សៀវភៅម៉ាថាយ
២៥ «ពេលនោះ រាជាណាចក្រស្ថានសួគ៌ប្រៀបដូចជាស្ត្រីក្រមុំបរិសុទ្ធ១០នាក់ ដែលបានយកចង្កៀង+ចេញទៅជួបកូនកំលោះ។+ ២ ក្នុងចំណោមពួកនាង មានប្រាំនាក់មិនចេះពិចារណា* និងប្រាំនាក់ចេះពិចារណា*+ ៣ ព្រោះស្ត្រីដែលមិនចេះពិចារណាបានយកចង្កៀង តែមិនបានយកប្រេងទៅជាមួយទេ។ ៤ រីឯស្ត្រីដែលចេះពិចារណាវិញ ពួកនាងបានយកចង្កៀង ក៏បានយកប្រេងដាក់ក្នុងដបទៅជាមួយដែរ។ ៥ ពេលដែលកូនកំលោះនៅបង្អង់យូរ ស្ត្រីទាំងនោះបានងោកងុយ ក៏លង់លក់អស់ទៅ។ ៦ លុះដល់ពាក់កណ្ដាលអធ្រាត្រ មានគេស្រែកឡើងថា៖ ‹កូនកំលោះមកដល់ហើយ! ចូរចេញទៅជួបលោក›។ ៧ រួចមក ស្ត្រីក្រមុំបរិសុទ្ធទាំងនោះក៏ក្រោកឡើងរៀបចំចង្កៀងរៀងៗខ្លួន។+ ៨ ស្ត្រីដែលមិនចេះពិចារណានិយាយទៅកាន់ស្ត្រីដែលចេះពិចារណាថា៖ ‹សូមឲ្យប្រេងខ្លះមកយើង ពីព្រោះចង្កៀងរបស់យើងជិតរលត់ហើយ›។ ៩ ស្ត្រីដែលចេះពិចារណាបានតបឆ្លើយថា៖ ‹ប្រហែលជាមិនមានប្រេងគ្រប់គ្រាន់សម្រាប់យើងនិងអ្នករាល់គ្នាទេ។ សូមទៅឯអ្នកលក់ប្រេង រួចទិញសម្រាប់ខ្លួនអ្នកទៅ›។ ១០ ពេលដែលស្ត្រីទាំងនោះចេញទៅទិញប្រេង នោះកូនកំលោះបានមកដល់ ហើយស្ត្រីក្រមុំបរិសុទ្ធដែលបានត្រៀមខ្លួនជាស្រេច បានចូលទៅក្នុងពិធីអាពាហ៍ពិពាហ៍ជាមួយនឹងលោក។+ លុះបានចូលហើយ គេក៏បិទទ្វារទៅ។ ១១ ក្រោយពីនោះ ស្ត្រីក្រមុំបរិសុទ្ធប្រាំនាក់ទៀតបានមកដល់ ហើយពោលថា៖ ‹លោក! លោក! សូមឲ្យយើងចូលផង!›។+ ១២ លោកតបឆ្លើយថា៖ ‹ខ្ញុំប្រាប់ពួកនាងការពិតថា ខ្ញុំមិនស្គាល់ពួកនាងទេ›។
១៣ «ដូច្នេះ ចូរចាំយាម+ ពីព្រោះអ្នករាល់គ្នាមិនដឹងថ្ងៃឬម៉ោងនោះឡើយ។+
១៤ «ព្រោះរាជាណាចក្រស្ថានសួគ៌ប្រៀបដូចជាពេលបុរសម្នាក់បម្រុងនឹងធ្វើដំណើរទៅក្រៅប្រទេស។ មុននឹងទៅ គាត់បានហៅពួកខ្ញុំបម្រើមក ហើយផ្ដាំពួកគេឲ្យមើលការខុសត្រូវលើទ្រព្យសម្បត្តិរបស់គាត់។+ ១៥ គាត់ឲ្យខ្ញុំបម្រើទី១ ប្រាំថាលិន* ខ្ញុំបម្រើទី២ ពីរថាលិន ហើយខ្ញុំបម្រើទី៣ មួយថាលិន តាមសមត្ថភាពរបស់ពួកគេរៀងៗខ្លួន។ រួចគាត់ធ្វើដំណើរទៅក្រៅប្រទេស។ ១៦ ខ្ញុំបម្រើដែលបានទទួលប្រាំថាលិន បានយកថាលិននោះទៅធ្វើដើមទុនរកស៊ីភ្លាម ហើយបានចំណេញប្រាំថាលិនទៀត។ ១៧ ខ្ញុំបម្រើដែលបានទទួលពីរថាលិនក៏បានធ្វើដូចគ្នា ហើយបានចំណេញពីរថាលិនទៀត។ ១៨ ក៏ប៉ុន្តែ ខ្ញុំបម្រើដែលបានទទួលតែមួយថាលិន បានចេញទៅជីកដីលាក់ប្រាក់របស់ម្ចាស់គាត់ទុក។
១៩ «លុះយូរក្រោយមក ម្ចាស់របស់ខ្ញុំបម្រើទាំងនោះបានត្រឡប់មកវិញ ហើយគិតបញ្ជីជាមួយនឹងពួកគេ។+ ២០ ដូច្នេះ ខ្ញុំបម្រើដែលបានទទួលប្រាំថាលិនបានយកប្រាំថាលិនទៀតចូលមកជិតលោក ហើយជម្រាបថា៖ ‹លោកម្ចាស់ លោកបានឲ្យខ្ញុំមើលការខុសត្រូវលើប្រាំថាលិន សូមមើល! ខ្ញុំបានចំណេញប្រាំថាលិនទៀត›។+ ២១ ម្ចាស់ក៏ប្រាប់គាត់ថា៖ ‹ខ្ញុំបម្រើដ៏ល្អហើយស្មោះត្រង់អើយ! អ្នកធ្វើការបានល្អណាស់! អ្នកបានស្មោះត្រង់ក្នុងការមើលខុសត្រូវលើរបស់បន្តិចបន្តួច។ ខ្ញុំនឹងតែងតាំងអ្នកឲ្យមើលការខុសត្រូវលើរបស់ជាច្រើនទៀត។+ ចូរមកអរសប្បាយជាមួយនឹងម្ចាស់របស់អ្នកចុះ›។+ ២២ បន្ទាប់មក ខ្ញុំបម្រើដែលបានទទួលពីរថាលិនបានចូលមកជិតលោក ហើយជម្រាបថា៖ ‹លោកម្ចាស់ លោកបានឲ្យខ្ញុំមើលការខុសត្រូវលើពីរថាលិន សូមមើល! ខ្ញុំបានចំណេញពីរថាលិនទៀត›។+ ២៣ ម្ចាស់ក៏ប្រាប់គាត់ថា៖ ‹ខ្ញុំបម្រើដ៏ល្អហើយស្មោះត្រង់អើយ! អ្នកធ្វើការបានល្អណាស់! អ្នកបានស្មោះត្រង់ក្នុងការមើលខុសត្រូវលើរបស់បន្តិចបន្តួច។ ខ្ញុំនឹងតែងតាំងអ្នកឲ្យមើលការខុសត្រូវលើរបស់ជាច្រើនទៀត។ ចូរមកអរសប្បាយជាមួយនឹងម្ចាស់របស់អ្នកចុះ›។
២៤ «ក្រោយបង្អស់ ខ្ញុំបម្រើដែលបានទទួលមួយថាលិនបានចូលមកជិតលោក ហើយជម្រាបថា៖ ‹លោកម្ចាស់ ខ្ញុំដឹងថាលោកជាមនុស្សតឹងរ៉ឹងណាស់។ លោកច្រូតនៅកន្លែងដែលលោកមិនបានសាបព្រោះ ក៏ប្រមូលផលដំណាំដោយមិនបានធ្វើការអ្វីសោះ។+ ២៥ ដូច្នេះ ខ្ញុំបានភ័យខ្លាច ក៏បានចេញទៅលាក់ថាលិនរបស់លោកក្នុងដី។ នេះជាថាលិនរបស់លោក សូមលោកយកទៅវិញចុះ›។ ២៦ ម្ចាស់របស់គាត់តបទៅវិញថា៖ ‹ខ្ញុំបម្រើទុច្ចរិតនិងខ្ជិលច្រអូសអើយ! បើអ្នកដឹងថាខ្ញុំច្រូតនៅកន្លែងដែលខ្ញុំមិនបានសាបព្រោះ ក៏ប្រមូលផលដំណាំដោយមិនបានធ្វើការអ្វីសោះ ២៧ អ្នកគួរតែយកប្រាក់របស់ខ្ញុំទៅផ្ញើអ្នកចងការ ហើយពេលខ្ញុំត្រឡប់មកវិញ ខ្ញុំអាចទទួលប្រាក់របស់ខ្ញុំព្រមទាំងការប្រាក់ផង។
២៨ «‹ដូច្នេះ ចូរយកថាលិនពីគាត់ ហើយឲ្យទៅខ្ញុំបម្រើដែលមាន១០ថាលិនវិញ។+ ២៩ ព្រោះអ្នកណាដែលមាន នឹងទទួលថែមទៀត ហើយអ្នកនោះនឹងមានជាបរិបូរ។ ប៉ុន្តែអ្នកណាដែលគ្មាន សូម្បីតែអ្វីដែលអ្នកនោះមាន ក៏នឹងត្រូវដកហូតដែរ។+ ៣០ ចូរបោះខ្ញុំបម្រើឥតបានការនេះទៅខាងក្រៅក្នុងទីងងឹត។ នៅទីនោះ គាត់នឹងយំ ហើយសង្កៀតធ្មេញ›។
៣១ «ពេលដែលកូនមនុស្ស+មកប្រកបដោយសិរីរុងរឿង ហើយមានទេវតាទាំងឡាយមកជាមួយផង+ នោះលោកនឹងអង្គុយលើបល្ល័ង្កដ៏រុងរឿងរបស់លោក។ ៣២ ប្រជាជាតិទាំងឡាយនឹងត្រូវប្រមូលមកនៅមុខលោក រួចលោកនឹងញែកមនុស្សចេញពីគ្នា ដូចគង្វាលម្នាក់ញែកចៀមចេញពីពពែ។ ៣៣ លោកនឹងដាក់ចៀម+នៅខាងស្ដាំដៃ តែពពែនៅខាងឆ្វេងដៃ។+
៣៤ «រួចមក ស្ដេចនឹងមានប្រសាសន៍ទៅកាន់អ្នកដែលនៅខាងស្ដាំលោកថា៖ ‹អ្នកដែលទទួលពរពីបិតាខ្ញុំអើយ! ចូរមកទទួលរាជាណាចក្រដែលបានត្រូវរៀបចំឲ្យអ្នករាល់គ្នា តាំងពីកំណើតពិភពលោកជាមត៌កចុះ។ ៣៥ ព្រោះកាលខ្ញុំឃ្លាន អ្នករាល់គ្នាបានឲ្យខ្ញុំបរិភោគ កាលខ្ញុំស្រេក អ្នករាល់គ្នាបានឲ្យខ្ញុំផឹក កាលអ្នករាល់គ្នាមិនធ្លាប់ស្គាល់ខ្ញុំ អ្នករាល់គ្នាបានទទួលខ្ញុំយ៉ាងរាក់ទាក់+ ៣៦ កាលខ្ញុំគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាបានឲ្យសម្លៀកបំពាក់ដល់ខ្ញុំ+ កាលខ្ញុំឈឺ អ្នករាល់គ្នាបានថែទាំខ្ញុំ ហើយកាលខ្ញុំជាប់គុក អ្នករាល់គ្នាបានមកសួរសុខទុក្ខខ្ញុំ›។+ ៣៧ រួចមក មនុស្សសុចរិតនឹងតបឆ្លើយទៅលោកថា៖ ‹លោកម្ចាស់ តើនៅពេលណាដែលយើងបានឃើញលោកឃ្លានហើយឲ្យលោកបរិភោគ ឬស្រេកហើយឲ្យលោកផឹក?+ ៣៨ តើនៅពេលណាដែលយើងមិនបានស្គាល់លោក តែបានទទួលលោកយ៉ាងរាក់ទាក់ ឬឃើញលោកគ្មានសម្លៀកបំពាក់ ហើយបានឲ្យសម្លៀកបំពាក់ដល់លោក? ៣៩ តើនៅពេលណាដែលយើងឃើញលោកឈឺឬជាប់គុក ហើយបានទៅសួរសុខទុក្ខលោក?›។ ៤០ រួចមក ស្ដេចនឹងមានប្រសាសន៍ទៅពួកគេថា៖ ‹ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ដោយសារអ្នករាល់គ្នាបានធ្វើការទាំងនោះដល់អ្នកតូចបំផុតក្នុងពួកបងប្អូនរបស់ខ្ញុំ នោះក៏ដូចជាបានធ្វើដល់ខ្ញុំដែរ›។+
៤១ «បន្ទាប់មក លោកនឹងមានប្រសាសន៍ទៅអ្នកដែលនៅខាងឆ្វេងលោកថា៖ ‹ពួកអ្នកត្រូវបណ្ដាសាអើយ! ចូរចេញឲ្យឆ្ងាយពីខ្ញុំ+ ហើយទៅក្នុងភ្លើងដែលឆេះជារៀងរហូត+ ដែលបានត្រូវបម្រុងទុកសម្រាប់មេកំណាច* និងបណ្ដាទេវតារបស់វា។+ ៤២ ព្រោះខ្ញុំបានឃ្លាន តែអ្នករាល់គ្នាមិនបានឲ្យខ្ញុំបរិភោគទេ ខ្ញុំបានស្រេក តែអ្នករាល់គ្នាក៏មិនបានឲ្យខ្ញុំផឹកដែរ។ ៤៣ កាលអ្នករាល់គ្នាមិនធ្លាប់ស្គាល់ខ្ញុំ អ្នកមិនបានទទួលខ្ញុំយ៉ាងរាក់ទាក់ឡើយ។ កាលខ្ញុំគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាមិនបានឲ្យសម្លៀកបំពាក់ដល់ខ្ញុំទេ ខ្ញុំបានឈឺហើយជាប់គុក តែអ្នករាល់គ្នាមិនបានថែទាំខ្ញុំឡើយ›។ ៤៤ រួចពួកគេក៏នឹងតបឆ្លើយ ដោយពោលពាក្យថា៖ ‹លោកម្ចាស់ តើនៅពេលណាដែលយើងមិនបានស្គាល់លោក ឬឃើញលោកឃ្លាន ឬស្រេក ឬឈឺ ឬជាប់គុក តែមិនបានបម្រើលោក?›។ ៤៥ រួចលោកនឹងឆ្លើយថា៖ ‹ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ដោយសារអ្នករាល់គ្នាមិនបានធ្វើការទាំងនោះដល់អ្នកតូចណាម្នាក់ក្នុងចំណោមអ្នកទាំងនេះ នោះក៏ដូចជាមិនបានធ្វើដល់ខ្ញុំដែរ›។+ ៤៦ មនុស្សទាំងនោះនឹងទទួលសេចក្ដីស្លាប់*ជារៀងរហូត+ តែមនុស្សសុចរិតនឹងបានជីវិតដែលគ្មានទីបញ្ចប់»។+