ជំពូកទី៣
កំណើតនៃអ្នករៀបចំផ្លូវ
យ៉ូហានដែលជាអ្នកជ្រមុជទឹកបានកើតមក
សាការីប្រកាសប្រាប់អំពីកិច្ចការរបស់យ៉ូហាននៅថ្ងៃអនាគត
ម៉ារៀបានស្នាក់នៅជាមួយនឹងអេលីសាបិតអស់រយៈពេលបីខែ។ ឥឡូវដល់ពេលម៉ារៀលាអេលីសាបិត ហើយត្រូវធ្វើដំណើរឆ្ងាយត្រឡប់ទៅផ្ទះរបស់នាងវិញនៅឯភូមិណាសារ៉ែតខាងជើងជួរភ្នំយូឌា។ មិនយូរទៀតអេលីសាបិតនឹងសម្រាលកូនប្រុស ហើយប្រហែលជា៦ខែទៀត ម៉ារៀក៏នឹងសម្រាលកូនប្រុសដែរ។
មិនយូរក្រោយពីម៉ារៀបានត្រឡប់ទៅវិញ អេលីសាបិតបានសម្រាលកូន។ នោះជាគ្រាដ៏សប្បាយមែន ដោយសារអេលីសាបិតបានសម្រាលកូនដោយគ្មានគ្រោះថ្នាក់ ហើយនាងនិងកូនមានសុខភាពល្អ! ពេលអេលីសាបិតបង្ហាញកូនប្រុសរបស់នាងទៅញាតិសន្ដាននិងអ្នកជិតខាង ពួកគេទាំងអស់គ្នាសប្បាយរីករាយជាមួយនឹងនាង។
ច្បាប់របស់ព្រះសម្រាប់ជនជាតិអ៊ីស្រាអែលបានចែងថា ទារកប្រុសត្រូវតែកាត់ចុងស្បែកក្រោយពីកើតបាន៨ថ្ងៃ ហើយគេក៏ត្រូវដាក់ឈ្មោះទារកនៅពេលនោះដែរ។ (លេវីវិន័យ ១២:២, ៣) អ្នកខ្លះគិតថាគួរដាក់ឈ្មោះកូនសាការីតាមឈ្មោះរបស់គាត់។ ប៉ុន្តែ អេលីសាបិតនិយាយថា៖ «ទេ! ត្រូវហៅឈ្មោះវា យ៉ូហានវិញ»។ (លូកា ១:៦០) អ្នកប្រហែលជានៅចាំពាក្យរបស់ទេវតាកាព្រីយ៉ែលដែលថា កូននោះត្រូវមានឈ្មោះយ៉ូហាន។
ប៉ុន្តែ ញាតិសន្ដាននិងអ្នកជិតខាងជំទាស់ថា៖ «ក្នុងចំណោមញាតិសន្ដានរបស់នាង គ្មានអ្នកណាមានឈ្មោះនោះទេ»។ (លូកា ១:៦១) ដូច្នេះ ពួកគេធ្វើកាយវិការដើម្បីសួរសាការីថា តើគាត់ចង់ដាក់ឈ្មោះអ្វីឲ្យកូន? សាការីសុំក្ដារឆ្នួនមួយ រួចសរសេរថា៖ «កូននេះឈ្មោះយ៉ូហាន»។—លូកា ១:៦៣
រំពេចនោះ សាការីអាចនិយាយឡើងវិញបាន។ អ្នកប្រហែលជានៅចាំ ពេលដែលគាត់មិនជឿពាក្យទេវតាដែលប្រាប់គាត់ថាអេលីសាបិតនឹងមានកូនប្រុសមួយ នោះគាត់បានទៅជាគ។ ឥឡូវ ពេលសាការីអាចនិយាយឡើងវិញបាន អ្នកជិតខាងរបស់គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយនឹកក្នុងចិត្តថា៖ «តើទារកនេះនឹងទៅជាអ្វី?»។ (លូកា ១:៦៦) ដូច្នេះ ពួកគេបានយល់ថាការដាក់ឈ្មោះកូនប្រុសនោះថាយ៉ូហាន គឺជាបំណងរបស់ព្រះ។
ក្រោយមក សាការីបានពេញដោយសកម្មពលបរិសុទ្ធ ហើយប្រកាសថា៖ «ខ្ញុំសូមសរសើរព្រះយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល ពីព្រោះលោកបានអាណិតរាស្ត្ររបស់លោក ហើយសង្គ្រោះពួកគេ។ លោកក៏បានតាំងស្នែងមួយពីពូជពង្សដាវីឌ ជាអ្នកបម្រើរបស់លោក ដើម្បីផ្ដល់សេចក្ដីសង្គ្រោះឲ្យយើង»។ (លូកា ១:៦៨,៦៩) ពេលគាត់និយាយពាក្យ‹ស្នែងដែលផ្ដល់សេចក្ដីសង្គ្រោះ› គឺគាត់សំដៅលើលោកយេស៊ូដែលមិនទាន់កើតមក។ សាការីនិយាយថា តាមរយៈអ្នកនោះ ព្រះនឹង«សង្គ្រោះ[រាស្ត្រលោក]ឲ្យរួចពីកណ្ដាប់ដៃនៃពួកសត្រូវ» ហើយក្រោយមក«លោកនឹងផ្ដល់កិត្ដិយសឲ្យយើងបំពេញកិច្ចបម្រើពិសិដ្ឋសម្រាប់លោកដោយចិត្តក្លាហាន ដោយភក្ដីភាព និងសេចក្ដីសុចរិត រហូតអស់មួយជីវិតយើង»។—លូកា ១:៧៤, ៧៥
រួចមក សាការីបានប្រកាសទុកជាមុនអំពីកូនប្រុសរបស់គាត់ថា៖ «ចំណែកអ្នកវិញ កូនតូច គេនឹងហៅអ្នកជាអ្នកប្រកាសទំនាយរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះអ្នកនឹងទៅមុន នៅខាងមុខព្រះយេហូវ៉ា ដើម្បីរៀបចំផ្លូវជូនលោក និងដើម្បីផ្ដល់ចំណេះឲ្យរាស្ត្រលោក ស្តីអំពីសេចក្ដីសង្គ្រោះ ដោយការអភ័យទោសចំពោះការខុសឆ្គងរបស់ពួកគេ ពីព្រោះព្រះរបស់យើងមានសេចក្ដីអាណិតមេត្ដា។ ដោយសារសេចក្ដីអាណិតមេត្ដានេះហើយ យើងនឹងឃើញពន្លឺភ្លឺមកពីលើ ដូចពន្លឺថ្ងៃរះ ដើម្បីបំភ្លឺអស់អ្នកដែលអង្គុយក្នុងទីងងឹត និងក្នុងម្លប់នៃសេចក្ដីស្លាប់ ហើយដើម្បីតម្រង់ជំហានយើងដោយជោគជ័យ ទៅតាមផ្លូវនៃសេចក្ដីសុខសាន្ត»។ (លូកា ១:៧៦-៧៩) ទំនាយនេះគួរឲ្យលើកទឹកចិត្តមែន!
ពេលនោះម៉ារៀដែលជាស្ត្រីក្រមុំ បានមកដល់ផ្ទះរបស់នាងនៅភូមិណាសារ៉ែត។ តើនឹងមានអ្វីកើតឡើងដល់នាង ពេលមនុស្សដឹងថានាងមានផ្ទៃពោះ?