«សេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាគឺជិតដល់ហើយ»!
«ចូរឈរឲ្យត្រង់ខ្លួនហើយងើបមុខឡើង ព្រោះសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាគឺជិតដល់ហើយ»។—លូកា ២១:២៨
១. តើព្រឹត្ដិការណ៍អ្វីខ្លះបានកើតឡើងនៅឆ្នាំ៦៦ គ.ស.? (សូមមើលរូបភាពនៅដើមអត្ថបទ)
សូមស្រមៃគិតថា អ្នកជាគ្រិស្តសាសនិកម្នាក់ដែលកំពុងរស់នៅក្រុងយេរូសាឡិមនាឆ្នាំ៦៦ គ.ស.។ មានអ្វីៗជាច្រើនបានកើតឡើង។ មន្ត្រីរ៉ូមម្នាក់ឈ្មោះផ្លរ៉ឹសបានលួច១៧ថាលិនពីឃ្លាំងនៃវិហារ។ ភ្លាមៗនោះជនជាតិយូដាបានខឹងយ៉ាងខ្លាំង។ ពួកគេបានសម្លាប់ទាហានរ៉ូមអស់ជាច្រើននាក់ ហើយបានប្រកាសឯករាជ្យពីចក្រភពរ៉ូម។ ប៉ុន្តែចក្រភពរ៉ូមបានតបតវិញយ៉ាងរហ័ស។ ក្នុងរយៈពេលបីខែក្រោយមក ទាហានរ៉ូម៣០.០០០នាក់ដែលដឹកនាំដោយស៊ីស្ទាស ហ្គាឡាសបានមកឡោមព័ទ្ធក្រុងយេរូសាឡិម។ ជនជាតិយូដាដែលបះបោរបានលាក់ខ្លួនក្នុងវិហារ។ ប៉ុន្តែនៅទីបំផុត ទាហានរ៉ូមបានទៅដល់កំពែងខាងក្រៅនៃបរិវេណវិហារ ហើយព្យាយាមទម្លាយចូល។ បណ្ដាជនគ្រប់រូបដែលនៅក្នុងក្រុងបានចាប់ផ្ដើមភ័យរន្ធត់។ តើអ្នកនឹងមានអារម្មណ៍យ៉ាងណាពេលអ្នកឃើញអ្វីៗទាំងអស់នេះ?
២. ពេលគ្រិស្តសាសនិកឃើញកងទ័ពរ៉ូមឡោមព័ទ្ធក្រុងរបស់ពួកគាត់ តើពួកគាត់ត្រូវធ្វើអ្វី ហើយតើពួកគាត់អាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
២ ច្រើនឆ្នាំមុនឆ្នាំនោះ លោកយេស៊ូបានព្រមានអ្នកកាន់តាមលោកអំពីព្រឹត្ដិការណ៍នេះ ហើយបានណែនាំពួកគាត់ថា៖ «ពេលដែលអ្នករាល់គ្នាឃើញកងទ័ពបោះជំរំជុំវិញក្រុងយេរូសាឡិម ចូរដឹងថានាងជិតត្រូវបំផ្លិចបំផ្លាញហើយ។ នោះចូរឲ្យអ្នកដែលនៅតំបន់យូឌាចាប់ផ្ដើមរត់ទៅតំបន់ភ្នំ ចូរឲ្យពួកអ្នកដែលនៅក្នុងនាងចេញឲ្យឆ្ងាយ ហើយកុំឲ្យពួកអ្នកដែលនៅជនបទចូលក្នុងនាងឡើយ»។ (លូកា ២១:២០, ២១) តើតាមរបៀបណាពួកគាត់អាចធ្វើតាមការណែនាំរបស់លោកយេស៊ូដែលឲ្យពួកគាត់ចាកចេញពីក្រុងយេរូសាឡិម ពេលដែលមានទាហានឡោមព័ទ្ធក្រុងនោះ? រឿងដ៏អស្ចារ្យមួយបានកើតឡើង។ ទាហានរ៉ូមស្រាប់តែបានចាកចេញពីក្រុងយេរូសាឡិម! ដូចលោកយេស៊ូបានមានប្រសាសន៍ ការវាយប្រហារបានត្រូវ«កាត់បន្ថយ»។ (ម៉ាថាយ ២៤:២២) ពេលដែលកងទ័ពបានចាកចេញ ពេលនោះគឺជាឱកាសឲ្យគ្រិស្តសាសនិកដ៏ស្មោះត្រង់ធ្វើតាមបង្គាប់របស់លោកយេស៊ូ ដោយរត់ទៅតំបន់ភ្នំភ្លាមៗ។a (សូមមើលកំណត់សម្គាល់) ក្រោយមក នៅឆ្នាំ៧០ គ.ស. កងទ័ពថ្មីមួយរបស់រ៉ូមបានត្រឡប់មកក្រុងយេរូសាឡិមវិញ។ លើកនេះ ពួកគេបានបំផ្លាញក្រុងនោះ។ ប៉ុន្តែ អស់អ្នកដែលបានធ្វើតាមការណែនាំរបស់លោកយេស៊ូបានរួចជីវិត។
៣. មិនយូរទៀត តើគ្រិស្តសាសនិកនឹងស្ថិតក្នុងស្ថានភាពអ្វីដែលស្រដៀងគ្នានេះ ហើយនៅអត្ថបទនេះ តើយើងនឹងពិភាក្សាអំពីអ្វី?
៣ ការព្រមាននិងការណែនាំរបស់លោកយេស៊ូក៏ជាប់ទាក់ទងនឹងសម័យយើងដែរ។ មិនយូរទៀត យើងនឹងស្ថិតក្នុងស្ថានភាពមួយដែលស្រដៀងគ្នានេះ។ លោកយេស៊ូបានប្រើព្រឹត្ដិការណ៍នៅសតវត្សរ៍ទី១ដើម្បីពន្យល់អំពីអ្វីដែលនឹងកើតឡើង ពេលគ្រា«ទុក្ខវេទនាជាខ្លាំង»ចាប់ផ្ដើមភ្លាមៗ។ (ម៉ាថាយ ២៤:៣, ២១, ២៩) ពេលក្រុងយេរូសាឡិមបានត្រូវបំផ្លាញ គ្រិស្តសាសនិកដ៏ស្មោះត្រង់បានរួចជីវិត។ ដូចគ្នាដែរ ពេលមហន្តរាយនៅទូទាំងពិភពលោកមកដល់ «មនុស្សមួយក្រុមធំ»នឹងរួចជីវិត។ (សូមអាន ការបើកបង្ហាញ ៧:៩, ១៣, ១៤) គឺសំខាន់ណាស់ដែលយើងយល់អ្វីដែលគម្ពីរប្រាប់យើងអំពីព្រឹត្ដិការណ៍ទាំងនេះដែលនឹងកើតឡើងនៅពេលអនាគត។ ហេតុអ្វី? ពីព្រោះនេះជារឿងស្លាប់រស់។ ហេតុនេះ យើងនឹងពិភាក្សាអំពីរបៀបដែលព្រឹត្ដិការណ៍ទាំងនេះនឹងមានឥទ្ធិពលមកលើយើងផ្ទាល់។
ការចាប់ផ្ដើមនៃគ្រាទុក្ខវេទនាជាខ្លាំង
៤. តើគ្រាទុក្ខវេទនាជាខ្លាំងនឹងចាប់ផ្ដើមយ៉ាងដូចម្ដេច?
៤ តើគ្រាទុក្ខវេទនាជាខ្លាំងនឹងចាប់ផ្ដើមយ៉ាងដូចម្ដេច? គឺនៅពេលដែលសាសនាមិនពិតទាំងអស់នឹងត្រូវបំផ្លាញចោល។ នៅក្នុងគម្ពីរ សាសនាមិនពិតបានត្រូវហៅថា«បាប៊ីឡូនដ៏ខ្លាំងក្លា ដែលជាម្ដាយនៃស្រីពេស្យាទាំងឡាយ»។ (ការបើកបង្ហាញ ១៧:៥-៧) ហេតុអ្វីសាសនាមិនពិតបានត្រូវហៅថាស្រីពេស្យា? ពីព្រោះបព្វជិតនៃសាសនាទាំងនោះមិនស្មោះត្រង់នឹងព្រះឡើយ។ ជាជាងគាំទ្រលោកយេស៊ូនិងរាជាណាចក្រលោកយ៉ាងស្មោះត្រង់ ពួកគេបានគាំទ្ររដ្ឋាភិបាលរបស់មនុស្ស ហើយមិនអើពើនឹងសេចក្ដីបង្រៀនក្នុងគម្ពីរ ដើម្បីពួកគេអាចមានអំណាចខ្លាំងជាង។ ការគោរពប្រណិប័តន៍របស់ពួកគេមិនដូចការគោរពប្រណិប័តន៍ដ៏ស្អាតស្អំរបស់ពួកអ្នកដែលព្រះបានរើសតាំងទេ។ (កូរិនថូសទី២ ១១:២; យ៉ាកុប ១:២៧; ការបើកបង្ហាញ ១៤:៤) ប៉ុន្តែ តើអ្នកណានឹងបំផ្លាញបាប៊ីឡូនដ៏ខ្លាំងក្លា? ព្រះយេហូវ៉ានឹងបណ្ដាលឲ្យ«ស្នែងទាំងដប់»របស់‹សត្វសាហាវដែលមានសម្បុរក្រហមឆ្អៅ›ឲ្យ«ធ្វើតាមគំនិតរបស់លោក»។ ‹សត្វសាហាវដែលមានសម្បុរក្រហមឆ្អៅ›ជាតំណាងអង្គការសហប្រជាជាតិ ហើយ«ស្នែងទាំងដប់»ជាតំណាងរដ្ឋាភិបាលទាំងអស់ដែលគាំទ្រអង្គការសហប្រជាជាតិ។—សូមអាន ការបើកបង្ហាញ ១៧:៣, ១៦-១៨
៥, ៦. ហេតុអ្វីយើងនិយាយថាពេលដែលបាប៊ីឡូនដ៏ខ្លាំងក្លានឹងត្រូវបំផ្លាញចោល នេះមិនមានន័យថាសមាជិកទាំងអស់នៃបាប៊ីឡូនដ៏ខ្លាំងក្លានឹងត្រូវបាត់បង់ជីវិត?
៥ ពេលបាប៊ីឡូនដ៏ខ្លាំងក្លានឹងត្រូវបំផ្លាញចោល តើសមាជិកទាំងអស់នៃសាសនាមិនពិតនឹងបាត់បង់ជីវិតឬ? មិនមែនទេ។ ព្រះយេហូវ៉ាបានដឹកនាំអ្នកប្រកាសទំនាយសាការីឲ្យសរសេរអំពីអ្វីដែលនឹងកើតឡើង។ នៅពេលនោះ បុគ្គលម្នាក់ដែលធ្លាប់ជាសមាជិកសាសនាមិនពិតនឹងនិយាយថា៖ «‹ខ្ញុំមិនមែនជាហោរាទេ ខ្ញុំជាអ្នកធ្វើស្រែវិញ ដ្បិតខ្ញុំបានជាប់ជាបាវគេតាំងពីក្មេងមក›។ នោះម្នាក់នឹងសួរថា៖ ‹ចុះតើរបួសអ្វីនុ៎ះនៅដៃអ្នក?›។ រួចអ្នកនោះនឹងឆ្លើយថា៖ ‹គឺយ៉ាងនេះដែលខ្ញុំត្រូវរបួសនៅក្នុងផ្ទះរបស់មិត្រសំឡាញ់ខ្ញុំ›»។ (សាការី ១៣:៤-៦) ដូច្នេះ សូម្បីតែអ្នកដឹកនាំសាសនានឹងអះអាងថាពួកគេមិនកាន់សាសនាណាទេ ហើយនឹងបដិសេធថាពួកគេមិនធ្លាប់ជាសមាជិកនៃសាសនាមិនពិតទាំងនោះសោះឡើយ។
៦ តើអ្វីនឹងកើតឡើងចំពោះរាស្ត្ររបស់ព្រះក្នុងអំឡុងពេលនោះ? លោកយេស៊ូពន្យល់ថា៖ «តាមការពិត ប្រសិនបើព្រះមិនកាត់បន្ថយគ្រានោះឲ្យខ្លីទេ គ្មានអ្នកណានឹងត្រូវសង្គ្រោះឡើយ។ ប៉ុន្តែ ដោយសារពួកអ្នករើសតាំង នោះព្រះនឹងកាត់បន្ថយគ្រានោះឲ្យខ្លី»។ (ម៉ាថាយ ២៤:២២) នៅសតវត្សរ៍ទី១ ទុក្ខវេទនានៅក្រុងយេរូសាឡិមបានត្រូវ«កាត់បន្ថយ»។ នេះបានអនុញ្ញាតឲ្យ«ពួកអ្នករើសតាំង» ពោលគឺគ្រិស្តសាសនិកដែលព្រះបានរើសតាំង រត់ចេញទៅ។ ស្រដៀងគ្នាដែរ ផ្នែកដំបូងនៃគ្រាទុក្ខវេទនាជាខ្លាំងនឹងត្រូវ«កាត់បន្ថយ» ដោយសារ«ពួកអ្នករើសតាំង»។ «ស្នែងទាំងដប់» ពោលគឺរដ្ឋាភិបាលទាំងអស់ដែលគាំទ្រអង្គការសហប្រជាជាតិ នឹងមិនបានត្រូវអនុញ្ញាតឲ្យបំផ្លាញរាស្ត្ររបស់ព្រះឡើយ។ ផ្ទុយទៅវិញ បន្ទាប់ពីការវាយប្រហារដំបូងបានចប់ នឹងមានរយៈពេលដ៏ខ្លីមួយដែលស្ងប់។
គ្រាដែលមានការសាកល្បង និងការវិនិច្ឆ័យ
៧, ៨. ក្រោយការបំផ្លាញចោលនៃសាសនាមិនពិត តើរាស្ត្រព្រះនឹងមានឱកាសអ្វី ហើយតើពួកគាត់នឹងខុសគ្នាយ៉ាងណាពីមនុស្សឯទៀតទាំងអស់នៅពេលនោះ?
៧ តើអ្វីនឹងកើតឡើងក្រោយការបំផ្លាញសាសនាមិនពិត? នោះនឹងជាពេលសម្រាប់បង្ហាញអំពីអ្វីដែលពិតជាមាននៅក្នុងចិត្តរបស់យើង។ នៅពេលនោះ មនុស្សភាគច្រើននឹងព្យាយាមសុំការការពារនិងជំនួយពីអង្គការរបស់មនុស្ស ដែលប្រៀបដូចជា«ផ្ទាំងថ្មនានា»។ (ការបើកបង្ហាញ ៦:១៥-១៧) ប៉ុន្តែរាស្ត្ររបស់ព្រះយេហូវ៉ានឹងសុំលោកឲ្យជួយការពារពួកគេ។ ពេលការវាយប្រហារបានត្រូវ«កាត់បន្ថយ»នៅសតវត្សរ៍ទី១ នោះមិនមែនជាពេលសម្រាប់ឲ្យជនជាតិយូដាទាំងអស់ប្ដូរសាសនាភ្លាមៗ ហើយមកកាន់គ្រិស្តសាសនាវិញទេ។ ផ្ទុយទៅវិញ នោះជាពេលសម្រាប់ឲ្យពួកអ្នកដែលជាគ្រិស្តសាសនិករួចហើយ ចេញពីក្រុងយេរូសាឡិមដូចលោកយេស៊ូបានណែនាំ។ ស្រដៀងគ្នាដែរនៅពេលអនាគត ពេលដែលការវាយប្រហារប្រឆាំងបាប៊ីឡូនដ៏ខ្លាំងក្លានឹងត្រូវ«កាត់បន្ថយ» យើងមិនអាចរំពឹងថាមនុស្សជាច្រើននឹងប្ដូរសាសនាភ្លាមៗ ហើយមកកាន់គ្រិស្តសាសនាពិតឡើយ។ ផ្ទុយទៅវិញ នោះគឺជាឱកាសឲ្យអ្នកគោរពប្រណិប័តន៍ពិតទាំងអស់បង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានិងគាំទ្រពួកអ្នកដែលព្រះបានរើសតាំង។—ម៉ាថាយ ២៥:៣៤-៤០
នោះគឺជាឱកាសឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានិងគាំទ្រពួកអ្នកដែលព្រះបានរើសតាំង
៨ យើងមិនដឹងច្បាស់អំពីអ្វីដែលនឹងកើតឡើងក្នុងអំឡុងគ្រាសាកល្បងនោះទេ។ ទោះជាយ៉ាងនោះក្ដី យើងរំពឹងថាជីវិតនឹងមិនស្រួលឡើយ ហើយថាយើងនឹងត្រូវសុខចិត្តលះបង់។ នៅសតវត្សរ៍ទី១ គ្រិស្តសាសនិកត្រូវចាកចេញពីផ្ទះរបស់ខ្លួន ហើយស៊ូទ្រាំនឹងទុក្ខលំបាកដើម្បីរួចជីវិត។ (ម៉ាកុស ១៣:១៥-១៨) យើងគួរសួរខ្លួនយើងថា ‹តើខ្ញុំត្រៀមខ្លួនដើម្បីលះចោលវត្ថុទ្រព្យឬទេ? តើខ្ញុំសុខចិត្តធ្វើអ្វីក៏ដោយដែលចាំបាច់ដើម្បីរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ាឬទេ?›។ សូមគិតទៅមើល! នៅពេលនោះ មានតែយើងប៉ុណ្ណោះដែលគោរពប្រណិប័តន៍ព្រះរបស់យើងទោះជាមានអ្វីកើតឡើងក៏ដោយ។ នេះជាអ្វីដែលអ្នកប្រកាសទំនាយដានីយ៉ែលបានធ្វើ។—ដានីយ៉ែល ៦:១០, ១១
«ទីបញ្ចប់»នឹងបានមកដល់!
៩, ១០. (ក) ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង តើរាស្ត្ររបស់ព្រះនឹងប្រកាសអំពីអ្វី? (ខ) តើសត្រូវរបស់ព្រះនឹងធ្វើអ្វី?
៩ គ្រាទុក្ខវេទនាជាខ្លាំងនឹងមិនមែនជាគ្រាដែលត្រូវផ្សព្វផ្សាយ‹ដំណឹងល្អអំពីរាជាណាចក្រ›ឡើយ។ គ្រាដែលត្រូវផ្សព្វផ្សាយដំណឹងនោះនឹងត្រូវចប់។ «ទីបញ្ចប់»នឹងបានមកដល់! (ម៉ាថាយ ២៤:១៤) រាស្ត្ររបស់ព្រះនឹងប្រកាសយ៉ាងក្លាហាននិងយ៉ាងចំៗនូវការវិនិច្ឆ័យទោសដែលជាប់ទាក់ទងនឹងមនុស្សឯទៀតទាំងអស់។ នេះប្រហែលជារួមបញ្ចូលការប្រកាសថាពិភពលោកដ៏អាក្រក់របស់សាថានហៀបនឹងត្រូវបំផ្លាញចោលទាំងស្រុង។ គម្ពីរបានប្រៀបប្រដូចការប្រកាសនេះទៅនឹងដុំព្រិល ដោយចែងថា៖ «ដុំព្រិលបានធ្លាក់យ៉ាងខ្លាំងទៅលើមនុស្សទាំងនោះ ដោយដុំព្រិលនីមួយៗមានទម្ងន់ប្រហែលមួយថាលិន ហើយមនុស្សទាំងនោះបាននិយាយប្រមាថព្រះដោយសារសេចក្ដីវេទនាពីការធ្លាក់ដុំព្រិល ពីព្រោះសេចក្ដីវេទនានោះគឺខ្លាំងក្រៃលែង»។—ការបើកបង្ហាញ ១៦:២១
១០ សត្រូវរបស់យើងនឹងឮការប្រកាសយ៉ាងចំៗនេះ។ ព្រះយេហូវ៉ាបានដឹកនាំអ្នកប្រកាសទំនាយអេសេគាលឲ្យពន្យល់អំពីអ្វីដែលប្រជាជាតិមួយចំនួនដែលជាកូកនៃស្រុកម៉ាកូកនឹងធ្វើ ដោយនិយាយថា៖ «ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា៖ ‹នៅថ្ងៃនោះ នឹងមានគំនិតកើតឡើងក្នុងចិត្តឯង ហើយឯងនឹងបង្កើតកិច្ចកលអាក្រក់។ ឯងនឹងថា៖ «អញនឹងឡើងទៅឯស្រុកដែលនៅចំហ អញនឹងទៅឯពួកមនុស្សដែលនៅដោយឥតកង្វល់ ហើយដោយសុខសាន្តដែលទាំងអស់គ្នានៅដោយឥតមានកំផែង ឬទ្វារ ឬរនុកឡើយ» ដើម្បីនឹងចាប់យករបឹបនឹងរំពា ហើយត្រឡប់ដៃទៅទាស់នឹងទីខូចបង់ដែលមានមនុស្សអាស្រ័យនៅឡើងវិញ ហើយទាស់នឹងបណ្ដាមនុស្សដែលបានប្រមូលចេញពីគ្រប់ទាំងសាសន៍ ជាពួកអ្នកដែលចំរើនបានហ្វូងសត្វនឹងទ្រព្យសម្បត្ដិក៏នៅចំកណ្ដាលផែនដី›»។ (អេសេគាល ៣៨:១០-១២) មនុស្សនឹងឃើញច្បាស់ថា រាស្ត្ររបស់ព្រះនឹងខុសគ្នាពីអ្នកឯទៀតទាំងអស់ ហាក់ដូចជាពួកគាត់កំពុងរស់នៅ«ចំកណ្ដាលផែនដី»។ ប្រជាជាតិនានានឹងមិនអាចទប់ចិត្តរបស់ពួកគេបានទេ។ ពួកគេនឹងមានចិត្តចង់វាយប្រហារពួកអ្នកដែលព្រះយេហូវ៉ាបានរើសតាំងនិងពួកអ្នកដែលគាំទ្រពួកគាត់។
១១. (ក) ស្តីអំពីលំដាប់ព្រឹត្ដិការណ៍ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង តើយើងត្រូវនឹកចាំអំពីអ្វី? (ខ) តើមនុស្សនឹងមានប្រតិកម្មយ៉ាងណា ពេលពួកគេឃើញសញ្ញាសម្គាល់ទាំងនោះ?
១១ តើអ្វីនឹងកើតឡើងបន្ទាប់ពីនោះ? គម្ពីរមិនបានប្រាប់យើងច្បាស់អំពីលំដាប់ព្រឹត្ដិការណ៍ទាំងនោះទេ ប៉ុន្តែព្រឹត្ដិការណ៍ខ្លះនឹងប្រហែលជាកើតឡើងនៅពេលដំណាលគ្នា។ នៅក្នុងទំនាយរបស់លោកយេស៊ូអំពីទីបញ្ចប់របៀបរបបពិភពលោកនេះ លោកបានមានប្រសាសន៍ថា៖ «នឹងមានសញ្ញាសម្គាល់នៅលើថ្ងៃ ខែ និងផ្កាយ ហើយនៅលើផែនដីប្រជាជាតិទាំងឡាយនឹងព្រួយបារម្ភជាខ្លាំង ក៏ទាល់គំនិតដោយសារសូរគ្រាំគ្រេងនៃសមុទ្រដែលកំពុងបក់បោក កាលដែលមនុស្សស្ទើរតែសន្លប់បាត់ស្មារតីដោយសារភ័យខ្លាចនិងដោយសាររង់ចាំអ្វីដែលជិតកើតឡើងនៅគ្រប់ទីអាស្រ័យនៅផែនដី ព្រោះកម្លាំងធម្មជាតិនៅលើមេឃនឹងត្រូវអង្រួន។ នៅពេលនោះ ពួកគេនឹងឃើញកូនមនុស្សមកក្នុងពពក ទាំងមានឫទ្ធានុភាពនិងសិរីរុងរឿងអស្ចារ្យ»។ (លូកា ២១:២៥-២៧; សូមអាន ម៉ាកុស ១៣:២៤-២៦) តើការសម្រេចទំនាយនេះនឹងរួមបញ្ចូលសញ្ញាសម្គាល់និងព្រឹត្ដិការណ៍ដែលគួរឲ្យភ័យខ្លាចនៅលើមេឃឬ? យើងត្រូវចាំមើល។ ប៉ុន្តែ យើងដឹងថាពេលសត្រូវរបស់ព្រះឃើញសញ្ញាសម្គាល់ទាំងនោះ ពួកគេនឹងភ័យរន្ធត់និងស្លន់ស្លោ។
១២, ១៣. (ក) តើអ្វីនឹងកើតឡើង ពេលលោកយេស៊ូមក«ទាំងមានឫទ្ធានុភាពនិងសិរីរុងរឿងអស្ចារ្យ»? (ខ) តើអ្នកបម្រើរបស់ព្រះនឹងធ្វើអ្វីនៅពេលនោះ?
១២ តើអ្វីនឹងកើតឡើង ពេលលោកយេស៊ូមក«ទាំងមានឫទ្ធានុភាពនិងសិរីរុងរឿងអស្ចារ្យ»? លោកនឹងឲ្យរង្វាន់ដល់ពួកអ្នកដែលស្មោះត្រង់ ហើយលោកនឹងដាក់ទោសពួកអ្នកដែលមិនស្មោះត្រង់។ (ម៉ាថាយ ២៤:៤៦, ៤៧, ៥០, ៥១; ២៥:១៩, ២៨-៣០) លោកយេស៊ូបានប្រើឧទាហរណ៍មួយដើម្បីពន្យល់អំពីរឿងនេះឲ្យបានល្អិតល្អន់ជាង។ លោកបានមានប្រសាសន៍ថា៖ «ពេលដែលកូនមនុស្សមកប្រកបដោយសិរីរុងរឿង ហើយមានទេវតាទាំងឡាយមកជាមួយដែរ នោះលោកនឹងអង្គុយលើបល្ល័ង្កដ៏រុងរឿងរបស់លោក ហើយប្រជាជាតិទាំងឡាយនឹងត្រូវប្រមូលមកនៅមុខលោក រួចលោកនឹងញែកមនុស្សចេញពីគ្នា ដូចគង្វាលម្នាក់ញែកចៀមចេញពីពពែ។ លោកនឹងដាក់ចៀមនៅខាងស្ដាំដៃ តែពពែនៅខាងឆ្វេងដៃ»។ (ម៉ាថាយ ២៥:៣១-៣៣) តើអ្វីនឹងកើតឡើងដល់ចៀមនិងពពែ? ពួកគេនឹងត្រូវវិនិច្ឆ័យ។ ពពែ ឬពួកអ្នកដែលមិនស្មោះត្រង់«នឹងទទួលសេចក្ដីស្លាប់ជារៀងរហូត»។ ប៉ុន្តែ ចៀម ឬពួកអ្នកដែលស្មោះត្រង់នឹងបានជីវិតដែលគ្មានទីបញ្ចប់។—ម៉ាថាយ ២៥:៤៦
១៣ តើពពែនឹងធ្វើអ្វី ពេលពួកគេដឹងថាពួកគេនឹងត្រូវបំផ្លាញចោល? ពួកគេ«នឹងគក់ទ្រូងដោយមានក្ដីទុក្ខព្រួយ»។ (ម៉ាថាយ ២៤:៣០) ប៉ុន្តែ តើពួកអ្នកដែលព្រះបានរើសតាំងនិងពួកអ្នកដែលគាំទ្រពួកអ្នករើសតាំងនឹងធ្វើអ្វី? ពួកគាត់នឹងធ្វើអ្វីដែលលោកយេស៊ូបានមានប្រសាសន៍ គឺ«ពេលដែលការទាំងនេះចាប់ផ្ដើមកើតឡើង ចូរឈរឲ្យត្រង់ខ្លួនហើយងើបមុខឡើង ព្រោះសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាគឺជិតដល់ហើយ»។—លូកា ២១:២៨
ការភ្លឺក្នុងរាជាណាចក្រ
១៤, ១៥. តើកិច្ចការប្រមូលអ្វីនឹងធ្វើឡើងក្រោយពីកូកនៃស្រុកម៉ាកូកចាប់ផ្ដើមវាយប្រហារ ហើយតើកិច្ចការប្រមូលនេះនឹងធ្វើឡើងយ៉ាងដូចម្ដេច?
១៤ តើអ្វីនឹងកើតឡើង ក្រោយពីកូកនៃស្រុកម៉ាកូកចាប់ផ្ដើមវាយប្រហាររាស្ត្ររបស់ព្រះ? គម្ពីរចែងថា កូនមនុស្ស«នឹងចាត់បណ្ដាទេវតាទៅប្រមូលអ្នករើសតាំងរបស់លោកពីទិសខាងជើង ទិសខាងត្បូង ទិសខាងកើត និងទិសខាងលិច ពីចុងផែនដីរហូតដល់ជើងមេឃ»។ (ម៉ាកុស ១៣:២៧; ម៉ាថាយ ២៤:៣១) កិច្ចការប្រមូលនេះមិនសំដៅលើគ្រាដែលព្រះបានរើសតាំងគ្រិស្តសាសនិកដែលនឹងឡើងទៅស្ថានសួគ៌ទេ ហើយក៏មិនសំដៅលើការបោះត្រាជាលើកចុងក្រោយនៃពួកអ្នកដែលបានត្រូវរើសតាំងដែលរស់នៅផែនដីនៅឡើយ។ (ម៉ាថាយ ១៣:៣៧, ៣៨) ការបោះត្រានោះនឹងកើតឡើងបន្ដិចមុនគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម។ (ការបើកបង្ហាញ ៧:១-៤) ដូច្នេះ តើកិច្ចការប្រមូលនេះគឺជាអ្វី? គឺជាពេលដែលពួកអ្នកដែលបានត្រូវរើសតាំងដែលនៅផែនដីនៅឡើយ នឹងទទួលរង្វាន់របស់ពួកគាត់ ហើយទៅស្ថានសួគ៌។ (ថែស្សាឡូនិចទី១ ៤:១៥-១៧; ការបើកបង្ហាញ ១៤:១) ព្រឹត្ដិការណ៍នេះនឹងកើតឡើងនៅពេលមួយក្រោយពីកូកនៃស្រុកម៉ាកូកចាប់ផ្ដើមវាយប្រហារ។ (អេសេគាល ៣៨:១១) បន្ទាប់មក ដូចលោកយេស៊ូបានមានប្រសាសន៍៖ «មនុស្សសុចរិតនឹងភ្លឺដូចថ្ងៃ ក្នុងរាជាណាចក្រនៃបិតារបស់ពួកគេ»b (សូមមើលកំណត់សម្គាល់)។—ម៉ាថាយ ១៣:៤៣
១៥ មនុស្សជាច្រើននៅក្នុងពិភពគ្រិស្តសាសនាជឿថា គ្រិស្តសាសនិកនឹងត្រូវយកទៅស្ថានសួគ៌ទាំងមានរូបកាយជាសាច់ឈាម។ ពួកគេក៏គិតថាពួកគេនឹងមើលឃើញលោកយេស៊ូត្រឡប់មកវិញដើម្បីគ្រប់គ្រងផែនដីដែរ។ ប៉ុន្តែ គម្ពីរបង្ហាញយ៉ាងច្បាស់ថា មនុស្សមិនមើលឃើញការត្រឡប់មកវិញរបស់លោកយេស៊ូក្នុងន័យត្រង់ទេ ពីព្រោះគម្ពីរចែងថា៖ «សញ្ញាសម្គាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ» ហើយលោកយេស៊ូនឹងមក«លើពពកនៅលើមេឃ»។ (ម៉ាថាយ ២៤:៣០) គម្ពីរក៏ចែងដែរថា«មនុស្សដែលមានរូបកាយជាសាច់ឈាមមិនអាចទទួលរាជាណាចក្ររបស់ព្រះជាមត៌កឡើយ»។ ហេតុនេះ មុនដំបូងពួកអ្នកដែលនឹងត្រូវយកទៅស្ថានសួគ៌នឹងត្រូវ«ផ្លាស់ប្រែក្នុងមួយរំពេច គឺក្នុងមួយប៉ប្រិចភ្នែក ក្នុងអំឡុងពេលដែលត្រែចុងក្រោយបន្លឺឡើង»។c (សូមមើលកំណត់សម្គាល់) (សូមអាន កូរិនថូសទី១ ១៥:៥០-៥៣) ពួកអ្នកស្មោះត្រង់ដែលបានត្រូវរើសតាំង ដែលនៅផែនដីនៅឡើយ នឹងត្រូវប្រមូលយកទៅស្ថានសួគ៌ក្នុងមួយរំពេច។
១៦, ១៧. តើអ្វីត្រូវកើតឡើងមុនពិធីមង្គលការរបស់កូនចៀម?
១៦ កាលណាពួកអ្នកដែលបានត្រូវរើសតាំង១៤៤.០០០នាក់នៅស្ថានសួគ៌ទាំងអស់គ្នា នោះការរៀបចំចុងក្រោយសម្រាប់ពិធីមង្គលការរបស់កូនចៀមអាចចាប់ផ្ដើម។ (ការបើកបង្ហាញ ១៩:៩) ប៉ុន្តែ មានអ្វីមួយទៀតដែលត្រូវធ្វើឡើងមុនព្រឹត្ដិការណ៍ដ៏គួរឲ្យរំភើបចិត្តនោះកើតឡើង។ សូមចាំថាកាលដែលនៅមានពួកអ្នកដែលបានត្រូវរើសតាំងនៅផែនដីនៅឡើយ កូកនឹងវាយប្រហាររាស្ត្ររបស់ព្រះ។ (អេសេគាល ៣៨:១៦) តើរាស្ត្ររបស់ព្រះនឹងធ្វើអ្វី? ពួកគេនឹងធ្វើតាមការណែនាំទាំងនេះ ដែលថា៖ «អ្នករាល់គ្នាមិនបាច់នឹងតស៊ូក្នុងចំបាំងនេះទេ ឲ្យគ្រាន់តែដំរៀបគ្នាឈរស្ងៀម ហើយចាំមើលសេចក្ដីសង្គ្រោះដែលព្រះយេហូវ៉ានឹងប្រោសដល់អ្នករាល់គ្នាប៉ុណ្ណោះ . . . កុំឲ្យភ័យខ្លាចអ្វីឡើយ ក៏កុំឲ្យស្រយុតចិត្តដែរ»។ (របាក្សត្រទី២ ២០:១៧) នៅពេលមួយ ក្រោយពីកូកចាប់ផ្ដើមវាយប្រហារ ពួកអ្នកដែលបានត្រូវរើសតាំងដែលនៅផែនដីនៅឡើយ នឹងត្រូវយកទៅស្ថានសួគ៌។ ការបើកបង្ហាញ ១៧:១៤ ប្រាប់យើងអំពីប្រតិកម្មនៃបុគ្គលនៅស្ថានសួគ៌នៅពេលដែលកូកវាយប្រហារ។ សត្រូវរបស់ព្រះ«នឹងច្បាំងនឹងកូនចៀម តែដោយសារលោកជាម្ចាស់លើម្ចាស់ទាំងអស់ និងស្តេចលើស្តេចទាំងអស់ នោះកូនចៀមនឹងឈ្នះពួកគេ។ ម្យ៉ាងទៀត ពួកអ្នកដែលនៅជាមួយនឹងលោក ដែលបានត្រូវហៅ និងជ្រើសរើស ហើយស្មោះត្រង់ក៏នឹងឈ្នះដែរ»។ ដូច្នេះ លោកយេស៊ូជាមួយនឹងស្តេចរបស់លោកនៅស្ថានសួគ៌ទាំង១៤៤.០០០នាក់ដែលព្រះបានរើសតាំង នឹងសង្គ្រោះរាស្ត្ររបស់ព្រះនៅផែនដី។
១៧ ការសង្គ្រោះនោះនឹងនាំឲ្យមានសង្គ្រាមហាម៉ាគេដូន ដែលនឹងធ្វើឲ្យនាមដ៏បរិសុទ្ធរបស់ព្រះយេហូវ៉ាទទួលនូវការលើកតម្កើង។ (ការបើកបង្ហាញ ១៦:១៦) អស់អ្នកដែលបានត្រូវវិនិច្ឆ័យថាជាពពែ ឬជាអ្នកដែលមិនស្មោះត្រង់នឹងត្រូវបំផ្លាញចោល។ អំពើអាក្រក់នឹងលែងមានទៀតនៅលើផែនដី ហើយ«មនុស្សមួយក្រុមធំ»នឹងរួចជីវិតនៅសង្គ្រាមហាម៉ាគេដូន។ នៅទីបំផុត អ្វីដ៏គួរឲ្យរំភើបចិត្តដែលបានកត់ទុកនៅចុងបញ្ចប់នៃសៀវភៅការបើកបង្ហាញអាចកើតឡើង ពោលគឺពិធីមង្គលការរបស់កូនចៀម! (ការបើកបង្ហាញ ២១:១-៤)d (សូមមើលកំណត់សម្គាល់) អស់អ្នកដែលរួចជីវិតនៅផែនដីនឹងទទួលការពេញចិត្តនិងសេចក្ដីស្រឡាញ់ដ៏ធំធេងពីព្រះ ហើយលោកនឹងបង្ហាញចិត្តទូលាយចំពោះពួកគេ។ យើងទន្ទឹងរង់ចាំគ្រានោះដោយចិត្តរំភើប។ នេះពិតជាពិធីពិសាភោជនាហារអបអរអាពាហ៍ពិពាហ៍ដ៏អស្ចារ្យមែន!—សូមអាន ពេត្រុសទី២ ៣:១៣
១៨. ដោយសារព្រឹត្ដិការណ៍ដ៏គួរឲ្យរំភើបចិត្តដែលជិតកើតឡើង តើយើងគួរតាំងចិត្តធ្វើអ្វីខ្លះ?
១៨ ដោយសារព្រឹត្ដិការណ៍ដ៏គួរឲ្យរំភើបទាំងនេះនឹងកើតឡើងនៅពេលឆាប់ៗខាងមុខ តើយើងម្នាក់ៗគួរធ្វើអ្វីខ្លះឥឡូវនេះ? ព្រះយេហូវ៉ាបានដឹកនាំសាវ័កពេត្រុសឲ្យសរសេរថា៖ «ដោយសារការទាំងអស់នោះនឹងត្រូវរំលាយសាបសូន្យទៅ ចូរពិចារណាថា អ្នករាល់គ្នាគួរជាមនុស្សប្រភេទណា។ អ្នករាល់គ្នាគួរជាមនុស្សដែលមានការប្រព្រឹត្តបរិសុទ្ធ ហើយធ្វើការអ្វីដែលបង្ហាញពីភក្ដីភាពចំពោះព្រះ ដោយទន្ទឹងហើយចាំជាប់ជានិច្ចនូវការមកដល់នៃថ្ងៃរបស់ព្រះយេហូវ៉ា . . . ដូច្នេះ បងប្អូនទីស្រឡាញ់អើយ ដោយសារអ្នករាល់គ្នាកំពុងទន្ទឹងការទាំងនេះ ចូរខំអស់ពីសមត្ថភាព ដើម្បីនៅទីបំផុតលោកនឹងឃើញថា អ្នករាល់គ្នាគឺឥតស្នាមប្រឡាក់ ស្អាតស្អំ ហើយមានសន្ដិភាព»។ (ពេត្រុសទី២ ៣:១១, ១២, ១៤) ដូច្នេះ ចូរយើងតាំងចិត្តរក្សាការគោរពប្រណិប័តន៍របស់យើងឲ្យនៅបរិសុទ្ធ ដោយមិនជាប់ពាក់ព័ន្ធនឹងសាសនាមិនពិត ហើយគាំទ្រលោកយេស៊ូគ្រិស្តដែលជាស្តេចនៃសន្ដិភាព។
c រូបកាយជាសាច់ឈាមរបស់ពួកអ្នកដែលបានត្រូវរើសតាំងដែលនៅរស់នៅពេលនោះនឹងមិនបានត្រូវយកទៅស្ថានសួគ៌ទេ។ (កូរិនថូសទី១ ១៥:៤៨, ៤៩) ព្រះទំនងជានឹងធ្វើឲ្យរូបកាយរបស់ពួកគាត់លែងមានទៀត ដូចលោកបានធ្វើចំពោះរូបកាយរបស់លោកយេស៊ូដែរ។
d ទំនុកទី៤៥ក៏ផ្ដល់ព័ត៌មានខ្លះអំពីលំដាប់ព្រឹត្ដិការណ៍ទាំងនោះដែរ។ មុនដំបូង ស្តេចប្រយុទ្ធក្នុងសង្គ្រាម រួចមកពិធីមង្គលការនឹងធ្វើឡើង។