មេរៀនទី៣០
មនុស្សជាទីស្រឡាញ់របស់អ្នកអាចរស់ឡើងវិញ!
ពេលមនុស្សជាទីស្រឡាញ់របស់យើងស្លាប់ នោះធ្វើឲ្យយើងកើតទុក្ខនិងឈឺចាប់ខ្លាំងណាស់។ នេះជាមូលហេតុដែលគម្ពីរហៅសេចក្ដីស្លាប់ថា សត្រូវ។ (កូរិនថូសទី១ ១៥:២៦) នៅក្នុងមេរៀនទី២៧ អ្នកបានរៀនថាព្រះយេហូវ៉ានឹងបំផ្លាញសត្រូវនោះចោល។ ប៉ុន្តែ ចុះយ៉ាងណាវិញចំពោះមនុស្សដែលបានស្លាប់ហើយ? ក្នុងមេរៀននេះ អ្នកនឹងរៀនអំពីសេចក្ដីសន្យាមួយទៀតរបស់ព្រះយេហូវ៉ា ពោលគឺលោកនឹងប្រោសមនុស្សរាប់ពាន់លាននាក់ឲ្យរស់ឡើងវិញ! ហើយឲ្យពួកគេសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់។ តើនោះពិតជាអាចកើតឡើងឬទេ? តើពួកគេនឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌ ឬនៅផែនដី?
១. តើព្រះយេហូវ៉ាមានគោលបំណងអ្វីចំពោះមនុស្សជាទីស្រឡាញ់របស់យើងដែលបានស្លាប់ទៅ?
ព្រះយេហូវ៉ាទន្ទឹងរង់ចាំប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ ជាឧទាហរណ៍ បុរសម្នាក់ឈ្មោះយ៉ូបដែលមានជំនឿលើព្រះ គាត់បានជឿជាក់ថាព្រះនឹងមិនភ្លេចគាត់ឡើយ ពេលគាត់ស្លាប់ទៅ។ គាត់បាននិយាយទៅកាន់ព្រះថា៖ «លោកនឹងហៅ ហើយខ្ញុំនឹងឆ្លើយតប[ពីក្នុងផ្នូរ]»។—សូមអាន យ៉ូប ១៤:១៣-១៥
២. តើតាមរបៀបណាយើងដឹងថាមនុស្សស្លាប់អាចត្រូវប្រោសឲ្យរស់ឡើងវិញ?
ពេលលោកយេស៊ូនៅផែនដី ព្រះបានឲ្យឫទ្ធានុភាពដល់លោកដើម្បីប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ លោកយេស៊ូបានប្រោសក្មេងស្រីអាយុ១២ឆ្នាំម្នាក់ និងកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់ឲ្យរស់ឡើងវិញ។ (ម៉ាកុស ៥:៤១, ៤២; លូកា ៧:១២-១៥) នៅពេលក្រោយមក ឡាសាដែលជាមិត្តសម្លាញ់របស់លោកយេស៊ូបានស្លាប់។ ប៉ុន្តែ ទោះជាឡាសាបានត្រូវបញ្ចុះនៅក្នុងផ្នូរអស់បួនថ្ងៃក៏ដោយ លោកយេស៊ូបានប្រោសគាត់ឲ្យរស់ឡើងវិញ។ មុនលោកយេស៊ូប្រោសគាត់ឲ្យរស់ឡើងវិញ លោកបានអធិដ្ឋានទៅព្រះ រួចក៏បន្លឺសំឡេងទៅកាន់ផ្នូរថា៖ «ឡាសា! ចូរចេញមក!» ហើយ«បុរសដែលស្លាប់នោះបានចេញមក» គឺគាត់បានរស់ឡើងវិញ! (យ៉ូហាន ១១:៤៣, ៤៤) សូមគិតទៅមើលថា តើក្រុមគ្រួសារនិងមិត្តភក្តិរបស់ឡាសាសប្បាយចិត្តខ្លាំងយ៉ាងណាទៅ!
៣. តើមានសេចក្ដីសង្ឃឹមអ្វីសម្រាប់មនុស្សជាទីស្រឡាញ់ដែលបានស្លាប់?
គម្ពីរសន្យាថា មនុស្សស្លាប់«នឹងត្រូវប្រោសឲ្យរស់ឡើងវិញ»។ (សកម្មភាព ២៤:១៥) អស់អ្នកដែលលោកយេស៊ូបានប្រោសឲ្យរស់ឡើងវិញនៅអតីតកាល មិនបានឡើងទៅស្ថានសួគ៌នៅពេលនោះទេ។ (យ៉ូហាន ៣:១៣) ពួកគេសប្បាយចិត្តដែលរស់ឡើងវិញនៅផែនដី។ ស្រដៀងគ្នាដែរ មិនយូរទៀតលោកយេស៊ូនឹងប្រោសមនុស្សរាប់ពាន់លាននាក់ឲ្យរស់ឡើងវិញ ហើយឲ្យពួកគេសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់នៅផែនដីដែលជាសួនឧទ្យាន។ លោកយេស៊ូបានមានប្រសាសន៍ថា«អស់អ្នកនៅក្នុងផ្នូរសម្រាប់ជាទីរំលឹក»នឹងត្រូវប្រោសឲ្យរស់ឡើងវិញ គឺអស់អ្នកដែលនៅក្នុងការចងចាំរបស់ព្រះ ទោះជាអ្នកឯទៀតប្រហែលជាភ្លេចពួកគេក៏ដោយ។—យ៉ូហាន ៥:២៨, ២៩
បង្កើនចំណេះ
សូមរៀនពីគម្ពីរអំពីមូលហេតុដែលយើងអាចជឿជាក់ថា លោកយេស៊ូមានឫទ្ធានុភាពប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយថាលោកនឹងធ្វើដូច្នោះមែន។ សូមពិនិត្យមើលថា តើការប្រោសឲ្យរស់ឡើងវិញអាចសម្រាលទុក្ខនិងផ្ដល់សេចក្ដីសង្ឃឹមដល់អ្នកយ៉ាងដូចម្ដេច?
៤. លោកយេស៊ូបានបង្ហាញថាលោកមានសមត្ថភាពប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ
សូមរៀនថែមទៀតអំពីអ្វីដែលលោកយេស៊ូបានធ្វើចំពោះឡាសាដែលជាមិត្តសម្លាញ់របស់លោក។ សូមអាន យ៉ូហាន ១១:១៤, ៣៨-៤៤ រួចពិភាក្សាសំណួរដូចតទៅ៖
តើយើងដឹងយ៉ាងដូចម្ដេចថា ឡាសាពិតជាបានត្រូវប្រោសឲ្យរស់ឡើងវិញមែន? (សូមមើលខ៣៩)
ក្រោយពីឡាសាស្លាប់ បើគាត់នៅស្ថានសួគ៌ តើលោកយេស៊ូចាំបាច់ប្រោសគាត់ឲ្យរស់ឡើងវិញនៅផែនដីទេ?
៥. មនុស្សជាច្រើននឹងត្រូវប្រោសឲ្យរស់ឡើងវិញ!
សូមអាន ចម្រៀងសរសើរព្រះ ៣៧:២៩ រួចពិភាក្សាសំណួរនេះ៖
ពេលមនុស្សរាប់ពាន់លាននាក់ត្រូវប្រោសឲ្យរស់ឡើងវិញ តើពួកគេនឹងរស់នៅឯណា?
លោកយេស៊ូមិនគ្រាន់តែប្រោសអស់អ្នកដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ាប៉ុណ្ណោះទេ តែលោកក៏នឹងប្រោសមនុស្សជាច្រើនទៀតឲ្យរស់ឡើងវិញដែរ។ សូមអាន សកម្មភាព ២៤:១៥ រួចពិភាក្សាសំណួរនេះ៖
ពេលមនុស្សស្លាប់ត្រូវប្រោសឲ្យរស់ឡើងវិញ តើអ្នកចង់ជួបអ្នកណាខ្លះ?
សូមគិតអំពីចំណុចនេះ: លោកយេស៊ូអាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញយ៉ាងងាយស្រួល ដូចឪពុកដាស់កូនឲ្យភ្ញាក់ពីគេងដែរ
៦. ការប្រោសឲ្យរស់ឡើងវិញអាចផ្ដល់ការសម្រាលទុក្ខនិងសេចក្ដីសង្ឃឹមដល់អ្នក
កំណត់ហេតុក្នុងគម្ពីរអំពីកូនស្រីរបស់យ៉ែរ៉ូស បានសម្រាលទុក្ខនិងលើកទឹកចិត្តមនុស្សជាច្រើនដែលសោកសង្រេង។ សូមអានរឿងពិតនោះក្នុងលូកា ៨:៤០-៤២, ៤៩-៥៦។
មុនលោកយេស៊ូប្រោសកូនស្រីរបស់យ៉ែរ៉ូសឲ្យរស់ឡើងវិញ លោកបានប្រាប់ឪពុកនាងថា៖ «កុំខ្លាចឡើយ គ្រាន់តែមានជំនឿប៉ុណ្ណោះ»។ (សូមមើលខ៥០) តើសេចក្ដីសង្ឃឹមអំពីការប្រោសឲ្យរស់ឡើងវិញអាចជួយអ្នកយ៉ាងដូចម្ដេច . . .
ពេលមនុស្សជាទីស្រឡាញ់ស្លាប់?
ពេលជីវិតអ្នកស្ថិតក្នុងគ្រោះថ្នាក់?
លេងវីដេអូ រួចពិភាក្សាសំណួរនេះ៖
តើតាមរបៀបណាសេចក្ដីសង្ឃឹមអំពីការប្រោសឲ្យរស់ឡើងវិញបានសម្រាលទុក្ខនិងលើកទឹកចិត្តឪពុកម្ដាយរបស់ហ្វឺលីស៊ីធី?
មនុស្សខ្លះនិយាយថា៖ «ការប្រោសឲ្យរស់ឡើងវិញគឺពិបាកជឿណាស់»។
តើអ្នកគិតយ៉ាងណា?
តើខគម្ពីរមួយណាដែលអ្នកចង់ប្រើដើម្បីបង្ហាញថាមនុស្សនឹងត្រូវប្រោសឲ្យរស់ឡើងវិញមែននៅថ្ងៃមុខ?
សេចក្ដីសង្ខេប
គម្ពីរសន្យាថាមនុស្សរាប់ពាន់លាននាក់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ ព្រះយេហូវ៉ាចង់ឲ្យពួកគេរស់ម្ដងទៀត ហើយលោកបានឲ្យឫទ្ធានុភាពដល់លោកយេស៊ូដើម្បីប្រោសពួកគេឲ្យរស់ឡើងវិញ។
រៀនសាឡើងវិញ
តើព្រះយេហូវ៉ានិងលោកយេស៊ូមានអារម្មណ៍យ៉ាងណាចំពោះការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ?
ពេលមនុស្សរាប់ពាន់លាននាក់ត្រូវប្រោសឲ្យរស់ឡើងវិញ តើពួកគេនឹងរស់នៅស្ថានសួគ៌ឬនៅផែនដី? ហេតុអ្វីអ្នកនិយាយដូច្នេះ?
តើមានអ្វីខ្លះដែលធ្វើឲ្យអ្នកជឿជាក់ថាមនុស្សជាទីស្រឡាញ់នឹងរស់ឡើងវិញ?
ស្វែងយល់ថែមទៀត
សូមរៀនអំពីវិធីល្អៗដែលអាចជួយអ្នកឲ្យរសាយទុក្ខ។
«ជំនួយសម្រាប់អ្នកដែលកើតទុក្ខ» (ទស្សនាវដ្ដីភ្ញាក់រឭក! លេខ៣ ឆ្នាំ២០១៨)
តើគោលការណ៍ក្នុងគម្ពីរពិតជាអាចជួយអ្នកដែលកើតទុក្ខឬទេ?
ពេលកូនក្មេងមានមនុស្សជាទីស្រឡាញ់ស្លាប់ តើពួកគេអាចស៊ូទ្រាំយ៉ាងដូចម្ដេច?
តើអ្នកណាខ្លះនឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌? តើអ្នកណាខ្លះនឹងមិនត្រូវប្រោសឲ្យរស់ឡើងវិញ?
«តើការប្រោសឲ្យរស់ឡើងវិញមានន័យយ៉ាងណា?» (អត្ថបទក្នុងគេហទំព័រ)