ព្រះនិងសេសារ
«បើដូច្នេះ ចូរថ្វាយរបស់សេសារទៅសេសារទៅ ហើយរបស់ព្រះទៅព្រះវិញ»។—លូកា ២០:២៥
១. (ក) តើអ្វីជាឋានៈដ៏ខ្ពស់របស់ព្រះយេហូវ៉ា? (ខ) តើយើងជំពាក់អ្វីដល់ព្រះយេហូវ៉ា ដែលយើងមិនអាចឲ្យទៅសេសារបាន?
កាលដែលព្រះយេស៊ូគ្រីស្ទប្រទានឲ្យសេចក្ដីបង្គាប់នេះ ទ្រង់ជ្រាបយ៉ាងច្បាស់ថា ព្រះតម្រូវឲ្យពួកអ្នកបំរើរបស់ទ្រង់ចាត់ទុកជាសំខាន់ចំពោះអ្វីៗដែលសេសារ ឬរដ្ឋាភិបាលនេះតម្រូវពីពួកគេ។ ព្រះយេស៊ូជ្រាបដឹងជាងគេទាំងអស់នូវសេចក្ដីពិតនៃការអធិស្ឋានរបស់អ្នកតែងបទទំនុកដំកើងទៅព្រះយេហូវ៉ា ដែលថា៖ «រាជ្យទ្រង់ស្ថិតស្ថេរនៅអស់កល្បជានិច្ច ហើយអំណាច[អធិបតេយ្យភាព]aទ្រង់ក៏នៅដរាបដល់អស់ទាំងដំណតទៅ»។ (ទំនុកដំកើង ១៤៥:១៣) នៅពេលដែលអារក្សប្រគល់ឲ្យព្រះយេស៊ូនូវអំណាចនៃនគរទាំងអស់នៃផែនដី ព្រះយេស៊ូឆ្លើយតបថា៖ «មានសេចក្ដីចែងទុកមកថា ‹ត្រូវឲ្យឯងថ្វាយបង្គំដល់ព្រះអម្ចាស់[យេហូវ៉ា] ជាព្រះនៃឯង ហើយត្រូវគោរពដល់ទ្រង់តែ១ព្រះអង្គប៉ុណ្ណោះ› »។ (លូកា ៤:៥-៨) ដូច្នេះ យើងមិនត្រូវថ្វាយបង្គំដល់«សេសារ»ឡើយ ទោះបីសេសារជារាជាធិរាជរ៉ូម៉ាំង មេគ្រប់គ្រងមនុស្សណាឯទៀត ឬជារដ្ឋាភិបាលក៏ដោយ។
២. (ក) តើអ្វីជាឋានៈរបស់សាតាំងចំពោះលោកីយ៍នេះ? (ខ) តើសាតាំងកាន់កាប់ឋានៈរបស់វាដោយមានការអនុញ្ញាតពីអ្នកណា?
២ ព្រះយេស៊ូមិនបានប្រកែកថារាជាណាចក្រនៃលោកីយ៍នេះជាកម្មសិទ្ធិរបស់សាតាំងទេ។ ក្រោយមក ទ្រង់បានហៅសាតាំងជា«ចៅហ្វាយរបស់លោកីយនេះ»។ (យ៉ូហាន ១២:៣១; ១៦:១១) មកដល់ចុងសតវត្សទីមួយមុនសករាជយើង សាវ័កយ៉ូហានបានសរសេរថា៖ «យើងដឹងថាយើងមកពីព្រះពិត តែលោកីយទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាចវិញ»។ (យ៉ូហានទី១ ៥:១៩) នេះមិនមែនមានន័យថា ព្រះយេហូវ៉ាបានលះបង់ចោលអធិបតេយ្យភាពរបស់ទ្រង់នៅលើផែនដីនោះឡើយ។ នៅចាំទេ កាលដែលសាតាំងប្រគល់ឲ្យការគ្រប់គ្រងលើរាជាណាចក្រនយោបាយដល់ព្រះយេស៊ូ វាបានថ្លែងថា៖ «ខ្ញុំនឹងឲ្យអំណាច . . . នៃនគរទាំងនេះដល់អ្នក ដ្បិតបានប្រគល់មកខ្ញុំហើយ»។ (លូកា ៤:៦) ដូច្នេះ សាតាំងមានអំណាចលើរាជាណាចក្រទាំងអស់នៃលោកីយ៍នេះ ដោយមានការអនុញ្ញាតពីព្រះ។
៣. (ក) តើរដ្ឋាភិបាលនៃសាសន៍ទាំងឡាយមានឋានៈយ៉ាងណានៅចំពោះព្រះយេហូវ៉ា? (ខ) តើយើងអាចនិយាយយ៉ាងណាថា ការចុះចូលនឹងរដ្ឋាភិបាលនៃលោកីយ៍នេះ មិនមែនមានន័យថា យើងចុះចូលនឹងសាតាំងជាព្រះនៃលោកីយ៍នេះ?
៣ ស្រដៀងគ្នាដែរ រដ្ឋាភិបាលអាចប្រើអំណាចរបស់ខ្លួនបាន ពីព្រោះព្រះ ក្នុងឋានៈជាព្រះមហាក្សត្រគ្រប់គ្រង បានអនុញ្ញាតឲ្យធ្វើដូច្នេះ។ (យ៉ូហាន ១៩:១១) ដូច្នេះហើយ យើងអាចនិយាយថា«ព្រះទ្រង់បានតាំងពួកលោកទាំងនោះឲ្យមានអំណាច[ល័ក្ខខណ្ឌ]»។ បើប្រៀបនឹងអំណាចមហាក្សត្រដ៏ឧត្តមរបស់ព្រះយេហូវ៉ា ពួកលោកទាំងនេះមានអំណាចតិចណាស់។ យ៉ាងណាក៏ដោយ ពួកលោកទាំងនេះជា«អ្នកបំរើរបស់ព្រះ» ជា«ភ្នាក់ងាររបស់ព្រះ» ដើម្បីផ្ដល់ឲ្យហិតប្រយោជន៍ចាំបាច់ រក្សាច្បាប់និងសណ្ដាប់ធ្នាប់ ហើយដើម្បីធ្វើទោសដល់ពួកអ្នកធ្វើអាក្រក់។ (រ៉ូម ១៣:១, ៤, ៦) ដូច្នេះ គ្រីស្ទានត្រូវតែដឹងថា ទោះបីសាតាំងជាមេគ្រប់គ្រងដ៏មើលមិនឃើញនៃលោកីយ៍ ឬប្រព័ន្ធនេះក៏ដោយ ពួកគេមិនមែនចុះចូលនឹងវាទេ នៅពេលដែលគេចុះចូលដោយល័ក្ខខណ្ឌនឹងរដ្ឋាភិបាលនោះ។ ពួកគេគោរពតាមព្រះ។ ក្នុងឆ្នាំ១៩៩៦នេះ រដ្ឋាភិបាលនៅតែជាផ្នែកមួយនៃ«ការរៀបចំរបស់ព្រះ» គឺជាការរៀបចំបណ្ដោះអាសន្នដែលព្រះអនុញ្ញាតឲ្យមាន ហើយពួកអ្នកបំរើនៃព្រះយេហូវ៉ានៅផែនដី គួរតែទទួលស្គាល់ការរៀបចំនេះ។—រ៉ូម ១៣:២, ព.ថ.
ពួកអ្នកបំរើព្រះយេហូវ៉ាពីសម័យបុរាណនិងរដ្ឋាភិបាល
៤. ហេតុអ្វីក៏ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យយ៉ូសែបមានឋានៈធំដុំក្នុងរដ្ឋាភិបាលអេស៊ីប?
៤ ក្នុងសម័យមុនគ្រីស្ទាន ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យអ្នកបំរើរបស់ទ្រង់ខ្លះ កាន់កាប់ឋានៈដ៏ធំដុំក្នុងរដ្ឋាភិបាល។ ឧទាហរណ៍ ក្នុងសតវត្សទី១៨ ម.ស.យ. យ៉ូសែបបានក្លាយទៅជានាយករដ្ឋមន្ត្រីនៃប្រទេសអេស៊ីប ជាអ្នកកាន់តំណែងទីពីរបន្ទាប់ពីស្តេចផារ៉ោន។ (លោកុប្បត្តិ ៤១:៣៩-៤៣) ព្រឹត្ដិការណ៍ដែលកើតមានឡើងជាខាងក្រោយធ្វើឲ្យឃើញច្បាស់ថា ព្រះយេហូវ៉ាបានបណ្ដាលឲ្យការនេះកើតឡើង ដើម្បីឲ្យយ៉ូសែបអាចបំរើជាឧបករណ៍មួយក្នុងការរក្សាទុក‹ពូជរបស់អ័ប្រាហាំ› ជាកូនចៅរបស់គាត់ ដើម្បីជាប្រយោជន៍ដល់ការសំរេចនៃគោលបំណងរបស់ទ្រង់។ មែនហើយ យើងគួរតែចាំថា យ៉ូសែបត្រូវបានលក់ឲ្យធ្វើខ្ញុំគេក្នុងអេស៊ីប ហើយគាត់បានរស់នៅក្នុងគ្រាដែលពួកអ្នកបំរើរបស់ព្រះឥតមានច្បាប់របស់លោកម៉ូសេ ហើយក៏មិនមាន«ក្រិត្យវិន័យនៃព្រះគ្រីស្ទ»ដែរ។—លោកុប្បត្តិ ១៥:៥-៧; ៥០:១៩-២១; កាឡាទី ៦:២
៥. ហេតុអ្វីក៏ពួកឈ្លើយយូដាត្រូវបានបញ្ជាឲ្យ‹ស្វែងរកសេចក្ដីសន្ដិភាព›ក្នុងបាប៊ីឡូនដូច្នេះ?
៥ ជាច្រើនសតវត្សក្រោយមក ព្រះយេហូវ៉ាបានបណ្ដាលឲ្យព្យាការីយេរេមាដ៏ស្មោះត្រង់ ប្រាប់ដល់ពួកឈ្លើយយូដាឲ្យចុះចូលនឹងពួកអ្នកគ្រប់គ្រង កាលដែលបានធ្វើនិរទេសទៅបាប៊ីឡូន ហើយថែមទាំងប្រាប់ឲ្យអធិស្ឋានសូមសន្ដិភាពមកដល់ក្រុងនោះផង។ ក្នុងសំបុត្រទៅពួកគេ គាត់បានសរសេរថា៖ «ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដល់ពួកឈ្លើយទាំងប៉ុន្មាន . . . ‹ចូរខំប្រឹងធ្វើឲ្យទីក្រុង ដែលអញបានឲ្យគេដឹកនាំឯងទៅនៅជាឈ្លើយនោះ បានសេចក្ដីសុខ ហើយត្រូវអធិស្ឋានដល់ព្រះយេហូវ៉ាឲ្យទីនោះផង ដ្បិតក្នុងសេចក្ដីសុខរបស់ក្រុងនោះ ឯងរាល់គ្នានឹងបានសេចក្ដីសុខដែរ› »។ (យេរេមា ២៩:៤, ៧) ប្រជារាស្ត្ររបស់ព្រះយេហូវ៉ាតែងតែមានមូលហេតុ«ស្វែងរក . . . សេចក្ដីមេត្រីភាព»សំរាប់ខ្លួនគេ ហើយនៅក្នុងប្រទេសដែលពួកគេរស់នៅ ដើម្បីឲ្យមានសេរីរភាពក្នុងការថ្វាយបង្គំព្រះយេហូវ៉ា។—ពេត្រុសទី១ ៣:១១
៦. ថ្វីបើមានឋានៈខ្ពស់ក្នុងរដ្ឋាភិបាល តើតាមរបៀបណាដែលដានីយ៉ែលនិងមិត្តបីនាក់របស់គាត់បដិសេធមិនមិនចុះចូលធ្វើអ្វីផ្ទុយនឹងច្បាប់របស់ព្រះ?
៦ ក្នុងកំឡុងការជាប់ឃុំឃាំងនៅបាប៊ីឡូន ដានីយ៉ែលនិងយូដាស្មោះត្រង់បីនាក់ទៀតដែលបានជាប់ជាទាសភាពដល់ពួកបាប៊ីឡូន បានទទួលការហ្វឹកហ្វឺនពីរដ្ឋ ហើយក៏បានទៅជាអ្នករដ្ឋការសក្ដិខ្ពស់ក្នុងស្រុកបាប៊ីឡូន។ (ដានីយ៉ែល ១:៣-៧; ២:៤៨, ៤៩) យ៉ាងណាក៏ដោយ សូម្បីតែក្នុងកំឡុងការហ្វឹកហ្វឺនរបស់គេ ពួកគេបានកាន់គោលជំហរដ៏ម៉ឺងម៉ាត់ចំពោះបញ្ហាម្ហូបអាហារ ដែលអាចនាំឲ្យពួកគេបំពានលើច្បាប់ដែលព្រះយេហូវ៉ា ជាព្រះរបស់គេ បានប្រទានមកតាមរយៈលោកម៉ូសេ។ ចំពោះការនេះ ព្រះបានប្រទានពរដល់ពួកគេ។ (ដានីយ៉ែល ១:៨-១៧) នៅពេលដែលស្តេចនេប៊ូក្នេសាបានដំឡើងរូបព្រះមួយ មិត្តហេព្រើរបីនាក់របស់ដានីយ៉ែលត្រូវបានគេជំរុញឲ្យមកពិធីបុណ្យនោះ ជាមួយនឹងអ្នករដ្ឋការឯទៀតដែរ។ យ៉ាងណាក៏ដោយ ពួកគេបានបដិសេធមិន«ក្រាបថ្វាយបង្គំ»រូបព្រះនោះឡើយ។ ម្ដងនេះទៀត ព្រះយេហូវ៉ាបានប្រទានរង្វាន់ដល់គេចំពោះចិត្តស្មោះគ្រប់ល័ក្ខណ៍របស់គេ។ (ដានីយ៉ែល ៣:១-៦, ១៣-២៨) សព្វថ្ងៃនេះក៏ស្រដៀងគ្នាដែរ ស្មរបន្ទាល់ព្រះយេហូវ៉ាមានសេចក្ដីគោរពដល់ទង់ជ័យនៃប្រទេសដែលគេរស់នៅ តែពួកគេមិនថ្វាយបង្គំដល់ទង់ជ័យនោះទេ។—និក្ខមនំ ២០:៤, ៥; យ៉ូហានទី១ ៥:២១
៧. (ក) តើដានីយ៉ែលបានកាន់គោលជំហរដ៏ប្រសើរអ្វី ថ្វីបើគាត់មានឋានៈខ្ពស់ក្នុងប្រព័ន្ធរដ្ឋាភិបាលបាប៊ីឡូននោះ? (ខ) តើមានការប្រែប្រួលអ្វីកើតឡើងនៅសម័យគ្រីស្ទាន?
៧ ក្រោយពីពូជពង្សបាប៊ីឡូនថ្មីៗបានរលំទៅ ដានីយ៉ែលបានទទួលតំណែងខ្ពស់ក្នុងរដ្ឋថ្មីដែលដឹកនាំដោយរដ្ឋាភិបាលមីឌី-ពើស៊ីក្នុងស្រុកបាប៊ីឡូន។ (ដានីយ៉ែល ៥:៣០, ៣១; ៦:១-៣) ប៉ុន្តែគាត់មិនបានបណ្ដោយឲ្យឋានៈខ្ពស់នេះ ធ្វើឲ្យសៅហ្មងដល់ចិត្តស្មោះគ្រប់ល័ក្ខណ៍របស់គាត់ទេ។ កាលដែលច្បាប់មួយរបស់រដ្ឋតម្រូវឲ្យគាត់ថ្វាយបង្គំស្តេចដារីយុស ជាជាងព្រះយេហូវ៉ា គាត់បានបដិសេធ។ ចំពោះការនេះ គេបានបោះទំលាក់គាត់ទៅក្នុងរូងសត្វសិង្ហ តែព្រះយេហូវ៉ាបានសង្គ្រោះគាត់។ (ដានីយ៉ែល ៦:៤-២៤) ពិតមែនហើយ ការនេះបានកើតឡើងមុនសម័យគ្រីស្ទាន។ ពេលដែលក្រុមជំនុំគ្រីស្ទានបានស្ថាបនាឡើង ពួកអ្នកបំរើព្រះមកនៅក្រោម«ក្រិត្យវិន័យព្រះគ្រីស្ទវិញ»។ អ្វីៗជាច្រើនដែលបានអនុញ្ញាតឲ្យធ្វើនៅក្រោមប្រព័ន្ធយូដា ឥឡូវត្រូវបានចាត់ទុកជាអ្វីផ្សេង ដោយពឹងទៅលើរបៀបដែលព្រះយេហូវ៉ាទាក់ទងនឹងប្រជារាស្ត្ររបស់ទ្រង់ឥឡូវនេះ។—កូរិនថូសទី១ ៩:២១; ម៉ាថាយ ៥:៣១, ៣២; ១៩:៣-៩
ចរិយារបស់ព្រះយេស៊ូចំពោះរដ្ឋាភិបាល
៨. តើព្រឹត្ដិការណ៍ណាមួយដែលបង្ហាញថា ព្រះយេស៊ូបានប្ដេជ្ញាមិនចូលប្រឡូកប្រឡាក់នឹងនយោបាយ?
៨ កាលដែលព្រះយេស៊ូគ្រីស្ទនៅលើផែនដីនៅឡើយ ទ្រង់បានតាំងបមាណីយខ្ពស់សំរាប់ពួកអ្នកកាន់តាមទ្រង់ ហើយទ្រង់បានបដិសេធមិនចូលប្រឡូកប្រឡាក់ក្នុងរឿងនយោបាយឬរឿងយោធាឡើយ។ ក្រោយពីព្រះយេស៊ូបានប្រទានអាហារដល់មនុស្សបីបួនពាន់នាក់ពីនំប៉័ងនិងត្រីតូចពីរ នោះពួកបុរសយូដាបានចង់ចាប់ទ្រង់ដើម្បីតាំងទ្រង់ឡើងជាស្តេចខាងនយោបាយ។ ប៉ុន្តែ ព្រះយេស៊ូបានគេចខ្លួនចេញពីពួកគេ ដោយចេញជាប្រញាប់ទៅឯទីភ្នំ។ (យ៉ូហាន ៦:៥-១៥) ចំពោះព្រឹត្ដិការណ៍នេះ សៀវភៅអត្ថាធិប្បាយអន្តរជាតិថ្មីអំពីសញ្ញាថ្មីថ្លែងថា៖ «នៅជំនាន់នោះ មានចំណង់ខាងសាសន៍និយមជាខ្លាំងក្នុងចំណោមពួកយូដា ហើយពួកជាច្រើនដែលបានឃើញអព្ភូតហេតុនោះ ច្បាស់ជាមានអារម្មណ៍ថា នេះជាមេដឹកនាំដែលព្រះទទួលស្គាល់ ជាអ្នកដែលសមនឹងដឹកនាំពួកគេទាស់នឹងពួករ៉ូម៉ាំង។ ដូច្នេះ ពួកគេបានតាំងចិត្តនឹងយកទ្រង់ធ្វើជាស្តេច»។ សៀវភៅនេះបន្ថែមទៀតថា ព្រះយេស៊ូបាន«បដិសេធយ៉ាងម៉ឺងម៉ាត់» នៃការដឹកនាំខាងនយោបាយនេះ។ ព្រះគ្រីស្ទមិនបានគាំទ្រសោះឡើយដល់ការបះបោរនៃពួកយូដាទាស់នឹងការកាន់កាប់របស់ពួករ៉ូម៉ាំង។ តាមការពិត ទ្រង់បានទាយប្រាប់អំពីលទ្ធផលនៃការបះបោរដែលនឹងកើតឡើង ក្រោយពីទ្រង់ចូលទិវង្គត—គឺជាសេចក្ដីវេទនាយ៉ាងខ្លាំងដល់ពួកអ្នកស្រុកយេរូសាឡិមនិងការហិនវិនាសនៃទីក្រុងនោះ។—លូកា ២១:២០-២៤
៩. (ក) តើព្រះយេស៊ូបានរៀបរាប់ថា ព្រះរាជាណាចក្ររបស់ទ្រង់មានទំនាក់ទំនងយ៉ាងណាជាមួយលោកីយ៍នេះ? (ខ) តើព្រះយេស៊ូបានប្រទានគោលការណ៍ណែនាំអ្វីដល់ពួកអ្នកកាន់តាមទ្រង់ ចំពោះការមានទំនាក់ទំនងជាមួយរដ្ឋាភិបាលនៃលោកីយ៍?
៩ មិនយូរប៉ុន្មានមុនទិវង្គតរបស់ទ្រង់ ព្រះយេស៊ូបានមានបន្ទូលប្រាប់អ្នកតំណាងពិសេសនៃរាជាធិរាជរ៉ូមនៅស្រុកយូដាថា៖ «នគរខ្ញុំមិនមែនត្រូវខាងលោកីយនេះទេ បើសិនជានគរខ្ញុំត្រូវខាងលោកីយនេះ នោះពួកអ្នកបំរើខ្ញុំ គេនឹងបានតយុទ្ធហើយ ដើម្បីមិនឲ្យខ្ញុំត្រូវបញ្ជូនទៅសាសន៍យូដាឡើយ តែឥឡូវនេះ នគរខ្ញុំមិនត្រូវខាងស្ថាននេះទេ»។ (យ៉ូហាន ១៨:៣៦) ពួកសិស្សរបស់ព្រះគ្រីស្ទនឹងកាន់តាមគំរូរបស់ទ្រង់ ទំរាំដល់ព្រះរាជាណាចក្ររបស់ទ្រង់កំទេចចោលការគ្រប់គ្រងនៃពួករដ្ឋាភិបាលខាងនយោបាយ។ ពួកគេសំដែងការគោរពដល់អាជ្ញាធរទាំងនោះ ប៉ុន្តែពួកគេមិនចូលជ្រៀតជ្រែកក្នុងកិច្ចការនយោបាយឡើយ។ (ដានីយ៉ែល ២:៤៤; ម៉ាថាយ ៤:៨-១០) ព្រះយេស៊ូបានទុកគោលការណ៍ណែនាំឲ្យពួកសិស្សរបស់ទ្រង់ ដោយថ្លែងថា៖ «ចូរថ្វាយរបស់សេសារ ទៅសេសារទៅ ឯរបស់ព្រះ ចូរថ្វាយទៅព្រះវិញ»។ (ម៉ាថាយ ២២:២១) មុននេះ ក្នុងធម្មទាននៅលើភ្នំ ព្រះយេស៊ូបានមានបន្ទូលថា៖ «បើអ្នកណាបង្ខំឲ្យអ្នកទៅអស់១យោជន៍ នោះចូរទៅជាមួយនឹងគេដល់២យោជន៍ផង»។ (ម៉ាថាយ ៥:៤១) ក្នុងបរិបទនៃធម្មទាននេះ ព្រះយេស៊ូចង់ពន្យល់អំពីគោលការណ៍នៃការសុខចិត្តចុះចូលតាមច្បាប់បញ្ជា ទោះជាក្នុងទំនាក់ទំនងរវាងមនុស្សក្ដី ឬមានក្នុងតម្រូវនៃរដ្ឋាភិបាលដែលស្របតាមច្បាប់របស់ព្រះក៏ដោយ។—លូកា ៦:២៧-៣១; យ៉ូហាន ១៧:១៤, ១៥
ពួកគ្រីស្ទាននិងសេសារ
១០. យោងទៅតាមអ្នកប្រវត្ដិសាស្ត្រម្នាក់ តើពួកគ្រីស្ទានពីដើមបានកាន់គោលជំហរនៃមនសិការអ្វីចំពោះសេសារ?
១០ គោលការណ៍ណែនាំខ្លីៗទាំងនេះ គឺសំរាប់គ្រប់គ្រងលើទំនាក់ទំនងរវាងពួកគ្រីស្ទាននិងរដ្ឋាភិបាល។ ក្នុងសៀវភៅរបស់គាត់ដំណើរកើនឡើងនៃសាសនាគ្រីស្ទាន អ្នកប្រវត្ដិសាស្ត្រម្នាក់ឈ្មោះបាន្ស បានសរសេរថា៖ «ជាច្រើនសតវត្សមកនេះ បើគ្រីស្ទានណាម្នាក់មិនដឹងច្បាស់នូវមុខនាទីរបស់គាត់ចំពោះរដ្ឋាភិបាល គាត់បែរទៅរកសេចក្ដីបង្រៀនជាផ្លូវការរបស់ព្រះគ្រីស្ទ។ គាត់ត្រូវតែបង់ពន្ធអាករ៖ ពន្ធអាករត្រូវបានគេហូតយកច្រើនពន់ពេក—ដែលទៅជាបន្ទុកដ៏ធ្ងន់ មុននឹងការរលំបស្ចិមចក្រភព—តែគ្រីស្ទានបង់ពន្ធអាករ ថ្វីបើមានសេចក្ដីលំបាកវេទនាក៏ដោយ។ ហើយគាត់ក៏ទទួលកាតព្វកិច្ចរដ្ឋឯទៀតទាំងអស់ ឲ្យតែមិនហៅគាត់ឲ្យថ្វាយដល់សេសារនូវអ្វីៗដែលជារបស់ផងព្រះ»។
១១. តើប៉ុលបានទូន្មានពួកគ្រីស្ទានអំពីការទាក់ទងពួកមេដឹកនាំនៃលោកីយ៍យ៉ាងណាខ្លះ?
១១ ជាង២០ឆ្នាំបន្ដិចក្រោយពីទិវង្គតនៃព្រះគ្រីស្ទ ដោយស្របតាមការនេះ សាវ័កប៉ុលបានប្រាប់ពួកគ្រីស្ទាននៅរ៉ូមថា៖ «ចូរឲ្យគ្រប់ទាំងមនុស្សចុះចូលនឹងរាជការ»។ (រ៉ូម ១៣:១) ប្រហែលជាដប់ឆ្នាំក្រោយមក មុនគាត់ជាប់គុកជាលើកទីពីរនិងការប្រហារជីវិតនៅរ៉ូម ប៉ុលបានសរសេរទៅទីតុសថា៖ «ចូររំឭកគេ[ពួកគ្រីស្ទានក្រិត] ឲ្យចុះចូលនឹងពួកនាម៉ឺន ហើយនឹងពួកមានអំណាចទាំងអស់ ព្រមទាំងស្ដាប់បង្គាប់ ហើយប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ មិនត្រូវនិយាយអាក្រក់ពីអ្នកណា ឬឈ្លោះប្រកែកឡើយ ត្រូវមានចិត្តស្លូតបូត ទាំងសំដែងសេចក្ដីសុភាពគ្រប់យ៉ាង ដល់មនុស្សទាំងអស់ផង»។—ទីតុស ៣:១, ២
ការកើនចំណេះអំពី«រាជការ»
១២. (ក) តើលោកឆាល្ស ថេស្ស រ៉ាសិល យល់យ៉ាងណា អំពីគោលជំហរត្រឹមត្រូវនៃគ្រីស្ទានចំពោះរដ្ឋអំណាច? (ខ) អំពីការបំរើក្នុងកងទ័ព តើពួកគ្រីស្ទានចាក់ប្រេងតាំងមានទស្សនៈខុសគ្នាយ៉ាងណាខ្លះក្នុងកំឡុងសង្គ្រាមលោកលើកទី១?
១២ នៅដើមឆ្នាំ១៨៨៦ ឆាល្ស ថេស្ស រ៉ាសិល ក្នុងសៀវភៅមួយឈ្មោះគំរោងការណ៍នៃគ្រានោះ បានសរសេរថា៖ «ព្រះយេស៊ូនិងពួកសាវ័កមិនបានចូលជ្រៀតជ្រែកជាមួយពួកមេដឹកនាំនៃផែនដីសោះឡើយ។ . . . ពួកគេបានបង្រៀនពួកក្រុមជំនុំឲ្យគោរពច្បាប់នានា ហើយឲ្យគោរពពួកអ្នកមានអំណាច ដោយសារមុខតំណែងរបស់គេ . . . ឲ្យបង់ពន្ធអាករដល់គេ លើកលែងតែច្បាប់របស់រដ្ឋប្រឆាំងនឹងច្បាប់របស់ព្រះ (កិច្ចការ ៤:១៩; ៥:២៩) ហើយមិនត្រូវឲ្យមានទំនាស់នឹងច្បាប់ណាឲ្យសោះ។ (រ៉ូម ១៣:១-៧; ម៉ាថាយ ២២:២១) ព្រះយេស៊ូនិងពួកសាវ័ក ព្រមទាំងពួកក្រុមជំនុំពីដើម គឺសុទ្ធតែជាអ្នកគោរពច្បាប់ទាំងអស់ ថ្វីបើពួកគេបានញែកខ្លួនចេញ ហើយមិនបានចូលរួបរួមក្នុងរដ្ឋាភិបាលនៃលោកីយ៍នេះក៏ដោយ»។ សៀវភៅនេះបង្ហាញឲ្យឃើញយ៉ាងត្រឹមត្រូវថា «អ្នកមានអំណាចខ្ពង់ខ្ពស់» ឬ «រាជការ» ដែលសាវ័កប៉ុលបានប្រាប់មកនេះ គឺជារដ្ឋអំណាចរបស់មនុស្ស។ (រ៉ូម ១៣:១, សេចក្ដីបកប្រែព្រះគម្ពីរឃីងជេម្ស) ក្នុងឆ្នាំ១៩០៤ សៀវភៅការបង្កើតថ្មីថ្លែងថា ពួកគ្រីស្ទានពិត «គួរតែដាក់ក្នុងចំណោមមនុស្សដែលគោរពច្បាប់ជាងគេបង្អស់នៃបច្ចុប្បន្ននេះ—មិនក្នុងចំណោមមនុស្សបះបោរ មនុស្សដែលទាស់ទែងគ្នា និងមនុស្សដែលរកតែកំហុសគេនោះទេ»។ ពួកគ្រីស្ទានខ្លះយល់ថា នេះមានន័យថាជាការចុះចូលទាំងស្រុងតាមរដ្ឋអំណាច រហូតដល់ថ្នាក់ទទួលបំរើក្នុងកងទ័ពក្នុងកំឡុងសង្គ្រាមលោកលើកទី១។ ប៉ុន្តែ អ្នកឯទៀតយល់ឃើញថា នេះជាការផ្ទុយពីសេចក្ដីថ្លែងរបស់ព្រះយេស៊ូដែលថា៖ «ដ្បិតអស់អ្នកដែលយកដាវ នោះត្រូវស្លាប់ដោយដាវដែរ»។ (ម៉ាថាយ ២៦:៥២) ម្ល៉ោះហើយបានជាការយល់ឲ្យបានច្បាស់លាស់អំពីការចុះចូលនៃគ្រីស្ទានចំពោះរាជការ ជាការចាំបាច់ណាស់។
១៣. តើទស្សនៈអំពីអត្តសញ្ញាណនៃអ្នកមានអំណាចខ្ពង់ខ្ពស់បានប្រែប្រួលយ៉ាងណាក្នុងឆ្នាំ១៩២៩ ហើយតើនេះមានប្រយោជន៍យ៉ាងណា?
១៣ ក្នុងឆ្នាំ១៩២៩ ជាគ្រាដែលរដ្ឋាភិបាលផ្សេងៗបានចាប់ផ្ដើមចេញច្បាប់បំរាមដល់អ្វីៗដែលព្រះបញ្ជាឲ្យធ្វើ ឬទាមទារយកអ្វីៗដែលច្បាប់របស់ព្រះហាមឃាត់។ នៅគ្រានេះហើយដែលគេជឿថា អ្នកមានអំណាចខ្ពង់ខ្ពស់នោះ គឺច្បាស់ជាព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទ។b នេះហើយជាទស្សនៈនៃពួកអ្នកបំរើព្រះយេហូវ៉ាក្នុងកំឡុងគ្រាដ៏សំខាន់នេះ គឺពីមុននិងក្នុងកំឡុងគ្រាសង្គ្រាមលោកលើកទី២ ហើយមកដល់គ្រាសង្គ្រាមត្រជាក់ ដោយមានអំពើដែលគួរខ្លាចនិងការរៀបចំស្រេចនៃយោធា។ បើគិតមើលទៅ ការមានទស្សនៈអំពីអ្វីៗទាំងនេះ ច្បាស់ជាបានលើកដំកើងដល់ឧត្តមភាពនៃព្រះយេហូវ៉ានិងព្រះគ្រីស្ទ ហើយក៏បានជួយប្រជារាស្ត្ររបស់ព្រះឲ្យរក្សាគោលជំហរអព្យាក្រឹតដោយមិនចុះចាញ់ឡើយក្នុងកំឡុងគ្រាដ៏លំបាកនេះ។
ការចុះចូលដោយលក្ខខណ្ឌ
១៤. ក្នុងឆ្នាំ១៩៦២ តើមានការបំភ្លឺណាទៀតមកលើរ៉ូម ១៣:១, ២ និងបទគម្ពីរដែលទាក់ទងនោះ?
១៤ ក្នុងឆ្នាំ១៩៦១ សេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធ បានបកប្រែចប់។ ការរៀបចំនៃសេចក្ដីបកប្រែនេះ តម្រូវឲ្យសិក្សាយ៉ាងហ្មត់ចត់អំពីភាសាឯកសារដើមនៃបទគម្ពីរ។ ការបកប្រែច្បាស់លាស់នៃពាក្យដែលប្រើក្នុងរ៉ូមជំពូក១៣ ហើយក្នុងឃ្លាផ្សេងៗទៀតដូចជានៅ ទីតុស ៣:១, ២ និងពេត្រុសទី១ ២:១៣, ១៧ បង្ហាញយ៉ាងច្បាស់ថា ឃ្លា«អំណាចខ្ពង់ខ្ពស់» (ក្នុងព្រះគម្ពីរខ្មែរថា«រាជការ») សំដៅទៅលើរដ្ឋអំណាចរបស់មនុស្ស មិនមែនទៅលើព្រះយេហូវ៉ានិងព្រះយេស៊ូ ជាបុត្រទ្រង់នោះឡើយ។ នៅចុងឆ្នាំ១៩៦២ អត្ថបទនានាត្រូវបានបោះពុម្ពផ្សាយក្នុងប៉មយាម ដែលពន្យល់ប្រាប់យ៉ាងច្បាស់ត្រឹមត្រូវអំពីរ៉ូមជំពូក ១៣ ហើយក៏សំដែងទស្សនៈដែលច្បាស់ជាងទស្សនៈនៅសម័យលោករ៉ាសិលទៅទៀត។ អត្ថបទទាំងនេះពន្យល់ប្រាប់ថា ការចុះចូលនៃគ្រីស្ទានចំពោះរដ្ឋអំណាច មិនអាចធ្វើឡើងបានទាំងស្រុងឡើយ។ នេះត្រូវតែមានល័ក្ខខណ្ឌ អាស្រ័យទៅលើការនេះមិនធ្វើឲ្យពួកអ្នកបំរើព្រះបំពានលើច្បាប់របស់ព្រះ។ អត្ថបទនានាទៀតក្នុងប៉មយាម បានបញ្ជាក់អំពីចំណុចដ៏សំខាន់នេះដែរ។c
១៥, ១៦. (ក) ការយល់ឃើញថ្មីអំពីរ៉ូមជំពូក ១៣ ធ្វើឲ្យមានទស្សនៈថ្លឹងថ្លែងដ៏ប្រសើរអ្វី? (ខ) តើមានសំនួរអ្វីខ្លះដែលនឹងត្រូវឆ្លើយ?
១៥ កូនសោនេះដែលបើកឲ្យយល់ច្បាស់លាស់អំពីរ៉ូមជំពូក ១៣ បានជួយប្រជារាស្ត្រនៃព្រះយេហូវ៉ាឲ្យអាចថ្លឹងថ្លែងការគោរពដល់អំណាចនយោបាយ ជាមួយនឹងគោលជំហរដ៏មិនចុះចាញ់ដែលសំអាងទៅលើគោលការណ៍បទគម្ពីរសំខាន់នានា។ (ទំនុកដំកើង ៩៧:១១; យេរេមា ៣:១៥) នេះបានធ្វើឲ្យពួកគេមានទស្សនៈត្រឹមត្រូវអំពីទំនាក់ទំនងរបស់គេជាមួយព្រះនិងការទាក់ទងជាមួយរដ្ឋ។ នេះបានឲ្យពួកគេដឹងជាប្រាកដថា កាលដែលគេត្រូវថ្វាយរបស់សេសារទៅសេសារវិញ ពួកគេក៏មិនត្រូវខានថ្វាយរបស់ព្រះទៅព្រះឡើយ។
១៦ ប៉ុន្តែ តើអ្វីទៅជារបស់សេសារ? តើរដ្ឋអាចទាមទារពេញច្បាប់អ្វីខ្លះពីគ្រីស្ទាន? សំនួរទាំងនេះនឹងត្រូវពិគ្រោះនៅក្នុងអត្ថបទជាបន្ទាប់។
[កំណត់សម្គាល់]
a សូមមើលទំនុកដំកើង ១០៣:២២ កំណត់ចំណាំ។
b ប៉មយាម ទី១ និងទី១៥ មិថុនា ឆ្នាំ១៩២៩
c សូមមើលប៉មយាម ថ្ងៃទី១និងទី១៥ វិច្ឆិកា ១ ធ្នូ ១៩៦២; ១ វិច្ឆិកា ១៩៩០; ១ កុម្ភៈ ១៩៩៣; ១ កក្កដា ១៩៩៤។ (ជាភាសាអង់គ្លេស)
គួរឲ្យចាប់អារម្មណ៍ដែរ ក្នុងអត្ថាធិប្បាយរបស់លោកអំពីរ៉ូមជំពូក ១៣ សាស្ដ្រាចារ្យ ព្រូស សរសេរថា៖ «ជាការច្បាស់ណាស់ពីបរិបទនេះ ក៏ជាច្បាស់ដែរពីបរិបទទូទៅនៃឯកសារសរសេរដោយពួកសាវ័ក ដែលថារដ្ឋមានសិទ្ធិត្រឹមត្រូវទាមទារការគោរព ដែលបានតែក្នុងកំរិតនៃគោលបំណងដែលព្រះបានដាក់ឲ្យរដ្ឋនោះមាន—តែបើសិនជារដ្ឋនោះទាមទារការគោរពដែលសំរាប់តែព្រះប៉ុណ្ណោះ នោះនឹងត្រូវទទួលការប្រឆាំងជាមិនខាន»។
តើអ្នកអាចពន្យល់ទេ?
◻ ហេតុអ្វីក៏ការចុះចូលនឹងរាជការមិនមានន័យថាចុះចូលនឹងសាតាំង?
◻ តើអ្វីជាអាកប្បកិរិយារបស់ព្រះយេស៊ូចំពោះនយោបាយនៅសម័យទ្រង់?
◻ តើព្រះយេស៊ូបានប្រទានដំបូន្មានអ្វីដល់ពួកអ្នកកាន់តាមទ្រង់ អំពីការទាក់ទងជាមួយសេសារ?
◻ តើប៉ុលបានទូន្មានពួកគ្រីស្ទានយ៉ាងណាខ្លះ ចំពោះការទាក់ទងជាមួយពួកមេដឹកនាំនៃពួកសាសន៍នានា?
◻ តើការយល់ដឹងអំពីអត្តសញ្ញាណនៃរាជការ បានរីកចំរើនយ៉ាងណាខ្លះក្នុងរយៈប៉ុន្មានឆ្នាំមកនេះ?
[រូបភាពនៅទំព័រ១០]
នៅពេលដែលសាតាំងប្រគល់ឲ្យអំណាចខាងនយោបាយដល់ទ្រង់ ព្រះយេស៊ូបានបដិសេធមិនទទួលទេ
[រូបភាពនៅទំព័រ១៣]
លោករ៉ាសិលបានសរសេរថា ពួកគ្រីស្ទាន«គួរតែដាក់ក្នុងចំណោមមនុស្សដែលគោរពច្បាប់ជាងគេបង្អស់នៃបច្ចុប្បន្ននេះ»