ព្រះយេហូវ៉ារមែងថែរក្សាការពារអស់អ្នកដែលសង្ឃឹមលើទ្រង់
«សូមឲ្យសេចក្ដីសប្បុរសនឹងសេចក្ដីពិតត្រង់របស់ទ្រង់ បានថែរក្សាទូលបង្គំជានិច្ច»។—ទំនុកដំកើង ៤០:១១
១. តើស្តេចដាវីឌបានសុំអ្វីពីព្រះយេហូវ៉ា? នៅសព្វថ្ងៃនេះ តើព្រះយេហូវ៉ាកំពុងតែធ្វើតាមសំណូមពរនោះយ៉ាងដូចម្ដេច?
ស្តេចដាវីឌនៅស្រុកអ៊ីស្រាអែលពីសម័យបុរាណ«បានរង់ចាំព្រះយេហូវ៉ាដោយអំណត់» ហើយបានត្រូវជំរុញឲ្យមានបន្ទូលថា ព្រះយេហូវ៉ា«បានផ្អៀងព្រះកាណ៌មកស្ដាប់[ទ្រង់] ហើយទទួលតាមសម្រែករបស់»ដាវីឌពេលដែលទ្រង់សុំជំនួយ។ (ទំនុកដំកើង ៤០:១) ម្ដងហើយម្ដងទៀត ដាវីឌបានពិសោធដោយផ្ទាល់ខ្លួនថា ព្រះយេហូវ៉ារមែងថែរក្សាការពារអស់អ្នកដែលស្រឡាញ់ទ្រង់។ ហេតុនេះហើយបានជាដាវីឌអាចសុំព្រះយេហូវ៉ាឲ្យថែរក្សាការពារទ្រង់ជានិច្ច។ មនុស្សប្រុសស្រីដែលមានចិត្តស្មោះភក្ដីបានត្រូវសន្យាថា នឹងទទួលដំណើរ«រស់ឡើងវិញបែបប្រសើរជាង» ហើយដាវីឌក៏រួមចំណែកក្នុងចំណោមពួកគេផងដែរ។ ដូច្នេះ ព្រះយេហូវ៉ានឹកចាំដាវីឌយ៉ាងច្បាស់ថាជាមនុស្សម្នាក់ដែលនឹងទទួលរង្វាន់នោះ។ (ហេព្រើរ ១១:៣២-៣៥) យ៉ាងនេះ សេចក្ដីសង្ឃឹមរបស់ដាវីឌចំពោះពេលអនាគតបានត្រូវធានារួចហើយ ដ្បិតនាមរបស់ដាវីឌបានត្រូវកត់ទុកក្នុង«សៀវភៅរំឭក»របស់ព្រះយេហូវ៉ា។—ម៉ាឡាគី ៣:១៦
២. តើបទគម្ពីរជួយយើងយល់យ៉ាងដូចម្ដេច ថាការការពារពីព្រះយេហូវ៉ាមានន័យអ្វី?
២ មនុស្សស្មោះភក្ដីដែលត្រូវរៀបរាប់ក្នុងសៀវភៅហេព្រើរជំពូកទី១១ បានរស់មុនសម័យព្រះយេស៊ូគ្រីស្ទធ្លាប់មានព្រះជន្មនៅផែនដី តែពួកគេបានរស់សមស្របទៅតាមអ្វីដែលព្រះយេស៊ូបានបង្រៀន ពេលដែលទ្រង់មានបន្ទូលថា៖ «អ្នកណាដែលស្រឡាញ់ជីវិតខ្លួន នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលស្អប់ជីវិតខ្លួននៅលោកីយនេះវិញ នោះនឹងរក្សាជីវិតទុកដរាបដល់អស់កល្បរៀងទៅ»។ (យ៉ូហាន ១២:២៥) ខនេះបង្ហាញថា ការថែរក្សាការពារពីព្រះយេហូវ៉ាមិនបានសេចក្ដីថា យើងនឹងមិនរងទុក្ខលំបាកឬទទួលទុក្ខបៀតបៀនសោះឡើយ។ តែនេះមានន័យថា ព្រះអាចការពារយើងខាងវិញ្ញាណដើម្បីរក្សាឲ្យមានកេរ្ដិ៍ឈ្មោះល្អជាមួយនឹងទ្រង់។
៣. តើមានភស្តុតាងអ្វី ថាព្រះយេហូវ៉ាបានថែរក្សាការពារព្រះយេស៊ូគ្រីស្ទ? ហើយតើមានលទ្ធផលអ្វី?
៣ ព្រះយេស៊ូផ្ទាល់បានត្រូវប្រមាថមើលងាយនិងរងទុក្ខបៀតបៀនយ៉ាងសាហាវ ហើយនៅទីបំផុតនោះ សត្រូវរបស់ទ្រង់មានជ័យជំនះក្នុងការធ្វើគុតដល់ទ្រង់ដោយវិធីដ៏គួរឲ្យខ្មាសនិងយ៉ាងឈឺចាប់ជាទីបំផុត។ ប៉ុន្តែ នេះមិនបានន័យថា ព្រះមិនធ្វើតាមសេចក្ដីសន្យាឲ្យថែរក្សាការពារព្រះមេស្ស៊ីទេ។ (អេសាយ ៤២:១-៦) ការប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបីក្រោយពីការសោយទិវង្គតដ៏គួរឲ្យខ្មាសរបស់ទ្រង់នោះ ជាភស្តុតាងថាព្រះយេហូវ៉ាបានទទួលតាមឬព្រះសណ្ដាប់នូវសម្រែកសុំជំនួយនោះ ដូចព្រះយេហូវ៉ាបានព្រះសណ្ដាប់សម្រែករបស់ដាវីឌដែរ។ រួចមក ព្រះយេហូវ៉ាប្រទានកម្លាំងដល់ព្រះយេស៊ូឲ្យទ្រង់នៅមានចិត្តស្មោះគ្រប់ល័ក្ខណ៍។ (ម៉ាថាយ ២៦:៣៩) ដោយសារព្រះយេហូវ៉ាបានថែរក្សាការពារព្រះយេស៊ូតាមរបៀបនោះ ព្រះយេស៊ូបានទទួលជីវិតអមតៈនៅស្ថានសួគ៌ ហើយមនុស្សរាប់លាននាក់ដែលបង្ហាញជំនឿទៅលើតម្លៃលោះនោះ ក៏មានសេចក្ដីសង្ឃឹមទទួលជីវិតជារៀងរហូតដែរ។
៤. តើពួកគ្រីស្ទានចាក់ប្រេងតាំងនិងពួក«ចៀមឯទៀត»បានត្រូវធានាថានឹងទទួលអ្វី?
៤ យើងអាចទុកចិត្តថា ព្រះយេហូវ៉ាមានសមត្ថភាពនិងសព្វព្រះហឫទ័យថែរក្សាការពារអ្នកបំរើរបស់ទ្រង់ពេលឥឡូវនេះ ដូចទ្រង់បានធ្វើនៅសម័យដាវីឌនិងព្រះយេស៊ូដែរ។ (យ៉ាកុប ១:១៧) បងប្អូនអ្នកចាក់ប្រេងតាំងរបស់ព្រះយេស៊ូដែលនៅសល់ចំនួនតិចលើផែនដីនៅឡើយអាចទុកចិត្តលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែលថា នឹងឲ្យដល់ពួកគាត់នូវ«មរដកដែលមិនចេះពុករលួយ ក៏ឥតសៅហ្មងហើយមិនដែលស្រពោនឡើយ . . . នៅស្ថានសួគ៌ គឺឲ្យ[ដល់ពួកអ្នក]ដែលព្រះចេស្ដានៃព្រះកំពុងតែថែរក្សា ដោយសារសេចក្ដីជំនឿសំរាប់ឲ្យបានសេចក្ដីសង្គ្រោះ ដែលប្រុងប្រៀបនឹងសំដែងមកនៅជាន់ក្រោយបង្អស់នោះ»។ (ពេត្រុសទី១ ១:៤, ៥) រីឯពួក«ចៀមឯទៀត»ដែលមានសេចក្ដីសង្ឃឹមរស់នៅលើផែនដីវិញ ពួកគេក៏អាចទុកចិត្តទៅលើព្រះនិងសេចក្ដីសន្យារបស់ទ្រង់តាមរយៈអ្នកតែងបទទំនុកដំកើងដែលបានសរសេរថា៖ «ឱអស់អ្នកបរិសុទ្ធរបស់ទ្រង់អើយ! ចូរស្រឡាញ់ដល់ព្រះយេហូវ៉ាចុះ! ព្រះយេហូវ៉ាទ្រង់ការពារមនុស្សស្មោះត្រង់»។—យ៉ូហាន ១០:១៦; ទំនុកដំកើង ៣១:២៣
ត្រូវបានថែរក្សាការពារខាងវិញ្ញាណ
៥, ៦. (ក) នៅសម័យយើងនេះ តើរាស្ត្ររបស់ព្រះបានត្រូវការពារយ៉ាងណា? (ខ) តើពួកអ្នកចាក់ប្រេងតាំងមានចំណងមិត្តភាពបែបណាជាមួយនឹងព្រះយេហូវ៉ា? ហើយតើពួកអ្នកដែលសង្ឃឹមរស់នៅលើផែនដីមានចំណងមេត្រីភាពបែបណាជាមួយនឹងទ្រង់?
៥ នៅសម័យយើងនេះ ព្រះយេហូវ៉ាបានរៀបចំវិធានការដើម្បីថែរក្សារាស្ត្រទ្រង់និងការពារពួកគេខាងវិញ្ញាណ។ ព្រះយេហូវ៉ាមិនការពាររាស្ត្រទ្រង់ពីទុក្ខបៀតបៀនឬបញ្ហានិងទុក្ខលំបាកផ្សេងៗដែលមនុស្សតែងតែមាន តែទ្រង់បង្ហាញព្រះទ័យស្មោះត្រង់ដោយផ្ដល់ជំនួយនិងហេតុឲ្យពួកគេរក្សាការពារចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងទ្រង់។ ចំណងមិត្តភាពរបស់ពួកគេមានមូលដ្ឋានលើជំនឿទៅលើតម្លៃលោះដែលជាសំវិធានការដែលបង្ហាញពីសេចក្ដីស្រឡាញ់របស់ព្រះ។ ក្នុងចំណោមជនគ្រីស្ទានដែលមានចិត្តស្មោះភក្ដីនោះ ខ្លះបានត្រូវតែងតាំងដោយវិញ្ញាណរបស់ព្រះដើម្បីក្លាយជាអ្នកគ្រប់គ្រងជាមួយព្រះគ្រីស្ទនៅស្ថានសួគ៌។ ពួកគេបានត្រូវចាត់ទុកជាមនុស្សសុចរិតនិងជាកូនព្រះ ហើយពាក្យតទៅនេះសំដៅទៅលើពួកគេដោយថា៖ «ទ្រង់បានប្រោសឲ្យយើងរួចពីអំណាចនៃសេចក្ដីងងឹត ហើយផ្លាស់យើងមកក្នុងព្រះរាជាណាចក្ររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់ យើងរាល់គ្នាមានសេចក្ដីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺជាសេចក្ដីផ្ដាច់បាប ដោយសារព្រះលោហិតទ្រង់»។—កូល៉ុស ១:១៣, ១៤
៦ ជនគ្រីស្ទានស្មោះភក្ដីរាប់លាននាក់ទៀតក៏មានជំនឿស៊ប់ថាអាចទទួលប្រយោជន៍ពីតម្លៃលោះដែលជាសំវិធានការរបស់ព្រះ។ យើងអានថា៖ «កូនមនុស្សក៏បានមក មិនមែនឲ្យគេបំរើដែរ គឺដើម្បីនឹងបំរើគេវិញ ហើយនឹងឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើនផង»។ (ម៉ាកុស ១០:៤៥) ជនគ្រីស្ទានទាំងនោះទន្ទឹងចាំគ្រាដែលពួកគេនឹងមាន«សេរីភាពនៃសិរីល្អរបស់ពួកកូនព្រះ»។ (រ៉ូម ៨:២១) ទំរាំពេលនោះ ពួកគេចាត់ទុកចំណងមេត្រីភាពផ្ទាល់ជាមួយនឹងព្រះជាអ្វីដែលមានតម្លៃបំផុត ហើយព្យាយាមស្មោះអស់ពីចិត្តដើម្បីពង្រឹងចំណងមេត្រីភាពនោះ។
៧. នៅសព្វថ្ងៃនេះ តើព្រះយេហូវ៉ាថែរក្សាការពារសុខុមាលភាពខាងវិញ្ញាណរបស់រាស្ត្រទ្រង់ដោយរបៀបណា?
៧ របៀបមួយដែលព្រះយេហូវ៉ាថែរក្សាការពារសុខុមាលភាពខាងវិញ្ញាណរបស់រាស្ត្រទ្រង់ គឺដោយផ្ដល់កម្មវិធីបង្ហាត់បង្រៀនជាបណ្ដើរៗ។ នេះអាចជួយឲ្យពួកគេទទួលចំណេះពិតកាន់តែច្បាស់ទៅៗបាន។ ព្រះយេហូវ៉ាក៏ផ្ដល់ឲ្យមានការណែនាំជានិច្ចតាមរយៈព្រះបន្ទូលរបស់ទ្រង់ ហើយតាមរយៈអង្គការនិងវិញ្ញាណបរិសុទ្ធរបស់ទ្រង់ផងដែរ។ រាស្ត្ររបស់ព្រះទូទាំងពិភពលោកប្រៀបដូចជាគ្រួសារអន្តរជាតិមួយក្រោមការដឹកនាំពី‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›។ ក្រុមអ្នកបំរើនោះជួយបំពេញតម្រូវការខាងវិញ្ញាណ ហើយបើត្រូវការនោះ ក៏អាចបំពេញតម្រូវការខាងសាច់ឈាមនៃពួកអ្នកបំរើព្រះដែលរួមគ្នាជាក្រុមគ្រួសារតែមួយ មិនថាមកពីសាសន៍ឬវណ្ណៈណាក្ដី។—ម៉ាថាយ ២៤:៤៥
៨. តើព្រះយេហូវ៉ាមានទំនុកចិត្តអ្វីចំពោះពួកអ្នកស្មោះត្រង់នឹងទ្រង់? ហើយតើនេះធានាឲ្យពួកគេទទួលអ្វី?
៨ ព្រះយេហូវ៉ាមិនបានការពារព្រះយេស៊ូពេលសត្រូវធ្វើទុក្ខដល់បុត្រាទ្រង់ ហើយដូចគ្នាដែរ ព្រះយេហូវ៉ាក៏មិនការពារជនគ្រីស្ទានសព្វថ្ងៃនេះពីទុក្ខបែបនោះទេ។ ប៉ុន្តែ នេះមិនបានន័យថា ព្រះមិនសព្វព្រះហឫទ័យចំពោះពួកគេឡើយ។ ផ្ទុយទៅវិញ នេះបង្ហាញពីទំនុកចិត្តរបស់ទ្រង់ ថាពួកគេនឹងកាន់ជំហរដោយគាំទ្រទ្រង់ក្នុងរឿងចំណោទដ៏ធំដែលទាក់ទងសកលលោកទាំងមូល។ (យ៉ូប ១:៨-១២; សុភាសិត ២៧:១១) ព្រះយេហូវ៉ានឹងមិនលះចោលពួកអ្នកដែលស្មោះត្រង់ចំពោះទ្រង់សោះឡើយ «ដ្បិតព្រះយេហូវ៉ាទ្រង់សព្វព្រះទ័យនឹងសេចក្ដីយុត្ដិធម៌ ក៏មិនដែលបោះបង់ចោលពួកបរិសុទ្ធរបស់ទ្រង់[ឬ«អ្នកស្មោះត្រង់នឹងទ្រង់», ព.ថ.]ឡើយ។ ទ្រង់ថែរក្សាគេអស់កល្បជានិច្ច»។—ទំនុកដំកើង ៣៧:២៨
ត្រូវបានថែរក្សាការពារ ដោយសេចក្ដីសប្បុរសនិងសេចក្ដីពិតត្រង់
៩, ១០. (ក) តើសេចក្ដីពិតត្រង់របស់ព្រះយេហូវ៉ាអាចថែរក្សាការពាររាស្ត្រទ្រង់យ៉ាងដូចម្ដេច? (ខ) តើព្រះគម្ពីរបង្ហាញយ៉ាងណា ថាព្រះយេហូវ៉ាបង្ហាញសេចក្ដីសប្បុរសដ៏ស្មោះដោយថែរក្សាការពារអស់អ្នកដែលស្មោះត្រង់ចំពោះទ្រង់?
៩ ក្នុងសេចក្ដីអធិស្ឋានរបស់ដាវីឌដែលកត់ទុកនៅទំនុកដំកើងទំនុកទី៤០នោះ ទ្រង់បានសុំព្រះយេហូវ៉ាថែរក្សាការពារទ្រង់ដោយសេចក្ដីសប្បុរសនិងសេចក្ដីពិតត្រង់។ សេចក្ដីពិតត្រង់របស់ព្រះយេហូវ៉ា និងសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះសេចក្ដីសុចរិតនោះ តម្រូវឲ្យទ្រង់រៀបរាប់យ៉ាងច្បាស់ពីខ្នាតតម្រារបស់ទ្រង់។ ការរស់នៅសមស្របទៅតាមខ្នាតតម្រាទាំងនោះ អាចការពារយើងបានខ្លះៗ កុំឲ្យមានកង្វល់ ការភិតភ័យនិងបញ្ហាផ្សេងៗដែលមនុស្សមាន ពេលមិនអើពើចំពោះខ្នាតតម្រាទាំងនោះ។ ជាឧទាហរណ៍ យើងអាចការពារខ្លួននិងបងប្អូនជាទីស្រឡាញ់របស់យើងពីបញ្ហាដែលធ្វើឲ្យបាក់ទឹកចិត្តដោយមិនប្រើថ្នាំនិងសុរាផ្ដេសផ្ដាស ហើយដោយចៀសវាងអំពើអសីលធម៌និងអំពើហិង្សា។ សូម្បីតែមនុស្សដែលងាកចេញពីផ្លូវពិតត្រង់នៃព្រះយេហូវ៉ា ដូចដាវីឌបានធ្វើម្ដងម្កាលនោះ ពួកគេក៏ទុកចិត្តថាព្រះនៅតែ«ជាទីពំនួន»ចំពោះមនុស្សដែលប្រែចិត្តពីកំហុសរបស់ខ្លួន។ អ្នកទាំងនោះអាចស្រែកឡើងដោយអំណរថា៖ «ទ្រង់នឹងការពារទូលបង្គំឲ្យរួចពីសេចក្ដីទុក្ខលំបាក»។ (ទំនុកដំកើង ៣២:៧) ព្រះពិតជាបង្ហាញសេចក្ដីសប្បុរសដ៏ស្មោះមែន!
១០ ឧទាហរណ៍មួយទៀតដែលបង្ហាញពីសេចក្ដីសប្បុរសដ៏ស្មោះរបស់ព្រះ គឺថាទ្រង់ព្រមានដល់អ្នកបំរើទ្រង់ឲ្យទុកខ្លួនដោយឡែកពីលោកីយ៍អាក្រក់ដែលទ្រង់នឹងបំផ្លាញចោលឆាប់ៗខាងមុខនេះ។ យើងអានថា៖ «កុំឲ្យស្រឡាញ់លោកីយ ឬរបស់អ្វីដែលនៅក្នុងលោកីយនេះឲ្យសោះ។ បើអ្នកណាស្រឡាញ់លោកីយ អ្នកនោះគ្មានសេចក្ដីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ ដ្បិតអស់ទាំងសេចក្ដីដែលនៅក្នុងលោកីយនេះ គឺជាសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម នឹងសេចក្ដីប៉ងប្រាថ្នារបស់ភ្នែក ហើយសេចក្ដីអំនួតរបស់ជីវិត នោះមិនកើតមកពីព្រះវរបិតាទេ គឺមកតែពីលោកីយនេះវិញ»។ បើយើងស្ដាប់តាមការព្រមាននេះ យើងអាចការពារជីវិតយើងជារៀងរហូតបាន ពីព្រោះខគម្ពីរនោះចែងទៀតថា៖ «លោកីយនេះនឹងសេចក្ដីប៉ងប្រាថ្នារបស់វា នោះកំពុងតែកន្លងទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ»។—យ៉ូហានទី១ ២:១៥-១៧
បានត្រូវថែរក្សាការពារដោយការចេះគិតពិចារណាហើយដោយមានប្រាជ្ញានិងសមត្ថភាពវែកញែក
១១, ១២. សូមពន្យល់ថា តើប្រាជ្ញា ការចេះគិតពិចារណានិងសមត្ថភាពវែកញែកអាចថែរក្សាការពារយើងបានយ៉ាងណា?
១១ ព្រះបានបណ្ដាលឲ្យបុត្រារបស់ដាវីឌឈ្មោះសាឡូម៉ូន សរសេរចំពោះអស់អ្នកដែលសង្ឃឹមទទួលព្រះគុណពីព្រះថា៖ «គំនិតវាងវៃ[ឬ«ការចេះគិតពិចារណា», ខ.ស.]នឹងការពារឯង ហើយយោបល់[ឬ«សមត្ថភាពវែកញែក», ព.ថ.]នឹងថែរក្សាឯង»។ ទ្រង់ក៏បានដាស់តឿនថា៖ «ចូរខំឲ្យបានប្រាជ្ញា . . . កុំឲ្យចោលប្រាជ្ញាឡើយ នោះនឹងការពារឯង។ ចូរស្រឡាញ់ប្រាជ្ញាចុះ! នោះនឹងទំនុកបំរុងឯង»។—សុភាសិត ២:១១; ៤:៥, ៦
១២ យើងប្រើសមត្ថភាពចេះគិតពិចារណាដោយរំពឹងគិតអំពីអ្វីដែលយើងរៀនពីព្រះបន្ទូលរបស់ព្រះ។ ការរំពឹងគិតអាចជួយយើងបណ្ដុះឲ្យមានសមត្ថភាពវែកញែកកាន់តែច្រើនដើម្បីសម្រេចចិត្តយ៉ាងត្រឹមត្រូវអំពីអ្វីដែលគួរមានជាអាទិភាពក្នុងជីវិតយើង។ នេះជាចាំបាច់ណាស់ ពីព្រោះយើងភាគច្រើនប្រហែលជាធ្លាប់ពិសោធខ្លួនឯងថា យើងអាចជួបប្រទះបញ្ហាបាន បើយើងចាត់ទុកអ្វីដែលមិនល្អជាអាទិភាពក្នុងជីវិត មិនថាដោយចេតនាឬដោយចៃដន្យក្ដី។ លោកីយ៍របស់សាតាំងតែងតែទាក់ទាញចិត្តយើងឲ្យមានគោលដៅរកទ្រព្យសម្បត្ដិ ឈ្មោះល្បីនិងអំណាច តែព្រះយេហូវ៉ាលើកទឹកចិត្តឲ្យយើងស្វែងរកគោលការណ៍ខាងវិញ្ញាណជាអ្វីដែលសំខាន់ជាង។ បើយើងចាត់ទុកគោលដៅក្នុងលោកីយ៍នេះជាអ្វីដែលមានអាទិភាពជាងគោលការណ៍ខាងវិញ្ញាណនោះ នេះអាចធ្វើឲ្យក្រុមគ្រួសារបាក់បែកគ្នា ឲ្យបាត់បង់ភាពជិតស្និទ្ធជាមួយនឹងមិត្តភក្ដិ ព្រមទាំងភ្លេចគោលដៅខាងវិញ្ញាណ។ មនុស្សដែលធ្វើដូច្នេះអាចរងទុក្ខលទ្ធផលស្របទៅតាមបន្ទូលរបស់ព្រះយេស៊ូដែលថា៖ «បើមនុស្សណានឹងបានលោកីយទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ?»។ (ម៉ាកុស ៨:៣៦) ប្រាជ្ញានឹងជំរុញឲ្យយើងធ្វើតាមឱវាទរបស់ព្រះយេស៊ូដែលថា៖ «ចូរស្វែងរកព្រះរាជាណាចក្រនឹងសេចក្ដីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះនឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង»។—ម៉ាថាយ ៦:៣៣
គ្រោះថ្នាក់ដែលមកពីការគិតអំពីខ្លួនឯងប៉ុណ្ណោះ
១៣, ១៤. តើការគិតអំពីខ្លួនឯងប៉ុណ្ណោះ មានន័យអ្វី? ហេតុអ្វីក៏ទង្វើនេះមិនប្រកបទៅដោយប្រាជ្ញា?
១៣ តាមធម្មតា មនុស្សចេះតែស្វែងរកប្រយោជន៍ខ្លួន ហើយនេះមិនជាការខុសទាំងស្រុងទេ។ ក៏ប៉ុន្តែ បើចំណង់ចំណូលចិត្តនិងសេចក្ដីប្រាថ្នារបស់ខ្លួនក្លាយជាអ្វីដែលសំខាន់បំផុតក្នុងជីវិត នេះនឹងនាំឲ្យមានបញ្ហាមែន។ ដូច្នេះ ព្រះយេហូវ៉ាជូនយោបល់ឲ្យយើងចៀសវាងការគិតអំពីខ្លួនឯងប៉ុណ្ណោះ ដើម្បីរក្សាការពារឲ្យមានចំណងមិត្តភាពជាមួយនឹងទ្រង់។ ការគិតអំពីខ្លួនឯងនេះមានន័យថា យើង‹គិតអំពីចំណាប់អារម្មណ៍ សេចក្ដីត្រូវការនិងសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនយើងប៉ុណ្ណោះ›។ សព្វថ្ងៃនេះ មនុស្សជាច្រើនមានចិត្តគំនិតបែបនេះ មែនទេ? ហើយគួរឲ្យកត់សម្គាល់ទំនាយក្នុងព្រះគម្ពីរដែលចែងថា៖ «នៅជាន់ក្រោយបង្អស់»នៃរបបអាក្រក់របស់សាតាំងនេះ «មនុស្សនឹងស្រឡាញ់តែខ្លួនឯង»ឬគិតអំពីខ្លួនឯងតែប៉ុណ្ណោះ។—ធីម៉ូថេទី២ ៣:១, ២
១៤ ពួកគ្រីស្ទានទទួលស្គាល់ថា ការធ្វើតាមបទបញ្ជាក្នុងព្រះគម្ពីរឲ្យស្វែងរកប្រយោជន៍របស់អ្នកដទៃនិងស្រឡាញ់ពួកគេដូចខ្លួនឯងនោះ ពិតជាប្រកបទៅដោយប្រាជ្ញាមែន។ (លូកា ១០:២៧; ភីលីព ២:៤) ប្រហែលមនុស្សជាច្រើនគិតថា ទង្វើបែបនេះមិនមានប្រយោជន៍ទេ តែការស្វែងរកប្រយោជន៍និងការស្រឡាញ់អ្នកដទៃដូចខ្លួនឯងជាចាំបាច់ណាស់ទើបអាចមានចំណងអាពាហ៍ពិពាហ៍ល្អ ព្រមទាំងទំនាក់ទំនងសប្បាយជាមួយគ្នាជាក្រុមគ្រួសារនិងមិត្តភក្ដិដែលគាប់ចិត្ត។ យ៉ាងនេះ ទោះបីជាការស្វែងរកប្រយោជន៍ខ្លួនឯងជាលក្ខណៈធម្មតារបស់លោកីយ៍នេះក្ដី អ្នកបំរើពិតរបស់ព្រះយេហូវ៉ាមិនគួរអនុញ្ញាតឲ្យចិត្តគំនិតបែបនេះមានឥទ្ធិពលខ្លាំងក្នុងជីវិតខ្លួន ដល់ម្ល៉េះបានជាលែងស្វែងរកអ្វីដែលសំខាន់ជាងទៅទៀត។ អ្វីដែលសំខាន់បំផុតនោះ គឺការធ្វើតាមតម្រូវការរបស់ព្រះយេហូវ៉ាជាព្រះដែលយើងថ្វាយបង្គំ។
១៥, ១៦. (ក) តើការគិតតែប្រយោជន៍ខ្លួនអាចនាំឲ្យមនុស្សធ្វើអ្វី? តើអ្នកណាជាគំរូស្តីអំពីអាកប្បកិរិយាអាក្រក់នេះ? (ខ) បើមនុស្សរហ័សថ្កោលទោសអ្នកដទៃនោះ តាមការពិត តើគាត់កំពុងតែធ្វើអ្វី?
១៥ អាកប្បកិរិយាដែលបង្ហាញពីការគិតតែប្រយោជន៍ខ្លួននោះ អាចនាំឲ្យមនុស្សមានអំនួតថាខ្លួនជាមនុស្សសុចរិតជាងគេ ដែលអាចនាំឲ្យមានចិត្តគំនិតរាក់កំផែលឬឆ្មើងឆ្មៃក៏មាន។ ព្រះគម្ពីរចែងយ៉ាងសមហេតុផលថា៖ «ឱមនុស្សអើយ! អស់អ្នកណាដែលថ្កោលទោសគេ នោះគ្មានសេចក្ដីដោះសាចំពោះខ្លួនឡើយ ដ្បិតដែលអ្នកថ្កោលទោសគេ នោះឈ្មោះថាកាត់ទោសខ្លួនឯងហើយ ពីព្រោះអ្នកឯងដែលថ្កោលទោសគេ ក៏ប្រព្រឹត្តដូចគ្នាដែរ»។ (រ៉ូម ២:១; រ៉ូម ១៤:៤, ១០) មេដឹកនាំសាសនានៅសម័យព្រះយេស៊ូបានប្រកាន់គំនិតថាខ្លួនគេមានភាពសុចរិតជាងអ្នកដទៃ ដល់ម្ល៉េះបានជាពួកគេមានអារម្មណ៍ថា មានសិទ្ធិថ្កោលទោសទង្វើរបស់ព្រះយេស៊ូនិងពួកអ្នកដែលកាន់តាមទ្រង់។ ដោយធ្វើដូច្នេះ ពួកគេបានលើកខ្លួនជាអ្នកកាត់ក្ដី។ ប៉ុន្តែ ដោយមិនចេះមើលកំហុសរបស់ខ្លួននោះ ពួកគេបានកាត់ទោសខ្លួនឯងផង។
១៦ យូដាសជាអ្នកកាន់តាមព្រះយេស៊ូដែលបានក្បត់ទ្រង់ ហើយគាត់បានក្លាយជាមនុស្សដែលថ្កោលទោសអ្នកដទៃដែរ។ មានពេលមួយនៅឯភូមិបេថានី ពេលដែលនាងម៉ារាបានចាក់ប្រេងក្រអូបលើព្រះយេស៊ូហើយយូដាសបានប្រកែកយ៉ាងខ្លាំងវិញ។ យូដាសបានបង្ហាញពីកំហឹងរបស់ខ្លួនដោយលាន់មាត់ជំទាស់ថា៖ «ម្ដេចឡើយក៏មិនបានលក់ប្រេងក្រអូបនេះជាដំឡៃ៦០រៀល ដើម្បីចែកឲ្យដល់មនុស្សក្រីក្រវិញ?»។ ប៉ុន្តែកំណត់ហេតុព្រះគម្ពីររៀបរាប់ទៀតថា៖ «វានិយាយដូច្នោះ មិនមែនដោយព្រោះវាយកចិត្តទុកដាក់នឹងមនុស្សក្រីក្រទេ គឺដោយព្រោះវាជាចោរ វាកាន់ថង់ប្រាក់ ហើយក៏លួចយករបស់ដែលដាក់នៅក្នុងថង់នោះផង»។ (យ៉ូហាន ១២:១-៦) កុំឲ្យយើងធ្វើដូចយូដាសនិងមេដឹកនាំសាសនាទាំងប៉ុន្មាននោះ ដែលរហ័សថ្កោលទោសអ្នកដទៃ តែតាមការពិតកំពុងតែកាត់ទោសខ្លួនឯងវិញ។
១៧. សូមប្រាប់ឧទាហរណ៍អំពីគ្រោះថ្នាក់ដែលមកពីចិត្តក្អេងក្អាង ឬការទុកចិត្តនឹងខ្លួនឯងហួសហេតុពេក។
១៧ គួរឲ្យស្ដាយណាស់ ទោះបីជាជនគ្រីស្ទានខ្លះនៅសម័យដើមមិនមែនជាចោរដូចយូដាសក៏ដោយ ពួកគេក៏បានក្លាយជាមានអំនួតហើយក្អេងក្អាងផង។ យ៉ាកុបបានសរសេរអំពីពួកគេថា៖ «អ្នករាល់គ្នាមានសេចក្ដីអំនួត អំពីពាក្យអួតអាងរបស់ខ្លួនដូច្នោះ»។ ក្រោយមក គាត់បន្ថែមពាក្យថា៖ «គ្រប់ទាំងសេចក្ដីអំនួតយ៉ាងនោះ សុទ្ធតែអាក្រក់ទាំងអស់»។ (យ៉ាកុប ៤:១៦) ការទុកចិត្តតែនឹងខ្លួនឯងព្រមទាំងការអួតអំពីទង្វើឬឯកសិទ្ធិដែលយើងមានក្នុងកិច្ចបំរើព្រះយេហូវ៉ា ជាការបង់ប្រយោជន៍។ (សុភាសិត ១៤:១៦) យើងអាចនឹកចាំពីអ្វីដែលបានកើតឡើងពេលដែលសាវ័កពេត្រុសទុកចិត្តនឹងខ្លួនឯងហួសហេតុពេកម្ដងនោះ ហើយបានអួតថា៖ «ទោះបើមនុស្សទាំងអស់នឹងរវាតចិត្តដោយព្រោះទ្រង់ក៏ដោយ គង់តែទូលបង្គំមិនដូច្នោះទេ . . . ទោះបើទូលបង្គំត្រូវស្លាប់ជាមួយនឹងទ្រង់ក៏ដោយ គង់តែមិនព្រមថា៖ ‹មិនស្គាល់ទ្រង់ឡើយ›»។ តាមការពិត យើងគ្មានហេតុអួតខ្លួនទេ។ អ្វីៗទាំងអស់ដែលយើងមាន គឺដោយសារសេចក្ដីសប្បុរសដ៏ស្មោះរបស់ព្រះយេហូវ៉ា។ បើយើងចាំមិនភ្លេចនូវចំណុចនេះ យើងនឹងមិនបង្ហាញឫកពាក្អេងក្អាងសោះឡើយ។—ម៉ាថាយ ២៦:៣៣-៣៥, ៦៩-៧៥
១៨. តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះចិត្តឆ្មើងឆ្មៃ?
១៨ បទគម្ពីរមួយចែងថា៖ «សេចក្ដីឆ្មើងឆ្មៃនាំមុខសេចក្ដីហិនវិនាស ហើយចិត្តព្រហើន[ឬ«ក្រអឺតក្រទម», ព.ថ.]ក៏នាំឲ្យដួលចុះដែរ»។ ហេតុអ្វី? ព្រះយេហូវ៉ាឆ្លើយថា៖ «ការលើកខ្លួនប្រកាន់ខ្លួន . . . អញក៏ស្អប់ណាស់»។ (សុភាសិត ៨:១៣; សុភាសិត ១៦:១៨) ពុំមែនជាការចម្លែកអ្វីឡើយ ដែលព្រះយេហូវ៉ាមានសេចក្ដីខ្ញាល់ចំពោះ‹ស្តេចអាសស៊ើរ ដោយព្រោះសេចក្ដីអំនួតនិងឫកខ្ពស់របស់ទ្រង់›! (អេសាយ ១០:១២) ព្រះយេហូវ៉ាបានកាត់ទោសស្តេចអាសស៊ើរដោយសារអំនួតនោះ។ មិនយូរប៉ុន្មានទៀត ព្រះយេហូវ៉ានឹងកាត់ទោសរបបលោកីយ៍ទាំងមូលរបស់សាតាំង រួមទាំងមេដឹកនាំដែលមានឫកខ្ពស់និងចិត្តឆ្មើងឆ្មៃផង មិនថាជាមនុស្សដែលយើងមើលឃើញឬជាវិញ្ញាណដែលយើងមើលមិនឃើញក្ដី។ កុំឲ្យយើងមានលក្ខណៈរកបំពេញឆន្ទៈខ្លួនឯងដូចសត្រូវរបស់ព្រះយេហូវ៉ាឡើយ!
១៩. តើរាស្ត្ររបស់ព្រះមានចិត្តរាបទាបតែមានមោទនភាពយ៉ាងដូចម្ដេច?
១៩ ក្នុងនាមជាអ្នកបំរើព្រះយេហូវ៉ា ជនគ្រីស្ទានពិតមានមូលហេតុត្រឹមត្រូវឲ្យមានមោទនភាព។ (យេរេមា ៩:២៤) ព្រមជាមួយនេះ ពួកគេក៏មានគ្រប់មូលហេតុឲ្យបន្តមានចិត្តរាបទាបផងដែរ។ ហេតុអ្វី? គឺពីព្រោះ«គ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ»។ (រ៉ូម ៣:២៣) ដូច្នេះ បើយើងចង់រក្សាការពារសណ្ឋានរបស់យើងជាអ្នកបំរើព្រះយេហូវ៉ា យើងត្រូវមានអាកប្បកិរិយាដូចសាវ័កប៉ុលដែលមានប្រសាសន៍ថា៖ «ព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ ដើម្បីនឹងជួយសង្គ្រោះមនុស្សមានបាប» ហើយគាត់ក៏បានពន្យល់ថែមទៀតថា៖ «ខ្ញុំនេះជាលេខ១ក្នុងពួកគេ»។—ធីម៉ូថេទី១ ១:១៥
២០. នៅសព្វថ្ងៃនេះ តើព្រះយេហូវ៉ាថែរក្សាការពាររាស្ត្រទ្រង់យ៉ាងណា? នៅពេលអនាគត តើទ្រង់នឹងថែរក្សាការពារពួកគេយ៉ាងណា?
២០ រាស្ត្ររបស់ព្រះយេហូវ៉ាពេញចិត្តលះបង់ប្រយោជន៍ខ្លួនឯងដើម្បីលើកតម្កើងកិច្ចការរបស់ព្រះជាអ្វីដែលសំខាន់បំផុត។ ដូច្នេះយើងអាចជឿជាក់ថា ព្រះយេហូវ៉ានឹងបន្តថែរក្សាការពារយើងខាងវិញ្ញាណតទៅទៀត។ យើងក៏អាចជឿជាក់ដែរថា ពេលដែលគ្រាវេទនាយ៉ាងធំផ្ទុះឡើងនោះ ព្រះយេហូវ៉ានឹងថែរក្សារាស្ត្ររបស់ទ្រង់មែន មិនគ្រាន់តែខាងវិញ្ញាណប៉ុណ្ណោះទេ តែនឹងការពារជីវិតពួកគេផងដែរ។ ពេលចូលទៅក្នុងពិភពលោកថ្មីរបស់ព្រះ ពួកគេអាចស្រែកឡើងថា៖ «មើល! នេះគឺជាព្រះនៃយើងរាល់គ្នា។ យើងបានរង់ចាំទ្រង់ ហើយទ្រង់នឹងជួយសង្គ្រោះយើង។ នេះគឺជាព្រះយេហូវ៉ាហើយ។ យើងបានរង់ចាំទ្រង់។ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរដោយសេចក្ដីសង្គ្រោះរបស់ទ្រង់»។—អេសាយ ២៥:៩
តើអ្នកនៅចាំទេ?
• តើស្តេចដាវីឌនិងព្រះយេស៊ូគ្រីស្ទបានត្រូវថែរក្សាការពារយ៉ាងណា?
• នៅសព្វថ្ងៃនេះ តើរាស្ត្ររបស់ព្រះបានត្រូវថែរក្សាការពារយ៉ាងដូចម្ដេច?
• ហេតុអ្វីក៏យើងគួរចៀសវាងការគិតអំពីខ្លួនឯងហួសហេតុពេក?
• តើយើងអាចមានមោទនភាពទោះជាមានចិត្តរាបទាបយ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ១១]
ទោះបើយើងមានមោទនភាពក្នុងការបំរើព្រះយេហូវ៉ាក្ដី យើងក៏ត្រូវតែរក្សាឲ្យមានចិត្តរាបទាបជារៀងរហូតផងដែរ