ជំពូកទី៤០
មេរៀនមួយអំពីការអភ័យទោស
ស្ត្រីម្នាក់ដែលប្រព្រឹត្តអំពើខុសឆ្គង ចាក់ប្រេងលើជើងលោកយេស៊ូ
មេរៀនអំពីការអភ័យទោសក្នុងឧទាហរណ៍អំពីអ្នកជំពាក់បំណុល
មនុស្សមានប្រតិកម្មខុសៗគ្នាចំពោះអ្វីដែលលោកយេស៊ូបាននិយាយនិងធ្វើ ហើយនេះអាស្រ័យទៅលើចិត្តរបស់ពួកគេ។ នេះបានត្រូវបញ្ជាក់យ៉ាងច្បាស់នៅផ្ទះរបស់ផារិស៊ីម្នាក់ឈ្មោះស៊ីម៉ូនក្នុងស្រុកកាលីឡេ។ គាត់បានអញ្ជើញលោកយេស៊ូមកពិសាអាហារនៅផ្ទះរបស់គាត់ ដោយសារគាត់បានឮថាលោកយេស៊ូបានធ្វើការអស្ចារ្យជាច្រើន ដូច្នេះគាត់ទំនងជាចង់ស្គាល់លោកឲ្យបានច្បាស់ជាង។ លោកយេស៊ូប្រហែលជាឃើញថានេះជាឱកាសដើម្បីផ្សព្វផ្សាយដល់អ្នកដែលមានវត្តមាននៅទីនោះ។ ហេតុនេះ លោកយេស៊ូទទួលយកសេចក្ដីអញ្ជើញរបស់ស៊ីម៉ូន។ ពេលមុន លោកក៏បានទទួលយកសេចក្ដីអញ្ជើញពិសាអាហារជាមួយនឹងអ្នកយកពន្ធនិងអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងដែរ។
ក៏ប៉ុន្តែ នៅផ្ទះផារិស៊ីនោះ លោកយេស៊ូមិនបានត្រូវគេស្វាគមន៍យ៉ាងកក់ក្ដៅនិងរាក់ទាក់ តាមទម្លាប់ដែលគេទទួលភ្ញៀវនោះទេ។ តាមធម្មតាម្ចាស់ផ្ទះបង្ហាញភាពរាក់ទាក់ដល់ភ្ញៀវដោយលាងជើងពួកគេជាមួយនឹងទឹកត្រជាក់ ពីព្រោះនៅតាមផ្លូវស្រុកប៉ាឡេស្ទីនមានដីហុយខ្លាំង ហើយការធ្វើដំណើរដោយពាក់ស្បែកជើងសង្រែកនាំឲ្យក្ដៅជើងនិងកខ្វក់។ ប៉ុន្តែ គេមិនបានលាងជើងលោកយេស៊ូដើម្បីស្វាគមន៍លោកទេ។ ម្យ៉ាងទៀត ស៊ីម៉ូនមិនបានថើបលោកយេស៊ូ តាមទម្លាប់នៃការទទួលភ្ញៀវឡើយ។ ទំនៀមទម្លាប់មួយទៀតដែលម្ចាស់ផ្ទះបង្ហាញចិត្តរាក់ទាក់និងចិត្តសប្បុរស គឺដោយចាក់ប្រេងលើក្បាលភ្ញៀវ។ ស៊ីម៉ូនក៏មិនបានធ្វើដូច្នោះចំពោះលោកយេស៊ូដែរ។ ដូច្នេះ តើស៊ីម៉ូនពិតជាចង់ទទួលលោកយេស៊ូមែនឬ?
ពិធីពិសាអាហារចាប់ផ្ដើមនៅពេលដែលភ្ញៀវអង្គុយនៅតុ។ ពេលពួកគាត់កំពុងពិសា ស្ត្រីម្នាក់ដែលមិនបានត្រូវអញ្ជើញ បានចូលមកដោយសម្ងាត់។ ស្ត្រីនោះបានត្រូវ«អ្នកក្រុងនោះស្គាល់ជាទូទៅថាជាអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង»។ (លូកា ៧:៣៧) តាមពិតមនុស្សមិនល្អឥតខ្ចោះទាំងអស់ជាអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង តែមើលទៅស្ត្រីនេះជាអ្នកដែលមានរបៀបរស់នៅប្រាសចាកសីលធម៌ ហើយនាងទំនងជាមានរបរជាស្រីពេស្យា។ នាងប្រហែលជាបានឮសេចក្ដីបង្រៀនរបស់លោកយេស៊ូ ថែមទាំងបានឮសេចក្ដីអញ្ជើញរបស់លោកថា៖ ‹អស់អ្នកដែលមានបន្ទុកធ្ងន់ ចូរមកឯខ្ញុំចុះ ហើយខ្ញុំនឹងធ្វើឲ្យអ្នកមានកម្លាំងចិត្តឡើងវិញ›។ (ម៉ាថាយ ១១:២៨, ២៩) ដូច្នេះ ពាក្យសម្ដីនិងការប្រព្រឹត្តរបស់លោកយេស៊ូប្រហែលជាបានជំរុញចិត្តនាង ឲ្យរកលោកទាល់តែឃើញ។
ឥឡូវ នាងបានរកលោកយេស៊ូឃើញហើយ។ បន្ទាប់មក នាងបានចូលមកខាងក្រោយលោកយេស៊ូ លុតជង្គង់ក្បែរជើងលោក ហើយសម្រក់ទឹកភ្នែកលើជើងរបស់លោក រួចយកសក់នាងមកជូត។ នាងថើបជើងលោកយ៉ាងថ្នម ហើយក៏យកប្រេងក្រអូបមកលាបផង។ ស៊ីម៉ូនសម្លឹងមើលដោយទើសចិត្ត ហើយក៏តាំងគិតក្នុងចិត្តថា៖ «ប្រសិនបើបុរសនេះជាអ្នកប្រកាសទំនាយមែន លោកនឹងជ្រាបថាស្ត្រីដែលកំពុងពាល់លោកជាស្ត្រីបែបណាហើយ គឺនាងជាអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង»។—លូកា ៧:៣៩
ដោយជ្រាបអំពីគំនិតរបស់ស៊ីម៉ូន លោកយេស៊ូមានប្រសាសន៍ថា៖ «ស៊ីម៉ូន ខ្ញុំចង់ប្រាប់អ្នករឿងមួយ»។ គាត់ក៏ឆ្លើយថា៖ «លោកគ្រូ! អញ្ជើញមានប្រសាសន៍ចុះ!»។ លោកយេស៊ូមានប្រសាសន៍បន្តថា៖ «មានបុរសពីរនាក់ដែលជំពាក់ប្រាក់គេ ម្នាក់ជំពាក់ប្រាក់ប្រាំរយឌីណារី ឯម្នាក់ទៀតជំពាក់ប្រាក់ហាសិបឌីណារី។ នៅពេលដែលពួកគេគ្មានអ្វីនឹងសងវិញ នោះម្ចាស់បំណុលបានឲ្យពួកគេទាំងពីរនាក់រួចពីបំណុល។ ដូច្នេះ តើបុរសមួយណានឹងស្រឡាញ់ម្ចាស់បំណុលជាង?»។ ស៊ីម៉ូនប្រហែលជាឆ្លើយដោយមិនសូវចាប់អារម្មណ៍ថា៖ «តាមយោបល់ខ្ញុំ គឺជាបុរសដែលរួចពីបំណុលច្រើនជាងគេ»។—លូកា ៧:៤០-៤៣
លោកយេស៊ូយល់ស្របនឹងចម្លើយរបស់ស៊ីម៉ូន។ បន្ទាប់មក លោកក៏បែរទៅរកស្ត្រីនោះ រួចមានប្រសាសន៍ទៅស៊ីម៉ូនថា៖ «តើអ្នកឃើញស្ត្រីនេះទេ? ខ្ញុំបានចូលផ្ទះរបស់អ្នក តែអ្នកមិនបានឲ្យទឹកសម្រាប់លាងជើងខ្ញុំទេ។ ក៏ប៉ុន្តែ ស្ត្រីនេះបានផ្សើមជើងខ្ញុំដោយទឹកភ្នែករបស់នាង ហើយបានយកសក់នាងមកជូតផង។ អ្នកមិនបានថើបខ្ញុំទេ ប៉ុន្តែតាំងពីម៉ោងដែលខ្ញុំចូលមក ស្ត្រីនេះបានថើបជើងខ្ញុំថ្នមៗឥតឈប់។ អ្នកមិនបានលាបប្រេងលើក្បាលខ្ញុំទេ ប៉ុន្តែស្ត្រីនេះបានយកប្រេងក្រអូបមកលាបជើងខ្ញុំ»។ លោកយេស៊ូអាចឃើញថាស្ត្រីនេះកំពុងបង្ហាញថានាងបានប្រែចិត្តយ៉ាងស្មោះពីជីវិតប្រាសចាកសីលធម៌ដែលនាងមាន។ ដូច្នេះ លោកយេស៊ូមានប្រសាសន៍ថា៖ «ខ្ញុំប្រាប់អ្នកថា ពិតមែនតែនាងធ្វើខុសច្រើន ប៉ុន្តែការខុសឆ្គងទាំងនោះបានត្រូវអភ័យទោស។ ហេតុនេះ នាងបង្ហាញសេចក្ដីស្រឡាញ់ច្រើន។ តែពេលដែលអភ័យទោសឲ្យអ្នកណាដែលមានការខុសឆ្គងតិចតួច អ្នកនោះនឹងបង្ហាញសេចក្ដីស្រឡាញ់តិចតួច»។—លូកា ៧:៤៤-៤៧
ទោះបីជាលោកយេស៊ូមិនយល់ស្របនឹងការរស់នៅប្រាសចាកសីលធម៌ក៏ដោយ តែលោកកំពុងបង្ហាញចិត្តមេត្ដាករុណានិងការយោគយល់ចំពោះអ្នកដែលបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ ដែលបានបង្ហាញថាពួកគេបានស្ដាយក្រោយ ហើយត្រឡប់មកគ្រិស្តវិញដើម្បីទទួលការសម្រាលទុក្ខ។ ស្ត្រីនេះច្បាស់ជាទទួលការសម្រាលទុក្ខមែន ពេលលោកយេស៊ូមានប្រសាសន៍ថា៖ «ការខុសឆ្គងរបស់នាងបានត្រូវអភ័យទោសហើយ . . . ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅឲ្យបានសេចក្ដីសុខចុះ»។—លូកា ៧:៤៨, ៥០