បង្រៀនដោយការយល់ធ្លុះនិងភាពបញ្ចុះបញ្ចូល
«ចិត្តរបស់មនុស្សប្រាជ្ញ នោះធ្វើឲ្យមាត់របស់ខ្លួនមានការយល់ធ្លុះ ហើយក៏បង្កើនឲ្យបបូរមាត់មានភាពបញ្ចុះបញ្ចូលផង។»—សុភាសិត ១៦:២៣, ព.ថ.
១. ហេតុអ្វីបានជាការបង្រៀនបន្ទូលរបស់ព្រះរួមបញ្ចូលអ្វីច្រើនជាងការផ្ដល់នូវពត៌មាន?
គោលបំណងរបស់យើងក្នុងនាមជាគ្រូបង្រៀននៃបន្ទូលរបស់ព្រះ មិនគ្រាន់តែដើម្បីបំភ្លឺគំនិតនៃពួកសិស្សរបស់យើងទេ ប៉ុន្តែចិត្តរបស់គេផងដែរ។ (អេភេសូរ ១:១៨) ដូច្នេះ ការបង្រៀនរួមបញ្ចូលអ្វីច្រើនជាងការឲ្យពត៌មាន។ សុភាសិត ១៦:២៣, ព.ថ. ប្រាប់ថា៖ «ចិត្តរបស់មនុស្សប្រាជ្ញ នោះធ្វើឲ្យមាត់របស់ខ្លួនមានការយល់ធ្លុះ ហើយក៏បង្កើនឲ្យបបូរមាត់មានភាពបញ្ចុះបញ្ចូលផង»។
២. (ក) តើពាក្យបញ្ចុះបញ្ចូលមានន័យអ្វី? (ខ) តើតាមរបៀបណាដែលជនគ្រីស្ទានទាំងអស់អាចទៅជាគ្រូបង្រៀនដែលមានភាពបញ្ចុះបញ្ចូល?
២ សាវ័កប៉ុលប្រាកដជាបានអនុវត្តគោលការណ៍នេះក្នុងកិច្ចការបង្រៀនរបស់គាត់។ នៅពេលគាត់នៅក្រុងកូរិនថូស «គាត់ក៏អធិប្បាយនៅក្នុងសាលាប្រជុំរាល់តែថ្ងៃឈប់សំរាក ព្រមទាំងបញ្ចុះបញ្ចូលពួកសាសន៍យូដា នឹងសាសន៍ក្រេកឲ្យជឿផង»។ (កិច្ចការ ១៨:៤) យោងទៅតាមអ្នកចេះដឹងម្នាក់ ពាក្យក្រិកនោះដែលបានត្រូវបកប្រែជា «បញ្ចុះបញ្ចូល» មានន័យថា «ការនាំឲ្យផ្លាស់ប្រែគំនិតដោយមានអានុភាពពីការគិតពីហេតុផលឬសីលធម៌»។ តាមរយៈអំណះអំណាងដែលនាំឲ្យជឿ ប៉ុលបានមានសមត្ថភាពជំរុញមនុស្សឲ្យកែប្រែគំនិតផ្ទាល់របស់គេ។ សមត្ថភាពបញ្ជាក់ហេតុផលរបស់គាត់ គឺខ្លាំងដល់ម្ល៉េះ ដែលសត្រូវរបស់គាត់បានខ្លាចគាត់។ (កិច្ចការ ១៩:២៤-២៧) យ៉ាងណាក៏ដោយ ការបង្រៀនរបស់ប៉ុលនោះ មិនជាការបង្ហាញនូវសមត្ថភាពមនុស្សទេ។ គាត់បានប្រាប់ពួកកូរិនថូសថា៖ «ឯពាក្យសំដី នឹងវោហារអធិប្បាយរបស់ខ្ញុំ ក៏មិនមែនដោយពាក្យឧត្តុង្គឧត្តម ដែលពូកែបញ្ចុះបញ្ចូលនោះដែរ គឺដោយការសំដែងចេញជាព្រះវិញ្ញាណ នឹងព្រះចេស្ដាវិញទេតើ ដើម្បីកុំឲ្យសេចក្ដីជំនឿរបស់អ្នករាល់គ្នាបានតាំងនៅ ដោយប្រាជ្ញារបស់មនុស្សឡើយ គឺដោយព្រះចេស្ដានៃព្រះវិញ»។ (កូរិនថូសទី១ ២:៤, ៥) ដោយព្រោះពួកគ្រីស្ទានទាំងអស់មានជំនួយពីវិញ្ញាណបរិសុទ្ធរបស់ព្រះយេហូវ៉ា នោះគេអាចក្លាយទៅជាគ្រូបង្រៀនដែលមានភាពបញ្ចុះបញ្ចូល។ ក៏ប៉ុន្តែ គេអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? សូមឲ្យយើងមើលវិធីបង្រៀនខ្លះៗដែលមានប្រសិទ្ធិភាព។
ធ្វើជាអ្នកស្ដាប់ល្អ
៣. ហេតុអ្វីបានជាការយល់ធ្លុះគឺជាចាំបាច់ពេលដែលបង្រៀនអ្នកដទៃ ហើយតើយើងអាចមានអានុភាពលើចិត្តរបស់សិស្សព្រះគម្ពីររបស់យើងយ៉ាងដូចម្ដេច?
៣ វិធីបង្រៀនទីមួយមិនរួមបញ្ចូលការនិយាយទេ ក៏ប៉ុន្តែការស្ដាប់វិញ។ ដូចអ្វីដែលបានត្រូវរៀបរាប់ក្នុងសុភាសិត ១៦:២៣, ព.ថ. ដើម្បីមានភាពបញ្ចុះបញ្ចូលយើងត្រូវតែមានការយល់ធ្លុះ។ ព្រះយេស៊ូពិតជាបានមានការយល់ធ្លុះចំពោះមនុស្សដែលទ្រង់បង្រៀននោះ។ យ៉ូហាន ២:២៥ ប្រាប់ថា៖ «ទ្រង់ជ្រាបហើយ ពីសេចក្ដីដែលនៅក្នុងមនុស្សទាំងឡាយ»។ ក៏ប៉ុន្តែ តើតាមរបៀបណាដែលយើងអាចដឹងអ្វីដែលនៅក្នុងចិត្តរបស់ពួកអ្នកដែលយើងបង្រៀននោះ? វិធីមួយគឺដោយការស្ដាប់យ៉ាងល្អ។ យ៉ាកុប ១:១៩ប្រាប់ថា «ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្ដាប់ ក្រនឹងនិយាយ»។ គឺជាពិតមែនដែលមនុស្សទាំងអស់មិនឆាប់នឹងប្រាប់គំនិតរបស់គេទេ។ ពេលដែលសិស្សព្រះគម្ពីររបស់យើងជឿនូវការចាប់អារម្មណ៍ដ៏ស្មោះរបស់យើង ប្រហែលជាគេនឹងមានអារម្មណ៍ខ្លាំងជាងឲ្យប្រាប់អារម្មណ៍ពិតប្រាកដរបស់គេ។ ជាញយៗ សំនួរដ៏សប្បុរសនិងចេញពីការយល់ដឹង អាចជួយមានអានុភាពលើចិត្តរបស់គេ និង‹ចេះស្រង់យកគំនិត›នូវការនិយាយបែបនេះ។—សុភាសិត ២០:៥
៤. ហេតុអ្វីពួកអ្នកចាស់ទុំគ្រីស្ទានត្រូវតែជាអ្នកដែលស្ដាប់យ៉ាងល្អ?
៤ ជាពិសេស គឺសំខាន់ដែលពួកអ្នកចាស់ទុំគ្រីស្ទានជាអ្នកដ៏ស្ដាប់យ៉ាងល្អ។ នៅត្រង់នេះដែលគេពិតជានឹង«ដឹងជាបែបយ៉ាងណា ដែលគួរឆ្លើយដល់មនុស្សនិមួយៗ»។ (កូល៉ុស ៤:៦) សុភាសិត ១៨:១៣ ព្រមានថា៖ «អ្នកណាដែលឆ្លើយមុនដែលបានស្ដាប់រឿង នោះរាប់ជាចំកួតហើយ ក៏ជាសេចក្ដីខ្មាសដល់ខ្លួនផង»។ បងប្រុសពីរនាក់បានជូនឱវាទឲ្យបងស្រីម្នាក់ពីការមានអាកប្បកិរិយាដូចលោកីយ៍ ដោយព្រោះគាត់បានខានមកប្រជុំខ្លះៗ។ បងស្រីបានឈឺចិត្តយ៉ាងខ្លាំង ពីព្រោះគេមិនបានសួរគាត់ពីមូលហេតុ ដែលគាត់មិនបានមកប្រជុំសោះ។ គាត់កំពុងតែជាសះស្បើយពីការវះកាត់នៅពេលថ្មីៗនោះ។ តើការស្ដាប់មុនពីយើងឲ្យឱវាទជាការសំខាន់យ៉ាងណាទៅហ្ន៎!
៥. តើពួកអ្នកចាស់ទុំអាចដោះស្រាយជំទាស់ ដែលកើតមានឡើងរវាងបងប្អូនយ៉ាងដូចម្ដេច?
៥ សំរាប់ពួកអ្នកចាស់ទុំ ជាញឹកញាប់ការបង្រៀនរួមបញ្ចូលការជូនឱវាទ។ ការស្ដាប់យ៉ាងល្អគឺជាសំខាន់ក្នុងរឿងនេះដែរ។ ការស្ដាប់គឺជាសំខាន់ជាពិសេសពេលដែលមានជំទាស់រវាងពួកគ្រីស្ទាន។ ក្រោយការស្ដាប់ហើយ ទើបតែពួកអ្នកចាស់ទុំអាចធ្វើតម្រាប់តាម «ព្រះវរបិតាដែលទ្រង់ជំនុំជំរះ . . . ឥតរើសមុខអ្នកណា»។ (ពេត្រុសទី១ ១:១៧) ជាញយៗ អារម្មណ៍របស់មនុស្សគឺខ្លាំង ហើយអ្នកចាស់ទុំម្នាក់គួរនឹកចាំពីឱវាទក្នុងសុភាសិត ១៨:១៧៖ «អ្នកណាដែលនិយាយមុនគេក្នុងការក្ដី នោះមើលទៅដូចជាត្រឹមត្រូវហើយ តែគូក្ដីរបស់អ្នកនោះមកបើកសម្ដែងឲ្យឃើញកំហុសវិញ»។ គ្រូដ៏ល្អម្នាក់នឹងស្ដាប់ទាំងពីរខាង។ ដោយការអធិស្ឋាន គាត់នឹងជួយបង្កើតបរិយាកាសដ៏ស្ងប់ស្រួល។ (យ៉ាកុប ៣:១៨) បើចិត្តពួកគេទៅជាក្ដៅក្រហាយ ប្រហែលជាគាត់នឹងជូនយោបល់ថាបងប្រុសនិមួយៗនោះនិយាយពីបញ្ហារបស់គេទៅកាន់គាត់ ជាជាងអ្នកជំទាស់ពីរនាក់នោះឈ្លោះគ្នា។ ដោយប្រើសំនួរដ៏សមរម្យ អ្នកចាស់ទុំម្នាក់ប្រហែលជាអាចបញ្ជាក់រឿងនោះដែលកំពុងតែត្រូវពិចារណា។ ក្នុងករណីច្រើន កង្វះខាងការនិយាយទាក់ទងគ្នា គឺជាដើមហេតុនៃជំទាស់ មិនមែនចិត្តសាហាវទេ។ ក៏ប៉ុន្តែ បើសិនជាគោលការណ៍ព្រះគម្ពីរបានត្រូវបំពាន គ្រូម្នាក់ដែលប្រកបដោយសេចក្ដីស្រឡាញ់អាចណែនាំដោយការយល់ធ្លុះ ពីព្រោះបានឮទាំងពីរខាង។
តម្លៃនៃភាពស្រួលបួល
៦. តើព្រះយេស៊ូនិងប៉ុលបានធ្វើជាគំរូល្អ ពីរឿងបង្រៀនឲ្យស្រួលយល់យ៉ាងដូចម្ដេច?
៦ ការបង្រៀនដោយភាពស្រួលបួលគឺជាការប៉ិនប្រសប់ខាងបង្រៀនមួយដ៏មានតម្លៃ។ ពិតមែន យើងចង់ឲ្យសិស្សព្រះគម្ពីរមានសមត្ថភាព «ដើម្បីឲ្យអាចនឹងយល់ ជាមួយនឹងពួកបរិសុទ្ធទាំងអស់គ្នា ពីទទឹងបណ្ដោយ ជំរៅ នឹងកំពស់» នៃសេចក្ដីពិត។ (អេភេសូរ ៣:១៨) លទ្ធិព្រះគម្ពីរខ្លះៗធ្វើឲ្យចាប់អារម្មណ៍ខ្លាំងហើយជាញឹកញយក៏អាចពិបាកយល់ដែរ។ (រ៉ូម ១១:៣៣) យ៉ាងណាក៏ដោយ នៅពេលសាវ័កប៉ុលបានផ្សព្វផ្សាយឲ្យពួកក្រិក គាត់បានបញ្ជាក់នូវសារដ៏ស្រួលយល់នៃ ‹ព្រះគ្រីស្ទដែលបានត្រូវព្យួរធ្វើគុតលើបង្គោល›។ (កូរិនថូសទី១ ២:១, ២) ស្រដៀងគ្នានឹងនេះ ព្រះយេស៊ូបានផ្សព្វផ្សាយតាមរបៀបមួយយ៉ាងច្បាស់លាស់ និងដ៏ទាក់ទាញចិត្តផង។ ទ្រង់បានប្រើពាក្យដ៏ស្រួលយល់ក្នុងធម្មទានរបស់ទ្រង់លើភ្នំ។ ក៏ប៉ុន្តែ នោះមានលទ្ធិពិតដ៏ជ្រៅបំផុត ដែលបានត្រូវបង្រៀន។—ម៉ាថាយ ជំពូក ៥-៧
៧. ពេលបង្រៀនព្រះគម្ពីរ តើយើងអាចបង្រៀនឲ្យស្រួលយល់យ៉ាងដូចម្ដេច?
៧ យើងអាចធ្វើដោយរបៀបស្រួលបួលដែរ ពេលយើងបង្រៀនក្នុងការសិក្សាព្រះគម្ពីរ។ តើយ៉ាងដូចម្ដេចដែលយើងអាចធ្វើដូច្នេះ? ដោយការបញ្ជាក់នូវ «សេចក្ដីដែលប្រសើរ»។ (ភីលីព ១:១០) ពេលពន្យល់ពីរឿងដ៏ជ្រៅ យើងគួរនិយាយដោយប្រើពាក្យសាមញ្ញ។ យើងគួរបញ្ជាក់នូវបទគម្ពីរសំខាន់ៗ ជាជាងខិតខំអានបទគម្ពីរទាំងអស់ដែលមានក្នុងសៀវភៅនោះ។ ចំណែកយើងវិញ នេះតម្រូវនូវការរៀបចំដ៏ល្អ។ យើងត្រូវតែជៀសវាងពីការប្រាប់ពត៌មានល្អិតល្អន់ច្រើនពេក ដោយមិនឲ្យខ្លួនយើងត្រូវបង្វែរដោយរឿងដែលមានសារៈសំខាន់តិចតួច។ បើសិនជាសិស្សម្នាក់មានសំនួរមួយដែលមិនទាក់ទងនឹងមេរៀននោះទេ យើងអាចជូនយោបល់តាមរបៀបគួរសមថារឿងនោះនឹងត្រូវពិគ្រោះបន្ទាប់ពីមេរៀននេះបានត្រូវរៀនចប់ហើយ។
ការប្រើសំនួរដោយប្រសិទ្ធិភាព
៨. តើតាមរបៀបណាដែលព្រះយេស៊ូបានប្រើសំនួរដោយប្រសិទ្ធិភាព?
៨ វិធីបង្រៀនមួយទៀតដែលមានប្រយោជន៍ គឺទាក់ទងការសួរសំនួរដោយប្រសិទ្ធិភាព។ ព្រះយេស៊ូធ្លាប់ប្រើសំនួរជាច្រើនក្នុងការបង្រៀនរបស់ទ្រង់។ ឧទាហរណ៍ ព្រះយេស៊ូបានសួរពេត្រុសថា៖ «នែ ស៊ីម៉ូន អ្នកគិតដូចម្ដេច តើអស់ទាំងស្តេចនៅផែនដីហូតសួយរៃ ឬពន្ធដារពីអ្នកណា ពីកូនចៅ ឬពីអ្នកដទៃ»? ពេលពេត្រុសឆ្លើយថា «ពីមនុស្សដទៃទេ» ទ្រង់បានមានបន្ទូលទៅគាត់ថា «ដូច្នេះ កូនចៅបានរួចហើយ»។ (ម៉ាថាយ ១៧:២៤-២៦) ជារាជបុត្រាតែមួយគត់របស់ព្រះដែលបានបង្កើតផ្ទាល់ដែលព្រះវរបិតារបស់ទ្រង់ ត្រូវគេថ្វាយបង្គំនៅឯព្រះវិហារ ព្រះយេស៊ូមិនមែនមានភារកិច្ចបង់ពន្ធវិហារទេ។ ក៏ប៉ុន្តែ ព្រះយេស៊ូមានបន្ទូលពន្យល់សេចក្ដីពិតនេះ តាមរយៈការប្រើសំនួរដោយប្រសិទ្ធិភាព។ ដូច្នេះ ព្រះយេស៊ូបានជួយពេត្រុសធ្វើការសន្និដ្ឋានដ៏ត្រឹមត្រូវ ដែលមានមូលដ្ឋានលើពត៌មានដែលគាត់មានហើយ។
៩. តើតាមរបៀបណាដែលយើងប្រហែលអាចប្រើសំនួរក្នុងកាលដែលសិក្សាព្រះគម្ពីរ?
៩ យើងអាចប្រើសំនួរដោយប្រសិទ្ធិភាពក្នុងកាលដែលសិក្សាព្រះគម្ពីរ។ បើសិនជាសិស្សម្នាក់ឆ្លើយខុស ប្រហែលនេះបង្កឲ្យមានចំណង់ប្រាប់ចម្លើយត្រឹមត្រូវ។ ក៏ប៉ុន្តែ តើគាត់ពិតជានឹងចាំពត៌មាននោះ? ធម្មតា គឺល្អជាងដើម្បីខិតខំនាំសិស្សទៅដល់ការសន្និដ្ឋានដ៏ត្រឹមត្រូវដោយប្រើការសួរសំនួរ។ ឧទាហរណ៍ បើសិនជាគាត់មានបញ្ហាក្នុងការយល់ពីមូលហេតុដែលគាត់គួរប្រើនាមរបស់ព្រះ ប្រហែលយើងអាចសួរថា ‹តើឈ្មោះរបស់អ្នកសំខាន់ចំពោះអ្នកទេ? . . . ហេតុអ្វី? . . . តើអ្នកនឹងមានអារម្មណ៍យ៉ាងណាបើសិនជាមនុស្សម្នាក់មិនព្រមប្រើឈ្មោះរបស់អ្នក? . . . តើជាសមហេតុសមផលទេ ដែលព្រះតម្រូវឲ្យយើងប្រើព្រះនាមរបស់ទ្រង់ផ្ទាល់នោះ›?
១០. តើពួកអ្នកចាស់ទុំអាចប្រើសំនួរក្នុងការជួយមនុស្សណាម្នាក់ដែលឈឺចិត្តយ៉ាងដូចម្ដេច?
១០ ពួកអ្នកចាស់ទុំអាចប្រើសំនួរដោយប្រសិទ្ធិភាពពេលណែនាំហ្វូងនោះ។ មនុស្សជាច្រើនក្នុងក្រុមជំនុំបានត្រូវបញ្ឈឺចិត្តនិងវាយប្រហារដោយលោកីយ៍របស់សាតាំង ហើយប្រហែលមានអារម្មណ៍ថាគេមិនស្អាតស្អំ ហើយគ្មានអ្នកណាអាចស្រឡាញ់គេទេ។ ប្រហែលអ្នកចាស់ទុំម្នាក់អាចនិយាយវែកញែកជាមួយមនុស្សម្នាក់បែបនេះថា៖ «ទោះបីអ្នកនិយាយថាអ្នកមានអារម្មណ៍សៅហ្មងក៏ដោយ តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះអ្នក? បើសិនជាព្រះវរបិតារបស់យើង បានអនុញ្ញាតឲ្យបុត្រារបស់ទ្រង់សោយទិវង្គត ដើម្បីផ្ដល់ឲ្យតម្លៃលោះមួយសំរាប់អ្នក តើនេះមិនមានន័យថាព្រះស្រឡាញ់អ្នកទេឬ›?—យ៉ូហាន ៣:១៦
១១. តើមានបំណងអ្វីដោយប្រើសំនួរត្រិះរិះ ហើយតើយើងអាចប្រើសំនួរបែបនេះក្នុងការនិយាយតាមសាធារណៈយ៉ាងដូចម្ដេច?
១១ សំនួរត្រិះរិះ គឺជាវិធីបង្រៀនមួយទៀតដែលមានប្រយោជន៍។ អ្នកស្ដាប់មិនតម្រូវឲ្យឆ្លើយឮនោះទេ ប៉ុន្តែត្រូវជួយដើម្បីឲ្យវែកញែកពីរឿងខ្លះៗ។ ពួកព្យាការីនៅសម័យបុរាណធ្លាប់ប្រើសំនួរបែបនេះជាញឹកញយ ដើម្បីឲ្យពួកអ្នកស្ដាប់របស់គេគិតយ៉ាងជ្រៅ។ (យេរេមា ១៨:១៤, ១៥) ព្រះយេស៊ូក៏បានប្រើសំនួរត្រិះរិះដោយប្រសិទ្ធិភាពដែរ។ (ម៉ាថាយ ១១:៧-១១) សំនួរបែបនេះមានប្រសិទ្ធិភាពជាពិសេសពេលនិយាយតាមសាធារណៈ។ ជាជាងប្រាប់ពួកអ្នកស្ដាប់ថាគេត្រូវតែស្មោះស្ម័គ្រ ដើម្បីផ្គាប់ព្រះហឫទ័យរបស់ព្រះយេហូវ៉ា ប្រហែលមានប្រសិទ្ធិភាពជាងបើសិនជាសួរថា ‹បើសិនជាយើងមិនស្មោះស្ម័គ្រក្នុងកិច្ចបំរើរបស់យើង តើព្រះយេហូវ៉ានឹងពេញព្រះហឫទ័យឬទេ›?
១២. តើការសួរសំនួរអំពីទស្សនៈរបស់គេមានប្រយោជន៍អ្វី?
១២ សំនួរអំពីទស្សនៈក៏មានប្រយោជន៍ដែរ ក្នុងការចង់ដឹងបើសិនជាសិស្សម្នាក់ពិតជាជឿអ្វីដែលគេកំពុងតែរៀននោះ។ (ម៉ាថាយ ១៦:១៣-១៦) ប្រហែលសិស្សម្នាក់ឆ្លើយត្រឹមត្រូវថា ការសហាយស្មន់គឺជាខុស។ ប៉ុន្តែ ប្រហែលអ្នកអាចសួរតទៅទៀតដោយប្រើសំនួរដូចជា៖ តើអ្នកផ្ទាល់មានអារម្មណ៍យ៉ាងណាអំពីខ្នាតតម្រាសីលធម៌របស់ព្រះ? តើអ្នកគិតថាខ្នាតតម្រានោះតឹងរឹងពេកទេ? តើអ្នកគិតថាដែលការធ្វើតាមឬក៏មិនធ្វើតាមខ្នាតតម្រារបស់ព្រះគឺជាសំខាន់យ៉ាងណា?
ពាក្យប្រៀបប្រដូចដែលជំរុញចិត្ត
១៣, ១៤. (ក) តើការប្រៀបប្រដូចមានន័យអ្វី? (ខ) ហេតុអ្វីបានជាពាក្យប្រៀបប្រដូចល្អគឺមានប្រសិទ្ធិភាព?
១៣ របៀបមួយទៀតដើម្បីជំរុញចិត្តរបស់អ្នកស្ដាប់និងសិស្សព្រះគម្ពីរ គឺជាការប្រើពាក្យប្រៀបប្រដូចដោយប្រសិទ្ធិភាព។ ពាក្យក្រិកដែលបានត្រូវបកប្រែជា «ពាក្យប្រៀបប្រដូច» មានន័យចំៗថា «ដាក់ទន្ទឹមគ្នាឬក៏ក្បែរ»។ ពេលអ្នកនិយាយប្រៀបប្រដូច នោះអ្នកពន្យល់អ្វីមួយដោយដាក់វាក្បែរអ្វីដែលគេស្គាល់ហើយ។ ឧទាហរណ៍ ព្រះយេស៊ូបានមានបន្ទូលសួរថា៖ «តើយើងនឹងធៀបនគរព្រះជាអ្វី ឬត្រូវយកពាក្យប្រៀបអ្វីមកប្រដូចនឹងនគរនោះ»? ដើម្បីឆ្លើយ ព្រះយេស៊ូបានរៀបរាប់អំពីគ្រាប់ពូជមួយប្រភេទដែលគេស្គាល់។—ម៉ាកុស ៤:៣០-៣២
១៤ ពួកព្យាការីរបស់ព្រះធ្លាប់ប្រើពាក្យប្រៀបប្រដូចខ្លាំងៗ។ នៅពេលពួកអាសស៊ើរបានអាងលើអំពើឃោរឃៅដែលគ្មានមេត្ដា អេសាយបានលាតត្រដាងអំនួតរបស់គេដោយពាក្យប្រៀបប្រដូចរបស់គាត់ថា៖ «ឯពូថៅ តើនឹងអួតខ្លួន ចំពោះអ្នកដែលប្រើវាឬអី តើរណារនឹងដំកើងខ្លួនចំពោះអ្នកដែលអារដែរឬ»? (អេសាយ ១០:១៥) ពេលបង្រៀនអ្នកដទៃ ព្រះយេស៊ូបានប្រើពាក្យប្រៀបប្រដូចជាច្រើន។ គឺបានត្រូវរៀបរាប់ថា៖ «ទ្រង់មិនបានមានបន្ទូលទៅគេ ដោយឥតពាក្យប្រៀបធៀបទេ»។ (ម៉ាកុស ៤:៣៤) ពាក្យប្រៀបប្រដូចដ៏ល្អគឺមានប្រសិទ្ធិភាព ពីព្រោះនោះរួមបញ្ចូលគំនិតនិងចិត្តផងដែរ។ គឺឲ្យពួកអ្នកស្ដាប់ទទួលពត៌មានថ្មី ដោយការប្រៀបធៀបនោះនឹងអ្វីដែលគេស្គាល់ហើយ។
១៥, ១៦. តើការអ្វីដែលនឹងធ្វើឲ្យពាក្យប្រៀបប្រដូចមានប្រសិទ្ធិភាពច្រើនបំផុត? សូមប្រាប់ឧទាហរណ៍ខ្លះៗ។
១៥ តើតាមរៀបណាដែលយើងអាចប្រើពាក្យប្រៀបប្រដូចដែលពិតជាជំរុញទឹកចិត្ត? មុនបង្អស់ ពាក្យប្រៀបប្រដូចត្រូវតែជាអ្វីដែលអាចយល់បាន។ បើសិនជាការប្រៀបធៀបនោះគឺជាមិនមែនសម នោះពាក្យប្រៀបប្រដូចនោះនឹងធ្វើការបង្វែរជាជាងការបំភ្លឺឲ្យអ្នកស្ដាប់។ មានអ្នកថ្លែងម្នាក់ដែលមានចេតនាល្អ ដែលបានខិតខំពន្យល់ពីភាពចុះចូលនៃពួកអ្នកចាក់ប្រេងតាំងចំពោះព្រះយេស៊ូ ដោយការប្រៀបធៀបពួកគេនឹងសត្វឆ្កែចិញ្ចឹមមួយដ៏ស្មោះត្រង់។ ក៏ប៉ុន្តែ តើការប្រៀបធៀបដ៏ធ្វើឲ្យអបកិត្ដិយសពិតជាសមទេ? ព្រះគម្ពីរពន្យល់គំនិតដដែលតាមរបៀបមួយដ៏ទាក់ទាញចិត្តហើយដ៏ថ្លៃថ្នូរ។ គឺប្រៀបធៀបអ្នកចាក់ប្រេងតាំង១៤៤.០០០នាក់ដែលតាមព្រះយេស៊ូជា «ប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្ដី»?—វិវរណៈ ២១:២
១៦ ពាក្យប្រៀបប្រដូចមានប្រសិទ្ធិភាពច្រើនបំផុត នៅពេលទាក់ទងនឹងជីវិតមនុស្ស។ ពាក្យប្រៀបប្រដូចនៃណាថាន់អំពីកូនចៀមដែលបានត្រូវគេសម្លាប់ ពិតជាមានអានុភាពលើចិត្តនៃស្តេចដាវីឌពីព្រោះទ្រង់ស្រឡាញ់ចៀម ដោយទ្រង់ធ្លាប់ធ្វើជាអ្នកឃ្វាលចៀមពេលទ្រង់មានព្រះជន្មក្មេង។ (សាំយូអែលទី១ ១៦:១១-១៣; សាំយូអែលទី២ ១២:១-៧) បើពាក្យប្រៀបប្រដូចនោះបានស្តីពីគោឈ្មោលមួយ ប្រហែលវានឹងខ្វះខាតប្រសិទ្ធិភាពហើយ។ តាមរបៀបស្រដៀងគ្នាដែរ ពាក្យប្រៀបប្រដូចដែលស្តីពីព្រឹត្ដិការណ៍វិទ្យាសាស្ត្រ ឬក៏ព្រឹត្ដិការណ៍ដ៏ស្រពិចស្រពិលពីប្រវត្ដិសាស្ត្រ ប្រហែលនិងមានសារៈសំខាន់តែបន្ដិចទេចំពោះពួកអ្នកស្ដាប់របស់យើង។ ព្រះយេស៊ូបានយកពាក្យប្រៀបប្រដូចរបស់ទ្រង់មកពីអ្វីក្នុងជីវិតប្រចាំថ្ងៃ។ ទ្រង់បានមានបន្ទូលអំពីអ្វីធម្មតាដូចជាចង្កៀង សត្វស្លាបនៅអវកាស និងផ្កានៅវាលស្រែ។ (ម៉ាថាយ ៦:២៦, ២៨) ពួកអ្នកស្ដាប់របស់ព្រះយេស៊ូអាចស្ដាប់យល់យ៉ាងស្រួលនូវរឿងបែបនោះ។
១៧. (ក) តើយើងអាចនិយាយស្តីបានពីអ្វីខ្លះក្នុងពាក្យប្រៀបប្រដូចរបស់យើង? (ខ) តើតាមរបៀបណាដែលយើងអាចប្រើពាក្យប្រៀបប្រដូចក្នុងសៀវភៅ ដើម្បីស្របតាមកាលៈទេសៈនៃសិស្សរបស់យើង?
១៧ ក្នុងកិច្ចបំរើរបស់យើង យើងមានឱកាសជាច្រើនដើម្បីប្រើពាក្យប្រៀបប្រដូចដែលមានប្រសិទ្ធិភាព។ ចូរសង្កេតមើលចុះ។ (កិច្ចការ ១៧:២២, ២៣) ប្រហែលពាក្យអាចប្រើប្រដូចស្តីពីពួកកូនរបស់អ្នកស្ដាប់ ផ្ទះ មុខងារ ឬក៏ការកំសាន្តរបស់គេ។ ឬក៏ យើងអាចប្រើអ្វីយើងស្គាល់ពីសិស្សព្រះគម្ពីរដើម្បីលំអពាក្យប្រៀបប្រដូចដែលបានត្រូវផ្ដល់ឲ្យយើងហើយក្នុងសៀវភៅសិក្សា។ សំរាប់ឧទាហរណ៍សូមគិតពីពាក្យប្រៀបប្រដូចក្នុង វគ្គ១៤ នៃជំពូក៨ ក្នុងសៀវភៅ ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ នោះស្តីពីឪពុកម្នាក់ដែលប្រកបដោយសេចក្ដីស្រឡាញ់ ដែលបានត្រូវអ្នកជិតខាងនិយាយបង្កាច់គាត់។ យើងអាចទទួលប្រយោជន៍ពីការគិតពីរបៀបដែលយើងអាចប្ដូរពាក្យប្រៀបប្រដូចនេះ ដើម្បីស្របតាមកាលៈទេសៈនៃសិស្សព្រះគម្ពីរដែលជាឪពុកឬម្ដាយម្នាក់។
ការអានបទគម្ពីរដោយការប៉ិនប្រសប់
១៨. ហេតុអ្វីបានជាយើងគួរខំប្រឹងទៅជាអ្នកដែលអានយ៉ាងស្ទាត់?
១៨ ប៉ុលបានដាស់តឿនថា៖ «ចូរឧស្សាហ៍មើលគម្ពីរ ហើយទូន្មាន នឹងបង្រៀនគេ»។ (ធីម៉ូថេទី១ ៤:១៣) ដោយព្រោះព្រះគម្ពីរជាគ្រឹះនៃសេចក្ដីបង្រៀនរបស់យើង គឺមានប្រយោជន៍ដែលយើងអាចអាននោះយ៉ាងស្ទាត់។ ពួកលេវីមានឯកសិទ្ធិអានក្រិត្យវិន័យម៉ូសេឲ្យរាស្ត្ររបស់ព្រះយេហូវ៉ា។ តើគេបានអានតាមរបៀបរដិបរដុប ឬដោយគ្មានចំណាប់អារម្មណ៍និងសម្លេងស្មើឬទេ? អត់ទេ។ នៅនេហេមា ៨:៨ ព្រះគម្ពីរចែងថា៖ «ពួកអ្នកទាំងនោះបានអានមើលក្នុងគម្ពីរក្រិត្យវិន័យរបស់ព្រះ ព្រមទាំងស្រាយន័យសេចក្ដី ឲ្យគេបានយល់បទដែលអានមើលនោះ»។
១៩. តើយើងអាចធ្វើឲ្យការអានបទគម្ពីររបស់យើងកាន់តែប្រសើរតាមវិធីណា?
១៩ បុរសគ្រីស្ទានខ្លះដែលនិយាយយ៉ាងស្ទាត់ តែមានគុណវិបត្ដិចំពោះរឿងអាន។ តើតាមរបៀបណាដែលគេអាចបង្កើនសមត្ថភាព? ដោយសារការហាត់។ ត្រូវហើយ ដោយការអានឲ្យឮម្ដងហើយម្ដងទៀត ទាល់តែគេអាចអានបានយ៉ាងស្ទាត់។ បើសិនជាមានកាសែតព្រះគម្ពីរជាភាសារបស់អ្នក គឺជាប្រាជ្ញាបើសិនជាអ្នកស្ដាប់ការសង្កត់សម្លេងនិងការប្ដូរតង់ ព្រមទាំងកត់សម្គាល់នូវរបៀបដែលឈ្មោះនិងពាក្យប្លែកៗត្រូវគេអាន។ អ្នកដែលមានព្រះគម្ពីរ ការបកប្រែពិភពលោកថ្មី ក្នុងភាសារបស់គេអាចប្រើជំនួយសំរាប់ការបញ្ចេញសម្លេងក្នុងនោះ។a ដោយការហាត់ សូម្បីតែឈ្មោះដូចជា ម៉ាហេ-សាឡាល-ហាសបាស អាចត្រូវអានយ៉ាងស្រួល។—អេសាយ ៨:១
២០. តើយ៉ាងដូចម្ដេចដែលយើងអាច ‹ប្រុងប្រយ័ត្ននឹងសេចក្ដីបង្រៀនរបស់យើង›?
២០ ជារាស្ត្ររបស់ព្រះយេហូវ៉ា តើជាឯកសិទ្ធិល្អយ៉ាងណាទៅហ្ន៎ ដែលយើងត្រូវទ្រង់ប្រើយើងជាគ្រូបង្រៀន! ដូច្នេះ ចូរឲ្យយើងរាប់ឯកសិទ្ធិនោះជាភារកិច្ចធ្ងន់ធ្ងរ។ សូមឲ្យយើង‹ប្រុងប្រយ័ត្ននឹងខ្លួនយើង ហើយនឹងសេចក្ដីបង្រៀនរបស់យើង›។ (ធីម៉ូថេទី១ ៤:១៦) យើងធ្វើជាគ្រូល្អដោយការស្ដាប់យ៉ាងល្អ និយាយស្រួល សួរសំនួរដែលបង្ហាញការយល់ធ្លុះ ប្រើពាក្យប្រៀបប្រដូចដ៏មានប្រសិទ្ធិភាព ហើយនិងដោយការអានបទគម្ពីរដោយការប៉ិនប្រសប់។ សូមឲ្យយើងទាំងអស់គ្នាទទួលប្រយោជន៍ពីការហ្វឹកហ្វឺនដែលត្រូវផ្ដល់ឲ្យពីអង្គការរបស់ព្រះយេហូវ៉ា ដ្បិតនេះអាចជួយយើងមាន «វោហារ ដូចជាអ្នកដែលបានរៀនសូត្រហើយ»។ (អេសាយ ៥០:៤) ដោយការឆ្លៀតប្រើឲ្យអស់នូវប្រយោជន៍ពីឧបករណ៍ដែលបានត្រូវផ្ដល់សំរាប់កិច្ចបំរើរបស់យើង រួមបញ្ចូលសៀវភៅស្តើង កាសែតស្ដាប់ និងកាសែតវីឌីអូ យើងអាចរៀនដើម្បីបង្រៀនគេដោយការយល់ធ្លុះនិងភាពបញ្ចុះបញ្ចូលផង។
[កំណត់សម្គាល់]
a ឈ្មោះត្រឹមត្រូវបានត្រូវបំបែកជាព្យាង្គ។ ព្យាង្គនិមួយៗបានត្រូវបំបែកដោយចុចមួយឬក្បៀស។ ការសង្កត់គឺលើព្យាង្គដែលមានក្បៀស។ បើសិនជាពាក្យនោះមានស្រះជាអក្សរនៅខាងចុង នោះស្រះនោះមានសម្លេងវែង។ បើសិនជាព្យាង្គនោះមានព្យញ្ជនៈនៅចុង នោះស្រះមានសម្លេងខ្លី។
តើអ្នកចាំទេ?
◻ តើតាមរបៀបណាដែលការធ្វើជាអ្នកដែលស្ដាប់បានល្អ អាចជួយយើងក្នុងការបង្រៀនរបស់យើង?
◻ តើយ៉ាងដូចម្ដេចដែលយើងអាចធ្វើតម្រាប់តាមប៉ុលនិងព្រះយេស៊ូ ក្នុងការបង្រៀនតាមរបៀបមិនស្មុគស្មាញ?
◻ តើសំនួរបែបណាដែលយើងអាចប្រើក្នុងការបង្រៀនអ្នកឯទៀត?
◻ តើពាក្យប្រៀបប្រដូចបែបណាដែលមានប្រសិទ្ធិភាពច្រើនបំផុត?
◻ តើតាមរបៀបណាដែលយើងអាចបង្កើនភាពប៉ិនប្រសប់របស់យើង ជាអ្នកអានសាធារណៈ?
[រូបភាពនៅទំព័រ៣១]
ព្រះយេស៊ូបានប្រើជីវិតប្រចាំថ្ងៃដើម្បីជាមូលដ្ឋាននៃពាក្យប្រៀបប្រដូចរបស់ទ្រង់