សំណួរពីអ្នកអាន
តើខ្ញុំគួរជូនវិភាគទានប៉ុន្មាន?
«ព្រះស្រឡាញ់អ្នកដែលឲ្យដោយចិត្តសប្បាយ»។ (កូរិនថូសទី២ ៩:៧) មនុស្សរាប់លាននាក់ទូទាំងពិភពលោកធ្លាប់ឮពាក្យទាំងនេះ។ ក៏ប៉ុន្តែ មនុស្សខ្លះដែលទៅវិហារប្រហែលជាមានអារម្មណ៍ថា ខ្លួនមានកាតព្វកិច្ចជូនវិភាគទានលើសពីលទ្ធភាពរបស់ពួកគេ។ តាមពិត សាសនាខ្លះតម្រូវឲ្យសមាជិកជូនលុយតាមចំនួនដែលសាសនាកំណត់។ ការធ្វើដូចនេះ បានត្រូវហៅថាការជូនមួយភាគដប់នៃចំណូលរបស់ខ្លួនទៅសាសនានោះ។
តើគម្ពីរពិតជាតម្រូវឲ្យយើងជូនវិភាគទានតាមចំនួនកំណត់ឬទេ? ចំពោះខ្ញុំវិញ តើខ្ញុំគួរជូនវិភាគទានប៉ុន្មាន?
ការជូនវិភាគទានតាមតម្រូវការដែលបានត្រូវកំណត់និងដោយស្ម័គ្រចិត្តនៅសម័យគម្ពីរ
ចំពោះប្រជាជាតិអ៊ីស្រាអែល គម្ពីរមានការណែនាំច្បាស់លាស់ស្តីអំពីចំនួនវិភាគទានដែលព្រះតម្រូវឲ្យពួកគេជូន។ (លេវីវិន័យ ២៧:៣០-៣២; ជនគណនា ១៨:២១, ២៤; ចោទិយកថា ១២:៤-៧, ១១, ១៧, ១៨; ១៤:២២-២៧) តម្រូវការទាំងនេះមិនហួសពីលទ្ធភាពរបស់បណ្ដាជនឡើយ។ ព្រះយេហូវ៉ាបានសន្យាថា បើប្រជាជាតិអ៊ីស្រាអែលធ្វើតាមច្បាប់របស់លោក នោះលោកនឹង‹ចំរើនឲ្យពួកគេមានជាបរិបូរឡើង›។—ចោទិយកថា ២៨:១, ២, ១១, ១២
ក្នុងករណីផ្សេងទៀត ជនជាតិអ៊ីស្រាអែលអាចជូនវិភាគទានដោយស្ម័គ្រចិត្ត ច្រើនឬតិចតាមចិត្តរបស់ខ្លួន។ ជាឧទាហរណ៍ ពេលដែលស្តេចដាវីឌគ្រោងសង់វិហារជូនព្រះយេហូវ៉ា បណ្ដារាស្ត្ររបស់គាត់បានជូនវិភាគទានជា«មាស៥ពាន់»ថាលិន។a (របាក្សត្រទី១ ២៩:៧) សូមប្រៀបធៀបចំនួនមាសប្រាំពាន់ថាលិននេះទៅនឹងអ្វីដែលលោកយេស៊ូបានសង្កេតឃើញ ពេលលោករស់នៅផែនដី។ លោកបានឃើញ«ស្ត្រីមេម៉ាយក្រីក្រម្នាក់ដាក់កាក់ពីរដែលមានតម្លៃតិចណាស់»ក្នុងប្រដាប់ដាក់កាក់សម្រាប់ឃ្លាំងប្រាក់របស់វិហារ។ តើកាក់ពីរនោះមានតម្លៃប៉ុណ្ណា? គឺស្មើតែ១,៥ភាគរយនៃប្រាក់ដែលគេរកបានក្នុងមួយថ្ងៃប៉ុណ្ណោះ។ ក៏ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ថាកាក់ដែលមានតម្លៃតិចតួចនេះក៏ប្រពៃដែរ។—លូកា ២១:១-៤
តើគ្រិស្តសាសនិកត្រូវជូនវិភាគទានតាមចំនួនដែលបានកំណត់ឬទេ?
គ្រិស្តសាសនិកមិនស្ថិតនៅក្រោមកិច្ចព្រមព្រៀងខាងច្បាប់ដែលព្រះបានឲ្យជនជាតិអ៊ីស្រាអែលឡើយ។ ដូច្នេះ ពួកគេមិនមានកាតព្វកិច្ចជូនវិភាគទានតាមចំនួនកំណត់ទៅព្រះទេ។ ក៏ប៉ុន្តែ ក្នុងក្រុមជំនុំនៃគ្រិស្តសាសនិកពិត ការជូនវិភាគទាននាំឲ្យមានអំណរក្រៃលែង។ លោកយេស៊ូផ្ទាល់បានមានប្រសាសន៍ថា៖ «ការឲ្យគេ នោះនឹងផ្ដល់សុភមង្គលច្រើនជាងការទទួល»។—សកម្មភាព ២០:៣៥
សាក្សីព្រះយេហូវ៉ាគាំទ្រកិច្ចផ្សព្វផ្សាយដែលពួកគេធ្វើទូទាំងពិភពលោកតាមរយៈវិភាគទានស្ម័គ្រចិត្ត។ វិភាគទានទាំងនេះបានត្រូវប្រើសម្រាប់បោះពុម្ពសៀវភៅផ្សេងៗដូចជាទស្សនាវដ្ដីដែលលោកអ្នកកំពុងអាន ហើយសម្រាប់សង់និងថែទាំកន្លែងគោរពប្រណិប័តន៍របស់ពួកគេដែលហៅថាសាលប្រជុំ។ ប៉ុន្តែពួកគេមិនប្រើវិភាគទានទាំងនោះសម្រាប់ផ្ដល់ជាប្រាក់ខែឡើយ។ អ្នកខ្លះដែលស្ម័គ្រចិត្តបម្រើពេញពេលក្នុងកិច្ចការបង្រៀនអ្នកឯទៀតឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ ទទួលប្រាក់ឧបត្ថម្ភសម្រាប់បង់ថ្លៃការធ្វើដំណើរនិងចំណាយឯទៀតរបស់ខ្លួន។ ប៉ុន្តែ គ្មាននរណាម្នាក់ទាមទារប្រាក់ឧបត្ថម្ភនោះទេ។ តាមពិត សាក្សីព្រះយេហូវ៉ាស្ទើរតែទាំងអស់មិនទទួលប្រាក់ឧបត្ថម្ភសម្រាប់កិច្ចផ្សព្វផ្សាយរបស់ពួកគេទេ។ ផ្ទុយទៅវិញ ពួកគេភាគច្រើនធ្វើការដើម្បីចិញ្ចឹមជីវិតខ្លួន ដូចសាវ័កប៉ូលដែលធ្វើការជាអ្នកធ្វើត្រសាល។—កូរិនថូសទី២ ១១:៩; ថែស្សាឡូនិចទី១ ២:៩
ប្រសិនបើបុគ្គលណាម្នាក់ចង់ធ្វើវិភាគទានដើម្បីគាំទ្រកិច្ចការដែលសាក្សីព្រះយេហូវ៉ាកំពុងធ្វើសព្វថ្ងៃនេះ តើគាត់គួរជូនវិភាគទានប៉ុន្មាន? សាវ័កប៉ូលបានសរសេរថា៖ «ចូរអ្នករាល់គ្នាម្នាក់ៗធ្វើតាមការសម្រេចចិត្តរបស់ខ្លួនចុះ មិនមែនដោយទើសទាល់ឬដោយមានគេបង្ខំឡើយ ព្រោះព្រះស្រឡាញ់អ្នកដែលឲ្យដោយចិត្តសប្បាយ»។—កូរិនថូសទី២ ៨:១២; ៩:៧
[កំណត់សម្គាល់]
a នៅឆ្នាំ២០០៨ តម្លៃមធ្យមនៃមាសគឺ៨៧១ដុល្លារអាម៉េរិកក្នុងមួយតម្លឹង។ ដូច្នេះវិភាគទាននេះមានតម្លៃស្មើនឹង៤.៧៩៤.៨៥៥.០០០ដុល្លារអាម៉េរិក។