អត្ថបទសិក្សា ១៥
មេរៀនពីប្រសាសន៍ចុងក្រោយរបស់លោកយេស៊ូ
«នេះជាបុត្រជាទីស្រឡាញ់របស់ខ្ញុំ ដែលខ្ញុំពេញចិត្ត។ ចូរស្ដាប់តាមលោក»។—ម៉ាថ. ១៧:៥
ចម្រៀងលេខ១៧ ចូរបង្ហាញចិត្តមេត្តាដូចគ្រិស្ត
សេចក្ដីសង្ខេបa
១-២. សូមរៀបរាប់អ្វីដែលបានកើតឡើង កាលដែលលោកយេស៊ូមានប្រសាសន៍ចុងក្រោយជាមនុស្សជាតិ។
នៅថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ គ.ស. ក្រោយពីលោកយេស៊ូបានត្រូវគេចោទប្រកាន់មិនពិត និងវិនិច្ឆ័យទោសថាជាអ្នកប្រព្រឹត្តបទឧក្រិដ្ឋដែលលោកមិនបានប្រព្រឹត្ត លោកបានត្រូវគេសើចចំអក ធ្វើទារុណកម្មដោយឥតមេត្តា រួចមកព្យួរនៅលើបង្គោលទារុណកម្ម ដោយដំដែកគោលជាប់ដៃនិងជើងរបស់លោក។ គ្រប់ពេលដែលលោកដកដង្ហើម និងគ្រប់ពេលដែលលោកនិយាយគឺឈឺចុកចាប់។ ប៉ុន្តែលោកត្រូវតែនិយាយ ព្រោះលោកមានអ្វីសំខាន់ដែលត្រូវប្រាប់។
២ សូមយើងពិចារណាប្រសាសន៍របស់លោកយេស៊ូ កាលដែលលោកហៀបនឹងស្លាប់លើបង្គោលទារុណកម្ម និងមេរៀនដែលយើងអាចរៀនពីប្រសាសន៍ទាំងនោះ។ និយាយឲ្យចំទៅ សូមឲ្យយើង«ស្ដាប់តាមលោក»។—ម៉ាថ. ១៧:៥
«បិតាអើយ សូមអភ័យទោសឲ្យពួកគេ»
៣. តើលោកយេស៊ូទំនងជាសំដៅទៅលើអ្នកណា ពេលដែលលោកមានប្រសាសន៍ថា៖ «បិតាអើយ សូមអភ័យទោសឲ្យពួកគេ»?
៣ តើលោកយេស៊ូបានមានប្រសាសន៍អ្វី? ពេលលោកនៅលើបង្គោលទារុណកម្ម លោកបានអធិដ្ឋានថា៖ «បិតាអើយ សូមអភ័យទោសឲ្យពួកគេ»។ តើលោកចង់ឲ្យបិតាលោកអភ័យទោសឲ្យអ្នកណា? ប្រសាសន៍បន្ទាប់មករបស់លោកដែលថា៖ «ពួកគេមិនដឹងថាខ្លួនកំពុងធ្វើអ្វីឡើយ» បង្ហើបឲ្យយើងដឹង។ (លូក. ២៣:៣៣, ៣៤) លោកយេស៊ូទំនងជាសំដៅទៅលើទាហានរ៉ូមដែលដំដែកគោលជាប់ដៃនិងជើងរបស់លោក។ ពួកគេមិនដឹងថាលោកជាបុត្ររបស់ព្រះទេ។ លោកក៏ប្រហែលជាសំដៅទៅលើបុគ្គលខ្លះក្នុងចំណោមបណ្ដាជនដែលទាមទារឲ្យគេប្រហារជីវិតលោក ប៉ុន្តែក្រោយមកបង្ហាញជំនឿលើលោក។ (សកម្ម. ២:៣៦-៣៨) លោកមិនបានឲ្យអំពើអយុត្តិធម៌ដែលគេប្រព្រឹត្តមកលើលោកធ្វើឲ្យលោកខឹងនិងចងគំនុំឡើយ។ (១ពេ. ២:២៣) ផ្ទុយទៅវិញ លោកបានសុំព្រះយេហូវ៉ាឲ្យអភ័យទោសពួកអ្នកដែលប្រហារជីវិតលោក។
៤. តើយើងអាចរៀនអ្វីពីការដែលលោកយេស៊ូសុខចិត្តអភ័យទោសឲ្យអ្នកប្រឆាំង?
៤ តើយើងអាចរៀនអ្វីពីប្រសាសន៍របស់លោកយេស៊ូ? ដូចលោកយេស៊ូ យើងត្រូវសុខចិត្តអភ័យទោសឲ្យអ្នកឯទៀត។ (កូឡ. ៣:១៣) អ្នកខ្លះរួមទាំងញាតិសន្ដានរបស់យើង ប្រហែលជាប្រឆាំងយើងដោយសារពួកគេមិនយល់អំពីជំនឿរបស់យើងនិងរបៀបរស់នៅរបស់យើងជាគ្រិស្តសាសនិក។ ពួកគេប្រហែលជាមួលបង្កាច់យើង ធ្វើឲ្យយើងខ្មាសគេនៅមុខអ្នកឯទៀត បំផ្លាញសៀវភៅរបស់យើង ឬថែមទាំងគំរាមប្រើអំពើហិង្សាមកលើយើងទៀតផង។ ជាជាងខឹងងំ យើងអាចសុំព្រះយេហូវ៉ាជួយពួកអ្នកដែលប្រឆាំងយើងឲ្យទទួលយកសេចក្ដីពិតនៅថ្ងៃណាមួយ។ (ម៉ាថ. ៥:៤៤, ៤៥) ជួនកាល យើងប្រហែលជាពិបាកអភ័យទោសឲ្យអ្នកនោះ ជាពិសេសបើគេបានប្រព្រឹត្តយ៉ាងអាក្រក់មកលើយើង។ តែបើយើងបន្តខឹងនិងចងគំនុំ យើងធ្វើបាបខ្លួនឯង។ បងស្រីម្នាក់ពន្យល់ថា៖ «ខ្ញុំយល់ថាការអភ័យទោសឲ្យអ្នកឯទៀតមិនមានន័យថាអ្វីដែលគេធ្វើគឺមិនខុសនោះទេ ហើយក៏មិនមានន័យថាខ្ញុំឲ្យគេទាញប្រយោជន៍ពីខ្ញុំដែរ។ តែនេះមានន័យថា ខ្ញុំសម្រេចចិត្តលះចោលកំហឹង»។ (ទំនុក. ៣៧:៨) ពេលយើងសម្រេចចិត្តអភ័យទោស យើងមិនឲ្យបទពិសោធន៍ជូរចត់ធ្វើឲ្យយើងចងគំនុំឡើយ។—អេភ. ៤:៣១, ៣២
«អ្នកនឹងនៅជាមួយនឹងខ្ញុំក្នុងសួនឧទ្យាន»
៥. តើលោកយេស៊ូបានសន្យាអ្វីដល់ឧក្រិដ្ឋជនម្នាក់ដែលហៀបនឹងស្លាប់នៅក្បែរលោក ហើយហេតុអ្វី?
៥ តើលោកយេស៊ូបានមានប្រសាសន៍អ្វី? ឧក្រិដ្ឋជនពីរនាក់បានត្រូវព្យួរលើបង្គោលទារុណកម្មក្បែរលោកយេស៊ូ។ ដំបូង បុរសពីរនាក់នោះបានតិះដៀលលោកយេស៊ូជាមួយអ្នកឯទៀត។ (ម៉ាថ. ២៧:៤៤) ប៉ុន្តែ ក្រោយមកឧក្រិដ្ឋជនម្នាក់បានប្រែចិត្ត។ គាត់យល់ថាលោកយេស៊ូ«គ្មានកំហុសអ្វីឡើយ»។ (លូក. ២៣:៤០, ៤១) លើសពីនេះទៅទៀត គាត់ជឿថាលោកយេស៊ូនឹងត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញ ហើយគ្រប់គ្រងជាស្ដេចនៅថ្ងៃអនាគត។ គាត់ប្រាប់លោកយេស៊ូថា៖ «លោកយេស៊ូ សូមនឹកឃើញខ្ញុំ កាលណាលោកទៅជាស្ដេច»។ (លូក. ២៣:៤២) បុរសនេះបានបង្ហាញជំនឿខ្លាំងមែន! លោកយេស៊ូតបទៅវិញថា៖ «ខ្ញុំប្រាប់អ្នកការពិតនៅថ្ងៃនេះថា អ្នកនឹងនៅជាមួយនឹងខ្ញុំ[មិនមែនក្នុងរាជាណាចក្រ តែ]ក្នុងសួនឧទ្យាន»។ (លូក. ២៣:៤៣) សូមកត់សម្គាល់ថាលោកយេស៊ូបានសន្យានឹងគាត់ផ្ទាល់ ដោយប្រើពាក្យ«ខ្ញុំ» និង«អ្នក»។ លោកយេស៊ូអាចផ្ដល់សេចក្ដីសង្ឃឹមនេះដល់ឧក្រិដ្ឋជនដែលហៀបនឹងស្លាប់ ដោយសារលោកដឹងថាបិតារបស់លោកមានសេចក្ដីមេត្តាករុណា។—ទំនុក. ១០៣:៨
៦. តើយើងរៀនអ្វីពីប្រសាសន៍របស់លោកយេស៊ូទៅកាន់ឧក្រិដ្ឋជនម្នាក់?
៦ តើយើងអាចរៀនអ្វីពីប្រសាសន៍របស់លោកយេស៊ូ? លោកយេស៊ូគឺដូចបិតារបស់លោកបេះបិទ។ (ហេ. ១:៣) ព្រះយេហូវ៉ាចង់អភ័យទោសឲ្យយើង និងបង្ហាញសេចក្ដីមេត្តាករុណាចំពោះយើង។ ប៉ុន្តែលោកនឹងធ្វើដូច្នេះ លុះត្រាតែយើងពិតជាស្ដាយក្រោយចំពោះអំពើអាក្រក់ដែលយើងបានធ្វើពីមុន និងមានជំនឿទៅលើគ្រឿងបូជារបស់លោកយេស៊ូគ្រិស្ត។ (១យ៉ូន. ១:៧) អ្នកខ្លះប្រហែលជាពិបាកជឿថាព្រះយេហូវ៉ាអាចអភ័យទោសឲ្យពួកគេចំពោះកំហុសឆ្គងដែលពួកគេធ្លាប់ធ្វើ។ បើអ្នកធ្លាប់មានអារម្មណ៍ដូច្នេះ សូមគិតអំពីចំណុចនេះ៖ មិនយូរមុនលោកយេស៊ូស្លាប់ លោកបានបង្ហាញសេចក្ដីមេត្តាករុណាចំពោះឧក្រិដ្ឋជនម្នាក់ដែលទើបតែបង្ហាញជំនឿលើលោក។ បើលោកយេស៊ូធ្វើដូច្នេះចំពោះឧក្រិដ្ឋជនដែលទើបតែបង្ហាញជំនឿ ទម្រាំតែពួកអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាដែលខំអស់ពីសមត្ថភាពដើម្បីធ្វើតាមបង្គាប់របស់លោក ព្រះយេហូវ៉ាច្បាស់ជានឹងបង្ហាញសេចក្ដីមេត្តាករុណាច្រើនជាងនោះយ៉ាងណាទៅ!—ទំនុក. ៥១:១; ១យ៉ូន. ២:១, ២
«មើល! កូនរបស់អ្នក! . . . មើល! ម្ដាយរបស់អ្នក!»
៧. តាមយ៉ូហាន ១៩:២៦, ២៧ តើលោកយេស៊ូបានមានប្រសាសន៍អ្វីទៅកាន់ម៉ារៀនិងយ៉ូហាន ហើយហេតុអ្វីលោកមានប្រសាសន៍ដូច្នេះ?
៧ តើលោកយេស៊ូបានមានប្រសាសន៍អ្វី? (សូមអាន យ៉ូហាន ១៩:២៦, ២៧) លោកយេស៊ូបារម្ភអំពីម្ដាយរបស់លោក ដែលទំនងជាស្ត្រីមេម៉ាយ។ ប្អូនៗរបស់លោកយេស៊ូប្រហែលជាអាចបំពេញសេចក្ដីត្រូវការប្រចាំថ្ងៃរបស់គាត់។ ប៉ុន្តែ តើអ្នកណានឹងជួយគាត់ឲ្យរក្សាចិត្តស្មោះត្រង់ចំពោះព្រះយេហូវ៉ា? គម្ពីរមិនបានបង្ហាញថាប្អូនៗរបស់លោកយេស៊ូទៅជាអ្នកកាន់តាមលោករួចហើយនៅពេលនោះទេ។ ប៉ុន្តែយ៉ូហានវិញ គាត់ជាសាវ័កស្មោះត្រង់និងជាមិត្តភក្ដិជិតដិតម្នាក់របស់លោកយេស៊ូ។ ម្យ៉ាងទៀត លោកយេស៊ូចាត់ទុកពួកអ្នកដែលចូលរួមការគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយលោកជាក្រុមគ្រួសាររួមជំនឿលោក។ (ម៉ាថ. ១២:៤៦-៥០) យ៉ាងនេះ សេចក្ដីស្រឡាញ់និងការយកចិត្តទុកដាក់ចំពោះម៉ារៀបានជំរុញចិត្តលោកយេស៊ូសុំយ៉ូហានឲ្យមើលថែម៉ារៀ ដោយដឹងថាគាត់នឹងជួយម៉ារៀឲ្យបន្តបម្រើព្រះយេហូវ៉ា។ លោកបានមានប្រសាសន៍ទៅកាន់ម្ដាយលោកថា៖ «មើល! កូនរបស់អ្នក!» ហើយលោកបានមានប្រសាសន៍ទៅកាន់យ៉ូហានថា៖ «មើល! ម្ដាយរបស់អ្នក!»។ ចាប់ពីថ្ងៃនោះ យ៉ូហានបានទៅដូចជាកូនរបស់ម៉ារៀ ហើយមើលថែគាត់ហាក់ដូចជាម្ដាយ។ លោកយេស៊ូបង្ហាញសេចក្ដីស្រឡាញ់យ៉ាងខ្លាំងចំពោះស្ត្រីដ៏មានតម្លៃនេះដែលបីបមថែរក្សាលោកពេលលោកកើតមក និងនៅក្បែរលោកពេលលោកហៀបនឹងស្លាប់។
៨. តើយើងអាចរៀនអ្វីពីប្រសាសន៍របស់លោកយេស៊ូទៅកាន់ម៉ារៀនិងយ៉ូហាន?
៨ តើយើងអាចរៀនអ្វីពីប្រសាសន៍របស់លោកយេស៊ូ? មនោសញ្ចេតនាដែលយើងមានជាមួយបងប្អូនរួមជំនឿ អាចខ្លាំងជាងមនោសញ្ចេតនាដែលយើងមានជាមួយសមាជិកក្រុមគ្រួសាររបស់យើង។ សាច់ញាតិរបស់យើងប្រហែលជាប្រឆាំងយើង ឬថែមទាំងបោះបង់ចោលយើង។ ប៉ុន្តែដូចលោកយេស៊ូបានសន្យា បើយើងនៅជាប់នឹងព្រះយេហូវ៉ានិងអង្គការរបស់លោក យើងនឹងទទួល«មួយជាមួយរយ»លើសជាងអ្វីដែលយើងបានបាត់បង់។ បងប្អូនជាច្រើននឹងទៅដូចជាកូនប្រុសស្រី ឬឪពុកម្ដាយរបស់យើង។ (ម៉ាក. ១០:២៩,៣០) តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះការធ្វើជាសមាជិកក្រុមគ្រួសាររួមជំនឿដែលមានសាមគ្គីភាព ដោយសារពួកគេមានជំនឿ ហើយមានសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានិងចំពោះគ្នាទៅវិញទៅមក?—កូឡ. ៣:១៤; ១ពេ. ២:១៧
«ព្រះខ្ញុំអើយ! ហេតុអ្វីបានជាលះចោលខ្ញុំ?»
៩. តើយើងអាចរៀនអ្វីពីប្រសាសន៍របស់លោកយេស៊ូនៅម៉ាថាយ ២៧:៤៦?
៩ តើលោកយេស៊ូបានមានប្រសាសន៍អ្វី? មិនយូរមុនលោកយេស៊ូស្លាប់ លោកបានបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ព្រះខ្ញុំអើយ! ព្រះខ្ញុំអើយ! ហេតុអ្វីបានជាលះចោលខ្ញុំ?»។ (ម៉ាថ. ២៧:៤៦) គម្ពីរមិនបានរៀបរាប់អំពីមូលហេតុដែលលោកយេស៊ូបានមានប្រសាសន៍ដូច្នេះទេ។ ប៉ុន្តែ សូមគិតអំពីមេរៀនដែលយើងអាចរៀនពីប្រសាសន៍ទាំងនេះ។ អ្វីមួយដែលយើងរៀនគឺថាលោកយេស៊ូកំពុងធ្វើឲ្យទំនាយនៅទំនុកតម្កើង ២២:១បានសម្រេច។b ម្យ៉ាងទៀត ប្រសាសន៍នេះបង្ហាញថាព្រះយេហូវ៉ាមិនបានធ្វើ‹របងការពារព័ទ្ធជុំវិញ›បុត្ររបស់លោកទេ។ (យ៉ូប ១:១០) លោកយេស៊ូបានយល់ថាបិតារបស់លោកបានអនុញ្ញាតឲ្យពួកអ្នកដែលស្អប់លោកសាកល្បងជំនឿរបស់លោកយ៉ាងពេញលេញរហូតដល់លោកស្លាប់។ គ្មានមនុស្សណាម្នាក់ដែលធ្លាប់ទទួលការសាកល្បងដល់កម្រិតដូចលោកយេស៊ូទេ។ បន្ថែមទៅទៀត ពាក្យទាំងនេះបង្ហាញថាលោកគ្មានទោសចំពោះបទឧក្រិដ្ឋណាដែលសមឲ្យលោកស្លាប់ឡើយ។
១០. តើយើងអាចរៀនមេរៀនអ្វីខ្លះពីប្រសាសន៍របស់លោកយេស៊ូទៅកាន់បិតាលោក?
១០ តើយើងអាចរៀនអ្វីពីប្រសាសន៍របស់លោកយេស៊ូ? មេរៀនមួយដែលយើងអាចរៀនគឺថា យើងមិនគួររំពឹងថាព្រះយេហូវ៉ានឹងការពារយើងពីការពិបាកដែលនឹងសាកល្បងជំនឿរបស់យើងទេ។ ដូចលោកយេស៊ូបានទទួលការសាកល្បងយ៉ាងពេញលេញ យើងក៏ត្រូវត្រៀមចិត្តរក្សាភាពស្មោះត្រង់រហូតដល់ស្លាប់ បើចាំបាច់។ (ម៉ាថ. ១៦:២៤, ២៥) ប៉ុន្តែយើងអាចជឿជាក់ថា ព្រះនឹងមិនឲ្យយើងរងការល្បួងហួសពីសមត្ថភាពស៊ូទ្រាំរបស់យើងឡើយ។ (១កូ. ១០:១៣) មេរៀនមួយទៀតដែលយើងរៀនគឺថា ដូចលោកយេស៊ូយើងប្រហែលជារងអំពើអយុត្តិធម៌។ (១ពេ. ២:១៩, ២០) តាមពិត គេប្រឆាំងយើង មិនមែនដោយសារយើងធ្វើអ្វីខុសទេ តែដោយសារយើងមិនរួមចំណែកក្នុងពិភពលោក និងធ្វើជាសាក្សីបញ្ជាក់អំពីសេចក្ដីពិត។ (យ៉ូន. ១៧:១៤; ១ពេ. ៤:១៥, ១៦) លោកយេស៊ូយល់អំពីមូលហេតុដែលព្រះយេហូវ៉ាអនុញ្ញាតឲ្យលោករងទុក្ខវេទនា។ ប៉ុន្តែផ្ទុយពីលោក អ្នកបម្រើស្មោះត្រង់មួយចំនួនដែលជួបការពិបាក ធ្លាប់ឆ្ងល់អំពីមូលហេតុដែលព្រះយេហូវ៉ាអនុញ្ញាតឲ្យរឿងខ្លះកើតឡើង។ (ហាប. ១:៣) ព្រះរបស់យើងដែលប្រកបដោយសេចក្ដីមេត្តាករុណានិងចិត្តអត់ធ្មត់ យល់ថាបុគ្គលទាំងនេះមិនមែនខ្វះជំនឿទេ តែពួកគេត្រូវការការសម្រាលទុក្ខដែលមានតែលោកប៉ុណ្ណោះអាចផ្ដល់ឲ្យ។—២កូ. ១:៣, ៤
«ខ្ញុំស្រេកទឹក»
១១. ហេតុអ្វីលោកយេស៊ូបានមានប្រសាសន៍នៅយ៉ូហាន ១៩:២៨?
១១ តើលោកយេស៊ូបានមានប្រសាសន៍អ្វី? (សូមអាន យ៉ូហាន ១៩:២៨) ហេតុអ្វីលោកយេស៊ូបានមានប្រសាសន៍ថា៖ «ខ្ញុំស្រេកទឹក»? គឺ«ដើម្បីសម្រេចតាមបទគម្ពីរ» ពោលគឺទំនាយនៅទំនុកតម្កើង ២២:១៥ដែលចែងថា៖ «កំឡាំងទូលបង្គំហួតខ្សោះទៅដូចអំបែងឆ្នាំង អណ្ដាតទូលបង្គំជាប់នៅក្រអូមមាត់»។ ម្យ៉ាងទៀត ក្រោយពីលោកយេស៊ូជួបទុក្ខលំបាកជាច្រើន រួមទាំងការឈឺចាប់ក្រៃលែងនៅលើបង្គោលទារុណកម្ម លោកច្បាស់ជាស្រេកទឹកណាស់។ លោកត្រូវការឲ្យគេជួយយកអ្វីឲ្យលោកពិសាដើម្បីបាត់ស្រេកទឹក។
១២. តើយើងអាចរៀនអ្វីពីប្រសាសន៍របស់លោកយេស៊ូដែលថា៖ «ខ្ញុំស្រេកទឹក»?
១២ តើយើងអាចរៀនអ្វីពីប្រសាសន៍របស់លោកយេស៊ូ? លោកយេស៊ូមិនបានគិតថាការប្រាប់អំពីសេចក្ដីត្រូវការរបស់ខ្លួនគឺជាភាពទន់ខ្សោយទេ ហើយយើងក៏មិនគួរគិតដូច្នេះដែរ។ យើងប្រហែលជាមានទម្លាប់មិនប្រាប់គេអំពីសេចក្ដីត្រូវការរបស់យើង។ ប៉ុន្តែ បើយើងត្រូវការជំនួយ យើងមិនគួរស្ទាក់ស្ទើរសុំជំនួយពីអ្នកឯទៀតទេ។ ជាឧទាហរណ៍ បើយើងឈឺឬមានវ័យចាស់ យើងប្រហែលជាត្រូវសុំមិត្តភក្ដិឲ្យជួយជូនយើងទៅផ្សារ ឬទៅជួបគ្រូពេទ្យ។ បើយើងធ្លាក់ទឹកចិត្ត យើងប្រហែលជាត្រូវសុំអ្នកចាស់ទុំឬមិត្តជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំឲ្យស្ដាប់យើង ឬនិយាយ«ពាក្យល្អ»ដើម្បីលើកទឹកចិត្តយើង។ (សុភ. ១២:២៥) សូមយើងចាំថាបងប្អូនរបស់យើងស្រឡាញ់យើង ហើយចង់ជួយយើងនៅ«គ្រាលំបាក»។ (សុភ. ១៧:១៧) ប៉ុន្តែ ពួកគេមិនអាចមើលចិត្តយើងធ្លុះឡើយ។ ពួកគេប្រហែលជាមិនដឹងថាយើងត្រូវការជំនួយទេ បើយើងមិននិយាយ។
«ការទាំងអស់បានសម្រេចហើយ!»
១៣. តើការរក្សាចិត្តស្មោះឥតងាករេរហូតដល់ស្លាប់បានឲ្យលោកយេស៊ូសម្រេចរឿងអ្វីខ្លះ?
១៣ តើលោកយេស៊ូបានមានប្រសាសន៍អ្វី? ប្រហែលជាម៉ោងបីរសៀលនៅថ្ងៃទី១៤ ខែណែសាន លោកយេស៊ូបន្លឺសំឡេងថា៖ «ការទាំងអស់បានសម្រេចហើយ!»។ (យ៉ូន. ១៩:៣០) បន្តិចមុនលោកយេស៊ូផុតដង្ហើមទៅ លោកដឹងថាលោកបានធ្វើអ្វីទាំងអស់ដែលព្រះយេហូវ៉ាចង់ឲ្យលោកធ្វើ។ ដោយសារលោកយេស៊ូបានរក្សាចិត្តស្មោះឥតងាករេរហូតដល់ស្លាប់ លោកបានសម្រេចអ្វីមួយចំនួន។ ទី១ លោកបានបង្ហាញថាសាថានជាអ្នកភូតភរ។ លោកយេស៊ូបានបង្ហាញថាមនុស្សល្អឥតខ្ចោះអាចរក្សាចិត្តស្មោះឥតងាករេយ៉ាងល្អឥតខ្ចោះ ទោះជាសាថានធ្វើអ្វីក៏ដោយ។ ទី២ លោកយេស៊ូបានប្រគល់ជីវិតជាថ្លៃលោះ។ ដោយសារលោកជូនជីវិតជាគ្រឿងបូជា នោះបើកឱកាសឲ្យមនុស្សមិនល្អឥតខ្ចោះមានចំណងមិត្តភាពជាមួយនឹងព្រះ ហើយឲ្យពួកគេមានសេចក្ដីសង្ឃឹមរស់ជារៀងរហូត។ ទី៣ លោកយេស៊ូបានជម្រះនាមរបស់បិតាលោកពីការតិះដៀល និងបានបង្ហាញថាព្រះយេហូវ៉ាគឺជាអ្នកគ្រប់គ្រងដ៏សុចរិត។
១៤. ពីមួយថ្ងៃទៅមួយថ្ងៃ តើយើងគួរតាំងចិត្តរស់នៅបែបណា? សូមពន្យល់។
១៤ តើយើងអាចរៀនអ្វីពីប្រសាសន៍របស់លោកយេស៊ូ? យើងត្រូវតាំងចិត្តរក្សាចិត្តស្មោះឥតងាករេជារៀងរាល់ថ្ងៃ។ សូមគិតអំពីពាក្យសម្ដីរបស់បងប្រុសម៉ាកស្វែល ហ្វ្រេន ដែលជាអតីតគ្រូបង្រៀននៅសាលាគម្ពីរគីលាតនៃសមាគមប៉មយាម។ នៅសន្និបាតអន្តរជាតិមួយ បងហ្វ្រេនបាននិយាយក្នុងសុន្ទរកថាគាត់អំពីភាពស្មោះត្រង់ថា៖ «បើអ្នកមានអ្វីធ្វើឬនិយាយនៅថ្ងៃនេះ សូមកុំពន្យារពេលដល់ថ្ងៃស្អែកឡើយ។ តើអ្នកប្រាកដឬទេថាស្អែកអ្នកនៅមានជីវិត? ចូររស់នៅមួយថ្ងៃៗហាក់ដូចជានោះជាឱកាសចុងក្រោយដើម្បីបង្ហាញថាអ្នកសមនឹងទទួលជីវិតជារៀងរហូត»។ សូមឲ្យយើងរស់នៅមួយថ្ងៃៗគឺហាក់ដូចជាឱកាសចុងក្រោយដើម្បីរក្សាចិត្តស្មោះឥតងាករេ! យ៉ាងនេះ ទោះជាយើងហៀបនឹងស្លាប់ក្ដី យើងអាចនិយាយថា «ព្រះយេហូវ៉ាអើយ! ខ្ញុំបានខំអស់ពីសមត្ថភាពដើម្បីរក្សាចិត្តស្មោះឥតងាករេ បង្ហាញថាសាថានជាអ្នកភូតភរ ជម្រះអស់ទាំងការតិះដៀលចំពោះនាមរបស់លោក និងបង្ហាញថាលោកមានសិទ្ធិគ្រប់គ្រង ហើយថារបៀបគ្រប់គ្រងរបស់លោកគឺល្អបំផុត!»។
«ខ្ញុំសូមប្រគល់ជីវិតខ្ញុំជូនលោក!»
១៥. យោងទៅតាមលូកា ២៣:៤៦ តើលោកយេស៊ូមានទំនុកចិត្តអ្វី?
១៥ តើលោកយេស៊ូបានមានប្រសាសន៍អ្វី? (សូមអាន លូកា ២៣:៤៦) លោកយេស៊ូបានមានប្រសាសន៍ដោយមានទំនុកចិត្តទាំងស្រុងថា៖ «បិតា! ខ្ញុំសូមប្រគល់ជីវិតខ្ញុំជូនលោក!»។ លោកយេស៊ូដឹងថាអនាគតរបស់លោកអាស្រ័យលើព្រះយេហូវ៉ា ហើយថាបិតាលោកនឹងនឹកចាំលោក។
១៦. តើអ្នករៀនអ្វីពីបទពិសោធន៍របស់សាក្សីអាយុ១៥ឆ្នាំដែលបានត្រូវរៀបរាប់ក្នុងវគ្គនេះ?
១៦ តើយើងអាចរៀនអ្វីពីប្រសាសន៍របស់លោកយេស៊ូ? ចូរសុខចិត្តផ្ញើជីវិតរបស់អ្នកក្នុងដៃព្រះយេហូវ៉ា។ ដើម្បីធ្វើដូច្នេះ អ្នកត្រូវ«ពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត»។ (សុភ. ៣:៥) សូមគិតអំពីគំរូរបស់សាក្សីអាយុ១៥ឆ្នាំម្នាក់ឈ្មោះចូស៊ូអា ដែលមានជំងឺដ៏កាចសាហាវដែលនាំឲ្យស្លាប់។ គាត់មិនព្រមទទួលការព្យាបាលណាដែលបំពានច្បាប់របស់ព្រះទេ។ មិនយូរមុនគាត់ស្លាប់ គាត់បានប្រាប់ម្ដាយរបស់គាត់ថា៖ «ម៉ាក់ ជីវិតកូននៅក្នុងដៃរបស់ព្រះយេហូវ៉ា . . . កូនអាចប្រាប់ម៉ាក់ដោយជឿជាក់ទាំងស្រុងថា កូនដឹងថាព្រះយេហូវ៉ានឹងប្រោសកូនឲ្យរស់ឡើងវិញ។ លោកបានស្ទង់មើលចិត្តកូន ហើយកូនស្រឡាញ់លោកខ្លាំងណាស់»។ យើងម្នាក់ៗគួរសួរខ្លួនថា ‹បើខ្ញុំត្រូវជួបរឿងស្លាប់រស់ដែលសាកល្បងជំនឿរបស់ខ្ញុំ តើខ្ញុំនឹងផ្ញើជីវិតខ្ញុំក្នុងដៃរបស់ព្រះយេហូវ៉ា ហើយទុកចិត្តថាលោកនឹងនឹកចាំខ្ញុំឬទេ?›។
១៧-១៨. តើយើងបានរៀនមេរៀនអ្វី? (សូមមើលផងដែរនូវប្រអប់ដែលមានចំណងជើងថា«អ្វីដែលយើងរៀនពីប្រសាសន៍ចុងក្រោយរបស់លោកយេស៊ូ»)
១៧ យើងអាចរៀនមេរៀនសំខាន់ៗពីប្រសាសន៍ចុងក្រោយរបស់លោកយេស៊ូ! យើងទទួលការរំលឹកថាយើងត្រូវអភ័យទោសឲ្យអ្នកឯទៀត ហើយទុកចិត្តថាព្រះយេហូវ៉ានឹងអភ័យទោសឲ្យយើង។ យើងមានឯកសិទ្ធិដែលមានបងប្អូនរួមជំនឿជាក្រុមគ្រួសារដែលប្រុងប្រៀបជួយយើង។ ប៉ុន្តែពេលយើងត្រូវការជំនួយ យើងត្រូវសុំពួកគេ។ យើងដឹងថាព្រះយេហូវ៉ានឹងជួយយើងឲ្យស៊ូទ្រាំនឹងទុក្ខលំបាកណាក៏ដោយដែលយើងជួបប្រទះ។ យើងក៏ឃើញថាគឺសំខាន់ដែលយើងរស់នៅមួយថ្ងៃៗហាក់ដូចជានោះជាថ្ងៃចុងក្រោយដែលយើងអាចបង្ហាញចិត្តស្មោះឥតងាករេ ហើយមានទំនុកចិត្តថាជីវិតរបស់យើងនៅក្នុងដៃរបស់ព្រះយេហូវ៉ា។
១៨ ពិតណាស់ ពាក្យដែលលោកយេស៊ូបានមានប្រសាសន៍កាលដែលលោកហៀបនឹងស្លាប់នៅលើបង្គោលទារុណកម្មអាចបង្រៀនយើងមេរៀនជាច្រើនមែន! ដូច្នេះ បើយើងអនុវត្តមេរៀនដែលយើងបានរៀន យើងកំពុងធ្វើតាមប្រសាសន៍របស់ព្រះយេហូវ៉ាស្ដីអំពីបុត្ររបស់លោកថា៖ «ចូរស្ដាប់តាមលោក»។—ម៉ាថ. ១៧:៥
ចម្រៀងលេខ១២៦ ត្រូវដឹងខ្លួន រឹងមាំ ហើយខ្លាំងក្លា
a ដូចដែលបានចែងនៅម៉ាថាយ ១៧:៥ ព្រះយេហូវ៉ាចង់ឲ្យយើងស្ដាប់តាមបុត្ររបស់លោក។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាមេរៀនមួយចំនួនដែលយើងអាចរៀនពីប្រសាសន៍របស់លោកយេស៊ូ ពេលលោកហៀបនឹងស្លាប់នៅលើបង្គោលទារុណកម្ម។
b ដើម្បីដឹងអំពីមូលហេតុផ្សេងៗដែលលោកយេស៊ូបានដកស្រង់ពាក្យពីទំនុកតម្កើង ២២:១ សូមមើលអត្ថបទដែលមានចំណងជើងថា«សំណួរពីអ្នកអាន»ក្នុងលេខនេះ។