ជំពូកទី៤៤
លោកយេស៊ូធ្វើឲ្យខ្យល់ព្យុះស្ងប់
ម៉ាថាយ ៨:១៨, ២៣-២៧ ម៉ាកុស ៤:៣៥-៤១ លូកា ៨:២២-២៥
លោកយេស៊ូធ្វើឲ្យខ្យល់ព្យុះស្ងប់នៅសមុទ្រកាលីឡេ
ក្រោយពីបានបំពេញកិច្ចបម្រើពេញមួយថ្ងៃ លោកយេស៊ូពិតជាអស់កម្លាំងណាស់ ហេតុនេះនៅពេលល្ងាចលោកបានមានប្រសាសន៍ទៅអ្នកកាន់តាមលោកថា៖ «ចូរយើងឆ្លងទៅត្រើយម្ខាង» គឺឆ្លងពីតំបន់កាពើណិមទៅត្រើយម្ខាងទៀត។—ម៉ាកុស ៤:៣៥
នៅត្រើយម្ខាងទៀតនាទិសខាងកើតនៃតំបន់កាពើណិម គឺជាតំបន់ហ្គេរ៉ាសា ដែលត្រូវគេស្គាល់ថាជាតំបន់ដេកាប៉ូលផងដែរ។ ទីក្រុងផ្សេងៗក្នុងតំបន់នោះគឺជាមជ្ឈមណ្ឌលវប្បធម៌ជនជាតិក្រិច ប៉ុន្តែជនជាតិយូដាជាច្រើននាក់ក៏រស់នៅទីនោះដែរ។
អ្នកឯទៀតបានដឹងពីការធ្វើដំណើររបស់លោកយេស៊ូចេញពីក្រុងកាពើណិម ដោយសារពេលនោះក៏មានទូកខ្លះៗបានធ្វើដំណើរឆ្លងកាត់សមុទ្រកាលីឡេដែរ។ (ម៉ាកុស ៤:៣៦) តាមពិតការឆ្លងពីត្រើយម្ខាងទៅត្រើយម្ខាងទៀតគឺមិនឆ្ងាយទេ ពីព្រោះសមុទ្រកាលីឡេគឺដូចជាបឹងធំមួយ។ សមុទ្រនោះមានបណ្ដោយ២១គីឡូម៉ែត្រ និងមានទទឹង១២គីឡូម៉ែត្រ ហើយសមុទ្រនោះក៏ជ្រៅដែរ។
បន្ទាប់ពីបានបំពេញកិច្ចបម្រើពេញមួយថ្ងៃ លោកយេស៊ូក៏អស់កម្លាំងដែរ ទោះបីជាលោកជាមនុស្សល្អឥតខ្ចោះក៏ដោយ។ ដូច្នេះពេលដែលអ្នកកាន់តាមលោកចេញទូកពីឆ្នេរ លោកក៏ទម្រេតខ្លួន ហើយសម្រាន្តលក់លើខ្នើយនៅកន្សៃទូក។
ទោះជាពួកសាវ័កខ្លះមានជំនាញក្នុងការបើកទូកក្ដី ប៉ុន្តែការធ្វើដំណើរឆ្លងកាត់សមុទ្រកាលីឡេលើកនេះគឺមិនស្រួលទេ។ ហេតុអ្វី? ពីព្រោះពេលដែលកំពុងធ្វើដំណើរស្រាប់តែកើតមានខ្យល់ព្យុះយ៉ាងខ្លាំង។ នេះដោយសារសមុទ្រកាលីឡេហ៊ុមព័ទ្ធទៅដោយភ្នំដែលមានខ្យល់ត្រជាក់។ ប៉ុន្តែផ្ទៃទឹកសមុទ្រកាលីឡេគឺក្ដៅជាង។ ដូច្នេះជួនកាល ពេលខ្យល់ត្រជាក់ពីភ្នំដែលនៅជុំវិញបក់មកប៉ះនិងផ្ទៃទឹកដែលក្ដៅ នោះបង្កឲ្យមានខ្យល់ព្យុះភ្លាមៗ។ នេះជាអ្វីដែលកំពុងកើតឡើង។ ភ្លាមនោះ ទឹករលកក៏បោកវាយផ្ទប់ទូក រួច«ទឹកក៏ចូលទូកជិតពេញ ហើយពួកគាត់ស្ថិតក្នុងគ្រោះថ្នាក់»។ (លូកា ៨:២៣) តែលោកយេស៊ូនៅតែបន្តសម្រាន្ត!
ពួកបុរសដែលបើកទូកខំប្រឹងយ៉ាងខ្លាំងដើម្បីកាច់ចង្កូតទូកតាមបទពិសោធន៍ដែលពួកគាត់ធ្លាប់ឆ្លងកាត់ខ្យល់ព្យុះកាលពីមុន។ ប៉ុន្តែខ្យល់ព្យុះលើកនេះគឺពិតជាខ្លាំងណាស់មិនដូចខ្យល់ព្យុះលើកមុនទេ។ ដោយសារពួកគាត់ភ័យខ្លាចបាត់បង់ជីវិត នោះពួកគាត់ក៏ដាស់លោកយេស៊ូ ហើយស្រែកឡើងថា៖ «លោកម្ចាស់! សូមសង្គ្រោះយើងផង! យើងជិតវិនាសហើយ!»។ (ម៉ាថាយ ៨:២៥) ពួកអ្នកកាន់តាមលោក ខ្លាចថាពួកគាត់នឹងត្រូវលង់ទឹកស្លាប់!
ពេលដែលលោកយេស៊ូភ្ញាក់ឡើង លោកមានប្រសាសន៍ទៅពួកសាវ័កថា៖ «អ្នករាល់គ្នាដែលមានជំនឿតិច ហេតុអ្វីបានជាខ្លាចដូច្នេះ?»។ (ម៉ាថាយ ៨:២៦) រួចមក លោកស្តីបន្ទោសខ្យល់និងសមុទ្រថា៖ «ចូរស្ងៀមទៅ!»។ (ម៉ាកុស ៤:៣៩) រំពេចនោះ ខ្យល់ដែលបោកបក់កញ្ជ្រោលយ៉ាងខ្លាំងបានឈប់ភ្លាម ហើយសមុទ្រក៏ស្ងប់ទៅវិញ (ម៉ាកុសនិងលូកាបានរៀបរាប់អំពីកំណត់ហេតុដ៏អស្ចារ្យនេះ ដោយបញ្ជាក់ថា មុនដំបូងលោកយេស៊ូបានធ្វើអព្ភូតហេតុឲ្យខ្យល់ព្យុះស្ងប់ទៅ រួចទើបពួកគាត់បញ្ជាក់អំពីការខ្វះជំនឿរបស់ពួកអ្នកកាន់តាម)។
ព្រឹត្ដិការណ៍នេះច្បាស់ជាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើពួកអ្នកកាន់តាមលោក! ពួកគាត់ទើបតែបានឃើញសមុទ្រដែលមានខ្យល់ព្យុះបោកបក់យ៉ាងខ្លាំង ប្រែទៅជាស្ងប់ស្ងាត់វិញក្នុងមួយរំពេច។ ពួកគាត់នឹកស្ញប់ស្ញែងក្នុងចិត្តយ៉ាងខ្លាំង ហើយបានសួរគ្នាថា៖ «តើលោកនេះពិតជាអ្នកណា? សូម្បីតែខ្យល់និងសមុទ្រក៏ស្ដាប់បង្គាប់លោកដែរ»។ ក្រោយមក លោកយេស៊ូនិងពួកអ្នកកាន់តាមបានទៅដល់ត្រើយម្ខាងដោយសុវត្ថិភាព។ (ម៉ាកុស ៤:៤១–៥:១) ចំណែកឯទូកផ្សេងទៀតក៏ទំនងជាបានត្រឡប់ទៅដល់ឆ្នេរខាងលិចវិញដែរ។
ពេលយើងដឹងថាលោកយេស៊ូដែលជាបុត្ររបស់ព្រះមានអំណាចគ្រប់គ្រងលើកម្លាំងធម្មជាតិ គឺពិតជាពង្រឹងទំនុកចិត្តយើងមែន! ពេលដែលលោកប្រើអំណាចគ្រប់គ្រងយ៉ាងពេញលេញក្នុងនាមជាស្តេចនៃរាជាណាចក្ររបស់ព្រះ មនុស្សជាតិទាំងអស់នឹងរស់នៅដោយសុខសាន្ត ពីព្រោះពួកគេនឹងលែងមានគ្រោះថ្នាក់ពីមហន្តរាយធម្មជាតិទៀត!