ជំពូកទី៣០
លោកយេស៊ូជាបុត្ររបស់ព្រះ
ព្រះជាបិតារបស់លោកយេស៊ូ
សេចក្ដីសន្យាអំពីការប្រោសឲ្យរស់ឡើងវិញ
ពេលជនជាតិយូដាខ្លះបានចោទប្រកាន់ថាលោកយេស៊ូបានបំពានលើច្បាប់ថ្ងៃឈប់សម្រាក ដោយធ្វើឲ្យបុរសម្នាក់ជា នោះលោកយេស៊ូឆ្លើយទៅពួកគេវិញថា៖ «បិតារបស់ខ្ញុំនៅតែធ្វើការរហូតដល់ឥឡូវនេះ ហើយខ្ញុំក៏នៅតែធ្វើការដែរ»។—យ៉ូហាន ៥:១៧
អ្វីដែលលោកយេស៊ូបានធ្វើក្នុងថ្ងៃឈប់សម្រាកនោះ មិនបានបំពានលើច្បាប់របស់ព្រះទេ។ តាមការពិត កិច្ចការល្អដែលលោកយេស៊ូធ្វើ ដូចជាការផ្សព្វផ្សាយនិងការធ្វើឲ្យមនុស្សជា បង្ហាញថាលោកយកតម្រាប់ព្រះ។ ហេតុដូច្នេះ ជារៀងរាល់ថ្ងៃលោកយេស៊ូតែងតែធ្វើកិច្ចការល្អជានិច្ច។ ទោះជាយ៉ាងនោះក៏ដោយ ការតបឆ្លើយរបស់លោកទៅពួកអ្នកដែលចោទប្រកាន់លោក បានធ្វើឲ្យពួកគេខឹងកាន់តែខ្លាំង ដូច្នេះហើយពួកគេក៏រកវិធីសម្លាប់លោកចោល។ ហេតុអ្វីពួកគេមានប្រតិកម្មដូចនេះ?
និយាយឲ្យចំទៅ ពួកគេមានទស្សនៈមិនត្រឹមត្រូវទេ កាលដែលពួកគេចោទប្រកាន់ថាលោកយេស៊ូបានបំពានលើច្បាប់ថ្ងៃឈប់សម្រាក ដោយធ្វើឲ្យមនុស្សជានោះ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេថែមទាំងខឹងលោកយេស៊ូយ៉ាងខ្លាំង កាលដែលលោកប្រាប់ថាលោកជាបុត្ររបស់ព្រះ។ ហេតុអ្វី? ពីព្រោះពួកគេគិតថា ពាក្យសម្ដីនោះ គឺហាក់ដូចជាលោកយេស៊ូតាំងខ្លួនស្មើនឹងព្រះ។ ដូច្នេះ ពួកគេចាត់ទុកថានោះជាការប្រមាថព្រះ។ ក៏ប៉ុន្តែ លោកយេស៊ូមិនខ្លាចពួកគេទេ។ លោកបានមានប្រសាសន៍ថែមទៀតអំពីចំណងមិត្តភាពពិសេសដែលលោកមានជាមួយនឹងព្រះ ដោយតបឆ្លើយពួកគេថា៖ «បិតាដែលនៅស្ថានសួគ៌ស្រឡាញ់បុត្ររបស់លោក ក៏បង្ហាញបុត្ររបស់លោកនូវអ្វីៗទាំងអស់ដែលលោកធ្វើ»។—យ៉ូហាន ៥:២០
បិតានៅស្ថានសួគ៌ជាអ្នកដែលផ្ដល់ជីវិត ហើយលោកបានបង្ហាញដូច្នោះនៅអតីតកាលដោយឲ្យអ្នកបម្រើលោកខ្លះមានសមត្ថភាពប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ ដូច្នេះ លោកយេស៊ូបន្តមានប្រសាសន៍ថា៖ «ដូចបិតាដែលនៅស្ថានសួគ៌ប្រោសមនុស្សស្លាប់ ហើយធ្វើឲ្យពួកគេមានជីវិតរស់ឡើងវិញ នោះបុត្ររបស់លោកក៏ធ្វើឲ្យមនុស្សស្លាប់ដែលលោកចង់ឲ្យរស់ មានជីវិតឡើងវិញដូច្នេះដែរ»។ (យ៉ូហាន ៥:២១) ប្រសាសន៍នោះពិតជាជួយមនុស្សឲ្យមានសេចក្ដីសង្ឃឹមចំពោះអនាគតមែន! សូម្បីតែឥឡូវនេះ លោកយេស៊ូបានប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញក្នុងន័យធៀប គឺលោកបានជួយពួកគេឲ្យមានចំណងមិត្តភាពជាមួយនឹងព្រះឡើងវិញ។ ដូច្នេះ លោកយេស៊ូមានប្រសាសន៍ថា៖ «អ្នកណាដែលឮពាក្យរបស់ខ្ញុំ ហើយជឿលោកដែលបានចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតដែលគ្មានទីបញ្ចប់ ហើយក៏មិនទទួលការវិនិច្ឆ័យឡើយ តែអ្នកនោះបានឆ្លងផុតពីសេចក្ដីស្លាប់មកកាន់ជីវិតរួចហើយ»។—យ៉ូហាន ៥:២៤
នៅពេលនោះ ទោះជាមិនទាន់មានកំណត់ហេតុណាមួយដែលបញ្ជាក់ថាលោកយេស៊ូបានប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញក្ដី តែលោកបានប្រាប់អ្នកប្រឆាំងលោកថា ការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញពិតជានឹងកើតឡើងមែន។ ហេតុនេះ លោកមានប្រសាសន៍ថា៖ «នឹងមានវេលាមកដល់ ដែលអស់អ្នកនៅក្នុងផ្នូរដែលសម្រាប់ជាទីរំលឹក នឹងឮសំឡេងរបស់លោក ហើយចេញមក»។—យ៉ូហាន ៥:២៨, ២៩
ទោះជាលោកយេស៊ូមានតួនាទីយ៉ាងសំខាន់ក្នុងគោលបំណងរបស់ព្រះក៏ដោយ តែលោកបានបញ្ជាក់យ៉ាងច្បាស់ថាលោកមានឋានៈទាបជាងព្រះ។ លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនអាចធ្វើអ្វីដោយគំនិតរបស់ខ្ញុំផ្ទាល់បានឡើយ . . . ខ្ញុំមិនរកបំពេញតាមបំណងប្រាថ្នារបស់ខ្ញុំទេ តែខ្ញុំរកបំពេញតាមបំណងប្រាថ្នារបស់លោកដែលបានចាត់ខ្ញុំឲ្យមក»។ (យ៉ូហាន ៥:៣០) តាំងពីមុនមក លោកយេស៊ូមិនដែលរៀបរាប់អំពីតួនាទីរបស់លោកក្នុងគោលបំណងរបស់ព្រះជាសាធារណៈដូចនេះឡើយ។ តាមពិត មិនមានតែលោកយេស៊ូប៉ុណ្ណោះដែលបានបញ្ជាក់ប្រាប់អំពីរឿងទាំងនេះទេ។ ដូច្នេះ លោកយេស៊ូរំលឹកពួកគេថា៖ «អ្នករាល់គ្នាបានចាត់មនុស្សឲ្យទៅជួបយ៉ូហាន[ដែលជាអ្នកជ្រមុជទឹក] ហើយគាត់បានបញ្ជាក់អំពីសេចក្ដីពិត»។—យ៉ូហាន ៥:៣៣
ប្រហែលជាពីរឆ្នាំមុន យ៉ូហានបានប្រាប់ពួកអ្នកដឹកនាំសាសនាយូដាអំពីអ្នកដែលនឹងមកក្រោយគាត់។ អ្នកនោះបានត្រូវហៅថា«អ្នកប្រកាសទំនាយ» និង«គ្រិស្ត»។ (យ៉ូហាន ១:២០-២៥) ពួកអ្នកចោទប្រកាន់លោកយេស៊ូប្រហែលជាបានឮអំពីអ្វីដែលយ៉ូហានបាននិយាយ។ ដើម្បីរំលឹកពួកគេអំពីយ៉ូហានដែលបានជាប់គុក និងជាអ្នកដែលពួកគេធ្លាប់គោរពយ៉ាងជ្រាលជៅ នោះលោកយេស៊ូមានប្រសាសន៍ថា៖ «អស់មួយរយៈពេលខ្លី អ្នករាល់គ្នាព្រមត្រេកអរយ៉ាងខ្លាំងនឹងពន្លឺរបស់គាត់»។ (យ៉ូហាន ៥:៣៥) ប៉ុន្តែ លោកយេស៊ូបានបញ្ជាក់យ៉ាងច្បាស់អំពីតួនាទីរបស់លោកជាងយ៉ូហានដែលជាអ្នកជ្រមុជទឹកទៅទៀត។
បន្ថែមទៅទៀត លោកយេស៊ូមានប្រសាសន៍ថា៖ «កិច្ចការដែលខ្ញុំកំពុងធ្វើនោះ[រួមបញ្ចូលការធ្វើឲ្យបុរសនោះជា] គឺកិច្ចការនោះឯងដែលបញ្ជាក់អំពីខ្ញុំថា បិតានៅស្ថានសួគ៌បានចាត់ខ្ញុំឲ្យមក។ ម្យ៉ាងទៀត បិតានៅស្ថានសួគ៌ដែលបានចាត់ខ្ញុំឲ្យមក ក៏បានធ្វើជាសាក្សីបញ្ជាក់អំពីខ្ញុំដែរ»។ (យ៉ូហាន ៥:៣៦, ៣៧) ជាឧទាហរណ៍ ពេលលោកយេស៊ូទទួលការជ្រមុជទឹក ព្រះបានធ្វើជាសាក្សីបញ្ជាក់ថាលោកជាបុត្ររបស់ព្រះ។—ម៉ាថាយ ៣:១៧
ពួកអ្នកចោទប្រកាន់លោកយេស៊ូ គ្មានមូលហេតុដែលបដិសេធលោកទេ។ សូម្បីតែបទគម្ពីរដែលពួកគេបានអះអាងថាពួកគេបានពិនិត្យមើលយ៉ាងដិតដល់នោះ ក៏ជាភ័ស្តុតាងដែលបញ្ជាក់អំពីលោកដែរ។ ដូច្នេះ លោកយេស៊ូបានប្រាប់ថា៖ «បើអ្នករាល់គ្នាជឿម៉ូសេ នោះអ្នករាល់គ្នាក៏នឹងជឿខ្ញុំដែរ ព្រោះគាត់បានសរសេរអំពីខ្ញុំ។ ប៉ុន្តែ បើអ្នករាល់គ្នាមិនជឿអ្វីដែលគាត់បានសរសេរទេ តើអ្នករាល់គ្នានឹងជឿពាក្យរបស់ខ្ញុំយ៉ាងដូចម្ដេចបាន?»។—យ៉ូហាន ៥:៤៦, ៤៧