ចូរព្រមទទួលព្រះគម្ពីរតាមភាពដ៏ពិតនោះចុះ
«ដោយហេតុនេះទៀត បានជាយើងខ្ញុំអរព្រះគុណដល់ព្រះឥតមានដាច់ គឺដោយព្រោះកាលអ្នករាល់គ្នាបានទទួលព្រះបន្ទូល ជាដំណឹងពីព្រះ ដោយសារយើងខ្ញុំនោះ មិនបានទទួលទុកដូចជាពាក្យរបស់មនុស្សទេ បានទទួលតាមភាពដ៏ពិតនៃដំណឹងនោះវិញ គឺជាព្រះបន្ទូលនៃព្រះ ដែលបណ្ដាលមកក្នុងអ្នករាល់គ្នាជាពួកអ្នកជឿ»។—ថែស្សាឡូនីចទី១ ២:១៣
១. តើមានពត៌មានយ៉ាងណាខ្លះនៅក្នុងព្រះគម្ពីរ ដែលធ្វើឲ្យសៀវភៅនេះពិតជាអស្ចារ្យមែននោះ?
ព្រះគម្ពីរបរិសុទ្ធជាសៀវភៅមួយដែលបានបកប្រែមក ហើយបានចែកចាយពាសពេញពិភពលោក។ មនុស្សជាច្រើនបានទទួលស្គាល់ថាព្រះគម្ពីរជាស្នាដៃដ៏ឆ្នើមមួយនៃប្រកាសនវត្ថុ។ ប៉ុន្តែ អ្វីដែលសំខាន់ជាងនោះទៅទៀតគឺថា ព្រះគម្ពីរអាចផ្ដល់ឲ្យការណែនាំដែលមនុស្សគ្រប់សាសន៍គ្រប់សញ្ជាតិត្រូវការជាបន្ទាន់ មិនថាពួកគេមានអាជីពឬឋានៈយ៉ាងណាក្នុងជីវិតឡើយ។ (វិវរណៈ ១៤:៦, ៧) តាមរបៀបដែលធ្វើឲ្យចិត្តនិងគំនិតស្កប់ស្កល់នោះ ព្រះគម្ពីរក៏ឆ្លើយនឹងសំនួរទាំងឡាយដូចជា៖ តើគោលបំណងនៃជីវិតរបស់មនុស្សជាអ្វី? (លោកុប្បត្តិ ១:២៨; វិវរណៈ ៤:១១) ហេតុអ្វីក៏រដ្ឋាភិបាលរបស់មនុស្សមិនអាចធ្វើឲ្យមានសន្ដិភាពនិងសន្ដិសុខជាស្ថាពរបាននោះ? (យេរេមា ១០:២៣; វិវរណៈ ១៣:១, ២) ហេតុអ្វីក៏មនុស្សស្លាប់អញ្ចឹង? (លោកុប្បត្តិ ២:១៥-១៧; ៣:១-៦; រ៉ូម ៥:១២) នៅក្នុងលោកីយ៍ដែលមានបញ្ហានេះ តើយើងអាចមានជ័យជំនះទៅលើបញ្ហាទាំងឡាយនៃជីវិតយ៉ាងណាបាន? (ទំនុកដំកើង ១១៩:១០៥; សុភាសិត ៣:៥, ៦) តើអនាគតមានយ៉ាងណាដែរសំរាប់យើង?—ដានីយ៉ែល ២:៤៤; វិវរណៈ ២១:៣-៥
២. ហេតុអ្វីក៏ព្រះគម្ពីរផ្ដល់នូវចម្លើយដ៏គួរឲ្យទុកចិត្តបានចំពោះសំនួររបស់យើង?
២ ហេតុអ្វីក៏ព្រះគម្ពីរឆ្លើយនឹងសំនួរបែបនេះយ៉ាងប្រាកដប្រជាម្ល៉េះ? ពីព្រោះព្រះគម្ពីរជាពាក្យបន្ទូលរបស់ព្រះ។ ទ្រង់បានប្រើមនុស្សឲ្យសរសេរ ប៉ុន្តែដូចជាបានចែងយ៉ាងច្បាស់មកនៅធីម៉ូថេទី២ ៣:១៦៖ «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ»។ នេះមិនមែនជាផលិតផលនៃការបកស្រាយផ្ទាល់ខ្លួននៃព្រឹត្ដិការណ៍របស់មនុស្សណាម្នាក់ឡើយ។ «ដ្បិតសេចក្ដីទំនាយ[នៃការថ្លែងដែលនឹងមក បញ្ជារបស់ព្រះ បមាណីយសីលធម៌របស់ព្រះគម្ពីរ]មិនដែលមក ដោយបំណងចិត្តមនុស្សទេ គឺជាមនុស្សបរិសុទ្ធរបស់ព្រះ ដែលបានទាយដោយសារព្រះវិញ្ញាណបរិសុទ្ធទ្រង់បណ្ដាលវិញ»។—ពេត្រុសទី២ ១:២១
៣. (ក) ចូរឲ្យឧទាហរណ៍ដែលបង្ហាញនូវរបៀបដែលមនុស្សនៅក្នុងប្រទេសជាច្រើន បានចាត់ទុកព្រះគម្ពីរជារបស់ដ៏មានតម្លៃក្រៃលែងនោះ។ (ខ) ហេតុអ្វីក៏មានបុគ្គលខ្លះប្រថុយជីវិតរបស់គេដើម្បីនឹងអានព្រះគម្ពីរនោះ?
៣ ដោយអបអរនឹងតម្លៃនៃព្រះគម្ពីរ មនុស្សជាច្រើនបានប្រថុយជាប់គុក សូម្បីតែទាំងស្លាប់ផង ដើម្បីឲ្យបានមានព្រះគម្ពីរមកអានជារបស់ផងខ្លួន។ នេះជាការជាក់ស្តែងណាស់ ពីព្រោះជាច្រើនឆ្នាំកន្លងមកនេះនៅក្នុងប្រទេសអេស្ប៉ាញដែលមនុស្សជាច្រើនកាន់សាសនាកាតូលិក ពួកបព្វជិតនៅទីនោះបានខ្លាចថាឥទ្ធិពលរបស់គេនឹងបានទន់ខ្សោយ បើសិនជាមនុស្សអានព្រះគម្ពីរក្នុងភាសារបស់គេ។ នៅប្រទេសអាល់បានីក៏អញ្ចឹងដែរ ដែលនៅក្រោមរបបដែលមិនជឿព្រះ គេបានចាត់វិធានការដ៏តឹងរ៉ឹង ដើម្បីនឹងបញ្ចប់ឥទ្ធិពលនៃសាសនាទាំងអស់។ ប៉ុន្តែ បុគ្គលដែលកោតខ្លាចដល់ព្រះបានចាត់ទុកព្រះគម្ពីរថាជារបស់ដ៏មានតម្លៃក្រៃលែង ដោយអានព្រះគម្ពីរ ហើយចែកគ្នាអានទៅវិញទៅមក។ ក្នុងកំឡុងសង្គ្រាមលោកលើកទី២ នៅក្នុងបន្ទាយឃុំឃាំងមនុស្សឈ្មោះសាកសិនហៃសិន មានគេហុចព្រះគម្ពីរពីបន្ទប់មួយទៅបន្ទប់មួយដោយប្រយ័ត្នប្រយែង (ថ្វីបើត្រូវហាមឃាត់មិនឲ្យធ្វើក្ដី) ហើយអស់អ្នកដែលបានទទួលនោះ ក៏បានទន្ទេញមួយផ្នែកនៃព្រះគម្ពីរ ដើម្បីនឹងនិយាយប្រាប់ដល់អ្នកផ្សេងទៀត។ ក្នុងកំឡុងឆ្នាំ១៩៥០ ប្រទេសអាល្លីម៉ង់ខាងកើតជាប្រទេសកុម្មុយនិស្ត ចំពោះស្មរបន្ទាល់ព្រះយេហូវ៉ាដែលត្រូវបានគេចាប់ដាក់គុកដោយសារជំនឿរបស់គេនោះ បានប្រថុយជាប់ការឃុំឃាំងស្ងាត់ដាច់ពីគេដ៏យូរ កាលដែលគេបានហុចឲ្យផ្នែកតូចៗនៃព្រះគម្ពីរទៅអ្នកជាប់គុកម្នាក់ទៀត សំរាប់ការអាននៅពេលយប់នោះ។ ហេតុអ្វីក៏ពួកគេធ្វើដូច្នេះ? ពីព្រោះពួកគេបានដឹងថាព្រះគម្ពីរជាពាក្យបន្ទូលរបស់ព្រះ ហើយពួកគេបានដឹងថា«មនុស្សមិនមែនរស់ ដោយសារតែនំប៉័ងប៉ុណ្ណោះទេ» ប៉ុន្តែ«គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋនៃព្រះយេហូវ៉ាមកដែរ»។ (ចោទិយកថា ៨:៣) ពាក្យបន្ទូលទាំងនេះដែលបានកត់ទុកនៅក្នុងព្រះគម្ពីរ បានជួយស្មរបន្ទាល់ទាំងនោះឲ្យបាននៅរស់ខាងវិញ្ញាណ ថ្វីបើនៅក្រោមអំណាចដ៏ឃោរឃៅយ៉ាងខ្លាំងក្ដី។
៤. តើព្រះគម្ពីរត្រូវមានការសំខាន់យ៉ាងណាក្នុងជីវិតរបស់យើង?
៤ ព្រះគម្ពីរមិនមែនជាសៀវភៅ ដែលគ្រាន់តែដាក់នៅលើធ្នើរសំរាប់ការប្រើយូរៗម្ដងនោះទេ ឬក៏គ្រាន់តែសំរាប់យកមកប្រើនៅពេលមកជួបជុំគ្នាដើម្បីនឹងថ្វាយបង្គំនោះដែរទេ។ ជារៀងរាល់ថ្ងៃគឺត្រូវតែយកព្រះគម្ពីរមកប្រើដើម្បីនឹងបញ្ចេញពន្លឺទៅលើស្ថានការណ៍ដែលយើងជួបប្រទះ ហើយដើម្បីនឹងបង្ហាញយើងនូវផ្លូវត្រឹមត្រូវដែលយើងត្រូវដើរ។—ទំនុកដំកើង ២៥:៤, ៥
បានមានបំណងមកដើម្បីឲ្យអានហើយឲ្យបានយល់
៥. (ក) បើសិនជាអាចធ្វើទៅបាន តើយើងម្នាក់ៗត្រូវមានអ្វី? (ខ) នៅអ៊ីស្រាអែលពីសម័យបុរាណ តើតាមរបៀបណាដែលបណ្ដាជនស្វែងរកនូវអ្វីៗដែលមានក្នុងព្រះគម្ពីរនោះ? (គ) តើទំនុកដំកើង ១៩:៧-១១ មានឥទ្ធិពលទៅលើអាកប្បកិរិយារបស់អ្នកយ៉ាងណា ចំពោះការអានព្រះគម្ពីរ?
៥ នៅក្នុងសម័យយើង គឺមានព្រះគម្ពីរជាច្រើនក្បាលនៅក្នុងប្រទេសទាំងឡាយ ហើយយើងសូមដាស់តឿនអ្នកអានទស្សនាវដ្ដីប៉មយាមគ្រប់ៗគ្នាឲ្យមានព្រះគម្ពីរមួយក្បាល។ ក្នុងកំឡុងពេលដែលព្រះគម្ពីរបានសរសេរមកនោះ គឺពុំមានម៉ាស៊ីនបោះពុម្ពទេ។ មនុស្សទូទៅពុំមានព្រះគម្ពីរផ្ទាល់ខ្លួនឡើយ។ ប៉ុន្តែ ព្រះយេហូវ៉ាបានរៀបចំឲ្យពួកអ្នកបំរើរបស់ទ្រង់បានឮនូវអ្វីៗដែលបានសរសេរមក។ ដូច្នេះ នៅនិក្ខមនំ ២៤:៧ រាយការណ៍ថាក្រោយពីម៉ូសេបានសរសេរនូវអ្វីៗដែលព្រះយេហូវ៉ាបានបង្គាប់មកនោះ គាត់ក៏«យកសៀវភៅសញ្ញាមកអាន មើលឲ្យបណ្ដាជនស្ដាប់»។ ដោយបានឃើញនូវការសម្ដែងអធិធម្មជាតិនៅលើភ្នំស៊ីណាយ ពួកគេបានទទួលស្គាល់ថាអ្វីៗដែលម៉ូសេបានអានឲ្យគេស្ដាប់នោះ គឺមកពីព្រះ ហើយថាពួកគេត្រូវការឲ្យបានដឹងឮអំពីពត៌មានទាំងនោះ។ (និក្ខមនំ ១៩:៩, ១៦-១៩; ២០:២២) យើងក៏ត្រូវការដឹងនូវអ្វីៗដែលបានកត់ទុកក្នុងពាក្យបន្ទូលរបស់ព្រះដែរ។—ទំនុកដំកើង ១៩:៧-១១
៦. (ក) មុននឹងសាសន៍អ៊ីស្រាអែលចូលទៅក្នុងស្រុកដែលបានសន្យាមកនោះ តើម៉ូសេបានធ្វើអ្វី? (ខ) តើយើងអាចយកគំរូតាមលោកម៉ូសេដោយដូចម្ដេច?
៦ កាលដែលសាសន៍អ៊ីស្រាអែលបានប្រុងប្រៀបឆ្លងទន្លេយ័រដាន់ដើម្បីនឹងចូលទៅស្រុកដែលបានសន្យាមកនោះ ដោយចាកចេញពីជីវភាពនៅក្នុងទីរហោស្ថាន ជាការត្រឹមត្រូវណាស់ ដែលពួកគេត្រូវពិនិត្យមើលច្បាប់របស់ព្រះយេហូវ៉ានិងការប្រព្រឹត្តរបស់ទ្រង់ជាមួយពួកគេសាឡើងវិញ។ ដោយព្រះវិញ្ញាណរបស់ព្រះបានបណ្ដាលនោះ ម៉ូសេក៏ពិនិត្យមើលច្បាប់ជាមួយពួកគេសាឡើងវិញ។ គាត់បានរំឭកគេអំពីច្បាប់ ហើយក៏បានបញ្ជាក់នូវគោលការណ៍និងអាកប្បកិរិយាដ៏សំខាន់ ដែលគួរតែមានអានុភាពទៅលើទំនាក់ទំនងរបស់គេជាមួយព្រះយេហូវ៉ា។ (ចោទិយកថា ៤:៩, ៣៥; ៧:៧, ៨; ៨:១០-១៤; ១០:១២, ១៣) កាលដែលយើងនៅសព្វថ្ងៃនេះចាប់ផ្ដើមយកកិច្ចការឬជួបប្រទះស្ថានការណ៍ថ្មីក្នុងជីវិតនោះ ជាការដ៏មានប្រយោជន៍ណាស់ ដែលយើងត្រូវពិចារណានូវរបៀបដែលសេចក្ដីទូន្មានពីព្រះគម្ពីរគួរតែមានឥទ្ធិពលទៅលើអ្វីដែលយើងកំពុងតែធ្វើ។
៧. មិនយូរប៉ុន្មានក្រោយពីពួកអ៊ីស្រាអែលបានឆ្លងទន្លេយ័រដាន់ តើមានអ្វីដែលបានធ្វើឡើងដើម្បីឲ្យគេចាំច្បាប់របស់ព្រះយេហូវ៉ានៅក្នុងគំនិតនិងចិត្តរបស់គេនោះ?
៧ មិនយូរប៉ុន្មានក្រោយពីពួកអ៊ីស្រាអែលបានឆ្លងទន្លេយ័រដាន់ ពួកបណ្ដាជនបានមកជួបជុំគ្នាម្ដងទៀតដើម្បីនឹងពិនិត្យមើលសាឡើងវិញនូវអ្វីៗដែលព្រះយេហូវ៉ាបានមានបន្ទូលប្រាប់គេ តាមរយៈម៉ូសេ។ សាសន៍ទាំងមូលបានមកផ្ដុំគ្នាប្រមាណ៥០គ.ម.ឈៀងខាងជើងនៃទីក្រុងយេរូសាឡិម។ កុលសម្ព័ន្ធមួយចំហៀងបានឈរនៅខាងមុខភ្នំអេបាល ហើយមួយចំហៀងទៀតឈរនៅខាងមុខភ្នំកេរិស៊ីម។ នៅទីនោះ យ៉ូស្វេ«អានមើលអស់ទាំងពាក្យនៃក្រិត្យវិន័យ ទោះទាំងព្រះពរ នឹងសេចក្ដីបណ្ដាសាទាំងប៉ុន្មានផង»។ ដូច្នេះពួកបុរស ពួកស្ត្រី និងពួកក្មេងៗ ព្រមទាំងពួកអ្នកប្រទេសក្រៅ បានឮការថ្លែងសាឡើងវិញនៃច្បាប់ចំពោះចរិយា ដែលធ្វើឲ្យព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យ ហើយបានឮអំពីប្រសិទ្ធិពរដែលគេនឹងទទួល បើសិនជាពួកគេបានគោរពស្ដាប់បង្គាប់ព្រះយេហូវ៉ានោះ។ (យ៉ូស្វេ ៨:៣៤, ៣៥) ពួកគេត្រូវការដឹងឲ្យបានច្បាស់លាស់នូវអ្វីដែលល្អនិងអ្វីដែលអាក្រក់ពីទស្សនៈរបស់ព្រះយេហូវ៉ា។ ម្យ៉ាងវិញទៀត ពួកគេត្រូវតែឆ្លាក់ក្នុងចិត្តរបស់គេ ដោយស្រឡាញ់នូវអ្វីដែលល្អ និងស្អប់នូវអ្វីដែលអាក្រក់ ហើយយើងសព្វថ្ងៃនេះក៏ត្រូវតែធ្វើដូច្នេះដែរ។—ទំនុកដំកើង ៩៧:១០; ១១៩:១០៣,១០៤; អេម៉ុស ៥:១៥
៨. តើការអានពាក្យបន្ទូលរបស់ព្រះ នៅក្នុងសាលាប្រជុំនៃសាសន៍អ៊ីស្រាអែលមានផលប្រយោជន៍យ៉ាងណាដែរ?
៨ ក្រៅពីការអាននៃច្បាប់នៅគ្រាដ៏សំខាន់ទាំងនោះ គឺមានសំវិធានការសំរាប់ការអានពាក្យបន្ទូលរបស់ព្រះឲ្យបានទៀងទាត់ ដែលបានផ្ដល់នូវចំណុចដ៏សំខាន់ៗក្នុងចោទិយកថា ៣១:១០-១២។ រៀងរាល់ឆ្នាំទីប្រាំពីរ សាសន៍ទាំងមូលត្រូវតែមកជួបជុំគ្នាដើម្បីស្ដាប់ការអានពាក្យបន្ទូលរបស់ព្រះ។ ការនេះគឺសំរាប់ផ្ដល់អាហារខាងវិញ្ញាណដល់ពួកគេ។ នេះធ្វើឲ្យគេចងចាំកិច្ចសន្យានៅក្នុងគំនិតនិងចិត្តរបស់គេ អំពីពូជ ហើយនេះជាការដឹកនាំពួកស្មោះត្រង់ទៅព្រះមេស្ស៊ី។ ការរៀបចំចំពោះការបំប៉នខាងវិញ្ញាណដែលបានផ្ដើមឡើង នៅពេលពួកអ៊ីស្រាអែលនៅក្នុងទីរហោស្ថាននោះ មិនបានឈប់អនុវត្តឡើយ នៅពេលដែលពួកគេបានចូលក្នុងស្រុកដែលបានសន្យាមកនោះ។ (កូរិនថូសទី១ ១០:៣, ៤) ផ្ទុយទៅវិញ ពាក្យបន្ទូលរបស់ព្រះបានធ្វើឲ្យមានខ្លឹមសារឡើង ដោយរួមបញ្ចូលការបញ្ចេញឲ្យដឹងថែមទៀតអំពីពួកព្យាការី។
៩. (ក) តើពួកអ៊ីស្រាអែលអានព្រះគម្ពីរនៅតែពេលណាដែលពួកគេមកជួបជុំគ្នាតែប៉ុណ្ណោះទេឬ? សូមពន្យល់។ (ខ) តើតាមរបៀបណាដែលពួកក្រុមគ្រួសារបានទទួលបញ្ជាពីព្រះគម្ពីរ ហើយសំរាប់គោលបំណងអ្វី?
៩ ការពិនិត្យមើលពាក្យបន្ទូលរបស់ព្រះសាឡើងវិញ មិនមែនមានតែនៅគ្រាដែលបណ្ដាជនមកជួបជុំគ្នាប៉ុណ្ណោះទេ។ ផ្នែកខ្លះនៃពាក្យបន្ទូលរបស់ព្រះ និងគោលការណ៍ដែលតំណាងនៅក្នុងនោះ បានតម្រូវឲ្យពិភាក្សាជារៀងរាល់ថ្ងៃ។ (ចោទិយកថា ៦:៤-៩) នៅកន្លែងជាច្រើននៅសព្វថ្ងៃនេះ ពួកក្មេងៗអាចមានព្រះគម្ពីរជារបស់ផ្ទាល់ខ្លួន ហើយជាការសំខាន់ណាស់ដែលពួកគេបានមាននោះ។ ប៉ុន្តែនៅអ៊ីស្រាអែលពីសម័យបុរាណ គឺមិនមែនដូច្នេះទេ។ នៅពេលនោះ កាលដែលមាតាបីតាបានបង្រៀនពីពាក្យបន្ទូលរបស់ព្រះ គេត្រូវតែទុកចិត្តទៅលើអ្វីៗដែលបានទន្ទេញ ហើយទៅលើសេចក្ដីពិតដែលគេស្រឡាញ់ក្នុងចិត្តរបស់គេ រួមទាំងការដកស្រង់ដ៏តូចណាក្ដី ដែលពួកគេបានសរសេរចុះទុកនោះ។ ដោយការនិយាយឡើងវិញដ៏ញឹកញាប់នោះ ពួកគេនឹងធ្វើឲ្យកូនចៅរបស់គេស្រឡាញ់ព្រះយេហូវ៉ានិងផ្លូវរបស់ទ្រង់។ នេះមិនមែនមានគោលបំណងឲ្យមានតែចំណេះវិជ្ជាពេញខួរក្បាលទេ ប៉ុន្តែដើម្បីនឹងជួយសមាជិកនៃក្រុមគ្រួសារនិមួយៗឲ្យរស់នៅតាមរបៀបដែលសម្ដែងសេចក្ដីស្រឡាញ់សំរាប់ព្រះយេហូវ៉ានិងពាក្យបន្ទូលរបស់ទ្រង់។—ចោទិយកថា ១១:១៨, ១៩, ២២, ២៣
ការអានព្រះគម្ពីរនៅក្នុងសាលាប្រជុំ
១០, ១១. តើកម្មវិធីនៃការអានព្រះគម្ពីរមួយណាដែលបានធ្វើតាមនៅក្នុងសាលាប្រជុំ ហើយតើព្រះយេស៊ូមានទស្សនៈយ៉ាងណាដែរអំពីគ្រានេះ?
១០ មិនយូរប៉ុន្មានក្រោយពីពួកសាសន៍យូដាបានគេយកជាឈ្លើយទៅស្រុកបាប៊ីឡូន សាលាប្រជុំត្រូវបានស្ថាបនាឡើងជាកន្លែងសំរាប់ការថ្វាយបង្គំ។ ដើម្បីឲ្យពាក្យបន្ទូលរបស់ព្រះអាចអានបានហើយពិភាក្សានៅកន្លែងប្រជុំទាំងអស់នោះ ព្រះគម្ពីរជាច្រើនក្បាលទៀតត្រូវបានចម្លងមក។ នេះជាកត្ដាចំពោះការគង់វង់នៃឯកសារដៃពីបុរាណដែលមានប្រមាណ៦.០០០ដែលមានផ្នែកនៃបទគម្ពីរភាសាហេព្រើរ។
១១ ផ្នែកមួយដ៏សំខាន់នៃសាលាប្រជុំនោះ គឺការអានច្បាប់ថូរ៉ា ដែលស្មើនឹងសៀវភៅប្រាំដំបូងនៃព្រះគម្ពីរសម័យថ្មី។ នៅកិច្ចការ ១៥:២១ រាយការណ៍ថានៅសតវត្សទីមួយ ស.យ. ការអានបែបនេះបានធ្វើឡើងរៀងរាល់ថ្ងៃសំរាក ហើយម៉ីសណាបង្ហាញថាមកដល់សតវត្សទីពីរ ក៏មានការអាចច្បាប់ថូរ៉ានៅថ្ងៃទីពីរនិងទីប្រាំនៃសប្ដាហ៍ដែរ។ មានបុគ្គលមួយចំនួនបានចូលរួមចែកគ្នាអានផ្នែកដែលចាត់មកដោយបន្តគ្នា។ ទំនៀមទំលាប់របស់សាសន៍យូដាដែលរស់នៅក្នុងស្រុកបាប៊ីឡូន គឺឲ្យអានច្បាប់ថូរ៉ាឲ្យបានចប់រៀងរាល់ឆ្នាំ។ ទំនៀមទំលាប់នៅស្រុកប៉ាឡាស្តែនបានតម្រូវឲ្យអានក្នុងកំឡុងពេលបីឆ្នាំ។ ផ្នែកនៃព្រះគម្ពីរដែលមានការសរសេររបស់ពួកព្យាការី ក៏ត្រូវបានអានហើយពន្យល់ឲ្យដឹងដែរ។ ជាទំនៀមទំលាប់ ព្រះយេស៊ូតែងតែមានវត្តមាននៅពេលមានកម្មវិធីអានព្រះគម្ពីរនៅថ្ងៃសំរាក នៅកន្លែងដែលទ្រង់រស់នៅ។—លូកា ៤:១៦-២១
ការប្រព្រឹត្តតបនិងអនុវត្តផ្ទាល់ខ្លួន
១២. (ក) នៅពេលដែលម៉ូសេអានច្បាប់ជូនពួកបណ្ដាជន តើពួកគេបានមានប្រយោជន៍យ៉ាងដូចម្ដេច? (ខ) តើពួកបណ្ដាជនប្រព្រឹត្តតបយ៉ាងណា?
១២ ការអានព្រះគម្ពីរដែលព្រះបានបណ្ដាលមកនោះ មិនមែនធ្វើឡើងដោយគ្រាន់តែបង្គ្រប់កិច្ចប៉ុណ្ណោះទេ។ នេះមិនបានធ្វើឡើងដើម្បីនឹងគាប់ការចង់ដឹងរបស់មនុស្សឡើយ។ នៅពេលដែលម៉ូសេអាន‹សៀវភៅនៃកិច្ចព្រមព្រៀង›ជូនពួកអ៊ីស្រាអែលនៅទីវាលទល់មុខភ្នំស៊ីណាយ គាត់បានធ្វើឡើងដើម្បីឲ្យពួកគេដឹងអំពីភារកិច្ចរបស់គេចំពោះព្រះ ហើយឲ្យបំពេញភារកិច្ចទាំងនេះ។ តើពួកគេនឹងធ្វើទេ? ការអានគឺបានតម្រូវឲ្យមានការប្រព្រឹត្តតប។ ពួកបណ្ដាជនបានទទួលស្គាល់អំពីរឿងនេះ ហើយគេក៏និយាយឡើងថា៖ «យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់អស់ទាំងសេចក្ដី ដែលព្រះយេហូវ៉ាបានមានបន្ទូលមក ហើយនឹងស្ដាប់បង្គាប់គ្រប់ចំពូកផង»។—និក្ខមនំ ២៤:៧; ប្រៀបធៀប និក្ខមនំ ១៩:៨; ២៤:៣
១៣. នៅពេលដែលយ៉ូស្វេអានពាក្យបណ្ដាសាចំពោះការមិនគោរពស្ដាប់បង្គាប់ដល់ព្រះនោះ តើពួកបណ្ដាជនត្រូវធ្វើយ៉ាងណា ហើយដោយមានគោលដៅយ៉ាងណាដែរ?
១៣ នៅពេលក្រោយមក កាលដែលយ៉ូស្វេបានអានប្រាប់ជូនសាសន៍នូវកិច្ចសន្យាអំពីប្រសិទ្ធិពរនិងការបណ្ដាសា ពួកគេបានតម្រូវឲ្យប្រព្រឹត្តតប។ ក្រោយពីការបណ្ដាសានិមួយៗ ក៏បានផ្ដល់ឲ្យការបញ្ជា៖ «នោះបណ្ដាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន»។ (ចោទិយកថា ២៧:៤-២៦) ដូច្នេះ ដោយបានពិចារណាចំណុចនិមួយៗ ពួកគេបានសម្ដែងការយល់ស្របនឹងការកាត់ទោសរបស់ព្រះយេហូវ៉ានៃការប្រព្រឹត្តខុស។ គឺច្បាស់ជាមានព្រឹត្ដិការណ៍ដ៏គួរឲ្យរំភើបមែន នៅពេលដែលសាសន៍ទាំងមូលបាននិយាយការយល់ស្របយ៉ាងដូចផ្គរលាន់នោះ!
១៤. នៅសម័យនេហេមា ហេតុអ្វីក៏អានច្បាប់តាមសាធារណៈជាការដ៏មានប្រយោជន៍នោះ?
១៤ នៅក្នុងសម័យរបស់លោកនេហេមា នៅពេលដែលពួកបណ្ដាជនមកជួបជុំគ្នានៅទីក្រុងយេរូសាឡិមដើម្បីនឹងមកស្ដាប់ច្បាប់នោះ ពួកគេបានឃើញថាពួកគេមិនបានប្រព្រឹត្តតាមបញ្ជាដែលបានសរសេរមកឲ្យបានពេញលេញទេ។ នៅគ្រានោះពួកគេបានអនុវត្តយ៉ាងរហ័សនូវអ្វីៗដែលគេបានរៀន។ តើមានលទ្ធផលយ៉ាងណាទៅ? គឺ«មានសេចក្ដីរីករាយកើតឡើងជាខ្លាំង»។ (នេហេមា ៨:១៣-១៧) ក្រោយពីអានព្រះគម្ពីរជារៀងរាល់ថ្ងៃក្នុងកំឡុងការធ្វើបុណ្យនោះ ពួកគេបានដឹងថា គឺនៅមានតម្រូវថែមទៀត។ ដោយការអធិស្ឋាន ពួកគេបានពិនិត្យសាឡើងវិញនូវប្រវត្ដិសាស្ត្រនៃការប្រព្រឹត្តរបស់ព្រះយេហូវ៉ាជាមួយនឹងប្រជារាស្ត្ររបស់ទ្រង់ តាំងតែពីសម័យរបស់លោកអ័ប្រាហាំមក។ ការធ្វើឡើងដូចនេះបានជំរុញទឹកចិត្តគេឲ្យស្បថក្នុងការអនុលោមតាមតម្រូវនៃច្បាប់ ដើម្បីចៀសវាងពីការរៀបការជាមួយពួកបរទេស ហើយដើម្បីនឹងព្រមទទួលកាតព្វកិច្ចដើម្បីមើលរក្សាព្រះវិហារនិងកិច្ចបំរើដែរ។—នេហេមា ជំពូក៨-១០
១៥. តើតាមរបៀបណាដែលបញ្ជានៅចោទិយកថា ៦:៦-៩ បង្ហាញថា បទបញ្ជារបស់ព្រះមិនត្រូវធ្វើឡើងដោយគ្រាន់តែបង្គ្រប់កិច្ចនៅក្នុងគ្រួសារនោះ?
១៥ តាមការស្រដៀងគ្នានេះ នៅក្នុងក្រុមគ្រួសារ ការបង្រៀនព្រះគម្ពីរគឺមិនត្រូវធ្វើឡើងដោយគ្រាន់តែបង្គ្រប់កិច្ចនោះទេ។ ដូចជាយើងបានឃើញស្រាប់ហើយ តាមអត្ថបដិរូប នៅចោទិយកថា ៦:៦-៩ ពួកបណ្ដាជនបានបង្គាប់ឲ្យ‹ចងពាក្យបន្ទូលរបស់ព្រះជាប់នៅដៃរបស់គេ›—ដោយធ្វើដូច្នេះគឺសម្ដែងជាគំរូនិងតាមសកម្មភាពនូវសេចក្ដីស្រឡាញ់របស់គេចំពោះផ្លូវរបស់ព្រះយេហូវ៉ា។ ហើយពួកគេត្រូវទុកពាក្យបន្ទូលរបស់ព្រះជា‹ស្លាកនៅកណ្ដាលថ្ងាសរបស់គេ›—ដោយធ្វើដូច្នេះគឺរំឭកពួកគេនូវគោលការណ៍ដែលតំណាងនៅក្នុងព្រះគម្ពីរ ហើយប្រើគោលការណ៍ទាំងនេះជាមូលដ្ឋានសំរាប់សេចក្ដីសម្រេចចិត្តរបស់គេ។ (ប្រៀបធៀប ពាក្យសំដីដែលបានប្រើនៅនិក្ខមនំ ១៣:៩, ១៤-១៦) ពួកគេបានតម្រូវឲ្យ‹កត់នៅក្របទ្វារផ្ទះរបស់គេ›—ដោយធ្វើដូច្នេះគឺសម្គាល់ផ្ទះរបស់គេពីសហគមន៍របស់គេ ជាកន្លែងដែលពាក្យបន្ទូលរបស់ព្រះត្រូវបានគោរពនិងអនុវត្តតាម។ បើនិយាយឲ្យចំទៅ ជីវិតរបស់គេគឺត្រូវបង្ហាញទីសំអាងដ៏បរិបូរថា ពួកគេស្រឡាញ់ហើយអនុវត្តតាមបញ្ជាដ៏សុចរិតរបស់ព្រះយេហូវ៉ា។ នេះគឺច្បាស់ជាមានផលប្រយោជន៍មែន! តើពាក្យបន្ទូលរបស់ព្រះមានសារៈសំខាន់បែបនេះជារៀងរាល់ថ្ងៃក្នុងក្រុមគ្រួសាររបស់យើងទេឬ? ជាការគួរឲ្យស្ដាយណាស់ ពួកសាសន៍យូដាបានប្រែកិច្ចទាំងនេះទៅជាការបង្គ្រប់កិច្ចប៉ុណ្ណោះ ដោយពាក់ប្រអប់ដែលមានព្រះគម្ពីរ ហាក់បីដូចជារបស់នេះជាស្នេហ៍មុខអញ្ចឹង។ ការថ្វាយបង្គំរបស់គេលែងមានមកពីចិត្ត ហើយព្រះយេហូវ៉ាក៏បានបដិសេធចោលពួកគេទៅ។—អេសាយ ២៩:១៣, ១៤; ម៉ាថាយ ១៥:៧-៩
ភារកិច្ចរបស់ពួកអ្នកដែលមានមុខងារមើលការទទួលខុសត្រូវ
១៦. ហេតុអ្វីក៏ការអានព្រះគម្ពីរទៀងទាត់មានសារៈសំខាន់ចំពោះយ៉ូស្វេម្ល៉េះ?
១៦ ចំពោះការអានព្រះគម្ពីរ គឺមានការយកចិត្តទុកដ៏ពិសេសដែលបានសំដៅទៅពួកអ្នកត្រួតពិនិត្យនៃសាសន៍។ ចំពោះយ៉ូស្វេវិញ ព្រះយេហូវ៉ាបានមានបន្ទូលថា៖ «ដើម្បីនឹងកាន់ ហើយប្រព្រឹត្តតាមក្រិត្យវិន័យគ្រប់ជំពូក»។ ដោយដឹងថាគាត់នឹងបំពេញភារកិច្ចនោះ ព្រះបានមានបន្ទូលប្រាប់គាត់ថា៖ «គឺត្រូវឲ្យនឹកជញ្ជឹងទាំងយប់ទាំងថ្ងៃវិញ . . . ដ្បិតគឺយ៉ាងនោះដែលឯងនឹងបានកើតការនៅគ្រប់ទាំងផ្លូវឯង ហើយនឹងបានចំរើនឡើងផង»។ (យ៉ូស្វេ ១:៧, ៨) នេះក៏ជាការពិតចំពោះអ្នកត្រួតពិនិត្យនៅសព្វថ្ងៃនេះដែរ ដោយយ៉ូស្វេអានព្រះគម្ពីរដ៏ទៀងទាត់នោះ នឹងជួយគាត់ឲ្យចាំច្បាស់លាស់នូវបញ្ជាដែលព្រះយេហូវ៉ាបានផ្ដល់មកទៅប្រជារាស្ត្ររបស់ទ្រង់។ យ៉ូស្វេក៏ត្រូវតែយល់នូវរបៀបដែលព្រះយេហូវ៉ាបានប្រព្រឹត្តជាមួយពួកបំរើរបស់ទ្រង់នៅក្រោមកាលៈទេសៈផ្សេងៗដែរ។ កាលដែលគាត់អានសេចក្ដីថ្លែងនៃគោលបំណងរបស់ព្រះ ជាការសំខាន់ណាស់ដែលគាត់ត្រូវគិតអំពីភារកិច្ចរបស់ខ្លួនដែលទាក់ទងនឹងគោលបំណងនោះ។
១៧. (ក) បើស្តេចចង់បានផលប្រយោជន៍ពីការអានព្រះគម្ពីរ តាមរបៀបដែលព្រះយេហូវ៉ាបានមានបន្ទូលមកនោះ តើត្រូវការអ្វីទៀតជាមួយនឹងការអានរបស់គេនោះ? (ខ) ហេតុអ្វីក៏ការអានព្រះគម្ពីរទៀងទាត់និងការរំពឹងគិតជាការសំខាន់ចំពោះពួកចាស់ទុំជនគ្រីស្ទាន?
១៧ ព្រះយេហូវ៉ាបានបង្គាប់ថា អ្នកណាដែលសោយរាជ្យជាស្តេចទៅលើប្រជារាស្ត្ររបស់ទ្រង់ នៅដើមការសោយរាជ្យ ស្តេចនោះត្រូវចម្លងច្បាប់របស់ព្រះ ដែលមានមូលដ្ឋានពីការចម្លងដែលពួកសង្ឃបានរក្សាទុកនោះ។ រួចមកស្តេចនោះត្រូវ«មើលរាល់តែថ្ងៃជានិច្ចអស់១ជីវិតផង»។ នេះមិនមានគោលបំណងដើម្បីនឹងទន្ទេញបញ្ជីរឿងនោះឡើយ។ ផ្ទុយទៅវិញ គឺសំរាប់«ឲ្យចេះកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៃខ្លួន» ហើយថា«កុំឲ្យកើតមានចិត្តធំលើពួកបងប្អូនខ្លួន»។ (ចោទិយកថា ១៧:១៨-២០) នេះគឺតម្រូវឲ្យស្តេចនោះរំពឹងគិតឲ្យបានជ្រាលជ្រៅនូវអ្វីៗដែលទ្រង់កំពុងតែអាន។ យ៉ាងជាក់ស្តែងណាស់ ស្តេចខ្លះបានគិតថាគេមានការរវល់ក្នុងការត្រួតត្រាណាស់ ឥតបានបំពេញភារកិច្ចនេះទេ ដូច្នេះហើយសាសន៍ទាំងមូលក៏បានរងទុក្ខដោយសារតែការមិនអើពើរបស់គេ។ តួនាទីនៃពួកអ្នកចាស់ទុំនៅក្នុងក្រុមជំនុំជនគ្រីស្ទាន គឺប្រាកដជាមិនមែនដូចជាតួនាទីរបស់ស្តេចទេ។ ប៉ុន្តែ ដូចជាការពិតចំពោះស្តេចដែរ ជាការសំខាន់ណាស់ដែលពួកចាស់ទុំត្រូវអានហើយរំពឹងគិតលើពាក្យបន្ទូលរបស់ព្រះដែរ។ បើគេធ្វើដូច្នេះ នេះនឹងជួយពួកគេឲ្យរក្សាទស្សនៈត្រឹមត្រូវអំពីអស់អ្នកដែលគេមើលថែរក្សានោះ។ ហើយនេះក៏ជួយពួកគេក្នុងការបំពេញភារកិច្ចរបស់ខ្លួនជាគ្រូបង្រៀន តាមរបៀបដែលឲ្យកិត្ដិយសដល់ព្រះ ហើយធ្វើជនគ្រីស្ទានគ្នីគ្នាមានកម្លាំងខាងវិញ្ញាណខ្លាំងឡើងដែរ។—ទីតុស ១:៩; ប្រៀបធៀប យ៉ូហាន ៧:១៦-១៨; ធ្វើឲ្យឃើញភាពខុសគ្នានៅធីម៉ូថេទី១ ១:៦, ៧
១៨. តើសាវ័កប៉ុលបានទុកគំរូដ៏ល្អយ៉ាងណា ដែលការអាននិងសិក្សាព្រះគម្ពីរជាទៀងទាត់ជួយយើងឲ្យធ្វើតាមនោះ?
១៨ សាវ័កប៉ុល ដែលជាអ្នកត្រួតពិនិត្យជនគ្រីស្ទាននៅសតវត្សទីមួយ ជាបុគ្គលម្នាក់ដែលបានស្គាល់ព្រះគម្ពីរច្បាស់លាស់ណាស់។ នៅពេលដែលគាត់ធ្វើបន្ទាល់ទៅមនុស្សនៅថែស្សាឡូនីចពីបុរាណ គាត់អាចវែកញែកដ៏មានប្រសិទ្ធិភាពជាមួយពួកគេពីព្រះគម្ពីរ ហើយបានជួយពួកគេឲ្យយល់នូវអត្ថន័យផងដែរ។ (កិច្ចការ ១៧:១-៤) គាត់បាននិយាយដែលប៉ះដល់ចិត្តអ្នកស្ដាប់ដែលមានចិត្តស្មោះ។ ដូច្នេះ មនុស្សជាច្រើនដែលបានឮគាត់និយាយនោះ ក៏បានទៅជាអ្នកជឿព្រះដែរ។ (ថែស្សាឡូនីចទី១ ២:១៣) ដោយមានកម្មវិធីនៃការអានព្រះគម្ពីរនិងសិក្សារបស់អ្នក តើអ្នកអាចវែកញែកដ៏មានប្រសិទ្ធិភាពពីព្រះគម្ពីរបានទេ? តើនេះមានការត្រឹមត្រូវក្នុងជីវិតរបស់អ្នក ដោយការអានព្រះគម្ពីរ ហើយរបៀបដែលអ្នកធ្វើនោះ បង្ហាញជាទីសំអាងថា អ្នកពិតជាអបអរនូវន័យយ៉ាងណាក្នុងការមានពាក្យបន្ទូលរបស់ព្រះនោះទេ? ក្នុងអត្ថបទជាបន្ទាប់ យើងនឹងពិចារណានូវចម្លើយល្អៗដែលអាចផ្ដល់មកចំពោះសំនួរទាំងនេះ សូម្បីតែពីអស់អ្នកដែលមានគម្រោងការណ៍ដ៏ពេញក្ដី។
តើអ្នកនឹងឆ្លើយយ៉ាងដូចម្ដេច?
◻ ហេតុអ្វីក៏មនុស្សបានប្រថុយជីវិតហើយសេរីភាពដើម្បីឲ្យបានអានព្រះគម្ពីរនោះ?
◻ តើយើងបានទទួលប្រយោជន៍យ៉ាងណាខ្លះដោយពិនិត្យមើលសំវិធានការសាឡើងវិញ ដែលមាននៅអ៊ីស្រាអែលពីសម័យបុរាណដើម្បីឲ្យឮពាក្យបន្ទូលរបស់ព្រះនោះ?
◻ តើយើងត្រូវធ្វើយ៉ាងណានូវអ្វីៗដែលយើងបានអាននៅក្នុងព្រះគម្ពីរ?
◻ ហេតុអ្វីក៏ការអានព្រះគម្ពីរនិងការរំពឹងគិត ជាការសំខាន់ចំពោះពួកចាស់ទុំគ្រីស្ទាននោះ?
[រូបភាពនៅទំព័រ៧]
ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់យ៉ូស្វេថា៖ ‹ឯងត្រូវអានទាំងយប់ទាំងថ្ងៃ›