដេញវិញ្ញាណកំណាចចេញពីក្មេងប្រុសម្នាក់ក្នុងតំបន់សេសារៀភីលីព រួចមកលោកក៏ធ្វើដំណើរឆ្ពោះទៅក្រុងកាពើណិម។ លោកទៅក្រុងនោះជាមួយនឹងពួកអ្នកកាន់តាមលោកប៉ុណ្ណោះ ដើម្បីកុំឲ្យបណ្ដាជន«ដឹង»អំពីការធ្វើដំណើររបស់លោក។ (ម៉ាកុស ៩:៣០) ការធ្វើដូច្នេះនាំឲ្យលោកមានពេលច្រើនជាងដើម្បីជួយពួកអ្នកកាន់តាមឲ្យត្រៀមចិត្តទុកជាមុនចំពោះមរណភាពរបស់លោក និងដើម្បីជួយបង្ហាត់បង្រៀនពួកគាត់ឲ្យបំពេញភារកិច្ចនៅពេលក្រោយមក។ លោកបានពន្យល់ពួកគាត់ថា៖ «កូនមនុស្សនឹងត្រូវបញ្ជូនទៅក្នុងកណ្ដាប់ដៃមនុស្ស ហើយពួកគេនឹងសម្លាប់លោក រួចនៅថ្ងៃទីបីលោកនឹងត្រូវប្រោសឲ្យរស់ឡើងវិញ»។—ម៉ាថាយ ១៧:២២, ២៣
នេះជាលើកទី២ហើយដែលពួកអ្នកកាន់តាមឮលោកយេស៊ូមានប្រសាសន៍ដូច្នេះ ព្រោះកាលពីលើកមុនលោកក៏បានប្រាប់ដែរថាលោកនឹងត្រូវគេសម្លាប់ តែពេត្រុសមិនជឿថារឿងនេះនឹងកើតឡើងឡើយ។ (ម៉ាថាយ ១៦:២១, ២២) ម្យ៉ាងទៀត សាវ័កបីនាក់បានឃើញការផ្លាស់ប្រែលក្ខណៈក្រៅរបស់លោកយេស៊ូ និងបានឮការសន្ទនាអំពី«ការចាកចេញ»របស់លោក។ (លូកា ៩:៣១) ឥឡូវពេលឮលោកមានប្រសាសន៍ដូច្នេះ អ្នកកាន់តាមលោក«កើតទុក្ខព្រួយជាខ្លាំង» ទោះជាពួកគាត់មិនយល់ច្បាស់អំពីប្រសាសន៍របស់លោកក៏ដោយ។ (ម៉ាថាយ ១៧:២៣) ក៏ប៉ុន្តែ ពួកគាត់ខ្លាចមិនហ៊ានសួរលោកថែមទៀតអំពីរឿងនោះទេ។
ក្រោយមកលោកយេស៊ូនិងពួកអ្នកកាន់តាមបានទៅដល់ក្រុងកាពើណិម ជាក្រុងដែលលោកធ្លាប់រស់នៅក្នុងអំឡុងកិច្ចបម្រើ ហើយក្រុងនោះក៏ជាស្រុករបស់ពួកសាវ័កខ្លះដែរ។ នៅទីនោះ ពួកបុរសដែលជាអ្នកយកពន្ធវិហារមកឯពេត្រុស ប្រហែលជាក្នុងបំណងចោទប្រកាន់លោកយេស៊ូថាជាអ្នកដែលមិនបង់ពន្ធ។ ពួកគេសួរថា៖ «តើគ្រូរបស់អ្នករាល់គ្នាមិនបង់ពន្ធវិហារទេឬ?»។—ម៉ាថាយ ១៧:២៤
ពេត្រុសឆ្លើយថា៖ «បង់»។ លោកយេស៊ូក៏បានជ្រាបអំពីអ្វីដែលបានកើតឡើង ដូច្នេះពេលដែលពួកគាត់ចូលទៅក្នុងផ្ទះ មុនដែលពេត្រុសលើករឿងនោះមកនិយាយ លោកមានប្រសាសន៍ទៅគាត់មុនថា៖ «ស៊ីម៉ូន តើអ្នកគិតដូចម្ដេច? តើស្តេចទាំងឡាយនៅផែនដីទទួលពន្ធគយនិងពន្ធដារពីអ្នកណា? ពីបុត្រារបស់លោក ឬពីអ្នកដទៃ?»។ នៅពេលពេត្រុសឆ្លើយថា៖ «ពីអ្នកដទៃ» នោះលោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «បើដូច្នេះ បុត្រារបស់លោកមិនចាំបាច់បង់ពន្ធទេ»។—ម៉ាថាយ ១៧:២៥, ២៦
បិតារបស់លោកយេស៊ូជាមហាក្សត្រលើសកលលោក ហើយជាព្រះដែលមនុស្សគោរពប្រណិប័តន៍នៅឯវិហារ។ ដូច្នេះ តាមច្បាប់មិនតម្រូវឲ្យបុត្ររបស់ព្រះបង់ពន្ធវិហារទេ។ ទោះជាយ៉ាងនោះក៏ដោយ លោកយេស៊ូមានប្រសាសន៍ថា៖ «ប៉ុន្តែ ដើម្បីកុំឲ្យយើងបណ្ដាលឲ្យពួកគេជំពប់ដួល ចូរអ្នកទៅឯសមុទ្រ បោះសន្ទូចយកត្រីដែលជាប់មុនគេ រួចបើកមាត់វា។ នោះអ្នកនឹងឃើញកាក់ស្ទេតា។ ចូរយកកាក់នោះទៅឲ្យពួកគេសម្រាប់ខ្ញុំនឹងអ្នកដែរ»។—ម៉ាថាយ ១៧:២៧
មិនយូរក្រោយមកពួកអ្នកកាន់តាមបានជួបជុំគ្នា ហើយពួកគាត់បានសួរលោកយេស៊ូអំពីអ្នកណាដែលនឹងធំជាងគេក្នុងរាជាណាចក្រព្រះ។ មុននោះបន្ដិច ពួកគាត់មិនហ៊ានសួរលោកអំពីមរណភាពរបស់លោកទេ។ ប៉ុន្តែឥឡូវ ពួកគាត់ហ៊ានចូលទៅជិតលោកដើម្បីសួរអំពីអនាគតរបស់ពួកគាត់។ លោកយេស៊ូជ្រាបអំពីរឿងដែលពួកគាត់កំពុងគិត។ នោះគឺជារឿងដែលពួកគាត់បានប្រកែកគ្នាកាលដែលធ្វើដំណើរពីក្រោយលោកចូលទៅក្នុងក្រុងកាពើណិម។ ដូច្នេះ លោកសួរពួកគាត់ថា៖ «តើនៅតាមផ្លូវអ្នករាល់គ្នាបានប្រកែកគ្នាអំពីរឿងអ្វី?»។ (ម៉ាកុស ៩:៣៣) ប៉ុន្តែ ពួកអ្នកកាន់តាមនៅស្ងៀមដោយអៀនខ្មាស ពីព្រោះពួកគាត់បានប្រកែកគ្នាអំពីអ្នកណាធំជាងគេក្នុងចំណោមពួកគាត់។ ទីបំផុត ពួកសាវ័កប្រាប់លោកយេស៊ូអំពីរឿងដែលពួកគាត់ទើបតែបានប្រកែកគ្នា ដោយសួរលោកថា៖ «តើអ្នកណាធំជាងគេក្នុងរាជាណាចក្រស្ថានសួគ៌?»។—ម៉ាថាយ ១៨:១
មើលទៅមិនគួរឲ្យជឿទេដែលពួកអ្នកកាន់តាមប្រកែកគ្នាអំពីរឿងដូចនោះ ពីព្រោះអស់ជិតបីឆ្នាំដែលពួកគាត់បាននៅជាមួយនឹងលោកយេស៊ូ ហើយក៏បានឮសេចក្ដីបង្រៀនរបស់លោកដែរ។ ទោះជាយ៉ាងនោះក៏ដោយ ពួកគាត់ជាមនុស្សមិនល្អឥតខ្ចោះ។ ម្យ៉ាងទៀត ពួកគាត់ធំឡើងក្នុងមជ្ឈដ្ឋានសាសនាដែលឲ្យតម្លៃយ៉ាងខ្លាំងទៅលើឋានៈនិងតំណែង។ បន្ថែមទៅទៀត ថ្មីៗនេះពេត្រុសបានឮលោកយេស៊ូសន្យាចំពោះគាត់ថានឹងឲ្យ«កូនសោ»រាជាណាចក្រដល់គាត់។ មើលទៅ នេះប្រហែលជាធ្វើឲ្យគាត់មានអារម្មណ៍ថាខ្លួនមានឋានៈធំជាងគេ។ ចំណែកឯយ៉ាកុប និងយ៉ូហានវិញក៏មានអារម្មណ៍ស្រដៀងនឹងពេត្រុសដែរ ដោយសារពួកគាត់បានឃើញដោយផ្ទាល់ភ្នែកនូវការផ្លាស់ប្រែលក្ខណៈក្រៅរបស់លោកយេស៊ូ។
មិនថាពួកគាត់មានចិត្តគំនិតបែបណាទេ លោកយេស៊ូបានលើកមេរៀនដ៏សំខាន់មួយដើម្បីកែតម្រង់ចិត្តគំនិតរបស់ពួកគាត់។ លោកបានហៅកូនក្មេងម្នាក់ឲ្យមកឈរនៅកណ្ដាលពួកគាត់ ហើយប្រាប់ពួកអ្នកកាន់តាមថា៖ «ប្រសិនបើអ្នករាល់គ្នាមិនកែខ្លួនឲ្យដូចជាកូនក្មេង នោះអ្នកនឹងមិនចូលទៅក្នុងរាជាណាចក្រស្ថានសួគ៌ឡើយ។ ដូច្នេះ អ្នកណាដែលបណ្ដុះឲ្យមានចិត្តរាបទាបដូចកូនក្មេងនេះ អ្នកនោះគឺធំជាងគេក្នុងរាជាណាចក្រស្ថានសួគ៌ ហើយអ្នកណាដែលទទួលស្វាគមន៍ក្មេងម្នាក់បែបនេះ ដោយសារឈ្មោះខ្ញុំ អ្នកនោះក៏ទទួលស្វាគមន៍ខ្ញុំដែរ»។—ម៉ាថាយ ១៨:៣-៥
នេះជាវិធីបង្រៀនដ៏អស្ចារ្យណាស់! លោកយេស៊ូមិនបានខឹងអ្នកកាន់តាមទេ ហើយលោកក៏មិនបានប្រាប់ថាពួកគាត់ជាមនុស្សលោភលន់ឬមានមហិច្ឆតាដែរ។ ផ្ទុយទៅវិញ លោកបានយកកូនក្មេងម្នាក់ដើម្បីលើកមេរៀនដ៏សំខាន់មួយ។ ជាធម្មតាកូនក្មេងគ្មានឋានៈឬតំណែងអ្វីឡើយ។ ដូច្នេះ លោកយេស៊ូបង្ហាញថាអ្នកកាន់តាមលោកត្រូវបណ្ដុះឲ្យមានទស្សនៈដូចនេះ។ បន្ទាប់មក លោកយេស៊ូបានបញ្ចប់មេរៀនសម្រាប់អ្នកកាន់តាមលោក ដោយមានប្រសាសន៍ថា៖ «អ្នកណាដែលកាន់ចរិយាជាអ្នកតូចជាងគេក្នុងចំណោមអ្នករាល់គ្នា អ្នកនោះគឺអ្នកធំ»។—លូកា ៩:៤៨