មេរៀនទី៣១
តើរាជាណាចក្ររបស់ព្រះជាអ្វី?
ប្រធានបទសំខាន់ក្នុងគម្ពីរ គឺអំពីរាជាណាចក្ររបស់ព្រះ។ ព្រះយេហូវ៉ានឹងប្រើរាជាណាចក្រនោះ ដើម្បីធ្វើឲ្យគោលបំណងរបស់លោកសម្រាប់ផែនដីក្លាយជាការពិត។ តើរាជាណាចក្ររបស់ព្រះជាអ្វី? តើយើងដឹងយ៉ាងដូចម្ដេចថា រាជាណាចក្រព្រះកំពុងគ្រប់គ្រងនៅសព្វថ្ងៃនេះ? តើរាជាណាចក្រព្រះបានសម្រេចអ្វីខ្លះរួចហើយ? ហើយតើរាជាណាចក្រព្រះនឹងធ្វើអ្វីនៅអនាគត? ក្នុងមេរៀននេះនិងមេរៀនពីរបន្ទាប់ទៀត មានចម្លើយចំពោះសំណួរទាំងនេះ។
១. តើរាជាណាចក្ររបស់ព្រះជាអ្វី? ហើយតើអ្នកណាជាស្ដេចនៃរាជាណាចក្រនោះ?
រាជាណាចក្ររបស់ព្រះគឺជារដ្ឋាភិបាលមួយ ដែលបង្កើតឡើងដោយព្រះយេហូវ៉ា។ លោកយេស៊ូគ្រិស្តជាស្ដេចនៃរាជាណាចក្រនោះ ហើយលោកគ្រប់គ្រងពីស្ថានសួគ៌។ (ម៉ាថាយ ៤:១៧; យ៉ូហាន ១៨:៣៦) គម្ពីរចែងអំពីលោកយេស៊ូថា៖ «លោកនឹងគ្រប់គ្រងជាស្ដេច . . . ជារៀងរហូត»។ (លូកា ១:៣២, ៣៣) ក្នុងឋានៈជាស្ដេចនៃរាជាណាចក្រព្រះ លោកយេស៊ូនឹងគ្រប់គ្រងលើមនុស្សទាំងអស់នៅផែនដី។
២. តើលោកយេស៊ូគ្រប់គ្រងតែម្នាក់ឯងឬ?
លោកយេស៊ូមិនគ្រប់គ្រងតែម្នាក់ឯងទេ។ មនុស្សពី«គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា គ្រប់ពូជសាសន៍ និងគ្រប់ប្រជាជាតិ . . . នឹងធ្វើជាស្ដេចគ្រប់គ្រងលើផែនដី»។ (ការបើកបង្ហាញ ៥:៩, ១០) ដូច្នេះ តើមនុស្សប៉ុន្មាននាក់នឹងគ្រប់គ្រងជាមួយគ្រិស្ត? តាំងពីលោកយេស៊ូមកផែនដី មនុស្សរាប់លាននាក់បានទៅជាអ្នកកាន់តាមលោក។ ប៉ុន្តែ មានតែ១៤៤.០០០នាក់ប៉ុណ្ណោះ ដែលឡើងទៅស្ថានសួគ៌គ្រប់គ្រងជាមួយនឹងលោកយេស៊ូ។ (សូមអាន ការបើកបង្ហាញ ១៤:១-៤) ចំណែកឯគ្រិស្តសាសនិកឯទៀតទាំងអស់នៅផែនដី ពួកគេនឹងទៅជារាស្ត្រនៃរាជាណាចក្រនោះ។—ចម្រៀងសរសើរព្រះ ៣៧:២៩
៣. ហេតុអ្វីរាជាណាចក្ររបស់ព្រះគឺប្រសើរជាងរដ្ឋាភិបាលរបស់មនុស្ស?
ទោះជាពួកអ្នកគ្រប់គ្រងជាមនុស្សខំព្យាយាមធ្វើអ្វីល្អៗក៏ដោយ ពួកគេមិនមានអំណាចឬសមត្ថភាពដើម្បីធ្វើអ្វីគ្រប់យ៉ាងដែលពួកគេចង់ធ្វើទេ។ ម្យ៉ាងទៀត ពួកអ្នកគ្រប់គ្រងតែងតែផ្លាស់ប្ដូរពីម្នាក់ទៅម្នាក់ ហើយអ្នកគ្រប់គ្រងថ្មីប្រហែលជាមិនយកចិត្តទុកដាក់យ៉ាងស្មោះចំពោះពលរដ្ឋដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។ ផ្ទុយទៅវិញ លោកយេស៊ូដែលជាអ្នកគ្រប់គ្រងរាជាណាចក្រព្រះ នឹងមិនត្រូវផ្លាស់ប្ដូរដោយអ្នកគ្រប់គ្រងថ្មីទេ។ ម្យ៉ាងទៀត ព្រះបាន«តាំងរាជាណាចក្រមួយឡើងដែលនឹងមិនត្រូវបំផ្លាញឡើយ»។ (ដានីយ៉ែល ២:៤៤) លោកយេស៊ូនឹងគ្រប់គ្រងលើផែនដីទាំងមូល ហើយលោកនឹងមិនប្រព្រឹត្តដោយលម្អៀងឡើយ។ លោកមានសេចក្ដីស្រឡាញ់ ចិត្តសប្បុរស និងយុត្តិធម៌ ហើយលោកនឹងបង្រៀនមនុស្សឲ្យប្រព្រឹត្តចំពោះគ្នាតាមគំរូរបស់លោក គឺឲ្យបង្ហាញសេចក្ដីស្រឡាញ់ ចិត្តសប្បុរស និងយុត្តិធម៌។—សូមអាន អេសាយ ១១:៩
បង្កើនចំណេះ
សូមពិចារណាអំពីមូលហេតុដែលរាជាណាចក្ររបស់ព្រះ គឺប្រសើរជាងរដ្ឋាភិបាលទាំងអស់របស់មនុស្ស។
៤. រដ្ឋាភិបាលដ៏មានអំណាចខ្លាំងក្លាមួយនឹងគ្រប់គ្រងលើផែនដីទាំងមូល
លោកយេស៊ូគ្រិស្តមានអំណាចគ្រប់គ្រងខ្លាំងជាងអ្នកគ្រប់គ្រងឯទៀតទាំងអស់។ សូមអាន ម៉ាថាយ ២៨:១៨ រួចពិភាក្សាសំណួរនេះ៖
ហេតុអ្វីការគ្រប់គ្រងរបស់លោកយេស៊ូគឺប្រសើរជាងការគ្រប់គ្រងរបស់មនុស្ស?
រដ្ឋាភិបាលរបស់មនុស្សតែងតែផ្លាស់ប្ដូរ ហើយរដ្ឋាភិបាលនីមួយៗគ្រប់គ្រងតែលើប្រទេសមួយ ឬទ្វីបមួយប៉ុណ្ណោះ។ ចុះរាជាណាចក្ររបស់ព្រះវិញ? សូមអាន ដានីយ៉ែល ៧:១៤ រួចពិភាក្សាសំណួរដូចតទៅ៖
ហេតុអ្វីជាការល្អដែលរាជាណាចក្រព្រះ«នឹងមិនត្រូវបំផ្លាញ»?
ហេតុអ្វីជាការល្អដែលរាជាណាចក្រព្រះនឹងគ្រប់គ្រងលើផែនដីទាំងមូល?
៥. ការគ្រប់គ្រងរបស់មនុស្សនឹងត្រូវផ្លាស់ប្ដូរ
ហេតុអ្វីរាជាណាចក្ររបស់ព្រះត្រូវជំនួសរដ្ឋាភិបាលរបស់មនុស្ស? លេងវីដេអូ រួចពិភាក្សាសំណួរនេះ៖
តើការគ្រប់គ្រងរបស់មនុស្សនាំឲ្យមានផលវិបាកអ្វីខ្លះ?
សូមអាន អ្នកទូន្មាន ៨:៩ រួចពិភាក្សាសំណួរដូចតទៅ៖
តើអ្នកគិតថារាជាណាចក្ររបស់ព្រះគួរជំនួសរដ្ឋាភិបាលរបស់មនុស្សឬទេ? ហេតុអ្វី?
៦. រាជាណាចក្រព្រះមានអ្នកគ្រប់គ្រងដែលយល់អំពីយើង
លោកយេស៊ូដែលជាស្ដេចរបស់យើង ធ្លាប់រស់នៅជាមនុស្ស។ ដូច្នេះ លោកអាច«យល់ភាពទន់ខ្សោយរបស់យើង»។ (ហេប្រឺ ៤:១៥) ព្រះយេហូវ៉ាបានជ្រើសរើសបុរសនិងស្ត្រីចំនួន១៤៤.០០០នាក់«ពីគ្រប់កុលសម្ព័ន្ធ គ្រប់ភាសា គ្រប់ពូជសាសន៍ និងគ្រប់ប្រជាជាតិ»ឲ្យគ្រប់គ្រងជាមួយនឹងលោកយេស៊ូ។—ការបើកបង្ហាញ ៥:៩
ពេលដឹងថាលោកយេស៊ូនិងអស់អ្នកដែលគ្រប់គ្រងជាមួយលោក ធ្លាប់រស់នៅផែនដី តើនេះធ្វើឲ្យអ្នកមានទំនុកចិត្តទេ? ហេតុអ្វី?
៧. ច្បាប់នៃរាជាណាចក្ររបស់ព្រះគឺប្រសើរជាងច្បាប់របស់មនុស្ស
រដ្ឋាភិបាលមនុស្សបង្កើតច្បាប់ផ្សេងៗដើម្បីការពារនិងផ្ដល់ប្រយោជន៍ដល់ពលរដ្ឋរបស់ខ្លួន។ រាជាណាចក្រព្រះក៏មានច្បាប់ដើម្បីឲ្យពលរដ្ឋរបស់ខ្លួនធ្វើតាមដែរ។ សូមអាន កូរិនថូសទី១ ៦:៩-១១ រួចពិភាក្សាសំណួរដូចតទៅ៖
ពេលមនុស្សគ្រប់រូបធ្វើតាមច្បាប់សីលធម៌របស់ព្រះa តើអ្នកគិតថាពិភពលោកនឹងមានស្ថានភាពបែបណា?
តើអ្នកគិតថាសមហេតុសមផលឬទេ ដែលព្រះយេហូវ៉ាតម្រូវឲ្យរាស្ត្រនៃរាជាណាចក្រព្រះធ្វើតាមច្បាប់សីលធម៌របស់លោក? ហេតុអ្វី?
តើអ្វីបញ្ជាក់ថាមនុស្សដែលមិនធ្វើតាមច្បាប់សីលធម៌របស់ព្រះ អាចកែប្រែបាន? (សូមមើលខ១១)
មនុស្សខ្លះប្រហែលជាសួរថា៖ «តើរាជាណាចក្ររបស់ព្រះជាអ្វី?»។
តើអ្នកនឹងឆ្លើយយ៉ាងណា?
សេចក្ដីសង្ខេប
រាជាណាចក្ររបស់ព្រះជារដ្ឋាភិបាលមួយនៅស្ថានសួគ៌ ដែលនឹងគ្រប់គ្រងលើផែនដីទាំងមូល។
រៀនសាឡើងវិញ
តើអ្នកណាគ្រប់គ្រងក្នុងរាជាណាចក្ររបស់ព្រះ?
ហេតុអ្វីរាជាណាចក្ររបស់ព្រះគឺប្រសើរជាងរដ្ឋាភិបាលទាំងអស់របស់មនុស្ស?
តើព្រះយេហូវ៉ាតម្រូវឲ្យរាស្ត្រនៃរាជាណាចក្រព្រះធ្វើអ្វីខ្លះ?
ស្វែងយល់ថែមទៀត
ហេតុអ្វីសាក្សីព្រះយេហូវ៉ាជ្រើសរើសរក្សាភាពស្មោះត្រង់ចំពោះរាជាណាចក្រព្រះ ជាជាងចំពោះការគ្រប់គ្រងរបស់មនុស្ស?
សូមមើលអ្វីដែលគម្ពីរចែងអំពី១៤៤.០០០នាក់ ដែលព្រះយេហូវ៉ាបានជ្រើសរើសឲ្យគ្រប់គ្រងជាមួយនឹងលោកយេស៊ូ។
«តើអ្នកណានឹងទៅស្ថានសួគ៌?» (អត្ថបទក្នុងគេហទំព័រ)
តើអ្វីបានធ្វើឲ្យស្ត្រីម្នាក់នៅក្នុងគុកជឿជាក់ថាមានតែព្រះប៉ុណ្ណោះដែលអាចនាំឲ្យពិភពលោកមានយុត្តិធម៌?
a ច្បាប់សីលធម៌ខ្លះនឹងត្រូវពិគ្រោះក្នុងផ្នែកទី៣។