ជំពូកទី៤៥
លោកមានអំណាចលើពួកវិញ្ញាណកំណាច
ម៉ាថាយ ៨:២៨-៣៤ ម៉ាកុស ៥:១-២០ លូកា ៨:២៦-៣៩
លោកបង្គាប់ពួកវិញ្ញាណកំណាចឲ្យចូលក្នុងសត្វជ្រូក
ក្រោយពីបានជួបប្រទះខ្យល់ព្យុះនៅឯសមុទ្រកាលីឡេ ពួកអ្នកកាន់តាមលោកយេស៊ូភ័យខ្លាចយ៉ាងខ្លាំង។ លុះពេលលោកយេស៊ូនិងអ្នកកាន់តាមទៅដល់ត្រើយម្ខាងទៀត នោះបុរសពីរនាក់ដែលមានវិញ្ញាណកំណាចចូល បានចេញពីទីបញ្ចុះសពមកជួបលោកយេស៊ូ! ប៉ុន្តែ កំណត់ហេតុនេះផ្ដោតទៅលើបុរសតែម្នាក់ប៉ុណ្ណោះ ពីព្រោះគាត់ទំនងជាសាហាវក្រៃលែង ហើយទំនងជាបានត្រូវគ្រប់គ្រងដោយវិញ្ញាណកំណាចយូរជាងបុរសម្នាក់ទៀត។
បុរសដែលគួរឲ្យអាណិតនោះបានដើរចុះឡើងដោយមិនស្លៀកពាក់អ្វីទេ ហើយគាត់ចេះតែស្រែកទាំងយប់ទាំងថ្ងៃ«តាមទីបញ្ចុះសពនិងតាមភ្នំ ហើយយកថ្មមកឆូតសាច់ខ្លួនឯងទៀតផង»។ (ម៉ាកុស ៥:៥) បុរសនោះសាហាវដល់ម្ល៉េះបានជាគ្មានអ្នកណាហ៊ានដើរតាមផ្លូវនោះទេ។ ទោះជាអ្នកខ្លះបានព្យាយាមដាក់ខ្នោះនិងដាក់ច្រវាក់គាត់ជាច្រើនដងក៏ដោយ ប៉ុន្តែគាត់តែងតែផ្ដាច់ច្រវាក់និងបំបាក់ខ្នោះទាំងនោះ ហើយគ្មានអ្នកណាមានកម្លាំងល្មមនឹងចាប់សង្កត់គាត់បានឡើយ។
ពេលដែលបុរសនោះចូលទៅជិតលោកយេស៊ូ គាត់លំឱនកាយពីមុខលោក ហើយពួកវិញ្ញាណកំណាចដែលគ្រប់គ្រងគាត់ធ្វើឲ្យគាត់ស្រែកឡើងថា៖ «តើលោកមករំខានខ្ញុំធ្វើអ្វី? លោកត្រូវស្បថនៅមុខព្រះថា លោកនឹងមិនធ្វើទារុណកម្មខ្ញុំឡើយ»។ បន្ទាប់មក លោកយេស៊ូបង្ហាញថាលោកមានអំណាចលើពួកវិញ្ញាណកំណាច ដោយបង្គាប់វាថា៖ «វិញ្ញាណអសោច! ចូរចេញពីបុរសនោះទៅ»។—ម៉ាកុស ៥:៧, ៨
តាមពិត ពួកវិញ្ញាណកំណាចជាច្រើនបានចូលបុរសនោះ។ ហេតុអ្វីយើងដឹង? ពីព្រោះពេលលោកយេស៊ូសួរវិញ្ញាណកំណាចនោះថា៖ «តើអ្នកឈ្មោះអ្វី?» នោះវាឆ្លើយថា៖ «ខ្ញុំឈ្មោះកងពល ពីព្រោះយើងមានគ្នាច្រើន»។ (ម៉ាកុស ៥:៩) ជាឧទាហរណ៍ ដូចកងពលមួយរបស់ទាហានរ៉ូមដែលមានកូនទាហានរាប់ពាន់នាក់ នោះកងពលមួយរបស់វិញ្ញាណកំណាចក៏មានគ្នាច្រើនដែរ។ ពួកវាបានព្រួតគ្នាធ្វើទុក្ខបុរសនោះ ហើយពួកវាសប្បាយចិត្តពេលឃើញបុរសនោះឈឺចាប់។ ក្រោយមក ពួកវាអង្វរលោកយេស៊ូ«កុំបង្គាប់ពួកវាឲ្យទៅក្នុងទីជ្រៅបំផុតឡើយ»។ ពួកវាអង្វរដូច្នេះ ដោយសារពួកវាទំនងជាដឹងថានេះជាអ្វីដែលនឹងកើតឡើងចំពោះពួកវានិងសាថានដែលជាអ្នកដឹកនាំ។—លូកា ៨:៣១
នៅឯវាលក្បែរនោះមានហ្វូងសត្វជ្រូកប្រហែលជា២.០០០ក្បាល។ យោងតាមច្បាប់ម៉ូសេ សត្វជ្រូកគឺជាសត្វដែលមិនស្អាត ហើយជនជាតិយូដាមិនគួរចិញ្ចឹមសត្វជ្រូកទេ។ ពេលឃើញហ្វូងជ្រូកទាំងនោះ ពួកវិញ្ញាណកំណាចនិយាយទៅលោកយេស៊ូថា៖ «សូមបញ្ជូនយើងទៅក្នុងជ្រូកទាំងនោះ ដើម្បីយើងអាចចូលទៅក្នុងវាបាន»។ (ម៉ាកុស ៥:១២) បន្ទាប់មក លោកយេស៊ូអនុញ្ញាតឲ្យពួកវាចូលទៅក្នុងហ្វូងជ្រូក។ ពួកវាក៏ធ្វើដូច្នោះ រួចភ្លាមនោះហ្វូងជ្រូក ប្រមាណ២.០០០ក្បាល បានបោលទៅធ្លាក់ច្រាំងចោតចូលក្នុងសមុទ្រ ហើយលង់ទឹកងាប់អស់។
ពេលអ្នកឃ្វាលសត្វទាំងនោះឃើញដូច្នេះ ពួកគេបានរត់ទៅប្រាប់មនុស្សនៅក្រុង និងនៅជនបទ រួចមនុស្សបានមកមើលឲ្យដឹងថាមានអ្វីកើតឡើង។ ពេលពួកគេមកដល់ ពួកគេបានឃើញបុរសដែលធ្លាប់មានពួកវិញ្ញាណកំណាចចូល កំពុងអង្គុយជិតជើងលោកយេស៊ូដោយមានសម្លៀកបំពាក់ ព្រមទាំងលែងវង្វេងស្មារតីទៀតផង។
មនុស្សដែលបានឮ ឬបានឃើញហេតុការណ៍នេះ ភ័យខ្លាចយ៉ាងខ្លាំង។ តាមទស្សនៈរបស់ពួកគេ ពួកគេព្រួយបារម្ភអំពីអ្វីផ្សេងទៀតដែលលោកយេស៊ូនឹងធ្វើ។ ហេតុនេះ ពួកគេសុំឲ្យលោកយេស៊ូចាកចេញពីតំបន់ពួកគេ។ បន្ទាប់មក ពេលដែលលោកកំពុងចូលក្នុងទូក នោះបុរសដែលធ្លាប់មានវិញ្ញាណកំណាចចូលបានចាប់ផ្ដើមអង្វរសុំទៅតាមលោក។ ប៉ុន្តែ លោកយេស៊ូប្រាប់បុរសនោះថា៖ «ចូរត្រឡប់ទៅផ្ទះវិញ ហើយប្រាប់ញាតិសន្ដានរបស់អ្នកអំពីអ្វីៗដែលព្រះយេហូវ៉ាបានធ្វើដើម្បីអ្នក និងអំពីរបៀបដែលលោកបានមេត្ដាចំពោះអ្នក»។—ម៉ាកុស ៥:១៩
តាមធម្មតា លោកយេស៊ូបង្គាប់អ្នកដែលលោកបានធ្វើឲ្យជាសះស្បើយថា កុំប្រាប់អ្នកណាឲ្យសោះ ពីព្រោះលោកមិនចង់ឲ្យមនុស្សសន្និដ្ឋានអំពីលោកដោយផ្អែកលើព័ត៌មានដែលមនុស្សនិយាយពីមាត់មួយទៅមាត់មួយនោះទេ។ ប៉ុន្តែក្នុងករណីនេះ លោកបង្គាប់បុរសដែលធ្លាប់មានវិញ្ញាណកំណាចចូល ឲ្យប្រាប់អ្នកឯទៀតអំពីការអស្ចារ្យនោះ។ ហេតុអ្វី? ពីព្រោះបុរសនោះគឺជាសាក្សីបញ្ជាក់ថាលោកយេស៊ូមានឫទ្ធានុភាពលើពួកវិញ្ញាណកំណាច ហើយគាត់អាចផ្សាយប្រាប់មនុស្សឯទៀតដែលលោកយេស៊ូមិនអាចទៅជួបដោយផ្ទាល់បាន។ ម្យ៉ាងទៀត បុរសនោះអាចធ្វើការបញ្ជាក់ដោយពន្យល់បណ្ដាជនយ៉ាងច្បាស់អំពីមូលហេតុដែលហ្វូងជ្រូកបានលង់ទឹកងាប់ ដើម្បីកុំឲ្យមានការភាន់ច្រឡំឡើយ។ ម្ល៉ោះហើយ បុរសនោះបានចេញទៅ រួចចាប់ផ្ដើមប្រកាសពេញតំបន់ដេកាប៉ូល អំពីអ្វីៗដែលលោកយេស៊ូបានធ្វើដើម្បីគាត់។