សៀវភៅលូកា
១ មនុស្សជាច្រើនបានខិតខំសរសេរព្រឹត្តិការណ៍ផ្សេងៗដែលបានកើតឡើង ហើយយើងជឿទាំងស្រុងថាព្រឹត្តិការណ៍ទាំងនោះបានកើតឡើងពិតមែន។+ ២ យើងបានឮព្រឹត្តិការណ៍ទាំងនោះពីសាក្សីដែលបានឃើញព្រឹត្តិការណ៍ទាំងនោះតាំងពីដើមដំបូង+ និងជាពួកអ្នកដែលប្រកាសដំណឹងល្អនេះ។+ ៣ ម្ល៉ោះហើយ ថេអូហ្វីលជាទីគោរព ខ្ញុំបានស្រាវជ្រាវយ៉ាងហ្មត់ចត់អំពីព្រឹត្តិការណ៍ទាំងនោះ ហើយខ្ញុំបានតាំងចិត្តសរសេរអ្វីៗទាំងនោះតាមលំដាប់លំដោយជូនអ្នក+ ៤ ដើម្បីឲ្យអ្នកអាចដឹងច្បាស់ថា អ្វីដែលអ្នកបានរៀន*គឺពិតប្រាកដមែន។+
៥ នៅសម័យហេរ៉ូឌ*+ជាស្ដេចនៃតំបន់យូឌា មានសង្ឃម្នាក់ឈ្មោះសាការី ជាសមាជិកក្រុមអាប៊ីយ៉ា។+ ប្រពន្ធរបស់គាត់ឈ្មោះអេលីសាបិត ហើយនាងជាកូនចៅអេរ៉ុន។* ៦ ព្រះយេហូវ៉ា*បានចាត់ទុកពួកគាត់ទាំងពីរនាក់ថាជាមនុស្សសុចរិតនិងគ្មានកន្លែងចាប់កំហុស ពីព្រោះពួកគាត់ប្រព្រឹត្តតាមគ្រប់ទាំងបញ្ញត្ដិ និងគ្រប់ទាំងច្បាប់របស់លោក។ ៧ ប៉ុន្តែ ពួកគាត់គ្មានកូនទេ ព្រោះអេលីសាបិតជាស្ត្រីអារ។ ម្យ៉ាងទៀត ពួកគាត់ទាំងពីរមានអាយុច្រើនហើយ។
៨ ពេលដែលសាការីត្រូវបំពេញមុខងារជាសង្ឃនៅចំពោះមុខព្រះ តាមវេនក្រុមរបស់គាត់+ ៩ នោះគាត់បានត្រូវជ្រើសរើសឲ្យចូលទៅក្នុងវិហាររបស់ព្រះយេហូវ៉ា*+ ហើយដុតគ្រឿងក្រអូប+ ស្របតាមរបៀបរៀបចំ*របស់គណៈសង្ឃ។ ១០ នៅពេលនោះដែរ បណ្ដាជនទាំងឡាយកំពុងអធិដ្ឋាននៅខាងក្រៅ។ ១១ ទេវតារបស់ព្រះយេហូវ៉ា*បានលេចមកឲ្យសាការីឃើញ ដោយឈរនៅខាងស្ដាំទីបូជាសម្រាប់ដុតគ្រឿងក្រអូប។ ១២ ពេលឃើញដូច្នេះ សាការីក៏ជ្រួលច្របល់ក្នុងចិត្ត ហើយភ័យខ្លាចជាខ្លាំង។ ១៣ ប៉ុន្តែ ទេវតានិយាយទៅកាន់សាការីថា៖ «សាការីអើយ កុំខ្លាចឡើយ ព្រោះព្រះបានឮពាក្យអង្វរសុំរបស់អ្នក ហើយអេលីសាបិតដែលជាប្រពន្ធរបស់អ្នកនឹងបង្កើតកូនប្រុសមួយឲ្យអ្នក ហើយអ្នកត្រូវដាក់ឈ្មោះកូននោះថាយ៉ូហាន។+ ១៤ អ្នកនឹងមានអំណរ ហើយរីករាយជាខ្លាំង។ កំណើតកូននោះនឹងធ្វើឲ្យមនុស្សជាច្រើនអរសប្បាយ+ ១៥ ព្រោះកូននោះនឹងទៅជាបុរសដ៏ឧត្ដមនៅចំពោះព្រះយេហូវ៉ា។*+ ប៉ុន្តែ គាត់មិនត្រូវពិសាស្រា ឬគ្រឿងស្រវឹងណាឡើយ+ ហើយគាត់នឹងពេញទៅដោយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ តាំងពីនៅក្នុងផ្ទៃម្ដាយ។*+ ១៦ ម្យ៉ាងទៀត គាត់នឹងនាំកូនចៅអ៊ីស្រាអែលជាច្រើន ឲ្យវិលមកឯព្រះយេហូវ៉ា*ជាព្រះរបស់ពួកគេវិញ។+ ១៧ មិនត្រឹមតែប៉ុណ្ណោះ ព្រះនឹងចាត់គាត់ឲ្យទៅមុនលោក ហើយឲ្យគាត់មានចិត្តខ្នះខ្នែងនិងមានឫទ្ធានុភាពដូចអេលីយ៉ា+ ដើម្បីឲ្យគាត់បំបែរចិត្តឪពុកឲ្យមានចិត្តដូចកូន+ ហើយបំបែរចិត្តរបស់ពួកអ្នកដែលមិនស្ដាប់បង្គាប់ ឲ្យមករកប្រាជ្ញារបស់មនុស្សសុចរិតវិញ ក្នុងបំណងរៀបចំមនុស្សមួយក្រុមទុកជាស្រេចសម្រាប់ព្រះយេហូវ៉ា»។*+
១៨ រួចមក សាការីក៏សួរទេវតាថា៖ «តើខ្ញុំអាចប្រាកដថាការនេះនឹងកើតឡើងដូចម្ដេចបាន? ព្រោះខ្ញុំចាស់ហើយ ឯប្រពន្ធខ្ញុំក៏មានអាយុច្រើនដែរ»។ ១៩ ទេវតានោះតបឆ្លើយថា៖ «ខ្ញុំឈ្មោះកាព្រីយ៉ែល+ ជាអ្នកដែលឈរនៅមុខព្រះ។+ ខ្ញុំបានត្រូវចាត់ឲ្យមកនិយាយជាមួយនឹងអ្នក ហើយប្រកាសប្រាប់ដំណឹងល្អនេះដល់អ្នក។ ២០ ប៉ុន្តែ មើល! អ្នកនឹងនិយាយមិនរួច ហើយហាស្ដីមិនបាន រហូតដល់ការទាំងនេះកើតឡើង ដោយសារអ្នកមិនបានជឿពាក្យរបស់ខ្ញុំដែលនឹងសម្រេចនៅពេលកំណត់»។ ២១ ដំណាលគ្នានោះ បណ្ដាជនកំពុងរង់ចាំសាការី ទាំងងឿងឆ្ងល់អំពីមូលហេតុដែលគាត់នៅបង្អង់យូរក្នុងវិហារ។ ២២ ពេលសាការីចេញមកវិញ គាត់មិនអាចនិយាយទៅកាន់បណ្ដាជនបានឡើយ។ ហេតុនោះ ពួកគេក៏យល់ឃើញថា គាត់ច្បាស់ជាបានឃើញអ្វីមួយដ៏អស្ចារ្យ*នៅក្នុងវិហារហើយ។ ចំណែកសាការីវិញ គាត់ចេះតែធ្វើកាយវិការឲ្យពួកគេយល់ ដោយសារគាត់និយាយមិនរួច។ ២៣ លុះគាត់បំពេញកិច្ចបម្រើបរិសុទ្ធ*ចប់សព្វគ្រប់ហើយ គាត់ក៏ត្រឡប់ទៅផ្ទះវិញ។
២៤ មិនយូរក្រោយនោះ អេលីសាបិតជាប្រពន្ធរបស់សាការី ក៏មានផ្ទៃពោះ ហើយនាងមិនចេញពីផ្ទះអស់ប្រាំខែ។ នាងនិយាយថា៖ ២៥ «នៅគ្រានេះ ព្រះយេហូវ៉ា*បានធ្វើការនេះសម្រាប់ខ្ញុំ។ លោកបានយកចិត្តទុកដាក់នឹងខ្ញុំ ដើម្បីឲ្យខ្ញុំលែងទទួលការតិះដៀលពីមនុស្សទៀត»។+
២៦ ពេលដែលនាងមានផ្ទៃពោះ៦ខែ ព្រះចាត់ទេវតាឈ្មោះកាព្រីយ៉ែល+ ឲ្យទៅក្រុងណាសារ៉ែតក្នុងស្រុកកាលីឡេ ២៧ គឺទៅឯស្រីក្រមុំបរិសុទ្ធម្នាក់+ដែលជាគូដណ្ដឹងរបស់បុរសម្នាក់ ឈ្មោះយ៉ូសែបពីពូជពង្សដាវីឌ។ ស្រីក្រមុំនោះឈ្មោះម៉ារៀ។+ ២៨ ទេវតានោះចូលទៅជួបនាង ហើយនិយាយថា៖ «សួស្ដី អ្នកសំណព្វរបស់ព្រះ។ ព្រះយេហូវ៉ា*នៅជាមួយនឹងនាង»។ ២៩ ពេលឮដូច្នេះ នាងក៏ជ្រួលច្របល់ក្នុងចិត្តជាខ្លាំង ហើយព្យាយាមរិះគិតក្នុងចិត្តថា តើសម្ដីនោះបង្កប់អត្ថន័យយ៉ាងណា។ ៣០ ដូច្នេះ ទេវតានិយាយទៅកាន់នាងថា៖ «ម៉ារៀអើយ កុំខ្លាចឡើយ ព្រោះព្រះពេញចិត្តនាង។ ៣១ មើល! នាងនឹងមានផ្ទៃពោះ ហើយបង្កើតកូនប្រុសមួយ។+ នាងត្រូវដាក់ឈ្មោះកូននោះថាយេស៊ូ។+ ៣២ កូននោះនឹងធំឧត្ដម+ ក៏នឹងត្រូវហៅថាបុត្ររបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត+ ហើយព្រះយេហូវ៉ា*នឹងប្រគល់បល្ល័ង្ករបស់ដាវីឌជាបុព្វបុរស* ឲ្យដល់បុត្រនោះ។+ ៣៣ លោកនឹងគ្រប់គ្រងជាស្ដេចលើពូជពង្សយ៉ាកុបជារៀងរហូត ហើយរាជាណាចក្ររបស់លោកនឹងមិនសាបសូន្យឡើយ»។+
៣៤ ប៉ុន្តែ ម៉ារៀសួរទេវតានោះថា៖ «តើការនេះអាចកើតឡើងដូចម្ដេចបាន? ព្រោះខ្ញុំមិនធ្លាប់រួមដំណេកជាមួយនឹងបុរសណាឡើយ»។+ ៣៥ ទេវតានោះឆ្លើយទៅនាងថា៖ «ឫទ្ធានុភាពបរិសុទ្ធរបស់ព្រះនឹងសណ្ឋិតលើនាង+ ហើយឫទ្ធិអំណាចរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងគ្របបាំងនាង។ ហេតុនេះ បុត្រដែលនឹងកើតមកនោះ នឹងត្រូវហៅថាជាបរិសុទ្ធ+ និងជាបុត្ររបស់ព្រះ។+ ៣៦ មើល! អេលីសាបិតជាញាតិសន្ដានរបស់នាង ដែលគេហៅថាស្ត្រីអារ កំពុងមានផ្ទៃពោះ៦ខែហើយ។ កូនក្នុងផ្ទៃនាងជាកូនប្រុស។ នាងមានកូនក្នុងកាលដែលនាងមានវ័យចាស់។ ៣៧ ព្រោះគ្មានប្រសាសន៍ណាមួយរបស់ព្រះ ដែលលោកមិនអាចសម្រេចបានឡើយ»។+ ៣៨ រួចមក ម៉ារៀនិយាយថា៖ «មើល! ខ្ញុំជាខ្ញុំបម្រើរបស់ព្រះយេហូវ៉ា!* សូមឲ្យការនេះកើតឡើងដល់ខ្ញុំ តាមសេចក្ដីប្រកាសរបស់អ្នកចុះ»។ បន្ទាប់មក ទេវតាក៏ចាកចេញពីនាងទៅ។
៣៩ មិនយូរក្រោយមក ម៉ារៀក៏ប្រញាប់ធ្វើដំណើរទៅឯតំបន់ភ្នំ ឆ្ពោះទៅក្រុងមួយក្នុងស្រុកយូដា។ ៤០ ពេលទៅដល់ នាងបានចូលទៅក្នុងផ្ទះរបស់សាការី ហើយសួរសុខទុក្ខអេលីសាបិត។ ៤១ ពេលអេលីសាបិតឮសំឡេងរបស់ម៉ារៀ នោះកូននៅក្នុងផ្ទៃរបស់នាងក៏កញ្ជ្រោលឡើង ហើយអេលីសាបិតបានពេញទៅដោយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ។ ៤២ រួចនាងបន្លឺឡើងថា៖ «ក្នុងចំណោមស្ត្រីទាំងឡាយ នាងជាស្ត្រីដែលមានពរ ហើយកូនដែលនាងនឹងបង្កើតមក ក៏មានពរដែរ! ៤៣ តើខ្ញុំជាអ្នកណាបានជាម្ដាយរបស់ម្ចាស់ខ្ញុំផ្ដល់កិត្តិយសមកជួបខ្ញុំដូច្នេះ? ៤៤ ព្រោះមើល! ពេលដែលខ្ញុំឮសំឡេងនាងសួរសុខទុក្ខ នោះកូននៅក្នុងផ្ទៃរបស់ខ្ញុំបានកញ្ជ្រោលឡើងដោយត្រេកអរក្រៃលែង។ ៤៥ នាងមានសុភមង្គលហើយ ដោយសារនាងបានជឿ ព្រោះអ្វីដែលព្រះយេហូវ៉ា*បានមានប្រសាសន៍ទៅនាង នឹងក្លាយជាការពិតជាក់ជាពុំខាន»។
៤៦ រួចម៉ារៀនិយាយថា៖ «ខ្ញុំលើកតម្កើងព្រះយេហូវ៉ា*+ ៤៧ ហើយខ្ញុំត្រេកអរពន់ពេកចំពោះព្រះដែលជាអ្នកសង្គ្រោះខ្ញុំ+ ៤៨ ពីព្រោះលោកបានមើលឃើញសភាពទន់ទាបនៃខ្ញុំបម្រើរបស់លោក+ ហើយចាប់តាំងពីពេលនេះទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គល+ ៤៩ ព្រោះលោកដែលមានឫទ្ធានុភាពខ្លាំងក្លាបានធ្វើកិច្ចការដ៏អស្ចារ្យដើម្បីខ្ញុំ ហើយនាមរបស់លោកគឺបរិសុទ្ធ។+ ៥០ ពីជំនាន់មួយទៅជំនាន់មួយ លោកមានចិត្តមេត្តាករុណាដល់អស់អ្នកដែលកោតខ្លាចលោក។+ ៥១ លោកបានធ្វើកិច្ចការយ៉ាងអស្ចារ្យដោយដៃរបស់លោក ហើយបានកម្ចាត់កម្ចាយពួកអ្នកដែលមានចិត្តក្រអឺតក្រទម។+ ៥២ លោកបានទម្លាក់មនុស្សមានអំណាចចុះពីបល្ល័ង្ក+ ហើយតម្កើងមនុស្សទន់ទាប។+ ៥៣ លោកបានបំពេញចិត្តពួកអ្នកដែលស្រេកឃ្លានដោយរបស់ល្អៗ+ ហើយពួកអ្នកដែលមានស្ដុកស្ដម្ភ លោកបានឲ្យចេញទៅដោយដៃទទេ។ ៥៤ លោកបានជួយអ៊ីស្រាអែលជាអ្នកបម្រើរបស់លោក ព្រោះលោកនៅចាំអំពីសេចក្ដីសន្យាថាលោកនឹងបង្ហាញសេចក្ដីមេត្តាករុណា+ ៥៥ ដល់អាប្រាហាំនិងកូនចៅ*របស់គាត់ជារៀងរហូតដូចលោកបានមានប្រសាសន៍ទៅបុព្វបុរសរបស់យើង»។+ ៥៦ ម៉ារៀបានស្នាក់នៅជាមួយនឹងអេលីសាបិតអស់ប្រហែលបីខែ ទើបនាងត្រឡប់ទៅផ្ទះវិញ។
៥៧ លុះអេលីសាបិតគ្រប់ខែហើយ នាងក៏បង្កើតបានកូនប្រុសមួយ។ ៥៨ អ្នកជិតខាងនិងញាតិសន្ដានរបស់នាងបានឮថា ព្រះយេហូវ៉ា*បានបង្ហាញសេចក្ដីមេត្តាករុណាយ៉ាងលើសលប់ដល់នាង ហើយពួកគេអរសប្បាយជាមួយនឹងនាង។+ ៥៩ នៅថ្ងៃទី៨ ពួកគេបានមកដើម្បីកាត់ចុងស្បែក*ទារកនោះ+ ហើយចង់ដាក់ឈ្មោះថាសាការីតាមឈ្មោះរបស់ឪពុក។ ៦០ ប៉ុន្តែ ម្ដាយរបស់ទារកជំទាស់ថា៖ «ទេ! ត្រូវដាក់ឈ្មោះថាយ៉ូហានវិញ»។ ៦១ ឮដូច្នេះ ពួកគេនិយាយទៅកាន់នាងថា៖ «ក្នុងចំណោមញាតិសន្ដានរបស់នាង គ្មានអ្នកណាមានឈ្មោះនោះទេ»។ ៦២ រួចមក ពួកគេចាប់ផ្ដើមធ្វើកាយវិការសួរឪពុកទារកនោះថា គាត់ចង់ដាក់ឈ្មោះអ្វីឲ្យកូន។ ៦៣ ដូច្នេះ សាការីសុំក្ដារឆ្នួនមួយ រួចសរសេរថា៖ «កូននេះឈ្មោះយ៉ូហាន»។+ ឃើញដូច្នោះ ពួកគេទាំងអស់គ្នាក៏នឹកអស្ចារ្យក្នុងចិត្ត។ ៦៤ រំពេចនោះ មាត់គាត់បានត្រូវបើកឡើង រួចគាត់អាចនិយាយបានវិញ+ ហើយសរសើរតម្កើងព្រះ។ ៦៥ ឃើញដូច្នេះ មនុស្សទាំងអស់ដែលរស់នៅក្នុងតំបន់របស់ពួកគាត់ ក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយនាំគ្នានិយាយអំពីការទាំងនេះពេញតំបន់ភ្នំក្នុងទឹកដីយូឌា។ ៦៦ អស់អ្នកដែលឮបានទុកពាក្យនោះក្នុងចិត្ត ទាំងគិតថា៖ «តើទារកនេះនឹងទៅជាយ៉ាងណា?»។ ព្រោះព្រះយេហូវ៉ា*ពិតជាបាននៅជាមួយនឹងកូននោះមែន។
៦៧ រួចមក សាការីជាឪពុកកូននោះ បានពេញទៅដោយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ គាត់ប្រកាសទំនាយថា៖ ៦៨ «សូមឲ្យព្រះយេហូវ៉ា*ជាព្រះនៃអ៊ីស្រាអែលទទួលការសរសើរ+ ព្រោះលោកបានអាណិតមេត្តាដល់រាស្ដ្ររបស់លោក ហើយជួយសង្គ្រោះពួកគេ។+ ៦៩ លោកក៏បានតែងតាំងអ្នកសង្គ្រោះដ៏ខ្លាំងក្លា*មួយរូប+ពីពូជពង្សដាវីឌដែលជាអ្នកបម្រើរបស់លោក ដើម្បីជួយសង្គ្រោះយើង+ ៧០ ដូចលោកបានមានប្រសាសន៍តាមរយៈពួកអ្នកប្រកាសទំនាយដ៏ស្មោះត្រង់របស់លោកពីសម័យបុរាណថា+ ៧១ លោកនឹងសង្គ្រោះយើងឲ្យរួចពីពួកសត្រូវ និងពីកណ្ដាប់ដៃនៃអស់អ្នកដែលស្អប់យើង+ ៧២ ដើម្បីបង្ហាញសេចក្ដីមេត្តាករុណាដោយយល់ដល់បុព្វបុរសរបស់យើង ហើយបង្ហាញថាលោកចាំមិនភ្លេចនូវកិច្ចព្រមព្រៀងបរិសុទ្ធរបស់លោក+ ៧៣ គឺពាក្យដែលលោកបានស្បថនឹងអាប្រាហាំជាបុព្វបុរសរបស់យើងថា+ ៧៤ ក្រោយពីយើងបានត្រូវសង្គ្រោះឲ្យរួចពីកណ្ដាប់ដៃពួកសត្រូវ នោះលោកនឹងផ្ដល់កិត្តិយសឲ្យយើងបំពេញកិច្ចបម្រើពិសិដ្ឋជូនលោកដោយចិត្តក្លាហាន ៧៥ ដោយភក្ដីភាពនិងដោយសុចរិត រហូតអស់មួយជីវិតយើង។ ៧៦ ចំណែកអ្នកវិញ កូនតូចអើយ គេនឹងហៅអ្នកថាជាអ្នកប្រកាសទំនាយរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះអ្នកនឹងទៅមុនព្រះយេហូវ៉ា* ដើម្បីរៀបចំផ្លូវជូនលោក+ ៧៧ និងដើម្បីផ្ដល់ចំណេះដល់រាស្ដ្ររបស់លោកឲ្យពួកគេដឹងថា លោកនឹងសង្គ្រោះពួកគេ ដោយអភ័យទោសចំពោះអំពើខុសឆ្គងរបស់ពួកគេ+ ៧៨ ព្រោះលោកដែលជាព្រះរបស់យើងមានសេចក្ដីអាណិតមេត្តា។ ដោយសារសេចក្ដីអាណិតមេត្តានេះ យើងនឹងឃើញពន្លឺភ្លឺមកលើយើង ដូចជាពន្លឺថ្ងៃរះ ៧៩ ដើម្បីបំភ្លឺអស់អ្នកដែលអង្គុយក្នុងទីងងឹត និងក្នុងម្លប់នៃសេចក្ដីស្លាប់+ ហើយដើម្បីតម្រង់ជំហានយើងទៅតាមផ្លូវនៃសេចក្ដីសុខសាន្ត»។
៨០ កូនតូចនោះកាន់តែធំនិងកាន់តែរឹងមាំឡើង ហើយគាត់បាននៅតំបន់ស្ងាត់ជ្រងំ រហូតដល់ថ្ងៃដែលគាត់បង្ហាញខ្លួនដល់ជនជាតិអ៊ីស្រាអែលជាចំហ។