ជំពូកទី៧៧
លោកយេស៊ូផ្ដល់ឱវាទអំពីទ្រព្យសម្បត្ដិ
ឧទាហរណ៍អំពីបុរសអ្នកមានម្នាក់
លោកយេស៊ូមានប្រសាសន៍អំពីសត្វក្អែកនិងផ្កា
«ហ្វូងតូច»នឹងទទួលរាជាណាចក្រព្រះ
កាលដែលលោកយេស៊ូពិសាអាហារជាមួយនឹងពួកផារិស៊ី បណ្ដាជនរាប់ពាន់នាក់កំពុងចាំលោកនៅខាងក្រៅ។ ពីមុនពេលលោកនៅស្រុកកាលីឡេ លោកក៏ធ្លាប់មានបទពិសោធន៍ស្រដៀងនេះដែរ។ (ម៉ាកុស ១:៣៣; ២:២; ៣:៩) ឥឡូវក្នុងតំបន់យូឌា មនុស្សជាច្រើនចង់ឃើញហើយចង់ស្ដាប់លោកយេស៊ូ។ ពួកគេបង្ហាញចិត្តគំនិតខុសគ្នាពីពួកផារិស៊ីដែលទើបតែបានពិសាអាហារជាមួយនឹងលោក។
លោកយេស៊ូចាប់ផ្ដើមមានប្រសាសន៍អំពីរឿងសំខាន់មួយ ដោយប្រាប់ពួកអ្នកកាន់តាមលោកថា៖ «ចូរប្រយ័ត្ននឹងដំបែរបស់ពួកផារិស៊ី ពោលគឺពុតត្បុតរបស់ពួកគេ»។ លោកយេស៊ូធ្លាប់ព្រមានពួកគាត់អំពីរឿងនេះរួចហើយ ប៉ុន្តែអ្វីដែលលោកបានឃើញនៅអាហារថ្ងៃត្រង់នោះបញ្ជាក់ថា ការព្រមានរបស់លោកគឺចំពេលមែន។ (លូកា ១២:១; ម៉ាកុស ៨:១៥) ពួកផារិស៊ីប្រហែលជាព្យាយាមលាក់អំពើទុច្ចរិតរបស់ពួកគេ ដោយមានឫកពាជាអ្នកគោរពប្រណិប័តន៍ព្រះ។ ប៉ុន្តែ បណ្ដាជនត្រូវដឹងធាតុពិតរបស់ពួកគេ។ លោកយេស៊ូពន្យល់ថា៖ «អ្វីៗទាំងអស់ដែលបានត្រូវបិទបាំងយ៉ាងជិតល្អ នឹងត្រូវបើកបង្ហាញ ហើយអ្វីៗទាំងអស់ដែលជាអាថ៌កំបាំង នឹងត្រូវគេដឹង»។—លូកា ១២:២
ក្រុមមនុស្សដែលចោមរោមលោកយេស៊ូប្រហែលជាពួកអ្នកតំបន់យូឌា ដែលមិនបានស្ដាប់សេចក្ដីបង្រៀនរបស់លោកនៅស្រុកកាលីឡេ។ ហេតុនេះ លោកមានប្រសាសន៍ឡើងវិញអំពីចំណុចសំខាន់ៗដែលលោកបានបង្រៀននៅពេលមុន។ លោកដាស់តឿនអ្នកដែលកំពុងស្ដាប់ទាំងអស់ថា៖ «កុំខ្លាចអ្នកដែលសម្លាប់រូបកាយ តែពុំអាចធ្វើអ្វីលើសពីនោះឡើយ»។ (លូកា ១២:៤) ដូចលោកបានបញ្ជាក់នៅពេលមុន ម្ដងនេះទៀតលោកក៏បញ្ជាក់ថា អ្នកកាន់តាមលោកត្រូវទុកចិត្តលើព្រះក្នុងការថែរក្សាពួកគេ។ បន្ថែមទៀត ពួកគេត្រូវទទួលស្គាល់កូនមនុស្ស ហើយដឹងថាព្រះអាចជួយពួកគេបាន។—ម៉ាថាយ ១០:១៩, ២០, ២៦-៣៣; ១២:៣១, ៣២
បន្ទាប់មក បុរសម្នាក់ក្នុងក្រុមមនុស្សលើកឡើងអំពីបញ្ហាមួយរបស់គាត់ដែលគាត់ចង់ដោះស្រាយជាបន្ទាន់ ដោយសុំលោកថា៖ «លោកគ្រូ សូមប្រាប់បងប្រុសខ្ញុំចែកមត៌កឲ្យខ្ញុំផង»។ (លូកា ១២:១៣) ច្បាប់ម៉ូសេចែងថាកូនច្បងនឹងទទួលពីរភាគនៃមត៌ក ដូច្នេះមិនគួរមានការឈ្លោះប្រកែកគ្នាឡើយ។ (ចោទិយកថា ២១:១៧) ក៏ប៉ុន្តែ តាមមើលទៅ បុរសនេះចង់បានមត៌កច្រើនជាងអ្វីដែលគាត់ត្រូវទទួលតាមច្បាប់។ ដោយប្រាជ្ញា លោកយេស៊ូមិនព្រមរួមចំណែកក្នុងរឿងនោះទេ។ លោកសួរបុរសនោះថា៖ «តើអ្នកណាបានតែងតាំងខ្ញុំឲ្យធ្វើជាចៅក្រម ឬជាអ្នកចែកទ្រព្យសម្បត្ដិឲ្យអ្នករាល់គ្នា?»។—លូកា ១២:១៤
រួចមក លោកយេស៊ូដាស់តឿនបណ្ដាជនថា៖ «ចូរប្រុងប្រៀបស្មារតីជានិច្ច ហើយប្រុងប្រយ័ត្ននឹងការលោភលន់គ្រប់យ៉ាង ពីព្រោះទោះជាមនុស្សម្នាក់មានទ្រព្យសម្បត្ដិច្រើនយ៉ាងណាក៏ដោយ ក៏គាត់មិនបានជីវិតពីទ្រព្យទាំងនោះទេ»។ (លូកា ១២:១៥) ម្ល៉ោះហើយ ទោះជាមនុស្សម្នាក់ប្រហែលជាមានទ្រព្យសម្បត្ដិច្រើនយ៉ាងណាក៏ដោយ នៅពេលមួយគាត់នឹងស្លាប់ ហើយមិនអាចយកទ្រព្យទាំងនោះទៅជាមួយបានឡើយ មែនទេ? លោកយេស៊ូបញ្ជាក់ចំណុចនេះដោយលើកឧទាហរណ៍មួយដែលមិនអាចភ្លេចបាន។ ឧទាហរណ៍នោះក៏បង្ហាញដែរថាការមានឈ្មោះល្អជាមួយនឹងព្រះគឺជាអ្វីដែលមានតម្លៃ។
លោកប្រាប់ពួកគេថា៖ «ស្រែចម្ការរបស់បុរសអ្នកមានម្នាក់បានបង្កើតផលច្រើន។ ម្ល៉ោះហើយ គាត់ចាប់ផ្ដើមរិះគិតក្នុងចិត្តថា៖ ‹ឥឡូវខ្ញុំគ្មានកន្លែងទុកផលដំណាំរបស់ខ្ញុំទេ ដូច្នេះ តើខ្ញុំត្រូវធ្វើយ៉ាងណាទៅ?›។ រួចគាត់និយាយថា៖ ‹ខ្ញុំត្រូវធ្វើដូច្នេះវិញ ខ្ញុំនឹងរុះឃ្លាំងទាំងអស់របស់ខ្ញុំ ហើយធ្វើឃ្លាំងធំៗជាង រួចមកខ្ញុំនឹងទុកស្រូវសាលីនិងរបស់ល្អទាំងអស់របស់ខ្ញុំនៅទីនោះ ហើយខ្ញុំនឹងប្រាប់ខ្លួនខ្ញុំថា៖ «ខ្ញុំអើយ! ខ្ញុំបានប្រមូលទុករបស់ល្អច្រើន ល្មមសម្រាប់យូរឆ្នាំទៀត ចូរសម្រាកចុះ ហើយផឹកនិងបរិភោគឲ្យសប្បាយទៅ»›។ ប៉ុន្តែព្រះមានប្រសាសន៍ទៅគាត់ថា៖ ‹មនុស្សឥតវិចារណញ្ញាណអើយ នៅយប់នេះឯងគេកំពុងទាមទារជីវិតរបស់អ្នកហើយ។ ដូច្នេះ តើអ្នកណានឹងទទួលអ្វីៗដែលអ្នកបានប្រមូលទុកនោះ?›។ អ្នកណាដែលប្រមូលទ្រព្យសម្បត្ដិទុកសម្រាប់ខ្លួន តែមិនមែនជាអ្នកមានចំពោះព្រះ អ្នកនោះក៏ដូច្នោះដែរ»។—លូកា ១២:១៦-២១
ទាំងអ្នកកាន់តាមលោកយេស៊ូទាំងអ្នកឯទៀតដែលកំពុងស្ដាប់លោក អាចធ្លាក់ចូលអន្ទាក់ដែលជាការស្វែងរកទ្រព្យសម្បត្ដិ ឬការបង្កើនទ្រព្យសម្បត្ដិ។ មិនត្រឹមតែប៉ុណ្ណោះ កង្វល់ក្នុងជីវិតប្រចាំថ្ងៃអាចបំបែរអារម្មណ៍របស់ពួកគេពីកិច្ចបម្រើព្រះយេហូវ៉ា។ ដូច្នេះ លោកយេស៊ូលើកឡើងវិញនូវការណែនាំដ៏ល្អដែលលោកបានមានប្រសាសន៍ប្រហែលជាមួយឆ្នាំកន្លះមុនក្នុងសុន្ទរកថានៅលើភ្នំ។
លោកមានប្រសាសន៍ថា៖ «ឈប់ខ្វល់ខ្វាយអំពីជីវិតខ្លួនថា នឹងបានអ្វីបរិភោគ ឬខ្វល់ខ្វាយអំពីរូបកាយថា នឹងបានអ្វីស្លៀកពាក់ឡើយ។ . . . ចូរកត់សម្គាល់ថា សត្វក្អែកមិនសាបព្រោះ ឬច្រូតកាត់ ហើយក៏គ្មានជង្រុកឬឃ្លាំងទេ តែព្រះផ្ដល់ចំណីឲ្យវា។ ទម្រាំតែអ្នករាល់គ្នា តើមិនមានតម្លៃជាងសត្វស្លាបទេឬ? . . . ចូរកត់សម្គាល់របៀបដែលផ្កានៅឯវាលដុះឡើង។ វាមិនធ្វើការនឿយហត់ទេ ក៏មិនត្បាញរវៃដែរ ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែសាឡូម៉ូនកាលដែលតែងខ្លួនល្អប្រណីតបំផុត ក៏មិនស្មើនឹងផ្កាមួយទងបែបនោះផង។ . . . ដូច្នេះ ឈប់ខ្វល់ខ្វាយថា នឹងបានអ្វីបរិភោគ ឬនឹងបានអ្វីផឹក ហើយឈប់បារម្ភ . . . បិតារបស់អ្នកដឹងថាអ្នកត្រូវការរបស់ទាំងនេះ។ . . . ចូរស្វែងរករាជាណាចក្ររបស់លោកជាដរាប ហើយលោកនឹងផ្ដល់របស់ទាំងនេះឲ្យអ្នក»។—លូកា ១២:២២-៣១; ម៉ាថាយ ៦:២៥-៣៣
តើអ្នកណានឹងស្វែងរករាជាណាចក្ររបស់ព្រះ? លោកយេស៊ូបង្ហាញថាមនុស្សមួយក្រុមតូចដែលជាអ្នកស្មោះត្រង់នឹងធ្វើដូច្នោះ។ ពួកគាត់បានត្រូវហៅថា«ហ្វូងតូច»។ ក្រោយមក យើងដឹងថា«ហ្វូងតូច»មានចំនួនតែ១៤៤.០០០នាក់ប៉ុណ្ណោះ។ តើពួកគាត់នឹងទទួលពរអ្វី? លោកយេស៊ូសន្យានឹងពួកគាត់ថា៖ «បិតារបស់អ្នកពេញចិត្តឲ្យរាជាណាចក្រដល់អ្នករាល់គ្នា»។ ដូច្នេះ ពួកគាត់នឹងមិនផ្ដោតអារម្មណ៍ទៅលើការមានទ្រព្យសម្បត្ដិនៅផែនដី ដែលចោរអាចលួចបាននោះឡើយ។ ផ្ទុយទៅវិញ ចិត្តរបស់ពួកគាត់ផ្ដោតទៅលើ«ទ្រព្យដែលមិនចេះអស់នៅស្ថានសួគ៌» ជាកន្លែងដែលពួកគាត់នឹងគ្រប់គ្រងជាមួយនឹងគ្រិស្ត។—លូកា ១២:៣២-៣៤