ពេលវេលានិងរដូវកាលក្នុងព្រះហស្តរបស់ព្រះយេហូវ៉ា
«មិនមែនជារបស់អ្នកទេ ឲ្យចេះដឹងអំពីពេលវេលាឬរដូវកាល ដែលព្រះវរបិតាបានកំណត់ទុកដោយអំណាចរបស់ទ្រង់ផ្ទាល់នោះ»។—កិច្ចការ ១:៧, ព.ថ.
១. តើតាមរបៀបណាដែលព្រះយេស៊ូ បានឆ្លើយនឹងសំនួររបស់ពួកសាវ័កទ្រង់អំពីពេលវេលា?
ចំពោះអស់អ្នកដែល«ដកដង្ហើមធំហើយថ្ងូរ ដោយព្រោះការគួរស្អប់ខ្ពើមដែលមនុស្សប្រព្រឹត្ត» នៅក្នុងពិភពគ្រីស្ទសាសនា និងទូទាំងពិភពលោក គឺជាការសមហេតុផលក្នុងការសួរ ថាតើនៅពេលណាទៅដែលរបបសម័យដ៏អាក្រក់នេះនឹងត្រូវចប់ ហើយនិងបានត្រូវផ្លាស់ជំនួសដោយពិភពលោកថ្មីដ៏សុចរិតរបស់ព្រះនោះ? (អេសេគាល ៩:៤; ពេត្រុសទី២ ៣:១៣) មុននឹងទ្រង់សោយទិវង្គតទៅ ហើយក្រោយពីទ្រង់បានមានព្រះជន្មរស់ឡើងវិញ នោះពួកសាវ័ករបស់ព្រះយេស៊ូបានសួរទ្រង់ ដែលបានទាក់ទងនឹងពេលវេលា។ (ម៉ាថាយ ២៤:៣; កិច្ចការ ១:៦) ប៉ុន្តែ ក្នុងការតបឆ្លើយ នោះព្រះយេស៊ូមិនបានឲ្យគេនូវរបៀបត្រិះរិះថ្ងៃខែនោះទេ។ ក្នុងករណីមួយ ទ្រង់បានប្រទានឲ្យគេនូវទីសម្គាល់រួម ហើយក្នុងចម្លើយឯទៀត ទ្រង់មានបន្ទូលថា៖ «មិនមែនជារបស់អ្នកទេ ឲ្យចេះដឹងអំពីពេលវេលាឬរដូវកាល ដែលព្រះវរបិតាបានកំណត់ទុកដោយអំណាចរបស់ទ្រង់ផ្ទាល់នោះ»។—កិច្ចការ ១:៧, ព.ថ.
២. ហេតុអ្វីក៏អាចនិយាយថា ព្រះយេស៊ូមិនបានដឹងជារហូតទេ អំពីការកំណត់ពេលដោយព្រះវរបិតា ពីព្រឹត្ដិការណ៍ដែលនឹងកើតឡើងក្នុងកំឡុងគ្រាចុងបញ្ចប់នោះ?
២ ថ្វីបើព្រះយេស៊ូជារាជបុត្រាតែមួយគត់ដែលព្រះបង្កើតផ្ទាល់ នោះអង្គទ្រង់ឥតបានដឹងរាល់តែដងអំពីពេលវេលា ដែលព្រះវរបិតាទ្រង់បានកំណត់សំរាប់ព្រឹត្ដិការណ៍ណាមួយនោះទេ។ ក្នុងទំនាយរបស់ទ្រង់ដែលស្តីអំពីថ្ងៃជាន់ក្រោយបង្អស់ នោះព្រះយេស៊ូបានទទួលស្គាល់ដោយចិត្តរាបទាបថា៖ «ឯត្រង់ថ្ងៃនឹងពេលកំណត់ នោះគ្មានអ្នកណាដឹងទេ ទោះទាំងពួកទេវតាដែលនៅលើស្ថានសួគ៌ក៏មិនដឹងដែរ ជ្រាបតែព្រះវរបិតានៃខ្ញុំប៉ុណ្ណោះ»។ (ម៉ាថាយ ២៤:៣៦) ព្រះយេស៊ូបានសុខចិត្តរង់ចាំយ៉ាងអត់ធ្មត់ឲ្យព្រះវរបិតា ប្រាប់ទ្រង់នូវពេលកំណត់សំរាប់សកម្មភាពដ៏ហិនហោច ដែលនឹងមានលើរបបលោកីយ៍ដ៏អាក្រក់នេះ។a
៣. តើយើងអាចរៀនអ្វីពីចម្លើយរបស់ព្រះយេស៊ូអំពីសំនួរ ដែលស្តីពីគោលបំណងរបស់ព្រះ?
៣ មានចំណុចពីរយ៉ាងដែលអាចយកធ្វើវិចារណាកិច្ច នូវរបៀបដែលព្រះយេស៊ូបានឆ្លើយនឹងសំនួរ ដែលទាក់ទងនឹងរឿងដែលនឹងកើតឡើងដើម្បីបំពេញគោលបំណងព្រះ។ ទីមួយ គឺថាព្រះយេហូវ៉ាមានគម្រោងពេលវេលា ហើយទីពីរ គឺថាទ្រង់ជាបុគ្គលដែលដាក់ពេលកំណត់ ហើយពួកអ្នកបំរើរបស់ទ្រង់ មិនត្រូវទន្ទឹងចាំទទួលពត៌មានដ៏ចំៗជាមុន អំពីពេលវេលាឬរដូវកាលរបស់ទ្រង់ឡើយ។
ពេលវេលានិងរដូវកាលរបស់ព្រះយេហូវ៉ា
៤. តើន័យរបស់ពាក្យក្រិកដែលបានបកប្រែ«ពេលវេលា» និង«រដូវកាល»នៅកិច្ចការ ១:៧ ជាអ្វី?
៤ តើ«ពេលវេលា» និង«រដូវកាល» បានត្រូវមានន័យយ៉ាងណា? ពាក្យបន្ទូលរបស់ព្រះយេស៊ូដែលបានកត់ទុកនៅកិច្ចការ ១:៧ មានលក្ខណៈពីរយ៉ាងនៃពេលវេលា។ ពាក្យក្រិកដែលបានបកស្រាយ«ពេលវេលា» មានន័យថា«ពេលវេលាក្នុងន័យជាកំឡុងពេល› ឬចន្លោះពេល (យូរឬក៏ខ្លី)។ «រដូវកាល» ជាការបកប្រែពាក្យមួយដែលសំដៅទៅពេលវេលា ដែលបានកំណត់ឬបានរើសតាំងឡើង ជារដូវណាមួយ ឬកំឡុងពេល ដែលបានត្រូវសម្គាល់ដោយលក្ខណៈពិសេសណាខ្លះ។ ស្តីអំពីពាក្យដើមទាំងពីរនេះ លោក វ៉ាញ មានប្រសាសន៍ថា៖ «នៅកិច្ចការ ១:៧ ‹ព្រះវរបិតាបានកំណត់ដោយអំណាចរបស់ទ្រង់› នូវពេល(ក្រូណុស) ឬក៏ប្រវែងកំណត់ពេលមួយៗ ហើយនិងរដូវកាល (កៃរ៉ុស) ដែលជាសម័យដែលសម្គាល់ដោយព្រឹត្ដិការណ៍ណាមួយ»។
៥. តើនៅពេលណាដែលព្រះយេហូវ៉ាមានបន្ទូលប្រាប់ណូអេអំពីគោលបំណងរបស់ទ្រង់ ក្នុងការកំទេចលោកីយ៍ដ៏ពុករលួយ ហើយតើមុខងារពីរណាដែលគាត់បានប្រព្រឹត្ត?
៥ មុននឹងទឹកជំនន់ នោះព្រះបានកំណត់ពេល១២០ឆ្នាំ សំរាប់លោកីយ៍ដ៏អាក្រក់នេះ ដែលមនុស្សនិងពួកទេវតាដែលបានប្រែក្រឡាបាននាំឲ្យមាននោះ។ (លោកុប្បត្តិ ៦:១-៣) ណូអេដែលកោតខ្លាចព្រះមានអាយុ៤៨០ឆ្នាំនៅពេលនោះ។ (លោកុប្បត្តិ ៧:៦) គាត់ឥតមានកូនទេ ហើយនៅឥតមានកូនរហូតដល់២០ឆ្នាំទៀត។ (លោកុប្បត្តិ ៥:៣២) ជាច្រើនឆ្នាំក្រោយមក រហូតដល់កូនៗរបស់ណូអេបានមានវ័យចាស់ទុំ និងបានរៀបការហើយ នោះព្រះបានមានបន្ទូលប្រាប់ណូអេ អំពីគោលបំណងរបស់ទ្រង់ក្នុងការកំទេចចោលអំពើអាក្រក់ជួជាតិពីផែនដីនេះចេញ។ (លោកុប្បត្តិ ៦:៩-១៣, ១៨) ទោះជានៅពេលនោះណូអេបានទទួលនូវមុខងារពីរយ៉ាង ក្នុងការសង់ទូកធំមួយ និងការផ្សាយប្រាប់មនុស្សនៅសម័យនោះ តែព្រះយេហូវ៉ានៅមិនបានប្រាប់អំពីតារាងពេលវេលាឲ្យលោកនោះឡើយ។—លោកុប្បត្តិ ៦:១៤; ពេត្រុសទី២ ២:៥
៦. (ក) តើតាមរបៀបណាដែលណូអេបង្ហាញថា គាត់បានទុករឿងអំពីពេលវេលាក្នុងព្រះហស្តរបស់ព្រះយេហូវ៉ា? (ខ) តើតាមរបៀបណាដែលយើងធ្វើតាមគំរូរបស់ណូអេ?
៦ ជាច្រើនទសវត្ស ប្រហែលជា៥០ឆ្នាំកន្លងទៅ នោះ«ណូអេក៏ធ្វើដូច្នោះ តាមគ្រប់ទាំងសេចក្ដីដែលព្រះបានបង្គាប់»។ ណូអេបានសម្រេចការនេះ «ដោយសារសេចក្ដីជំនឿ» ហើយឥតដឹងអំពីពេលវេលាជាក់លាក់នោះឡើយ។ (លោកុប្បត្តិ ៦:២២; ហេព្រើរ ១១:៧) ព្រះយេហូវ៉ាមិនបានប្រាប់គាត់អំពីពេលវេលាកំណត់អំពីព្រឹត្ដិការណ៍ រហូតដល់មួយអាទិត្យមុននឹងទឹកជំនន់ត្រូវចាប់ផ្ដើម។ (លោកុប្បត្តិ ៧:១-៥) ការទុកចិត្តទាំងស្រុងរបស់លោកណូអេ និងជំនឿលើព្រះយេហូវ៉ា បានជួយគាត់ឲ្យទុកបញ្ហាខាងពេលវេលាក្នុងព្រះហស្តរបស់ព្រះ។ ហើយណូអេច្បាស់ជាមានអំណរគុណណាស់ នៅពេលដែលគាត់ទទួលការការពាររបស់ព្រះយេហូវ៉ា ក្នុងកំឡុងទឹកជំនន់ ហើយក្រោយមកបានចេញពីទូកធំទៅលើផែនដីដ៏ស្អាតនោះ! ដោយមានសេចក្ដីសង្ឃឹមស្រដៀងនេះអំពីការរំដោះ តើយើងមិនត្រូវអនុវត្តជំនឿបែបនេះលើព្រះទេឬ?
៧, ៨. (ក) តើសាសន៍និងមហាអំណាចបានចាប់កំណើតយ៉ាងដូចម្ដេច? (ខ) តើតាមរបៀបណាដែលព្រះយេហូវ៉ា«សំរេចកំណត់ពេលវេលា ដែលបានតាំងជាមុន នឹងព្រំទីលំនៅរបស់គេគ្រប់គ្នា»?
៧ ក្រោយពីទឹកជំនន់ នោះកូនចៅរបស់ណូអេភាគច្រើន បានបោះចោលនូវការថ្វាយបង្គំពិតរបស់ព្រះយេហូវ៉ា។ ដោយមានគោលបំណងក្នុងការរស់នៅមួយកន្លែង នោះគេបានចាប់ផ្ដើមសង់ទីក្រុងនិងប៉មសំរាប់ការថ្វាយបង្គំក្លែងក្លាយ។ ព្រះយេហូវ៉ាបានសម្រេចតាំងថាគឺត្រូវពេលឲ្យធ្វើអន្តរាគមន៍។ ទ្រង់បានបំភាន់ភាសារបស់គេ ហើយបាន«កំចាត់កំចាយគេពី[បាបិល]នោះទៅគ្រប់លើផែនដីវិញ»។ (លោកុប្បត្តិ ១១:៤, ៨, ៩) នៅពេលក្រោយមក ក្រុមភាសាទាំងនោះបានក្លាយជាសាសន៍មួយៗ ដែលខ្លះបានស្រូបយកសាសន៍ឯទៀត ហើយបានក្លាយទៅជាមានអំណាចនៅតាមភូមិភាគ ហើយព្រមទាំងទៅជាមហាអំណាចផង។—លោកុប្បត្តិ ១០:៣២
៨ ស្របតាមការសម្រេចបំណងរបស់ទ្រង់ យូរៗម្ដង ព្រះទ្រង់បានកំណត់ដាក់ព្រំដែនខាងសាសន៍ ហើយពីពេលណាដែលសាសន៍មួយនឹងមានអំណាចតាមតំបន់ ឬជាមហាអំណាច។ (លោកុប្បត្តិ ១៥:១៣, ១៤, ១៨-២១; និក្ខមនំ ២៣:៣១; ចោទិយកថា ២:១៧-២២; ដានីយ៉ែល ៨:៥-៧, ២០, ២១) សាវ័កប៉ុលបានសំដៅទៅលក្ខណៈនៃពេលវេលានិងរដូវកាលរបស់ព្រះយេហូវ៉ា នៅពេលដែលគាត់បានប្រាប់ពួកអ្នកប្រាជ្ញនៅក្នុងក្រុងអាថែនថា៖ «ព្រះដែលបង្កើតលោកីយ៍ នឹងរបស់សព្វសារពើ . . . បានបង្កើតមនុស្សគ្រប់សាសន៍ពីឈាមតែ១ឲ្យបាននៅពេញលើផែនដី ព្រមទាំងសំរេចកំណត់ពេលវេលា ដែលបានតាំងជាមុន នឹងព្រំទីលំនៅរបស់គេគ្រប់គ្នា»។—កិច្ចការ ១៧:២៤, ២៦
៩. តើតាមរបៀបណាដែលព្រះយេហូវ៉ា«បំផ្លាស់បំប្រែពេលវេលានឹងរដូវកាល» ដែលស្តីអំពីស្តេច?
៩ នេះមិនមានសេចក្ដីថា ព្រះយេហូវ៉ាគឺទទួលខុសត្រូវចំពោះជ័យជំនះ និងការផ្លាស់ប្ដូរខាងនយោបាយក្នុងចំណោមសាសន៍ទាំងឡាយទេ។ ប៉ុន្តែ ទ្រង់អាចធ្វើអន្តរាគមន៍ នៅពេលដែលទ្រង់ចង់ធ្វើ ដើម្បីនឹងសម្រេចគោលបំណងរបស់ទ្រង់។ ដូច្នេះ ព្យាការីដានីយ៉ែល ដែលនឹងឃើញទីរលំនៃមហាអំណាចបាប៊ីឡូន ហើយឃើញសាសន៍មីឌូ ពើស៊ីមកជំនួសវិញនោះ បានមានប្រសាសន៍អំពីព្រះយេហូវ៉ាថា៖ «ទ្រង់ដែលបំផ្លាស់បំប្រែពេលកំណត់ នឹងរដូវកាល ទ្រង់ដកស្តេចចេញ ហើយក៏តាំងស្តេចឡើង ទ្រង់ប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ នឹងចំណេះដល់អស់អ្នកដែលមានយោបល់»។—ដានីយ៉ែល ២:២១; អេសាយ ៤៤:២៤–៤៥:៧
«កាលជិតដល់កំណត់»
១០, ១១. (ក) តើព្រះយេហូវ៉ាបានកំណត់ពេលទុកជាមុន អស់ប៉ុន្មានឆ្នាំមុនពេលដែលទ្រង់រំដោះកូនចៅរបស់អ័ប្រាហាំពីសេវកភាពនោះ? (ខ) តើអ្វីដែលបង្ហាញថា ពួកអ៊ីស្រាអែលឥតដឹងពិតប្រាកដអំពីពេលណាដែលគេនឹងបានត្រូវរំដោះ?
១០ ជាងបួនសតវត្សទុកជាមុន ព្រះយេហូវ៉ាបានកំណត់ឆ្នាំថាទ្រង់នឹងធ្វើឲ្យអាម៉ាស់មុខដល់ស្តេចនៃស្រុកអេស៊ីប ដែលជាមហាអំណាច ហើយនិងរំដោះកូនចៅអ័ប្រាហាំចេញពីទេសភាព។ ដោយប្រាប់គោលបំណងរបស់ទ្រង់ទៅអ័ប្រាហាំ នោះព្រះបានសន្យាថា៖ «ចូរដឹងជាប្រាកដថា ពូជឯងនឹងត្រូវទៅជាអ្នកដទៃនៅស្រុក១ ដែលមិនមែនជាស្រុករបស់ផងខ្លួន ហើយត្រូវបំរើពួកស្រុកនោះ ដែលគេនឹងសង្កត់សង្កិនឯងអស់រវាង៤០០ឆ្នាំ តែអញនឹងជំនុំជំរះសាសន៍ដែលឯងត្រូវបំរើនោះរួចពីនោះមក ពូជឯងនឹងចេញមកទាំងមានទ្រព្យសម្បត្ដិជាច្រើនវិញ»។ (លោកុប្បត្តិ ១៥:១៣, ១៤) ក្នុងសេចក្ដីសង្ខេបនៃប្រវត្ដិសាស្ត្រអ៊ីស្រាអែលនៅពីមុខក្រុមប្រឹក្សាជាន់ខ្ពស់ នោះស្ទេផានបានសំដៅទៅ៤០០ឆ្នាំនេះ ហើយមានប្រសាសន៍ថា៖ «កាលជិតដល់កំណត់នៃសេចក្ដីសន្យា ដែលព្រះបានស្បថនឹងលោកអ័ប្រាហាំហើយ នោះសាសន៍យើងក៏ចំរើនជាច្រើនឡើង នៅស្រុកអេស៊ីព្ទ ដរាបដល់មានស្តេច១ទៀតសោយរាជ្យឡើង ដែលមិនបានស្គាល់លោកយ៉ូសែបទេ»។—កិច្ចការ ៧:៦, ១៧, ១៨
១១ ស្តេចផារ៉ោនថ្មីនេះបានបញ្ចុះពួកអ៊ីស្រាអែលឲ្យទៅជាខ្ញុំកញ្ជះគេ។ សៀវភៅលោកុប្បត្តិមិនទាន់បានសរសេរដោយលោកម៉ូសេនៅឡើយទេ តែសេចក្ដីសន្យារបស់ព្រះដល់លោកអ័ប្រាហាំមុខជាបានត្រូវមានបន្តមក តាមពាក្យសំដីឬក៏ដោយលាយល័ក្ខអក្សរហើយ។ ប៉ុន្តែ មើលទៅ ពត៌មានដែលពួកអ៊ីស្រាអែលមាននោះ មិនបានអនុញ្ញាតឲ្យគេត្រិះរិះអំពីថ្ងៃខែនៃការរំដោះចេញពីការជិះជាន់នោះទេ។ ព្រះទ្រង់ជ្រាបនៅពេលណាដែលទ្រង់នឹងរំដោះពួកគេ ប៉ុន្តែតាមមើលទៅ ពួកអ៊ីស្រាអែលដែលកំពុងរងទុក្ខឥតដឹងអំពីការរំដោះនេះទេ។ យើងអានថា៖ «លុះយូរបន្ដិចទៅស្តេចស្រុកអេស៊ីព្ទទ្រង់សុគតទៅ នោះពួកកូនចៅអ៊ីស្រាអែលគេថ្ងូរឡើង ដោយព្រោះការទុក្ខលំបាក ហើយក៏អំពាវនាវដល់ព្រះ ដោយព្រោះការទុក្ខលំបាករបស់ខ្លួន នោះទ្រង់ឮ ទ្រង់ឮដំងូររបស់គេ ហើយក៏នឹកចាំពីសេចក្ដីសញ្ញាដែលទ្រង់បានតាំងនឹងអ័ប្រាហាំ នឹងអ៊ីសាក ហើយនឹងយ៉ាកុប ព្រះទ្រង់ឃើញពួកកូនចៅអ៊ីស្រាអែល ហើយក៏ជ្រាបដល់សេចក្ដីទុក្ខរបស់គេ»។—និក្ខមនំ ២:២៣-២៥
១២. តើដោយដូចម្ដេចដែលស្ទេផានបានបង្ហាញថា ម៉ូសេបានប្រព្រឹត្តមុនគ្រាកំណត់របស់ព្រះយេហូវ៉ានោះ?
១២ ការឥតដឹងអំពីពេលវេលាកំណត់នៃការរំដោះពួកអ៊ីស្រាអែល អាចឃើញពីពាក្យសង្ខេបរបស់ស្ទេផានដែរ។ ក្នុងការនិយាយអំពីម៉ូសេ នោះគាត់មានប្រសាសន៍ថា៖ «កាលលោកបានអាយុ៤០ឆ្នាំហើយ នោះមានចិត្តភ្នកនឹករឭក ចង់ទៅសួរពួកកូនចៅអ៊ីស្រាអែលជាបងប្អូនខ្លួន លុះបានឃើញសាសន៍អេស៊ីព្ទម្នាក់ កំពុងតែធ្វើទុក្ខដល់បងប្អូនខ្លួនម្នាក់ នោះក៏ជួយការពារ ហើយសងសឹកជំនួសអ្នកដែលត្រូវគេសង្កត់សង្កិន ដោយសំឡាប់សាសន៍អេស៊ីព្ទម្នាក់នោះបង់ ដ្បិតលោកស្មានថា បងប្អូនលោកនឹងយល់ថា ព្រះទ្រង់ប្រទានសេចក្ដីសង្គ្រោះមក ដោយសារដៃលោក តែគេមិនបានយល់ទេ»។ (កិច្ចការ ៧:២៣-២៥) ម៉ូសេបានធ្វើប្រតិបត្ដិការ៤០ឆ្នាំមុនកំណត់ពេលរបស់ព្រះ។ ស្ទេផានបានចង្អុលប្រាប់ថាម៉ូសេ បានត្រូវរង់ចាំ៤០ឆ្នាំទៀត មុននឹងព្រះ‹ប្រទានសេចក្ដីសង្គ្រោះដល់ពួកអ៊ីស្រាអែល ដោយសារដៃលោក›។—កិច្ចការ ៧:៣០-៣៦
១៣. តើតាមរបៀបណាដែលស្ថានការណ៍របស់យើងស្រដៀងនឹងពួកអ៊ីស្រាអែល មុនការរំដោះរបស់គេពីអេស៊ីបនោះ?
១៣ ទោះជា«កាលជិតដល់កំណត់នៃសេចក្ដីសន្យា» និងឆ្នាំនោះបានត្រូវតាំងឡើងដោយព្រះក៏ដោយ ម៉ូសេនិងពួកអ៊ីស្រាអែលទាំងអស់ត្រូវតែអនុវត្តជំនឿហើយរង់ចាំគ្រាកំណត់របស់ព្រះយេហូវ៉ា។ តាមមើលទៅ ពួកគេមិនអាចត្រិះរិះទុកជាមុននោះទេ។ យើងក៏ជឿស៊ប់ដែរថា ការរំដោះរបស់យើងចេញពីរបបលោកីយ៍ដ៏អាក្រក់នេះ គឺជិតដល់កំណត់ហើយ។ យើងដឹងថាយើងកំពុងតែរស់នៅក្នុងថ្ងៃ«ជាន់ក្រោយបង្អស់»។ (ធីម៉ូថេទី២ ៣:១-៥) ដូច្នេះ តើយើងមិនសុខចិត្តបង្ហាញជំនឿរបស់យើង ហើយរង់ចាំគ្រាកំណត់របស់ព្រះយេហូវ៉ានៃថ្ងៃដ៏ធំរបស់ទ្រង់នោះឬទេ? (ពេត្រុសទី២ ៣:១១-១៣) បើអញ្ចឹង ដូចម៉ូសេនិងពួកអ៊ីស្រាអែល យើងអាចច្រៀងចំរៀងដ៏រុងរឿងនៃការរំដោះ ដើម្បីសរសើរដល់ព្រះយេហូវ៉ា។—និក្ខមនំ ១៥:១-១៩
‹កាលដែលវេលាកំណត់បានមកដល់›
១៤, ១៥. តើដោយរបៀបណាដែលយើងដឹងថា ព្រះបានកំណត់ពេលវេលាសំរាប់បុត្រារបស់ទ្រង់ ឲ្យមកផែនដីនេះ ហើយតើពួកព្យាការីនិងពួកទេវតាត្រូវបានប្រុងស្មារតីចំពោះអ្វី?
១៤ ព្រះយេហូវ៉ាបានតាំងគ្រាកំណត់ សំរាប់ឲ្យរាជបុត្រាតែមួយគត់ដែលព្រះបង្កើតផ្ទាល់ ឲ្យមកផែនដីជាព្រះមេស្ស៊ី។ ប៉ុលបានសរសេរថា៖ «តែលុះវេលាកំណត់បានមកដល់ នោះព្រះទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមកចាប់កំណើតនឹងស្ត្រី គឺកើតក្រោមអំណាចនៃក្រិត្យវិន័យ»។ (កាឡាទី ៤:៤) នេះគឺបានសម្រេចនឹងសេចក្ដីសន្យារបស់ព្រះអំពីការបញ្ជូនពូជមួយ គឺ‹ស៊ីឡូរដែលបណ្ដាជនទាំងឡាយនឹងចុះចូលចំពោះ›។—លោកុប្បត្តិ ៣:១៥; ៤៩:១០
១៥ ពួកព្យាការីរបស់ព្រះ សូម្បីតែពួកទេវតា ក៏បានរង់ចាំមើល«រដូវកាល» ដែលព្រះមេស្ស៊ីនឹងលេចមកលើផែនដី ហើយធ្វើឲ្យពួកមនុស្សមានបាបទទួលសេចក្ដីសង្គ្រោះ។ ពេត្រុសបានមានប្រសាសន៍ថា៖ «ឯពួកហោរា ជាអ្នកបានទាយពីព្រះគុណ ដែលផ្ដល់មកអ្នករាល់គ្នា គេបានស៊ើបសួរ ហើយខំរកឲ្យដឹងពីសេចក្ដីសង្គ្រោះនោះ ទាំងស្វែងរកឲ្យដឹងពេលវេលាណាឬគ្រាយ៉ាងណា ដែលព្រះវិញ្ញាណនៃគ្រីស្ទដ៏សណ្ឋិតក្នុងគេ ទ្រង់ចង្អុលបង្ហាញក្នុងកាលដែលទ្រង់ធ្វើបន្ទាល់ជាមុន អំពីព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយពីសិរីល្អទាំងប៉ុន្មាន ដែលត្រូវមកតាមក្រោយ . . . ហើយពួកទេវតាក៏ចូលចិត្តចង់ពិនិត្យមើលសេចក្ដីទាំងនោះដែរ»។—ពេត្រុសទី១ ១:១-៥, ១០-១២
១៦, ១៧. (ក) តើតាមរយៈទំនាយមួយណាដែលព្រះយេហូវ៉ាជួយពួកយូដានៅសតវត្សទីមួយ ឲ្យទន្ទឹងចាំព្រះមេស្ស៊ីនោះ? (ខ) តើតាមរបៀបណាដែលទំនាយរបស់ដានីយ៉ែល មានឥទ្ធិពលលើការទន្ទឹងចាំព្រះមេស្ស៊ីនោះ?
១៦ តាមរយៈព្យាការីដានីយ៉ែល ជាបុរសដែលមានជំនឿដ៏មុតមាំ នោះព្រះយេហូវ៉ាបានប្រទានឲ្យទំនាយមួយដែលទាក់ទង«៧០អាទិត្យ»។ ទំនាយនោះនឹងជួយពួកយូដានៅសតវត្សទីមួយឲ្យដឹងអំពី ការលេចមកនៃព្រះមេស្ស៊ីដែលបានសន្យាមកនោះ គឺបានជិតមកដល់ហើយ។ ជាសង្ខេប ទំនាយនេះបានចែងថា៖ «ចាប់តាំងពីចេញបង្គាប់ឲ្យតាំងក្រុងយេរូសាឡិម ហើយសង់ឡើងវិញ ដរាបដល់គ្រាអ្នកដែលចាក់ប្រេងតាំងនោះ គឺជាអ្នកដែលជាកំពូលបណ្ដាច់ នោះត្រូវជាចំនួន៧អាទិត្យ នឹង៦២អាទិត្យ»។ (ដានីយ៉ែល ៩:២៤, ២៥) ពួកវិជ្ជាករនៃសាសន៍យូដា កាតូលិក និងប្រូតេស្តង់ ធម្មតាយល់ស្របគ្នាថា «អាទិត្យ»ដែលបានរៀបរាប់នៅទីនេះ មានន័យថាអាទិត្យដែលជាឆ្នាំ។ ៦៩«អាទិត្យ» (៤៨៣ឆ្នាំ) នៅដានីយ៉ែល ៩:២៥ បានចាប់ផ្ដើមក្នុងឆ្នាំ៤៥៥ ម.ស.យ. នៅពេលដែលស្តេចពើស៊ី នាមអើថាស៊ើកសេស អនុញ្ញាតឲ្យនេហេមា‹ទៅកសាងនិងសង់ក្រុងយេរូសាឡិមឡើងវិញ›។ (នេហេមា ២:១-៨) គេក៏បានមកទីបញ្ចប់ អស់៤៨៣ឆ្នាំក្រោយមក ក្នុងឆ្នាំ២៩ ស.យ. នៅពេលដែលព្រះយេស៊ូបានទទួលបុណ្យជ្រមុជទឹក ហើយបានត្រូវចាក់ប្រេងតាំងដោយវិញ្ញាណបរិសុទ្ធ ហើយក៏បានទៅជាព្រះមេស្ស៊ីឬព្រះគ្រីស្ទវិញ។—ម៉ាថាយ ៣:១៣-១៧
១៧ ថាតើពួកយូដានៅសតវត្សទីមួយបានដឹងយ៉ាងច្បាស់ អំពីនៅពេលណាដែល៤៨៣ឆ្នាំបានផ្ដើមនោះ គឺមិនច្បាស់នោះទេ។ ប៉ុន្តែនៅពេលដែលយ៉ូហាន ដែលជាអ្នកធ្វើបុណ្យជ្រមុជទឹកឲ្យ នោះបានចាប់ផ្ដើមកិច្ចបំរើរបស់គាត់ «បណ្ដាមនុស្សនៅតែចាំមើល ដោយរិះគិតក្នុងចិត្តពីដំណើរយ៉ូហាន៖ ‹ដែលគាត់ជាព្រះគ្រីស្ទឬមិនមែន› »? (លូកា ៣:១៥) ពួកវិជ្ជាករព្រះគម្ពីរខ្លះភ្ជាប់ការរង់ចាំនេះទៅនឹងទំនាយរបស់ដានីយ៉ែល។ ក្នុងការធ្វើអធិប្បាយអំពីខនេះ ម៉ាថាយ ហិនរ៉ី បានសរសេរថា៖ «ទីនេះ បានគេប្រាប់យើង . . . ថា ពីកិច្ចបំរើនិងពិធីបុណ្យជ្រមុជទឹករបស់យ៉ូហាន នោះបណ្ដាមនុស្សបានសន្និដ្ឋាននឹងគិតអំពីព្រះមេស្ស៊ី ហើយនិងគិតពីទ្រង់ថានៅឯមាត់ទ្វារនោះ។ . . . ៧០អាទិត្យរបស់ដានីយ៉ែលកំពុងកន្លងទៅ»។ សៀវភៅបារាំង ម៉ាញូអេល ប៊ីប្លិក ដោយលោក វីហ្គូរូ និងប្រាសាក់ ថ្លែងថា៖ «បណ្ដាមនុស្សបានដឹងថា ចិតសិបអាទិត្យដែលជាឆ្នាំដែលបានតាំងឡើងដោយដានីយ៉ែល បានកំពុងឆ្ពោះទៅទីបញ្ចប់ហើយ។ គ្មានអ្នកណាម្នាក់ដែលបានភ្ញាក់ ពេលឮយ៉ូហាន-បាទីស្ទប្រកាសថា ព្រះរាជាណាចក្ររបស់ព្រះជិតដល់ហើយ»។ វិជ្ជាករសាសន៍យូដា លោកអាបា ហិលេល សិលវ៉ា បានសរសេរថា យោងទៅតាម«កាលប្រវត្ដិវិជ្ជាប្រជាប្រិយ»នៅសម័យនោះ «ព្រះមេស្ស៊ីបានគេគិតថានឹងមកដល់រវាងឆ្នាំ២៥និង៥០ស.យ.»។
ព្រឹត្ដិការណ៍—មិនមែនត្រិះរិះលើពេលវេលានោះទេ
១៨. ទោះជាទំនាយរបស់ដានីយ៉ែល បានជួយពួកយូដាឲ្យសម្គាល់ពេលវេលា ដែលថាព្រះមេស្ស៊ីនឹងលេចខ្លួនមកនោះ តើអ្វីជាទីសំអាងដ៏ច្បាស់បំផុតអំពីព្រះយេស៊ូជាព្រះមេស្ស៊ី?
១៨ តាមមើលទៅ ទោះជាកាលប្រវត្ដិវិជ្ជាបានជួយពួកយូដាឲ្យដឹង ថាតើនៅពេលណាដែលព្រះមេស្ស៊ីនឹងបានត្រូវលេចមកក្ដី តែព្រឹត្ដិការណ៍ជាបន្តបន្ទាប់បង្ហាញថា កាលប្រវត្ដិវិជ្ជាមិនបានជួយគេឲ្យជឿលើព្រះមេស្ស៊ីនោះទេ។ តិចជាងមួយឆ្នាំមុននឹងទ្រង់សោយទិវង្គត នោះព្រះយេស៊ូបានសួរពួកសិស្សទ្រង់ថា៖ «តើហ្វូងមនុស្សទាំងឡាយថាខ្ញុំជាអ្នកណា»? ពួកគេបានឆ្លើយថា៖ «យ៉ូហាន-បាទីស្ទ ខ្លះថាជាអេលីយ៉ា ខ្លះទៀតថាជាព្យាការីណាមួយពីចាស់បុរាណ បានរស់ឡើងវិញ»។ (លូកា ៩:១៨, ១៩) យើងឥតមានឯកសារថា ព្រះយេស៊ូបានដកស្រង់ទំនាយនៃអាទិត្យជានិមិត្តរូបនោះទេ ដើម្បីនឹងបង្ហាញថាទ្រង់ជាព្រះមេស្ស៊ីនោះ។ ប៉ុន្តែ នៅគ្រាមួយ ទ្រង់បានមានបន្ទូលថា៖ «ប៉ុន្តែ ខ្ញុំមានទីបន្ទាល់វិសេសជាងទីបន្ទាល់ របស់លោកយ៉ូហានទៅទៀត ពីព្រោះការទាំងប៉ុន្មាន ដែលព្រះវរបិតាបានប្រគល់មកឲ្យខ្ញុំធ្វើបង្ហើយ គឺការដែលខ្ញុំធ្វើទាំងប៉ុន្មាននេះឯង នោះបានធ្វើបន្ទាល់ពីខ្ញុំហើយ ថាព្រះវរបិតាបានចាត់ឲ្យខ្ញុំមក»។ (យ៉ូហាន ៥:៣៦) ជាជាងពឹងលើកាលប្រវត្ដិវិជ្ជាដែលបានប្រាប់នោះ ការផ្សាយរបស់ព្រះយេស៊ូ អព្ភូតហេតុរបស់ទ្រង់ និងព្រឹត្ដិការណ៍ដែលទាក់ទងនឹងការសោយទិវង្គតរបស់ទ្រង់ (សេចក្ដីងងឹតដោយអព្ភូតហេតុ វាំងននក្នុងព្រះវិហារក៏រហែកជាពីភាគ និងកក្រើកផែនដី) ជាភស្តុតាងថាទ្រង់ជាព្រះមេស្ស៊ី ដែលបានបញ្ជូនមកដោយព្រះ។—ម៉ាថាយ ២៧:៤៥, ៥១, ៥៤; យ៉ូហាន ៧:៣១; កិច្ចការ ២:២២
១៩. (ក) តើតាមរបៀបណាដែលពួកគ្រីស្ទានដឹងថា សេចក្ដីហិនវិនាសនៃក្រុងយេរូសាឡិមបានជិតមកដល់ហើយ? (ខ) ហេតុអ្វីក៏ពួកគ្រីស្ទានសម័យដើមដែលបានរត់ពីក្រុងយេរូសាឡិមនៅតែត្រូវការជំនឿជាច្រើនទៀត?
១៩ ស្រដៀងគ្នាដែរ ក្រោយពីព្រះយេស៊ូសោយទិវង្គតទៅ ពួកគ្រីស្ទានសម័យដើម ឥតបានទទួលខ្សែរយៈដើម្បីត្រិះរិះអំពីទីបញ្ចប់នៃរបបលោកីយ៍សាសន៍យូដានោះទេ។ ពិតហើយ ទំនាយរបស់ដានីយ៉ែលអំពីអាទិត្យជានិមិត្តរូបនោះ បានរៀបរាប់អំពីសេចក្ដីហិនវិនាសនៃរបបលោកីយ៍នោះមែន។ (ដានីយ៉ែល ៩:២៦ខ, ២៧ខ) ប៉ុន្តែនេះនឹងកើតឡើងក្រោយពីទីបញ្ចប់នៃ«ជិតសិបអាទិត្យ» (៤៥៥ ម.ស.យ.-៣៦ ស.យ.) ឬក៏ក្រោយពីពួកសាសន៍ដទៃបានក្លាយជាអ្នកកាន់តាមព្រះយេស៊ូក្នុងឆ្នាំ៣៦ ស.យ. នោះពួកគ្រីស្ទានបានផុតពីព្រឹត្ដិការណ៍ដ៏សំខាន់ខាងកាលប្រវត្ដិវិជ្ជា ដែលបានរៀបរាប់ ក្នុងដានីយ៉ែល ជំពូកទី៩នោះទេ។ ចំពោះពួកគេ ព្រឹត្ដិការណ៍ មិនមែនកាលប្រវត្ដិវិជ្ជាទេ ដែលនឹងបង្ហាញថារបបយូដានឹងនឹងត្រូវបញ្ចប់មិនយូរប៉ុន្មានទៀតនោះ។ ព្រឹត្ដិការណ៍ទាំងនោះ ដែលបានទាយប្រាប់ដោយព្រះយេស៊ូ បានចាប់ផ្ដើមមកដល់កំពូលពីឆ្នាំ៦៦ ស.យ. នៅពេលដែលពួកទ័ពរ៉ូមបានប្រយុទ្ធនឹងក្រុងយេរូសាឡិម ហើយរួចមកបានដកទ័ពទៅវិញនោះ។ នេះបានឲ្យឱកាសដល់ពួកគ្រីស្ទានដែលស្មោះត្រង់ ហើយប្រុងស្មារតីក្នុងក្រុងយេរូសាឡិមនិងស្រុកយូដា ឲ្យ«រត់ទៅឯភ្នំ»។ (លូកា ២១:២០-២២) ដោយឥតមានសញ្ញាខាងកាលប្រវត្ដិវិជ្ជា ពួកគ្រីស្ទានសម័យដើមមិនដឹងនៅពេលណា ដែលសេចក្ដីបំផ្លាញនៃក្រុងយេរូសាឡិមនឹងកើតឡើងនោះទេ។ ពួកគេគឺពិតជាមានជំនឿមែន ដើម្បីចាកចេញពីផ្ទះសម្បែង ចំការ ព្រមទាំងហាងលក់ដូរ ហើយឲ្យរស់នៅក្រៅក្រុងយេរូសាឡិមប្រមាណបួនឆ្នាំ ទំរាំពួកទ័ពរ៉ូមត្រឡប់មកវិញនៅឆ្នាំ៧០ ស.យ. ហើយបានកំទេចចោលរបបរបស់យូដានោះចេញទៅ!—លូកា ១៩:៤១-៤៤
២០. (ក) តើតាមរបៀបណាដែលយើងទទួលប្រយោជន៍ពីគំរូរបស់ណូអេ ម៉ូសេ និងពួកគ្រីស្ទាននៅសតវត្សទីមួយនៅឯស្រុកយូដា? (ខ) តើអ្វីដែលយើងនឹងពិគ្រោះក្នុងអត្ថបទជាបន្ទាប់?
២០ ដូចណូអេ ម៉ូសេ និងពួកគ្រីស្ទាននៅស្រុកយូដាក្នុងសតវត្សទីមួយ យើងសព្វថ្ងៃនេះក៏អាចទុកពេលវេលានិងរដូវកាលក្នុងព្រះហស្តរបស់ព្រះយេហូវ៉ាដែរ។ ការជឿស៊ប់ថាយើងរស់នៅក្នុងគ្រាចុងបញ្ចប់ ហើយថាការរំដោះរបស់យើងជិតមកដល់ គឺពឹងលើព្រឹត្ដិការណ៍មែនទែនដែលសម្រេចតាមទំនាយរបស់ព្រះគម្ពីរ មិនមែនដោយការត្រិះរិះខាងកាលប្រវត្ដិវិជ្ជានោះទេ។ ថែមទៀតនោះ ទោះជាយើងកំពុងតែរស់នៅក្នុងវត្តមានរបស់គ្រីស្ទក៏ដោយ នោះយើងមិនត្រូវឈប់អនុវត្តជំនឿ ហើយឈប់ពីការប្រុងប្រយ័ត្ននោះទេ។ យើងត្រូវតែបន្តរស់នៅដោយទន្ទឹងចាំនូវព្រឹត្ដិការណ៍ដ៏រំភើប ដែលបានទាយប្រាប់មកនៅក្នុងបទគម្ពីរ។ នេះនឹងជាប្រធាននៃអត្ថបទជាបន្ទាប់របស់យើង។
[កំណត់សម្គាល់]
a សូមមើល ប៉មយាម ១ សីហា ១៩៩៦ ទំព័រ ៣០-៣១។
ការពិនិត្យមើលសាឡើងវិញ
◻ ស្តីអំពីពេលវេលានិងរដូវកាលរបស់ព្រះយេហូវ៉ា តើព្រះយេស៊ូមានបន្ទូលប្រាប់ពួកសាវ័ករបស់ទ្រង់យ៉ាងណា?
◻ តើមានប៉ុន្មានឆ្នាំមុន ដែលណូអេបានដឹងនៅពេលដែលទឹកជំនន់នឹងត្រូវចាប់ផ្ដើមឡើង?
◻ តើអ្វីដែលបញ្ជាក់ថាម៉ូសេនិងពួកអ៊ីស្រាអែលឥតដឹងពិតប្រាកដ ថាតើនឹងត្រូវបានរំដោះពីស្រុកអេស៊ីប?
◻ តើតាមរបៀបណាដែលយើងទទួលប្រយោជន៍ពីគំរូព្រះគម្ពីរ ដែលទាក់ទងនឹងពេលវេលានិងរដូវកាលរបស់ព្រះយេហូវ៉ានោះ?
[រូបភាពនៅទំព័រ២០]
ជំនឿរបស់ណូអេបានជួយគាត់ឲ្យទុករឿងខាងកំណត់ពេល ក្នុងព្រះហស្តរបស់ព្រះយេហូវ៉ា