ហេតុអ្វីយើងគួរជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះ?
«ពួកគេបានជួបជុំគ្នានៅឯវិហារជារៀងរាល់ថ្ងៃ»។—សកម្មភាព ២:៤៦
១-៣. (ក) តើគ្រិស្តសាសនិកបានបង្ហាញយ៉ាងណាថាពួកគាត់ចង់ជួបជុំគ្នា? (សូមមើលរូបភាពនៅដើមអត្ថបទ) (ខ) តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
ពេលបងស្រីខូរីណាមានអាយុ១៧ឆ្នាំ ម្ដាយរបស់គាត់បានត្រូវគេចាប់ខ្លួន ហើយបានបញ្ជូនទៅជំរំពលកម្មដ៏ឆ្ងាយ។ ក្រោយមក បងខូរីណាក៏បានត្រូវចាប់យកទៅតំបន់ស៊ីបេរីដែលនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រពីផ្ទះរបស់គាត់។ នៅទីនោះគាត់បានធ្វើការនៅឯកសិដ្ឋាន ហើយគេប្រព្រឹត្តទៅលើគាត់ដូចជាខ្ញុំបម្រើ។ ជួនកាល គាត់បានត្រូវគេបង្ខំឲ្យធ្វើការនៅខាងក្រៅដែលរងាយ៉ាងខ្លាំងដោយមិនមានសម្លៀកបំពាក់គ្រប់គ្រាន់ឲ្យគាត់កក់ក្ដៅឡើយ។ ទោះជាយ៉ាងនោះក៏ដោយ បងខូរីណានិងបងស្រីម្នាក់ទៀតបានសម្រេចចិត្តថាពួកគាត់នឹងខំអស់ពីសមត្ថភាពដើម្បីចាកចេញពីកសិដ្ឋាននោះ ហើយទៅកិច្ចប្រជុំក្រុមជំនុំ។
២ បងខូរីណាបាននិយាយថា៖ «យើងបានចេញពីកន្លែងធ្វើការរបស់យើងនៅពេលល្ងាច ហើយបានដើរទៅស្ថានីយរថភ្លើងដែលមានចម្ងាយ២៥គីឡូម៉ែត្រ (១៥ម៉ៃល៍)។ រថភ្លើងចេញនៅម៉ោងពីរព្រឹក ហើយយើងបានជិះរថភ្លើងនោះអស់៦ម៉ោង បន្ទាប់មកយើងបានដើរអស់ចម្ងាយ១០គីឡូម៉ែត្រ (៦ម៉ៃល៍) ដើម្បីទៅកន្លែងប្រជុំនោះ»។ បងខូរីណាសប្បាយចិត្តណាស់ដែលគាត់បានធ្វើដំណើរនោះ។ គាត់បាននិយាយថា៖ «នៅកិច្ចប្រជុំ យើងបានសិក្សាទស្សនាវដ្ដីប៉មយាម ហើយបានច្រៀងចម្រៀងរាជាណាចក្រ។ នោះគឺជាបទពិសោធន៍ដែលគួរឲ្យលើកទឹកចិត្ត ហើយបានពង្រឹងជំនឿរបស់យើង»។ បីថ្ងៃក្រោយមក បងស្រីទាំងពីរនាក់នេះបានត្រឡប់មកកសិដ្ឋាននោះវិញ ប៉ុន្តែកសិករនៅទីនោះមិនបានដឹងសោះថាពួកគាត់បានចេញទៅក្រៅ។
៣ រាស្ត្ររបស់ព្រះយេហូវ៉ាតែងតែទន្ទឹងរង់ចាំការជួបជុំគ្នា។ ជាឧទាហរណ៍ គ្រិស្តសាសនិកនៅសតវត្សរ៍ទី១ចង់ជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ានិងរៀនអំពីលោក។ (សកម្មភាព ២:៤៦) អ្នកក៏ទំនងជាទន្ទឹងរង់ចាំការចូលរួមកិច្ចប្រជុំដែរ។ ប៉ុន្តែ ដូចបងប្អូនទាំងអស់ អ្នកប្រហែលជាពិបាកមកកិច្ចប្រជុំជាទៀងទាត់។ អ្នកប្រហែលជាត្រូវធ្វើការច្រើនម៉ោង ឬអ្នកមានកិច្ចការជាច្រើនដែលត្រូវធ្វើ ឬក៏អ្នកតែងតែអស់កម្លាំង។ ដូច្នេះ តើអ្វីនឹងជួយយើងឲ្យខំអស់ពីសមត្ថភាពដើម្បីចូលរួមកិច្ចប្រជុំ? [១] (សូមមើលកំណត់នៅចុងអត្ថបទ) តើតាមរបៀបណាយើងអាចលើកទឹកចិត្តសិស្សគម្ពីររបស់យើងនិងអ្នកឯទៀតឲ្យមកកិច្ចប្រជុំជាទៀងទាត់? អត្ថបទនេះនឹងពន្យល់អំពីមូលហេតុដែលការចូលរួមកិច្ចប្រជុំ៖ (១) មានប្រយោជន៍សម្រាប់យើង (២) ជួយអ្នកឯទៀត និង (៣) ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត [២] (សូមមើលកំណត់នៅចុងអត្ថបទ)។
កិច្ចប្រជុំមានប្រយោជន៍សម្រាប់យើង
៤. តើការជួបជុំគ្នាជួយយើងយ៉ាងណាឲ្យរៀនអំពីព្រះយេហូវ៉ា?
៤ កិច្ចប្រជុំអប់រំយើង។ កិច្ចប្រជុំនីមួយៗជួយយើងឲ្យរៀនកាន់តែច្រើនអំពីព្រះយេហូវ៉ា។ ជាឧទាហរណ៍ នៅពេលថ្មីៗនេះ ក្រុមជំនុំភាគច្រើនបានសិក្សាសៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា ពេលសិក្សាគម្ពីរជាក្រុមជំនុំ។ តើអ្នកមានអារម្មណ៍យ៉ាងណាពេលយើងបានពិគ្រោះអំពីគុណសម្បត្ដិរបស់ព្រះយេហូវ៉ា និងពេលអ្នកបានស្ដាប់អំពីអារម្មណ៍របស់បងប្អូនចំពោះលោក? នេះប្រាកដជាបានធ្វើឲ្យអ្នកកាន់តែស្រឡាញ់ព្រះយេហូវ៉ា។ នៅកិច្ចប្រជុំ យើងក៏រៀនថែមទៀតអំពីគម្ពីរដោយផ្ចង់អារម្មណ៍ទៅលើសុន្ទរកថានិងការសម្ដែង ហើយដោយស្ដាប់យ៉ាងយកចិត្តទុកដាក់ពេលបងប្អូនអានគម្ពីរ។ (នេហេមា ៨:៨) ម្យ៉ាងទៀត សូមគិតអំពីអ្វីៗជាច្រើនដែលយើងរកឃើញជារៀងរាល់សប្ដាហ៍ពេលយើងរៀបចំអំណានគម្ពីរ និងក្រោយមកពេលយើងឮអំពីអ្វីដែលអ្នកឯទៀតបានរៀនពីបទគម្ពីរទាំងនោះ។
៥. តើតាមរបៀបណាកិច្ចប្រជុំបានជួយអ្នកឲ្យប្រើអ្វីដែលអ្នកបានរៀនពីគម្ពីរ ហើយបានជួយអ្នកឲ្យរីកចម្រើនក្នុងកិច្ចបម្រើផ្សាយ?
៥ កិច្ចប្រជុំបង្រៀនយើងឲ្យអនុវត្តនូវអ្វីដែលយើងរៀនពីគម្ពីរនៅក្នុងជីវិតរបស់យើង។ (ថែស្សាឡូនិចទី១ ៤:៩, ១០) ជាឧទាហរណ៍ តើអ្នកបានចូលរួមការសិក្សាទស្សនាវដ្ដីប៉មយាមដែលបានធ្វើឲ្យអ្នកចង់បម្រើព្រះយេហូវ៉ាច្រើនជាង ធ្វើឲ្យអ្នកចង់អធិដ្ឋានឲ្យកាន់តែមានន័យខ្លឹមសារ ឬធ្វើឲ្យអ្នកចង់អភ័យទោសឲ្យបងប្អូនឬទេ? កិច្ចប្រជុំដែលយើងមានក្នុងអំឡុងសប្ដាហ៍អាចបង្រៀនយើងអំពីរបៀបផ្សព្វផ្សាយដំណឹងល្អ និងរបៀបជួយអ្នកឯទៀតឲ្យយល់សេចក្ដីពិតពីគម្ពីរ។—ម៉ាថាយ ២៨:១៩, ២០
៦. តើតាមរបៀបណាកិច្ចប្រជុំលើកទឹកចិត្តយើងនិងជួយយើងឲ្យនៅរឹងមាំ?
៦ កិច្ចប្រជុំលើកទឹកចិត្តយើង។ ពិភពលោករបស់សាថានព្យាយាមធ្វើឲ្យជំនឿរបស់យើងចុះខ្សោយ ហើយអាចធ្វើឲ្យយើងមានអារម្មណ៍តានតឹងចិត្តនិងធ្លាក់ទឹកចិត្ត។ ប៉ុន្តែ កិច្ចប្រជុំរបស់យើងលើកទឹកចិត្តយើងនិងផ្ដល់ឲ្យយើងនូវកម្លាំងចិត្តដើម្បីបន្តបម្រើព្រះយេហូវ៉ា។ (សូមអាន សកម្មភាព ១៥:៣០-៣២) ជារឿយៗ យើងពិគ្រោះអំពីរបៀបដែលទំនាយក្នុងគម្ពីរបានសម្រេច។ នេះអាចជួយយើងឲ្យកាន់តែប្រាកដក្នុងចិត្តថាសេចក្ដីសន្យារបស់ព្រះយេហូវ៉ាសម្រាប់ពេលអនាគតនឹងក្លាយទៅជាការពិត។ បងប្អូនយើងមិនគ្រាន់តែលើកទឹកចិត្តយើងពេលពួកគាត់ថ្លែងសុន្ទរកថាប៉ុណ្ណោះទេ ប៉ុន្តែក៏លើកទឹកចិត្តយើងពេលដែលពួកគាត់ឆ្លើយនិងសរសើរព្រះយេហូវ៉ាដោយច្រៀងអស់ពីចិត្ត។ (កូរិនថូសទី១ ១៤:២៦) ម្យ៉ាងទៀត ពេលយើងនិយាយជាមួយនឹងពួកគាត់មុននិងក្រោយកិច្ចប្រជុំ យើងមានកម្លាំងចិត្តឡើងវិញដោយសារយើងមានមិត្តភក្ដិជាច្រើនដែលពិតជាយកចិត្តទុកដាក់ចំពោះយើង។—កូរិនថូសទី១ ១៦:១៧, ១៨
កិច្ចប្រជុំរបស់យើងលើកទឹកចិត្តយើងនិងផ្ដល់ឲ្យយើងនូវកម្លាំងចិត្តដើម្បីបន្តបម្រើព្រះយេហូវ៉ា
៧. ហេតុអ្វីគឺសំខាន់ណាស់ដែលយើងនៅកិច្ចប្រជុំរបស់យើង?
៧ នៅកិច្ចប្រជុំ យើងទទួលជំនួយពីសកម្មពលបរិសុទ្ធរបស់ព្រះ។ លោកយេស៊ូប្រើសកម្មពលបរិសុទ្ធនេះដើម្បីដឹកនាំក្រុមជំនុំនានា។ តាមពិត លោកបានប្រាប់យើងថាយើងគួរ«ស្ដាប់អ្វីដែលសកម្មពលប្រាប់ដល់ក្រុមជំនុំទាំងឡាយ»។ (ការបើកបង្ហាញ ២:៧) សកម្មពលបរិសុទ្ធអាចជួយយើងឲ្យទប់ទល់នឹងការល្បួង និងជួយយើងឲ្យផ្សព្វផ្សាយដោយចិត្តក្លាហាន។ សកម្មពលបរិសុទ្ធក៏អាចជួយយើងឲ្យធ្វើការសម្រេចចិត្តឈ្លាសវៃដែរ។ នេះគឺជាមូលហេតុដែលយើងត្រូវខំអស់ពីសមត្ថភាពដើម្បីចូលរួមកិច្ចប្រជុំ ហើយទទួលជំនួយពីសកម្មពលបរិសុទ្ធរបស់ព្រះ។
យើងជួយអ្នកឯទៀតនៅកិច្ចប្រជុំ
៨. ពេលបងប្អូនឃើញយើងនៅកិច្ចប្រជុំ ហើយឮយើងឆ្លើយនិងច្រៀង តើនេះនឹងជួយពួកគាត់យ៉ាងណា? (សូមមើលដែរនូវប្រអប់ដែលមានចំណងជើងថា«គាត់តែងតែចេញពីកិច្ចប្រជុំដោយមានអារម្មណ៍ធូរស្រាលជាង»)
៨ នៅកិច្ចប្រជុំ យើងមានឱកាសដើម្បីបង្ហាញបងប្អូនយើងថាយើងស្រឡាញ់ពួកគាត់។ ក្នុងក្រុមជំនុំរបស់យើង មានបងប្អូនជាច្រើននាក់ដែលកំពុងស៊ូទ្រាំនឹងទុក្ខលំបាកដ៏ខ្លាំង។ សាវ័កប៉ូលបានសរសេរថា៖ «ចូរយើងគិតអំពីគ្នាទៅវិញទៅមក»។ (ហេប្រឺ ១០:២៤, ២៥) យើងអាចបង្ហាញថាយើងយកចិត្តទុកដាក់ចំពោះបងប្អូនយើងដោយជួបជុំគ្នាដើម្បីលើកទឹកចិត្តគ្នាទៅវិញទៅមក។ ពេលយើងទៅកិច្ចប្រជុំ យើងបង្ហាញបងប្អូនយើងថា យើងចង់និយាយនិងនៅជាមួយនឹងពួកគាត់ ហើយថាយើងចង់ស្គាល់អារម្មណ៍របស់ពួកគាត់។ យើងក៏លើកទឹកចិត្តពួកគាត់ដែរពេលពួកគាត់ឮយើងឆ្លើយនិងច្រៀងអស់ពីចិត្ត។—កូឡុស ៣:១៦
៩, ១០. (ក) សូមពន្យល់អំពីរបៀបដែលពាក្យសម្ដីរបស់លោកយេស៊ូនៅយ៉ូហាន ១០:១៦ ជួយយើងឲ្យយល់អំពីមូលហេតុដែលការជួបជុំជាមួយនឹងបងប្អូនរួមជំនឿគឺសំខាន់។ (ខ) បើយើងចូលរួមកិច្ចប្រជុំជាទៀងទាត់ តើតាមរបៀបណាយើងអាចជួយបងប្អូនណាម្នាក់ដែលត្រូវសមាជិកក្រុមគ្រួសារលែងទទួលស្គាល់?
៩ ពេលយើងទៅកិច្ចប្រជុំ យើងជួយបងប្អូនក្នុងក្រុមជំនុំឲ្យនៅជិតស្និទ្ធគ្នា។ (សូមអាន យ៉ូហាន ១០:១៦) លោកយេស៊ូបានប្រដូចខ្លួនលោកទៅនឹងគង្វាល ហើយប្រដូចអ្នកកាន់តាមលោកទៅនឹងហ្វូងចៀម។ សូមគិតអំពីរឿងនេះ បើចៀមពីរក្បាលនៅលើភ្នំ ឯពីរក្បាលទៀតនៅជ្រលងភ្នំ ហើយចៀមមួយក្បាលទៀតនៅកន្លែងផ្សេងទៀត តើចៀមទាំងប្រាំក្បាលនោះនៅជាហ្វូងឬទេ? មិនមែនទេ ដោយសារហ្វូងចៀមគឺនៅជាមួយគ្នា ហើយតាមគង្វាលរបស់ពួកវា។ ស្រដៀងគ្នាដែរ យើងមិនគួរនៅឆ្ងាយពីបងប្អូនរបស់យើងដោយមិនមកកិច្ចប្រជុំឡើយ។ យើងត្រូវជួបជុំគ្នាដើម្បីទៅជា«ហ្វូងតែមួយ» ហើយតាម«គង្វាលតែម្នាក់»។
១០ កិច្ចប្រជុំរបស់យើងជួយយើងឲ្យមានសាមគ្គីភាពជាក្រុមគ្រួសារមួយដែលប្រកបដោយសេចក្ដីស្រឡាញ់។ (ទំនុកតម្កើង ១៣៣:១) បងប្អូនខ្លះក្នុងក្រុមជំនុំបានត្រូវសមាជិកក្រុមគ្រួសាររបស់ខ្លួនលែងទទួលស្គាល់ ដូចជាឪពុកម្ដាយឬបងប្អូនរបស់ពួកគាត់ជាដើម។ ប៉ុន្តែ លោកយេស៊ូបានសន្យាថាលោកនឹងផ្ដល់ឲ្យពួកគាត់នូវក្រុមគ្រួសារដែលនឹងស្រឡាញ់និងថែរក្សាពួកគាត់។ (ម៉ាកុស ១០:២៩, ៣០) បើអ្នកចូលរួមកិច្ចប្រជុំជាទៀងទាត់ អ្នកអាចដូចជាឪពុក ម្ដាយ បងប្អូនប្រុស ឬបងប្អូនស្រី ចំពោះបងប្អូនណាម្នាក់ក្នុងក្រុមជំនុំ។ ពេលយើងគិតអំពីរឿងនេះ យើងចង់ខំអស់ពីសមត្ថភាពដើម្បីចូលរួមកិច្ចប្រជុំទាំងអស់។
យើងនឹងធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត
១១. តើតាមរបៀបណាការចូលរួមកិច្ចប្រជុំជួយយើងឲ្យជូនព្រះយេហូវ៉ានូវអ្វីដែលលោកសមនឹងទទួល?
១១ នៅកិច្ចប្រជុំ យើងជូនព្រះយេហូវ៉ានូវអ្វីដែលលោកសមនឹងទទួល។ ដោយសារលោកជាអ្នកបង្កើតយើង នោះយើងគួរអរគុណ លើកកិត្ដិយស និងសរសើរលោក។ (សូមអាន ការបើកបង្ហាញ ៧:១២) យើងអាចធ្វើដូច្នេះនៅកិច្ចប្រជុំ ពេលយើងអធិដ្ឋានទៅព្រះយេហូវ៉ា ច្រៀងជូនលោក និងនិយាយអំពីលោក។ យើងពិតជាមានឱកាសដ៏អស្ចារ្យមែនដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ាជារៀងរាល់សប្ដាហ៍!
ព្រះយេហូវ៉ាកត់សម្គាល់ថា យើងពិតជាចង់ចូលរួមកិច្ចប្រជុំ ហើយលោកឲ្យតម្លៃចំពោះការខំប្រឹងទាំងអស់របស់យើងដើម្បីទៅទីនោះ
១២. តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាពេលដែលយើងធ្វើតាមបង្គាប់របស់លោកដែលឲ្យចូលរួមកិច្ចប្រជុំ?
១២ ព្រះយេហូវ៉ាបានបង្កើតយើង ហើយយើងគួរស្ដាប់បង្គាប់លោក។ លោកបានបង្គាប់យើងឲ្យបន្តជួបជុំគ្នា ជាពិសេសកាលដែលយើងចូលកាន់តែជិតដល់ទីបញ្ចប់។ ដូច្នេះ ពេលយើងធ្វើតាមបង្គាប់នោះ ព្រះយេហូវ៉ាពេញចិត្ត។ (យ៉ូហានទី១ ៣:២២) លោកកត់សម្គាល់ថាយើងពិតជាចង់ចូលរួមកិច្ចប្រជុំ ហើយលោកឲ្យតម្លៃចំពោះការខំប្រឹងទាំងអស់របស់យើងដើម្បីទៅទីនោះ។—ហេប្រឺ ៦:១០
១៣, ១៤. តើតាមរបៀបណាយើងចូលទៅជិតព្រះយេហូវ៉ានិងលោកយេស៊ូនៅកិច្ចប្រជុំ?
១៣ ពេលយើងទៅកិច្ចប្រជុំ យើងបង្ហាញព្រះយេហូវ៉ាថាយើងចង់ចូលកាន់តែជិតលោកនិងបុត្ររបស់លោក។ នៅកិច្ចប្រជុំ យើងសិក្សាគម្ពីរនិងរៀនពីព្រះយេហូវ៉ាអំពីអ្វីដែលយើងគួរធ្វើនិងអំពីរបៀបដែលយើងគួររស់នៅ។ (អេសាយ ៣០:២០, ២១) សូម្បីតែពេលមនុស្សខ្លះដែលមិនបម្រើព្រះយេហូវ៉ាមកកិច្ចប្រជុំក្ដី ពួកគេទទួលស្គាល់ថាព្រះកំពុងណែនាំយើង។ (កូរិនថូសទី១ ១៤:២៣-២៥) ព្រះយេហូវ៉ាកំពុងដឹកនាំកិច្ចប្រជុំរបស់យើងដោយសកម្មពលបរិសុទ្ធរបស់លោក ហើយអ្វីដែលយើងរៀននៅទីនោះគឺមកពីលោក។ ដូច្នេះ ពេលយើងទៅកិច្ចប្រជុំយើងស្ដាប់នូវអ្វីដែលព្រះយេហូវ៉ាមានប្រសាសន៍ យើងមានអារម្មណ៍ថាលោកស្រឡាញ់យើងខ្លាំងណាស់ ហើយយើងចូលកាន់តែជិតលោក។
១៤ លោកយេស៊ូដែលជាប្រមុខនៃក្រុមជំនុំបានមានប្រសាសន៍ថា៖ «នៅកន្លែងណាដែលមានពីរឬបីនាក់ជួបជុំគ្នាតាងនាមខ្ញុំ នោះខ្ញុំក៏នៅក្នុងចំណោមពួកគេដែរ»។ (ម៉ាថាយ ១៨:២០) គម្ពីរក៏ចែងដែរថាលោកយេស៊ូ«ដើរនៅកណ្ដាល»ក្រុមជំនុំនានា។ (ការបើកបង្ហាញ ១:២០–២:១) ព្រះយេហូវ៉ានិងលោកយេស៊ូច្បាស់ជានៅជាមួយនឹងយើង ហើយកំពុងពង្រឹងកម្លាំងចិត្តយើងនៅកិច្ចប្រជុំរបស់យើង។ តើអ្នកគិតថាព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាពេលលោកឃើញថាអ្នកកំពុងខំអស់ពីសមត្ថភាពដើម្បីចូលទៅជិតលោកនិងបុត្ររបស់លោក?
១៥. តើតាមរបៀបណាការចូលរួមកិច្ចប្រជុំបង្ហាញព្រះថាយើងចង់ស្ដាប់បង្គាប់លោក?
១៥ ពេលយើងទៅកិច្ចប្រជុំ យើងបង្ហាញព្រះយេហូវ៉ាថាយើងចង់ស្ដាប់បង្គាប់លោក។ ព្រះយេហូវ៉ាមិនបង្ខំយើងឲ្យធ្វើតាមអ្វីដែលលោកមានប្រសាសន៍ទេ។ (អេសាយ ៤៣:២៣) ដូច្នេះ ពេលយើងសម្រេចចិត្តធ្វើតាមបង្គាប់របស់លោកដែលឲ្យចូលរួមកិច្ចប្រជុំ យើងបង្ហាញលោកថាយើងស្រឡាញ់លោក ហើយថាយើងជឿថាលោកមានសិទ្ធិប្រាប់យើងអំពីអ្វីដែលយើងត្រូវធ្វើ។ (រ៉ូម ៦:១៧) ជាឧទាហរណ៍ បើនិយោជករបស់យើងតម្រូវឲ្យយើងធ្វើការច្រើនរហូតដល់យើងមិនអាចមកកិច្ចប្រជុំជាទៀងទាត់ តើយើងនឹងធ្វើអ្វី? ឬប្រហែលជារដ្ឋាភិបាលនិយាយថាបើបុគ្គលណាម្នាក់ជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ា បុគ្គលនោះនឹងត្រូវផាកពិន័យ បញ្ជូនទៅគុក ឬដាក់ទោសកាន់តែអាក្រក់ជាងនេះទៅទៀត។ ឬក៏ជួនកាល យើងប្រហែលជាចង់ធ្វើអ្វីផ្សេងជាជាងទៅកិច្ចប្រជុំ។ ក្នុងករណីទាំងនេះ យើងត្រូវសម្រេចចិត្តថាយើងនឹងធ្វើអ្វី។ (សកម្មភាព ៥:២៩) ប៉ុន្តែ រាល់ដងដែលយើងសម្រេចចិត្តស្ដាប់បង្គាប់ព្រះយេហូវ៉ា យើងធ្វើឲ្យលោកសប្បាយចិត្ត។—សុភាសិត ២៧:១១
ចូរបន្តជួបជុំជាមួយនឹងបងប្អូនរបស់អ្នក
១៦, ១៧. (ក) តើយើងដឹងយ៉ាងដូចម្ដេចថាកិច្ចប្រជុំគឺសំខាន់ណាស់ចំពោះគ្រិស្តសាសនិកនៅសតវត្សរ៍ទី១? (ខ) តើបងចច ហ្គានហ្គាសមានអារម្មណ៍យ៉ាងណាចំពោះកិច្ចប្រជុំគ្រិស្តសាសនិក?
១៦ ក្រោយពីជួបជុំគ្នានៅបុណ្យថ្ងៃទី៥០ នាឆ្នាំ៣៣ គ.ស. គ្រិស្តសាសនិកបានជួបជុំគ្នាជាទៀងទាត់ដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ពួកគេបាន‹បន្តប្រុងស្ដាប់សេចក្ដីបង្រៀនរបស់ពួកសាវ័ក ហើយបានជួបជុំគ្នានៅឯវិហារជារៀងរាល់ថ្ងៃ›។ (សកម្មភាព ២:៤២, ៤៦) ម្យ៉ាងទៀត ពួកគេមិនបានឈប់ជួបជុំគ្នាឡើយ សូម្បីតែពេលរដ្ឋាភិបាលរ៉ូមនិងអ្នកដឹកនាំសាសនាយូដាបានបៀតបៀនពួកគេក្ដី។ ទោះជានោះគឺមិនងាយស្រួលក៏ដោយ ពួកគេបានខំអស់ពីសមត្ថភាពដើម្បីបន្តជួបជុំគ្នា។
១៧ សព្វថ្ងៃនេះ អ្នកបម្រើព្រះយេហូវ៉ាក៏ឲ្យតម្លៃចំពោះកិច្ចប្រជុំ ហើយចូលចិត្តនៅទីនោះ។ បងប្រុសចច ហ្គានហ្គាសដែលធ្លាប់ជាសមាជិកគណៈអភិបាលអស់រយៈពេលជាង២២ឆ្នាំបាននិយាយថា៖ «ចំពោះខ្ញុំ ការជួបជុំជាមួយនឹងបងប្អូនគឺជាអ្វីដ៏សប្បាយណាស់ក្នុងជីវិត និងជាប្រភពនៃការលើកទឹកចិត្ត។ បើអាចធ្វើបាន ខ្ញុំចូលចិត្តមកសាលប្រជុំក្នុងចំណោមបងប្អូនដែលមកមុនគេ ហើយចេញក្នុងចំណោមបងប្អូនដែលចេញក្រោយគេ។ ខ្ញុំមានអំណរពេលនិយាយជាមួយនឹងរាស្ត្ររបស់ព្រះ។ ពេលខ្ញុំនៅក្នុងចំណោមពួកគាត់ ខ្ញុំមានអារម្មណ៍ថាខ្ញុំនៅផ្ទះជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំក្នុងស្ថានភាពមួយដែលប្រៀបដូចជាសួនឧទ្យាន»។ គាត់បានបន្ថែមថា៖ «ក្នុងចិត្តថ្លើមខ្ញុំ ខ្ញុំពិតជាចង់ចូលរួមកិច្ចប្រជុំ»។
១៨. តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះកិច្ចប្រជុំរបស់យើង ហើយតើអ្នកតាំងចិត្តធ្វើអ្វី?
១៨ តើអ្នកក៏មានអារម្មណ៍បែបនេះចំពោះការគោរពប្រណិប័តន៍ព្រះយេហូវ៉ាឬទេ? បើដូច្នេះ ចូរបន្តព្យាយាមអស់ពីសមត្ថភាពដើម្បីនៅជាមួយនឹងបងប្អូននៅឯកិច្ចប្រជុំ សូម្បីតែពេលពិបាកធ្វើដូច្នេះក៏ដោយ។ ចូរបង្ហាញព្រះយេហូវ៉ាថាអ្នកពិតជាមានអារម្មណ៍ដូចស្តេចដាវីឌដែលបាននិយាយថា៖ «ឱព្រះយេហូវ៉ាអើយ ទូលបង្គំស្រឡាញ់ . . . នៅដំណាក់ទ្រង់»។—ទំនុកតម្កើង ២៦:៨
^ [១] (វគ្គ៣) បងប្អូនខ្លះមិនអាចទៅកិច្ចប្រជុំជាទៀងទាត់បានដោយសារពួកគាត់ស្ថិតក្នុងស្ថានភាពមួយដែលពួកគាត់មិនអាចកែប្រែ។ ជាឧទាហរណ៍ ពួកគាត់ប្រហែលជាឈឺធ្ងន់។ ពួកគាត់អាចប្រាកដថាព្រះយេហូវ៉ាយល់អំពីស្ថានភាពរបស់ពួកគាត់ ហើយឲ្យតម្លៃយ៉ាងខ្លាំងចំពោះអ្វីទាំងអស់ដែលពួកគាត់ធ្វើដើម្បីគោរពប្រណិប័តន៍លោក។ ពួកអ្នកចាស់ទុំអាចជួយបងប្អូនទាំងនេះឲ្យស្ដាប់កម្មវិធីនៅកិច្ចប្រជុំ ប្រហែលជាដោយតភ្ជាប់តាមទូរស័ព្ទ ឬថតទុកជាសម្លេងសម្រាប់ពួកគាត់។
^ [២] (វគ្គ៣) សូមមើលប្រអប់ដែលមានចំណងជើងថា«មូលហេតុដែលគួរចូលរួមកិច្ចប្រជុំ»។